ឯកឧត្តម វ៉ាង វិនធាន(Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជា
មានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់ក្រូចឆ្មារ, បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C
ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីធ្វើពិធី ទី១ គឺសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង ១.១៣១ ម៉ែត្រ និងទី ២ ការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានទាំងសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងគារវកិច្ចគោរពចំពោះបងប្អូនជនរួមជាតិ ដែលនៅស្រុកស្ទឹងត្រង់ និងនៅស្រុកក្រូចឆ្មារ។ ខ្ញុំនៅចាំបានថា នៅពេលដែលបើកការដ្ឋាន គឺយើងបើកការដ្ឋាននៅទីនេះ ហើយយើងក៏មានគម្រោងពេលសម្ពោធ គឺនៅត្រើយខាងក្រូចឆ្មារឯណោះ ប៉ុន្តែដោយសារតែស្ថានភាពទីតាំងមិនអំណោយផល យើងក៏ត្រូវធ្វើការសម្ពោធនៅទីកន្លែងដដែល។ នេះមិនមែនជាស្រុកនិយមដែលខ្ញុំជាអ្នកស្រុកស្ទឹងត្រង់ ហើយបោះបង់ចោលអ្នកស្រុកក្រូចឆ្មារនោះទេ។ អម្បាញ់មិញ ខ្ញុំក៏បានក្រឡេកមើលឃើញនូវសាច់ញាតិរបស់ខ្ញុំ បងប្អូនជីដូនមួយ ជាជីទួតមួយនៅខាងស្រុកស្ទឹងត្រង់ ដែលមកពីខាងពាមកោះស្នា ហើយក៏មានសាច់ញាតិមួយចំនួនមកពីខាងក្រូចឆ្មារនេះផងដែរ។
ស្ពានភ្ជាប់និស្ស័យ
ថ្ងៃនេះ គឺយើងមានស្ពានមួយទៀតហៅថាស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលជាស្ពានទី ១០ ដែលបានកសាងដោយហិរញ្ញប្បទាន និងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំចង់បន្ថែមឈ្មោះពីលើឈ្មោះស្ពានមិត្តភាពកម្ពុជាចិន។ ខ្ញុំចង់ហៅស្ពាននេះថា ស្ពានភ្ជាប់និស្ស័យ។ ស្ពានភ្ជាប់និស្ស័យនេះ គឺវាមានន័យទូលំទូលាយ។ ស្ពាន(ភ្ជាប់)និស្ស័យម្ខាង អាចថា ភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន។ នេះជាន័យទូលំទូលាយ ក៏វាបម្រើឱ្យគោលដៅនៃមិត្តភាពកម្ពុជា-ចិន។ ចំណុចទី ២ គឺភ្ជាប់និស្ស័យរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមុននេះគ្រាន់តែជាខេត្តមួយ ប៉ុន្តែយើងបំបែកទៅជា ២ … ហើយមួយទៀត គឺជាការភ្ជាប់និស្ស័យរវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ។ ចំណុចចុងក្រោយ វាជាការភ្ជាប់និស្ស័យរវាងខ្ញុំ និងប្រពន្ធខ្ញុំ ដែលរយៈពេល ៤០ ឆ្នាំកន្លងទៅនេះ យើងបានរស់នៅជាមួយគ្នាកើតជាកូនពូនជាចៅ។ (យើងមាន)រហូតទៅដល់ចៅ ២២ នាក់ទៅហើយ។ ប្រហែលជាគ្មានសង្ឃឹមថា នឹងមានចៅទី ២៣ នោះទេ។ មុននេះសង្ឃឹមថាតែ ២០ នាក់ទេ ប៉ុន្តែវាឡើងដល់ ២២ នាក់។ អញ្ចឹងទេ ខ្ញុំគិតថា ស្ពាននេះក្រៅពីឈ្មោះថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ យើងអាចហៅឈ្មោះមួយទៀតថា ស្ពានភ្ជាប់និស្ស័យ។
សូមអំពាវនាវអ្នកដែលប្រុងប្រៀបរៀបការ ឬរៀបការហើយចង់ថតរូបអនុស្សាវរីយ៍នានា គួរថតតាមបណ្តាស្ពាន ហើយក្នុងនោះ កុំបោះបង់ចោលស្ពានភ្ជាប់និស្ស័យ នៅស្ទឹងត្រង់-ក្រូចឆ្មារនេះ។ សម័យឥឡូវគេ(មានការថតដែល)ហៅ Pre-Wedding។ អញ្ចឹង Pre-Wedding នេះកុំភ្លេចមកកន្លែងនេះ។ នេះជាចំណងទាក់ទងមួយធំណាស់ ទាក់ទងម្ខាងរវាងកម្ពុជា-ចិន ម្ខាងរវាងកំពង់ចាម-ត្បូងឃ្មុំ និងទាក់ទងម្ខាងស្ទឹងត្រង់-ក្រូចឆ្មារ។ ម្ខាងទៀត គឺគូស្រករមេដឹកនាំប្រទេស។ ប្រពន្ធខ្ញុំបែបតាមមើលនៅឯណោះ … ទឹកដីនេះ ប្រហែលជាអ្នកដែលមានអាយុច្រើនលើស ៦០ ឆ្នាំ អាចនៅចងចាំបានព្រឹត្តិការណ៍ដែលយើងបានឆ្លងកាត់។ នោះនៅត្រង់ថា ទូកដនៅតាមទន្លេរបស់យើងកាលពីសម័យដើមមិនមានម៉ាស៊ីនទេ។ ក្មេងៗកើតជំនាន់ក្រោយអត់បានដឹងរឿងជំនាន់មនុស្សចាស់វាយ៉ាងម៉េច។ ទូកដសម័យជំនាន់ពួកខ្ញុំនៅក្មេង គឺជាប្រភេទទូកដ ដែលចែវដោយដៃតែប៉ុណ្ណោះ បន្ទាប់ទៅឡើងបន្តិចម្តងៗ គឺបានជាទូកដមានម៉ាស៊ីន។ ក្រោយមក គឺមានការកែច្នៃទៅជាប្រភេទគេហៅថាទូកភ្លោះ ហើយដាក់ម៉ាស៊ីន … ប៉ុន្តែ ក្រោយពេលដែលយើងបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅស្ពានព្រែកតាមាក់ និងស្ពានអ្នកលឿង គឺយើងបានបញ្ជូនសាឡាងមកដាក់នៅកន្លែងនេះ។
គោលនយោបាយអាទិភាពទាំង ៤ មនុស្ស ទឹក ផ្លូវ ភ្លើង តាំងពីឆ្នាំ ១៩៨៧
ចំណុចនេះ មិនមែនគ្រាន់តែទីតាំងមួយទេ។ នៅមានទីតាំងច្រើនទៀត ដែលកើតឡើងកាលពីសម័យដើម ហើយអ្វីដែលគួរឱ្យកំសត់ គឺលំបាកនៅត្រង់ថា អ្នកជំងឺមិនគួរស្លាប់ទេ ក៏ប៉ុន្តែអាចស្លាប់ទៅបាន ដោយសារតែទូកដក្តី សាឡាងក្តី … មានពេល(កំណត់)ដែលត្រូវឆ្លងកាត់។ ម៉ោងប៉ុន្មានយប់។ ធម្មតា កម្មករគ្នាក៏ហត់ហើយយប់ជ្រៅ ប៉ុន្តែស្រាប់តែស្រ្តីមានផ្ទៃពោះឆ្លងទន្លេមិនរួច ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីវះ។ ប៉ុន្តែបញ្ជូនវាមិនបានដោយសារតែខ្វះផ្លូវ ខ្វះស្ពាន។ ត្រង់ហ្នឹងហើយ ដែលតាំងពីឆ្នាំ ១៩៨៧ គិតមកដល់ពេលនេះ គឺមានរយៈពេលជាង ៣៤ ឆ្នាំ ខ្ញុំបានប្រកាសចេញនូវគោលនយោបាយមួយជាក់លាក់ ក្នុងឋានៈជាក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា នូវគោលនយោបាយផ្តល់អាទិភាពទៅលើការវិនិយោគ ទឹក ផ្លូវ ភ្លើង មនុស្ស។ វិស័យ ៤ នេះ ជាវិស័យត្រូវតែរកថវិកាដើម្បីសាងសង់។ នៅដំណាក់កាលចុងក្រោយនេះ យើងយកមុំទាក់ទិនជាមួយនឹងការអភិវឌ្ឍធនធានមនុស្សទៅជាមុំទី ១ តែម្តង។ ពីមុននេះ យើងប្រើ ទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងប្តូរការអភិវឌ្ឍធនធានមនុស្សទៅដាក់ពីខាងលើ ប៉ុន្តែលំដាប់អាទិភាពដែលត្រូវអភិវឌ្ឍបន្ទាប់ក៏ទាក់ទងជាមួយនឹងហេដ្ឋារចនាសម័្ពន្ធផ្លូវនេះឯង។
គ្រប់ការដ្ឋានត្រូវពិនិត្យ និងកំចាត់មីន និងគ្រាប់មិនទាន់ផ្ទុះ
ថ្ងៃនេះ យើងបានស្ពាននេះជាមួយនឹងការខិតខំប្រឹងប្រែងនៃទំនាក់ទំនងរវាងកម្ពុជា-ចិន បានមកពីការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ហើយអាជ្ញាធរដែនដីនៃខេត្តទាំង ២ និងស្រុកក៏នៅជាប់ទីនេះ ក៏ដូចជាការគាំទ្ររបស់ប្រជាជន យើងក៏បានចូលរួមចំណែកពីបណ្តាកងឯកភាពបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ដូចដែលខ្ញុំធ្លាប់បាននិយាយហើយថា ប្រទេសរបស់យើងធ្លាប់ទៅកន្លែងណាក៏មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនោះដែរ។ (យើង)ត្រូវដោះដើម្បីពិនិត្យមើលអំពីស្ថានភាពគ្រាប់។ តំបន់នេះជាតំបន់វាយគ្នា។ តំបន់ទម្លាក់គ្រាប់បែក។ អញ្ចឹងទេ ខ្ញុំក៏សូមយកឱកាសនេះសម្តែងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយក៏សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការដើម្បីឱ្យការកសាងស្ពាន និងផ្លូវតភ្ជាប់នេះសម្រេចបានដោយជោគជ័យ។ សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានសាងសង់ ដែលមានក្រុមហ៊ុនសំណង់ សៀង ហៃ និងក្រុមហ៊ុនបច្ចេកទេស វ៉ាង អាន។ អរគុណចំពោះកម្មករ/កម្មាការីនី ដែលបានចូលរួមកសាងនូវស្ពាននេះ។
ស្ពានភ្ជាប់និស្ស័យ បន្ថយការចំណាយថវិកា និងពេលវេលា
… ខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន ផ្អាកមិនបានមកតភ្ជាប់ស្ពានទេ។ បន្ទាប់ទៅ ស្ពាននេះប្រុងសម្ពោធដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ។ ក៏ប៉ុន្តែ ដោយសារតែ COVID-19 យើងក៏ផ្អាក។ ប៉ុន្តែវាក៏មិនបានធ្វើឱ្យរាំងស្ទះនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទេ។ ថ្ងៃនេះ គ្រាន់ជាថ្ងៃមកប្រថាប់ត្រាអំពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ការតភ្ជាប់ស្ពានរបស់យើង។ នេះជាចំណុចដែលយើងត្រូវមើលឃើញ។ ពីមុននេះ គឺវាលំបាកណាស់សម្រាប់ការឆ្លងកាត់ បើទោះបីជាដំណាក់កាលនៃទូកដ ដែលប្រើទូកចែវ បន្ទាប់ទៅប្រើទូកម៉ាស៊ីន បន្ទាប់ទៅសាឡាង ក៏ប៉ុន្តែវានៅតែលំបាក ហើយត្រូវអស់លុយចំណាយពេលវេលាហើយអស់លុយទៀត។ ឥឡូវបានស្ពានមួយនេះយើងកាត់បន្ថយចាយលុយអត់ចាំបាច់ចាយទេ ចាយចាក់តែសាំងម៉ូតូទេ អាហ្នឹងសាំងឡាន សាំងម៉ូតូ។
នាំគ្នារអ៊ូសាំងឡើងថ្លៃ ប៉ុន្តែដើរលេង (ឡើង)ចង្អៀតអត់មានស្រែកសោះ។ មានអាមួយនោះចូលមកខម្មិនក្នុងហ្វេសប៊ុករបស់ខ្ញុំគឺដូចជាជ្រុលហួសបន្តិច។ ខ្ញុំគិតថា មិនមែនមនុស្សក្នុងប្រទេសទេ។ (អ្នកនោះ)ថាលោក ហ៊ុន សែន ឯងគិតពីរឿងសាំងផង កុំគិតតែពីវ៉ាក់សាំងខ្លាំងពេក។ នែ! វាទៅឆ្កុយអញ្ចេះ។ ភាសាពួកអាបាតផ្សារ។ វាចូលមក ហើយយើងក៏មិនដឹងធ្វើម៉េច។ ខ្ញុំក៏ឆ្លើយតបត្រឡប់ទៅវិញថា ពេលសាំងឡើងថ្លៃ លោកគួរកុំជិះឡាន និងម៉ូតូអី។ គួរដើរទៅ។ បើសាំងវាឡើងថ្លៃ ដើរទៅ។ ចាំបាច់មករអ៊ូអី។ ព្រោះ(សាំង)ឡើងមួយពិភពលោក មិនមែនឡើងតែស្រុកខ្មែរឯណា។ ម៉េចក៏មិនដើរ ហើយជិះកង់ទៅវាមិនអស់សាំង។ រអ៊ូពីរឿងសាំងឡើងថ្លៃ ប៉ុន្តែមួយពេលបុណ្យអុំទូក អកអំបុក សំពះព្រះខែ ថ្ងៃអាទិត្យមួយថ្ងៃទៀតនិយាយពីថាស្ទះឡាន មហាឡាន អាហ្នឹងខ្ញុំនឹងនិយាយបញ្ហានេះនៅពេលក្រោយ។
ក្នុង ២ សប្តាហ៍ ធ្វើការជាមួយសាធារណរដ្ឋប្រជាមានិតចិន ៤ ដង
ខ្ញុំសូមយកឱកាសនេះអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលតំណាងដោយឯកឧត្តម អគ្គរដ្ឋទូត វ៉ាង វិនធាន ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ អាទិត្យមុន និងអាទិត្យនេះ យើងធ្វើការជាមួយគ្នា បើខ្ញុំមិនច្រឡំទេរហូតដល់ ៤ ដង។ ទី១៖ កាលពីថ្ងៃទី ១៥ (វិច្ឆិកា) ជំនួបតាមវីដេអូរវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) រយៈពេលប្រមាណ ៣ ម៉ោង។ (យើង)ពិភាក្សាគ្នាអំពីបញ្ហាពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួនផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់។ បន្ទាប់ទៅនៅថ្ងៃទី ១៧ (វិច្ឆិកា) ខ្ញុំបានទៅព្រលានយន្តហោះផ្ទាល់ ដើម្បីទទួលជំនួយវ៉ាក់សាំង ២ លានដូសបន្ថែមទៀត សំរាប់ដំណាក់កាលជុំទី ១ នៃការផ្គត់ផ្គង់វ៉ាក់សាំងដើម្បី(សំរេចបាន)ជោគជ័យនៃដំណើរការចាក់វ៉ាក់សាំងសម្រាប់កម្ពុជា ដែលគ្រប់ដណ្តប់រហូតទៅដល់ជាង ៨៨%។ គិតត្រឹមពីម្សិលមិញនេះ យើងចាក់បាន ១៤.១០០.០៤៣ នាក់។ ហ្នឹងលេខដែលផ្សាយដោយក្រសួងសុខាភិបាល ដោយគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ម្សិលមិញនេះ មានជំនួបខួបអនុស្សាវរីយ៍រវាងអាស៊ានចិន ខួប ៣០ ឆ្នាំ ដែលចូលរួមដោយប្រធានាធីបតី ស៊ី ជីងពីង (Xi Jinping) ជាមួយមេដឹកនាំអាស៊ានដទៃទៀត។ ថ្ងៃនេះយើងបានមកជួបជុំគ្នានៅទីនេះ ដើម្បីម្ខាងសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពកម្ពុជា-ចិន ឬហៅថាស្ពានភ្ជាប់និស្ស័យ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C ដែលតភ្ជាប់ តាំងពីផ្លូវជាតិលេខ ៧ ត្រូវម្តុំឃុំសន្លប់ ហើយកាត់ខាងក្រោយតភ្ជាប់ជាបន្តបន្ទាប់រួចហើយកាត់ចេញទៅដល់ខេត្តកំពង់ធំឯណោះ។
ទំនាក់ទំនងនយោបាយវារីកធំ ដោយសារការគាំទ្រនៃទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ជាបទពិសោធន៍ដែលខ្ញុំមានតាំងពីអាយុ ២៧ ឆ្នាំ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ទំនាក់ទំនងនយោបាយវាមានការកើនឡើង ដោយសារការគាំទ្រនៃទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។ យើងពិនិត្យមើលចុះ ប្រទេសដែលពុំមានទំនាក់ទំនងច្រើនជាមួយគ្នាលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គ្រាន់តែមានទំនាក់ទំនងខាងនយោបាយ ទំនាក់ទំនងនេះមិនរឹងមាំទេ។ ប៉ុន្តែ បើមានទំនាក់ទំនងច្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងនេះ ពិតជាធ្វើសកម្មភាពជាមួយគ្នាច្រើន។ យើងនៅសល់ច្រើនគម្រោងទៀត។ (ក្នុង)ខែ ១២ ហ្នឹង យើងទៅសម្ពោធផ្លូវជាតិលេខ ១១ ព្រៃវែង ហើយយើងត្រូវទៅសម្ពោធដល់ក្រចេះឯណោះ គម្រោងដូចជាគម្រោងចិន ៣ ដូច្នេះនៅសល់ ៤ កម្មវិធីទៀត មិនទាន់គិតទៅដល់មន្ទីរពេទ្យដែលបានសាងសង់រួចរាល់នោះ។ ច្បាស់ជាខ្ញុំទៅសម្ពោធហើយ។ (ការដ្ឋានគំរោង)នៅត្បូងឃ្មុំបាន ៩៧% ហើយ អញ្ចឹងយ៉ាងច្រើនឆ្នាំ ២០២២ ដាក់ឱ្យប្រើប្រាស់។
ចិនរួមចំណែកជាផ្លូវ ៣០០០/១៥០០០ គីឡូម៉ែត្រ, ១០/២០ ស្ពាន
អ្នកស្ទឹងត្រង់ កំពង់ចាម នឹងមានការងាយស្រួល ព្រោះឥឡូវមានស្ពាននេះឆ្លងកាត់ទៅខាងនោះ ចេញទៅមន្ទីរពេទ្យយ៉ាងធំរបស់ចិន ជួយផ្ដល់ឱ្យយើងមួយទៀតនៅទីនោះ។ អញ្ចឹងទឹកដីខេត្តកំពង់ចាម និងទឹកដីខេត្តត្បូងឃ្មុំនេះ តភ្ជាប់ពីកណ្ដាល ព្រៃវែងចុះមក គឺហេដ្ឋារចនាសម្ព័ន្ធផ្ដល់ដោយមិត្តចិនយ៉ាងច្រើន តភ្ជាប់រហូតឡើងទៅដល់ខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង ទៅជាប់ព្រំដែនជាមួយឡាវ។ មិត្តចិនបានចូលរួមចំណែកក្នុងការតភ្ជាប់ផ្លូវឡើងដល់ជាង ៣.០០០ គីឡូម៉ែត្រ … ដូចឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង។ ក្នុងចំណោមផ្លូវ ១ម៉ឺន ៥ ពាន់ គីឡូម៉ែត្រ មានផ្លូវចិនចំនួន ៣.០០០ គីឡូម៉ែត្រ។ ក្នុងចំណោមស្ពាន ២០ ស្ពានដែលកសាងដោយហិរញ្ញប្បទានពីមិត្តចិនមានចំនួន ១០។ យើងនឹងបើកការដ្ឋានបន្តបន្ទាប់ទៀត។ យើងដាក់គម្រោងស្នើ។ ស្ពាន(ដែល)មិត្តចិន(ជួយសាងសង់) ត្រូវនៅសល់ស្ពានក្រចេះមួយ (និង)គម្រោងស្ពានតភ្ជាប់កំពង់ឆ្នាំងជាមួយនឹងខេត្តកំពង់ធំ។ ស្ពានដែលស្ថិតនៅចន្លោះរវាងតាខ្មៅ និងស្ពានព្រះមុនីវង្ស ដែលនឹងដាក់ជាគម្រោងបេក្ខភាពថ្មីមួយទៀត។ (យើង)កំពុងតែសិក្សា(ផ្លូវ)តភ្ជាប់រវាងបាត់ដំបង-សៀមរាប។
ផ្លូវ ស្ពាន ជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌
ហ្នឹងជាចំណុចអាទិភាពនៃនយោបាយរបស់ខ្ញុំ គឺធ្វើម៉េចឱ្យប្រជានជនមានផ្លូវដើរ មានស្ពានឆ្លង មានមន្ទីរពេទ្យ មានសាលារៀន។ ចំណុចនេះ ខ្ញុំបានរំលឹកជាញឹកញាប់ពាក្យដែលថាបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ល្អជាងគេ គឺប្រើប្រាស់ធនធានដែលបានមកពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឬក៏ការជំនួយពីបរទេស និងកម្ចីពីបរទេស យកមកប្រើប្រាស់កសាងហេដ្ឋារចនាសម្ព័ន្ធ។ (ធ្វើដូច)ហ្នឹង (គឺ)សមធម៌ជាងគេ ព្រោះអីផ្លូវដើរដូចគ្នា អ្នកមានក៏ដើរអ្នកក្រក៏ដើរ។ ស្ពានអ្នកមានក៏ដើរអ្នកក្រក៏ដើរ។ មន្ទីរពេទ្យអ្នកមានក៏ចូលពេទ្យអ្នកក្រក៏ចូលពេទ្យ។ សាលារៀនកូនអ្នកក្រក៏ចូលកូនអ្នកមានក៏ចូល។ ហ្នឹងវាសមធម៌អស់ហើយ។ ប្រើប្រាស់នូវវិធីនេះវាល្អជាង។ អ្វីដែលជាការចំណេញមុននេះ (គឺរយៈពេលនៃការ)ត្រូវធ្វើដំណើរ។ អស់លោកយប់មិញនេះ សម្រាកនៅឯទីរួមខេត្តកំពង់ចាមឯណោះ ព្រលឹមឡើងបានមក។ បើមុនហ្នឹងនោះ អស់លោកអត់មានផ្លូវមកមកដល់កន្លែងហ្នឹងទេ។ អត់មានលទ្ធភាពដើម្បីមកដល់កន្លែងហ្នឹងទេ។
សូម្បីតែឆ្នាំ ១៩៧០ ថ្ងៃដែលធ្វើបាតុកម្មប្រឆាំងរបប លន់ នល់ លើកដំបូង ខ្ញុំជាមួយ ហ៊ុន ណេង បងប្រុសរបស់ខ្ញុំនេះ ធ្វើដំណើរទៅមុនពីចំការថ្មី កាត់មេមត់ ដើម្បីបានឆ្លងសាឡាង ទៅយកព្រះឆាយាល័ក្ខព្រះករុណា ទិញនៅសួង។ ដាក់មុខមួយពាក់ខាងក្រោយមួយទៀត បានគេឱ្យឆ្លងសាឡាង។ ថាយើងទៅធ្វើបាតុកម្ម ប៉ុន្តែមកដល់បែកផ្លូវ យើងត្រូវវង្វេងផ្លូវនៅត្រង់ណានោះ។ វង្វេងផ្លូវហើយ យើងទៅដល់ពាមកោះស្នា។ កាលហ្នឹងខែមីនា ក្រោយរដ្ឋប្រហារ។ ចេញពីចំការកៅស៊ូជប់ហើយនិងកំពង់ចាម។ អត់មានធ្វើដំណើរដូចសម័យឥឡូវទេ។ សម័យឥឡូវក្មេងៗកើតជាន់ក្រោយនេះ មិនស្គាល់អ្វីដែលហៅដុតចន្លុះ។ យើងមានដំណាក់កាលដុតចន្លុះ ដំណាក់កាលដុតជ័រ បន្ទាប់ទៅដំណាក់កាលដុតចង្កៀងប្រេងកាត។ ឥឡូវនេះ មានភ្លើងអគ្គិសនីតភ្ជាប់ មានផ្លូវចាក់កៅស៊ូ។ ថាខ្ញុំមិនសូវស្គាល់ខាងនោះទៅចុះ ប៉ុន្តែនៅភូមិខាងខ្ញុំ (ដែល)ផ្លូវមួយភូមិមានម៉ូតូមួយវាច្រើនពេកផង … ជិះកង់ក៏ត្រង់ហ្នឹង បររទេះគោក៏នៅត្រង់នេះ អាស្អីក៏នៅត្រង់នេះ។ ឥឡូវបានចាក់កៅស៊ូអស់ទៅហើយ តភ្ជាប់ជាមួយខេត្តក្រចេះ តភ្ជាប់ជាមួយទីរួមខេត្តកំពង់ចាម ហើយទីរួមខេត្តកំពង់ចាមតទៅភ្នំពេញ។ ឯនៅត្រើយម្ខាងនោះ គឺតភ្ជាប់រវាងស្ពានគីហ្ស៊ូណា តភ្ជាប់ឡើងទៅឆ្លូង ឡើងទៅក្រចេះអស់ទៅហើយ … ក៏មានទឹកស្អាតប្រើប្រាស់ វាមិនពិបាករែកដូចកាលពីជំនាន់មុនទេ។ យើងបានចេញដំណើរបន្តិចម្ដងៗ មកកាន់ទីនេះ។
បើកុំមានរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ កម្ពុជាពិតជាមានការរីកចំរើន
ខ្ញុំនៅតែមានសំណួរមួយត្រង់អញ្ចេះ ប្រសិនបើកុំមានរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ដែលនាំមកនូវការកើតសង្រ្គាមក្នុងប្រទេស បន្ទាប់ទៅរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែរបបប្រល័យពូជសាសន៍ ប៉ុល ពត វាចាប់ផ្ដើមពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ផ្ដួលរំលំព្រះករុណាបិតាសម្ដេចព្រះ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ បើសិនពេលនោះកុំមានរដ្ឋប្រហារ ហើយទុកឲ្យព្រះអង្គដឹកនាំ ប្រទេសរបស់យើងមិនដឹងថា រីកចម្រើនដល់ណាហើយទេ។ នេះយើងទើបចាប់ផ្ដើមរើបម្រះ ក្រោយពេលដែលយើងចាប់ផ្ដើមផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត … ចាប់ផ្ដើមមានផ្លូវមានស្ពានហើយតើ។ កសាងដោយកម្លាំងខ្លួនឯងរួមជាមួយនឹងជំនួយខ្លះ។ ប៉ុន្តែស្ពានជ្រោយចង្វារ ស្ពានព្រះមុនីវង្ស គឺព្រះករុណាព្រះបិតាសាងសង់ខ្លួនឯង សាកលវិទ្យាល័យ វិទ្យាល័យ រហូតដល់ស្តាតអូឡាំពិកកសាងដោយខ្លួនឯង។ អញ្ចឹងទេ សមត្ថភាពកសាងក្នុងកាលទេសៈនោះ វាអស្ចារ្យណាស់។ យើងសុទ្ធតែជាអ្នកដែលទទួលផលនៃសម័យសង្គមរាស្ត្រនិយមផងដែរ។ យើងអត់ត្រូវភ្លេចករណីនេះទេ។
ឯករាជ្យ ឆ្នាំ១៩៥៣ ប៉ុន្តែការកសាងពិតប្រាកដទើបហ្នឹងចាប់ផ្ដើមចេញដំណើរ ១៩៥៥ នៅពេលដែលការបោះឆ្នោតក្រោមកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលមានអ្នកមកត្រួតពិនិត្យ មានឥណ្ឌា ប៉ូឡូញ កាណាដា។ ហើយកសាងពីដំណាក់កាលនោះប៉ុននោះ ចាត់ទុកថាវាគ្រាន់បើណាស់ទៅហើយ។ បើសិនជាទុកលទ្ធភាពថ្វាយព្រះករុណាបិតា កុំមានសង្គ្រាមបំផ្លាញមកដល់ពេលនេះ … ព្រះអង្គពិតជានឹងពង្រីកការកសាង ពីទីតាំងមួយទៅកាន់ទីតាំងមួយ ដូចគ្នានឹងយើងធ្វើរាល់ថ្ងៃ។ ជាអកុសល(សង្គ្រាម)វាយខ្ទេច។ ស្ពានជ្រោយចង្វារក៏បាក់ ហើយតាមផ្លូវជាតិលេខ ៧ ពីក្រចេះចុះមកកំពង់ចាម និយាយអញ្ចឹងទៅចុះ ខ្ទេចទាំងអស់។ ស្ពានពាមទេរ ស្ពានឆ្លូងវាយខ្ទេច។ មកស្ពានព្រែកជ្រៃក៏វាយខ្ទេច មកស្ពានត្បុលចង្គប់ក៏វាយខ្ទេច។ លេងវាយតែស្ពានតែម្ដង។ សង្គ្រាមនៅវៀតណាមគេបញ្ចៀស គេអត់វាយបំផ្លាញស្ពាន។ វៀតណាមអត់មានខូចស្ពានទេក្នុងសង្គ្រាម។ នៅប្រទេសយើងវាយតែស្ពាន។ ស្ពានមាត់ឃ្មង់ មិនវាយខ្ទេច។ យើងកសាងថ្មីតើ។
ប្រទេសប្រជាធិបតេយ្យ មិនបង្ហាញការសោកស្ដាយនូវទង្វើប្រឆាំងការមានជីវិតឡើងវិញនៃប្រជាជនកម្ពុជា
រឿងហ្នឹងរឿងហួសទៅហើយ។ យើងខិតខំយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស ដើម្បីសន្តិភាពប្រទេសនេះ បន្ទាប់ពីនោះ ដាក់ចេញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យើងមានសន្តិភាពពេញលេញចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។ យើងគិតមើលចំណាយពេលប៉ុន្មានឆ្នាំដើម្បីដោះស្រាយបញ្ហាខ្មែរសម្លាប់ខ្មែរ។ មានបរទេសណាបង្ហាញការសោកស្ដាយថា រដ្ឋប្រហារនោះនាំមកនូវសង្គ្រាមទេ? គេអត់ដែលបង្ហាញការសោកស្ដាយណាមួយលើទង្វើដែលពួកគេបានធ្វើ(ទេ)។ ប្រទេសប្រជាធិបតេយ្យមួយចំនួនគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រអាសនៈរបស់ពួក លន់ នល់ នៅឯអង្គការសហប្រជាជាតិ។ ពួកគេមានដែលបង្ហាញអំពីការសោកស្ដាយនូវអ្វីដែលជាទង្វើខុសរបស់ពួកគេ(ទេ)? ប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធា។ វាទៅជាអញ្ចឹង។ ដល់ក្រោយមកគាំទ្រខ្មែរក្រហម ឱ្យអង្គុយនៅអង្គការសហប្រជាជាតិ ១២ ឆ្នាំ។ តើគេមានបង្ហាញការសោកស្ដាយណាមួយចំពោះទង្វើដែលគេបានធ្វើប្រឆាំងនឹងការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជាទេ?
ឲ្យតែប្រជាជនបោះឆ្នោតឲ្យ ខ្ញុំនៅបន្តដឹកនាំ, ត្រួសត្រាយផ្លូវសំរាប់ក្មេងៗជាន់ក្រោយ
អញ្ចឹងបានលើកនេះ សុំបញ្ជាក់ជូនឱ្យហើយ។ តម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគាបសង្កត់ណាមួយដែលនាំទៅដល់អស្ថិរភាព និងបាត់សន្តិភាពនោះទេ។ ហ៊ុន សែន សូមប្រកាសសាជាថ្មីម្ដងទៀតនៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយនៃការបន្តអាណត្តិរបស់ខ្ញុំប៉ុន្មានឆ្នាំតទៅទៀត ស្រេចក្បាលចិត្តខ្ញុំ ឲ្យតែប្រជាជនបោះឆ្នោតឲ្យខ្ញុំ។ នៅធ្វើរហូត។ កុំថា សុខភាព ហ៊ុន សែន អន់នោះ។ មួយថ្ងៃធាក់កង់យ៉ាងតិច ៨០ នាទី ធាក់អត់ឈប់ទេ … អញ្ចឹងទុកឲ្យខ្ញុំលេងជាងមួយពួកអាជ្រុលនិយម (ដើម្បី)ការពារសន្តិភាពនេះ។ ពួកអាជ្រុលនិយមខ្លះ គិតថា ហ៊ុន សែន ចាស់ហើយ។ បាទខ្ញុំចាស់ ប៉ុន្តែអ្នកឯងចាស់ជាងខ្ញុំ។ គិតយ៉ាងម៉េច។ ស្មានតែខ្ញុំចាស់ហើយលោកឯងអត់ចាស់។ អញ្ចឹង ឥឡូវលោកឯង ៧៣(ឆ្នាំ) ខ្ញុំថា ៧០(ឆ្នាំ) ទៅចុះ ពេលដែលខ្ញុំឡើង ៧៣(ឆ្នាំ) លោកឯងឡើង ៧៦(ឆ្នាំ) មិនមែនខ្ញុំឡើងលោកឯងអត់ឡើងឯណា។
អញ្ចឹងលោកឯងគង់តែចាស់ដូចតែគ្នា។ ខ្ញុំលេងលោកឯងឱ្យចប់សិនហើយ ដើម្បីខ្ញុំត្រួសត្រាយផ្លូវសម្រាប់ក្មេងជាន់ក្រោយ។ សង្ឃឹមខ្លាំងម្ល៉េះ។ ប៉ុន្មានខែកន្លងទៅថា ហ៊ុន សែន ងាប់ហើយ។ រូបភាពស្អីៗសុទ្ធតែកាត់តទាំងអស់។ រួចហើយមានផឹកស៊ីទៀតតាមដឹង នៅអាមេរិក ពេលដែល ហ៊ុន សែន ងាប់។ រួចហើយ(អ្វីៗ ទាំងអស់)ទៅជា ហ៊ុន សែន ក្លែងក្លាយចេញមកប្រជុំស្អីៗ សុទ្ធតែ ហ៊ុន សែន ក្លែងក្លាយទាំងអស់។ ទៅជាអញ្ចឹង។ វាអន់ពេកក្នុងការធ្វើនយោបាយបន់ឱ្យគេងាប់នោះ។ ខ្ញុំមិនបន់ឱ្យអ្នកឯងងាប់ទេ ទុកឱ្យអ្នកឯងនៅមើលការដែលខ្ញុំនិយាយសម្ពោធស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ។ ខ្ញុំដាក់កម្មវិធីចេញដំណើរហើយ។ បន្ទាប់ពីការបើកប្រទេសឡើងវិញ …។
“”“ក្រចេះ-ភ្នំពេញវិលវិញមិនឆ្ងាយ” … មានផ្លូវច្រើនទៅក្រចេះ
នៅត្រើយម្ខាងត្រើយខាងនោះ ទៅជាអ្នកដែលមានសំណាង ដោយមានការតភ្ជាប់ផ្លូវមួយខ្សែពីខាងនោះ ហើយផ្លូវហ្នឹងមានខ្នែងរបស់វាទៀត។ អញ្ចឹងអ្នកនៅតាមមាត់ទន្លេ យើងរាប់ពីសន្លប់ អ្នកស្រុកតំបែរក៏ទទួលផល ហើយបន្តមកទៀតចូលមករកាខ្នុរ ចូលមកប៉ើស ប៉ើស១ ប៉ើស២ ស្វាយឃ្លាំងសុទ្ធតែមានផ្លូវខ្នែងចូល។ អញ្ចឹងគាត់មានផ្លូវពីររបស់គាត់។ ផ្លូវមួយផ្លូវធំ ផ្លូវមួយកាត់តាមភូមិរបស់គាត់។ បើគាត់ចង់រហ័ស គាត់ប្រុចចូលទៅក្នុងតាមប្រព័ន្ធផ្លូវដែលជាខ្នែងរបស់គាត់។ គាត់ធ្វើដំណើរយ៉ាងលឿន។ ពីដើមមានចំរៀងមួយបទ រំដួលក្រចេះ ត្រង់មានវគ្គមួយថា “ក្រចេះ-ភ្នំពេញវិលវិញមិនឆ្ងាយ” ក៏ប៉ុន្តែកុំភ្លេចណា ជិះ(នាវាឈ្មោះ)ដំបងយក្ស និងអាដំបងមាសចេញពីក្រចេះ ទម្រាំទៅដល់ភ្នំពេញមួយយប់ ព្រោះអាហ្នឹងវាចេញពីក្រចេះ ក្នុងរង្វង់ម៉ោង ២ ឬ ៣។ វាមកដល់ត្រឹមពាមកោះស្នា ប្រហែលជាខ្ទង់ម៉ោង ៥ ល្ងាចហើយ។ មកដល់ស្ទឹងត្រង់នេះ ចាប់ផ្ដើមព្រលប់ហើយ។ វាទៅដល់ភ្នំពេញក្នុងចន្លោះម៉ោង ៣ កន្លះឬ ៤ (ភ្លឺ)។ សម័យនោះគឺមានប៉ុណ្ណឹង។
ប៉ុន្តែឥឡូវអត់ទេ។ (សំរាប់)ក្រចេះ ការធ្វើដំណើរពីភ្នំពេញមានច្រកច្រើនណាស់ … ច្រកតាមផ្លូវជាតិលេខ ៧ ច្រកតាមផ្លូវជាតិលេខ ៧៣ ឆ្លូងចូលទៅក្រចេះ។ ច្រកតាមផ្លូវនេះក៏ទៅដល់ក្រចេះ។ ច្រកតាមផ្លូវម្ខាងទៀតក៏ទៅដល់ក្រចេះ។ អញ្ចឹងឥឡូវត្រូវគ្នាហើយ។ សម័យដើមដែលនិពន្ធបទចំរៀង “ក្រចេះ-ភ្នំពេញ វិលវិញមិនឆ្ងាយ” គឺវាត្រូវហើយ។ ត្រឹមតែភ្នំពេញគេអាចទៅវិញទៅមកបានហើយ។ អញ្ចឹង យើងនឹងកសាងផ្លូវខាងនោះទៀត … ផ្លូវនេះមិនមែនធ្វើសម្រាប់ខ្ញុំដើរទេ។ តែបើខ្ញុំមកអញ្ចឹង ខ្ញុំមកឧទ្ធម្ភាគចក្រ។ ខានមកតាមផ្លូវឡានយូរហើយ។ ឆ្នាំ ទៅនៅក្នុងខែ ៥ នៅត្រើយខាងនោះ ខ្ញុំបានធ្វើដំណើរតាមរថយន្ត។ នោះគឺការដង្ហែសពម្ដាយក្មេករបស់ខ្ញុំទៅបញ្ចុះនៅខាងរកាខ្នុរឯណោះ។ បានត្រឹមប៉ុណ្ណឹង។ ឯក្រៅពីនោះ ការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ខ្ញុំមិនដឹងថាកន្លែងនេះអត់ភ្លៀងទេ។ ម្សិលមិញនៅភ្នំពេញភ្លៀងបាក់មេឃ តែនៅទីនេះអត់មានភ្លៀងសោះ។
ម្សិលមិញមានការប្រកួតបាល់ទាត់ ២ ប្រកួត សុទ្ធតែជើងល្អៗរបស់ខ្មែរយើង។ ប្រកួតទី ១ បឹងកេតយើង ប្រកួតជាមួយ វិសាខា។ កំពុងតែប្រកួត ត្រូវលើកការប្រកួត ព្រោះសុទ្ធតែទឹកទាំងអស់ ទាត់បាល់អត់ទៅមុខ។ អាហ្នឹងគេផ្អាក។ មិនដឹងគេចាត់ចែងប្រកួតតទៅមុខម៉េចបានទេ ព្រោះប្រកួតតទៅមុខមិនកើត។ ដល់ប្រកួតលើកទី ២ ប្រកួតជាមួយស្វាយរៀង និងភ្នំពេញក្រោន។ កំពុងតែល្អមើល ទាត់បាល់លែងទៅមុខ។ ឈប់ប្រហែលជាមួយម៉ោង។ ដាក់មកបាល់ទាត់មិនទៅមុខ … ភ្លៀងសឹងបាក់មេឃ។ អញ្ចឹង ឥឡូវខ្ញុំអត់សូវហ៊ានលេងឧទ្ធម្ភាគចក្រតូចទេ … អញ្ចឹងលេងធំហ្មង។ បបួលអគ្គរដ្ឋទូតចិន ឯកឧត្តម ហោ ណាំហុង មកជាមួយគ្នា។ ឥឡូវទៅវិញអ្នកណាចង់ទៅជាមួយទៅបាន ធំៗ ដល់ទៅ ២ នោះ។
កូវីដ-១៩ បានស៊ីថវិកា ២៣០០ លានដុល្លារ ដែលអាចសង់ស្ពានឆ្លងមេគង្គ បាសាក់ ទន្លេសាប និងស្ទឹង
ខ្ញុំធ្វើអត់ដើម្បីការដើររបស់ខ្ញុំទេ។ នេះជាតម្រូវការសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំមានការសោកស្តាយណាស់នៅត្រង់ថា Covid-19 នេះវាបានស៊ី(ថវិកាដែលអាចសង់)ស្ពាន ប្រហែលជា ២០ ស្ពាន។ ហ្នឹងគិតតម្លៃខ្ពស់ផង។ ស្ពាននៅនេះអស់តែប្រមាណជា ៥៦ លាន និងថវិកាបដិភាគដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គេបានគិត គឺគេគិតទាំងពន្ធដារស្អីៗរបស់គេ ដើម្បីឲ្យដឹងថាស្ពាននេះ វាថ្លៃប៉ុន្មានពិតប្រាកដ សម្រាប់ការរំដោះទុននៅពេលក្រោយ។ អញ្ចឹង ស្ពាននេះបើគិតទាំងពន្ធ គិតទាំងថវិកាបដិភាគ ដោះស្រាយនេះ ដោះស្រាយនោះ គឺស្មើនឹង ៧១ លានដុល្លារ។ ប៉ុន្តែយើងប្រើប្រាស់ថវិការបស់ចិនតែជាង ៥៦ លានទេ។ ម៉េចបានខ្ញុំនិយាយចឹង? ខ្ញុំដាក់ផែនការឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធ្វើការសន្សំសាច់ប្រាក់។ ក្រោយពេលដែលយើងដក ៤០០ លាន សំរាប់ការទិញម៉ាស៊ីនភ្លើងចំនួន ៤០០ មេហ្គាវ៉ាត់ ពីហ្វាំងឡង់ និងអាឡឺម៉ង់ យកមកដាក់ក្បែរក្រុងភ្នំពេញ ព្រោះឆ្នាំ ២០១៨ គឺជាឆ្នាំដែលយើងខ្វះភ្លើង។ ខ្វះភ្លើងយកតែមែនទែន។ វារីអគ្គិសនីរីងទាំងអស់។ ត្រូវទាក់ទងទៅសុំវៀតណាម ដើម្បីឲ្យវៀតណាមជួយផ្គត់ផ្គង់។ ទាក់ទងទៅថៃ ដើម្បីឲ្យថៃជួយផ្គត់ផ្គង់។ ទីក្រុងភ្នំពេញបន្តិចកាត់ភ្លើងត្រង់នេះ បន្តិចកាត់ភ្លើងត្រង់នោះ។
អញ្ចឹង ដើម្បីចៀសវាងការកាត់ភ្លើង (ត្រូវមានប្រភពបង្ការ)ត្រឹម ៤០០ មេហ្គាវ៉ាត់ (សំរាប់)បុកចូលភ្នំពេញ ក្នុងករណីដែលវារីអគ្គិសនីអត់ដើរ។ បន្ទាប់ទៅបោះទៅកំពង់សោម អស់ប្រហែលជាជិត ៤០០ លានទៀត។ បន្ទាប់ទៅបោះទៅសៀមរាបជិត ២០០ លានដែរ។ អញ្ចឹងយើងចំណាយទៅលើការវិនិយោគផ្ទាល់ តែ ៣ គម្រោង អស់ប៉ុន្មានជិត ១ ពាន់លាន។ យើងនៅសល់សាច់ប្រាក់ប្រមាណជា ៣.៥០០ លានទៀត។ គោលដៅរបស់ខ្ញុំចង់ធ្វើអី? ហោចណាស់ខ្ញុំប្រើ ២/៣ ដើម្បីសម្រុកលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ នៅពេលដែលទុន ឬហៅប្រាក់សន្សំកើនដល់កម្រិតមួយហើយ ខ្ញុំនឹងចង្អុលការយកតែម្តង (ឲ្យ)ធ្វើស្ពាននេះ ធ្វើស្ពាននោះ។ ខ្ញុំចង់លេងថា ដូចជាព្រែកត្នោត ឥឡូវយើងមានស្ពានតែប៉ុន្មានទេ។ ខ្ញុំចង់ឲ្យព្រែកត្នោត ២ គីឡូ ស្ពានមួយ ទន្លេតូច ស្ទឹងពោធិសាត់ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងសែន ២ គីឡូ ៣ គីឡូ ស្ពានមួយ ព្រោះស្ពានមួយថាអស់ ១ លានដុល្លារចុះ ប្រើតែ ១០០ លាន បាន ១០០ ស្ពាន ស្ពានឆ្លងព្រែក។ គម្រោងរបស់ខ្ញុំគឺបែបនេះ។ យើងដាក់ស្ពានឆ្លងទន្លេមេគង្គ ដាក់ស្ពានឆ្លងទន្លេបាសាក់ ទន្លេសាបបន្ថែមទៀត ប៉ុន្តែអត់នឹកស្មានថា Covid-19 វាទទួលទានអស់ ២.៣០០ លាន …។
មិត្តចិនផ្តល់ឥណទានដោយគោរពតាមអាទិភាពរបស់កម្ពុជា
យើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត។ មិត្តចិននឹងបន្តជួយទៅតាមគម្រោងដែលយើងបានដាក់។ ចំណុចល្អពិសេសរបស់មិត្តចិន គឺនៅត្រង់ថា កន្លែងណាដែលជាអាទិភាពរបស់កម្ពុជា កម្ពុជាសុំដាក់គម្រោងហ្នឹងទៅ ដោយមានការសិក្សាហ្មត់ចត់ មិត្តចិនផ្តល់ឥណទាន ដោយគោរពនូវការចង់បានរបស់កម្ពុជា។ នេះជាចំណុចពិសេស ដែលខុសប្លែកពីកន្លែងដទៃ ពីប្រភពទុនដទៃ ដែលយើងថាចង់ត្រង់នេះ គេថាចង់ត្រង់នោះ។ ចំណុចខុសគ្នានៅកន្លែងហ្នឹង។ យើងចង់បាននៅត្រង់នេះ។ មិត្តចិនគាត់ដាក់នៅហ្នឹង។ នៅពេលដែលផ្លូវស្ពាននេះរួច បងប្អូនយើងចំណេញច្រើនណាស់ ឥឡូវជាក់ស្តែង ពីមុនឆ្លងសាឡាងអស់លុយប៉ុន្មាន ឥឡូវឆ្លងសា្ពនអត់មានអស់លុយទេ។ ពីមុនដើម្បីឆ្លងសាឡាងបាន ពេលយប់អត់ឆ្លងបានទេ។
និយាយរឿងមួយទៅចុះ។ ពីដើមកម្រណាស់ដែល អ្នកខាងស្ទឹងត្រង់នេះ ទៅមានប្រពន្ធអ្នកខាងក្រូចឆ្មារ ព្រោះអី? ព្រោះពិបាកឆ្លងទន្លេ។ ជីដូនមួយខ្ញុំមួយ កូនពូ នីន អាសម្បត្តិ វាទៅស្រឡាញ់ជីដូនមួយនៅខាងក្រូចឆ្មារ។ ទីចុងបំផុត អត់ទៅរួច ត្រូវមកការបងប្អូនឯងនៅខាងព្រះអណ្តូងនេះវិញ។ ឥឡូវអត់ទេ។ សង្សារស្រឡាញ់គ្នា ពីដើមបន់ឲ្យភ្លឺ ដើម្បីឆ្លងទូកដ។ ឥឡូវអត់ទេ។ ថែមទាំងសម័យទូរស័ព្ទ ណាត់ជួបគ្នាកណ្តាលស្ពាន។ ប៉ុន្តែណាត់ជួបគ្នាកណ្តាលស្ពាន ត្រឹមតែមកស្រឡាញ់គ្នា តែកុំមកប្រព្រឹត្តអនាចារ។ អ្វីដែលហាមឃាត់ កុំមកណាត់ជួបគ្នា លោតពីលើស្ពាន ធ្វើអត្តឃាត ដោយសារម៉ែឪមិនព្រមឲ្យការ។ ម៉ែឪអើយៗ អាណិតកូនៗផង បើកូនៗស្រឡាញ់គ្នា ឲ្យវាយកគ្នាទៅ កុំឆ្ងល់ពេក។
ថ្ងៃមុនខ្ញុំជ្រុលជានិយាយ ខ្ញុំថាអនាគតចៅប្រសារ ស្រាប់តែក្រោយមកគេចាប់អាហ្នឹងមិនបាន គេគិតថាខ្ញុំមានចៅប្រសារមួយ ដែលកំពុងស្ថិតនៅសាកលវិទ្យាល័យនៅក្រៅប្រទេសនោះ អាយុ ២១ ឆ្នាំហើយ។ គេគិតថា ចៅស្រីមានសង្សារ។ ខ្ញុំនិយាយពីចៅប្រុសខ្ញុំម្នាក់ អាយុ ទើប ១៥ ឆ្នាំ ទៅមានសង្សារ។ បើមានសង្សារហើយ ឥឡូវយើងបំបែកគ្នា ធ្វើម៉េច មានតែវិធីម្ខាងគឺយើងអប់រំគ្នាទៅ។ វាមកជួបជីដូន ជីតា ជួបឪពុក ម្តាយ អញ្ចឹងទៅ។ ខ្ញុំចៅប្រុស អញ្ចឹងយើងត្រូវមានការទទួលខុសត្រូវ ប៉ុន្តែកុំឲ្យវា(ជ្រុលជ្រួស) ព្រោះវាជាអនីតិជន។ អាហ្នឹងមិនដឹងកាត់ទៅរកពីណា កាត់ទៅរកឪ កាត់ទៅរកជីតាវាក៏មិនដឹង។ យើងទៅបន្ទោសចៅអី បងប្រុសមួយនៅនេះស្រាប់ហើយ។ គេមិនសូវនេះប៉ុន្មានទេ ខ្ញុំរាងរលែមបន្តិចនៅតូច។ ជីដូនវាថា ចៅហ្នឹងកាត់ទៅពីណា។ ខ្ញុំក៏បង្ហើយតែម្តង កាត់ទៅជីតាវា …។
កូវីដ-១៩ បំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិ និងទំនៀមទម្លាប់រាប់រយរាប់ពាន់ឆ្នាំ
ឥឡូវខ្ញុំសុំនិយាយដល់រឿង COVID-19 បន្តិច។ ចាប់ផ្តើមធ្លាក់ខ្យល់ពីជើង។ ថ្ងៃនេះក៏មិនជាក្តៅអីប៉ុន្មានដែរ តែខ្ញុំក្តៅ។ បែកញើសនៅខាងក្នុង ព្រោះរន្ធញើសរបស់ខ្ញុំធំៗណាស់ឥឡូវ។ COVID-19 បានបំផ្លាញទំនៀមទម្លាប់យើងអស់។ ខ្ញុំសុំអធ្យាស្រ័យ អម្បាញ់មិញឃើញបងជីដូនមួយនៅខាងនោះ ពីដើមយើងទៅចាប់ដៃគ្នា ទៅអោបគ្នា តែឥឡូវអត់ទេ។ ហាមប៉ះគ្នា ហើយអង្គុយត្រូវនៅឆ្ងាយពីគ្នាទៀត។ ពីដើមរោងរបស់យើងនេះ ថ្ងៃនេះយើងដាក់បានត្រឹមតែ ១.០០០ នាក់ទេ ប៉ុន្តែពីដើមរោងប៉ុណ្ណេះ យើងដាក់បាន ៧.០០០ ទៅ ៨.០០០ នាក់នោះ។ ឥឡូវយើងដាក់ប៉ុណ្ណឹង អង្គុយឃ្លាតពីគ្នា។ សូម្បីតែខ្ញុំជាមួយអគ្គរដ្ឋទូតចិន កាលពីដើម សុន្ទរកថារួចហើយចាប់ដៃគ្នា។ ឥឡូវសុន្ទរកថារួចហើយអត់ទេ យ៉ាងច្រើនកែងដៃដាក់គ្នា។
COVID-19 បានបំផ្លិចបំផ្លាញមិនត្រឹមតែអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិទេ តែបានបំផ្លាញទំនៀមទម្លាប់ដែលដូនតាយើងទុករាប់រយ រាប់ពាន់ឆ្នាំរួចមកហើយ។ បំផ្លាញមិនមែនគ្រាន់តែបំផ្លាញលើកម្ពុជាទេ បំផ្លាញលើពិភពលោកតែម្តង គ្មានប្រទេសណាមួយដែលថាគ្មាន COVID-19 ទេ អត់មានទេ។ យើងប្រយុទ្ធជាមួយ COVID-19 មកដល់ពេលនេះ រយៈពេលប្រមាណ ២០ ខែរួចមកហើយ។ ខ្ញុំសង្ឃឹមថាមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋរបស់យើង យល់អំពីយុទ្ធសាស្ត្រ បែបបទ និងវិធីសាស្ត្រដឹកនាំ បញ្ជាលើការគ្រប់គ្រង COVID-19 ហើយ។ បងប្អូនអាចយល់ ដំណាក់កាលទី ១ ប្រជាជនខ្មែរយើងភ័យខ្លាចខ្លាំងណាស់។ តើក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំគួរបំភ័យបន្ថែមទេ? ពេលនោះយើងមានមនុស្សឆ្លងត្រឹមតែម្នាក់គត់ បែរជានាំគ្នាភ័យខ្លាចទូទាំងប្រទេស។ អញ្ចឹងខ្ញុំក៏ត្រូវចេញទៅនិយាយថា ជំងឺពិតប្រាកដរបស់កម្ពុជា មិនមែនកូរ៉ូណាទេ ពេលនោះអត់ទាន់ឈ្មោះ COVID-19 ទេ គឺការភ័យខ្លាច។
ពេលនោះក៏មានចលនានិស្សិតរបស់យើងចាកចេញពីប្រទេសចិន ហើយក៏មានការរើសអើងចំពោះជនជាតិចិន។ ខ្ញុំធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាកនោះ។ ពេលនោះគេលែងរាប់រកចិនហើយ។ គេជម្លៀសមនុស្សចេញពីប្រទេសចិន។ ឯខ្ញុំទៅប្រទេសចិន ម្ខាងដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជនចិនក្នុងគ្រាលំបាក តែម្ខាងទៀតលើកទឹកចិត្តឲ្យនិស្សិតកម្ពុជាបន្តការសិក្សាក្នុងប្រទេសចិន រាប់ទាំងអ្នកក្នុងតំបន់វូហាន ដែលមកដល់ពេលនេះ គេសិក្សាទទួលជោគជ័យទាំងស្រុង។
ពេលនោះខ្ញុំប្រើពាក្យថាខ្លាមិនខ្លាច ខ្លាចអាចម៍ខ្លា ព្រោះវាមានទាន់មកដល់ឯណាខ្លាហ្នឹង ខ្ញុំហ៊ានទទួលនូវនាវា Westerdam ដែលសង្គ្រោះជីវិតបានមនុស្សរាប់ពាន់នាក់ ហើយមានច្រើនជាតិសាសន៍នៅលើនោះ ដែលគេឲ្យនៅតែលតោលនៅក្នុងសមុទ្រ ជិតអស់ស្បៀង ជិតអស់ប្រេងទៅទៀត អស់ទឹកសាបទៅទៀត។ ស៊ុន ចាន់ថុល ទូរស័ព្ទមកទាំងយប់ ខ្ញុំអត់ដឹងថា Westerdam របស់អាមេរិកាំងទេ។ ពេលដែល ស៊ុន ចាន់ថុល រាយការណ៍ក្នុងរង្វង់ម៉ោងប្រហែល ១១ យប់ ស្តាប់នូវរបាយការណ៍នេះហើយថា អាហ្នឹងទៅដល់កោះ ហ្គាំ របស់អាមេរិក ក៏អាមេរិកមិនឲ្យចូល។ ប្រទេសនានាក្នុងតំបន់ក៏គេមិនឲ្យចូល។ ខ្ញុំប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល ថា ឲ្យចូលមកកម្ពុជាជាបន្ទាន់ រួចហើយគេគាប់ជួនថ្ងៃ ១៤ ចំថ្ងៃស្អី ទិវានៃក្តីស្រឡាញ់ ខ្ញុំទៅទទួលផ្ទាល់។ ចាប់ដៃជាង ២០០ នាក់។ វាមានទាន់មកឆ្លងអាហ្នឹងណា។ ឥឡូវអ្នកទាំងនោះបានវិលត្រឡប់ទៅប្រទេសរបស់គេវិញ តិចទៀតខួបលើកទី ២ ឆ្នាំនៃការចូលនាវា Westerdam ដែលយើងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់នៅទីនោះ។
បន្ទាប់ទៅ ការវាយលុកផ្ទួនៗ ជាពិសេសគឺការនាំចូលពីខាងក្រៅ មិនទាន់ចូលដល់សហគមន៍ទេ។ ខ្ញុំត្រូវអង្វរករប្រជាពលរដ្ឋរបស់យើង ផ្អាកចូលឆ្នាំ ព្រោះត្រូវគ្រប់គ្រងសភាពការណ៍នេះឲ្យជាប់ ហើយសងត្រឡប់មកវិញនៅពេលក្រោយ។ ពេលនោះយើងផ្អាកចូលឆ្នាំសិន។ សភាពការណ៍បានវិវត្តបន្តបន្ទាប់។ ព្រឹត្តិការណ៍កើតឡើង ០៣ វិច្ឆិកា រដ្ឋមន្ត្រីការបរទេស ហ៊ុងគ្រី ក្រោយមក ២៨ វិច្ឆិកា ករណី ឆែម សាវុធ។ ប៉ុន្តែ ដែលធ្ងន់ធ្ងរចាប់ពី ២០ កុម្ភៈ មកនេះ។ តើក្នុងឋានៈជាមេដឹកនាំប្រទេស សុខចិត្តឲ្យប្រជាជនស្លាប់គរជើងទេ? យើងមិនអាចធ្វើបែបនេះបានទេ។ សុខចិត្តពេលនោះឲ្យប្រជាជន ជេរក៏ជេរទៅចុះ។ ជេរសិនចុះ ប៉ុន្តែជំនះមកវិញការជេរនោះបានបង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនមកដល់ពេលនេះ។ បើសិនជារាជរដ្ឋាភិបាលមិនធ្វើវិធានការនោះទេ ប្រហែលជាអាចមានអវត្តមានមនុស្សខ្លះ (ដោយអាច)ស្លាប់តាំងពីពេលហ្នឹង អត់បានមកសម្ពោធនៅកន្លែងហ្នឹងទេ។ ព្រោះអ្វី? វាផ្ទុះខ្លាំងនៅទីក្រុងភ្នំពេញ អញ្ចឹងត្រូវតែខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។
យកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ
ខ្ញុំនៅចាំ របូតកម្មករមកប៉ុន្មាននាក់ មកក្រូចឆ្មារ ដែលទទួលរបាយការណ៍មកឆ្លង មានអ្នកប៉ើស មានអ្នកក្រូចឆ្មារ ដែលរបូតកម្មករមកពីភ្នំពេញមកចម្លង។ អញ្ចឹងបានពេលនោះយកវិធានការតឹង ក្នុងពេលដែលវិធានការតឹងនេះ បិទការធ្វើដំណើរការជួបជុំស្អីៗនេះ។ អ្វីដែល ហ៊ុន សែន សង្ឃឹមជាងគេ គឺវ៉ាក់សាំង។ អញ្ចឹងគិតគ្នាចុះឡើងៗ និយាយវ៉ាក់សាំងសន្យាអស់ទាស់។ ខ្ញុំបានប្រាប់ទៅសហការីរបស់ខ្ញុំ នៅក្នុងរាជរដ្ឋាភិបាល។ បងប្អូនទទួលស្គាល់នូវការដឹកនាំរបស់ខ្ញុំ។ (ខ្ញុំ)ប្រាប់ថា យើងត្រូវតែយកចិនធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀត គឺជាប្រភពគាំទ្រ។ ឲ្យគឺយក។ យើងពិនិត្យអំពី Covax យើងអរគុណអង្គការសុខភាពពិភពលោក ដែលគិតដល់យើង ប៉ុន្តែយើងពិនិត្យអំពី Covax, Covax មកដល់ពេលនេះទើបនឹងផ្ដល់ឲ្យយើងក្នុងបរិមាណមិនទាន់ដល់ ១ លានដូសទេ។ អញ្ចឹង បើយើងរង់ចាំ Covax តើដល់ពេលណា? នេះជាចំណុចទី ១។ ចំណុចទី ២ បើយើងទៅរកទិញ Pfizer … AstraZeneca ទិញវាមិនបាន។ អញ្ចឹងបានខ្ញុំចង្អុលដាច់ខាតថាយកពីចិន។ ជំនួយត្រូវបានផ្តល់ ប៉ុន្តែខ្ញុំប្រាប់សហការីរបស់ខ្ញុំថាឲ្យតែចិនហាមាត់ថាលក់ ត្រូវទិញភ្លាម។ ចុះកុងត្រាភ្លាម ចេញថ្លៃដឹកជញ្ជូនភ្លាម។ យើងទិញ ២៨ លានដូស ដោយថវិកាយើង។
ទេសចរផ្ទៃក្នុង ១.១ លាននាក់ ធ្វើឲ្យចរន្តសេដ្ឋកិច្ចជនបទនិងទីក្រុងងើបឡើង
បន្ទាប់ពីវ៉ាក់សាំងបានពង្រាយនៅទៅទាំងប្រទេសជាង ៨៨ ភាគរយ យើងបានបើក(សកម្មភាព)ដំបូងនៅពេលភ្ជុំ។ ពិតមែនហើយ បើពេលនោះយើងមិនគ្រប់គ្រងទីអារាមទេ អាចនឹងផ្ទុះក្នុងសហគមន៍ផ្ទុះក្នុងវត្តតែម្ដង។ អញ្ចឹង យើងចេញសារបន្ទាន់ដើម្បីរកវិធី ម្ខាងធ្វើបុណ្យឲ្យបានផង តែម្ខាងការពារ។ អញ្ចឹងបានជាខ្លះយកចង្ហាន់ទៅប្រគេនត្រឹមក្លោងទ្វារវត្ត។ ធ្វើបុណ្យបាន។ យើងការពារជិវិតមនុស្សបាន។ យើងអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ កម្មការិនី ទទួលបាននូវការឈប់សម្រាក។ នេះជាការបើក(សកម្មភាព)ដើម្បីសាកល្បងក្រោយពេលភ្ជុំ។ ចំនួន(ឆ្លង)ហាក់ដូចជាងើបឡើងបន្តិច ប៉ុន្តែបន្ទាប់ទៅក៏ចុះៗ។ អញ្ចឹងខ្ញុំបានប្រាប់ទៅសហការីរបស់ខ្ញុំ បុណ្យអុំទូក សំពះព្រះខែ អកអំបុកនេះ ជាឱកាសដើម្បីរុញទេសចរផ្ទៃក្នុង។ ពិតប្រាកដមែន ៣ ថ្ងៃ នៃបុណ្យអុំទូកបូកនឹង ១ ថ្ងៃ ថ្ងៃអាទិត្យ មនុស្ស ១.១០០.០០០ នាក់ជាង បានដើរលេងក្នុងផ្ទៃប្រទេស ធ្វើឲ្យចរន្តសេដ្ឋកិច្ចជនបទ និងទីក្រុងងើបឡើង។
មោទនភាពទី ១៖ ប្រជាជនកម្ពុជា ១៤/១៦ លាននាក់ ទទួលយកការចាក់វ៉ាក់សាំង
