FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