
FN ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។
មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសោមនស្ស បានអញ្ជើញចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្កាឈូក របស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា» នាពេលនេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលលោក ស្កុត បានធ្វើសម្រាប់កុមារកម្ពុជា គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់លោក ស្កុត ដែលបានលះបង់ជីវិតឡូយឆាយរបស់ខ្លួន ដើម្បីកុមារកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺតែងតែគាំទ្រចំពោះអង្គការទាំងឡាយ ដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ក៏ដូចជាលើកកម្ពស់ស្ត្រី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ ប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ, ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា ក៏នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដូចសព្វថ្ងៃនេះនោះទេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អង្គភាពការពារកុមារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការ ជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនោក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការ «មណ្ឌលផ្កាឈូក» នាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និងមិនធ្លាប់មាន សម្រាប់ផ្តល់ការថែទាំ, ការគាំពារ, ការការពារ និង ការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន និង មានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារ «មណ្ឌលផ្កាឈូក» ផ្តោតសំខាន់លើជនរងគ្រោះ និងការប្រើប្រាស់នូវបច្ចេកវិទ្យា និង វិធីសាស្រ្តទំនើបក្នុងការស៊ើបអង្កេត, ការស្រាវជ្រាវ និង ការវិភាគបទល្មើស។ ម៉្យាងទៀត, «មណ្ឌលផ្កាឈូក» នឹងដាក់ចេញនូវស្តង់ដាការងារប្រកបដោយឧត្តមភាពខ្ពស់, ទាំងនៅកម្រិតតំបន់ និងសកល, ស័ក្តិសមជាមណ្ឌលគាំពារកុមារគំរូ និង មានការទទួលស្គាល់ជាអន្តរជាតិ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ», ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ នៅឆ្នាំ១៩៩២, អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការ នៅឆ្នាំ១៩៩៩, ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ និង ពិធីសារស្តីពី ការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និង រូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និង សហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រឈមនឹងបញ្ហាដូចខាងលើនេះ ទាមទារឱ្យក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និង ចំគោលដៅ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគំាពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបាន និង កំពុងដើរតួនាទីជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និង ពិធីសារបន្ថែម, មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និងសិទ្ធិចូលរួម។» និង គោលបំណង «ពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកិច្ចការពារកុមារ ឱ្យបានគ្រប់ជ្រុងជ្រោយ និង ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទន្ទឹមនេះ, ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, សំដៅពង្រឹងការអនុវត្តប្រកបដោយសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការរៀបចំ និងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យ ទៅតាមប្រភេទកិច្ចការពារនីមួយៗ នៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធនឹងកុមារ តាមរយៈការកំណត់នូវអាទិភាពនៃកិច្ចការពារតាមលក្ខណៈភូមិសាស្រ្ត, ការកំណត់នូវអាទិភាពនៃកិច្ចការពារតាមវ័យភេទ និងក្រុមគោលដៅ និង ការកំណត់នូវអ្នកទទួលខុសត្រូវនាំមុខ និងអ្នកទទួលខុសត្រូវពាក់ព័ន្ធឱ្យមានលក្ខណៈជាប្រព័ន្ធ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជំរុញការកសាងធនធានមនុស្ស, ទាំងផ្នែកសមត្ថភាពក្នុងការអនុវត្តច្បាប់ និង ទាំងចំនួននៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធសម្រាប់កិច្ចការពារកុមារ, ជាពិសេស នៅតាមឃុំ សង្កាត់ និងភូមិ តាមរយៈការអប់រំ, ការបណ្តុះបណ្តាល, ការផ្សព្វផ្សាយ និង ការកៀរគរធនធានពីគ្រប់ប្រភពសម្រាប់គាំទ្រដល់សកម្មភាពខាងលើ និង ទ្រទ្រង់ជីវភាពសកម្មជន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅគ្រប់ទីកន្លែងតាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទូទៅ និង ក្រុមគោលដៅ អំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និងវិធីសាស្រ្តសម្រាប់ដោះស្រាយ និងទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាផ្តល់កិច្ចការពារកុមារឱ្យសមស្របតាមស្ថានភាពជាក់ស្តែង តាមរយៈការកាត់បន្ថយបញ្ហាប្រឈមជាអាទិភាពរបស់កុមារ ដូចជាការធ្វើពលកម្មធ្ងន់ធ្ងរ ចំណាកស្រុក គ្រឿងញៀន ភាពអនាថា ពិការភាព អំពើហិង្សា ការជួញដូរ និង ទំនាស់ និង ការអនុវត្តកិច្ចការពារជាប្រព័ន្ធ ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់អង្គការសង្គមស៊ីវិល ដែលធ្វើការងារពិតប្រាកដ គឺរាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចមិនមានការរើសអើងនោះឡើយ។