សូមទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីប្រទានពរជ័យ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកអង្គរសង្រ្កាន្តលើកទី ៦។ ដែលនេះ ជាឆ្នាំទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានចូលរួម។ ពិតមែនហើយ ខុសពីឆ្នាំមុនៗ ដែលឆ្នាំៗមុននេះ ទេវតាឆ្នាំចាស់បានចាកចេញទៅ និងទេវតាឆ្នាំថ្មីបានមកដល់ ប៉ុន្តែនៅពេលនេះ យើងនៅសល់ជាង ២៤ ម៉ោងទៀត ទើបទេវតាឆ្នាំចាស់នឹងយាងចាកចេញ ហើយទេវតាឆ្នាំថ្មីនឹងបានមកដល់។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវេនទេវតា មិនរារាំងនូវការបើកអង្គរសង្រ្កាន្តរបស់យើងនេះទេ ហើយអង្គរសង្រ្កាន្តរបស់យើងនៅឆ្នាំនេះ ពិតជាធ្វើនៅក្នុងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី សង្ឃឹមថា ទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា។
សង្រ្កាន្តបង្ហាញវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ហើយជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើង។ យើងបានឆ្លៀតឱកាសដើម្បីរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ ហើយនេះជាឆ្នាំទី ៦។ តាមរយៈអង្គរសង្រ្កាន្តនេះ សង្រ្កាន្តនៅកន្លែងដទៃ ដែលឆ្នាំនេះ មានជាង ១០ ខេត្ត ក្រុង នៅទូទាំងប្រទេស បាន និងកំពុងរៀបចំដូចគ្នា។ នេះក៏ជាពេលវេលាដែលយើងបានបង្ហាញនូវវប្បធម៌ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សសម្រាប់ផ្នែកសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សូមស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូត និងតំណាងមិត្តភក្ដិបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់ … យើងពិតជាមានការរីករាយ ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ ដែលជាយុវជនស្ម័គ្រចិត្តទាំងអស់ ដែលឆ្នាំនេះ បានកើនឡើងរហូតទៅដល់ជាង ៤០០០ នាក់ ដើម្បីចូលរួមបម្រើការនៅក្នុងអង្គរសង្រ្កាន្តសម្រាប់ខេត្តសៀមរាប។
ទេសចរចូលរួមសង្ក្រាន្ត ឆ្នាំ ២០១៣ មាន ១៨ ម៉ឺននាក់ និង ២០១៧ មាន ១ លាន ៦ សែន នាក់
អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្ត ឃឹម ប៊ុនសុង បានធ្វើរបាយការណ៍ទាក់ទងជាមួយនឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងរយៈពេលកន្លងទៅ ហើយក្នុងនោះ ក៏បានលើកឡើងទាក់ទងជាមួយនឹងបញ្ហាការរីកចំរើននៅក្នុងខេត្តសៀមរាប ដែលមានមួយផ្នែក ក៏បានមកពីការចូលរួមចំណែកបំផុសឡើងនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅទីនេះ។ បើយោងទៅលើតួលេខនៃការចូលរួមក្នុងរយៈពេលកន្លងទៅ បានបង្ហាញអោយឃើញថា ទេសចរបានកើនពី ១៨ ម៉ឺននាក់នៅឆ្នាំ ២០១៣ ដល់ ៤០ ម៉ឺននាក់នៅឆ្នាំ ២០១៤។ ប្រមាណ ១ លាននាក់នៅឆ្នាំ ២០១៥, ១ លាន ៣ សែននាក់នៅឆ្នាំ ២០១៦ និង ១ លាន ៦ សែននាក់នៅឆ្នាំ ២០១៧។ សង្ឃឹមថា ឆ្នាំនេះ គឺនឹងមានចំនួនកាន់តែច្រើនថែមទៀត ព្រោះថា ប្រជាពលរដ្ឋក៏ចង់មកចូលរួមសប្បាយរីករាយ នៅក្នុងបរិយាកាសដែលយើងរៀបចំកម្មវិធីនៅក្នុងទីកន្លែងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។
ជំនួបត្រីកោណរវាងមនុស្ស វប្បធម៍រូបី និងអរូបី
តាមរយៈនៃការបង្ហាញនូវអ្វី ដែលយើងធ្លាប់បានធ្វើកន្លងទៅនៅទីនេះ ក៏បានបំបែកនូវឯតទគ្គកម្មពិភពលោក តាមរយៈនំអន្សមយក្សទម្ងន់ ៤០៤០ គីឡូក្រាម។ ហើយក៏មានការរាំចង្វាក់ម៉ាឌីហ្សូន(មានមនុស្សរាំ)ចំនួន ២០១៥ នាក់។ ក្រៅពីនោះ តាមការរៀបរាប់នៅក្នុងនេះ ក៏មានឯតទគ្គកម្មថ្នាក់ជាតិ ដូចជា អុកយក្ស ទាញព្រ័ត្រយក្ស អង្រុតយក្ស មួកស្លឹកត្នោតយក្ស កន្ត្រងប្រហុកយក្ស បំពង់ទឹកត្នោតយក្ស ចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស។ ខ្ញុំក៏ចង់ដឹងដែរថា តើយក្សហ្នឹង មានពិតប្រាកដឬអី បានជារបស់ធំៗទាំងអស់ គឺសុទ្ធតែជារបស់យក្ស? សព្វថ្ងៃនេះ យើងមិនដែលបានឃើញយក្សម្ដងណាទេ ប៉ុន្តែតជំនាន់ហើយ មិនមែនត្រឹមមួយឆ្នាំ ពីរឆ្នាំទេ វារាប់ពាន់ឆ្នាំឯណោះ ដោយយោងទៅលើប្រវត្តិ ហើយបើយើងមើលរឿង រាមកេរ្តិ៍ គឺយើងឃើញថា រឿងយក្សនេះ បានកើតឡើងរាប់ពាន់ឆ្នាំហើយ។ អញ្ចឹងទេ តើយក្សមានពិតប្រាកដឬអត់ បើអ្វីៗអោយតែធំ សុទ្ធតែរបស់យក្ស? ប៉ុន្តែយ៉ាងណាក៏ដោយ យើងទទួលយកនូវការហៅយ៉ាងដូច្នេះ របស់ដែលធំ គឺជារបស់យក្សទាំងអស់។ ឥឡូវឆ្នាំនេះ ក៏មានការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើនទៀត ដែលនឹងនាំទៅដល់ខេត្តសៀមរាប រៀបចំនូវការបន្តការរីកលូតលាស់នៅក្នុងសុខសន្ដិភាព។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដោយជំនួបរៀងរាល់ឆ្នាំ ជាជំនួបត្រីកោណរវាងមនុស្ស វប្បធម៍រូបី និងអរូបី ដែលជាបញ្ហាដ៏សំខាន់របស់យើង។ យើងបាននាំមកនូវសិល្បៈ និងទំនៀមទំលាប់គ្រប់ទម្រង់ទាំងអស់ ដែលជាសិល្បៈវប្បធម៌អរូបីមកកាន់ទីតាំងតំបន់ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី តាមរយៈនៃមនុស្សនាំមកកាន់ទីនេះ។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៖ គំនិតច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយ និងជាតម្រូវការរបស់យុវជន
ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័នទាំងអស់ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ និងការគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏សូមថ្លែងនូវការកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ៦ ឆ្នាំជាប់ៗគ្នា។ នេះគឺជាគំនិតច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយ ដែលយើងពិតជាទទួលស្គាល់ថា តម្រូវការរបស់យុវជន ហើយយើងក៏ទទួលស្គាល់នូវភាពច្នៃប្រឌិតរបស់យុវជនរបស់យើងជំនាន់ក្រោយ។ និយាយដល់បញ្ហាយុវជន យើងក៏ត្រូវដឹងថា ដំណាក់កាលមួយៗ មនុស្សទាំងអស់ គឺសុទ្ធតែបានឆ្លងកាត់នូវដំណាក់កាលយុវជន។ យុវជនជំនាន់មុន បានកសាងឡើងសម្រាប់យុវជនជំនាន់ក្រោយ។ ឯយុវជនជំនាន់នេះ ក៏ត្រូវបន្តកសាងសម្រាប់យុវជនជំនាន់ក្រោយៗទៀត។ មានតែយុវជនទេដែលមិនធ្លាប់ចាស់ ប៉ុន្តែមនុស្សចាស់ សុទ្ធតែធ្លាប់បានឆ្លងកាត់នូវដំណាក់កាលយុវជន។
យុវជនទទួលផលប្រយោជន៍ពីសុខសន្ដិភាព ពីការអភិវឌ្ឍជាតិ
ប៉ុន្តែពីដំណាក់កាលមួយទៅដំណាក់កាលមួយ យុវជនពិតជាទទួលបាននូវផលប្រយោជន៍យ៉ាងធំ ពីសុខសន្ដិភាព ពីការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមិនរួញរាជាមួយនឹងការគាំទ្រទាំងឡាយនៃសកម្មភាពរបស់យុវជន និងទុកលទ្ធភាពអោយពួកគេធ្វើនូវកិច្ចការទាំងអស់នោះ។ នៅក្នុងចំណោមយុវជនរបស់យើង ដែលមកចូលរួមនៅទីនេះ ជាង ៤០០០ នាក់ ដែលកើនឡើងជារៀងរាល់ឆ្នាំ បង្ហាញពីសកម្មភាពនៃការចូលរួមទ្រទ្រង់នូវវប្បធម៌ជាតិរបស់យើង។ ឥឡូវនេះ ក្នុងឆ្នាំនេះ សង្រ្កាន្តបានកើតឡើងនូវច្រើនខេត្ត ជាង ១០ ខេត្ត រាជធានី ក៏មានក្រុមយុវជនបានចូលរួមនៅទីនោះ។ នៅក្នុងចំណោមទីនោះ ក៏មានសិល្បករ សិល្បការិនី កីឡាករ កីឡាការិនីរបស់យើង ចូលរួមនៅគ្រប់ទីកន្លែង ក៏បង្ហាញអំពីការចូលរួមរបស់យុវជននៅគ្រប់កម្រិត និងគ្រប់ទីកន្លែង គ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីរបស់យើង។
“សាទរចំពោះមរតកដូនតា” ចូលរួមថែរក្សាការពារកេរ្តិ៍មរតក
ឱកាសមានច្រើនណាស់ ហើយឆ្នាំនេះ ពិតជានឹងនាំមកនូវព្រឹត្តិការណ៍នូវចំណុចថ្មីៗបន្ថែមទៀត តាមរយៈនៃប្រធានបទ “សាទរចំពោះមរតកដូនតា” ដែលលើកយកមកបង្ហាញ ២៣ ទម្រង់ ដែលប្រធាននៃសហភាព សហព័ន្ធយុវជន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ក្នុងនោះ ក៏បានលើកមកអំពីបញ្ហា ព្រៃប្រសិទ្ធី ដែលជាស្នាព្រះហស្ថនិពន្ធរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហនុ និងបុព្វបុរសខ្មែរជាច្រើនទៀតក្នុងវិស័យអក្សរសាស្រ្តខ្មែរ។ យើងពិតជាមានមោទនភាពសម្រាប់ជាតិរបស់យើង ហើយសង្ឃឹមថា តាមរយៈកម្មវិធីក្រមា ដែលវែងជាងគេនៅលើពិភពលោក នឹងកើតចេញជារូបរាង ដែលនឹងអាចឈានទៅបំបែកនូវឯតទគ្គកម្ម(ពិភពលោក)ទី ៣។ សង្ឃឹមថា យើងអាចធ្វើបានក្នុងឋាន
ៈជាជាតិសាសន៍មួយ ដែលដូនតាយើងបានបន្សល់ទុកនូវកេរ្តិ៍មរតក ដែលរីកធំធាត់ ដែលបន្សល់ទុកអោយយើងនៅទីនេះ។
សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំនៅតែសួរខ្លួនឯងថា តើដូនតាយើងបានកសាងអង្គរវត្តនេះ ដោយរបៀបណា? អ្នកខ្លះថា កសាងតាមរបៀបនេះ អ្នកខ្លះថា កសាងតាមរបៀបនោះ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំនៅតែសួរខ្លួនឯងថា ព្រោះរឿង(កសាងអង្គរវត្តនេះ)វាធំធេងពេក។ ឥឡូវហ្នឹង យើងមានសុទ្ធតែគ្រឿងចក្រដែលលើកដុំថ្ម(ធំៗ) លើកអ្វីបាន ប៉ុន្តែដំណាក់កាលនោះ គ្មានទេនូវគ្រឿងចក្រសម្រាប់លើកទំងន់ ហើយនិងការផ្គុំឡើង សាងសង់ឡើងតាមរចនាបទ ហើយបន្សល់ទុកអោយយើងរាប់ពាន់ឆ្នាំបែបនេះ។ យើងពិតជាមានមោទនភាព ហើយយើងក៏នឹងខិតខំបន្តស្នាដៃថែទាំនូវអ្វីដែលជាសម្បត្តិធម្មជាតិនៅក្នុងតំបន់នេះ ក៏ដូចជាតំបន់ផ្សេងទៀត។
ប្រជាពលរដ្ឋរស់នៅជិតខាងចូលរួមការពារ និងអភិរក្ស បេតិកភណ្ឌប្រវត្តិសាស្រ្ត
កន្លងទៅនេះ ជាមួយនឹងខួបអនុស្សាវរីយ៍ នៃការដាក់អង្គរវត្តទៅជាបេតិកភណ្ឌពិភពលោក ជាមួយនឹងការដាក់ប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោក, ឆ្នាំកន្លងទៅ យើងក៏បានដាក់ប្រាសាទសម្បូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក យើងនឹងបន្តដាក់នូវប្រាង្គប្រាសាទនានាបន្ថែមទៀត ទៅជាបេតិកភណ្ឌពិភពលោក ដើម្បីជាការចូលរួមចំណែកពីសហគមន៍អន្តរជាតិ ដើម្បីការពារបេតិកភណ្ឌរបស់យើង។ ក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋដែលរស់នៅជិតខាង ឬក៏ចង់ធ្វើអាជីវកម្មនៅក្នុងតំបន់ដែលត្រូវបានទទួលនូវការការពារ និងការអភិរក្ស សូមមេត្តាផ្ដល់ការយោគយល់ ផ្ដល់ការចូលរួម ដើម្បីការពារ និងអភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត។ សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល ត្រូវទុកមេមាន់នេះ ដើម្បីអោយវាពង មានស៊ុតទទួលទាន មានកូនចៅតទៅទៀត។ ធ្វើយ៉ាងណាជៀសវាងនូវការរុករានទន្រ្ទានចូលទៅក្នុងតំបន់ហាមឃាត់ ដែលនឹងធ្វើអោយប្រាង្គប្រាសាទរបស់យើងដែលបានដាក់ចូលទៅជាបេតិកភណ្ឌពិភពលោកហើយនោះ បាត់បង់នូវលក្ខណៈសម្បត្តិ ហើយអាចនឹងអង្គការយូនីស្កូបញ្ចេញផុតពីបញ្ជីបេតិកភណ្ឌពិភពលោកផង។ មិនមែនគ្រាន់តែបេតិកភណ្ឌពិភពលោក ដែលយើងបានដាក់ទាំង ៣ រួចមកហើយទេ ប្រាង្គប្រាសាទដទៃទៀត ក៏ត្រូវខិតខំការពារ ហើយនិងរៀបចំគ្រប់លក្ខណសម្បត្តិ ដើម្បីចូលទៅជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ។
អង្គរសង្រ្កាន្តបានផ្ដល់តម្លៃបន្ថែមសម្រាប់ខេត្តសៀមរាប
… ងាកមកមើលអង្គរសង្រ្កាន្តរបស់យើង តាមរយៈនៃបទពិសោធន៍ ៥ ឆ្នាំកន្លងទៅ បានបង្ហាញច្បាស់ថា អង្គរសង្រ្កាន្តបានផ្ដល់តម្លៃខ្ពស់ និងផលប្រយោជន៍ច្រើនណាស់ដល់ប្រជាជន និងសង្គមជាតិ ដែលក្នុងនោះ៖ ទី ១ អង្គរសង្រ្កាន្តបានផ្ដល់តម្លៃបន្ថែមសម្រាប់ខេត្តសៀមរាប ដោយរួមចំណែកការច្នៃគ្រាប់ពេជ្ររបស់ខេត្តអោយកាន់តែមានភាពទាក់ទាញ។ ខេត្តសៀមរាបបានទទួលនូវផលប្រយោជន៍យ៉ាងច្រើន។ ប្រជាជននៅក្នុងខេត្តសៀមរាប បានទទួលនូវផលប្រយោជន៍តាមរយៈការរីកលូតលាស់នៅក្នុងខេត្តសៀមរាបរបស់យើង ដែលអម្បាញ់មិញ ឯកឧត្តមអភិបាលខេត្ត ឃឹម ប៊ុនសុង បានលើកឡើងថា សណ្ឋាគារមានជាង ២០០ សណ្ឋាគារទៅហើយ។ ខ្ញុំនៅចាំបានថា យើងចាប់ផ្ដើមនូវសៀមរាបនេះ តែសណ្ឋាគារចាស់ ២ តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងមានសណ្ឋាគារជាង ២០០ សណ្ឋាគារ ដោយមិនទាន់គិតពីផ្ទះសំណាក់ផ្សេងទៀត។
នយោបាយបើកចំហជើងមេឃ ការហោះហើរត្រង់មកខេត្តសៀមរាប
ខ្ញុំពិតជាមានមោទនភាពអំពីនយោបាយបើកចំហជើងមេឃ ដែលខ្ញុំសម្រេចចិត្ត និងធ្វើសកម្មភាព ដើម្បីនាំមកនូវការហោះហើរត្រង់ពីប្រទេសដទៃ ចុះចតនៅខេត្តសៀមរាប។ ពេលនោះ មានអ្នកដែលរកស៊ីក្នុងវិស័យទេសចរណ៍ សេវាទេសចរណ៍មួយចំនួននៅទីក្រុងភ្នំពេញ ត្រៀមរៀបចំធ្វើបាតុកម្មប្រឆាំងនឹងការបើកចំហជើងមេឃរបស់ខ្ញុំ។ ប៉ុន្តែឥឡូវអ្នកទាំងនោះ បានទទួលស្គាល់ថា ការបើកចំហជើងមេឃសម្រាប់ខេត្តសៀមរាប វាក៏ផ្ដល់ផលប្រយោជន៍សម្រាប់ពួកគេធ្វើទេសចរណ៍នៅឯទីក្រុងភ្នំពេញផងដែរ។ ប្រសិនបើយើងមិនបើកចំហជើងមេឃសម្រាប់ការហោះហើរត្រង់មកកាន់ទីនេះ តើមានអ្នកណានឹងវិនិយោគធ្វើសណ្ឋាគារនៅទីនេះ? ច្បាស់ណាស់ បើគ្រាន់តែមកព្រឹកទៅវិញល្ងាច ហើយគ្រាន់តែធ្វើដំណើរតាមទីក្រុងភ្នំពេញ វាមិនគ្រប់គ្រាន់ទេ។ ដូច្នេះ ក្នុងវិស័យទេសចរណ៍ យើងបើកចំហជើងមេឃ បើកចំហជើងទឹក និងបើកចំហជើងគោក ដូច្នេះទេសចរនៅក្នុងប្រទេសជិតខាងរបស់យើង គេអាចធ្វើដំណើរមកតាមផ្លូវគោក ហើយគេក៏អាចធ្វើដំណើរមកតាមផ្លូវទឹក ទាំងតាមសមុទ្រ ក៏ដូចជាតាមទន្លេរបស់យើងផងដែរ។
អង្គរសង្ក្រាន្តផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាប តាមរយៈនយោបាយចំហជើងមេឃ
(១) ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទទួលបាននូវអត្ថប្រយោជន៍ពីការស្នាក់នៅ តាមរយៈមិនគ្រាន់តែសណ្ឋាគារទេ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន មានបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវ មិនថាភ្ញៀវក្រៅប្រទេស និងក្នុងប្រទេសនោះទេ សុទ្ធតែបានទទួលផលប្រយោជន៍អំពីនយោបាយបើកចំហជើងមេឃរបស់យើង។ ការស្នាក់នៅ ការដឹកជញ្ជូន ការលក់វត្ថុអនុវស្សាវរីយ៍ និងការធ្វើសកម្មភាពសេវាដទៃទៀត ពាក់ព័ន្ធជាមួយនឹងទេសចរណ៍ សុទ្ធតែផ្តល់នូវតម្លៃសម្រាប់ការរីកលូតលាស់របស់ប្រជាជនយើង និយាយជារួម និងនិយាយដោយឡែកគឺ ខេត្តសៀមរាប។
ការនាំចេញនៅនឹងកន្លែង
ក្នុងនោះក៏មានការនាំចេញនៅនឹងកន្លែង នៅក្នុងខេត្តសៀមរាប មិនតិចទេ។ នយោបាយរបស់ខ្ញុំដែលបានដាក់ចេញ មិនមែនសំដៅថាការនាំចេញ ទាល់តែនាំចេញឆ្លងកាត់ព្រំដែន ទើបហៅថាការនាំចេញទេ។ តាំងពី ២០ ឆ្នាំមុននោះ ខ្ញុំបាននិយាយថាជំរុញការនាំចេញនៅនឹងកន្លែងតាមរយៈនៃការជំរុញការដាំដុះ ការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទៅតាមសណ្ឋាគារ ដែលមានទេសចរស្នាក់នៅ ទេសចរមិនបានវេចអង្ករ ឬនំបុ័ងមកជាមួយនោះទេ។ ទេសចរពិតជាមកទទួលទាន។ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារបច្ចុប្បន្ននេះគឺទេសចរ ដែលមកកាន់ប្រទេសយើងចង់ស្គាល់ម្ហូបខ្មែរ។
មិត្តភក្តិបរទេសអាចទទួលទានម្ហូបខ្មែរ
ថ្ងៃមុននេះ ខ្ញុំទទួលរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ជប៉ុន និងទទួលទានអាហារជាមួយគ្នា។ គាត់បានស្នើសុំពីទីក្រុងតូក្យូ មកថានៅពេលជំនួបអាហារថ្ងៃត្រង់ជាមួយនឹងនាយករដ្ឋមន្ត្រី តើអាចផ្តល់ឲ្យគាត់ហូបម្ហូបអាហារខ្មែរបានឬអត់? ខ្ញុំបានរៀបចំម្ហូបខ្មែរសម្រាប់គាត់ទទួលទាន។ ខ្ញុំពិនិត្យឃើញថាគាត់មិនមែនទទួលទានតិចតួចនោះទេ ហើយមិនមែនគ្រាន់តែធ្វើជាឆ្ងាញ់នៅមុខយើងទេ។ គាត់ទទួលទានអស់ៗពីចានតែម្តង។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានមកថ្ងៃហ្នឹងគឺរដ្ឋមន្ត្រីការបរទេសជប៉ុន គឺទទួលទានអាហារអស់ៗពីចានតែម្តង។ គឺបានសេចក្តីថាម្ហូបខ្មែរក៏អាចទទួលទានបាន។ ដូច្នេះសង្ឃឹមថាមិត្តភក្តិបរទេសនៅទីនេះអាចស្គាល់ម្ហូបខ្មែរ។
អង្គរសង្រ្កាន្ត ផ្តល់ភាពរីករាយឆ្នាំថ្មីប្រពៃណីជាតិ ស្នាមញញឹមចេញពីទឹកចិត្តបងប្អូនខ្មែរ និងភ្ញៀវអន្តរជាតិ
ទី២, អង្គសង្រ្កាន្តបានផ្តល់នូវភាពសប្បាយរីករាយ អបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិ និងស្នាមញញឹម ដែលចេញពីទឹកចិត្តបងប្អូនខ្មែរយើង និងភ្ញៀវអន្តរជាតិដែលបានមកចូលរួម។ ថ្ងៃនេះពិតណាស់ហើយនៅពេលល្ងាច ឬនៅពេលយប់មាននូវការកម្សាន្តសប្បាយ ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។ ឆ្នាំនេះសុំរាំសារ៉ាវ៉ាន់ ឲ្យបានច្រើនបន្តិច។ ពិតមែនហើយអ្នកជំនាញអក្សរសាស្ត្រ អ្នកជំនាញខាងប្រពៃណីរបស់យើង សារ៉ាវ៉ាន់ គឺមានប្រភពដើមដែលចេញភាគច្រើនមកពីឡាវ។ ប៉ុន្តែសារ៉ាវ៉ាន់ ក៏បានទៅជាផ្នែកនៃរបាំខ្មែរ របស់យើងផងដែរ។ ឆ្នាំមុន ឆ្នាំទៅមួយ យើងរាំញីកែងជើង ដល់ឆ្នាំបន្ទាប់យើងរាំ អញ្ចេក ឆ្នាំនេះយើងគួរតែរាំ សារ៉ាវ៉ាន់ ឲ្យបានច្រើនបន្តិច។ … ខ្ញុំក៏បានឃើញនូវការផ្សព្វផ្សាយមួយថា ក្រៅពីបញ្ចប់នូវការរាំវង់ជួបជុំរាំលេងនៅក្នុងតំបន់អង្គរសង្ក្រាន្តនេះ ក៏មានតំបន់អង្គរ ឃ្យុងយូ ក៏មានប្រគុំតន្ត្រីដ៏ធំរបស់ទូរទស្សន៍ហង្សមាស ផងដែរ។ ដូច្នេះឆ្នាំនេះពិតជាមានប្រជាជនចូលរួមច្រើន ហើយសង្ឃឹមថាប្រជាពលរដ្ឋ នឹងទទួលបានផលប្រយោជន៍ ពីការស្នាក់នៅ ការលក់ឥវ៉ាន់ និងរបស់របរហូបចុក។ ក៏ប៉ុន្តែខ្ញុំក៏សូមអំពាវនាវថាដើម្បីរក្សាតម្លៃ និងទាក់ទាញឲ្យកាន់តែច្រើន គឺមិនត្រូវបង្កើនថ្លៃហួសហេតុពេកនោះទេ។
អង្គរសង្ក្រាន្ត ឆ្លុះបញ្ចាំងពីសាមគ្គីភាព ឯកភាព មិត្តភាព គ្រួសារខ្មែរ
ទី៣, អង្គរសង្រ្កាន្តគឺជាព្រឹត្តិការណ៍ឆ្លុះបញ្ជាំង អំពីឯកភាព សាមគ្គីភាព មិត្តភាព ស្មារតីគ្រួសារខ្មែរ សេចក្តីអំណរសាទរ ភាពសុខដុម សុភមង្គល និងមោទនភាពក្នុងចំណោមយុវជន ក៏ដូចជាប្រជាជនទូទាំងប្រទេសជាគ្រួសារតែមួយ។ យើងគ្មានការបែងចែករើសអើងណាមួយ សម្រាប់ក្រុមនេះ ឬក្រុមនោះ។ វាជារបស់យើងទាំងអស់គ្នា។ ដូច្នេះយើងមានសិទ្ធិនឹងសប្បាយរីករាយជាមួយគ្នា។ បើទោះបីជាមានអ្វីកើតឡើងក៏ដោយ គេក៏ត្រូវទម្លាក់ចោលនៅក្នុងឱកាសនៃការចូលឆ្នាំប្រពៃណីនេះសិន។ ឆ្នាំចាស់កន្លងផុតទៅ ជាមួយនឹងពរជ័យសម្រាប់ឆ្នាំថ្មីរបស់យើង។
អង្គរសង្ក្រាន្តបង្ហាញពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីសាសនាពីសម័យមហានគរ
ឯ ទី៤, អង្គរសង្ក្រាន្តជាឱកាសដើម្បីបង្ហាញដល់អន្តរជាតិ និងមិត្តភក្តិបរទេស អំពីភាពរុងរឿង និងភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីសាសនា តាំងពីសម័យមហានគរ រហូតដល់ពេលបច្ចុប្បន្ននេះ។ នេះក៏ជាឱកាសដែលមុននេះ នៅក្នុងសម័យសង្គ្រាម ការបែកបាក់របស់កម្ពុជា របបប្រល័យពូជសាសន៍។ គេស្ទើរតែភ្លេចកម្ពុជាទៅហើយ ក៏ប៉ុន្តែតាមរយៈនៃសកម្មភាពនានាដែលយើងបានប្រឹងប្រែង កម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលឆ្នាំកន្លងផុតទៅយើងមាន ៥ លាន ៧ សែននាក់ នៃទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជារៀងរាល់ឆ្នាំខ្ញុំតែងតែឃើញថា ភ្ញៀវទេសចរបរទេសបានមករាំកម្សាន្តសប្បាយ ជាមួយនឹងប្រជាពលរដ្ឋរបស់យើង។ ហើយប្រជាពលរដ្ឋរបស់យើង ក៏បានផ្តល់នូវស្នាមញញឹម នឹងរាំជាមួយនឹងមិត្តភក្តិបរទេសដែលជាភ្ញៀវទេសចរ …។
គំនិតច្នៃប្រឌិតអង្គរសង្ក្រាន្ត នាំអោយកើតមានសង្ក្រាន្តនៅច្រើនកន្លែង
ទី៥, តាមរយៈនៃគំនិតច្នៃប្រឌិតនេះហើយតាមរយៈអង្គរសង្ក្រាន្ត សង្ក្រាន្តក៏បានកើតនៅកន្លែងដទៃទៀត ដូចដែលខ្ញុំបញ្ជាក់រួចទៅហើយ។ ឆ្នាំនេះមានសង្ក្រាន្តនៅឯទីក្រុងភ្នំពេញ គឺមានសង្ក្រាន្តពីរ សង្ក្រាន្តវត្តភ្នំ និងពោធិ៍សែនជ័យ។ នៅខេត្តកណ្តាលមានសង្ក្រាន្ត នៅភ្នំព្រះរាជទ្រព្យ មានសង្រ្កាន្តស្វាយរៀង សង្រ្កាន្តព្រៃវែង សង្រ្កាន្តថ្មីសម្បូរព្រៃគុក ខេត្តកំពង់ធំ សង្ក្រាន្តបន្ទាយមានជ័យ សង្ក្រាន្តកំពង់ស្ពឺ សង្ក្រាន្តបាត់ដំបង សង្ក្រាន្តកោះកុង សង្រ្កាន្តកំពត សរុបទៅយើងមាន ហើយមានរហូតទៅដល់សង្ក្រាន្តនៅឯសាធារណរដ្ឋកូរ៉េ ឯណោះ។ ដោយសារយើងមានពលរដ្ឋរបស់យើង និងនិស្សិតរបស់យើងដែលធ្វើការនៅកូរ៉េ ប្រមាណជា ៥ម៉ឺននាក់។ ដូច្នេះក៏មានពិធីរៀបចំនៅទីនោះផងដែរ។ ខ្ញុំអបអរសាទរជាមួយនឹងយុវជន ក៏ដូចជាសិល្បករ/សិល្បការិនី កីឡាករ/កីឡាការិនី ដែលបានចូលរួមសង្ក្រាន្តនៅទីនេះ ក៏ដូចជាសង្ក្រាន្តនៅកន្លែងផ្សេង។
គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានការជួបជុំសប្បាយរីករាយ
ឥឡូវនេះ យើងពិតជាបានឃើញយ៉ាងច្បាស់ថា តម្លៃសុខសន្តិភាព វាមានយ៉ាងម៉េចសម្រាប់យើង? ឆ្នាំនេះប្រជាពលរដ្ឋពិតជាធ្វើដំណើរលេងកម្សាន្តសប្បាយដូចជាឆ្នាំមុនៗដែរ។ ខ្ញុំបានទទួលបានព័ត៌មានអំពីការរៀបចំសម្រាប់សាលារាជធានីភ្នំពេញ ដែលឆ្នាំនេះចេញរថយន្ត ៦០ គ្រឿង សម្រាប់ការជួយដឹកជញ្ជូនប្រជាពលរដ្ឋដើម្បីបញ្ចៀសការឡើងថ្លៃ។ ម្សិលមិញបានធ្វើដំណើររាប់ពាន់នាក់ចាកចេញ ហើយថ្ងៃនេះរហូតទៅដល់ថ្ងៃទី ១៨ ដែលរថយន្ត ៦០ គ្រឿងនេះធ្វើដំណើរមកខេត្តសៀមរាបផងដែរ ដើម្បីកាត់បន្ថយការលំបាកនៃប្រជាជនរបស់យើង។ វាពិតណាស់គ្មានសន្តិភាព វាក៏គ្មានការអភិវឌ្ឍណាមួយ ហើយក៏គ្មានការជួបជុំសប្បាយរីករាយនោះដែរ។ គេមិនអាចឃើញព្រឹត្តិការណ៍នៃការជួបជុំសប្បាយរីករាយក្រោមគ្រាប់បែក ក្រោមគ្រាប់ប្លោងទេ។
សូមមើលទៅប្រទេសស៊ីរី តើប្រទេសស៊ីរីមានលទ្ធភាពដើម្បីនឹងរៀបចំនូវការសប្បាយរីករាយនេះទេ? បើប្រទេសនេះនៅតែហែកហួរដោយសង្គ្រាម។ សូម្បីតែពេលនេះ កងទ័ពយើងដែលកំពុងឈរជើងនៅប្រទេសលីបង់ នៅស៊ូដង់ខាងត្បូង នៅអាហ្វ្រិកកណ្តាល និងនៅប្រទេសម៉ាលី ប្រហែលកំពុងមើលតាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទីនេះ។ នៅទីនោះ សូម្បីតែទីតាំងបន្ទាយកងទ័ពរបស់យើងនៅប្រទេសម៉ាលីកាលពីប៉ុន្មានជិត ៣ អាទិត្យមុននេះ បានទទួលនូវការវាយប្រហារដោយក្រុមឧទ្ទាម ប៉ុន្តែជាភ័ព្វសំណាងកម្លាំងប្រដាប់អាវុធ កម្លាំងទ័ពរបស់យើងនៅទីនោះមិនបានគ្រោះថ្នាក់ទេ។ នេះហើយគឺជាបច្ច័យនៃសង្គ្រាម ហើយក៏ត្រូវដឹងអំពីតម្លៃនៃសន្តិភាព។ … ច្បាស់ណាស់ថា មរតកដូនតាត្រូវបានរំលេចឡើងតាមរយៈនៃសន្តិភាព ហើយសន្តិភាពនោះរបស់យើងបានប្រឹងប្រែងដោយការលំបាក។
ខិតខំការពារសន្តិភាព ធានាការអភិវឌ្ឍរឹងមាំ មិនធ្លាក់ទៅក្នុងសង្គ្រាម
យើងត្រូវខិតខំការពារនូវសន្តិភាពនេះ ដើម្បីធានាថា ប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលធានាការអភិវឌ្ឍដ៏រឹងមាំ ហើយមិនធ្លាក់ទៅក្នុងសង្គ្រាមរ៉ាំរ៉ៃដូចពីអតីតកាលនោះទេ។ ទោះដោយតម្លៃណាក៏ដោយ យើងត្រូវតែតម្កល់ថា សន្តិភាពគឺចំបង។ ប្រទេសខ្លះចាត់ទុកថា នេះជាចំបង នោះជាចំបង ប៉ុន្តែត្រូវមើលឲ្យច្បាស់ថា បើគ្មានសន្តិភាពទេ តើមានការអភិវឌ្ឍមកពីណា បើគ្មានសន្តិភាពទេ តើយើងអាចជួបជុំគ្នានៅទីនេះបាន។ ខ្ញុំនៅចាំបានថា នៅក្នុងឆ្នាំ ១៩៨៩ កំពុងតែចាប់ផ្តើមធ្វើពេលនោះ គឺចាប់ផ្តើមរៀបចំដើម្បីឈានទៅសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំបានធ្វើដំណើរជាមួយនឹងសម្តេច ទៀ បាញ់ និងអ្នកដឹកនាំផ្សេងទៀត ដើម្បីត្រួតពិនិត្យនូវទិសបាត់ដំបង បន្ទាយមានជ័យ ហើយមកដល់ខេត្តសៀមរាបនេះ។ គ្រាន់តែត្រឹមពីខេត្តសៀមរាបនេះ ទៅកាន់ទីរួមខេត្តសៀមរាប និងទៅកាន់បន្ទាយស្រី ការធ្វើដំណើររបស់ខ្ញុំត្រូវយករថក្រោះ T ៥៤ ប៉ុន្មានគ្រឿងនោះ ដើម្បីការពារការធ្វើដំណើររបស់ខ្ញុំនៅពេលនោះ។ ប៉ុន្តែឥឡូវនេះ តើមានការចាំបាច់ដើម្បីនឹងធ្វើដូច្នេះទេ? វាមិនមានការចាំបាច់ ដើម្បីនឹងធ្វើដូច្នេះទេ។ ចំណុចនេះ កាន់តែបង្ហាញច្បាស់ថាត្រូវតែយកចិត្តទុកដាក់ ទោះដោយតម្លៃណាក៏ដោយការពារឲ្យបាននូវសន្តិភាពទុកជាមុន។
កត្តា ៤ យ៉ាង ធ្វើអោយប្រជាជនសប្បាយរីករាយក្នុងក្របខណ្ឌទូទាំងប្រទេស
ឆ្នាំនេះប្រជាជនបន្តការសប្បាយរីករាយ ហើយការសប្បាយរីករាយនេះ ខ្ញុំព្រះករុណាខ្ញុំ អាចសរុបបានថា យើងមានកត្តា ៤ យ៉ាង ដែលធ្វើឲ្យប្រជាជនសប្បាយរីករាយនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស វាមិនខុសពីឆ្នាំមុនៗដែរ គឺចាប់ផ្តើមពី កត្តាទី ១ សន្តិភាពដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរដោយគ្មានការភ័យខ្លាច។ អតីតកាលដ៏ឈឺចាប់បានបង្ហាញយើងថា ប្រទេសកម្ពុជាមួយដែលមានតំបន់ត្រួតត្រាច្រើន គឺត្រូវបានបិទបញ្ចប់នៅឆ្នាំ ១៩៩៨ ដែលឆ្នាំនេះជាខួបលើកទី ២០ ដែលការសម្រេចបាននូវសន្តិភាព ឯកភាពជាតិទាំងស្រុង។
ខ្ញុំគ្រាន់តែលើកបង្ហាញបន្តិច ព្រះករុណា ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំខ្លាងណាស់ដើម្បីនាំមកនូវឯករាជ្យជាតិ ឆ្នាំ ១៩៥៣ ហើយព្រះអង្គក៏បានខិតខំខ្លាំងណាស់ដែរ ដើម្បីឲ្យមានការបង្រួបបង្រួមជាតិ តាមរយៈការរៀបចំការបោះឆ្នោតនៅឆ្នាំ ១៩៥៥ ប៉ុន្តែការបង្រួបបង្រួមក្នុងកាលៈទេស
ៈនោះគឺបានត្រឹមតែរយៈពេល ៤ ទៅ ៥ ឆ្នាំតែប៉ុណ្ណោះ ក៏មានផុសឡើងនូវកម្លាំងប្រដាប់អាវុធសាជាថ្មីម្តងទៀត គឺខ្មែរក្រហមបោះទីតាំងនៅរាយប៉ាយទូទាំងប្រទេស ដែលគេហៅថាខ្មែរខៀវ គឺនៅតាមព្រំដែនកម្ពុជាថៃ និងខ្មែរសនៅតាមព្រំដែនកម្ពុជាវៀតណាម ដែលពេលនោះអាចនិយាយបានថា កម្ពុជាមានតំបន់ត្រួតត្រា ៤ មួយគឺរដ្ឋាភិបាល ទីពីរគឺខ្មែរក្រហម ទីបីគឺខ្មែរខៀវ ទីបួនគឺខ្មែរស។ ខ្ញុំមិនដឹងថា ខ្មែរក្រហម ខ្មែរខៀវ ខ្មែរស្អីទេ ប៉ុន្តែខ្ញុំហៅតាមគេយ៉ាងដូច្នេះ ប៉ុន្តែប្រវត្តិខ្មែរយើងយ៉ាងដូច្នេះ។
ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ប្រទេសកម្ពុជាយើងបានបែងចែកជាតំបន់ត្រួតត្រា ២ ម្ខាងគឺរដ្ឋកាល លន់ នល់ ម្ខាងទៀតគឺតំបន់រំដោះរបស់សម្តេច ព្រះនរោត្តម សីហនុ។ បន្ទាប់ទៅឆ្នាំ ១៩៧៥ ដល់ ១៩៧៩ យើងស្ថិតនៅក្នុងរបប ប៉ុល ពត ប៉ុន្តែយើងគិតពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាយើងបានបែងចែកជាតំបន់ត្រួតត្រាបួនសាជាថ្មីឡើងវិញ តំបន់ត្រួតត្រាមួយរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ តំបន់ត្រួតត្រាទីពីរគ្រប់គ្រងដោយខ្មែរក្រហម តំបន់ត្រួតត្រាទីបីគ្រប់គ្រងដោយរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងតំបន់ត្រួតត្រាមួយទៀត ដោយកម្លាំងហ៊្វុនស៊ិនប៉ិច។
ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានប៉ុន្តែអ៊ុនតាក់មិនអាចសម្រេចបាន ពេលដែលអ៊ុនតាក់បានចំណាយប្រាក់ ២ ពាន់លានដុល្លារ អ៊ុនតាក់បានដកត្រឡប់ទៅវិញ ដោយបន្សល់ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដា្ឋភិបាលពីរនៅកម្ពុជា។ ក្នុងន័យនេះមានតែជនជាតិកម្ពុជាយើងទេ ដែលធ្វើសកម្មភាពក្នុងក្របខណ្ឌនៃនយោបាយឈ្នះឈ្នះ។ ខ្ញុំធ្លាប់បាននិយាយហើយ ម្តាយរបស់ខ្ញុំ ម្តាយធំរបស់ខ្ញុំ ធ្លាប់សួរខ្ញុំថា ពេលដែលឯងចូលទៅក្នុងតំបន់ខ្មែរក្រហមមិនខ្លាចខ្មែរក្រហមបាញ់សម្លាប់ទេអី? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញថា ប្រសិនបើស្លាប់ ស្លាប់តែខ្លួនខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើបានមកវិញ បានទាំងផែនដីទាំងមូលមកតែម្តង។
ពិតណាស់ ចាប់ពីពេលនោះមកដល់ពេលនេះ ដែនដីកម្ពុជាឯកភាព ២០ ឆ្នាំរួចមកហើយ។ ព្រះបរមរតនកោដ្ឋព្រះអង្គបានខិតខំ ប៉ុន្តែការឯកភាពក្នុងកាលៈទេសៈនោះមានតែ ៤ ឬ ៥ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងមានការឯកភាពដោយគ្មានតំបន់អបគមន៍ គ្មានកម្លាំងត្រួតត្រា គ្មានកម្លាំងប្រដាប់អាវុធផ្សេងៗទៀត ហើយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ រយៈពេល ២០ ឆ្នាំ។ បទពិសោធន៍ដែលប្រជាជនទទួលបាននូវសុខសន្តិភាពនេះហើយ ដែលប្រជាជនអាចធ្វើដំណើរបាន។
មុននេះពីតំបន់មួយទៅតំបន់មួយសុទ្ធតែដាក់មីន ចូលតំបន់ ឆ្លងតំបន់អត់បានទេ គឺខ្សែត្រៀម … ឥឡូវប្រជាពលរដ្ឋធ្វើដំណើរដោយគ្មានការភ័យខ្លាច។ គេធ្វើដំណើរទាំងយប់ គេធ្វើដំណើរទាំងថ្ងៃ ខ្លះគេចូលចិត្តធ្វើដំណើរក្នុងពេលយប់ ដោយសារវាត្រជាក់ ហើយងាយស្រួលនៅក្នុងការធ្វើដំណើរដោយមិនស្ទះចរាចរណ៍។ នេះជាកត្តាទី ១ ដែលផ្ដើមចេញពីសន្ដិភាព។ ខ្ញុំនៅតែសង្កត់ធ្ងន់លើសន្ដិភាព ព្រោះលើការជាក់ស្ដែងយ៉ាងដូច្នេះ គ្មានប្រទេសណាមួយលើលោក មានក្បាលដែកទៅប្រឈមជាមួយនឹងគ្រាប់កាំភ្លើង ទៅសប្បាយរីករាយជាមួយនឹងគ្រាប់កាំភ្លើងនោះទេ។
