ត្រីមាសទី១ កម្ពុជានាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត, ការនាំចេញអង្ករក្នុងខែមីនាធ្លាក់ចុះ១៦%

FN ៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៧ (៣ខែដំបូង) កម្ពុជាបាននាំចេញអង្ករបានជិត១៧ម៉ឺនតោន កើនឡើងតិចតួចបំផុត ត្រឹមតែ៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

របាយការណ៍បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករចំនួន១៦៦,៦៧៨តោន កើនឡើង៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំនួន១៦២,២២០តោន។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺការនាំចេញអង្កររបស់កម្ពុជាក្នុងខែមីនា ឆ្នាំ២០១៧ បានធ្លាក់ចុះ១៦ភាគរយវិញ ខណៈការនាំចេញនៅ២ខែដំបូងឆ្នាំនេះ បានកើនឡើង។ របាយការណ៍បញ្ជាក់ថា នៅខែមីនា ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន៥៧,១២៧តោនធ្លាក់ចុះ១៦ភាគរយ ដែលខែមីនា ឆ្នាំ២០១៦ នាំចេញបានចំនួន ៦៦,២៧៥តោន៕

...Read More

ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាករជាច្រើននាក់

FN ៖ នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។

ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការ​គួសម្យនៅពេលវេលា សមស្របណាមួយ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងទៅផងដែរ។

សូមជំរាបថា ក្រុមកីឡាប៉េតង់កម្ពុជា បានដណ្ដើមមេដាយ ២គ្រឿងពីព្រឹត្តិការណ៍ Championship Petaque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ក្នុងនោះមានមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយ ឯកត្តជននារី...Read More


ប្រមុខក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារ

FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។

បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលចេញទស្សនានៅទូទាំងប្រទេស រួមមាន៖

* រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១៤៥,០០៣នាក់។
* ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,៨៧៤,៦២៧នាក់។
* ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៨៩,០៥២នាក់។
* ខេត្តភាគខាងជើង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៤០,២២៩នាក់។
* ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៣៦,២៩១នាក់។
* ខេត្តផ្សេងទៀតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,០៧០,២៤៣នាក់៕

...Read More

បេឡាជាតិរបបសន្តិសុខសង្គម អំពាវនាវដល់អ្នកបើកបរយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងអ្នកបើកបរទាំងអស់ ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច។

ប.ស.ស បានណែនាំឲ្យអ្នកបើកបរទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖

* ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ អ្នកជិះខាងក្រោយ និងកុមារ ពេលធ្វើដំណើរតាមម៉ូតូ
* ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរតាមរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
* បើពិសាគ្រឿងស្រវឹង កុំបើកបរឲ្យសោះ
* កុំបើកបរលើសល្បឿងកំណត់
* កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
* កុំធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ កុំជិះលើដំបូង កុំដាក់ដៃលយចេញក្រៅ កុំឈរតោងរយីងរយោង
* គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ
* កុំប្រើទូរសព្ទដៃក្នុងពេលកំពុងបើកបរ
* ត្រួតពិនិត្យយានយន្ត និងគ្រឿងម៉ាស៊ីន មុនពេលបើកបរ
* ត្រូវមានបណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត
* ត្រូវមានសម្ភារៈចំណាំងផ្លាតលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់ នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ។

...Read More

រាជរដ្ឋាភិបាលផ្តល់អាទិភាពដល់រោងម៉ាស៊ីនកិនស្រូវ២កន្លែង នៅខេត្តបាត់ដំបង ឲ្យទទួលបានកម្ចីឥណទានពីធនាគារ ADB យកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ

FN ៖ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង​ នៅខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការនាំអង្ករចេញទៅបរទេសនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអាទិភាពឲ្យទទួលបានប្រាក់កម្ចីឥណទាន ពីធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ តាមរយៈគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង។

គម្រោងនេះ ត្រូវបានលើកឡើងដោយលោក ឈឹម សាបុន នាយកគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តដំបង នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសរៀបចំជួបជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានអាជ្ញាបណ្ណនាំអង្ករចេញទៅលក់នៅបរទេស ដែលមានទីតាំងនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាស្វែងយល់ និងផ្សព្វផ្សាយ អំពីការផ្តល់ប្រាក់កម្ចីឥណទាន ពីធនាគារ ADB ជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន២ ដែលមានអាទិភាពមុនគេ ក្នុងខេត្តបាត់ដំបង។

លោកនាយកថ្លែងយ៉ាងដូច្នេះថា «នេះជាឱកាសល្អមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ដើម្បីលើកស្ទួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករខ្នាតធំ ងាយស្រួលក្នុងការផលិត និងរក្សាទុកកសិផល ឲ្យមានគុណភាពល្អសម្រាប់នាំចេញ»។

លោក ឈឹម សាបុន បានបញ្ជាក់ថា បើរោងម៉ាស៊ីនបានធ្វើឡសម្ងួត និងឃ្លាំងស្តុកខ្នាតធំនេះ បានល្អនោះ ក៏ជាឱកាសមួយទៀត សម្រាប់កសិករមានទីផ្សារលក់ត្រឹមត្រូវ បានចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ។ គម្រោង RICE-SDP នេះ បានធ្វើការសម្របសម្រួល លើវិស័យកសិកម្មគ្រប់ប្រភេទ និងសម្រួលដល់ម្ចាស់រោងម៉ាស៊ីន ក្នុងការខ្ចីប្រាក់ពី ADB បានទុនចំនួនខ្ពស់ដល់ទៅ ១,៧៥០,០០០ដុល្លារ ក្នុងរោងម៉ាស៊ីនមួយ ហើយដោយយកកម្រៃការប្រាក់ទាបបំផុត ថោកសមរម្យ ៥% ក្នុង១ឆ្នាំ គឺអាចទទួលយកបាន។

ក្នុងកិច្ចប្រជុំពិភាក្សានេះ អាជីវករជាម្ចាស់រោងម៉ាស៊ីនទាំងអស់...Read More


សូមជូនដំណឹង! ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ជូនពលរដ្ឋខ្មែរនៅកូរ៉េ

FN ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ដ៏ធំប្រចាំឆ្នាំជាលើកដំបូង នៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្កើតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅ និងធ្វើការនិងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកអគ្គរាជទូត សមាជិករដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងបណ្ដាវិស័យឯកជនដែលជាអ្នក ចូលរួមជួយឧបត្ថមកម្មវិធី។

ព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ»នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង ១០៖៣០ព្រឹក ដល់ម៉ោង៦៖០០ល្ងាច នៅសួនកំសាន្ដ Manseok Park នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្មវិធីប្រពៃណីជាច្រើនដូចជា ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ការបង្ហាញក្បាច់គុណបុរាណខ្មែរ កម្មវិធីសម្ដែង សិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញមុខម្ហូប នំបង្អែមខ្មែរ និងការប្រគំតន្ត្រីសម័យខ្នាតធំ ដែលមាន សិល្បករ-សិល្បការិនីមកពីព្រះរាជាណាចក្រកម្ពុជាជាដើម។ នេះបើយោងតាមមន្រ្តីស្ថានទូត នៅកូរ៉េខាងត្បូង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

គណៈកម្មការរៀបចំបានត្រៀមរួចជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ មកកំសាន្ដ និងទទួលពរជ័យពីទេវតាឆ្នាំថ្មីទាំងអស់គ្នា៕

...Read More

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ប្រាប់មន្រ្តីរបស់ខ្លួនថា «កុំយកលុយរកប៉ុស្តិ៍ កុំយកប៉ុស្តិ៍រកលុយ»

FN ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានក្រើនរំលឹកទៅដល់មន្រ្តី​ក្រោមឱវាទរបស់ខ្លួនថា មិនត្រូវយកលុយទៅរកប៉ុស្តិ៍ការងារ ហើយក៏មិនត្រូវយកប៉ុស្តិ៍ការងារនេះទៅរកលុយនោះដែរ ពោលត្រូវប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរជូនជាតិ និង ប្រជាជន។

ក្នុងពិធីនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ក្រសួងកំពុងពិនិត្យលទ្ធភាពតែងតាំង​មន្ត្រីអ្នកការទូតកម្ពុជាមួយចំនួន​នៅតាមបណ្តាប្រទេស​មួយចំនួនទៀត។ តែការតែងតាំងនេះ ទាមទារឲ្យមន្ត្រីមានសមត្ថភាព និងមានបទពិសោធន៍ការងារដឹកនាំ ហើយក៏ទាមទារឲ្យ​ចេះសរសេររបាយការណ៍ និងធ្វើបទវិភាគអំពីស្ថានភាពក្នុងប្រទេសដែលកំពុងបំពេញបេសកកម្មការទូត។ ជាពិសេសត្រូវមាន​ទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រទេសជាដៃគូរ។

ចំពោះអ្នកមិនទាន់ទទួលបានតំណែងវិញ លោក ប្រាក់ សុខុន បានស្នើកុំឲ្យអស់សង្ឃឹម ព្រោះមន្ត្រីចាប់ពីតំណែងប្រធាន​នាយកដ្ឋានមានឱកាសច្រើនណាស់ក្នុងការតែងតាំងមន្ត្រីការទូត ប៉ុន្តែត្រូវខិតខំបង្កើនសមត្ថភាព។ លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់មន្រ្តីរបស់ខ្លួនថា ការងារក្រសួងការបរទេសប្រៀបបាននឹងបឹងទន្លេសាប មានទឹកចេញនិងទឹកចូល។

តែទោះជាយ៉ាង លោក ប្រាក់ សុខុន បានរំលឹកមន្រ្តីចៀសឲ្យផុតពីការប្រព្រឹត្តអំពើពុករលួយ និងមិនត្រូវប្រើតួនាទី​ក្នុងរកលាភសក្ការៈនោះឡើយ។

សូមបញ្ជាក់ថានៅព្រឹកមិញក្រសួងការបរទេស បានប្រកាសចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានចំនួន ៤រូប អគ្គនាយករង ១១រូប និងប្រធាននាយកដ្ឋាន ១៧រូប។

មន្រ្តីដែលបានចូលកាន់តំណែងអគ្គនាយកនាព្រឹកមិញនេះរួមមាន៖

១៖ លោក ចាន់ រតនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានច្បាប់ កុងស៊ុល និងព្រំដែន។
២៖ លោក អ៉ឹង រចនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។
៣៖ លោក ណុំ ពិសិដ្ឋ ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈឹមបូព៌ា។
៤៖ លោក ថៃ ជុន...Read More


ដំណឹងរីករាយសម្រាប់ពលរដ្ឋខ្មែរ! ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ សម្រេចមិនដំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរឡើយ

FN​​ ៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ នៅក្នុងសមាគមដឹកអ្នកដំណើរ បានសម្រេចជាឯកច្ឆ័ន្ទថា ពួកគេមិនដំឡើងថ្លៃសេវា របស់ខ្លួននៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ ដើម្បីជួយសម្រួលការចំណាយរបស់ ប្រជាពលរដ្ឋខ្មែរក្នុងពេល ពួកគេទៅលេងស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។

ការសម្រេចរបស់ក្រុមហ៊ុនបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការជួបជជែកគ្នារវាង តំណាងក្រុមហ៊ុន ដឹកជញ្ជូន ជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានអំពាវនាវទៅដល់បណ្តាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់កុំឲ្យដំឡើងថ្លៃសេវាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕

...Read More

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា៖ អ្នកជំងឺឈាមកម្រកកនៅកម្ពុជា កំពុងប្រឈមការខ្វះខាតថវិកាព្យាបាល និងធនធានពេទ្យ ដើម្បីទប់ស្កាត់

FN ៖ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា កំពុងខ្វះខាតថវិកា និងធនធានពេទ្យ ដើម្បីចូលរួមព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ) នៅកម្ពុជា។ លោកថ្លែងថា អ្នកជំងឺឈាមកម្រកក ម្នាក់ត្រូវចំណាយថវិកាព្យាបាលក្នុង១សប្តាហ៍ ៥០០ដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះគឺពិតជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល។

