សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធអគារព្យាបាល មហារីក និងសម្ភព ឈ្មោះ «អគារតេជោសន្តិភាព» នៅមន្ទីរពេទ្យកាល់ម៉ែត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ជាមួយនឹង គ្រូពេទ្យ និងនិស្សិតពេទ្យ ដែលបានចូលរួមក្នុងពិធីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ ក្នុងរយៈពេល ១០ ថ្ងៃ សមិទ្ធផលទាក់ទងសុខមាលភាពសម្ពោធរហូតទៅដល់ពីរដង ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ យើងបានសម្ពោធនូវសមិទ្ធផលដែលទាក់ទងទៅនឹងសុខមាលភាពរបស់ប្រជាជនរហូតទៅដល់ ២ ដង។ លើកទី ១ កាលពីថ្ងៃទី ៤ មករា កន្លងទៅនេះ យើងក៏បានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារមួយ ដែលបំពាក់ទៅដោយសម្ភារៈបរិក្ខាទំនើប នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ថ្ងៃនេះ យើងក៏សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីថែមមួយទៀត…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រ លើកទី ៦ ឆ្នាំ ២០១៧

… សូមស្នើអ្នកខាងដាក់សុន្ទរកថា ដកចេញ ដោយសារខ្ញុំមិនអានសុន្ទរកថាទេ។ ជាទម្លាប់(មានការ)ព្រៀង​ឲ្យខ្ញុំ​។ ប៉ុន្តែ អ្វីដែល(ខ្ញុំប្រើគឺ)ជា(ការព្រៀង)របស់ខ្ញុំនៅក្នុងទូរស័ព្ទវិញទេ។ សូមដកយកសុន្ទរកថាខ្ញុំចេញ ព្រោះខ្ញុំមិនអានសុន្ទរកថា ដែលបានព្រៀងទុកនោះទេ។ បុណ្យសមុទ្រធ្វើរាល់ឆ្នាំ, ឆ្នាំក្រោយធ្វើនៅកោះកុង ដំបូងក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញមកពីគ្រប់ទិសទីដើម្បីចូលរួមនៅ បុណ្យសមុទ្រលើកទី ៦ នៅខេត្តកែបរបស់យើងនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីស្វាគមន៍ផងដែរ ជាមួយ នឹងវត្តមាននៃប្រិយមិត្តបរទេសទាំងឡាយ រាប់ទាំងសិល្បករ សិល្បការិនី ដែលបានអញ្ជើញមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកពីព្រះរាជាណាចក្រថៃ មកពីសាធារណរដ្ឋឥណ្ឌា​ មកពីឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានពីព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ពិធីបុណ្យសមុទ្រដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែករបស់ខេត្តនីមួយៗ ដូចជានៅខេត្តកែបនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាឱកាស នៃការជួបជុំគ្នាមួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះ វត្តមានស្តង់ជាច្រើន បង្ហាញនៅថ្ងៃនេះ តាមបណ្តាខេត្ត បណ្តាស្ថាប័ន និងក្រុមហ៊ុននានា ផ្តល់ឱកាសអោយយើងទាំងអស់គ្នាយល់ដឹងពីការរីកចម្រើនជាទូទៅសម្រាប់ប្រទេសរបស់ជាតិ។ នៅរៀងរាល់ចុងឆ្នាំម្តងៗ យើងតែងធ្វើពិធីជួបជុំគ្នានៅតាមមាត់សមុទ្រ ដែលហៅថា បុណ្យសមុទ្រ ហើយនៅមុនពិធីចូលឆ្នាំខ្មែរ យើងក៏មានការជួបជុំគ្នា នៅអង្គរសង្គ្រាន ដែលជាពិធីជួបជុំក្នុងចំណោមប្រជាជនកម្ពុជារបស់យើង។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ចាក់អង្រែលើ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់​។ ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។…