ដកស្រង់ប្រសាសន៍ជាសារសំឡេង ស្ដីពីសម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុងពេលចូលមកកម្ពុជាចំពោះអ្នកចាក់វ៉ាក់សាំងរួចរាល់ (២ ឃ្លីប)

(ឃ្លីបទី១) បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ដើម្បីសម្រួលទៅដល់ការបើកប្រទេសឡើងវិញសម្រាប់ការទទួលភ្ញៀវទេសចរ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលចេញទៅក្រៅប្រទេស និងត្រឡប់មកវិញ សម្រួលទៅដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ហើយចង់មកលេងស្រុកទេសដើម្បីជុំគ្រួសារ ហើយក៏សម្រួលទៅដល់ខាងផ្នែកវិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន​​ ព័ន្ធមុនីរ័ត្ន ពិនិត្យ និងស្រាវជ្រាវឃើញថា យើងចាំបាច់ត្រូវតែកែប្រែជាមួយនឹងអ្វីដែលយើងបានត្រៀមធ្វើរយៈពេលកន្លងទៅ និងបាននិងកំពុងអនុវត្ត។ មុននេះយើងបានអនុវត្តដោយរក្សាទុកធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូស ហើយចំពោះ(អ្នក)ធុរកិច្ច និងគណៈប្រតិភូខ្មែរយើងនៅបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ ឯការគ្រោងគិតអំពីទេសចរវ៉ាក់សាំងវិញគឺឲ្យធ្វើចត្តាឡីស័កនៅក្នុងតំបន់រយៈពេល ៥ ថ្ងៃ។ ឥឡូវនេះសភាពការណ៍លែងត្រូវហើយ ដោយសារកម្ពុជារបស់យើងគឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតទៅដល់ជិត ៨៨ ភាគរយ​​នៃចំនួនប្រជាជន ១៦ លាននាក់។ ដូច្នេះ មិនមានតម្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។ ប៉ុន្តែសម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ ប៉ុន្តែអ្នកទាំងអស់ដែលធ្វើដំណើរតាមផ្លូវអាកាសចុះទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តសៀមរាប ត្រូវយកតេស្តធ្វើសំណាកដោយម៉ាស៊ីន PCR។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្តដើម្បីរកនូវអ្នកឆ្លងកូវីដ–១៩ អ្នកទាំងនោះត្រូវរង់ចាំតាមបែប ប្រសិនបើប្រជាជនកម្ពុជា គឺត្រូវទៅរង់ចាំលទ្ធផលនៅឯផ្ទះរបស់ខ្លួន។ សម្រាប់អ្នកវិនិយោគិនដែលមានគេហដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា…