(ឃ្លីបទី១)
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!
ដើម្បីសម្រួលទៅដល់ការបើកប្រទេសឡើងវិញសម្រាប់ការទទួលភ្ញៀវទេសចរ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលចេញទៅក្រៅប្រទេស និងត្រឡប់មកវិញ សម្រួលទៅដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ហើយចង់មកលេងស្រុកទេសដើម្បីជុំគ្រួសារ ហើយក៏សម្រួលទៅដល់ខាងផ្នែកវិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិនិត្យ និងស្រាវជ្រាវឃើញថា យើងចាំបាច់ត្រូវតែកែប្រែជាមួយនឹងអ្វីដែលយើងបានត្រៀមធ្វើរយៈពេលកន្លងទៅ និងបាននិងកំពុងអនុវត្ត។ មុននេះយើងបានអនុវត្តដោយរក្សាទុកធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូស ហើយចំពោះ(អ្នក)ធុរកិច្ច និងគណៈប្រតិភូខ្មែរយើងនៅបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ ឯការគ្រោងគិតអំពីទេសចរវ៉ាក់សាំងវិញគឺឲ្យធ្វើចត្តាឡីស័កនៅក្នុងតំបន់រយៈពេល ៥ ថ្ងៃ។ ឥឡូវនេះសភាពការណ៍លែងត្រូវហើយ ដោយសារកម្ពុជារបស់យើងគឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតទៅដល់ជិត ៨៨ ភាគរយនៃចំនួនប្រជាជន ១៦ លាននាក់។ ដូច្នេះ មិនមានតម្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។
ប៉ុន្តែសម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ ប៉ុន្តែអ្នកទាំងអស់ដែលធ្វើដំណើរតាមផ្លូវអាកាសចុះទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តសៀមរាប ត្រូវយកតេស្តធ្វើសំណាកដោយម៉ាស៊ីន PCR។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្តដើម្បីរកនូវអ្នកឆ្លងកូវីដ–១៩ អ្នកទាំងនោះត្រូវរង់ចាំតាមបែប ប្រសិនបើប្រជាជនកម្ពុជា គឺត្រូវទៅរង់ចាំលទ្ធផលនៅឯផ្ទះរបស់ខ្លួន។ សម្រាប់អ្នកវិនិយោគិនដែលមានគេហដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមួយមានកន្លែងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវទៅរង់ចាំលទ្ធផលនេះនៅទីកន្លែងដែលខ្លួនមាន។ បងប្អូនដែលមកពីបរទេស ខ្មែរយើងនៅបរទេស អាចទៅរង់ចាំនៅផ្ទះរបស់មិត្តភក្តិ ឬសាច់ញាតិរបស់ខ្លួនទៅតាមទីកន្លែងដែលខ្លួនចុះ ដូចជាចុះនៅទីក្រុងភ្នំពេញ ត្រូវរង់ចាំនៅភ្នំពេញ ចុះនៅឯខេត្តព្រះសីហនុ ត្រូវរង់ចាំនៅខេត្តព្រះសីហនុ ចុះនៅខេត្តសៀមរាប ត្រូវរង់ចាំនៅខេត្តសៀមរាប។ សម្រាប់អ្នកទេសចរណ៍គឺត្រូវរង់ចាំនៅតាមសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តដោយម៉ាស៊ីន PCR។
នៅពេលដែលពិនិត្យឃើញថា ពុំមានលទ្ធផលវិជ្ជមានពី កូវីដ-១៩ ទេ អ្នកទេសចរណ៍ និងបងប្អូនដែលធ្វើដំណើរទាំងអស់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិធ្វើដំណើរចេញទៅតាមទីកន្លែងដែលខ្លួនចង់ទៅ ដោយមិនកំណត់ត្រឹមតែក្របខណ្ឌខេត្តដូចកាលពីពេលមុននោះទេ។ ដូច្នេះមានន័យថា យើងត្រូវលើកលែងចោលនូវការធ្វើចត្តាឡីស័ក ទោះបី ៣ ថ្ងៃ ឬ ៥ ថ្ងៃនៅក្នុងតំបន់ ដែលលើកនេះ យើងតម្រូវគ្រាន់តែឲ្យរង់ចាំនូវលទ្ធផលនៃការធ្វើតេស្តដោយម៉ាស៊ីន PCR ប៉ុណ្ណោះ។ ដូច្នេះពេលដែលមកដល់នៅព្រលានយន្តហោះនីមួយៗ ចាំបាច់ត្រូវយកសំណាក ដើម្បីធ្វើតេស្ត ហើយក៏ត្រូវរង់ចាំនូវទីកន្លែង ដូចខ្ញុំបានជម្រាបជូនខាងលើអម្បាញ់មិញ។ បន្ទាប់ពីដឹងថាលទ្ធផលអវិជ្ជមានហើយ បងប្អូនអាចធ្វើដំណើរទូទាំងប្រទេសតែម្តង ដោយមិនត្រឹមតែនៅក្នុងក្របខណ្ឌខេត្ត ដូចដែលគ្រោងកំណត់កាលពីពេលមុននោះទេ។ ធ្វើយ៉ាងដូច្នេះ ខ្ញុំសង្ឃឹមថា ពលរដ្ឋខ្មែរយើងដែលទៅក្រៅប្រទេសត្រឡប់មកវិញ មិនព្រួយនឹងការធ្វើចត្តាឡីស័ក ៣ ថ្ងៃ ៥ ថ្ងៃ ឬ ៧ ថ្ងៃនោះទៀតទេ។ អ្វីដែលបងប្អូនត្រូវបំពេញ គឺការយកសំណាកទៅធ្វើតេស្ត ហើយបងប្អូនត្រូវទៅរង់ចាំនៅកន្លែងដែលបងប្អូនអាចស្នាក់នៅបាន ជាផ្ទះរបស់ខ្លួន ជាផ្ទះមិត្តភក្តិរបស់ខ្លួន ក្នុងករណីបងប្អូនមកពីក្រៅប្រទេស បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស។ ត្រូវនៅទីកន្លែងរបស់ខ្លួន សម្រាប់អ្នកវិនិយោគ(ដែលមានកន្លែងស្នាក់នៅផ្ទាល់ខ្លួន)។ ត្រូវនៅសណ្ឋាគារ សម្រាប់អ្នកដែល(ធ្វើ)ទេសចរណ៍។
ដូច្នេះដើម្បីអនុវត្តឲ្យបាននូវកិច្ចការងារនេះ ខ្ញុំសុំឲ្យក្រសួងសុខាភិបាលពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្តនៅម៉ាស៊ីន PCR សម្រាប់ទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ព្រោះយើងត្រូវតែបម្រើសេវាឲ្យទាន់ពេលនៃការធ្វើតេស្ត ក្នុងពេលដែលភ្ញៀវមកដល់ និងអ្នកដែលធ្វើដំណើរតាមយន្តហោះមកដល់។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើបាន ពង្រឹងនូវសមត្ថភាពនៃការធ្វើ(តេស្ត) ដើម្បីឲ្យយើងអាចនឹងងាយស្រួលទាំងអស់គ្នា នៅក្នុងដំណើរការនៃការបើកប្រទេសឡើងវិញ។ សូម្បីតែប្រជាជនខ្មែរយើងដែលទៅក្រៅប្រទេស ត្រឡប់មកវិញ គ្មានការចាំបាច់ដើម្បីធ្វើចត្តាឡីស័កនោះទេ។ គ្រាន់តែគ្រូពេទ្យត្រូវយកសំណាកទៅធ្វើតេស្ត ហើយត្រូវអត់ធ្មត់រង់ចាំនៅផ្ទះរបស់ខ្លួន នៅទីកន្លែងដែលខ្លួនស្នាក់នៅ ដើម្បីរង់ចាំលទ្ធផលតែប៉ុណ្ណោះ។ បន្ទាប់ពីដឹងថាលទ្ធផលអវិជ្ជមានហើយ អាចធ្វើដំណើរទៅកន្លែងណាក៏បាន តាមចិត្តចង់។ ដូច្នេះ នេះជាការបើកទូលាយសាជាថ្មីម្ដងទៀត ហើយសូមឲ្យផ្នែកដែលមានការពាក់ព័ន្ធ ស្ថាប័នដែលមានការពាក់ព័ន្ធ រៀបចំជាបន្ទាន់ដើម្បីឆ្លើយតបជាមួយនឹងការអនុវត្ដចាប់ពីថ្ងៃស្អែកនេះតទៅ។ គឺបានសេចក្ដីថា នៅថ្ងៃទី ១៥ ស្អែកនេះ គឺនឹងចាប់ផ្ដើមអនុវត្ដដោយការមិនធ្វើចត្ដាឡីស័កនោះទេ។
សម្រាប់អ្នកដែលកំពុងធ្វើចត្ដាឡីស័កនាពេលបច្ចុប្បន្ននេះ គឺនៅពេលបានឃើញបទបញ្ជានេះបានឃើញហើយៗបើពុំមានការចាំបាច់នោះទេ សូមអនុញ្ញាតឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កនោះ រួចផុតពីការធ្វើចត្តាឡីស័កតែម្ដង រាប់ចាប់ពីថ្ងៃស្អែកនេះទៅ។ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្ដាសណ្ឋាគារ និងទីកន្លែងនានា ចាំបាច់ត្រូវឲ្យគេចាកចេញ ព្រោះអ្នកទាំងនោះបានពិនិត្យរួចហើយដោយម៉ាស៊ីន PCR (ចេញលទ្ធផល)អវិជ្ជមាន ប៉ុន្ដែត្រូវរង់ចាំ(ធ្វើតេស្ដម្ដងទៀត)នៅថ្ងៃទី ៧ រយៈ ៧ ថ្ងៃបន្ដទៀត តែយើងគ្មានការចាំបាច់ទុកអ្នកទាំងអស់នោះបន្ដទៀតទេ។ ខ្ញុំសង្ឃឹមថា វិធានការនេះសមស្របជាមួយនឹងសភាពការណ៍ ដែលប្រទេសនានាបាននិងកំពុងអនុវត្ដមួយចំនួនរួចទៅហើយ។ បន្ថែមពីលើនោះប្រទេសទាំងនោះបានចាក់វ៉ាក់សាំងតិចជាងយើង ឯយើងបានចាក់វ៉ាក់សាំងខ្ពស់ជាងប្រទេសមួយចំនួន ដែលបាននិងកំពុងអនុវត្ដនូវការមិនធ្វើចត្ដាឡីស័កពេលដែលមកដល់ គ្រាន់តែធ្វើតេស្ដតែប៉ុណ្ណោះ។
សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំការប្រជុំ ណែនាំទៅដល់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់ សម្រាប់ចាប់ពីថ្ងៃស្អែកទៅ ដើម្បីជៀសវាងការលំបាកសម្រាប់(អ្នក)ធុរកិច្ច សម្រាប់បងប្អូនខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ឬបងប្អូនខ្មែរយើងដែលរស់នៅបរទេស ហើយមកលេងស្រុកកំណើត។ ដែលករណីថ្ងៃមុននេះ យើងបានរកឃើញអំពីករណី ចៅស្រីម្នាក់ដែលបានទៅធ្វើការនៅកូរ៉េ ហើយឪពុកមានជំងឺ ក៏បានជួយសម្រួលឲ្យចៅស្រីនេះ បានទៅជួបជុំឪពុក ដែលកំពុងមានជំងឺជាទម្ងន់នៅខេត្តតាកែវ។ ឥឡូវ ដើម្បីជៀសវាងនូវបញ្ហាអស់ទាំងនេះ ក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងពេញលេញ ជាមួយនឹងរបបបែបបទនៃការអនុវត្ដក្នុងការការពារតាមរយៈ ៣ ការពារ ៣ កុំ ជឿជាក់ថាយើងអាចអនុវត្តបាន។
សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនឹងការបើកទូលាយកាន់តែច្រើនទៅៗ ក្នុងពេលដែលប្រទេសរបស់យើងទទួលបាននូវការចាក់វ៉ាក់សាំង។ ហើយសូមបញ្ជាក់សាជាថ្មីថា អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ចាំបាច់ត្រូវតែធ្វើតេស្ដ និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ តទៅទៀត ទាំងខ្មែរ និងបរទេស។ សម្រាប់អ្នកបានចាក់វ៉ាក់សាំង ពីរដូសរួចមកហើយ មិនតម្រូវឲ្យធ្វើចត្ដាឡីស័កទៀតទេ។ ការតម្រូវមានតែការយកសំណាកទៅធ្វើតេស្ដ ហើយត្រូវរង់ចាំនៅទីកន្លែងណាមួយ នូវលទ្ធផលតែប៉ុណ្ណោះ។ បន្ទាប់ពីដឹងថាលទ្ធផលអវិជ្ជមានហើយ បងប្អូនអាចធ្វើដំណើរទូទាំងប្រទេសទាំងខ្មែរ និងបរទេស។ សូមអរគុណ។
(ឃ្លីបទី២)
មុននេះ ខ្ញុំចេញសារសម្លេងទាក់ទងនឹងការធ្វើចត្តាឡីស័ក ដែលតម្រូវឲ្យបងប្អូនដែលធ្វើដំណើរមកពីក្រៅប្រទេស ចូលមកក្នុងប្រទេស ត្រូវតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីនធំ PCR ហើយតម្រូវឲ្យបងប្អូនត្រូវរង់ចាំនៅសណ្ឋាគារ ឬនៅផ្ទះ ឬនៅទីកន្លែងផ្សេងៗ។ ប៉ុន្តែ យោងទៅលើអ្វីដែលបាននិងកំពុងកើតមុនពេលដែលជនបរទេសក្តី បងប្អូនខ្មែរយើងមកពីបរទេសក្តី ទាំងខ្មែរក្នុងស្រុកទៅក្រៅប្រទេស និងទាំងបងប្អូនខ្មែរ យើងដែលរស់នៅក្រៅប្រទេស បានចាក់វ៉ាក់សាំងរួចហើយនោះ គឺមិនតម្រូវឲ្យធ្វើការយកសំណាកដើម្បីឲ្យធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ គឺត្រូវធ្វើតេស្តរហ័សតែម្តង។ ដូច្នេះ មិនមានការចាំបាច់ដើម្បីទៅរង់ចាំនៅតាមផ្ទះ នៅតាមទីកន្លែងដែលត្រូវរង់ចាំនូវលទ្ធផលបញ្ជាក់ពីម៉ាស៊ីនធំ PCR នោះទេ ប៉ុន្តែបងប្អូនត្រូវជំពាក់ធ្វើតេស្ត(រហ័ស)នៅឯព្រលានយន្តហោះ នៅតាមច្រកផ្លូវគោក និងផ្លូវទឹក គឺរង់ចាំត្រឹមតែ ១៥ នាទី ឬ ២០ នាទីតែប៉ុណ្ណោះ។ បន្ទាប់ពីនោះមក បងប្អូនមានលទ្ធភាពដើម្បីនឹងធ្វើដំណើរទៅកាន់ទីកន្លែងណានៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគ្មានការកំណត់ គឺទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនតែម្តង។
នេះជាការអនុវត្តដោយគ្មានការរើសអើង ទាំងបងប្អូនខ្មែរ ដែលមកពីបរទេស ទាំងបងប្អូននៅក្នុងប្រទេសដែលចេញទៅក្រៅប្រទេសត្រឡប់មកវិញ ទាំងអ្នកទេសចរបរទេស អ្នកធុរកិច្ចបរទេស គឺអនុវត្តដូចៗគ្នា។ តែខ្ញុំក៏សូមអនុវត្តឲ្យបានច្បាស់ថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើដោយម៉ាស៊ីនធំ PCR និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដដែល។ ការអនុវត្តនេះក៏ត្រូវអនុវត្តនៅក្នុងក្របខណ្ឌទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ដែលមុននេះខ្ញុំគ្រាន់តែបញ្ជាក់អំពីផ្លូវអាកាសតែប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ គឺតម្រូវឲ្យធ្វើ តម្រូវឲ្យអនុវត្តតាមវិធានការថ្មីនេះ ទាំងផ្លូវគោក និងផ្លូវទឹក។ នៅពេលដែលចូលមកដល់ឃើញថា បានចាក់វ៉ាក់សាំង ២ ដូស រួចហើយ យើងត្រូវយកសំណាកដោយតេស្តរហ័ស។ ក្នុងករណីដែលមិនឃើញថា មានវិជ្ជមានកូវីដ-១៩ ទេ គឺអនុញ្ញាតឲ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា។
យើងអនុវត្តទាំងជាមួយថៃ ទាំងជាមួយឡាវ និងទាំងជាមួយវៀតណាម ដែលជាប្រទេសជិតខាងរបស់យើងគឺអ្នកដែលបានទទួលចាក់វ៉ាក់សាំងហើយ។ បងប្អូនខ្មែរយើងដែលធ្វើដំណើរទៅថៃ ទៅវៀតណាម ទៅឡាវ ដែលត្រឡប់មកវិញ ក៏ត្រូវបានអនុវត្តដូចគ្នា។ ជនជាតិថៃ ជនជាតិឡាវ ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាក៏ត្រូវបានអនុវត្តដូចគ្នា អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសហើយ ធ្វើតេស្តរហ័សហើយមិនមានវិជ្ជមាន អាចធ្វើដំណើរពេញប្រទេសកម្ពុជា។ ឯអ្នកដែលមិនបានចាក់វ៉ាក់សាំងទេ ត្រូវតែយកសំណាក ហើយធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
ខ្ញុំសូមបញ្ជាក់ឡើងវិញថា បងប្អូនដែលមក ទាំងបរទេស ទាំងខ្មែរ ដែលមកពីប្រទេសក្រៅ ត្រូវចាប់ផ្តើមឲ្យបងប្អូនចាកចេញពីការធ្វើចត្តាឡីស័កចាប់ពីថ្ងៃស្អែកនេះទៅតែម្តង។ ហើយបទបញ្ជានេះ ក៏ចាប់អនុវត្តចាប់ពីថ្ងៃស្អែកនេះទៅតែម្តង នៅគ្រប់ច្រកចេញចូលតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ដូច្នេះនេះជាវិធីពន្លឿននៃដំណើរការបើកប្រទេស និងសម្រួលដល់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំបានដឹងថា ប្រជាពលរដ្ឋរបស់យើងមួយចំនួនចង់ចេញទៅក្រៅប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការវិលត្រឡប់មកក្នុងប្រទេសរបស់យើងវិញដោយចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ដោយនឹកស្រុកទេស ក៏ចង់ត្រឡប់មកក្នុងប្រទេសវិញ ក៏ប៉ុន្តែក៏ព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក។ ឥឡូវនេះ បងប្អូនទាំងអស់ពុំមានការចាំបាច់ និងការបារម្ភទៀតទេ។ មុនចេញពីប្រទេសក្រៅមក ត្រូវធ្វើតេស្តមានវិញ្ញាបនបត្របញ្ជាក់ក្នុងរយៈពេល ៧២ ម៉ោង។ មកដល់ព្រះរាជាណាចក្រកម្ពុជាត្រឹមតែធ្វើតេស្តរហ័សដែលត្រូវចំណាយពេល ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។ បន្ទាប់ពីពិនិត្យឃើញថាគ្មានវិជ្ជមានទេនោះ គឺនឹងអាចធ្វើដំណើរនៅក្របខណ្ឌទូទាំងប្រទេសបានដោយពុំមានការរាំងស្ទះណាមួយកើតឡើងទេ។
សូមឲ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា អនុវត្តនូវវិធានការនេះចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។ សូមផ្សព្វផ្សាយនូវសារនេះជាបន្ទាន់បន្ថែមលើសារដែលខ្ញុំបានផ្ញើកាលពីពេលមុន។
សូមអរព្រះគុណ សូមអរគុណ៕