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានប្រាប់ថា តាមការប៉ាន់ប្រមាណគឺមាន១៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺមានចំនួនប្រមាណត្រឹមតែ១៣៧នាក់ ដែលទទួលបានការព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ មាននៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយវេជ្ជបណ្ឌិតតែ២រូបប៉ុណ្ណោះ។

ការលើកឡើងរបស់លោក សែម សុខបញ្ញា បានធ្វើឡើងនៅក្នុងទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «សហការគ្នាដើម្បីការផ្លាស់ប្តូរក្នុងការធ្វើសកម្មភាពសម្រាប់អ្នកជំងឺហេម៉ូហ្វីលា» នៅថ្ងៃទី០៩ ខែមេសា ឆ្នៃ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅក្នុងទិវានោះ មានការអញ្ជើញចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កញ្ញា Sara Motka តំណាងមូលនិធិហេម៉ូហ្វីលា ណូវ៉ូន័រឌីស ប្រទេសស្វីស មន្រ្តីរាជការ អង្គការ អ្នកស័គ្មចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រមាណ១០០នាក់។

លោក សែម សុខបញ្ញា បានបន្ថែមថា កន្លងមក សមាគមបានចុះសួរសុខទុក្ខអ្នកជំងឺតាមន្ទីរពេទ្យកុមារ តាមគេហដ្ឋាន និងតាមទូរស័ព្ទ ក្រៅពីនោះសមាគមក៏បានស្នើសុំមជ្ឈមណ្ឌលជាតិផ្តល់ឈាមនូវប្លាស្មា និងឈាមមួយចំនួនជូនអ្នកជំងឺ អាចជួយឲ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា។ សមាគមក៏បានរៀបចំសិក្ខាសាលា និងបានបញ្ចូលមន្រ្តីក្រសួងសុខាភិបាលជាច្រើនរូប ទៅចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេស​នៃការព្យាបាលផងដែរ។

បើយោងតាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្ស១ម៉ឺននាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលកើតមានជំងឺនេះ ដែលមូលហេតុ គឺមកពីតំណរពូជ៧០ភាគរយ និងកើតឡើងដោយឯកឯង៣០ភាគរយ។...Read More


មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះពិនិត្យទំនិញរកសារធាតុគីមី នៅផ្សារចាស់ និងតាមស្តាម៉ាតក្នុងខណ្ឌដូនពេញ មុនឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីរក្សានៅសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះ​លោក​ គង់​ វុទ្ធី​ អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានដឹកនាំមន្ត្រីកុងត្រូលសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីបានចុះត្រូតពិនិត្យទំនិញ​ម្ហូបអាហារនៅផ្សារចាស់ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឋដូនពេញ​ រាជធានីភ្នំពេញ។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ​បានថ្លែងថា​ បន្ទាប់ពីមានការណែ​នាំ​ពីលោក ពេញ​ ធារម្យ​ ប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ ទើបនៅព្រឹកថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ២០១៧នេះ​ លោកនិងក្រុមការងារបានចុះពិនិត្យទំនិញផ្សេងៗ​ នៅក្នុងផ្សារចាស់​ ដូចជា​៖ បន្លែគ្រប់ប្រភេទ​ ត្រី​ សាច់​ បង្គាស្រល់​ បង្គាក្រៀម​ មឹកស្រល់​ យីហី​ នឹងគ្រឿងកំប៉ុងគ្រប់ប្រភេទផងដែល។

លោកបន្តថា «គោលបំណងក្នុងការចុះពិនិត្យទំនិញនា​ ពេលនេះគឺស្វែងរកសារធាតុគីមី​ ដើម្បីទប់ស្កាត់កុំឲ្យក្រុមអាជីវករ បន្តលក់ជំនិញខូចគុណភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់ខាងមុខនេះ។ ក្នុងប្រតិបត្តិការចុះពិនិត្យនេះ ដែលមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុក សារធាតុ​ពុល និងម្ហូបអាហារ​ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម»។

​លោកក៏បានបញ្ជាក់ថា ការចុះពិនិត្យនេះ​មិនមានដកហូតទំនិញណានោះទេ​ ដោយសារការពិនិត្យរកមិនឃើញនៅសារធាតុគីមី។

លោកអនុប្រធានកាំកុងត្រូល ក៏បានអំពាវដល់ក្រុមអាជីវករ ទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕​

...Read More

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថចុះបង្ក្រាប ទីតាំងស្តុកឈើប្រណិតមួយកន្លែង នៅស្រុកស្នួល, រកឃើញឈើ៨៦ដុំ

FN ៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈគណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ​បានចុះទៅបង្ក្រាប និងរឹបអូស ឈើប្រណិតជាច្រើន ដែលក្រុមឈ្មួញគរទុកចោល ស្ថិតនៅស្រុកស្នូល ខេត្តក្រចេះ។

មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត​ ប៊ុនថា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះថា «នៅថ្ងៃម្សិលមិញ កម្លាំងយើងសហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគីរីបាន ចុះបង្ក្រាប និងរឹបអូសគំនរឈើដែលលាក់ទុកនៅក្នុង (ចំការកៅស៊ូ) ចំណុចខាងលើ ហើយមន្រ្តីរដ្ឋបាលព្រែឈើ ស្រុកស្នូល បានធ្វើការវាស់វែងរួចឃើញថា ឈើសុក្រំចំនូន៨៦ដុំស្មើនឹង48,507ម៉ែត្រគូប, ម៉ូតូ១គ្រឿងម៉ាក Air Bladeគ្មានស្លាកលេខ, សៀវភៅកត់ត្រាឈើចំនួន២ក្បាល និងទូរសព័្ទដែមួយគ្រឿង»។

បើតាមលោកឧត្តមសេនីយ៍ ម្ចាស់ឈើបានរត់គេចខ្លួនបាត់ ដោយឡែក វត្ថុតាងបានយកមករក្សាទុកនៅក្នុងក្រុមហ៊ុន DTC Group។

បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់ឈើ និងអ្នកពាក់ព័ទ្ធដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕

...Read More

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យការប្រើសេវាចុះបញ្ជីយានយន្តតាមអនឡាញ នៅក្រុមហ៊ុនលក់យានយន្ត, ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្ហាញការពេញចិត្ត ចំពោះសេវានេះ

FN ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅចុងសប្តាហ៍នេះ បានចុះទៅពិនិត្យការដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ (Online) នៅក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគី ព្រមទាំងបានពិភាក្សាដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីឲ្យដំណើរការចុះបញ្ជីយានយន្តនៅតាមក្រុមហ៊ុនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកក្នុងការផ្តល់សេវាចាំបាច់ សេវាតម្រូវការ សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងស្មារតីនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគីតភ្ជាប់ប្រព័ន្ធអនឡាញជាមួយក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីយានយន្តកុំឱ្យមានការកកស្ទះ។

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។

ក្រសួង ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ។

ក្នុងដំណើរចុះពិនិត្យការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានយន្តនៅក្រុមហ៊ុនហុងដា និងស៊ុយស៊ូគីនោះ ទាំងខាងក្រុមហ៊ុន និងប្រជាពលរដ្ឋសុទ្ធតែបានបង្ហាញភាពរីករាយចំពោះការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការចុះបញ្ជីយានយន្តនេះ។

ប្រជាពលរដ្ឋ បានគូសបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ បានជួយឲ្យពួកគាត់មានភាពងាយស្រួលក្នុងការចុះបញ្ជីយានយន្ត ក៏ដូចជាទទួលស្លាក់លេខ ពោលមិនស្មុគស្មាញ និងមិនចំណាយពេលយូរដូចពេលមុនទៀតនោះឡើយ។

សម្រាប់ភាគីក្រុមហ៊ុនវិញបានគូសបញ្ជាក់ថា ការសហការជាមួយក្រសួងដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បានជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យទៅទិញយានយន្តនៅក្នុងក្រុមហ៊ុន ព្រោះពេលពួកគាត់ទៅទិញយានយន្តនៅក្រុមហ៊ុន ក្រុមហ៊ុនអាចជួយចុះបញ្ជីយានយន្ត និងធ្វើស្លាកលេខជូនពួកគេបានតែម្តង៕

...Read More

ទៅមុខថយក្រោយ