ឥឡូវនេះ សម្លេងភ្លេងការកំពុងតែចាប់ផ្តើម។ ខ្វះអាចារ្យទៅទៀត។ ដល់ពេលវេលាដែលយើងត្រូវធ្វើហើយ។ ប៉ុន្តែកុំភ្លេចអារឿងការពារណា។ ខ្ញុំមានមោទនភាពក្រៃលែង។ មោទនភាពទី ១ ប្រជាជនកម្ពុជា បើទោះបីគេបំភ័យថាវ៉ាក់សាំងចាក់ទៅស្លាប់ ប៉ុន្តែមនុស្ស ១៦ លាននាក់ យើងចាក់បានជាង ១៤ លាននាក់។ តើមានន័យថាម៉េច? បើនិយាយពីប្រជាមតិវិញ អ្នកដែលទប់ស្កាត់កុំឲ្យទៅចាក់វ៉ាក់សាំង គឺចាញ់ផ្កាប់មុខ។ អញ្ចឹងយើងមានវ៉ាក់សាំងចាក់ជូនដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋ។ ថ្ងៃមុន បំបែកឯតទគ្គកម្មនៃ Facebook របស់ខ្ញុំ ដែលមានមនុស្សចូលមក comment និងចូល like រហូតទៅដល់ជាង ២០ ម៉ឺននាក់។
(ក្មេងប្រុស)ឈ្មោះ សីហា ខ្ញុំអត់ដឹងថានៅឯណាទេ។ ដោយសារតែគ្នាចង់រៀន ក្មេងហ្នឹងនៅជាមួយនឹងម្តាយមីង។ អត់មានស្បែកជើងពាក់ទេ ក៏ប៉ុន្តែគេពាក់ម៉ាស់ ហើយព្យួរកាតវ៉ាក់សាំងដាក់ក្នុងថង់ប្លាស្ទីកនៅនឹងក។ មានន័យថាម៉េចកន្លែងនេះ? មានន័យថា វ៉ាក់សាំងរបស់យើងមិនមែនមាននៅតែក្នុងទីក្រុងទេ។ វ៉ាក់សាំងរបស់យើងដើរដល់ទីជនបទ ហើយទៅដល់កុមារដែលអាយុ ៦ ឆ្នាំឡើងលើ ដោយអត់ប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរ ឬវណ្ណៈអីទាំងអស់។ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលយកនូវការរៀបចំរបស់រាជរដ្ឋាភិបាលដើម្បីសុខភាពរបស់ខ្លួនឯង។ នេះជាមោទនភាពដ៏ធំ។
កម្ពុជាស្ថិតនៅក្នុងលំដាប់ទី ១ នៅអាស៊ី លំដាប់ទី ៥ នៅលើពិភពលោក ដែលចាក់វ៉ាក់សំាងបានច្រើន
ប្រទេសនានាកំពុងធ្វើបាតុកម្ម។ អឺរ៉ុបកំពុងធ្វើបាតុកម្មពេញបន្ទុកហើយ។ បាតុកម្មព្រោះអឺរ៉ុបកំពុងបិទប្រទេសឡើងវិញ។ (ការបិទនេះ)បង្កើតបានចរន្ត ២។ អ្នកមិនព្រមចាក់វ៉ាក់សាំងនៅតែបាតុកម្មមិនព្រមចាក់វ៉ាក់សាំង។ ដល់អ្នកដែលបានចាក់វ៉ាក់សាំងហើយថា ខ្លួនបានចាក់វ៉ាក់សាំងហើយ ម៉េចក៏ហាមឃាត់ខ្លួនមិនឲ្យដើរ។ ហេតុនេះហើយបានជាប្រការដែលមានមោទនភាពសម្រាប់ជាតិសាសន៍របស់យើង។ មិនចាំបាច់បង្ខំទេ។ តាមខ្ញុំចាំអ្នកដែលនៅក្នុង Facebook របស់ខ្ញុំ ពេលដែលយើងបញ្ជូន(វ៉ាក់សាំង)មកស្ទឹងត្រង់ ប្រហែលជាត្រូវទៅចាក់នៅខាងពាមកោះស្នា។ អ្នកដែលចូលទៅ comment ក្នុង page របស់ខ្ញុំ ទៅសូភាស ទៅចាក់នៅពាមកោះស្នា។ ដោយសារយើងមានគោលការណ៍ថា អ្នកដែលមកពីត្រង់ណាក៏ដោយ គឺត្រូវតែចាក់ឲ្យ។ ហ្នឹងហើយដែលជាចំណុចល្អ។ យើងប្រមូលផ្តុំកម្លាំងដើម្បីចាក់ ហើយនិងការចូលរួមរបស់ប្រជាជនច្រើនលើសលុប ធ្វើឲ្យប្រទេសយើងស្ថិតនៅក្នុងលំដាប់ទី ១ នៅអាស៊ី ហើយលំដាប់ទី ៥ នៅលើពិភពលោកដែលទទួលបានការចាក់វ៉ាក់សំាងច្រើនជាងគេ។
មោទនភាពទី ២៖ ប្រជាជនផ្លាស់ប្តូរឥរិយាបថ អនុវត្ត ៣ កុំ និង ៣ ការពារ
មោទនភាពទី ២ ប្រជាជនយើងបានផ្លាស់ប្តូរឥរិយាបថហើយ ដែលយើងត្រូវហ៊ានទទួលស្គាល់ និងលើកទឹកចិត្តដើម្បីឲ្យការផ្លាស់ប្តូរឥរិយាបថនេះក្លាយទៅជាទម្លាប់របស់ប្រជាជនយើង។ ក្នុងមួយពេលដើរលេងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក គេបានសង្កេតឃើញនូវឥរិយាបថរបស់ប្រជាពលរដ្ឋ តាមរយៈនៃការពាក់ម៉ាស ការប្រើអាល់កុលលាងដៃ ការរក្សាគម្លាត ដែលធ្វើឲ្យក្នុងរយៈពេលនៃបុណ្យនេះម្សិលមិញ ឆ្លងតែ ៣៧ នាក់ទេ។ ថ្ងៃហ្នឹងឆ្លង ៣៩។ អញ្ចឹងនៅក្រោម ៥០។ ខ្ញុំសុំស្នើឲ្យប្រជាពលររដ្ឋបន្តប្រកាន់យកឥរិយាបថនេះជាបន្តទៀត។ តើដើម្បីអ្នកណាទៅ? មិនមែនដើម្បីខ្ញុំទេ។ ដើម្បីដំបូងបំផុត បុគ្គលម្នាក់ៗ។ មិនមែនម្តាយយើងទៅឈឺជួសយើង ឬក៏កូនទៅឈឺជួសម្តាយបានទេ។ រឿងកូវីដ-១៩ នេះចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវចេះការពារខ្លួន។
ខ្ញុំសប្បាយរីករាយ(ចំពោះការវិវត្តនេះ) ហើយខ្ញុំមានជំនឿទុកចិត្តថា ការបើកប្រទេសលើកនេះ គឺអត់មានថយក្រោយទេ។ ព្រោះអី? ស្ថានភាពវាមិនដូចមុនទេ។ មុនយើងអត់ទាន់មានវ៉ាក់សាំងក្នុងខ្លួនការពារទេ។ ឆ្លងមនុស្សក្នុងផ្សារ ៤ ទៅ ៥ តូប បិទផ្សារទាំងមូល។ រោងចក្រឆ្លងកម្មករ ១០ នាក់ បិទរោងចក្រទាំងមូល។ សាលារៀនឆ្លង បិទសាលាមួយប្រទេសខ្លាច។ ឥឡូវនេះ ខ្ញុំបានណែនាំហើយ សាលារៀន បើលោកគ្រូ និងកូនសិស្សឆ្លង យកទៅព្យាបាល ហើយបាញ់ថ្នាំសម្លាប់ទៅ។ រួចហើយអ្នកអត់កើតបន្តការរៀន។ ប្រឡងឌីប្លូម ឯកឧត្តម ហង់ ជួនណារុន បានរាយការណ៍ឲ្យ មានតែប៉ុន្មានគ្រូដូចជា ២ នាក់ កូនសិស្សតែប៉ុន្មាននាក់ទេដែលឆ្លង ក្រៅពីនោះអត់មានអី។
សាលាមតេ្តយ្យ ប្រយ័ត្នកុមារអាយុ ៣ និង ៤ ឆ្នាំ, ក្លិបរាត្រីចាំក្រោយថ្ងៃ ៣០ វិច្ឆិកា
អញ្ចឹងបន្តទៅមុខទៀត គ្រាន់តែខ្ញុំសំណូមពរថាមតេ្តយ្យសាលា កុំអាលដើរលឿនពេកប៉ុណ្ណោះ តែបើបើកបានបើកទៅ។ ប៉ុន្តែ ខ្ញុំខ្លាចក្រែងអា ៣ ឆ្នាំ និងអា ៤ ឆ្នាំអត់ទាន់បានចាក់វ៉ាក់សាំង។ បើបើកសំរាប់ក្មេង ៥ ឆ្នាំ ហ្នឹងវាអត់បញ្ហា។ យើងបានចាក់វ៉ាក់សាំងឲ្យក្មេង(អាយុ ៥ ឆ្នាំ)។ តែប៉ុណ្ណឹងទេ។ ផ្សារបើមានមនុស្សឆ្លងនៅក្នុងតូបហ្នឹងមួយយកតែអ្នកឆ្លងហ្នឹងព្យាបាលនៅផ្ទះ ឬព្យាបាលនៅពេទ្យ រួចហើយបាញ់ថ្នាំសម្លាប់ទៅ។ កូនមកលក់ជំនួសទៅ មិនបាច់ចាំបិទផ្សារដូចមុនទេ។ អ្វីដែលនៅរង់ចាំគឺខារ៉ាអូខេ Disco និងក្លិបរាត្រីអាហ្នឹង។ ឥឡូវ នាងៗ ហើយនិងបុរសដែលចង់ទៅខារ៉ាអូខេ រង់ចាំក្រោយថ្ងៃ ៣០ (វិច្ឆិកា)។ អញ្ចឹងចូលខែធ្នូហ្នឹងគឺរៀបចំទៅ។ នៅសល់តែប៉ុន្មានថ្ងៃហ្នឹងចូលដល់ហើយ។ បើកទៀត។ ចរន្តសេដ្ឋកិច្ច នឹងវិលមានកំណើនឡើងវិញ។
ព្យាករណ៍ថាកំណើនសេដ្ឋកិច្ចចុងឆ្នាំនេះនឹងអាចលើសការដែលយើងដាក់ទៅក្នុងផែនការ
ស្ថានភាពបែបនេះ ខ្ញុំព្យាករថាកំណើនសេដ្ឋកិច្ចចុងឆ្នាំនេះនឹងអាចលើសការដែលយើងដាក់ទៅក្នុងផែនការ ដែលថ្ងៃខានស្អែកនេះ នឹងត្រូវចាប់ផ្តើមឆ្លងនូវច្បាប់ថវិកា។ យើងដាក់ថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ នេះ (នឹងត្រូវសំរេចឲ្យបាន) ២,៤ ភាគរយ។ មានអង្គការមួយ មកវាយតម្លៃថាបាន ២,៨ ភាគរយ។ ខ្ញុំគិតថាបើសិនជាកំណើនសេដ្ឋកិច្ច ២ ខែ ចុងឆ្នាំនេះល្អ គឺកំណើនរបស់យើងអាចឈានឆ្ពោះទៅរកជុំវិញ ៣ ភាគរយ។ ឆ្នាំក្រោយយើងដាក់តួលេខកំណើនសេដ្ឋកិច្ចត្រឹមតែ ៤,២ ភាគរយទេ។ ក៏ប៉ុន្តែ ខ្ញុំមានសង្ឃឹមថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចហក់ឡើងលើស ៥ ភាគរយ ដែលអង្គការមួយនោះមកវាយតម្លៃថានឹងបានទៅដល់ ៦,៨ ភាគរយ។ ខ្ញុំគ្រាន់តែថាអាចលើសត្រឹម ៥ ភាគរយ តែបុណ្ណឹងចុះ។ អ្វីបានយើងមានសុទិដ្ឋិនិយម? ទី ១ វិស័យកសិកម្មនៅដំណើរការធម្មតាទាំងអស់ ថែមទាំងលើសផែនការទៅទៀត ការនាំចេញក្នុងវស័យកសិកម្មមានទំហំទឹកប្រាក់ធំជាងមុនឆ្ងាយ។
ថ្ងៃមុនពិភាក្សាជាមួយមិត្តចិន នាយករដ្ឋមន្រ្តីចិន យើងនឹងចរចាជាកញ្ចប់ទៅលើបញ្ហាការនាំត្រង់ទៅប្រទេសចិននូវកសិផលរបស់កម្ពុជា។ ថ្ងៃនោះ ឯកឧត្តម Li Keqiang ចាប់អារម្មណ៍លើមៀនប៉ៃលិន។ ចិននឹងផ្តល់លក្ខណៈពិសេស ត្រួតពិនិត្យដោយ online … កន្លងទៅ ខ្ញុំត្រូវបញ្ជូនកងអង្គរក្ស និងលុយទៅទិញ(មៀនប៉ៃលិនដែលកកស្ទះ) ចែកប្រជាពលរដ្ឋ ចែកតាមមន្ទីរពេទ្យ។ នាយករដ្ឋមន្រ្តីចិនបាននិយាយថាខិតខំទិញដោយត្រង់ពីកម្ពុជា ដោយមិនឆ្លងកាត់ពីប្រទេសដទៃ ដែលមុននេះ ទំនិញរបស់កម្ពុជាមួយចំនួនចូលទៅក្នុងទីផ្សាររបស់ចិនឆ្លងកាត់ប្រទេសទី ៣។ តែឥឡូវត្រូវទៅផ្ទាល់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា/ចិន … កម្ពុជាមានលទ្ធភាពច្រើននាំចេញនូវផលិតផលកសិកម្ម
ជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនផង និងរវាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងចូលនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ កម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញនូវផលិតផលកសិកម្មទៅក្រៅប្រទេស។ ក្នុងហ្នឹង នាំចេញទៅកាន់ប្រទេសចិន ជាចំណែកដ៏ធំ។ អឺរ៉ុប ក៏យើងនាំចេញទៅជាអង្ករល្អ សម្រាប់ការនាំចេញទៅអឺរ៉ុប។ ជាផ្នែកកសិកម្មរបស់កម្ពុជា មានតាំងពីកៅស៊ូ ស្វាយចន្ទី ម្រេច ស្រូវ មានច្រើនប្រភេទណាស់ មានតាំងពីស្វាយ។ ស្វាយនាំចេញបានច្រើន។ ឥឡូវ មៀនប៉ៃលិន ឬតាង៉ែនហ្នឹង។ ធ្វើ(បានចំណុច)ហ្នឹង ដើម្បីដឹកជញ្ជូនត្រង់ទៅកាន់ប្រទេសចិន។ យើងមាន(ដំណាំ)រាប់ម៉ឺនហិកតា។ ថ្ងៃក្រោយ នៅមានចេកទៀត … ចេកនៅតំបន់កំពង់ចាមហ្នឹង មានច្រើនជាងគេ។ គេហៅថា ចេកចំការលើ ចេកស្ទឹងត្រង់ហ្នឹង … ប៉ុន្តែវាទាល់តែត្រូវស្ដង់ដារ មិនមែនចេះតែដឹកទៅឡើងជាំអស់ហើយ នាំគ្នាទៅទទួលទាននោះទេ។ ត្រូវស្ដង់ដារ មានភូតគាមអនាម័យ ការពារជំងឺស្អីៗ ត្រឹមត្រូវណាស់ ទើបអាចនាំចេញទៅបាន។
ខាងកសិកម្ម ឆ្នាំនេះ យើងធ្វើស្រូវរហូតទៅដល់ ១១១ ភាគរយ(នៃផ្ទៃដីកំណត់ក្នុងផែនការ)។ និយាយលេខគត់។ ស្រូវរបស់យើងកំពុងល្អ។ ក្រៅពីនោះ ដំណាំផ្សេងៗទៀត ជាកៅស៊ូ ជាស្វាយចន្ទី ជាស្វាយ ជាស្អី(ដែលអាច)ការលក់ដូរ។ យើងមានរោងចក្រផលិតស្ករអំពៅ នៅតែដំណើរការ។ ចំពោះវិស័យឧស្សាហកម្ម ពិតមែនតែកម្មករមានការព្យួរ(ការងារ)ខ្លះនៅតាមរោងចក្រ តែនៅសល់តិចតួចទេ ក៏នៅមានការវិនិយោគបន្ថែមទៅលើរោងចក្រមួយចំនួនដទៃទៀត ធ្វើឱ្យទំនិញកម្ពុជានាំចេញទៅបរទេសកាន់តែមានទំហំធំ។ អញ្ចឹងវិស័យកសិកម្ម និងឧស្សាហកម្ម បានរីកចម្រើនធំហើយ នៅសល់តែសេវាទេ។
កម្ពុជាត្រៀមបើកដំណើរការទេសចរវ៉ាក់សាំង
សេវាដែលប៉ះពាល់ធំជាងគេ គឺសេវាទេសចរណ៍។ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះ ខ្ញុំគិតថា សេវាទេសចរណ៍នឹងដើរឡើងវិញ។ ឥឡូវយើងផ្ដើមទេសចរណ៍ក្នុងស្រុក រាប់ទាំងបរទេសជាង ១ ម៉ឺននាក់កំពុងរស់នៅក្នុងស្រុក ក៏ដើរលេង។ ប៉ុន្តែនៅពេលខាងមុខ យើងនឹងមានទេសចរមកកាន់ប្រទេសរបស់យើង ដោយយើងអត់មានការចាំបាច់ដើម្បីធ្វើចត្តាឡីស័កទេ។ ប៉ុន្តែលក្ខខណ្ឌ៖ ទី១ អ្នកឯងត្រូវចាក់វ៉ាក់សាំង ២ ដូសនៅប្រទេសរបស់អ្នកឯងឱ្យហើយ ហើយមកជាមួយគ្នា ត្រូវមានការបញ្ជាក់ថា បានធ្វើតេស្តឃើញថាអត់មាន COVID-19។ ទី ២ មកដល់ព្រលានយន្តហោះ ត្រូវធ្វើតេស្ដរហ័សនៅព្រលានយន្តហោះ។ (បើឃើញ)អវិជ្ជមានហើយ អញ្ជើញទៅទីកន្លែងណាក៏បាន។ ពីមុននេះ យើងគិតថា ឱ្យមកធ្វើចត្តាឡីស័ក ៥ ថ្ងៃនៅក្នុងខេត្ត(ដែលចង់ទៅដើរលេង) តែមិនមែនឱ្យនៅតែក្នុងបន្ទប់ទេ ធ្វើចត្តាឡីស័ក ៥ ថ្ងៃ។ ឥឡូវនេះ អត់ចាំបាច់(ធ្វើចត្តាឡីស័ក) ធ្វើសូម្បីតែ(ធ្វើតេស្ដតាម)ម៉ាស៊ីន PCR ក៏មិនចាំបាច់ដែរ។
រាជរដ្ឋាភិបាលទទួលធ្វើតេស្តជូន, ប្រជាពលរដ្ឋម្ចាស់ការរកការធ្វើតេស្ត
ឥឡូវនេះ រាជរដ្ឋាភិបាលបានផ្ដល់នូវការទទួលខុសត្រូវជូនទៅដល់ប្រជាពលរដ្ឋ ជូនទៅដល់អ្នកទេសចរ ដែលមកក្នុងប្រទេសរបស់យើង។ ពីមុននេះ មានការឆ្លង ៤ ទៅ ៥ នាក់នៅក្នុងភូមិ យើងបិទភូមិមួយ ហើយយើងនាំគ្នាយកសំណាក។ ឥឡូវ ប្រជាពលរដ្ឋត្រូវម្ចាស់ការខ្លួនឯង។ ដឹងថាខ្លួនអត់ស្រួល អញ្ចឹងទៅរកមន្ទីរពេទ្យ ដើម្បីឱ្យគេធ្វើតេស្ដមើល តើមានវិជ្ជមាន COVID-19 ឬអត់? ក្នុងករណីរកឃើញថា មានវិជ្ជមាន COVID-19 ពិភាក្សាជាមួយនឹងគ្រូពេទ្យ ចង់ព្យាបាលនៅមន្ទីរពេទ្យ ឬក៏ទៅព្យាបាលនៅផ្ទះ? ឥឡូវ អ្នកខ្លះឆ្លងអត់ទាំងដឹងរឿងអីផង។ អញ្ចឹងយើងដាក់ការទទួលខុសត្រូវនេះ ទៅលើសុខភាពខ្លួនឯងដល់ប្រជាពលរដ្ឋ។ (បើ)សង្ស័យថា មិនស្រួល មកធ្វើតេស្ដ។ យើងធ្វើតេស្ដជូនគាត់ ដោយ PCR ក្ដី ដោយតេស្ដរហ័សក្ដី។ អញ្ចឹងបងប្អូនត្រូវចាំលើចំណុចនេះ។ រាជរដ្ឋាភិបាលទទួលខុសត្រូវទៅលើការធ្វើតេស្ដ។ បងប្អូនអាចធ្វើតេស្ដដោយខ្លួនឯងក៏បានដែរ ឱ្យតែមានឧបករណ៍ធ្វើតេស្ដរហ័ស គ្រាន់តែខ្ញុំមិនហ៊ានលូកខ្លួនឯងតែប៉ុណ្ណឹងទេ។ ឈឺ(ពីការរុកច្រមុះ) ដើម្បីគេយកសំណាក វាគ្រាន់បើជាងយើងកើត COVID-19 ហើយមិនដឹង។
អញ្ចឹងបានជាខ្ញុំជូនសារថ្ងៃនេះថា សូមប្រជាពលរដ្ឋរបស់យើងបន្តការខិតខំអនុវត្តនូវវិធានការសុខាភិបាល ដែលយើងបាននិងកំពុងផ្លាស់ប្ដូរឥរិយាបទហើយ។ ឥរិយាបទនេះ កុំដើរថយក្រោយ។ (ម្នាក់ៗ) ត្រូវមានម៉ាស់ ត្រូវមានអាល់កុល ត្រូវមានជែល ហើយបើហោចណាស់ គ្មានម៉ាស់ គឺ(ប្រើប្រាស់)ក្រម៉ាបង់ក។ ឃើញខ្ញុំ(មានសំបោរកំពុង)និយាយអញ្ចឹង តិចថា ខ្ញុំកើត COVID-19។ មិនមែនទេ។ តែកាលណានិយាយច្រើន ខ្ញុំចាប់ផ្ដើមចង់ហៀរសំបោរ។ តែខ្ញុំអត់មានកើត COVID-19 ទេ។
រាជរដ្ឋាភិបាលមានកាព្វតកិច្ចការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទទួលយកបាន ពេលដែលរាជរដ្ឋាភិបាលមានការរាំងខ្ទប់ ក៏ដើម្បីសេចក្ដីសុខនិងការពារជីវិតប្រជាជន ដែលជាសិទ្ធិរស់រានមានជីវិត។ ត្រូវការពារឱ្យបាន។ បើពេលនោះ រាជរដ្ឋាភិបាលមិនយកវិធានការដាច់ណាត់ទេ ប្រហែលពេលនេះ ក្នុងចំណោមមនុស្សរបស់យើងមកជួបជុំនេះ មានមួយចំនួនអត់បានមកទេ ព្រោះបានស្លាប់ទៅហើយ ដោយសារជំងឺ COVID-19 នោះ។ ពេលនោះ ខ្ញុំប្រកាសទាំងយប់ ថា យើងកំពុងស្ថិតនៅមាត់ជ្រោះមរណៈហើយ។ តឹងតែងណាស់នៅក្នុងការធ្វើជាមេបញ្ជាការប្រយុទ្ធជាមួយនឹងសត្រូវមើលមិនឃើញ។ ឱ្យត្រៀមបម្រុងតាំងពីដីសម្រាប់បញ្ចុះសព ត្រៀមបម្រុងតាំងពីប៉ាឆា ត្រៀមបម្រុងតាំងពីក្ដារមឈូស។ រហូតដល់គេថា ខ្ញុំប្រមាថជីវិតប្រជាជន។ តែអ្នកឯងត្រូវឃើញ នៅកម្ពុជាអត់ទាន់មានសាកសពណាមួយយកទៅគ្រវាត់ចោលទេ។ បូជា។ ក្រុមគ្រួសារសពទទួលបានថវិកា ២ លានរៀល ឯសពដែលកើត COVID-19 ប្រគល់ឱ្យអាជ្ញាធរយកទៅបូជា ដោយប្រគល់ថវិកា ១ លានរៀល សម្រាប់ការបូជាសព ជាការសមរម្យ …។
ព្រះមហាក្សត្រ ប្រជាពលរដ្ឋគ្រប់ស្រទាប់ រួមជាចលនាជាតិ ជួយរាជរដ្ឋាភិបាល ដោះស្រាយកូវីដ-១៩
យុទ្ធនាការប្រឆាំង COVID-19 (នៅកម្ពុជា មាន) នាយករដ្ឋមន្រ្តីជាអគ្គបញ្ជាការ។ ប៉ុន្តែយើងមិនត្រូវភ្លេចអំពីព្រះរាជតួនាទីដ៏សំខាន់របស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលព្រះអង្គ គឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំចំពោះរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋរបស់យើង តាមរយៈនៃសកម្មភាពរបស់ព្រះអង្គ។ (ថ្វីត្បិត)ជាព្រះមហាក្សត្រដែលក្រជាងគេនៅលើពិភពលោក ក៏ប៉ុន្តែ (ព្រះអង្គ)ជាមហាក្សត្រដែលយកព្រះទ័យទុកដាក់បំផុតចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ លុយកាក់មានបន្ដិចបន្ដួច ព្រះអង្គផ្ទេរមកឱ្យរាជរដ្ឋាភិបាល ឱ្យក្រសួងសុខាភិបាល ទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង។ នេះជាប្រភពលើកទឹកចិត្តធំណាស់។ ព្រះមហាក្សត្រ គឺជាព្រះប្រមុខរដ្ឋ។ ហ្លួងម៉ែ ព្រះបានធ្វើសកម្មភាពលើកទឹកចិត្ត។ បន្ថែមលើកនោះ អ្នកមានៗនៅក្នុងស្រុកខ្មែរ ជាឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា និងប្រជាពលរដ្ឋ បានចូលរួមទៅក្នុងការទិញវ៉ាក់សាំង ទៅក្នុងការប្រយុទ្ធជាមួយនឹង COVID-19។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (ស្ម័គ្រចិត្ត)កាត់ប្រាក់ខែរបស់ខ្លួន ដើម្បីចូលរួម(ជាមួយនឹងរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង COVID-19)។ ទាំងអស់នេះបានក្លាយទៅជាចលនាជាតិមួយដ៏ធំ ក្នុងការដោះស្រាយ COVID-19 នៅកម្ពុជារបស់យើង។
ចិន ប្រកាសផ្តល់អាហារូបករណ៍បន្ថែម ៥០០ កន្លែងបន្ថែម
ពិតមែនហើយ ម្សិលមិញ ឯកឧត្តម ស៊ី ជីងពីង បានប្រកាសអំពី អូឡាំពិចរដូវក្ដៅត្រូវធ្វើនៅឆ្នាំក្រោយ។ ឥឡូវហ្នឹង គឺចិនមានប្រជាជន ១.៤០០ លាននាក់ តែមួយថ្ងៃ ប្រទេសចិនឆ្លង ម្សិលមិញដូចតែឆ្លង COVID-19 ២៧ នាក់ទេ។ ខ្ញុំមើលនៅក្នុងគេហទំព័រ Worldometer។ អញ្ចឹងបានសេចក្ដីថា ចិនកំពុងឆ្ពោះទៅរក(តួលេខ) zero COVID-19។ ចិននឹងបើកឱកាសឱ្យកីឡាករ កីឡាការិនីចូលទៅប្រកួតក្នុងប្រទេសចិននៅក្នុងរដូវក្ដៅនេះ។ ម្សិលមិញ ក្នុងសុន្ទរកថារបស់ខ្ញុំ ក៏អំពាវនាវឱ្យមានការបើកការហោះហើរ និងការជម្រុញទេសចរណ៍ ប៉ុន្តែឥឡូវប្រហែលជាចិនមិនទាន់ហ៊ានជម្រុញទេសចរណ៍ចេញក្រៅប៉ុន្មានទេ ដោយាសារខ្លាចនាំ COVID-19 ចូលស្រុកចិន។ យ៉ាងណាក្តី ថ្ងៃដែលយើងជួបគ្នានោះ ចិនបានប្រកាសជូនកម្ពុជា (នូវអាហារូបករណ៍ សំរាប់) ចំនួននិស្សិត ៥០០ នាក់បន្ថែមទៀត។ អញ្ចឹង និស្សិតយើងក៏មានឱកាស(បានអាហារូបករណ៍ទៅរៀននៅប្រទេសចិន)។ និស្សិតយើងក៏មានឱកាស ព្រោះនិស្សិតរបស់យើងក៏បានចាក់វ៉ាក់សាំងរួចហើយដែរ ដើម្បីទៅរៀននៅប្រទេសចិន។
កម្ពុជារង់ចាំការមកដល់នៃ Build Back Better World (B3W)
អញ្ចឹងបានឥឡូវ ខ្ញុំចេញដំណើរ(សកម្មភាពឡើងវិញហើយ)។ កម្មវិធីត្រូវដាក់ឡើងវិញ។ ថ្ងៃខាងមុននេះ យើងទៅសម្ពោធផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធរំដោះទឹក ថ្ងៃទី ០២ ខែធ្នូ ទៅខេត្តព្រះសីហនុ។ បន្ទាប់ទៅ ដូចជាថ្ងៃទី ០៦ ខែធ្នូ បន្ទាប់ទៅមានកម្មវិធីជាបន្តបន្ទាប់។ និយាយឱ្យខ្លី កម្មវិធីដែលត្រូវសម្ពោធហេដ្ឋារចនាសម័្ពន្ធមាន(តែជាគំរោងរបស់) ចិន ជប៉ុន កូរ៉េ មានតែប៉ុណ្ណឹង។ ក្រៅពីនោះ ប្រកាសផ្ដល់ជំនួយដោយឡែកៗពីគ្នា តែហេដ្ឋារចនាសម្ព័ន្ធ គឺភាគច្រើន ចិន ជប៉ុន កូរ៉េ។ កូរ៉េ ត្រៀម(សាងសង់)ស្ពានស្វាយជ្រុំ និងផ្លូវជាតិលេខ ៤៨។
ឥឡូវខ្ញុំក៏ទន្ទឹងរង់ចាំការមកដល់នៃ(ទស្សនាទាន) Build Back Better World ឬគេហៅកាត់ថា B3W (មានន័យថា)កសាងពិភពលោកឲ្យប្រសើរឡើងវិញ។ ខ្ញុំក៏ស្វាគមន៍ ហើយសង្ឃឹមថា រដ្ឋមន្រ្តីការបរទេសអាស៊ាននិងរដ្ឋមន្រ្តីការបរទេសនៃប្រទេស G7 ប្រទេសអ្នកមានទាំង ៧ នឹងផ្ដល់ឱកាសឱ្យកម្ពុជាទទួលបាននូវគម្រោងមួយចំនួន។ យើងនៅខ្វះស្ពាន ខ្វះផ្លូវ។ នៅទីនេះ ជាក្របខណ្ឌនៃសហប្រតិបត្តិការកម្ពុជា ហើយស្ថិតនៅក្នុងយុទ្ធសាស្រ្តនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ យើងមិនបានបដិសេធគម្រោងដទៃទៀត ដូចជា Build Back Better World នោះទេ។ អញ្ចឹងយើងសូមជូនសារ។ ស្វាគមន៍ជានិច្ច។
បើមិនពឹងចិនពឹងជប៉ុន ឲ្យពឹងអ្នកណា, អ្នកផ្សេងមិនជួយ ហើយបន្ទោស
កុំឱ្យថាយើងហ្នឹងលំអៀងទៅរកចិន។ កំពុងប្រជុំៗ ស្រាប់តែគេដាក់សំណួរមកថា ឯកឧត្តមដូចជាងាកទៅជិតចិនពេកហើយ? ខ្ញុំព្រលះទៅវិញថា បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងនរណា? ខ្ញុំពន្យល់អំពីស្ពាន អំពីផ្លូវ ចុងក្រោយ ខ្ញុំពន្យល់អំពីវ៉ាក់សាំង។ បើកុំមានចិន បើខ្ញុំមិនពឹងចិន តើមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំងបានអត់? ត្រូវនិយាយគ្នាត្រង់ៗ អញ្ចឹងតែម្ដង។ ខ្ញុំក៏ត្រូវហ៊ាននិយាយថា ស្ពានគីហ្ស៊ូណា តភ្ជាប់កំពង់ចាមទន្លេបិទ បើមិនឱ្យពឹងជប៉ុន ឱ្យខ្ញុំទៅពឹងនរណា? អាហ្នឹងនិយាយឱ្យពិត។ ស្ពានទ្សឹបាសា អ្នកលឿង បើមិនឱ្យពឹងជប៉ុន ឱ្យខ្ញុំទៅពឹងនរណា? ផ្លូវជាតិលេខ ១ មិនឱ្យពឹងជប៉ុន ឱ្យខ្ញុំទៅពឹងនរណា? ផ្លូវជាតិលេខ ៥ តភ្ជាប់ពីព្រែកក្ដាមរហូតទៅដល់ព្រំដែនថៃ បើមិនឱ្យពឹងជប៉ុន ឱ្យខ្ញុំទៅពឹងនរណា? និយាយឱ្យពិតជាមួយគ្នាអញ្ចឹង។ អ្នកដែលយើងពឹងបានមានតែប៉ុណ្ណឹង។ អ្នកដទៃទៀត គេអត់ជួយយើង ហើយគេមកបន្ទោសយើងទៅកៀកតែចិន។ កាលយើងទៅកៀកជប៉ុន គេថាយើងទៅកៀកតែជប៉ុន។ ប៉ុន្តែខ្លួនឯងធ្វើអី? ខ្ញុំមិនទៅស្ដីបន្ទោសនរណាទេ ប៉ុន្តែគ្រាន់តែថាពន្យល់គ្នាឱ្យច្បាស់។
កម្ពុជា ត្រូវទាញយកចំណែកពីអំណោយចិន ១៥០០ លានដុល្លារសំរាប់ការអភិវឌ្ឍក្នុងអាស៊ាន
ចិន គាត់មានលទ្ធភាពច្រើន ដើម្បីជួយយើង។ ម្សិលមិញ ចិនប្រកាស ១.៥០០ លាន សម្រាប់អាស៊ាន យកមកប្រើប្រាស់ទៅលើការអភិវឌ្ឍ។ ចិនមាន(ការរួម)ចំណែកផ្ដល់។ គាត់ប្រកាសលុយដែលត្រូវផ្ដល់មកឲ្យបណ្ដាប្រទេសអាស៊ាន។ ក្នុងហ្នឹងអាស៊ានក៏មានកម្ពុជាយើងដែរ ដែលត្រូវយកចំណែកប្រាក់ហ្នឹងយកមកប្រើប្រាស់នៅក្នុងស្រុកខ្មែរ។ ថ្ងៃនេះ យើងមានសមិទ្ធផលនេះ ហើយយើងនឹងកើតសមិទ្ធផលតភ្ជាប់ ឡើងទៅដល់ឆ្លូងឯណោះ។ ហ្នឹងទៅខាងនោះ។ រួចហើយមកដល់កន្លែងហ្នឹងកាត់មកស្ទឹងត្រង់ រួចហើយឡើងទៅចម្ការលើ ឡើងទៅកំពង់ធំទៀត។ រួចពេលទៅដល់កំពង់ធំ គិតខ្លួនឯងទៅ(ថាត្រូវ)ឡើងទៅព្រះវិហារ ឡើងទៅសៀមរាប ឬមកភ្នំពេញវិញ អាហ្នឹងរឿងខ្លួនឯងតើ។ សេរីភាពដល់ណាទៀតនៅស្រុកខ្មែរ? គេអត់មានវាស់ដីឲ្យដើរផងហ្នឹង? វាស់ដីឲ្យដើរតែអ្នកមានទោសទេ។ ស្រុកខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។ តែធ្វើខុស អ្នកណាក៏ដូចអ្នកណា ប្រទេសណាក៏ដូចប្រទេសណា …។
រដូវរងារមកដល់ យកចិត្តទុកដាក់ថែទាំមនុស្សចាស់
ខ្ញុំសូមយកឱកាសនេះផ្ដាំផ្ញើទៅបណ្ដាខេត្តទាំងអស់ លើអ្វីដែលខ្ញុំចេញសម្លេងថ្ងៃមុន ទាក់ទងនឹងនឹងការយកចិត្តទុកដាក់ទៅលើសុខភាពមនុស្សចាស់។ ចាប់ពីសប្ដាហ៍ទី ១ នៃខែធ្នូ រហូតដល់ខែកុម្ភៈ សីតុណ្ហភាពនៅកម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។ នៅកន្លែងខ្លះធ្លាក់ចុះដល់ ១៥ អង្សារ។ អញ្ចឹង សម្រាប់មនុស្សចាស់ត្រូវយកចិត្តទុកដាក់។ កូនចៅដែលមានជីដូនជីតា ឪពុកម្ដាយចាស់ ត្រូវយកចិត្តទុកដាក់ថែទាំពួកគាត់ (ត្រូវមាន)អាវរងា ភួយ មុង។ អាជ្ញាធរត្រូវពិនិត្យ និងធ្វើអន្តរាគមន៍សម្រាប់មនុស្សចាស់ ដែលអត់មានទីពឹង។ តើមានប៉ុន្មាន? ខិតខំដោះស្រាយអាវរងាឲ្យគាត់ ខិតខំដោះស្រាយភួយមុងឲ្យគាត់។ ខ្ញុំប្រគល់ភារកិច្ចឲ្យអស់លោកនាំគ្នាធ្វើ។ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវពិនិត្យភ្លាម ធ្វើអន្តរាគមន៍ភ្លាម ព្រោះមនុស្សចាស់ចាញ់រងា។ ត្រូវយកចិត្តទុកដាក់បំផុតនៅពេលដែលពេលរងាមកដល់ (ត្បិតប្រឈមនឹង)ការឆ្លង(ជំងឺផ្សេងៗនិងកូវីដ-១៩)។
ឥឡូវ អឺរ៉ុប និងអាមេរិកកំពុងផ្ទុះ។ អាមេរិកកាលពីថ្ងៃសៅរ៍ ១១១.០០០ នាក់ ឆ្លង ជាង ១.០០០ នាក់ស្លាប់។ ម្សិលមិញ ឃើញតែ ២៨.០០០ ទេ ហើយ ៨៩ នាក់(ស្លាប់)។ ព្រោះអី? ថ្ងៃអាទិត្យអាមេរិកអត់ធ្វើការទេ។ នរណាទៅកត់ត្រា? ប៉ុន្តែចាប់ពីថ្ងៃហ្នឹងទៅគឺឡើងហើយ កុំឆ្ងល់ពេក។ មើលក្នុងវេបសាយត៍ រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ គឺអត្រាធ្លាក់ចុះ ព្រោះគេត្រូវសម្រាក … អញ្ចឹងសូមបន្ទុកបណ្ដាក់បញ្ហាសុខភាពមនុស្សចាស់ ទៅលើក្រុមគ្រួសារនីមួយៗ ទៅលើអាជ្ញាធរ ទៅលើព្រះសង្ឃតាមទីអារាម ដែលមានចាស់ៗស្នាក់នៅសុំសីល។ តម្លៃអាវរងាមិនជាថ្លៃអីប៉ុន្មានទេ ហើយក៏មិនមានមនុស្សចាស់អត់ទីពឹងពំនាក់ច្រើនពេកដែរ។ រកអាវរងាឲ្យគាត់ រកភួយឲ្យគាត់។ នេះជាការធ្វើបុណ្យ ដើម្បីគាត់បានទទួលវ៉ាក់សាំងហើយ …។
នាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំបានយូរ ព្រោះមិនក្បត់ព្រះមហាក្សត្រ
ខាងម្ដាយខ្ញុំ នៅសល់ឪពុកមាមួយ អាយុ ១០០ ហើយ ប៉ុន្តែ ដល់ពេលគាត់មកចាក់ ប្រហែលជាមិនទាន់ដល់ ១០០ ឆ្នាំ។ អញ្ចឹងអត់បានទទួល(អំណោយឧបត្ថម្ភ) … បានលឺថាកូនគាត់បានដឹកមកមើលស្ពានរួចហើយ … ឥឡូវមើលពូជរបស់ ហ៊ុន សែន ទៅ។ ឪពុកមាម្នាក់អាយុ ៩៨ មិនទាន់ស្លាប់ ម៉េចបានបន់ឲ្យ ហ៊ុន សែន ងាប់? ចាំតែងាប់លេងទេតើ។ នៅតំបន់នេះ ផលិតនាយករដ្ឋមន្រ្តី ៣ នាក់ រួចមកហើយ។ នៅស្រុកហ្នឹង។ នាយករដ្ឋមន្រ្តី អ៊ិន តាំ នាយករដ្ឋមន្រ្តី ហង្ស ធុនហាក់ និងនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្រុកហ្នឹងបង្កើតបាននាយករដ្ឋមន្រ្តី ៣។ ប៉ុន្តែ នាយករដ្ឋមន្រ្តី ២ នោះ ក្បត់ម្ចាស់។ អ៊ិន តាំ ព្រះករុណាគាំទ្រឲ្យធ្វើចៅហ្វាយខេត្ត តាំងពីកំពង់ចាម រហូតធ្លាក់ទៅដល់បាត់ដំបងអី ក្រោយមកធ្វើរដ្ឋមន្រ្តីមហាផ្ទៃ ជំនាន់ព្រះករុណា(ព្រះបរមរតនកោដ្ឋ)។ ក្រោយមកធ្វើរដ្ឋមន្រ្តីរបស់ លន់ នល់ រួមចំណែកទម្លាក់ព្រះករុណាបិតា។ ហង្ស ធុនហាក់ ក៏អញ្ចឹង។ ប៉ុន្តែ ហ៊ុន សែន អត់ទេ។ អញ្ចឹងបាន ហ៊ុន សែន នៅបានយូរ។ ព្រោះខ្ញុំមានក្បត់ទៅណា? គេផ្ដួលព្រះករុណាបិតា កូនចៅអើយចូលព្រៃម៉ាគី។ ហ៊ុន សែន ទៅបាត់។ អញ្ចឹងទេ ខ្ញុំអត់មានត្រូវបណ្ដាសារព្រះទេ។ ឥឡូវ ជីតា ៩៣ ជីដូន ៩២ គាត់មរណភាពតាំងពីឆ្នាំ ១៩៩១ ពេលខ្ញុំទស្សនកិច្ចនៅឥណ្ឌា។ ជីតាគាត់ទៅមុនមួយអាទិត្យ ជីដូនទៅមួយអាទិត្យក្រោយ។ ចំពេលទឹកធំទៀត។ ពេលហ្នឹងខ្ញុំកំពុងទស្សនកិច្ចនៅឥណ្ឌា។ ខ្លះគេថា ហ៊ុន សែន ពុកឆ្អឹងចង្កេះ។ ពុកឆ្អឹងចង្កេះ តើវាយកូនហ្គោលកើត? ហើយមកឈរហ្នឹង?…។
ប្រយុទ្ធជាមួយកូវីដ-១៩ តែមិនត្រូវឲ្យរាំងស្ទះដំណើរការរដ្ឋបាល ជាតម្រូវការរបស់ប្រជាជន
មានសំណូមពរ ១ ទៀត។ ខ្ញុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំក្នុងរយៈពេលជិត ២ ឆ្នាំកន្លងទៅ។ រយៈពេលចុងក្រោយនេះ សម្រួលឲ្យការធ្វើដំណើរដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋ ទទួលបាននូវសេចក្ដីសុខគ្រប់ទីកន្លែង គ្រប់ច្រកល្ហក។ បងប្អូនយើងពិតជានឿយហត់ពេកហើយ។ អភិបាលខេត្ត អភិបាលស្រុក មេភូមិ មេឃុំអី។ យើងប្រមូលផ្ដុំការប្រយុទ្ធប្រឆាំងកូវីដ-១៩។ ក៏ប៉ុន្តែខ្ញុំសូមផ្ដាំមួយ។ (រវល់ក្នុង)ការប្រយុទ្ធជាមួយកូវីដ-១៩ តែមិនត្រូវឲ្យរាំងស្ទះនូវកិច្ចការធម្មតានៃដំណើរការរដ្ឋបាល ដែលជាតម្រូវការរបស់ប្រជាជន។ មេឃុំត្រូវតែមានអ្នកប្រចាំការ។ មេឃុំត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង ៧ ព្រឹក។ តាមខ្ញុំដឹង ហេតុផលកូវីដ-១៩នេះ ធ្វើឲ្យមេឃុំមួយចំនួនម៉ោង ៩ មិនទាន់ចូលស្នាក់ការទេ។ ប្រជាជនទៅរកមិនឃើញទេ។ យើងយល់ ក៏ប៉ុន្តែ កុំឲ្យគេថា ដេកផ្សំផ្ដួល រមួលផ្សំគ្រេច។ សុំឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន។
ប្រជាជនត្រូវការមេឃុំ មេស្រុក/ខេត្ត ដើម្បីដោះស្រាយបញ្ហា។ ត្រូវមានអ្នកប្រចាំការដោះស្រាយ។ កុំផ្អែកថា ដោយមានកូវីដ-១៩ ហើយបែរជាកិច្ចការរដ្ឋបាលយើងបោះបង់ចោល ក្នុងពេលដែលប្រជាជនមានតម្រូវការ។ សូមយកចិត្តទុកដាក់កន្លែងហ្នឹង បានសេចក្ដីថា កិច្ចការយើងនៅបន្តធ្វើ គ្រាន់តែលំដាប់អាទិភាពរបស់យើង យកការប្រឆាំងកូវីដ-១៩ គឺជាចំណុចអាទិភាពធំជាងគេ។ ក៏ប៉ុន្តែ សូមកុំបោះបង់ចោលកិច្ចការរដ្ឋបាលនានា។ សូម្បីតែរាជរដ្ឋាភិបាល ពិតមែនតែកាត់បន្ថយនូវការជួបជុំ ក៏ប៉ុន្តែនៅតែធ្វើបានតាមអនឡាញស្អីៗនេះ។ តែនៅថ្នាក់ឃុំអី អត់មានធ្វើតាមអនឡាញបានទេ ព្រោះប្រជាជនត្រូវមកជួបផ្ទាល់ ដើម្បីដោះស្រាយរឿងបញ្ហាដីធ្លីស្អីៗហ្នឹង។ រឿងដីធ្លីខ្ញុំបាននិយាយមុនហើយ និយាយនៅក្រសួងដែនដីហើយក្នុងពិធីសម្ពោធ។ ខិតខំដោះស្រាយក្រៅប្រព័ន្ធតុលាការ។ ជួនកាលទាស់គ្នាបងប្អូនឯង យើងជួយសម្រួលទៅ។ តែឡើងដល់តុលាការវាមានអ្នកឈ្នះ មានអ្នកចាញ់ហើយ។ អញ្ចឹងយើងប្រើយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការល្អជាង។
បន្តបេសកកម្មលុបបំបាត់ភាពជ្រុលនិយមនៃក្រុមមនុស្សខ្លះ ធានាសន្តិភាពសំរាប់កម្ពុជាអភិវឌ្ឍទៅអនាគត
ឯរឿងអ្នកណាគេថាអី អាហ្នឹងរឿងរបស់គេទេ។ ខ្ញុំសូមផ្ដាំពីទីនេះទៅដែរ ចំពោះក្មួយស្រី ឆារ៉ា នៅសហរដ្ឋអាមេរិកនោះ។ ប្រហែលជា ២ ឬជិត ៣ អាទិត្យមុន ចេញមកសុំទោស។ មានអ្នកបាញ់មកឲ្យខ្ញុំ។ ដំបូងលោក ជេមស៍ សុខ ឬ សុខ សុគន្ធ នោះ។ បន្ទាប់ទៅក្មួយ ចិត្រា បាញ់មកឲ្យខ្ញុំ។ ខ្ញុំមើល។ ក្នុងឃ្លីប គាត់សុំទោសខ្ញុំថាកាលពីមុនបានជេរ Monsieur Hun Sen ប៉ុន្តែប្រធានគាត់អត់ដែលបានជេរផង។ ប្រធានគាត់ៗ ចង់ថា តាំងពី Reagan, តាំងពី Obama, តាំងពី Donald Trumps អី Joe Biden អី អត់ដែលជេរខ្ញុំផង។ រឿងអីគាត់ជេរខ្ញុំ? សូមផ្ដាំទៅក្មួយស្រី។ មិនចាំបាច់សុំទោសពូទេ។ ពូមិនដែលបានឃើញក្មួយជេរពូផង។ ពូអត់ដែលបានមើល។ ដល់ទៅពេលក្មួយនិយាយស្រួលទៅ ពូមើលទៅ។ អ្នកជេរ ពូមិនដែលមើល។ ស្រេចតែកុំមើលវាទៅចប់ … ចង់ជេរប៉ុន្មានជេរទៅ។ ដូចក្មួយស្រី ឆារ៉ា ប៉ុន្មានថ្ងៃនេះ គាត់លេងខ្លាំង ព្រោះគាត់កើតនៅអាមេរិក និយាយខ្មែរប៉ៃឡាំ។ ផ្ដាំអរគុណក្មួយ ហើយមិនចាំបាច់ព្រួយបារម្ភអីទេ។
មានបងប្អូននៅអាមេរិកដែល live show និយាយតាមហ្វេសប៊ុក។ ឃើញបងប្អូនទៅពីខ្មែរយើងទៅចូល comment … យើងមើលពីនេះទៅដែរ។ ខាងនោះក៏មើលពីយើង។ ប្រហែលជាពេលនេះ មានមួយចំនួនកំពុងមើល។ ផ្ដាំទៅលោកពូ ម៉ក់ ហឺន បើថាជំងឺហ្នឹងជាហើយ ឥឡូវត្រីកំពុងចុះ ហើយប៉ុន្មានថ្ងៃនេះ បើសិនជាពូបានមកទាន់អស់ទាស់ហើយ ចង្រិតចុះនៅខាងក្រូចឆ្មារ។ សម្បូរខាងនោះ។ ចង្រិតធម្មជាតិក្នុងប្រទេសរបស់យើង។ រួចអ្នកណាជេរអីជេរទៅ អាហ្នឹងរឿងរបស់អ្នកជេរ។ អញ្ចឹងបានខ្ញុំត្រូវតែបន្តក្នុងបេសកកម្មលុបបំបាត់នូវភាពជ្រុលនិយមរបស់ក្រុមមនុស្សមួយចំនួន ដើម្បីធានានូវសន្តិភាពសម្រាប់កម្ពុជាអភិវឌ្ឍនៅពេលអនាគត។
ថ្ងៃ ១ មករា ២០២២ ទទួលតំណែងប្រធានវេនអាស៊ាន, ២៥ វិច្ឆិកា ប្រធានអង្កប្រជុំអាស៊ី-អឺរ៉ុប
អ្វីដែលឯង(មួយចំនួន)ចង់និយាយថា អាងលើសម្ពាធអន្តរជាតិ សូមអញ្ជើញមក។ រហូតដល់មានអ្នកខ្លះហ៊ាននិយាយថា សូម្បីតែអាស៊ានក៏គេមិនចង់ឲ្យចូលប្រជុំផង។ (ខ្ញុំតំណាងឲ្យកម្ពុជា)នេះ (កំពុងតែជា)អនាគតប្រធានអាស៊ាន។ ចាប់ពីថ្ងៃ ១ មករា ទៅ ចេញមុខហើយ … ឥឡូវបានទទួលញញួរហើយ តែមិនទាន់ប្រើ ព្រោះនៅ ស៊ុលតង់ ប្រ៊ុយណេ នៅប្រើឡើយ។ ពីម្សិល ស៊ុលតង់ ប្រ៊ុយណេ និងប្រធានាធិបតី Xi Jinping សហប្រធានដឹកនាំការប្រជុំអបអរសាទរខួប ៣០ ឆ្នាំ។ ប៉ុន្តែ ចាប់ពីថ្ងៃ ១ ខែ មករា ទៅ ញញូរហ្នឹង ហ៊ុន សែន ត្រូវប្រើហើយ។ (ដែលយល់ខុស)ដល់ថ្នាក់ប្រធានអាស៊ានមិនអាចចូលប្រជុំអាស៊ានបាន វាចប់។ និយាយបោកប្រាស់គេទៅរួច។ ថ្ងៃ ២៥ ខាងមុខនេះ (ខ្ញុំនឹងតំណាងកម្ពុជាធ្វើជា)ប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប។ ឥឡូវឃើញអ្នកចុះឈ្មោះបន្តបន្តាប់ ទៅតាមលំដាប់តួអក្សរហើយ។ អធិការបតីអាល្លឺម៉ង់ ប្រធានាធិបតីបារាំង ខាងអឺរ៉ុប ឯខាងអាស៊ីនេះគឺមាននិយាយរួម ៥២ ប្រទេស។ ខ្ញុំប្រធានអង្គប្រជុំណា ម៉េច(ក៏ដើរនិយាយ)ទៅដល់ថ្នាក់ “កម្ពុជា សូម្បីចូលប្រជុំអាស៊ានគេមិនចង់ឲ្យចូល?” (ដែល)ឯងប្រធានអាស៊ានសោះ។
ត្រៀមទស្សនកិច្ចនៅ ស្លូវេនី, ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងបើកស្តង់ពិព័រណ៍នៅ ឌុយបៃ
សូមប្រាប់ទុកឲ្យហើយ។ ត្រៀមទៅធ្វើបាតុកម្មនៅ Davos ទៅ។ ប្រាប់កន្លែងឲ្យទៅធ្វើ។ ឆ្នាំនេះ ហ៊ុន សែន នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅ Davos។ អ្នកឯងទៅត្រៀមធ្វើបាតុកម្មប្រឆាំងខ្ញុំនៅនោះទៅ។ អញ្ជើញទៅឲ្យដល់។ ឥឡូវកំពុងតែសម្របសម្រួល អាចនឹងទៅទស្សនកិច្ច(Slovenia)។ ស៊ុន ចាន់ថុល ត្រូវទៅជាមួយខ្ញុំផងដែរ … បើសិនជាទៅ យើងនឹងអាចចូលទស្សនកិច្ចនៅ Slovenia មុន ព្រោះនាយករដ្ឋមន្រ្តី Slovenia គាត់ជាអ្នកសម្របសម្រួលអាស៊ី-អឺរ៉ុបនៅខាងអឺរ៉ុប។ ថ្ងៃមុនជួបគ្នា ហើយគាត់អញ្ជើញខ្ញុំទស្សនកិច្ច។ ខ្ញុំថាពេលហ្នឹងក៏ត្រូវហោះទៅអឺរ៉ុបដែរ ព្រោះទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ អញ្ចឹងគាត់ថា គាត់ក៏ទៅ Davos ដែរ។ អញ្ចឹងក៏សម្របសម្រួលជាមួយគ្នា។ អញ្ចឹងប្រជុំពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២២ រួចហើយបានយើងហោះត្រឡប់មកចុះនៅ Dubai ដើម្បីបើកស្តង់កម្ពុជានៅក្នុងពិព័រណ៍ពិភពលោក។ ខ្ញុំប្រាប់ទីកន្លែងអ្នកឯងថា ខ្ញុំនឹងទៅ Davos។ ទៅធ្វើបាតុកម្មទៅ។ ខ្ញុំនឹងទៅដល់នោះ។ បើថាត្រូវឲ្យតុលាការអីណាឧក្រិដ្ឋកម្មអន្តរជាតិចាប់ខ្ញុំ ទៅចាប់នៅនោះតែម្ដងទៅ កុំឲ្យពិបាក …។
ប្រទេសអធិបតេយ្យមួយ។ គ្មានរឿងអីសោះ។ ផ្ដាំពីហ្នឹងទុកឲ្យហើយ។ ត្រៀមកម្លាំងបានទេ ត្រឹម ៤០០ ទៅ ៥០០ នាក់ យកមកធ្វើបាតុកម្ម ព្រោះ (ពេល) ខ្ញុំទៅហ្សឺណែវ … ដូចជា ២០១៨ ឬ ២០១៩ ទៅពីរដង កុំឲ្យមានមនុស្សម្នាក់មកធ្វើបាតុកម្ម។ ក្នុងពេលដែលមានរាប់ពាន់នាក់មកទទួល សំណេះសំណាលជាមួយខ្ញុំទៅវិញ (ដូច)ឆ្នាំ ២០១៧ ចំខួប ២៣ តុលា នៅហ្សឺណែវ បែរជារកមនុស្សមកធ្វើបាតុកម្មមិនបាន។ ទៅញូវយក មនុស្សត្រឹម ១០០ ទៅ ២០០ នាក់មកធ្វើបាតុកម្ម ក្នុងពេលមនុស្សប្រមាណជា ២.០០០ នាក់ មកទទួល ហ៊ុន សែន រកកន្លែងអង្គុយមិនបាន។ អ្នកណាខ្លាំងជាងអ្នកណា … គ្រាន់តែខាងគណបក្សប្រជាជន គេមិន(និយាយ)។
“មាត់ផ្តាច់ការ” គំរាមដកសញ្ជាតិអាមេរិក ជំនួសរដ្ឋាភិបាលអាមេរិក
ឥឡូវ គេគំរាមដក អ្នកណាក៏ដោយឲ្យតែគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល។ គេដកសញ្ជាតិអាមេរិក។ លោកប្រធានាធិបតី Joe Biden អើយ។ ដកសញ្ជាតិអាមេរិក(ចំពោះអ្នក)គាំទ្ររាជរដ្ឋាភិបាល។ (កោតគាត់)និយាយទៅរួច។ ធ្វើឲ្យប្រជាជនខ្មែរ រួមទាំងក្មួយស្រី ឆារ៉ា ធ្វើប្រតិកម្ម។ ខ្មែរយើងនៅខាងក្រៅ ធ្វើប្រតិកម្មខ្លាំងណាស់។ ឥឡូវ អ្នកនៅហ្នឹងមួយចំនួនក៏មាន(សញ្ជាតិ) ស៊ុន ចាន់ថុល ក៏ជាខ្មែរអាមេរិក, ប៉ាន់ សូស័ក្ដិ ខ្មែរអាមេរិក ឬបារាំង? (អាមេរិក)។ ហើយម៉េចមិនប្រតិកម្មឲ្យអាមេរិកដកសញ្ជាតិ កំពុងតែធ្វើការក្នុងរដ្ឋាភិបាលខ្មែរ? ម៉េចក៏អាមេរិកមិនដឹងសញ្ជាតិ? សួរអគ្គរដ្ឋទូតអាមេរិកនៅភ្នំពេញមើល គេនិយាយហ្នឹងត្រូវ ឬអត់? បើតាមខ្ញុំដឹងត្រួសៗ នៅក្នុងរាជរដ្ឋាភិបាលយើង មានខ្មែរសញ្ជាតិអាមេរិកមាន ស៊ុន ចាន់ថុល មួយ ប៉ាន សូរសក្តិ មួយ ផៃ ស៊ីផាន មួយ ខ្មែរបារាំងគឺ អ៊ឹង កន្ថាផាវី, អៀង ម៉ូលី មួយដែរ ម៉េចបារាំងមិនដកសញ្ជាតិ? ម៉េចបានទៅគំរាមគេ ទាំងមិនទាន់បានកាន់អំណាចផង។ ទៅគំរាមដកសញ្ជាតិអាមេរិក ជំនួសឲ្យរដ្ឋាភិបាលអាមេរិកទៅទៀត។ មនុស្សអីដល់ថ្នាក់ប៉ុណ្ណឹង។ បើមិនទាន់បានកាន់អំណាច វាផ្ដាច់ការប៉ុណ្ណឹងហើយ។ មាត់វាផ្ដាច់ការអាក្រក់ណាស់ណា ផ្ដាច់ការវាផ្ដើមចេញពីអាមាត់ហ្នឹង …។
មើលខ្មែរយើងនៅអាមេរិក ដែលជាសមាជិកសមាជិកាគណបក្សប្រជាជន ងើបឈរឡើង ដើម្បីប្រឆាំងជំទាស់ ហើយទៅសួរសមាជិកសភា នៅកន្លែងវិមានខាប់ភីថល់ ឬក៏ទៅកន្លែងណាមួយមើល។ នាំគ្នាធ្វើបាតុកម្មសួរអាមេរិកមើល ដកមែន ឬអត់? ដកមែន នឹងអាលរៀបបង្វិចមក(ស្រុកខ្មែរ)។ គេយកហេតុផលថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះប្រសិនបើខ្មែរណាម្នាក់គាំទ្ររដ្ឋាភិបាល ហ៊ុន សែន គឺក៏ជាសត្រូវរបស់អាមេរិក ដែលអាមេរិកត្រូវដកសញ្ជាតិ។ ប៉ុន្ដែអ្នកឯងស្គាល់មេដឹកនាំអាមេរិក និងចិន តិចហើយ។ ថ្ងៃមុន ស៊ី ជីនពីង (Xi Jinping) និង ចូ បាយដិន (Joe Biden) ជួបគ្នា គេមានវិធីសាស្ដ្រគ្រប់គ្រងរវាងទំនាក់ទំនងរវាងចិន និងអាមេរិក ច្បាស់លាស់។ បើទោះបីជាមានការប្រកួតប្រជែងគ្នា យ៉ាងណាក៏ដោយ អ្នកទាំងពីរបានប្ដូរផ្ដាច់ មិនឲ្យមានការប៉ះទង្គិចគ្នាទេ។ នេះរឿងវាអញ្ចឹង។ ក្មួយស្រី ឆារ៉ា, ជេម សុខ, គ្រឹស្នា, បងសុបិន្ត, ចិត្រា អីប្រតិកម្ម មួយកំភ្លូស។ និយាយមិនអស់។ ត្រឹមត្រូវហើយ។ មកលេងស្រុកខ្មែរមក ហើយពាក់ផ្លាកគណបក្សប្រជាជនពីហ្នឹងមក ក៏គ្មានអ្នកណាគេទៅថាអីយើងទេ។ ពាក់ផ្លាកពីហ្នឹងមក តើអាមេរិកដកសញ្ជាតិ ឬអត់? បើអាមេរិកដកសញ្ជាតិតាំងពី(រឿង)ប៉ុណ្ណឹង អាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទេ។ រួចហើយអ្នកខ្លះមិនមែនជាជនជាតិអាមេរិកទៅទៀត ទៅគំរាមដកសញ្ជាតិខ្មែរអាមេរិក នៅស្រុកអាមេរិកទៅទៀត។
អរគុណមិត្តចិនចំពោះការផ្ដល់ជំនួយអភិវឌ្ឍកម្ពុជា
អរគុណ(ប្រជាពលរដ្ឋយើង និងគ្រប់គ្នា)ណាស់ ថ្ងៃនេះដែលបានចូលរួម។ តាមរយៈឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ផ្ញើជូនការអរគុណចំពោះឯកឧត្តម ស៊ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្ដ្រី (Li Keqiang) ចំពោះការផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍកម្ពុជា។ សង្ឃឹមថាបងប្អូនត្រឡប់ទៅផ្ទះវិញ ក៏មិនមែនដើរទៅផ្ទះដូចជំនាន់មុនទេ សុទ្ធតែឡាន ម៉ូតូ ហោចណាស់ក៏កង់។ ប៉ុន្ដែភាគច្រើនឡាន និងម៉ូតូទៅហើយ។ ខ្ញុំសូមអភ័យទោស ដែលយើងមិនបានចាប់ដៃគ្នា ដោយសារតែ យើងមិនដឹងថាវា(កូវីដ-១៩) នៅត្រង់ណា។ ជួនកាលវានៅនឹងខ្ញុំ។ ចាប់ដៃខ្ញុំទៅ ឆ្លងបាត់។ ខ្ញុំមិនមែនខ្ពើមបងប្អូនទេ ក៏ប៉ុន្ដែកាលៈទេសៈវាអញ្ចឹង។ យើងត្រូវរក្សាគម្លាត។ សុខចិត្ត ស៊ូទ្រាំលំបាក ដើម្បីការរស់រានមានជីវិតរបស់យើងម្នាក់ៗ និងប្រទេសជាតិរបស់យើង។
ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពាន “ភ្ជាប់និស្ស័យ” ដែលមានប្រវែង ១.១៣១ ម៉ែត្រ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ជាមួយផ្លូវជាតិលេង ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ ដែលជាហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រសិទ្ធពរសូមឲ្យចំណងមិត្ដភាពកម្ពុជាចិន ឋិតឋេរជាអមតៈ និងជាដែកថែប។ សូមជូនពរឲ្យបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ភ្លេចនិយាយរឿងជូនថវិកាទៅសាលាស្រុកស្ទឹងត្រង់មាន ២ លានរៀល សាលាស្រុកក្រូចឆ្មារ ២ លាន រៀល ក្រុមគ្រូពេទ្យប្រចាំការក្នុងកម្មវិធី ៣ លានរៀល ក្រុមតន្ដ្រីសម័យ ៥ លានរៀល (ហើយកុំភ្លេចបទ ពាមកោះស្នា វាចារប្រុសស្នេហ៍។ នៅសល់តែប៉ុន្មានគីឡូទៀតដល់ហើយ។ សូមអរគុណ៕