សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែលយើងចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង ដោយសារកូវីដ–១៩ ដោយចាប់ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ១២៤,០២៣ នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។
ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមានមនុស្សស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការលំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លងរាប់រយនាក់ និងមានស្លាប់រាប់សិបនាក់។ យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅសល់តែមួយលេខ គឺក្រោម ១០ នាក់ នៃការឆ្លង។
អ្នកស្លាប់ទៀតសោតបានធ្លាក់ចុះបន្ដបន្ទាប់រហូតថ្ងៃនេះ មិនមានអ្នកស្លាប់។ ការកាត់បន្ថយ នេះវាមិនធំ គឺយើងមិនមានជោគជ័យទេ នៅលើជំងឺនេះ តែក៏អាចនិយាយបានថា វាគឺជាជោគជ័យនៃការស្កាត់មិនឲ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ ដែលយើងមានការបារម្ភខ្លាំងនៅក្នុងពេលចូលឆ្នាំប្រពៃណីជាតិរបស់យើង ដែលនាំទៅរកការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងតាខ្មៅ ព្រមទាំងការបិទខ្ទប់រារាំងការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ ដែលពេលនោះបង្កការលំបាកយ៉ាងខ្លាំង សម្រាប់ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋរបស់យើង។
ជាមួយនឹងការខិតខំប្រយុទ្ធនឹងជំងឺនេះ យើងបានខិតខំស្វះស្វែងដើម្បីរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើងឲ្យបានទាន់ពេលវេលា។ វ៉ាក់សាំងបានជួយជីវិតរបស់ប្រជាជនយើង ដែលខ្ញុំព្រះករុណាខ្ញុំពិតជាមានការអរគុណជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់របស់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន ជាពិសេសស្ថាប័នសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យ ដែលចូលរួមប្រយុទ្ធជាមួយនឹងកូវីដ–១៩ ដែលបងប្អូនប្រជាពលរដ្ឋរបស់យើងបានប្រសិទ្ធនាមហៅថា កងទ័ពអាវស។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយនឹងស្ថាប័នសេនាធិការទាំងអស់ ដែលចូលរួមជ្រោមជ្រែងជាមួយ ខ្ញុំព្រះករុណាខ្ញុំ ក្នុងការដឹកនាំនូវយុទ្ធនាការនៃការប្រយុទ្ធក្នុងព្រឹត្ដិការណ៍ ២០ កុម្ភៈនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះថ្លែងជូនចំពោះមិត្តភក្ដិ ជាពិសេសសាធារណរដ្ឋប្រជាមានិត ដែលជាបង្អែកយុទ្ធសាស្ដ្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំពោះយើង។ ខ្ញុំព្រះករុណាខ្ញុំអរគុណចំពោះសហរដ្ឋអាមេរិក ចំពោះប្រទេសជប៉ុន ចំពោះប្រទេសអង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថានៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់អូស្រ្តាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា យប់ថ្ងៃទី ២៦ និងថ្ងៃទី ២៨ ប្រមាណជា ២ លាន ៣ សែនដូសថែមទៀត។
ភាពស៊ាំក្នុងសហគមន៍នោះឯង ដែលកាត់បន្ថយបាននូវការឆ្លង និងកាត់បន្ថយបាននូវការស្លាប់ ព្រោះដោយសារឥទ្ធិពលនៃវ៉ាក់សាំងនេះហើយ ទើបយើងកាត់បន្ថយបានចំនួនឆ្លង ហើយបើឆ្លងហើយមិននាំទៅដល់ភាពធ្ងន់ធ្ងរ នឹងឈានទៅដល់ការស្លាប់នោះទេ។ អ្នកដែលបានមរណកាលទៅ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងនូវមរណទុក្ខចំពោះគ្រួសារសព។ នេះជាការគួរឲ្យសោកស្តាយ ដែលយើងបានសង្កេតឃើញថាអ្នកដែលបានស្លាប់ ច្រើនជាអ្នកដែលមានជំងឺរ៉ាំរ៉ៃ (ឬ)មនុស្សចាស់ ប៉ុន្តែដោយសារតែមានការបន្ថែមទៅដោយកូវីដ-១៩ ពួកគាត់បានលាចាកលោកនេះទៅ។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាអរគុណ និងថ្លែងការកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើងដែលបានគាំទ្រចំពោះយុទ្ធនាការទាំងឡាយក្នុងការការពារ (ដោយចូលរួមគោរពតាម)វិធានការសុខាភិបាលទាំងឡាយ ជាពិសេស ៣ កុំ និង ៣ ការពារ។ ហើយកាន់តែពិសេសទៅទៀត គឺការចូលរួមទទួលយកវ៉ាក់សាំងដើម្បីការពារខ្លួន ដែលរហូតមកដល់ពេលនេះ យើងចាក់បានជាង ១៤ លាននាក់ ហើយគិតជាភាគរយជិត ៨៩ ភាគរយ។ ចំនួននេះនៅមិនទាន់បានគិតចំនួនប្រជាពលរដ្ឋយើងដែលទទួលវ៉ាក់សាំងហើយជាស្រេចនៅព្រះរាជាណាចក្រថៃ នៅសាធារណរដ្ឋកូរ៉េ នៅជប៉ុន និងនៅប្រទេសមួយចំនួនផ្សេងទៀតដែលភាគច្រើនបានទទួលវ៉ាក់សាំងរួចមកហើយ។ យើងមានអត្រាភាពស៊ាំនៅក្នុងសហគមន៍បានច្រើន នេះក៏មកពីការដែលប្រជាពលរដ្ឋរបស់យើងបានគាំទ្រចំពោះរាជរដ្ឋាភិបាល ចំពោះគោលនយោបាយវ៉ាក់សាំងសម្រាប់ការពារ។
តាំងពីថ្ងៃទី ០១ ខែវិច្ឆិកា យើងបានបើកប្រទេសឡើងវិញ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ គិតថាចង់ប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ប៉ុន្តែ យើងក៏ត្រូវពន្យារមួយរយៈទៀត ដើម្បីរង់ចាំមើលអំពីការវិវឌ្ឍនៃសភាពការណ៍ក្រោយពេលពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និងលយប្រទីប។ ឥឡូវនេះ សភាពការណ៍បានឃើញ បានបង្ហាញច្បាស់ អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន ក៏ដូចជាប្រជាជនម្នាក់ៗ ក្នុងការការពារខ្លួន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនមែនមានន័យថាជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត កិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ។ សុំកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃៗទៀត។ សុំឲ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនូវការស្លាប់ និងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះ ឲ្យនៅបន្តទៀត តាមរយៈនៃការខិតខំរបស់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗក្នុងការអនុវត្តនូវវិធានការសុខាភិបាល។
ជាមួយនឹងការខិតខំផ្នែកសុខាភិបាលក្នុងការចាក់វ៉ាក់សាំងបន្ត សម្រាប់អ្នកដែលមិនទាន់បានចាក់ ដោយសារតែនៅពេលយុទ្ធនាការនៃការចាក់វ៉ាក់សាំង បងប្អូនខ្លះកើតកូវីដ-១៩ បងប្អូនខ្លះមានផ្ទៃពោះត្រូវឆ្លងទន្លេ ឥឡូវត្រូវបន្តការចាក់អ្នកដែលមិនទាន់បានចាក់ ហើយត្រូវបន្តការចាក់ជាមួយដូសជម្រុញ ឬហៅថាដូសទី ៣ ដែលមកដល់ពេលនេះយើងចាក់បាន ៣ លាននាក់ហើយ។ តែសង្កេតឃើញថាហាក់មានដំណើរការយឺតយ៉ាវ។ វ៉ាក់សាំងយើងមានគ្រប់គ្រាន់ដើម្បីចាក់ក្នុងមនុស្សជាង ១០ លាននាក់ទៀត ឬអាចថាប្រមាណជិត ១២ លាននាក់ថែមទៀត នៅពេលដែល Covax ក្តី នៅពេលដែលអូស្រ្តាលី និងមិត្តភក្តិបរទេសផ្សេងទៀតផ្តល់មកឲ្យយើង ហើយយើងក៏អាចមានលទ្ធភាព ដើម្បីទិញបន្ថែមនូវវ៉ាក់សាំងមុនពេលដែលវ៉ាក់សាំងត្រូវផលិតនៅក្នុងប្រទេសរបស់យើង។ ខ្ញុំសំណូមពរឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាអនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ ក៏ដូចជាឯកឧត្តម ម៉ម ប៊ុនហេង ព្រមទាំងសហការី សុំឲ្យពិនិត្យលទ្ធភាពជំរុញកិច្ចការទាំងឡាយទាក់ទងនឹងវ៉ាក់សាំង។ ក្នុងនោះគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកជំទាវ ឱ វណ្ណឌីន ធ្វើការខិតខំសហការជាមួយនឹងបណ្តាខេត្ត ដើម្បីបន្តជំរុញដូសទី ៣ នេះ ទៅតាមការកំណត់ រាប់ទាំងការចាក់ដូសជំរុញឲ្យកុមារ និងយុវវ័យ ចាប់តាំងពីខែមករាខាងមុខនេះតទៅ ដោយចាប់ផ្តើមពីទីក្រុងភ្នំពេញ តាមអភិក្រមផ្ការីក។
ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារជីវិតរបស់ខ្លួនឯង ការពារជីវិតនៅក្នុងក្រុមគ្រួសារ និងរួមចំណែកការពារចំពោះសហគមន៍ ក៏ដូចជាការពារនៅក្នុងប្រទេសរបស់យើង ធ្វើឲ្យដំណើរការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ ប្រព្រឹត្តទៅដោយរលូន ដូចរយៈពេលកន្លងទៅ។ យើងបន្តការខិតខំរួមទាំងអស់គ្នា ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីការរស់រានមានជីវិតរបស់ជាតិយើង និងរបស់យើងទាំងអស់គ្នា។ សុំឲ្យកិច្ចការទាំងឡាយនៅតែជាកិច្ចការដែលយើងត្រូវបន្តការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ គឺជាអាទិភាពខ្ពស់បំផុត នៅក្នុងកិច្ចការរបស់យើង ដើរទន្ទឹមជាមួយនឹងការបើកសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ។
នេះជាដំណាក់កាលរៀនរស់ជាមួយនឹង កូវីដ-១៩។ ដំណាក់កាលនេះគឺកាន់តែសំខាន់ ជាមួយនឹងការទទួលបានវ៉ាក់សាំងពេញលេញ និងដូសជំរុញ បូកបន្ថែមទៅដោយវិធានការសុខាភិបាល យើងពិតជាយកឈ្នះទៅលើមេរោគបំប្លែងថ្មីដូចជាអូមីក្រុង ដែលបានចូលមកដល់ក្នុងប្រទេសរបស់យើងរួចស្រេចទៅហើយ។ នៅពេលខាងមុខ យើងមិនដឹងថា តើមានមេរោគរបៀបណាតទៅទៀតសម្រាប់យើងទេ ក៏ប៉ុន្តែទោះបីជាមេរោគនោះវាសាហាវយ៉ាងណាក៏ដោយ ប្រសិនបើយើងយកចិត្តទុកដាក់ការពារខ្លួន ជាមួយនឹងវិធានការសុខាភិបាលទាំងឡាយ បូកជាមួយវ៉ាក់សាំងដែលយើងទទួលចាក់ គឺយើងអាចជំនះបាន និងការពារខ្លួនបាន។ សុំឲ្យកិច្ចការនេះ នៅតែជាកិច្ចការបន្ត នៅក្នុងក្របខណ្ឌនៃការរៀនរស់ជាមួយនឹង កូវីដ-១៩។
សុំអំពាវនាវចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ គ្រប់ទីអារាម ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តការខិតខំដើម្បីឈានឆ្ពោះទៅមុខ ដោយភាពស្វាហាប់ ជាមួយនឹងការជំនះបាននូវជំងឺឆ្លងដ៏កាចសាហាវនេះ។ សុំបងប្អូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជៀសឆ្ងាយពីជំងឺ កូវីដ-១៩ និងជំងឺដទៃទៀត ដើម្បីការរស់រានមានជីវិតផ្ទាល់ខ្លួន ក៏ដូចជាការរស់រាននៃប្រទេសជាតិរបស់យើង។
សុំអរព្រះគុណ សុំអរគុណ!