សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតផ្លូវការជូនពរជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕

ដំណឹងរីករាយសម្រាប់ពលរដ្ឋខ្មែរ! ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ សម្រេចមិនដំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរឡើយ

FN​​ ៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ នៅក្នុងសមាគមដឹកអ្នកដំណើរ បានសម្រេចជាឯកច្ឆ័ន្ទថា ពួកគេមិនដំឡើងថ្លៃសេវា របស់ខ្លួននៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ ដើម្បីជួយសម្រួលការចំណាយរបស់ ប្រជាពលរដ្ឋខ្មែរក្នុងពេល ពួកគេទៅលេងស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។ ការសម្រេចរបស់ក្រុមហ៊ុនបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការជួបជជែកគ្នារវាង តំណាងក្រុមហ៊ុន ដឹកជញ្ជូន ជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានអំពាវនាវទៅដល់បណ្តាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់កុំឲ្យដំឡើងថ្លៃសេវាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕

ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា៖ អ្នកជំងឺឈាមកម្រកកនៅកម្ពុជា កំពុងប្រឈមការខ្វះខាតថវិកាព្យាបាល និងធនធានពេទ្យ ដើម្បីទប់ស្កាត់

FN ៖ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សមាគមជំងឺហេម៉ូហ្វីលាកម្ពុជា កំពុងខ្វះខាតថវិកា និងធនធានពេទ្យ ដើម្បីចូលរួមព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក (ឈាមរាវ) នៅកម្ពុជា។ លោកថ្លែងថា អ្នកជំងឺឈាមកម្រកក ម្នាក់ត្រូវចំណាយថវិកាព្យាបាលក្នុង១សប្តាហ៍ ៥០០ដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះគឺពិតជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការព្យាបាល។ ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានប្រាប់ថា តាមការប៉ាន់ប្រមាណគឺមាន១៥០០នាក់ នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំងឺមានចំនួនប្រមាណត្រឹមតែ១៣៧នាក់ ដែលទទួលបានការព្យាបាល ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ មាននៅមន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាមួយវេជ្ជបណ្ឌិតតែ២រូបប៉ុណ្ណោះ។ ការលើកឡើងរបស់លោក សែម សុខបញ្ញា បានធ្វើឡើងនៅក្នុងទិវាជំងឺហេម៉ូហ្វីលាពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ «សហការគ្នាដើម្បីការផ្លាស់ប្តូរក្នុងការធ្វើសកម្មភាពសម្រាប់អ្នកជំងឺហេម៉ូហ្វីលា» នៅថ្ងៃទី០៩ ខែមេសា ឆ្នៃ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នៅក្នុងទិវានោះ មានការអញ្ជើញចូលរួមពីលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច…