ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្តបរិស័ទទាំងអស់ជាទីមេត្រី!
ជំនួបគ្រីស្តបរិស័ទ និងនាយករដ្ឋមន្ត្រី មួយឆ្នាំម្តង
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយដែលបានធ្វើជំនួបដំបូង ក៏ប៉ុន្តែមិនមែនជាជំនួបចុងក្រោយនោះទេ។ ខ្ញុំបានធ្វើជំនួបជាបន្តបន្ទាប់ ប្រចាំឆ្នាំក្នុងវិស័យព្រះពុទ្ធសាសនា តាមរយៈបុណ្យទានផ្សេងៗ ហើយក៏មានជំនួបផ្សេងៗក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាម។ ឥឡូវនេះ យើងជួបគ្នាជាលើកដំបូង ប៉ុន្តែខ្ញុំសង្ឃឹមថាបើសិនមានសំណូមពរ យើងក៏អាចកំណត់ជាមួយគ្នាមួយឆ្នាំម្តង។ តើព្រម ឬមិនព្រម? អរគុណណាស់ ដូច្នោះមានន័យថា ចាប់ពីនេះតទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវសម្រុះសម្រួលកម្មវិធីជាមួយនាយករដ្ឋមន្ត្រី ក៏ដូចជាសហគមន៍គ្រីស្តបរិស័ទ ដើម្បីនឹងកំណត់ពេលវេលាជួបជុំគ្នាក្នុងមួយឆ្នាំម្តង។
គោរពច្បាប់ទាំងអស់គ្នាដោយគ្មានការលើកលែង
ថ្ងៃនេះ ការជួបជុំរបស់យើងបានចាប់ផ្តើមជាមួយរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា។ ខ្ញុំគួរនិយាយបន្តិចថា ថ្ងៃនេះ ខ្ញុំក៏មានរឿងរ៉ាវផ្ទាល់ដែរ គឺប៉ូលីសផាក (ដែល)បានសេចក្តីថា យើងទាំងអស់គ្នា សូម្បីនាយករដ្ឋមន្ត្រីក៏មិនអាចគេចផុតពីការដែលត្រូវគោរពច្បាប់ដែរ។ សង្ឃឹមថា គ្រីស្តសាសនិករបស់យើង នឹងផ្តល់នូវការទូន្មានបន្តចំពោះបរិស័ទរបស់ខ្លួន ដើម្បីគោរពច្បាប់ទាំងអស់គ្នា។ ប្រទេសជាតិមួយ ទោះបីកាន់សាសនាណាក៏ដោយ ត្រូវមានការគោរពច្បាប់ទាំងអស់គ្នា គ្មានការលើកលែង អត់ឱនថា អ្នកឯងព្រះពុទ្ធសាសនាត្រូវតែធំជាងសាសនាដទៃទៀតគឺអត់ទេ។ ហើយអ្នកឯងជានាយករដ្ឋមន្ត្រីត្រូវតែធំជាង ដោយមិនចាំបាច់មានការបង់ផាកក៏អត់ដែរ។ អ្នកឯងមានអភ័យឯកសិទ្ធិសភាដោយមិនចាំបាច់បង់ផាក (គឺ)អត់ទេ។ អភ័យឯកសិទ្ធិនោះ គេការពារតែអ្នកឯងធ្វើត្រូវទេ តែធ្វើខុស គឺគេត្រូវដោះស្រាយ។ បើសិនជាអាតូចមិនព្រមទេ មានតែអាធំ (បើ)ផាក មិនព្រមទេ អញ្ចឹង គេតម្លើងកម្រិតទៅជាការទៅជាការប្តឹងផ្តល់។ តុលាការកោះហៅម្តងមិនព្រមចូល ពីរដងគេនាំខ្លួន។ អាហ្នឹងវាអញ្ចឹង។ កុំថារឿងនយោបាយ។ អត់ទេ។
គ្រីស្តបរិស័ទ ១៣ នាក់ សុំសែលហ្វីជាមួយសម្តេចតាមហ្វេសប៊ុក
សូមមើលមុខ ១៣ នាក់ ដែលចូលក្នុងហ្វេសប៊ុកយប់មិញ។ សុំសែលហ្វី(ជាមួយខ្ញុំ)។ មកពីប៉ៃលិន។ សុំងើបឡើងមើល។ អម្បាញ់មិញជួបបានមួយចំនួនហើយ។ ១៣ នាក់ វ៉ៃចូលក្នុងហ្វេសប៊ុករបស់ខ្ញុំថា «តើខ្ញុំសុំសែលហ្វីជាមួយសម្តេចបានដែរ ឬក៏អត់?» ខ្ញុំឆ្លើយទៅវិញថា «បាន»។ ហើយមាន(គេ) មកទៀតថាអ្នកទាំង ១៣ នាក់ នេះសំណាងណាស់ (ហើយគាត់ថា) អត់សំណាងបានមកចូលរួមនឹងគេ។ សួរមួយទៀត ឯណាកូនរបស់សេង ដែលកាន់សាសនាគ្រីស្តដែរ។ សូមលើកដៃអោយខ្ពស់បន្តិចមើល(ការប្រពន្ធរួចហើយ? បានកូននៅ? ម្នាក់នេះ ធ្លាប់ទៅផ្ទះខ្ញុំ។ ម្តាយឪពុកការជាមួយខ្ញុំ។ ដល់ពេលជួបគ្នា គេថាគេកាន់សាសនាគ្រីស្តដែរ។ ព្រឹកមិញម្តាយសរសេរមកខ្ញុំថា កូន(គាត់បាន)មកចូលរួមដែរ)។
រក្សាសុខដុមភាវូបនីយកម្មសាសនា និងជនជាតិ
ឯកឧត្តម ហ៊ឹម ឆែម បានធ្វើរបាយការណ៍អំបាញ់មិញថាជំនួបរបស់យើងថ្ងៃនេះ គឺពិភាក្សាអំពីសុខដុមភាវូបនីយកម្ម វិស័យគ្រីស្តសាសនានៅកម្ពុជា។ នេះជាបញ្ហាមួយក្នុងចំនោមបញ្ហាដែលយើងត្រូវខិតខំ។ ខ្ញុំនិយាយពីប្រធានបទធំទូលាយ ប៉ុន្តែក៏មិនភ្លេចការផ្តល់យោបល់អំពីការធ្វើសុខដុមភាវូបនីយកម្មក្នុងគ្រីស្តសាសនាខ្លួនឯង។ មូលហេតុអ្វីទៅបានជាយើងត្រូវនិយាយយ៉ាងដូច្នេះ? បើយើងពិនិត្យអំពីបញ្ហាដែលបានប្រព្រឹត្តទៅនៅប្រទេសកម្ពុជា យើងត្រូវធ្វើការងារ ២ ជាន់។ ជាន់ទី ១ គេហៅថាក្របខណ្ឌម៉ាក្រូ នោះគេត្រូវធ្វើសុខដុមភាវូបនីយកម្មជនជាតិ និងសាសនា ដែលក្នុងប្រទេសរបស់យើងគឺមានទាំងព្រះពុទ្ធសាសនាផង ទាំងគ្រីស្តសាសនាផង ទាំងឥស្លាមសាសនាផង។ ថ្នាក់ទី ២ គឺយើងត្រូវធ្វើសុខដុមភាវូបនីយកម្មក្នុងសាសនានិមួយៗ រាប់ទាំងក្នុងគ្រីស្តសាសនានេះតែម្តង។ ហេតុអ្វីទៅបានជាយើងត្រូវធ្វើដូច្នេះ?
យើងត្រូវពិនិត្យក្នុងក្របខណ្ឌ។ បើនិយាយពីព្រះពុទ្ធសាសនា យើងមាននិកាយធំៗ ២ នៅក្នុងនោះគឺ មាននិកាយធម្មយុត្តិ និងមហានិកាយ។ ឯសាសនាឥស្លាមក៏មាននិកាយច្រើនខុសៗគ្នា។ ពិតមែនតែមានខ្លះច្រើន ខ្លះតិច។ ប៉ុន្តែសម្រាប់គ្រីស្តសាសនា យើងគ្រាន់តែពិនិត្យថាផ្នែកធំៗ ២ គឺគ្រីស្តសាសនា(កាតូលីក) និងប្រូតេស្តង់។ ក្រៅពីនោះ យោងទៅលើរបាយការណ៍ គឺមានច្រើនផ្នែកទៀត (ដែល)ក្នុងផ្នែកនិមួយៗ ឧទាហរណ៍ដូចក្នុងផ្នែកគ្រីស្តសាសនា ឬ ប្រូតេស្តង់ សុទ្ធតែមានផ្នែកតូចៗ នៅតាមហ្នឹងទៀត។ នេះជាចំណុចដែលយើងមិនត្រូវមើលស្រាលនៅក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវការពារឲ្យខានតែបាននូវសុខដុមភាវូបនីយកម្មជនជាតិ និងសាសនានៅកម្ពុជា។ ពិតមែនហើយ ការធ្វេសប្រហែសណាមួយនឹងនាំទៅដល់គ្រោះមហន្តរាយ បើទោះបីប្រទេសយើងក្នុងប្រវត្តិសាស្ត្រ ពុំមានជម្លោះជនជាតិ និងសាសនា កើតឡើងក៏ដោយ ក៏ប៉ុន្តែប្រសិនបើការដឹកនាំណាមួយមានការធ្វេសប្រហែសលើចំណុចនេះ វាជាចំណុចគ្រោះថ្នាក់។
ឥឡូវថ្ងៃនេះ យើងបានឃើញច្បាស់អំពីប្រវត្តិនៅអឺរ៉ុបដែលធ្លាប់តែបានឯកភាពគ្នាជាសហគមន៍អឺរ៉ុប ពេលនេះ ម៉ោងនេះនាយករដ្ឋមន្ត្រី ដេវីត ខេមរ៉ូន (David Cameron) របស់អង់គ្លេសបានប្រកាសលាលែងពីដំណែងហើយ បន្ទាប់ពីការធ្វើប្រជាមតិរបស់អង់គ្លេសថា តើគួរនៅក្នុងសភាពអឺរ៉ុបទៀតឬទេ (ហើយ)ប្រជាជនអង់គ្លេសជាង ៥១% បានជ្រើសយកការចាកចេញពីអឺរ៉ុប។ នេះជាចំនុចដែលយើងត្រូវមើលឃើញ។ សូម្បីក្នុងក្របខណ្ឌម៉ាក្រូ ជាទិដ្ឋភាពនៅអឺរ៉ុប ក៏គង់មានការមិនចុះសម្រុងគ្នារវាងជនជាតិអង់គ្លេស និងជនជាតិដទៃទៀតនៅក្នុងសហគមន៍ជាតិសាសន៍នៅអឺរ៉ុប។ អញ្ចឹងទេ សម្រាប់ប្រទេសរបស់យើង យើងមានសុខដុមភាវូបនីយកម្មជនជាតិសាសនា ហើយនៅប្រទេសជិតខាងក្នុងតំបន់របស់យើង ប្រទេសខ្លះក៏ងាយស្រួល ប្រទេសខ្លះក៏លំបាក។
សុខដុមភាវូបនីយកម្មជនជាតិ និងសាសនាជារបៀបវារៈនយោបាយរបស់គណបក្សប្រជាជន
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនចាត់ទុកសុខដុមភាវូបនីយកម្មជនជាតិ និងសាសនា គឺជារបៀបវារៈនៃនយោបាយរបស់ខ្លួនក្នុងពេលដែលខ្ញុំដឹកនាំក្នុងឋានៈជានាយករដ្ឋមន្ត្រីជាង ៣១ ឆ្នាំ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី និងជាង ៣៧ ឆ្នាំ ក្នុងតួនាទីជាសមាជិករាជរដ្ឋាភិបាល។ ខ្ញុំផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់នៅក្នុងបញ្ហានេះ។ ខ្ញុំសូមបញ្ជាក់ថា មនុស្សម្នាក់ៗ មិនដូចគ្នាទេ អាចប្រែប្រួលទៅតាមទិសនយោបាយ និងខ្យល់នយោបាយ ឬឆន្ទៈនយោបាយរបស់បុគ្គលទទួលខុសត្រូវ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី អាចមានចំណុចខុសៗ គ្នា។ ជួនកាល មិនប្រាកដថាមានការផ្លាស់ប្តូរទៅវាល្អជាងទេ។
ឥឡូវ លឺសូរដូរៗ ប៉ុន្តែអ្នកខ្លះកំពុងរត់ពីសំណាញ់ច្បាប់ អ្នកខ្លះកំពុងប្រុងប្រៀបយកអ្នកដទៃទៀតធ្វើជាសត្រូវនៅពេលក្រោយ។ ឧទាហរណ៍ ការចោទពួកអ្នកមានលុយមានកាស ពាណិជ្ជករ ឧស្សាហករ និងអ្នកវិនិយោគិនថាជាវណ្ណៈជិះជាន់។ នេះជាការគិតគូរប្រកបដោយគ្រោះថ្នាក់ យោងទៅលើបទពិសោធន៍ដែលកើតមាននៅលើពិភពលោកបច្ចុប្បន្ននេះ។ យើងបានឃើញហើយថាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលជម្លោះសាសនាបានមកដល់។ ខ្លួនខ្ញុំនេះទៀតសោត ពេលដែលមានបញ្ហាខ្លះ វាមិនមែនជាបញ្ហាធំទេ រវាងក្នុងទីរាមតែមួយខ្ញុំអត់ ហ៊ានលូកដៃទេ។ ជួនកាលក្នុងវត្តមួយ គ្រូសូត្រស្តាំ និងព្រះចៅអធិការមិនត្រូវគ្នា។ ដូច្នេះ ការមិនត្រូវគ្នានោះ ហើយដែលយើងបានឃើញថា ជួនកាលវត្តមួយទៅវត្តមួយនៅមិនឆ្ងាយពីគ្នា គឺមានត្រឹម ១០០ ទៅ ២០០ ម៉ែត្រប៉ុណ្ណោះ។ បណ្តាលមកពីអី? ជម្លោះរវាងចៅអធិការ និងគ្រូសូត្រឆ្នាំ ឬគ្រូសូត្រឆ្វេង។ ដល់ជម្លោះមានយ៉ាងដូច្នេះ ក៏បង្ខំឲ្យពុទ្ធបរិស័ទគាំទ្រម្ខាងៗ ប្រឈមមុខដាក់គ្នា រួចហើយដែលគេបណ្តេញចេញ ពីវត្តក៏ទៅធ្វើវត្តមួយក្បែរហ្នឹងទៀត។ អាហ្នឹងប្រយ័ត្ន។
នៅក្នុងនិកាយនៃគ្រីស្តសាសនារបស់យើង ក៏យើងមិនត្រូវភ្លេចអំពីចំណុចនេះដែរ។ ឧទាហរណ៍អ្នកខ្លះកំពុងតែជឿនៅខាងផ្នែកកាតូលីក។ គណបក្សប្រជាជនមាន សមាជិកសភា ព្រឹទ្ធសភា និងសមាជិករាជរដ្ឋាភិបាល ជាព្រះពុទ្ធក៏មានជាគ្រីស្តក៏មាន ជាមូស្លីមក៏មាន មូស្លីមតំណាងមកពីរនាក់ថ្ងៃនេះ ប៉ុន្តែយើងអត់បានប្រាប់តំណាង ឬមិនតំណាងទេ អត់មានមកប្រជុំតែតំណាងទេ គឺការជួបជុំមួយនៃគ្រីស្តបរិស័ទ ជាមួយនឹងនាយករដ្ឋមន្រ្តី។ ប៉ុន្តែ វាគាប់ជួនថ្ងៃនេះ អ្នកកំពុងនិយាយកាន់ព្រះពុទ្ធ ហើយក៏ទើបនឹងស្រាយបួសជាមួយឥស្លាមកាលពីថ្ងៃទី ១៤ រហូតមកដល់ថ្ងៃនេះ ១០ ថ្ងៃមុន ១០ ថ្ងៃក្រោយ ខ្ញុំជួបជាមួយនឹងគ្រីស្ត ដូច្នេះ ថ្ងៃមុនព្រះពុទ្ធសាសនាឲ្យធម៌ព្រះពុទ្ធទៅ អាយុ វណ្ណៈ សុខៈ ពលៈ អញ្ចឹងទៅ ទទួលទៅ សាធុទៅ។ ដល់មកអាឡោះឲ្យពរទៀត យើងក៏ទទួលទៀត។ ហើយថ្ងៃនេះ អាមែន មិនអញ្ចឹង ទទួលទៀត ហើយអញ្ចឹង ក្រែងគេឲ្យឈ្មោះអញ្ចឹង ដល់ពេលទទួលពរជ័យ អោយពរជ័យ មិនគេថា Amen។ ជារឿងដែលយើងត្រូវយល់ដឹងទាំងអស់គ្នា ហើយកាន់តែច្បាស់ទៅទៀត ពេលធ្វើដំណើរទៅបរទេស ពេលចូលពិភាក្សាលើប្រធានបទនានា ពិសេស ទាក់ទង នឹងការសន្ទនាអំពីវប្បធម៌ និងសាសនា យើងកាន់តែមានការយល់ដឹង ហើយយើងកាន់តែមានមោទនភាពថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ក្រោមការដឹកនាំរបស់តួនាទីជានាយករដ្ឋមន្រ្តីរបស់ ហ៊ុន សែន ជម្លោះសាសនា និងជាតិសាសន៍ មិនបានកើតមាននោះទេ។ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវតែផ្តល់ការលើកទឹកចិត្ត ហើយនឹងការអនុវត្តស្មើៗគ្នា បើទោះបីយើងកាន់ព្រះពុទ្ធសាសនា តែយើងមិនអាចហាមឃាត់ ចិត្តមនុស្ស មិនឲ្យជឿសាសនាដទៃទៀតនោះទេ។
ចៀសវាងការបំពាន និងការបន្តុះបង្អាប់ ពីសាសនាមួយទៅសាសនាមួយ
នេះជារឿងពិតដែលបានកើតឡើងនៅលើពិភពលោករបស់យើងនេះ។ វាជាគ្រោះថ្នាក់ខ្លាំងណាស់ បើយើង ក្រ ឡេកមើលទៅកាន់តំបន់ដទៃ ដែលមានជម្លោះជាតិសាសន៍ និងសាសនា។ នៅប្រទេស នីហ្សេរីយ៉ា ពួកឧទ្ទាមមួយក្រុម ដែលតាំងថាខ្លួនឯងជាអ្នកគោរពនូវឥស្លាមសាសនា បានចាប់មនុស្សដែលកាន់និកាយកាតាលីក ឬប្រូតេស្តង់ ក្មេងៗទៅរាប់ខែ ហើយសម្លាប់ជីវិតមនុស្សអស់មិនតិចទេ។ ប៉ុន្តែ យើងអត់ត្រូវចោទថារឿងហ្នឹងជារឿងរបស់មូស្លីមទេ។ បើសិនជានិយាយថាពួក ISIS គឺពួកមូស្លីម វានឹងជាកំហុស។ បើនិយាយថា ពួកភេរវកម្ម គឺពួកដែលចេញមកពីមូស្លីម (ក៏មិនត្រូវ)។ អត់ទេ។ ព្រោះអី? យើងមើលចំណុចនៅពេលដែលពួក ISIS វ៉ៃប្រហារ តើគេមានការរើសអើងចំពោះប្រទេសកាន់សាសនាមូស្លីម កាន់សាសនាគ្រីស្ត ឬកាន់សាសនាព្រះពុទ្ធឬទេ? ចំណុចនេះ ខ្ញុំចោទជាសំណួរឡើងថា នៅពេលមានរឿងនៅអឺរ៉ុបប៉ុន្មានដង។ ពេលប្រជុំអាស៊ានខ្ញុំនិយាយត្រង់តែម្តង រឿងវាបានកើតឡើងទាក់ទងជាមួយហ្នឹងគំនូរត្លុក ដែលបោះពុម្ពផ្សាយ។ តើអឺរ៉ុបអាចចៀសវាងបានទេ? អ្នកគំនូរត្លុក កុំយក មហាម៉ាត់ ទៅគូរ ឬព្រះអាឡោះទៅគូរជាគំនូរត្លុក ដែលបង្កឲ្យមានការខឹង សម្បាររបស់សាសនិកឥស្លាម។ រឿងនេះវាធ្វើឲ្យយើងលំបាកណាស់។ អ្នកខ្លះគេថា(ធ្វើអីចឹងបិទ) សិទ្ធិបញ្ចេញមតិ។ ចុះបើបញ្ចេញមតិ ចៀសវាងអាត្រង់ហ្នឹងបានទេ?
សម្រាប់សាសនានៅកម្ពុជា ចៀសវាងឲ្យខានតែបាននូវការបំពានគ្នា នូវការបន្តុះបង្អាប់គ្នាពីសាសនាមួយទៅកាន់សាសនាមួយ។ ខ្ញុំអត់យល់ស្រប។ ទស្សនាវត្តីមួយនៅប្រទេសបារាំង គូររូប មហាម៉ាត់ រូបត្លុក ត្រូវគេវ៉ៃប្រហារ។ បន្ទាប់ពីគេវ៉ៃប្រហារ បោះពុម្ពផ្សាយម្តងទៀតចេញ ៣ លានច្បាប់។ លក់ដាច់អស់។ បោះថែម ២ លានទៀត។ ចំណោទនេះ ដាក់ឲ្យអ្នកដឹកនាំប្រទេសកាន់សាសនាមូស្លីមមានការលំបាក។ ព្រោះអ្វី? បើសិនមាន ការវ៉ៃប្រហារទៀត បើមិនធ្វើការថ្កោលទោសទៅលើភេរវកម្ម គឺវាមិនកើត ប៉ុន្តែបើសិនជាថ្កោលទោស វានឹងប៉ះពាល់ទៅដល់ទឹកចិត្តរបស់អ្នកកាន់សាសនាឥស្លាម។ … ខ្ញុំអំពាវនាវចំពោះសាសនានៅកម្ពុជាទាំងអស់ មិនថាកាន់និកាយណាទេ កុំបៀតបៀនគ្នា ហើយយើងធ្វើដូចការឃោសនាពាណិជ្ជកម្មអញ្ចឹង។ ឥឡូវក្នុងផ្នែក គ្រីស្តសាសនា បើនៅក្នុងនិកាយកាតូលីក កុំបង្អាប់និកាយប្រូតេស្តង់ បើសិនជានៅក្នុងនិកាយប្រូតេស្តង់ ក៏កុំបង្អាប់និកាយកាតូលីក …។
ចំណងទាក់ទងរវាងផ្នែករដ្ឋជាមួយនឹងសាសនា
ខ្ញុំអត់លូកដៃចូលទេ។ ខ្ញុំគ្រាន់តែដាក់គោលការណ៍ធំមួយ ធ្វើម៉េចកុំឲ្យទាស់គ្នា ធ្វើម៉េចសាមគ្គីភាពគ្នា ព្រោះការខុសគ្នាខាងជំនឿ ចំពោះនិកាយក្តី ចំពោះសាសនាទាំងមូលក្តី មិនមែនជាឧបសគ្គរារាំងសម្រាប់ដំណើរការពារជាតិ និងកសាងជាតិនោះទេ។ យើងមានសេចក្តីត្រូវការដូចគ្នា គឺឯករាជ្យសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការនៅពេលនេះ គឺត្រូវធ្វើម៉េចឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលូតលាស់ខ្ពស់។ ខ្ញុំមានការជឿជាក់ថា គ្រប់សាសនាទាំងអស់ មិនបានប្រដៅមនុស្ស ឲ្យទៅធ្វើខុសទេ។ គ្រប់សាសនាទាំងអស់តែងឲ្យកសាងនូវអំពើជាកុសល អំពើល្អ តាមរយៈនោះ រដ្ឋក៏ទទួលផលប្រយោជន៍ពីការប្រតិបត្តិល្អ ប្រតិបត្តិឲ្យត្រូវតាមការទូន្មានរបស់សាសនា ដែលនោះជាផ្នែកដ៏សំខាន់នៃការប្រតិបត្តិខាងផ្លូវច្បាប់របស់រាជរដ្ឋាភិបាលរបស់ស្ថាប័នរដ្ឋដែរ។ អញ្ចឹងទេ សង្ឃឹមថា ព្រឹទ្ធាចារ្យ បូជាចារ្យ និងគ្រូគង្វាល និងថ្នាក់ដឹកនាំនៃគ្រីស្តបរិស័ទទាំងអស់ ដែលជួបជុំគ្នានៅថ្ងៃនេះ មកពីគ្រប់ទីកន្លែង និងបន្តខិតខំរួមដំណើរជាមួយរាជរដ្ឋាភិបាល រួមដំណើរជាមួយសាសនាដទៃទៀត ដើម្បីការរីកចម្រើនរបស់ប្រទេស។ បើន័យរួមដែលខ្ញុំធ្លាប់ប្រើ ចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ប៉ុន្តែឥឡូវខ្ញុំនិយាយអញ្ចេះ ពុទ្ធចក្រត្រូវបានតែព្រះពុទ្ធទេ ឥឡូវខ្ញុំនិយាយអញ្ចេះ ចំណងទាក់ទងរវាងអាណាចក្រ ឬថាផ្នែករដ្ឋជាមួយនឹងសាសនា។ វាទូលំទូលាយជាង។ យើងពិនិត្យមើល បើជីវភាពប្រជាពលរដ្ឋមិនល្អទេ មិនមានសុខសន្តិភាពទេ ហើយបែរជាប្រទេសមានសង្គ្រាម សួរថា តើ សាសនាអាចស្ថិតស្ថេរឬអត់? ដូច្នេះ វាសំខាន់ណាស់ ដើម្បីគ្រប់តួអង្គចូលរួមពាក់ព័ន្ធនៅក្នុងសង្គម។
ការធ្វើបដិវត្តពណ៌
ឥឡូវសូមក្រឡេកមើលទៅមជ្ឈឹមបូព៌ា។ លទ្ធផលនៃបដិវត្តពណ៌ ដែលប្រទេសមួយចំនួនចង់បានដោយចាប់ ផ្តើមពី ទុយនីស៊ី លីបី អេហ្ស៊ីប យេមែន ស៊ីរី រហូតទៅដល់ការផ្តួលរំលំ សាដាម ហ៊ូសេន នៅអឺរ៉ាក់ តើលទ្ធផល របស់វាចេញមកជាអ្វី? សូមអ្នកដែលធ្លាប់អួតពីបដិវត្តពណ៌អញ្ជើញចេញមកនិយាយ។ ឥឡូវស្ងាត់ឲ្យឈឹង។ មូលហេតុអីស្ងាត់? ឃើញបរាជ័យគ្រប់កន្លែង។ មនុស្សស្លាប់ប៉ុន្មានទៅ ដើម្បីសម្លាប់ សាដាម ហ៊ូសេន មួយ។ ដើម្បីទម្លាក់ ហ្គាដាហ្វី សម្លាប់ ហ្គាដាហ្វី មួយ តើឥឡូវជនជាតិលីប៊ីស្លាប់ប៉ុន្មាន? ដើម្បីផ្តួលរំលំ ប៊ែន អាលី នៅទុយនេស៊ី តើទុយនេស៊ីស្លាប់ប៉ុន្មានទៅ? ដើម្បីផ្តួលរំលំ ហូស្នី មូបារ៉ាក់ តើប្រជាជនអេស៊ីបស្លាប់ប៉ុន្មាន? ឥឡូវដើម្បីផ្តួលរំលំ អាសាដ តើប្រជាជនស៊ីរី ស្លាប់អស់ប៉ុន្មានទៅ? នៅយេមែនទៀត អត់ទាន់ចប់ទេ។ ក្រៅពីស្លាប់នៅក្នុងប្រទេសហើយ វិបត្តិជនភៀសខ្លួនកំពុងហូរចូលអឺរ៉ុប។ នេះហើយជាលទ្ធផលនៃបដិវត្តពណ៌ លទ្ធផលនៃការចង់ផ្លាស់ប្តូរដោយគ្មានរបៀបរៀបរយ។
