សេចក្តីដកស្រង់ប្រសាសន៍ ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២

“… អ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីការវិនិយោគដាំសារាយនៅក្នុងសមុទ្រ … តើតំបន់ដែលមានការវិនិយោគបែបនេះ ជាតំបន់ហាមឃាត់ចំពោះប្រជាជនក្នុងការនេសាទឬអត់? ហេតុអ្វីបានជាមកធ្វើការវិនិយោគខេត្តកំពត ខេត្តព្រះសីហនុ? … ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ។ បន្ថែមលើនោះ ការជំទាស់របស់ខ្ញុំមិនឱ្យបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែទាំជីវៈចម្រុះនៅក្នុងសមុទ្រ …”

“… មានប្រមាណជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារដើម្បីធានាថាកន្លែងនោះ ទាក់ទាញទេសចរដែលមកមុជទឹកផ្នែកកំសាន្ត ព្រោះឥឡូវ ចាប់ផ្ដើមមានទេសចរដែលមុជទឹក ដើម្បីទៅមើលអ្វីនៅក្រោមបាតសមុទ្រផងដែរ …”

” … ប្រទេសរបស់យើងពិតជាមានធនធានដ៏កម្រ … យើងមិនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាតែមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរណ៍ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ … ខេត្តនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក។ ខេត្តមិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ មានបឹងបួ មានព្រៃភ្នំ ក្រំថ្ម ទាក់ទាញទេសចរទៅកំសាន្ត …”

សម្ដេចតេជោ ហ៊ុន សែន, បើកពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ខេត្តកំពត, ២១ ធ្នូ ២០១៩

សុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ តំណាងស្ថាប័នអន្តរជាតិ និងវិស័យ​ឯកជន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅក្នុងសន្និសីទនេះ ដែលក៏ជាឱកាសដ៏កម្រសម្រាប់យើងពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើការវិវត្តន៍នៃស្ថានការណ៍តំបន់ និងសកលលោក។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន នីកកេ (Nikkei) ដែលបានរៀបចំកម្មវិធីនេះឡើង និងអញ្ជើញចូលរួម ព្រមទាំងសូមសំដែងការអបអរសាទរចំពោះក្រុមហ៊ុននីកកេ សម្រាប់ខួបទី ២៥ នៃសន្និសីទនេះ ដែលបានចូលរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីយើង។ ជាការពិត ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរនិងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេស ចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។ បន្ថែមលើនេះ សម្រាប់រយៈពេលវែងទៅមុខ…

ប្រសាសន៍ ក្នុងកម្មវិធីសំណួរ/ចម្លើយ បន្ទាប់ពីសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

[ចម្លើយ ចំពោះ សំណួរទី ១] សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដំបូងគេ គឹប្រទេសដែលពាក់ព័ន្ធនោះ​ឯង … សូមអរគុណចំពោះសំណួរនេះ។ យើងបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមពាណិជ្ជកម្មបានកើតឡើង។ យើងសង្កេតមើលឃើញថា តើអ្នកដែលខូចខាតនោះគឺជា​អ្នកណា? ដំបូងបំផុត គឺប្រ​ទេសដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នានោះឯងជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ សហរដ្ឋអាមេរិកវាយពន្ធទៅលើទំនិញរបស់ចិន ហើយចិនវាយពន្ធតវិញទៅលើទំនិញរបស់សហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលរងគ្រោះមុនគេ? គឺប្រជាជនអាមេរិកនោះឯងដែលជាអ្នកទិញទំនិញ។ ឧទា​ហរណ៍ថា សម្ភារៈមួយដែលមានតម្លៃត្រឹមតែ ១០០ ដុល្លារទេ ប៉ុន្តែ ត្រូវវាយពន្ធទៅដល់ ២០% ដូច្នេះ វានឹងត្រូវបង្កើនប្រាក់ចំណាយសម្រាប់(ទិញ)របស់មួយដដែល គឺពី ១០០ ទៅ ១២០ (ដុល្លារ) ត្រឡប់មកវិញ ចិនក៏នឹងមានករណីដូចគ្នានោះដែរ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មនេះ វាមានផលប៉ះពាល់ផ្ទាល់តែម្តងសម្រាប់ប្រ​ទេស និងប្រទេស ដែលគេមានបញ្ហាជាមួយគ្នា។ ពិភពលោកទទួលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មផង និងពីការដាក់ទណ្ឌកម្មផង ​ច្បាស់ណាស់ថា ពិភពលោកក៏នឹងទទួលផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារតែមានភាពបត់បែននៅក្នុងបញ្ហាមិនច្បាស់លាស់មួយចំនួន។ បញ្ហាទណ្ឌកម្មនេះទៀតសោត យើងត្រូវឃើញថា មិនមែនគ្រាន់តែ(ត្រូវបានធ្វើ)នៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទេ (វាមាន)សូម្បីតែទណ្ឌកម្ម ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ (ដែល)វាមិនមែនជាប់ពាក់ព័ន្ធតែជាមួយប្រទេសណាមួយ(ដោយចំពោះ)ទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងប្រទេសទាំងអស់។…