FN ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងអ្នកបើកបរទាំងអស់ ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច។
ប.ស.ស បានណែនាំឲ្យអ្នកបើកបរទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖
* ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ អ្នកជិះខាងក្រោយ និងកុមារ ពេលធ្វើដំណើរតាមម៉ូតូ
* ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរតាមរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
* បើពិសាគ្រឿងស្រវឹង កុំបើកបរឲ្យសោះ
* កុំបើកបរលើសល្បឿងកំណត់
* កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
* កុំធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ កុំជិះលើដំបូង កុំដាក់ដៃលយចេញក្រៅ កុំឈរតោងរយីងរយោង
* គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ
* កុំប្រើទូរសព្ទដៃក្នុងពេលកំពុងបើកបរ
* ត្រួតពិនិត្យយានយន្ត និងគ្រឿងម៉ាស៊ីន មុនពេលបើកបរ
* ត្រូវមានបណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត
* ត្រូវមានសម្ភារៈចំណាំងផ្លាតលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់ នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ។