FN ៖ ដើម្បីរក្សានៅសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរយើងខាងមុខនេះលោក គង់ វុទ្ធី អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្ត្រីកុងត្រូលសហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីបានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារចាស់ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឋដូនពេញ រាជធានីភ្នំពេញ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានថ្លែងថា បន្ទាប់ពីមានការណែនាំពីលោក ពេញ ធារម្យ ប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ទើបនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ លោកនិងក្រុមការងារបានចុះពិនិត្យទំនិញផ្សេងៗ នៅក្នុងផ្សារចាស់ ដូចជា៖ បន្លែគ្រប់ប្រភេទ ត្រី សាច់ បង្គាស្រល់ បង្គាក្រៀម មឹកស្រល់ យីហី នឹងគ្រឿងកំប៉ុងគ្រប់ប្រភេទផងដែល។
លោកបន្តថា «គោលបំណងក្នុងការចុះពិនិត្យទំនិញនា ពេលនេះគឺស្វែងរកសារធាតុគីមី ដើម្បីទប់ស្កាត់កុំឲ្យក្រុមអាជីវករ បន្តលក់ជំនិញខូចគុណភាពជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានមកដល់ខាងមុខនេះ។ ក្នុងប្រតិបត្តិការចុះពិនិត្យនេះ ដែលមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុក សារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម»។
លោកក៏បានបញ្ជាក់ថា ការចុះពិនិត្យនេះមិនមានដកហូតទំនិញណានោះទេ ដោយសារការពិនិត្យរកមិនឃើញនៅសារធាតុគីមី។
លោកអនុប្រធានកាំកុងត្រូល ក៏បានអំពាវដល់ក្រុមអាជីវករ ទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