សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) និងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C

ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។ ស្ពានភ្ជាប់និស្ស័យ ថ្ងៃនេះ…

សុន្ទរកថា និងសង្កថា ក្នុងពិធីទទួល-ប្រគល់វ៉ាក់សាំង Sinovac ២ លានដូស បន្ថែមទៀត ពីសាធារណរដ្ឋប្រជាមានិតចិន និងពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទីមួយរបស់កម្ពុជា

ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ក្នុង ពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា។ ខ្ញុំក៏សូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) បន្ថែមចំនួន ២ លានដូស នាថ្ងៃនេះ។ នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក​ ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ ក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុក វ៉ាក់សាំងជាទំនិញយុទ្ធសាស្រ្ត និងបានរៀបចំយុទ្ធសាស្រ្តទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដោយមិនរង់ចាំរហូតដល់ពេលមានការបែងចែកទូលំទូលាយជាសកលនោះទេ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តនេះ កម្ពុជាបានជ្រើសយកចិនជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាទទួលបាននូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ផ្ដើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង…

ដកស្រង់ប្រសាសន៍ជាសារសំឡេង ស្ដីពីសម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុងពេលចូលមកកម្ពុជាចំពោះអ្នកចាក់វ៉ាក់សាំងរួចរាល់ (២ ឃ្លីប)

(ឃ្លីបទី១) បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ដើម្បីសម្រួលទៅដល់ការបើកប្រទេសឡើងវិញសម្រាប់ការទទួលភ្ញៀវទេសចរ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលចេញទៅក្រៅប្រទេស និងត្រឡប់មកវិញ សម្រួលទៅដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ហើយចង់មកលេងស្រុកទេសដើម្បីជុំគ្រួសារ ហើយក៏សម្រួលទៅដល់ខាងផ្នែកវិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន​​ ព័ន្ធមុនីរ័ត្ន ពិនិត្យ និងស្រាវជ្រាវឃើញថា យើងចាំបាច់ត្រូវតែកែប្រែជាមួយនឹងអ្វីដែលយើងបានត្រៀមធ្វើរយៈពេលកន្លងទៅ និងបាននិងកំពុងអនុវត្ត។ មុននេះយើងបានអនុវត្តដោយរក្សាទុកធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូស ហើយចំពោះ(អ្នក)ធុរកិច្ច និងគណៈប្រតិភូខ្មែរយើងនៅបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ ឯការគ្រោងគិតអំពីទេសចរវ៉ាក់សាំងវិញគឺឲ្យធ្វើចត្តាឡីស័កនៅក្នុងតំបន់រយៈពេល ៥ ថ្ងៃ។ ឥឡូវនេះសភាពការណ៍លែងត្រូវហើយ ដោយសារកម្ពុជារបស់យើងគឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតទៅដល់ជិត ៨៨ ភាគរយ​​នៃចំនួនប្រជាជន ១៦ លាននាក់។ ដូច្នេះ មិនមានតម្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។ ប៉ុន្តែសម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ ប៉ុន្តែអ្នកទាំងអស់ដែលធ្វើដំណើរតាមផ្លូវអាកាសចុះទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តសៀមរាប ត្រូវយកតេស្តធ្វើសំណាកដោយម៉ាស៊ីន PCR។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្តដើម្បីរកនូវអ្នកឆ្លងកូវីដ–១៩ អ្នកទាំងនោះត្រូវរង់ចាំតាមបែប ប្រសិនបើប្រជាជនកម្ពុជា គឺត្រូវទៅរង់ចាំលទ្ធផលនៅឯផ្ទះរបស់ខ្លួន។ សម្រាប់អ្នកវិនិយោគិនដែលមានគេហដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា…