ទោះបីជាទីកន្លែងមួយចំនួនមិនបានទៅដល់ ក៏មិនមែនមិនស្គាល់សភាពការណ៍
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់កោះរុងជាលើកទី ១។ ខ្ញុំគួរតែត្រូវនិយាយអោយច្បាស់ថា នៅក្នុងប្រវត្តិ នៃការចូលរួមគ្រប់គ្រងប្រទេសរយៈពេលជិត ៤០ ឆ្នាំ កោះតែមួយគត់ដែលខ្ញុំបានទៅដល់ គឺកោះទន្សាយ។ ឯកោះប៉ុន្មានទៀតមិនដែលទៅទេ។ អាហ្នឹងទី ១។ ទី ២ ភ្នំគូលែនក៏មិនដែលទៅ។ គិរីរម្យក៏មិនដែលទៅដែរ។ ប៉ុន្តែ មិនមែនបានសេចក្តីថា ការទៅមិនដល់នោះ មិនបានស្គាល់សភាពការណ៍ ហើយក៏មិនបានយកការសម្រេចចិត្តណាមួយ ដើម្បីដោះស្រាយបញ្ហានោះទេ។
សម្តេចក្រឡាហោម ស ខេង ចូលរួមបើកប្រជុំព្រឹទ្ធសភាជំនួស
ថ្ងៃនេះ បើសិនគ្មានការរៀបចំទុកជាមុន ហើយដោយព្រឹទ្ធសភាបានដាក់ពេលវេលាដោយមិនបានពិគ្រោះ ខ្ញុំក៏ត្រូវតែផ្តល់ឱកាសសម្រាប់ សម្តេចក្រឡាហោម ស ខេង ដើម្បីចូលរួមបើកព្រឹទ្ធសភានៅថ្ងៃនេះ ហើយក៏យកថ្ងៃនេះមកកាន់កោះរុង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារ រ៉ូយ៉ាល់សាន់កោះរុង ដែលជាលំដាប់សណ្ឋាគារផ្កាយប្រាំរបស់យើងនៅទីនេះ។
ត្រូតពិនិត្យ និងដកហូតកោះទាំងឡាយណា ដែលមិនមានការវិនិយោគត្រឡប់មកវិញ
ខ្ញុំមានមោទនភាព ដោយសារតែសមិទ្ធផលនេះបានកើតចេញជារូបរាង ហើយការចេញជារូបរាងបែបនេះ នឹងបន្តកើតចេញជាបន្តបន្ទាប់ទៀត។ ខ្ញុំគួរតែនិយាយថា បណ្តាកោះនៅតាមសមុទ្ររបស់យើង ប្រហែលជាដំរីផើមទាំងអស់។ បើគិតតាមរយៈពេល នៃការដែលយើងចាប់ផ្តើមធ្វើការផ្តល់ឱកាសសម្រាប់វិនិយោគអោយក្រុមហ៊ុននានា គឺក្រុមហ៊ុននានាឥឡូវនេះមានប្រហែលជា ៣០ កោះ ដែលយើងត្រូវដកហូតត្រឡប់មកវិញ ដោយសារតែពួកគេមិនបានធ្វើអ្វីទាំងអស់។ ដូច្នេះ ខ្ញុំបានផ្តល់អោយ ឯកឧត្តម សុខ ចិន្តា ធ្វើការពិនិត្យដកហូតកោះទាំងនោះត្រឡប់មកវិញ ហើយរៀបចំការវិនិយោគសាជាថ្មី មិនអាចទុកអោយកោះរបស់យើងនៅរបៀបដូចសព្វថ្ងៃនេះ ដោយគ្មានការគ្រប់គ្រង ហើយអ្នកដែលបានទទួលសិទ្ធិធ្វើការវិនិយោគនោះ ចេះតែដើរលក់បន្ត។ បើចាប់ដៃគូ គឺអនុញ្ញាត ក៏ប៉ុន្តែ ដៃគូគេលែងហ៊ានចូលមកជាមួយនឹងអ្នកទាំងនោះ។ ដូច្នេះ តើរង់ចាំអ្វីទៀត? យើងនឹងដោះស្រាយបញ្ហានេះនៅពេលក្រោយ។
កោះរុងក្លាយទៅជាទីកន្លែង នៃភ្ញៀវទេសចរលំដាប់ខ្ពស់
ថ្ងៃនេះ កោះរុង បានក្លាយទៅជាទីកន្លែងមួយ សម្រាប់ការមកដល់នៃភ្ញៀវទេសចរ ដែលមានលំដាប់ខ្ពស់។ ភ្ញៀវទេសចរដែលមានលំដាប់ខ្ពស់បច្ចុប្បន្ននេះ ត្រូវការណាស់ គឺមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែក នៃទេសចរណ៍ តាមរបៀបហៅថាការធ្វើដំណើរធម្មតានោះទេ។ ដូចជាយើងបានឃើញនៅកោះម៉ាល់ឌីវ គឺសូម្បីតែប្រជាជនកម្ពុជារបស់យើង ក៏ចូលចិត្តទៅលេងនៅទីនោះ ដែលតំបន់នោះមិនមានស្ថានភាពដូចជាកម្ពុជាផងទេ។ ថាមានប៉ុន្មានកោះឯណោះ ដែលបានធ្វើរួចមកហើយ (ដូចជា)៖ កោះសង្សារស្អីៗនេះ ហើយសុទ្ធតែជាខ្នាតដែលមានចរិតទាក់ទាញ។ មិនគ្រាន់តែទាក់ទាញសម្រាប់បរទេសទេ ក៏ប៉ុន្តែ ពលរដ្ឋកម្ពុជាបច្ចុប្បន្នហ៊ានដេកសណ្ឋាគារក្នុងមួយយប់តម្លៃ ២ ពាន់ដុល្លារអាមេរិក ឯណោះ គឺហ៊ានដេក ព្រោះគាត់ចង់សាកថា ក្នុងមួយជីវិតអោយបានដឹងរសជាតិសណ្ឋាគារហ្នឹងនឹងគេដែរ។ លឺថារៀបចំអោយខ្ញុំនៅទីនេះដែរ ក៏ប៉ុន្តែ ប្រហែលជាខ្ញុំគ្មានវាសនា ដើម្បីដេកលើកោះទេ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅលើកោះរុង
យ៉ាងណាក៏ដោយ អ្វីដែលជាសមិទ្ធផលដូចដែលលោកនាយកបានធ្វើរបាយការណ៍អម្បាញ់មិញ ខ្ញុំពិតជាមានការរីករាយ ដែលក្នុងរយៈកាល ២ ឆ្នាំ ចាប់តាំងពីថ្ងៃទី ១២ ធ្នូ ២០១៥ សម្តេចក្រឡាហោម ស ខេង បានមកបើកការដ្ឋាននៅទីនេះ។ ឥឡូវ សមិទ្ធផលទាំងឡាយក៏បានកើតចេញជារូបរាង ហើយក្នុងនោះ ភាពទាក់ទាញដែលនៅទីនេះ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកទៅលើតំបន់ស្នាក់នៅទេ ក៏ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធ ក៏បានកសាងឡើងតាមរយៈការតភ្ជាប់ផ្លូវ (ប្រវែង) ៥៩ គីឡូម៉ែត្រ។ ឥឡូវនេះ ធ្វើបានចំនួន ៣០ គីឡូម៉ែត្រហើយ។ មុននេះ ប្រជាពលរដ្ឋរបស់យើងត្រូវប្រើប្រាស់ទូក ដើម្បីធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយ។ ប៉ុន្តែឥឡូវនេះ គឺកោះរុងរបស់យើងក៏បានតភ្ជាប់ទៅដោយផ្លូវ។ ខ្ញុំមិនដឹងថា តើថ្ងៃក្រោយនៅតែផ្លូវក្រាលក្រួសក្រហមអញ្ចឹងតទៅទៀត ឬក៏ត្រូវពង្រីកទៅជាចាក់បេតុង ឬក៏កៅស៊ូ? ចាក់បេតុង។ បើសិនជាមានផ្លូវយ៉ាងដូច្នេះ គឺថ្ងៃក្រោយប្រជាពលរដ្ឋរបស់យើង និងទេសចរ នឹងមកកម្សាន្តនៅទីនេះ។
កោះរបស់កម្ពុជាទាំងអស់មិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម
នេះគឺជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រោមប្រទេសមួយដែលមានសុខសន្តិភាព។ ខ្ញុំពិតជាមានជំនឿជឿជាក់ថា កោះរបស់កម្ពុជាទាំងអស់មិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម។ ប្រសិនបើគេចង់វាយ ក៏គេគ្មានលទ្ធភាព ដើម្បីនឹងធ្វើអោយកោះរបស់កម្ពុជាទាំងឡាយអស្ថិរភាពរហូតទៅដល់ការបាត់បង់ភ្ញៀវទេសចរ សម្រាប់ការកម្សាន្តនៅទីនេះផងដែរ។
កម្ពុជាគ្មានវិបត្តិនយោបាយណាមួយកើតឡើងទេ កម្ពុជាកំពុងបន្តលើផ្លូវអភិវឌ្ឍន៍របស់ខ្លួន
ខ្ញុំពិតជាមានមោទនភាព ដោយសារការរីកចម្រើនថ្មីៗ។ នេះបានបញ្ជាក់អំពីសភាពការណ៍ថា កម្ពុជាគ្មានវិបត្តិនយោបាយណាមួយកើតឡើងទេ កម្ពុជាកំពុងបន្តលើផ្លូវអភិវឌ្ឍន៍របស់ខ្លួន។ គ្មានវិបត្តិនយោបាយ ហើយក៏គ្មានអ្វីកើតឡើង ចំពោះអ្នកណាទទួលខុសត្រូវទៅលើផ្លូវច្បាប់ គឺជារឿងរបស់គេ។ ប៉ុន្តែ កម្ពុជាមួយដែលជាប្រព័ន្ធនៅក្នុងក្របខណ្ឌប្រទេស ដែលមានប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែបន្តឆ្ពោះទៅមុខជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការវិនិយោគបន្ត។
ដីឡើងថ្លៃមុនបោះឆ្នោត ដោយសារបក្សប្រជាជននឹងឈ្នះឆ្នោត
ស្ថានភាពនេះ គឺឆ្នាំ ២០១៨ នេះ អាចចាត់ទុកថា ជាឆ្នាំដែលប្លែកខុសពីបណ្តាឆ្នាំមុនៗ។ ខ្ញុំនៅចាំបានថា ឆ្នាំ ១៩៩៨ មុនការបោះឆ្នោត គឺដីតែងតែទ្រឹងមិនឡើងថ្លៃ ព្រោះគេរង់ចាំមើល។ ប៉ុន្តែ ពេលដែលគណបក្សប្រជាជនឈ្នះហើយ ដីឡើងថ្លៃគ្រឹប។ អាហ្នឹងមួយទៅ។ មួយទៀតឆ្នាំ ២០០៣ សូម្បីតារាងកូនហ្គោល ពេលយុទ្ធនាការបោះឆ្នោត គឺមនុស្សចេញទៅក្រៅប្រទេស ព្រោះគេមានការភ័យខ្លាចនៅក្នុងដំណាក់កាលនៃការបោះឆ្នោត តើវាមានសភាពការណ៍យ៉ាងម៉េច? សូម្បីតែតារាងកូនហ្គោលក៏ស្ងាត់ដែរ ដល់តែឮថាគណបក្សប្រជាជនឈ្នះហើយចូលមកវិញគ្រឹបវាយពេញតារាង។ ឆ្នាំ ២០០៨ សភាពការណ៍ពេលនោះ ដីក៏នៅទ្រឹងដែរ គេរង់ចាំមើលតើអ្នកណាឈ្នះ អ្នកណាចាញ់ ដល់ពេលឮថាគណបក្សប្រជាជនឈ្នះហើយ ដីឡើងថ្លៃគ្រឹប។ ២០១៣ ក៏ដូចគ្នា ប៉ុន្តែ ២០១៨ នេះ ដីវាមិនបានចុះថ្លៃទេ វាឡើងថ្លៃមុនអាបោះឆ្នោតហ្នឹងទៅទៀត ដោយសារគេដឹងច្បាស់ថាខ្ញុំពិតជានៅកាន់ដំណែងជានាយករដ្ឋមន្រ្តី គណបក្សប្រជាជនឈ្នះឆ្នោតជាបន្តនេះគឺជារឿងពិត។
ចូលរួមសម្ពោធដើម្បីផ្សព្វផ្សាយកោះរុងទៅកាន់ទេសចរ
វត្តមានរបស់ខ្ញុំថ្ងៃនេះលើកោះរុង ជាការចាប់ផ្តើមមួយ … សង្ឃឹមថា កោះដទៃទៀតដែលបានទទួលចុះកិច្ចសន្យាជាមួយនឹងរាជរដ្ឋាភិបាលហើយ នឹងបន្តការអភិវឌ្ឍ។ ខ្ញុំនឹងយកពេលវេលាដើម្បីនឹងចូលរួមធ្វើពិធីសម្ពោធ ដើម្បីផ្ញើសារទៅក្រៅប្រទេស ផ្ញើសារទៅបណ្តាទេសចរទាំងឡាយឲ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាក់នៅទីនេះដោយសុខស្រួល។ ខ្លះគេទើបរៀបអាពាហ៍ពិពាហ៍ថ្មី គេមករាត្រីទឹកខ្មេះ នៅលើកោះរុង។ នេះក៏ជារឿងម្យ៉ាងដែរ។ នេះគឺស្ថានភាពពហុវិស័យ អ្វីដែលគេចង់សម្រាក ជួនកាលអ្នកដែលមានវ័យចំណាស់ គេចង់មកសម្រាកនៅទីនេះ។ ខ្ញុំក៏រីករាយដែលបានឃើញការការកសាងនៅទីនេះ រាប់ទាំងការរៀបចំលម្អិតដែលលោកនាយកអម្បាញ់មិញនេះ ទាក់ទិនទៅនឹងការប្រើប្រាស់ថាមពល ដែលពិតជាមានសារៈសំខាន់សម្រាប់ធានារក្សាជាមួយនឹងបរិស្ថាននៅតាមបណ្តាកោះរបស់យើង។
នៅលើបណ្តាកោះ មិនគប្បីសង់សំណង់ខ្ពស់ជាងដើមឈើទេ
ខ្ញុំឯកភាពជាមួយនឹងអនុសាសន៍ មិនមែនជាសំណូមពរទេ … ខ្ញុំគិតថាជាអនុសាសន៍ដែលសមស្របបំផុត នៅលើបណ្តាកោះមិនគប្បីសង់(សំណង់)ខ្ពស់ជាងដើមឈើទេ។ ឯកឧត្តម ជា សុផារ៉ា ក្នុងឋានៈជាអ្នកដែលប្រគល់ប្លង់សម្រាប់ការសាងសង់ មិនត្រូវឲ្យសាងសង់ ២០ ឬ ៣០ ជាន់នៅលើកោះទេ ត្រូវកសាងតាមរបៀបអញ្ចឹង បើមិនដូច្នោះ យើងមិនមែនជាកោះធម្មជាតិទៀតទេ។ យើងចង់រក្សានូវការអភិវឌ្ឍមួយដែលគ្របដណ្តប់ទៅដោយធម្មជាតិ ប៉ុន្តែ អែបទៅដោយការអភិវឌ្ឍតាមបែបសំណង់ទេសចរណ៍ ប៉ុន្តែមិនមែនជាសំណង់ ៣០, ៤០ ឬ ៥០ ជាន់ស្អីទៀត(ទេ)។ (អាគារកំពស់)ហ្នឹងធ្វើនៅលើគោកឯណោះ ឯចំពោះនៅលើកោះនេះ មួយជាន់ប៉ុណ្ណឹងវាល្មម ហើយឬថាខ្ពស់បំផុត ៣ ជាន់ តែប៉ុណ្ណឹងបានហើយ ហើយរក្សាឆ្នេរទុកដើម្បីយើងទាំងអស់គ្នា។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីបញ្ជាក់ថា គ្រប់បណ្តាកោះទាំងអស់ត្រូវគោរពបែបបទ និងផែនការមេ។ បន្តិចទៀត ខ្ញុំនឹងនិយាយអំពីបញ្ហានេះដើម្បីយើងដោះស្រាយបញ្ហាជាមួយគ្នានៅលើកោះរុង ហើយឈានទៅធ្វើសុខដុមបនីយកម្មនៅលើកោះរុងនេះ។
ផ្សាយបន្តផ្ទាល់ តាម Facebook page នាយករដ្ឋមន្រ្តី និងរបស់ Fresh News
ខ្ញុំនឹងនិយាយបន្តិចទៀតជាមួយនឹងអ្វីដែលយើងបាន និងកំពុងធ្វើពិធីសម្ពោធ។ ពិតហើយថ្ងៃនេះ យើងមានការផ្សាយបន្តផ្ទាល់ តែតាមរយៈនៃ Facebook page របស់នាយករដ្ឋមន្រ្តី និងរបស់ Fresh News តែប៉ុណ្ណោះ។ យើងមិនហ៊ានផ្សាយផ្ទាល់តាមទូរទស្សន៍ទេ ដោយទូរទស្សន៍នោះកំពុងតែផ្សាយទៅតាមការប្រជុំសភាដែលមានព្រះមហាក្សត្រចូលរួម។ ដូច្នេះ យើងបញ្ជូនតែតាម Facebook page និងទៅតាមរយៈ TV របស់ Fresh News តែប៉ុណ្ណោះ (ជៀសវាង)បុកគ្នាជាមួយនឹងការប្រជុំព្រឹទ្ធសភា ដែលយើងផ្តល់ការគោរពចំពោះព្រះមហាក្សត្រ ដែលព្រះអង្គយាងចូលរួមនៅទីនោះ។
មិនត្រឹមតែកោះរុងមួយទេ កោះទាំងអស់ជាសម្បត្តិរបស់រដ្ឋ
ជាមួយនឹងការលើកទឹកចិត្ត ដើម្បីការអភិវឌ្ឍបន្ត ដោយត្រូវគោរពបែបបទ និងត្រូវគោរពដល់ការរក្សាបរិស្ថាន និងឆ្នេរធម្មជាតិរបស់យើង ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនប្រជាពលរដ្ឋដែលរស់នៅទីនេះ យើងត្រូវយល់គ្នាឲ្យបានច្បាស់ បើសិនជាយល់គ្នាមិនបានច្បាស់កន្លែងដទៃទៀត ក៏នៅតែមិនច្បាស់។ យើងត្រូវយល់ថា កោះទាំងអស់មិនត្រឹមតែកោះរុងមួយទេ គឺសុទ្ធតែជាសម្បត្តិរបស់រដ្ឋ។ ត្រង់នេះត្រូវយល់ឲ្យបានច្បាស់ ប្រសិនបើជាការប្រគល់ណាមួយក៏ត្រឹមតែជាសិទ្ធិស្នាក់នៅ ជាសិទ្ធិទទួលផល ប៉ុន្តែមិនមានសិទ្ធិចាត់ចែងនោះទេ។ សុំយល់ឲ្យបានច្បាស់ថា កោះរុងគឺជាសម្បត្តិរបស់រដ្ឋ គ្រាន់តែរដ្ឋសម្បទានទៅឲ្យក្រុមហ៊ុនដើម្បីធ្វើការវិនិយោគ នាំមកនូវការទាក់ទាញភ្ញៀវទេសចរ សម្រាប់ដោះស្រាយការងារធ្វើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ដល់រយៈពេលណាមួយ ដីធ្លីនេះក៏នឹងក្លាយជាដីរបស់រដ្ឋវិញដែរ។ សុំបញ្ជាក់ជូន មិនមែនជាដីរបស់ឯកជនទេ តែដីរបស់រដ្ឋដែលត្រូវផ្តល់ជួលទៅឲ្យឯកជន សម្រាប់ការវិនិយោគ។ យើងមានតម្រូវការទៅលើការវិនិយោគបែបនេះ គ្មានទេសចរណាមកលេង មកដេកក្រោមដើមឈើ ដោយគ្មានការទទួលខុសត្រូវ និងគ្មានការបដិសណ្ឋារកិច្ចនោះទេ។ កោះនៅលើពិភពលោកនេះ គឺនៅក្នុងតំបន់របស់យើងនេះមានកោះច្រើនណាស់ដែលគេបានអភិវឌ្ឍទៅមុនយើង។ ប្រជាពលរដ្ឋមិនត្រូវយល់ថាដីនៅកោះរុងជាដីរបស់ឧកញ៉ា គិត ម៉េង ទេ គឺជាដីរបស់រដ្ឋ តែរដ្ឋបានផ្តល់ទៅឲ្យក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍ។ កន្លងទៅតែងតែយល់ថា នេះជាជម្លោះរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុននេះ ជម្លោះជាមួយប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុននោះ ក៏ប៉ុន្តែអ្នកដែលទទួលខុសត្រូវពិតប្រាកដគឺរដ្ឋ ឯនេះវិញទេ។ ត្រូវយល់គ្នាអំពីបញ្ហានេះ។ ចំណុចនេះគឺជាចំណុច ដែលត្រូវទាមទារឲ្យមានការពិនិត្យ ដោះស្រាយនាពេលខាងមុខនេះ។
ការដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋ
ពេលកន្លងទៅ ឯកឧត្តម ជា សុផារ៉ា ក៏បានដោះស្រាយបញ្ហានេះមួយចំនួន។ កន្លងទៅនេះខ្ញុំបានចេញអនុក្រឹត្យមួយ ដើម្បីដោះស្រាយបញ្ហាដីធ្លីនៅទីនេះ។ ប៉ុន្តែមានដីធ្លី ដែលយើងបានប្រគល់នូវប្លង់កាន់កាប់ឲ្យប្រជាពលរដ្ឋ និងដីធ្លីដែលមិនទាន់ប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។ សូមបញ្ជាក់នៅទីនេះ យើងមាន ១.២២១ ក្បាលដី ដែលយើងបានរៀបចំ។ ប៉ុន្តែយើងបានប្រគល់សម្រាប់ ៦៣៧ ក្បាលដី ដែលមានទំហំ ៥២៥,៣៧ ហិកតា។ ពាក់ព័ន្ធជាមួយប្រជាជន ២៩៤ គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍លើកោះនេះ ត្រូវបានផ្តល់រួចមកហើយ។ ប៉ុន្តែនៅសល់ ៥៨៤ ក្បាលដី ទៀតពុំទាន់ចេញប័ណ្ណកម្មសិទ្ធិជូនបាន ដោយសារកម្មសិទ្ធិខ្លះមានវិវាទ ក្បាលដីខ្លះកំពុងបន្តពិនិត្យអត្តសញ្ញាណ។
ការទន្ទ្រានកាន់កាប់ដីធ្លីនៅលើកោះរុង
ខ្ញុំសូមនិយាយដោយត្រង់ទៅមុនឆ្នាំ ២០០៨ មានប្រជាជនប៉ុន្មាន? ហើយតើអ្នកកាន់កាប់ដីធ្លីលើកោះនេះមានប៉ុន្មានពិតប្រាកដ? ការពិតរឿងនេះ វាជារឿងដែលជាការទន្ទ្រានកាន់កាប់ដោយប្រជាពលរដ្ឋ ហើយអ្នកខ្លះមកពីចម្ងាយឯណោះទេ។ យកនាមប្រជាជននៅលើកោះ ប៉ុន្តែខ្លួននៅទីក្រុងភ្នំពេញ និងនៅកន្លែងផ្សេងៗ។ ហើយបានបោះទុនតាមរយៈនេះនោះ ហើយ(បង្ក)ជាបញ្ហា។ ខ្ញុំមិនជឿថាប្រជាពលរដ្ឋនៅកោះរុងនេះ គឺមានដីធ្លីច្រើនដល់ទៅកម្រិតប៉ុណ្ណឹងទេ។ អ្នកកោះរុងធ្វើផ្ទះ ឬធ្វើអាជីវកម្ម អស់ប៉ុន្មានទៅ? ប៉ុន្តែបែរជាមានដីធ្លីហ្នឹងវាច្រើនពេក។ កាប់យកដីបំផ្លាញឆ្នេរ នេះជាស្ថានភាពដែលកើតមិនគ្រាន់តែកោះរុងទេ កោះមួយចំនួនទៀតក៏បានកើត។ ប៉ុន្តែកោះរុងនេះកើតច្រើនជាងគេ។ មិនមែនគ្រាន់តែជាមួយក្រុមហ៊ុននេះ កន្លែងនេះទេ ជាមួយកងទ័ព ក៏ទើបតែមានបញ្ហាថ្មីៗកើតឡើងទៀត។ បើតាមខ្ញុំទទួលបានព័ត៌មាន។ ខ្ញុំដឹងថាមូលដ្ឋានដែលត្រូវកំណត់ឲ្យកងទ័ពជើងទឹកគ្រប់គ្រងហើយនោះ ក៏ត្រូវប្រជាពលរដ្ឋចូលទៅ ហើយអះអាងថាជាដីរបស់គាត់តាំងពីឆ្នាំនេះឆ្នាំនោះ។
យើងត្រូវពន្លត់ភ្លើង មិនត្រូវអង្គុយបក់ផ្សែងវាទេ
… គួរតែប្រគល់ឲ្យ ឯកឧត្តម ជា សុផារ៉ា ដោះស្រាយមួយកោះហ្នឹងតែម្តង។ មិនមែនដោះស្រាយត្រឹមតែ កន្លែងនេះ ដោះមួយកោះហ្នឹងតែម្តង។ ពិនិត្យមើលអ្នកណាមកមុន អត្តសញ្ញាណរបស់មនុស្សហ្នឹងនៅឯណាឲ្យពិតប្រាកដ។ មកពីកន្លែងណា។ មិនត្រូវអង្គុយបក់ផ្សែងវាទេ។ មកកោះរុងថ្ងៃនេះ ក្រៅពីមកសម្ពោធ ខ្ញុំចង់មកពន្លត់ភ្លើងនៅក្នុងកោះរុង។ ខ្ញុំក៏ចង់មើលមុខមន្រ្តីដែលមានអំណាចមួយចំនួននៅពីក្រោយ ហើយ ខ្ញុំចង់ឃើញអ្នកដែលមានប្រាក់កាសមួយចំនួននៅពីក្រោយខ្នងដែរ … និយាយគ្នាច្បាស់ៗ។ ល្មមគ្រប់គ្រាន់ហើយ … ម្នាក់ៗមានដីរាប់រយ រាប់ពាន់ហិកតា។ ច្រើនណាស់ហើយ។ ច្រើនជាងនាយករដ្ឋមន្រ្តី ដែលអត់មានដីនៅភ្នំពេញធ្វើផ្ទះផង។ ដោយសារតែអត់មានដីធ្វើផ្ទះហ្នឹងហើយ បានជាធ្វើវាខ្ពស់នោះ។ ប៉ុន្តែធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមិនលោភលន់។ ដោយសារខ្ញុំមិនលោភលន់ហ្នឹងហើយ បានជាខ្ញុំនៅមានទឹកមាត់ប្រៃ ដើម្បីនឹងចង្អុលមុខអ្នកដែលទន្ទ្រានកាន់កាប់ដីរបស់គេ …។
គប្បីផ្លាស់ប្តូរទីតាំងឲ្យប្រជាពលរដ្ឋ ករណីពួកគាត់រស់នៅលើដីនេះ មុនពេលដែលចុះហត្ថលេខា
អម្បាញ់មិញហ្នឹង ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ជា សុផារ៉ា ថា ឧទាហរណ៍៖ ដីខ្លះដែលវាពាក់ព័ន្ធជាមួយ(ទីតាំង)ដែលយើងសាងសង់រួចហើយ យើងអាចសម្របសម្រួលរកដីផ្សេងឲ្យពួកគាត់។ អញ្ចេះទៅវិញ។ យើងត្រូវគិតគូរមួយផ្នែក។ ឧទាហរណ៍ ថាទីតាំងយោធា។ ត្រូវរក្សាទីតាំងយោធា។ ក្នុងករណីប្រជាពលរដ្ឋគាត់កាន់កាប់ នៅមុនពេលដែលយើងកំណត់ឲ្យទីតាំងយោធា យើងក៏ត្រូវរកដីធ្លីឲ្យពួកគាត់បានសមរម្យ។ នៅក្នុងករណីដូចនៅកន្លែងនេះ នៅពេលដែលយើងដាក់ប្លង់មេចេញមក យើងអត់បានឃើញថាមានប្រជាពលរដ្ឋទេ។ ដូច្នេះនៅពេលដែលយើងពិនិត្យជាក់ស្តែង អ្នកដែលរស់នៅមុនពេលដែលយើងចុះហត្ថលេខា ឆ្នាំ២០០៨ តើមានប៉ុន្មាន? អ្នកទាំងនេះគប្បីទទួលបាននូវការផ្លាស់ប្តូរ នូវការផ្តល់នូវសម្បទានដីធ្លី នៅកន្លែងណាមួយផ្សេង។ ត្រូវធ្វើបែបនេះ។ មានអ្នកខ្លះបានស្គាល់ទាំងលេខទូរស័ព្ទខ្ញុំទៅទៀត។ អញ្ចឹងបានខ្ញុំឥឡូវ ខ្លាចតែម្តងខ្លាចនឹងលេខទូរស័ព្ទដែលខ្ញុំវាយជាគ្រុប។ ដល់វាយជាគ្រុបទៅ រដ្ឋមន្ត្រីមួយគាត់ដឹង ចៅហ្វាយខេត្តមួយគាត់ស្គាល់ ដូច្នេះគាត់ចែកលេខទូរស័ព្ទទៅឲ្យ … អញ្ចឹងគេដឹងលេខទូរស័ព្ទ … អញ្ចឹងគេវាយបញ្ចូលមក។ សូម្បីតែយប់មិញ អ្នកនៅលើកោះរុងវាយចូលមក។ យប់មិញខ្ញុំមិនបាន Forward ទៅឲ្យឯកឧត្តម ជា សុផារ៉ា។ ខ្ញុំបានបញ្ជូនទៅឯកឧត្តម ជា សុផារ៉ា ជាបន្តបន្ទាប់នូវការផ្តល់ព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ។
គោរពប្លង់មេ ដោយភាពទន់ភ្លន់
… នៅពេលដែលយើងចុះហត្ថលេខា យើងបានរៀបចំប្លង់មួយសម្រាប់ការអភិវឌ្ឍ។ ដូច្នេះគ្រប់ទីកន្លែងទាំងអស់ ត្រូវគោរពនូវប្លង់មេ ដោយមានការទន់ភ្លន់។ ម៉េចបានខ្ញុំនិយាយពីប្លង់មេដោយមានការទន់ភ្លន់ មូលហេតុវានៅត្រង់នេះ។ ជាបទពិសោធន៍កន្លងទៅ យើងតែងគូសទៅលើផែនទីតែប៉ុណ្ណោះ តែយើងមិនបានដើរទៅពិនិត្យការជាក់ស្តែងរបស់ប្រជាពលរដ្ឋទេ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ របស់យើងកាលពីដើមក៏ដូចជាក្រសួងបរិស្ថាន គាត់គ្រប់គ្រងទៅលើផែនទីតែប៉ុណ្ណោះ ដីគម្របព្រៃប៉ុណ្ណេះ ដីគម្របព្រៃប៉ុណ្ណោះ គឺគិតតែពីលើផែនទី មិនលើការជាក់ស្តែង។ នៅលើផែនទីវាជាព្រៃ នៅលើការជាក់ស្តែងវាជាវាលស្រែ … អញ្ចឹងទេ បានជានៅឆ្នាំ ២០១២ ខ្ញុំបានបើកឲ្យយុវជនរាប់ពាន់នាក់ចុះទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ហើយកាត់ចេញពីគម្របនៅលើផែនទី ព្រោះវានៅតែលើផែនទីហ្នឹង។
នៅស្រុកត្រាំកក់ នៅខេត្តតាកែវ។ ពេលនោះខ្ញុំទៅចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឯខេត្តតាកែវ ជួនពេលដែលឯកឧត្តម ចាន់ សារុន ធ្វើរដ្ឋមន្ត្រីកសិកម្ម នៅពេលនោះ ខ្ញុំបានប្រាប់ឯកឧត្តម ចាន់ សារុន ថា នេះដីនេះ កន្លែងនេះ កន្លែងដែលយើងអង្គុយនេះ គឺស្ថិតនៅក្នុងផែនទីជាគម្របព្រៃឈើ ក៏ប៉ុន្តែលើការជាក់ស្តែង ប្រជាជនជើងច្រាំងស្រូវទើបច្រូត។ រឿងវាអញ្ចឹង។ ដូច្នេះហើយបានជាខ្ញុំស្នើឲ្យមានការគោរពនូវប្លង់មេដោយមានភាពទន់ភ្លន់។ មានភាពទន់ភ្លន់ ២ ចំណុចនៅត្រង់ថា យើងនាំគ្នាគូសផែនទីនៅឯវត្តភ្នំ បើនិយាយពីប្លង់មេអភិវឌ្ឍកោះនេះ គឺគូសនៅវត្តភ្នំឯណោះ អត់មានមកគូសនៅនេះទេ … យើងអាចកែសម្រួលបន្តិចបន្តួចទៅលើចំណុចនោះ ប៉ុន្តែចំណុចខ្លះ ដូចជា ចំណុចផែនការមេត្រូវធ្វើព្រលានយន្តហោះ មិនអាចដោះដូរបានទេ ព្រោះបើសិនជាខ្វៀលដីធ្វើផ្លូវ ធ្វើផ្លូវអាចធ្វើផ្លូវវៀងបាន ប៉ុន្តែព្រលានយន្តហោះមិនអាចវៀងបានទេ។
ចំណុចនេះ ខ្ញុំសូមឲ្យមានដំណោះស្រាយមួយសមស្របសម្រាប់ការដោះស្រាយប្រជាជនដែលនៅលើកោះហើយដែលមាន ៥៨៤ ក្បាលដីនេះ។ ឥឡូវកុំឲ្យប្រជាពលរដ្ឋរង់ចាំ ឯកឧត្តម ជា សុផារ៉ា ត្រូវពិនិត្យថា ក្នុង ៥៨៤ ក្បាលដីនេះ អ្នកណាដែលគ្មានពាក់ព័ន្ធ គឺយើងចេញទៅ ដើម្បីកាត់បន្ថយចំនួនវាឲ្យនៅកាន់តែតិច ហើយអ្នកដែលតិចដោះស្រាយមិនបាន យើងត្រូវរកដីផ្សេង ដើម្បីជូនពួកគាត់វិញ។ នេះជាដំណោះស្រាយ ឈ្នះឈ្នះ សម្រាប់ប្រជាពលរដ្ឋរបស់យើងអាចរស់នៅលើកោះនេះបាន។ ក៏ប៉ុន្តែសូមឲ្យអ្នកដែលមិនមែនរស់នៅលើកោះរុង មកចាប់ដីលើកោះរុង គួរតែត្រូវបានចាញ់ … មើលអត្តសញ្ញាណឲ្យច្បាស់មើល គេមកមុនឆ្នាំ ២០០៨ ឬក៏ក្រោយឆ្នាំ ២០០៨។ យើងត្រូវយកគោលការណ៍មួយនេះ ដោះស្រាយបញ្ហា ព្រោះអស់លោកមានបានប៉ុណ្ណឹងហើយ អស់លោកចាយលុយអស់ប្រហែលយ៉ាងច្រើន ៥ លានទៅចុះ ចាត់ទុកថាអស់លោកបានចូលវិភាគទានរក្សាកោះក្នុងសមុទ្រយើងផងដែរ។ ការពិតគួរតែសប្បាយ ក៏ប៉ុន្តែកោះរុងគឺជាកោះក្តៅណាស់ បើនិយាយពីរឿងដីធ្លី … អស់លោកតែងតែធ្វើតាមរបៀបបោះដុំថ្មឲ្យខ្ញុំកាន់។
ធ្វើការតាមច្បាប់ កុំចាំបញ្ជា
ខ្ញុំសូមបញ្ជាក់ បើអស់លោកបោះដំឡូងក្តៅឲ្យខ្ញុំកាន់ ខ្ញុំសុខចិត្តកាន់មួយសន្ទុះ រួចហើយខ្ញុំអាចស៊ីបាន ប៉ុន្តែអស់លោកដំឡូងក្តៅ អស់លោកមិនដែលបោះឲ្យខ្ញុំស៊ីទេ អស់លោកតែងតែបោះដុំថ្មក្តៅឲ្យខ្ញុំកាន់ជានិច្ច …ច្បាប់បានកំណត់ឲ្យអស់លោកបានធ្វើអី អស់លោកត្រូវធ្វើអាហ្នឹង ខ្ញុំបានបញ្ជាក់ហើយ។ មិនត្រូវធ្វើតាមបទបញ្ជាទេ ត្រូវអនុវត្តតាមច្បាប់ ព្រោះបើមិនអញ្ចឹង ស្អីឡើងក៏នាយករដ្ឋមន្ត្រីបញ្ជា តើអស់លោកធ្វើរដ្ឋមន្ត្រីធ្វើអី អស់លោកធ្វើចៅហ្វាយខេត្តធ្វើអី? ថ្ងៃនេះគួរតែនិយាយគ្នាឲ្យច្បាស់ កណ្តាលសមុទ្រតែម្តង បើស្អីក៏ឲ្យនាយករដ្ឋមន្ត្រីដោះស្រាយៗ ចាំបាច់ទៅមានក្រសួងអី … ច្បាប់មានហើយក្នុងក្រសួង រួចហើយបើនិយាយពីរឿងដីធ្លីនេះ គេចង្អុលប្រាប់ក្រសួងនេះត្រូវធ្វើនេះ ក្រសួងនោះត្រូវធ្វើនោះ … គណៈកម្មាការសុរិយោដីថ្នាក់ជាតិ គណៈកម្មាការសុរិយោដីថ្នាក់ខេត្ត ត្រូវធ្វើកិច្ចការងារទាំងអស់នេះ ហើយបើកិច្ចការវាមិនចេញ យើងមានគណៈកម្មការអន្តរក្រសួងមួយ ដែលហៅថាគណៈកម្មការដោះស្រាយវិវាទដីធ្លី។
រដ្ឋាភិបាលថ្មី មិនមានរដ្ឋមន្ត្រីបោះដុំថ្មក្តៅ អោយនាយករដ្ឋមន្ត្រីទេ
ក៏ប៉ុន្តែកន្លងទៅពឹ្របឡើង នាយករដ្ឋមន្រ្តីៗ ការទទួលខុសត្រូវរបស់រដ្ឋមន្រ្តីអត់មាន។ អញ្ចឹងទេ ពីនេះទៅដល់ការបោះឆ្នោតមិនឆ្ងាយទៀតទេ ខ្ញុំនឹងរង់ចាំមើលអំពីដំណោះស្រាយរបស់អស់លោក ដើម្បីកាត់បន្ថយនូវការឈឺក្បាលរបស់នាយករដ្ឋមន្រ្តី ដែលកន្លងទៅ ខ្ញុំថា គាត់ឆ្លាតណាស់ បើដំឡូងក្តៅ គាត់អត់បោះឲ្យយើងទេ គាត់សុខចិត្តដាក់នៅហ្នឹង ព្រោះគាត់ស៊ីបានអាហ្នឹង។ ប៉ុន្តែ បើដុំថ្មក្តៅ គាត់បោះទៅឲ្យនាយករដ្ឋមន្រ្តី ឲ្យនាយករដ្ឋមន្រ្តីកាន់។ ឥឡូវ ចាំទៅ លោកឯងបោះមក ខ្ញុំបោះទៅ ហើយមិនត្រឹមតែបោះទៅទេ រៀបចំរាជរដ្ឋាភិបាលក្រោយគ្មានវត្តមានរបស់អស់លោកទេ។ ហ្នឹងគឺជាសិទ្ធិរបស់ខ្ញុំក្នុងការរៀបចំ បើអ្វីៗទុកឲ្យនាយករដ្ឋមន្រ្តីដោះស្រាយ វាងាប់នាយករដ្ឋមន្រ្តីហើយ ហើយចាំបាច់មានក្រសួងទៅខ្មោចស្អី? តែប៉ុន្មាននាក់នៅជុំវិញវិមានឯករាជ្យ វាចប់រឿងហើយ។ អត់ចាំបាច់មានមនុស្សច្រើនទេ។
ប្រជាពលរដ្ឋលើកោះ ទាញផលពីទេសចរណ៍ ការពារ និងបញ្ឈប់ការកាប់ព្រៃលើកោះ
សម្រាប់ប្រជាពលរដ្ឋ ដែលនៅលើកោះ សូមមេត្តាចូលរួមចំណែកដើម្បីទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍។ ខ្ញុំបាននិយាយហើយថា សុំកុំសម្លាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេល។ អញ្ចឹងទេ បញ្ហាព្រៃឈើត្រូវការពារឲ្យបាន។ រដ្ឋបាលព្រៃឈើ ក្រែងយើងមានដែរតើនៅក្នុងសង្កាត់នេះ ឯកឧត្តម យន់ មីន? បើមាន ម៉េចក៏នៅចេះបណ្តោយឲ្យគេកាប់រហូត? នៅនេះក៏គ្រប់គ្រងរឿងឈើហ្នឹងធូររលុងណាស់ … សៅ សុខា ប្រមូលកម្លាំងដាក់ឲ្យទៅតាំងពីឧទត្ថម្ភាគចក្រ ហើយមើលវាកាប់ៗពីត្រង់ណា? បានវាអូសទម្លាក់ទឹក វាអារនៅក្នុងហ្នឹង វាចុះទម្លាក់ទឹកយកទៅលក់នៅឯដីគោកនោះទៅទៀត។ រឿនេះក៏ត្រូវធ្វើឲ្យបានហ្មត់ចត់ ដើម្បីកុំឲ្យកោះយើងបន្តិចទៀតក្បាលទំពែកដូចអស់លោកនោះ។
ចង់បានទេសចរបរិស្ថាន ទេសចរធម្មជាតិ
ដើមឈើនេះពិតជាមានតម្លៃសម្រាប់យើង ព្រោះយើងចង់ឲ្យមានទេសចរណ៍បរិស្ថាន ទេសចរណ៍ធម្មជាតិ ដែលឯកឧត្តម ថោង ខុន ថា គ្រាន់តែប៉ុន្មានខែនេះ ៣ ខែ មាន ១០ ម៉ឺននាក់។ ឆ្នាំទៅ ៤០ ម៉ឺននាក់ គ្រាន់តែជុំវិញកោះរុង កោះរុងសន្លឹម។ ទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍ល្អជាង។ រក្សាឆ្នេរឲ្យបានល្អ ហើយទាក់ទាញការវិនិយោគបន្ថែម។ ប៉ុន្តែ ការវិនិយោគណាក៏ដោយ ត្រូវតែមានប្លង់ឲ្យបានច្បាស់ ហើយត្រូវកំណត់គោលការណ៍ទាក់ទិនទៅនឹងកម្ពស់នៃសំណង់។ យើងមិនដល់ថ្នាក់អភិរក្សនិយមហួសហេតុពេកទេ ក៏ប៉ុន្តែ យើងត្រូវមើលស្ថានភាពជាក់ស្តែងឲ្យបានច្បាស់។ ដូចជានៅ ឡាំងកាវី (ម៉ាឡេស៊ី) ខ្ញុំធ្លាប់ទៅ … គេអត់ឲ្យធ្វើខ្ពស់ទេ លេងតែទាបៗមួយជាន់ៗ គេប្រជុំអាស៊ានបាននៅលើកោះឡាំងកាវី។ ថ្ងៃក្រោយ យើងក៏អាចមក(កោះរុង)នេះបានដែរ តែអាហ្នឹងទាល់តែមានព្រលានយន្តហោះ …។
ដកយកមកវិញ កោះណាដែលក្រុមហ៊ុនវិនិយោគ មិនព្រមដំណើរការវិនិយោគ
រឿងសណ្ឋាគារនេះ ខ្ញុំអាចឲ្យឧបនាយករដ្ឋមន្រ្តីណាមួយមកសម្ពោធបាន ប៉ុន្តែខ្ញុំមានគោលដៅ ២។ ១ គឺសម្ពោធអាហ្នឹង ដើម្បីផ្ញើសារទៅអ្នកទេសចរទាំងឡាយ ដែលចង់មកកម្សាន្ត គឺនៅលើកោះរុងមានសណ្ឋាគារលំដាប់ផ្កាយ ៥ ហើយ។ ឯ ២ ចង់មករួមចំណែក និយាយរួម មកដើម្បីដាក់ចេញបទបញ្ជាបិទបញ្ចប់នូវស្ថានភាពរ៉ាំរ៉ៃ នៃជម្លោះដីធ្លីនៅលើកោះរុង ហើយមកបិទបញ្ចប់នូវភាពអនាធិបតេយ្យក្នុងការកាប់ឈើ និងការកាប់ទន្ទ្រានយកដីនៅលើកោះរុង។ ម្យ៉ាងទៀត ក៏ជាសារបញ្ជាក់ថា កោះមួយចំនួននៅក្នុងសមុទ្រ ដែលចុះហត្ថលេខារាប់ឆ្នាំហើយនោះ ហើយដែលមិនបានអនុវត្ត ហើយគិតតែពីដើរលក់គម្រោងនោះ គឺគម្រោងអត់មានទេ ទោះបីលោកឯងលក់ក៏ខ្ញុំមិនឲ្យដែរ។ លក់យកលុយគេ អាហ្នឹងជាប់គុកខ្លួនឯងទេ។ ចាប់ដៃគូបាន ប៉ុន្តែមិនអនុញ្ញាតឲ្យលក់នោះទេ។ ហ្នឹងស្ថានភាពពិតប្រាកដ ដែលយើងត្រូវសើរើពិនិត្យមើល ព្រោះចុះហត្ថលេខាហើយ មិនព្រមធ្វើ ដូចកោះទន្សាយ នៅតែទន្សាយហ្នឹង ដកមុនគេ ដកកោះទន្សាយហ្នឹងតែម្តង។ ខ្ញុំបញ្ជាឲ្យដកកោះទន្សាយ។ ពិនិត្យមើលកោះទន្សាយ។ ដូចជាឲ្យ ៣ ក្រុមហ៊ុន ហើយអត់ធ្វើទាំងអស់។ យកវិញទាំងអស់។ រួចហើយស៊ីដាច់ប្រាក់កក់ទៀត កុំសូវពេក។ ល្មមដល់ពេលហើយ។ អ្នកវិនិយោគដែលមានលុយពិតប្រាកដអត់មានកន្លែងវិនិយោគ ព្រោះអាអ្នកអត់លុយហ្នឹងវានៅកាន់កាប់នៅហ្នឹង ហើយយើងអត់ព្រមធ្វើសកម្មភាព …។
រដ្ឋមានតួនាទីដកហូតដីដែលត្រូវបានរំលោភបំពាន
រឿងក្បួនខូច វាមិនចេះចប់។ មានកន្លែងខ្លះ ដូចជាកន្លែងនេះ មានសល់ដីប្រជាពលរដ្ឋមួយចំនួន អញ្ចឹងបានខ្ញុំថាគោរពប្លង់មេ ដោយមានការទន់ភ្លន់។ ទន់ភ្លន់ដោយថា យើងគូសផែនទីនៅលើតែអាប្លង់មេរបស់យើងហ្នឹងគូសនៅវត្ដភ្នំ គូសលើផែនទី ប៉ុន្ដែដល់ជាក់ស្ដែងមានដីប្រជាពលរដ្ឋនៅហ្នឹង។ អញ្ចឹងត្រូវយើងអាចខ្វៀលចេញ ឬក្នុងករណីមិនអាចទៅរួចគឺត្រូវរកដីបន្ថែមឲ្យគាត់នៅកន្លែងផ្សេង ដោយអាចមានការប៉ះប៉ូវ … និយាយរួមអត់មានអ្នកឈ្នះអត់មានអ្នកណាចាញ់ទេ។ បើចាញ់ ចាញ់តែដែលអ្នករំលោភបំពានដីធ្លី ដែលរដ្ឋត្រូវចេញមុខដកហូត មិនមែនក្រុមហ៊ុនចេញមុខដកហូតទេ។ នេះជាតួនាទីរបស់រដ្ឋ ហើយសូមបញ្ជាក់ជូនប្រជាពលរដ្ឋថា កុំយល់ច្រឡំថា កោះទាំងអស់ក្លាយជាកោះឯកជន។ អត់ទេ។ ឯកជនមានសិទ្ធិត្រឹមតែធ្វើការវិនិយោគប៉ុណ្ណោះ។ ដីកោះ ទឹកសមុទ្រនៅតែជារបស់រដ្ឋ។ ត្រូវរួមគ្នាដើម្បីថែទាំកេរមរតកដូនតាដែលបន្សល់ទុកឲ្យយើងនៅក្នុងតំបន់កោះនេះ …៕