FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំបន្ថែមភ្លាមៗអំពីការសម្រួលដល់ ការបោះឆ្នោតជូនពលរដ្ឋ ដោយ គ.ជ.ប អនុញ្ញាតឲ្យបន្តការស្នើសុំ និងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» (ឯ.អ) នៅថ្ងៃនេះ ថែមទៀត តែត្រូវបញ្ឈប់យ៉ាងយូរត្រឹមម៉ោង២៖៣០នាទីនារសៀលថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកំហិត។
សេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួនដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។