FN ៖ ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន២៩ នៅក្នុងសមាគមដឹកអ្នកដំណើរ បានសម្រេចជាឯកច្ឆ័ន្ទថា ពួកគេមិនដំឡើងថ្លៃសេវា របស់ខ្លួននៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ ដើម្បីជួយសម្រួលការចំណាយរបស់ ប្រជាពលរដ្ឋខ្មែរក្នុងពេល ពួកគេទៅលេងស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញក្រោយពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។
ការសម្រេចរបស់ក្រុមហ៊ុនបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការជួបជជែកគ្នារវាង តំណាងក្រុមហ៊ុន ដឹកជញ្ជូន ជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ បានអំពាវនាវទៅដល់បណ្តាក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់កុំឲ្យដំឡើងថ្លៃសេវាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាពេលត្រឡប់មកធ្វើការវិញពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ៕