FN ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានក្រើនរំលឹកទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនថា មិនត្រូវយកលុយទៅរកប៉ុស្តិ៍ការងារ ហើយក៏មិនត្រូវយកប៉ុស្តិ៍ការងារនេះទៅរកលុយនោះដែរ ពោលត្រូវប្រឹងប្រែងធ្វើការងារឲ្យបានល្អប្រសើរជូនជាតិ និង ប្រជាជន។
ក្នុងពិធីនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងកំពុងពិនិត្យលទ្ធភាពតែងតាំងមន្ត្រីអ្នកការទូតកម្ពុជាមួយចំនួននៅតាមបណ្តាប្រទេសមួយចំនួនទៀត។ តែការតែងតាំងនេះ ទាមទារឲ្យមន្ត្រីមានសមត្ថភាព និងមានបទពិសោធន៍ការងារដឹកនាំ ហើយក៏ទាមទារឲ្យចេះសរសេររបាយការណ៍ និងធ្វើបទវិភាគអំពីស្ថានភាពក្នុងប្រទេសដែលកំពុងបំពេញបេសកកម្មការទូត។ ជាពិសេសត្រូវមានទំនាក់ទំនងល្អ ជិតស្និទ្ធជាមួយប្រទេសជាដៃគូរ។
ចំពោះអ្នកមិនទាន់ទទួលបានតំណែងវិញ លោក ប្រាក់ សុខុន បានស្នើកុំឲ្យអស់សង្ឃឹម ព្រោះមន្ត្រីចាប់ពីតំណែងប្រធាននាយកដ្ឋានមានឱកាសច្រើនណាស់ក្នុងការតែងតាំងមន្ត្រីការទូត ប៉ុន្តែត្រូវខិតខំបង្កើនសមត្ថភាព។ លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់មន្រ្តីរបស់ខ្លួនថា ការងារក្រសួងការបរទេសប្រៀបបាននឹងបឹងទន្លេសាប មានទឹកចេញនិងទឹកចូល។
តែទោះជាយ៉ាង លោក ប្រាក់ សុខុន បានរំលឹកមន្រ្តីចៀសឲ្យផុតពីការប្រព្រឹត្តអំពើពុករលួយ និងមិនត្រូវប្រើតួនាទីក្នុងរកលាភសក្ការៈនោះឡើយ។
សូមបញ្ជាក់ថានៅព្រឹកមិញក្រសួងការបរទេស បានប្រកាសចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានចំនួន ៤រូប អគ្គនាយករង ១១រូប និងប្រធាននាយកដ្ឋាន ១៧រូប។
មន្រ្តីដែលបានចូលកាន់តំណែងអគ្គនាយកនាព្រឹកមិញនេះរួមមាន៖
១៖ លោក ចាន់ រតនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានច្បាប់ កុងស៊ុល និងព្រំដែន។
២៖ លោក អ៉ឹង រចនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។
៣៖ លោក ណុំ ពិសិដ្ឋ ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អឺរ៉ុប អាមេរិក និងអាហ្រ្វិក-មជ្ឈឹមបូព៌ា។
៤៖ លោក ថៃ ជុន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។
នៅព្រឹកមិញនេះ លោក ឈីវ យីស៊ាង ក៏ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានវិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ បន្ថែមលើមុខងារបច្ចុប្បន្នផងដែរ៕