FN ៖ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង នៅខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនមានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងការនាំអង្ករចេញទៅបរទេសនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអាទិភាពឲ្យទទួលបានប្រាក់កម្ចីឥណទាន ពីធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកទៅធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ តាមរយៈគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តបាត់ដំបង។
គម្រោងនេះ ត្រូវបានលើកឡើងដោយលោក ឈឹម សាបុន នាយកគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE-SDP ប្រចាំខេត្តដំបង នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ក្នុងឱកាសរៀបចំជួបជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានអាជ្ញាបណ្ណនាំអង្ករចេញទៅលក់នៅបរទេស ដែលមានទីតាំងនៅខេត្តបាត់ដំបង ដើម្បីពិភាក្សាស្វែងយល់ និងផ្សព្វផ្សាយ អំពីការផ្តល់ប្រាក់កម្ចីឥណទាន ពីធនាគារ ADB ជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ ចំនួន២ ដែលមានអាទិភាពមុនគេ ក្នុងខេត្តបាត់ដំបង។
លោកនាយកថ្លែងយ៉ាងដូច្នេះថា «នេះជាឱកាសល្អមួយសម្រាប់ខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ដើម្បីលើកស្ទួយដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពធ្វើឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករខ្នាតធំ ងាយស្រួលក្នុងការផលិត និងរក្សាទុកកសិផល ឲ្យមានគុណភាពល្អសម្រាប់នាំចេញ»។
លោក ឈឹម សាបុន បានបញ្ជាក់ថា បើរោងម៉ាស៊ីនបានធ្វើឡសម្ងួត និងឃ្លាំងស្តុកខ្នាតធំនេះ បានល្អនោះ ក៏ជាឱកាសមួយទៀត សម្រាប់កសិករមានទីផ្សារលក់ត្រឹមត្រូវ បានចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ។ គម្រោង RICE-SDP នេះ បានធ្វើការសម្របសម្រួល លើវិស័យកសិកម្មគ្រប់ប្រភេទ និងសម្រួលដល់ម្ចាស់រោងម៉ាស៊ីន ក្នុងការខ្ចីប្រាក់ពី ADB បានទុនចំនួនខ្ពស់ដល់ទៅ ១,៧៥០,០០០ដុល្លារ ក្នុងរោងម៉ាស៊ីនមួយ ហើយដោយយកកម្រៃការប្រាក់ទាបបំផុត ថោកសមរម្យ ៥% ក្នុង១ឆ្នាំ គឺអាចទទួលយកបាន។
ក្នុងកិច្ចប្រជុំពិភាក្សានេះ អាជីវករជាម្ចាស់រោងម៉ាស៊ីនទាំងអស់ បានអបអរសារទរអំពីគម្រោងនេះ បានផ្តល់ទាំងប្រាក់កម្ចីធ្វើឡសម្ងួត ឃ្លាំងស្តុកស្រូវអង្ករទុក និងធ្វើឲ្យប្រជាពលរដ្ឋមានមុខរបរ ក្នុងវិស័យស្រូវអង្ករនេះ បានចំណេញប្រាក់អស់កង្វល់ពីរឿងទីផ្សារស្រូវអង្ករទៀតហើយ៕