
FN ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ-អាវុធហត្ថភ្នំជុំសែនរីករាយ» ជាមួយការអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចារឹក និងចងចាំនូវគុណូបការៈការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ការចូលរួម ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ជួយសង្គ្រោះប្រជាពលរដ្ឋជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធានសម្ភារ ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ និង វិជ្ជាជីវៈ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានស្ថាប័ន មេបញ្ជាការអង្គភាពរាជធានី ខេត្ត នាយកសាលា នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័ន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្ដូរផ្ដាច់រក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្ដរជាតិ កិច្ចប្រជុំតូច-ធំ ពិធីបុណ្យផ្សេងៗ, ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស, ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និង ជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីនយោបាយ, គោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសបេសកកម្មរបស់កងរាជអាវុធហត្ថបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និងទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និង ការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និង មាតុភូមិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា សហការជាមួយក្រសួង ស្ថាប័ននានា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ និង ជំនាញយោធា។ ដូច្នេះ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ដើម្បីធានាឱ្យសន្តិភាព សន្តិសុខ ស្ថិរភាព និង លើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សរ៍ និង អំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងពិភពលោក។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រូវការបំផុតនូវសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កម្ពុជាគ្មាននយោបាយ និង ជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ដូច្នេះរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ទាំង៤នេះ មិនអាចដោះស្រាយទ្វេភាគីនោះឡើយ ព្រោះភាគីថៃប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយហ្គូហ្គលក៏ឈ្លោះ ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហាបន្តដល់កូនចៅជំនាន់ក្រោយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជា មិនដកថយនោះឡើយចំពោះតំបន់ទាំង៤ គឺកម្ពុជានៅតែប្រើយន្តការអន្តរជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះបន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចមហាបវរធិបតី ផ្តល់លក្ខខណ្ឌ៣សម្រាប់ការបើកព្រំដែននេះរួមមាន៖ ១៖ ថៃប្រកាសបើកមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, ៣៖ បើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកលើការកែសម្រួលកងទ័ពអាចធ្វើទៅបាន ត្រូវបើកច្រកព្រំដែនឱ្យដូចដើមវិញជាមុនសិន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមែនជាអ្នកបង្កបញ្ហានោះឡើយ ហើយកូនសោដោះស្រាយបញ្ហា គឺស្ថិតនៅលើដៃរបស់ថៃ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា រក្សាសិទ្ធិប្រើគ្រប់មធ្យោបាយក្នុងការការពារបូរណភាពទឹកដី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមលំបាក តែបានធ្វើឱ្យមនុស្សត្រៀមលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសង្គ្រាម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលថ្មីៗនេះ ទើបមានការប្រជុំចង្អៀតមួយក្នុងការធ្វើកំណែទម្រង់កងទ័ព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់ និងទំនើបកម្មកងទ័ព ត្រូវតែធ្វើជាប់ជាប្រចាំ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ សម្រាប់សម្តេចមហាបវរធិបតី ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបណែនាំឱ្យធ្វើវិសោធនកម្មច្បាប់សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា និងច្បាប់សោធននិវត្តន៍ នឹងធ្វើឱ្យកម្ពុជា កើនកម្លាំងទ័ពសម្រាប់កិច្ចការពារជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែកឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាពសហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រការស្ថាបនាផ្លូវក្នុងតំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសិក្សា និង ដំណើរការរៀបចំស្ថាបនា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវខិតខំថែរក្សា ជួសជុលសំណង់ដែលស្រាប់ និង យកចិត្តទុកដាក់សាងសង់ថ្មី តាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ជាពិសេសត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និង បានគង់វង្ស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា ដូចជា ការជួញដូរផលិត ចែកចាយគ្រឿងញៀនខុសច្បាប់, អំពើជំរិតទារប្រាក់ ឆបោកតាមអនឡាញ, អំពើជួញដូរមនុស្ស, អំពើភេរវកម្ម, បទល្មើសធនធានធម្មជាតិ និងអំពើល្មើសច្បាប់នានា។ ក្រៅពីនោះត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និង សង្គ្រោះគ្រោះមហន្តរាយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកងរាជអាវុធហត្ថត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និង សូមសម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និង សម្ភារដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព។