ដកស្រង់សារជាសម្លេង អំពី ការប្រកាសបិទបញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”

សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិ​ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដើម្បីទូលប្រគេន និងជម្រាបជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បង​ប្អូនជនរួមជាតិឲ្យបានជ្រាបថា ខ្ញុំព្រះករុណាខ្ញុំសម្រេចបិទបញ្ចប់ព្រឹត្ដិការណ៍ ២០ កុម្ភៈ ដែល​យើង​ចាប់ផ្ដើមជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់ប្រទេសយើង​ ដោយសារកូវីដ–១៩ ដោយចាប់​ផ្ដើមពីថ្ងៃទី ២០ កុម្ភៈ ដល់ថ្ងៃ ២០ ខែធ្នូ (ដែល)មានរយៈពេល ១០ ខែ ដែលធ្វើឲ្យប្រជាជនរបស់​យើងឆ្លងជំងឺកូវីដ–១៩ ចំនួន ​១២៤,០២៣  នាក់ និងបាត់បង់ជីវិត ៣,០០៥ នាក់។ ថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេល ១០ ខែ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើងមិនមាន​មនុស្ស​ស្លាប់ ហើយអត្រាឆ្លងនេះទៀតសោតក៏មានត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ការចាប់ផ្ដើមរបស់យើងជាមួយនឹងការ​លំបាកដ៏ធំ ដែលធ្វើឲ្យប្រជាជនរបស់យើងក្នុងមួយថ្ងៃឆ្លង​រាប់​រយនាក់ និងមានស្លាប់រាប់សិបនាក់​។ ​យើងបានចាប់ផ្ដើមឡើងជាមួយនឹងជាង ១,០០០ នាក់ ចំនួន ពីរថ្ងៃ ហើយយើងចាប់ចុះមកនៅ បី លេខ (បីខ្ទង់) បន្ដចុះមកនៅពីរខ្ទង់ ចុងក្រោយនេះ នៅ​សល់តែមួយលេខ គឺក្រោម ១០ នាក់…

សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្តបរិស័ទ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្តបរិស័ទ​ទាំង​អស់ជាទីមេត្រី! ជំនួបគ្រី​ស្តបរិស័ទ និងនាយករដ្ឋមន្ត្រី មួយឆ្នាំម្តង​ ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយដែលបានធ្វើជំនួបដំបូង ក៏ប៉ុន្តែមិនមែនជាជំនួបចុងក្រោយនោះទេ។ ខ្ញុំបានធ្វើជំនួបជាបន្តបន្ទាប់ ប្រចាំ​ឆ្នាំ​ក្នុងវិស័យព្រះ​ពុទ្ធ​សាសនា តាមរយៈបុណ្យទានផ្សេងៗ ហើយក៏មានជំនួប​ផ្សេងៗ​ក្នុងពិធី​ស្រាយបួសរបស់សាសនិកឥស្លាម។ ឥឡូវនេះ យើងជួបគ្នាជាលើកដំបូង ប៉ុន្តែខ្ញុំសង្ឃឹមថា​បើ​សិន​មានសំណូមពរ យើងក៏អាច​កំណត់​ជាមួយ​គ្នា​មួយឆ្នាំម្តង។​ តើព្រម ឬមិនព្រម? អរគុណណាស់ ដូច្នោះ​មាន​ន័យថា ចាប់ពីនេះតទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវសម្រុះសម្រួល​កម្មវិធី​ជាមួយនាយក​រដ្ឋ​មន្ត្រី ក៏ដូចជាសហគមន៍គ្រីស្តបរិស័ទ ដើម្បីនឹងកំណត់ពេលវេលាជួបជុំគ្នាក្នុងមួយឆ្នាំ​ម្តង។ គោរពច្បាប់ទាំងអស់គ្នាដោយគ្មានការលើកលែង ថ្ងៃនេះ ការជួបជុំរបស់យើងបានចាប់ផ្តើមជាមួយរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួង​​ធម្មការ និងសាសនា​។ ខ្ញុំគួរនិយាយបន្តិចថា ថ្ងៃនេះ ខ្ញុំក៏មានរឿងរ៉ាវផ្ទាល់ដែរ គឺប៉ូលីសផាក​ (ដែល)​បាន​សេច​ក្តីថា យើងទាំងអស់គ្នា សូម្បីនាយករដ្ឋមន្ត្រីក៏មិនអាចគេចផុតពីការដែលត្រូវគោរពច្បាប់​ដែរ។  សង្ឃឹមថា​ ​គ្រីស្តសាសនិករបស់យើង នឹងផ្តល់នូវការទូន្មានបន្តចំពោះបរិស័ទរបស់ខ្លួន​ ដើម្បីគោរព​ច្បាប់ទាំងអស់គ្នា។ ប្រ​ទេស​ជាតិមួយ ទោះបីកាន់សាសនាណាក៏ដោយ ត្រូវមានការគោរពច្បាប់ទាំងអស់​គ្នា គ្មានការលើកលែង…