មុននេះនៅពេលដែលអ៊ុយក្រែនមានបដិវត្តពណ៌ សរសើរអ៊ុយក្រែន។ ចង់ធ្វើដូច។ ខ្ញុំថាអញ្ជើញធ្វើទៅ។ ឥឡូវ លែងហ៊ាននិយាយហើយ។ ដោយសារអី? បន្ទាប់ពីបដិវត្តនៅក្រុងគៀវ ប៉ុន្មានលើកប៉ុន្មានសា ជាពិសេសលើកចុងក្រោយ តើអ៊ុយក្រែនបានអីត្រឡប់មកវិញ។ បាត់ទាំងគ្រីមេ។ ឥឡូវបទឈប់បាញ់រវាងក្រុងអ៊ុយក្រែន សម្រេចបានផលអ្វីទៅ។ អត់ទាំងអស់។ អ្នកនិយាយពីបដិវត្តពណ៌លែងហ៊ានស្តី។ នេះជាការមើលខ្លីដូចកន្ទុយអណ្តើក។ ខ្ញុំមិនមែនធ្វើនយោបាយជះទឹកដាក់អ្នកណាទេ ក៏ប៉ុន្តែខ្ញុំមានបទពិសោធជាក់លាក់របស់ខ្ញុំ។ មិនមែនគ្រាន់តែតាមគេមួយឆាវៗ ដូចភ្លើងចំបើងទេ។ គូសវាស រៀបចំដំណើរការចាត់តាំងអនុវត្ត។ នេះមិនមែនជានាយករដ្ឋមន្ត្រីឧទាហរណ៍ទេ។ នេះជានាយករដ្ឋមន្ត្រីពិត …។
ឥឡូវចង់បានរបស់ពិត ដែលមានក្នុងដៃ ឬចង់បានរបស់ដែលគេសន្យា។ ព្រោះឥឡូវ វាជាការពិត អ្នកទាំងអស់គ្នាកំពុងទទួលសេចក្តីសុខ ហើយចូលមកក្នុងហ្វេសប៊ុក សុំ selfie ទៀត។ ខ្ញុំអត់មានតំណមអីទាំងអស់។ ស្អែកមើលបាត់ទាល់ទាំងអស់គ្នាទៀត (សម្តេចនិយាយអំពីការប្រកួតបាល់ថ្ងៃស្អែក)។ អញ្ចឹងល្ងាចស្អែក បើទោះ កាន់និកាយណាក៏ដោយ ត្រូវជួបគ្នានៅមុខកញ្ចក់ទូរទស្សន៍ទាំងអស់គ្នា។ នេះឲ្យខ្ញុំមកសំណេះសំណាល មិនមែនឲ្យខ្ញុំមកយំដាក់គ្នាទេ។ នេះហើយជាមោទនភាព នេះហើយជាជោគជ័យនៃបញ្ហាជនជាតិ និងសាសនា នៅកម្ពុជា។
ប្រទេសរីកចម្រើន មិនមែនបានមកពីការមានជម្លោះទេ
យើងត្រូវឃើញ កំណើនសេដ្ឋកិច្ចក្តី ឬកំណើនតាមផ្នែកក្តី មិនមែនបានពីជម្លោះទេ បានមកពីការសាមគ្គីគ្នា។ ឧទាហរណ៍ យើងធ្វើចាប់ពីសូន្យទេសចរ រហូតដល់ ៤ លាន ៧ សែននាក់ មិនមែនចាប់ផ្តើមពីការស្អប់ខ្ពើមគ្នាទេ។ ជនជាតិយើងនៅក្នុងប្រទេស បើទោះបីកាន់សាសនាណាក៏ដោយចេះស្រឡាញ់គ្នា។ យើងស្វាគមន៍រាល់ជាតិសាសន៍ទាំងឡាយដែលមកទស្សនៈកិច្ចក្នុងប្រទេសរបស់យើង។ នៅលើពិភពលោកនេះ សាសនាធំៗ ដែលមានមនុស្សកាន់ច្រើន មានបួន។ សាសនាដែលកាន់ច្រើនជាងគេ គឺគ្រីស្តសាសនា។ បន្ទាប់ទៅឥស្លាមសាសនា ជាសាសនាទីពីរ ប៉ុន្តែអាចថាប្រទេសច្រើនជាងគេ សាសនាហិណ្ឌូ គឺជាសាសនាដែលកាន់នៅក្នុងក្របខណ្ឌឥណ្ឌាមែនពិត ក៏ប៉ុន្តែដោយសារឥណ្ឌាមានប្រជាជនដល់ទៅ ១,២០០ លាននាក់ អញ្ចឹង ហិណ្ឌូក្លាយទៅជាសាសនាទីបី ដែលមានប្រជាជនគោរព។ ឯព្រះពុទ្ធសាសនាជាសាសនាទីបួន ដែលមានប្រជាជនប្រមាណជា ៤០០ លាននាក់គោរព។ ក្រៅពីនោះ នៅមានសាសនាដទៃទៀត និងមានអ្នកអត់កាន់សាសនាប្រហែលជាអាចចង់ច្រើនជាងគេផង។ អ្នកដែលអត់កាន់សាសនាណាទាំងអស់ អាចមានច្រើនជាងគេទៅទៀត ព្រោះស្អីក៏មិនជឿ សាសនាណាក៏មិនជឿ ហើយក្នុងហ្នឹង សូមពិនិត្យមើល ក្នុងប្រទេសចិន រុស្ស៊ី កូរ៉េទាំង ២ ទាំងជើង ទាំងត្បូង បើថាខាងជើងនោះគឺអត់សាសនាតែម្តង។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ កុំហៅគេថា ទមិឡ ព្រោះគេមិនជឿ ក៏ជាសិទ្ធិមួយរបស់គេដែរ។ ចង់ជឿសាសនាណាក៏បាន ប៉ុន្តែអ្នកនោះជួនកាលមិនជឿសាសនាណាមួយទេ តែបែរជាជឿនូវជំនឿអីមួយ។ ជារឿងធម្មតា គាត់មិនជឿសាសនា គាត់អាចជឿស្អីមួយជាទម្លាប់។ យើងត្រូវគោរពគ្នា។
ទាំង ២ និកាយត្រូវរួបរួមគ្នា
អ្វីដែលខ្ញុំស្នើសុំ អត់មានច្រើនទេ។ ទីមួយ សុំអោយបន្តការខិតខំរួមគ្នាតទៅទៀត។ សាសនានីមួយៗ ត្រូវ ពង្រឹងការគ្រប់គ្រង ទោះបីនិកាយណាក៏ដោយ មេត្រូវមានព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំផ្សេងៗ ទៀត ត្រូវតែពង្រឹង លើកកម្ពស់សមត្ថភាពការទទួលខុសត្រូវ។ មានសាមគ្គីភាព កុំមានទំនាស់ នៅក្នុងក្របខណ្ឌនៃព្រះវិហារមួយ ឬក៏សាសនាមួយ និកាយមួយ។ ស្នើឲ្យគណៈដឹកនាំនៃគ្រីស្តបរិស័ទ ទាំងកាតូលីក ទាំងប្រូតេស្តង់ រួមរួមគ្នា កុំប៉ែងជើងគ្នា។ ដែលទាស់គ្នាឬទេ? សន្ទនា គ្នាឬទេ? ធ្វើម៉េចសន្ទនាគ្នា ក៏ប៉ុន្តែសុំកុំប្រកែប្រកាន់ណា អ្នកដែលឡើងមកលើ គេសុទ្ធតែសមាជិកព្រឹទ្ធសភា និងរដ្ឋសភា តិចថា ម៉េចក៏មានតែប្រូតេស្តង់ឡើងមកលើ ហើយបែរជាកាតូលីកនៅក្រោម។ អត់ទេ។ ថ្ងៃក្រោយ បើសិនថា ហៅឡើងលើ ត្រូវមានកៅអី ២ កៅអីមួយប្រូតេស្តង់ កៅអីមួយកាតូលីក។ ដូចធម្មយុទ្ធ និងមហានិកាយអញ្ចឹង។ គេបន្ទោសមួយផ្នែកទៅលើអ្នកទទួលខុសត្រូវហើយ ប៉ុន្តែបន្ទោសធំជាងគេ គឺម៉េចក៏រដ្ឋាភិបាលខ្ជីខ្ជាម្ល៉េះ សម្រាប់និកាយផ្នែកគ្រីស្តបរិស័ទ?
កុំប្រើការគាបសង្កត់ និងសូកប៉ាន់ទឹកលុយ ដើម្បីឲ្យគេចូលជាសមាជិក
យើងក៏មិនគួរដេញថ្លៃគ្នាទេ។ ខ្ញុំសុំជូនយោបល់។ ម៉េចបានជាខ្ញុំនិយាយថាមិនគួរដេញថ្លៃគ្នា? បើសិនជាខាងនេះផ្លូវប្រូតេស្តង់ ខាងនោះផ្លូវកាតូលីក ដើម្បីរកសមាជិកចូលក្នុងជំនឿសាសនារបស់ខ្លួន ខាងនោះថា ចូលមកជាមួយ នឹងឲ្យ ២០ ដុល្លារក្នុងមួយខែ។ អាហ្នឹងច្បាស់ជាមានមនុស្សចូលហើយ ដើម្បីយក ២០ ដុល្លារនោះ។ ក៏ប៉ុន្តែ មិនប្រាកដថាគេជឿទេ។ កុំប្រើប្រាស់ការគាបសង្កត់អំពីការងារ និងកុំប្រើប្រាស់ទឹកលុយដើម្បីទិញទឹកចិត្តចូលសាសនា។ នេះជាការផ្តល់យោបល់ដោយត្រង់ៗ ព្រោះនៅតាមប្រទេស ហើយនៅតាមទីកន្លែងខ្លះ វាមានរឿងហ្នឹងកើតឡើង។ ដើម្បីឲ្យនិកាយខ្លួនមានសមាជិកច្រើន កន្លែងខ្លះ ទាល់តែអ្នកឯងកាន់សាសនាគ្រីស្តបានខ្ញុំឲ្យចូលរៀនសាលាហ្នឹង។ នេះជាការខុសឆ្គងធំ។ មិនអាចចាប់ផ្លូវចិត្តមនុស្សបានទេ។ ចូលទៅរៀន ដើម្បីឲ្យមានកន្លែងចូល ដើម្បីយកប្រាក់។ តែជំនឿផ្សេង។ ជំនឿ មានអ្នកណាមើលឃើញ។ ពេល Amen ចេះតែ Amen ហ្នឹងគេទៅ ប៉ុន្តែ ទឹកចិត្តអត់មាន Amen ផង។ ហ្នឹងត្រូវប្រយ័ត្ន។
ប៉ុល ពត ស្អប់សាសនាគ្រីស្តជាង/ទំនាក់ទំនងកម្ពុជា និងហូឡង់ តាំងពីសតវត្សរ៍ ១៦
ព្រះពុទ្ធ មូស្លីម គ្រីស្ត និកាយធំៗទាំង ២ និងនិកាយប៉ុន្មានផ្សេងទៀត ស្ថិតស្ថេរដល់ពេលណា? ចម្លើយដូចគ្នា គឺស្ថិតស្ថេរដល់ពេលដែលមនុស្សឈប់ជឿ។ បើនៅតែមានមនុស្សជឿ ក៏នៅតែស្ថិតស្ថេរ។ ត្រូវចាំកន្លែងហ្នឹង។ ប៉ុល ពត លុបបំបាត់ចោលទាំងអស់ ប៉ុន្តែ គ្រាន់តែរំដោះចេញពី អា ពត ភ្លាម សាសនាក៏រស់ឡើងវិញទាំងអស់គ្នា ទោះបីថាខ្លះដើរលឿន ខ្លះដើរយឺត។ ហើយ ប៉ុល ពត ស្អប់ជាងគេ គឺគ្រីស្តសាសនាហ្នឹងតែម្តង ព្រោះបារាំង នាំចូលមក។ ប៉ុន្តែយើងមិនត្រូវភ្លេច គឺតាំងពីជំនាន់ហូឡង់ឯណោះ។ នាយករដ្ឋមន្រ្តី ហូឡង់ ទើបនឹងសរសេរសំបុត្រឲ្យខ្ញុំប៉ុន្មានថ្ងៃមុននេះ។ គាត់រំលឹកខ្ញុំពីទំនាក់ទំនងពាណិជ្ជកម្ម នៅសតវត្សរ៍ទី ១៦។ អញ្ចឹងគាត់រំលឹកត្រូវ ព្រោះសតវត្សរ៍ទី ១៦ នោះ គឺជាសតវត្សរ៍របស់ស្តេចកន។ ពេលហ្នឹងបោះលុយជាប្រាក់ស្លឹង។ ពេលនោះ ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងហូឡង់ មានភាគច្រើន។ ក្នុងលិខិតហ្នឹងគឺល្អណាស់ គាត់រំលឹកតាំងពីសតវត្សរ៍ទី ១៦ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហូឡង់។ យើងទៅយកប្រាក់ស្លឹង ដែលបោះនៅឆ្នាំ ១៥១៤ ពីហូឡង់។
ពេលហ្នឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងហូឡង់ វែងឆ្ងាយ។ នៅថ្ងៃទី ២៨ នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ខ្ញុំកោតសរសើរចំពោះនាយករដ្ឋមន្រ្តី ឬក៏អ្នកដែល រៀបចំឯកសារឲ្យគាត់ ពីការបានរំលឹកដល់សតវត្សរ៍ទី ១៦ ដែលជាទំនាក់ទំនងខ្លាំងរវាងកម្ពុជា និងហូឡង់ ក្នុងវិស័យពាណិជ្ជកម្ម។ សិក្សានៅក្នុងប្រវត្តិសាស្រ្តរបស់យើង រឿងនឹងមានអញ្ចឹងមែន។ ខ្ញុំមើលយ៉ាងជក់។ នៅសល់តែប៉ុន្មានថ្ងៃទៀត បោះឆ្នោតហើយ។ អឺរ៉ុបមាន ២ កៅអី និង ៣ បេក្ខភាព គឺ ស៊ុយអែត អ៊ីតាលី ហើយនិងហូឡង់។ ហ្នឹងជាការដោះដូរគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬអង្គការនានា។ ការលើកឡើងរបស់ខ្ញុំអម្បាញ់មិញ អាចនឹងអ្នកដឹកនាំខាងគ្រីស្តសាសនាយល់បានថា លោក ហ៊ុន សែន មិនមែនមានគោលបំណងបំផ្លាញចោលគ្រីស្តសាសនាទេ មូលហេតុដោយសារគាត់កំពុងតែនិយាយថា ឲ្យពង្រឹងក្បាលម៉ាស៊ីនដឹកនាំ រចនាសម្ព័ន្ធ ហើយក៏ពង្រឹងជំនឿទុកចិត្តនៃសមាជិករបស់ខ្លួន ហើយក៏មិនចង់ឲ្យប្រើប្រាស់របៀបសង្កត់ ឬតាមរបៀបទិញទឹកចិត្តនោះទេ។ ត្រូវធ្វើឲ្យគេជឿពិត ប្រាកដ។
ស្រុះគ្នាការពារសន្តិភាព ស្ថេរភាពនយោបាយ ជម្រុញសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ
ចំណុចទីពីរ ទាំងអស់គ្នា ទោះបីកាន់សាសនាណាក៏ដោយ ទាំងគ្រីស្ត ទាំងឥស្លាម ទាំងព្រះពុទ្ធ ទាំងសាសនាដទៃទៀត ទាំងអ្នកមានជំនឿផ្សេងទៀត ត្រូវដឹងថា ប្រទេសនេះត្រូវការសន្តិភាព ត្រូវការស្ថេរភាពនយោបាយ ត្រូវការកំណើនសេដ្ឋកិច្ច ត្រូវការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន។ ដូច្នេះ ស្រុះគ្នាឡើង ដើម្បីរួមគ្នាការពារសន្តិភាព ការពារស្ថេរភាពនយោបាយ ខិតខំជម្រុញឲ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិរបស់យើងរីកលូតលាស់ទាំងអស់គ្នា។ នេះជាតម្រូវការរួមរបស់ជាតិ។ ខ្ញុំជឿថា អ្នកទាំងអស់នឹងកាន់តែយល់ពីខ្ញុំ និងកាន់តែយល់ពីគណបក្សប្រជាជន ដោយសារអ្នកទាំងអស់គ្នាបានរស់នៅ និងកំពុងតែដំណើរការនូវរចនាសម្ព័ន្ធ និងការគោរពបូជា ក្នុងដំណាក់កាលនៃការកាន់អំណាចរបស់គណបក្សប្រជាជន នៃការកាន់អំណាចរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការជួបជុំមួយនេះ មិនមែនជាការជួបជុំដើម្បីឃោសនាបោះឆ្នោតទេ។ បន្ទាប់ពីការរៀបរយក្បាលម៉ាស៊ីនហើយ វាដល់ពេលវេលាមួយដែលយើងត្រូវជួបគ្នា ហើយឆ្នាំក្រោយ ខ្ញុំនៅមានកម្លាំងនិយាយជាមួយអស់លោកបន្តទៀត។ ខ្ញុំអត់ទាន់ចាស់ទេ។ ព្រឹកមិញ គេ live ផ្ទាល់តាមហ្វេសប៊ុករបស់ខ្ញុំ។ ឃើញខ្ញុំជិះម៉ូតូ អ្នកខ្លះគេ comment ថា ស្មានតែគេឌុបសម្ដេច ដល់ពេលដោះមួក ឃើញសម្ដេចឌុបគេ។ នៅមាំខ្លាំងណាស់ គ្រាន់តែថា មិនអាចទៅប្រណាំងម៉ូតូបាន …។
សូមគ្រីស្ដ អ៊ីស្លាម និងព្រះពុទ្ធ ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស
ចំណុចចុងក្រោយនៃសំណូមពររបស់ខ្ញុំ សុំអោយមានការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានអង្គការគ្រីស្តសាសនាជាច្រើនកំពុងធ្វើនូវកិច្ចការងារនោះ តាមរយៈមជ្ឈមណ្ឌលកុមារកំព្រា តាមរយៈនៃការបើកទីកន្លែងបណ្ដុះបណ្ដាលនានា។ សុំជួយលើរឿងនេះ។ សុំកុំគិតតែពីរឿងប្រដៅធម៌, ប្រដៅធម៌ត្រូវធ្វើហើយ ប៉ុន្តែការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស គឺពិតជាមានតម្រូវការខ្លាំង។ បើចង់អោយនិកាយសាសនារបស់យើងខ្លាំង វាទាល់តែយើងមានធនធានមនុស្សខ្លាំង ហើយធនធានមនុស្សនោះ មួយផ្នែក គឺគោរពបូជានៅក្នុងហ្នឹង ប៉ុន្តែមួយផ្នែកទៀត ចួលរួមគាំទ្រកសាងសង្គមជាតិ។ នៅលើវេទិកានេះ ក្រុមអ្នកកាន់ព្រះពុទ្ធសាសនាក៏ជាសុទ្ធតែជាបញ្ញាវ័ន្ត ក្រុមអ្នកកាន់អ៊ីស្លាមសាសនាសុទ្ធតែជាបញ្ញាវ័ន្ត មេដឹកនាំគ្រីស្ដសាសនាសុទ្ធតែជាបញ្ញាវ័ន្ត អញ្ចឹងទេ យើងឆ្លងផុតពីដំណាក់កាល ក ខ គ ឃ ង ហើយ។ ដំណាក់កាលមនុស្សចេះច្រើនបង្រៀនអ្នកចេះតិច ដំណាក់កាលអ្នកចេះតិចបង្រៀនអ្ននមិនចេះ យើងបានឆ្លងផុតរួចហើយ។ យើងត្រូវដំណើរខ្ពស់ជាងមុនទាំងគ្រប់ផ្នែក …។
ខ្ញុំប៉ាន់ស្មានបានថា នៅពេលមានជំនួបនៅកោះពេជ្រនេះ គឺនឹងមានទីកន្លែងសមរម្យ។ អញ្ចឹងទេបានជាសូមអភ័យទោស រាល់ដងកន្លែងដទៃម៉េចក៏យកពេលព្រឹក ហេតុអីបានយក(ពេលជួបអ្នកកាន់សាសនា)គ្រីស្តពេលល្ងាច? សូមអភ័យទោស ខ្ញុំអត់មានពេល។ ដល់អត់មានពេលអញ្ចឹងបានសួរទៅខាងថ្នាក់ដឹកនាំថា តើពេលល្ងាចបាន ឬអត់? (ថ្នាក់ដឹកនាំសាសនាគ្រីស្ត)ថា បានតើ។ … កាលពីសម័យ ១៩៧៩ ដល់ ១៩៨០ អត់មានអីទេ។ ពិបាកណាស់។ ឥឡូវ យើងជួបគ្នាត្រឹមជាង ២៥០០ នាក់។ ថ្ងៃក្រោយ បើសិនជាត្រូវការជួបលើសពីហ្នឹង ទៅលេងបន្ទប់ធំមួយនោះ។ ខ្ញុំមិនយល់ទាស់ទេ។ មូលហេតុអី? ជួប ៥ នាក់ ក៏និយាយតែប៉ុណ្ណឹង ជួប ១០០ នាក់ ក៏និយាយប៉ុណ្ណឹង ជួប ២៥០០ នាក់ ក៏និយាយអញ្ចឹង ដល់ជួបបាន ៧០០០ ទៅ ៨០០០ នាក់ ក៏និយាយអញ្ចឹងដែរ ដូច្នេះអាហ្នឹង(អាគារកោះពេជ្រ)ស្រួលតែម្ដង។
ទំនាយចាក់គម្ពីឆុត
បន្ទាប់ពីប៉ូលីសផាក (ហើយ)ទៅព្រះអង្គដង្កើចាក់គម្ពីទៀត។ ចាក់ទៅចំវិធូរបណ្ឌិត ត្រូវយក្ខនាំទៅណាណោះ។ រួចហើយទីចុងបំផុត អត់ធ្វើអីបានទេ ចំវិធូរបណ្ឌិត (ចាក់)ចំកន្លែងល្អ។ ខ្ញុំចាក់គម្ពីហ្នឹង ឆុតណាស់។ រឿងមួយ ខ្ញុំសុំនិទានបន្ដិច។ ខ្ញុំទៅចាក់គម្ពីនៅអង្គរវត្ត នៅល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៧-៩៨។ ចាក់ចំថា គេអោយយកមាណពទៅសម្លាប់។ ប៉ុន្តែមិនស្លាប់ បែរជាក្លាយខ្លួនជាអ្នកមានអំណាច។ ដែលហៅថាក្លាយខ្លួនទៅជាស្ដេច។ យើងមិនមែនចង់ធ្វើស្ដេចទេ។ ដល់ព្រឹកថ្ងៃទី ២៤ ត្រូវប្រជុំសភានៅសៀមរាប បាតុភូតធម្មជាតិមួយដែលមិនគួរកើត គឺកើតនៅពេលហ្នឹង។ ម៉ោង ៧ ព្រឹក និយាយថាភ្លៀងបាក់មេឃតែម្ដង។ ម៉ោងជិត ៩ (ដែល)ម៉ោង ៩ ខ្ញុំត្រូវទៅដល់។ ខ្ញុំធ្វើដំណើរចេញមកគ្រាប់រ៉ុក្កែត B40 ឃ្លាតពីឡានខ្ញុំត្រឹមតែ ៣ ម៉ែត្រកន្លះតែប៉ុណ្ណោះ។ ក្នុង ៤ គ្រាប់នេះ ផ្ទុះតែមួយគ្រាប់ទេ។ ផ្ទុះហើយវា(បាញ់)ខុសទៀត។ ខុសត្រឹមតែមួយចង្អាមតែប៉ុណ្ណឹង។ បើផ្ទុះទាំង ៤ គ្រាប់ មិនបាច់រកសាច់ទេ។ សូម្បីតែមួយគ្រាប់ហ្នឹង អោយតែវាចំឡានហ្នឹង គឺថាមិនបាច់រកសាច់ទេ។ អាគមផ្សំអាយូស ជឿខ្លះទៅ។
សង្ឃឹមឆ្នាំក្រោយជួបគ្នា ជួបក្នុងទំហំធំជាងទៀត
ខ្ញុំសូមអរគុណចំពោះថ្នាក់ដឹកនាំ ក៏ដូចជាគ្រីស្តបរិស័ទទាំងអស់ ដែលកន្លងទៅបានរួមចំណែកដ៏ធំធេងនៅក្នុង កិច្ចការពារ និងអភិវឌ្ឍជាតិ (ក៏ដូចជា)ជំរុញនូវកំណើនសេដ្ឋកិច្ច។ មិនអាចមានផ្នែកណាមួយមិនដើរ គឺដូចជាការគាំងម៉ាស៊ីនមួយអញ្ចឹង។ បើគ្មានការខិតខំគ្រប់តួអង្គនៅក្នុងប្រទេស វាមិនត្រឹមតែមិនអាចនាំទៅដល់ការលូតលាស់ខាងសេដ្ឋកិច្ចជារួមនោះបានទេ ផ្ទុយទៅវិញ វានឹងធ្វើអោយយើងឈឺក្បាលទៅលើបញ្ហាជម្លោះ ឬក៏ការបែកបាក់ណាមួយកើតឡើង។ កន្លងទៅ គ្រប់តួអង្គពាក់ព័ន្ធ គ្រប់ជនជាតិ និងសាសនា បានខិតខំកសាងសេដ្ឋកិច្ច បានខិតខំការពារនូវសន្ដិភាព ឯកភាពទឹកដី ឯកភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើអោយកំណើនសេដ្ឋកិច្ចរីកលូតលាស់ក្នុងអត្រា ៧,៧% រយៈជាឆ្នាំ ២០ ជាប់គ្នា ធ្វើអោយកម្ពុជាក្លាយទៅជាប្រទេស ដែលជាប់ចំណាត់ថ្នាក់ខាងកំណើនខ្ពស់។ នេះមិនមែនជាការវាយតម្លៃដោយកម្ពុជាទេ ប៉ុន្តែគឺជាការវាយតម្លៃ ដោយស្ថាប័នហិរញ្ញវត្ថុសំខាន់ៗ ដូចជាធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍អាស៊ី។ ឆ្នាំក្រោយ សង្ឃឹមថា យើងនឹងជួបគ្នា ហើយជួបគ្នានឹងមានទំហំធំជាងមុន។ ថ្ងៃនេះ ក៏បាននាំមកសម្រាប់អង្គពិធីចំនួន ១០ លានរៀលផងដែរ។ សូមជូនពរទាំងអស់គ្នា ទទួលបានសេរីសួរស្ដី ជ័យមង្គល។ Amen៕