កត្តាទី ២ ហេដ្ឋារចនាសម្ព័ន្ធ ដែលយើងកសាងបានក្នុងរយៈពេលកន្លងទៅ។ ហេដ្ឋារចនាសម័្ពន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតអោយប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង។ ឥឡូវនេះ នៅប្រទេសរបស់យើងនៅសល់តែចន្លោះម្ដុំសំឡូត កាត់មកថ្មដា ហើយចេញពីថ្មដាទៅខេត្តពោធិ៍សាត់ ហើយចេញពីពោធិ៍សាត់ ទៅខេត្តកោះកុងតែប៉ុណ្ណោះ ដែលមិនទាន់មានផ្លូវដើម្បីភ្ជាប់ ហើយគេតម្រូវអោយធ្វើដំណើរ ដូចជាទៅថ្មដា ត្រូវវិលត្រឡប់មកពោធិ៍សាត់វិញ។ យើងកំពុងសាងសង់ផ្លូវនៅទីនោះ ប៉ុន្តែ ដូចជាការធ្វើដំណើរសម្រាប់មកកាន់ខេត្តសៀមរាប អ្នកដែលធ្វើដំណើរចេញពីទីក្រុងភ្នំពេញ ទៅកម្សាន្តនៅខេត្តក្រចេះ ហើយបន្តទៅកម្សាន្តនៅខេត្តមណ្ឌលគិរី គេមិនចាំបាច់វិលថយក្រោយទេ គេតម្រង់ទៅរតនគិរី ហើយគេក៏មិនចាំបាច់វិលមកមណ្ឌលគិរីដែរ គេទៅតាមស្ទឹងត្រែង។ ទៅដល់ស្ទឹងត្រែង គេក៏មិនចាំបាច់ថយទៅរតនគិរី ឬក៏មកក្រចេះ ឬគេចង់ទៅតាមក្រចេះក៏គេទៅបាន។ ប៉ុន្តែគេក៏អាចបកទៅតាមផ្លូវជាតិលេខ ៩ និងឆ្លងទន្លេមេគង្គដោយស្ពាន ហើយតភ្ជាប់មកខេត្តព្រះវិហារ។ ចុះពីខេត្តព្រះវិហារមក គឺគេអាចធ្វើដំណើរមកតាមកំពង់ធំ ហើយត្រឡប់មកភ្នំពេញវិញ ឬក៏មកសៀមរាប តាមអ្វីដែលគេចង់។
ហេដ្ឋារចនាសម័្ពន្ធ ពិតជាមានតម្លៃសម្រាប់យើងទាំងអស់គ្នា ដែលនេះ រាជរដ្ឋាភិបាលនឹងបន្តការខិតខំតទៅទៀត។ ឆ្នាំនេះ ប្រជាជនធ្វើដំណើរមកកាន់ខេត្តសៀមរាបរបស់យើង អាចនិយាយបានថា ធ្វើដំណើរដោយមានការសប្បាយរីករាយជាមួយនឹងផ្លូវថ្មី ដែលចេញពីទីក្រុងភ្នំពេញ មកកាន់ទីក្រុងសៀមរាបរបស់យើង។ មុននេះ គ្រោងសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា ក៏ប៉ុន្តែក៏ត្រូវបានលើកពេល ដោយសារតែមានធុរៈផ្សេង។ ក៏ប៉ុន្តែទោះបីសម្ពោធ ឬមិនសម្ពោធ បានបើកអោយប្រើប្រាស់រួចទៅហើយ។ មុននេះ ប្រជាពលរដ្ឋរបស់យើងជួបការលំបាកណាស់នៅក្នុងការធ្វើដំណើរដោយគ្មានការតភ្ជាប់ គ្មានហេដ្ឋារចនាសម័្ពន្ធតភ្ជាប់។
ឯកត្តាទី ៣ គឺមធ្យោបាយធ្វើដំណើរ។ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង មានកាន់តែច្រើន ខ្លះក៏ធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួនដែលពួកគេមាន ខ្លះក៏ធ្វើដំណើរទៅតាមមធ្យោបាយរបស់វិស័យឯកជន តាមរយៈរថយន្តឈ្នួល ឬតាក់ស៊ីជាដើម។ ខ្ញុំសួរគយថ្ងៃមុន ឥឡូវនេះ មួយខែ គឺការនាំចូល និយាយពីម៉ូតូយកមកលក់នៅក្នុងប្រទេសកម្ពុជាជាង ៥ ម៉ឺនគ្រឿងក្នុងមួយខែ នៅមិនទាន់គិតពីរថយន្តទេ។ អញ្ចឹងប្រជាពលរដ្ឋអាចធ្វើដំណើរ មានមធ្យោបាយធ្វើដោយងាយស្រួលជាងមុន។
ឯកត្តាទី ៤ ប្រាក់ចំណូលក៏កាន់តែច្រើន ទាំងប្រជាពលរដ្ឋ ទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងទាំងកម្មករ។ ឥឡូវនេះ សម្រាប់កម្មករ អនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមារហូតទៅដល់ ១៧០ ដុល្លារ បូកនឹងអត្ថប្រយោជន៍ដទៃទៀត ដែលគេរកបានក្នុងចន្លោះមិនទាបជាង ២០០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ ឯចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទើបនឹងឡើងប្រាក់បៀវត្សរ៍កាលពី ខែមករា ឡើង ១២ % នៃប្រាក់បៀវត្សរ៍មូលដ្ឋាន ហើយក៏ទើបនឹងឡើងប្រាក់បៀវត្សរ៍នៅដើម ខែមេសា និងបើកមុនចូលឆ្នាំរួចហើយផងដែរ។ ប្រជាពលរដ្ឋឆ្នាំនេះ ក៏ទទួលបាននូវផលប្រយោជន៍អំពីទីផ្សារនៃកសិកម្មរបស់ខ្លួន។ តម្លៃស្រូវក៏ល្អគួរសម មានអ្នកទិញ និងតម្លៃកសិផលដទៃទៀត ក៏បានថ្លៃគ្រាន់បើ។ ដូច្នេះចំណុចទាំងអស់នេះ គឺជាចំណុចដែលយើងមើលឃើញអំពីប្រជាជនសប្បាយរីករាយ។
មហិច្ឆតា ២០៣០ និង ២០៥០
ពិតហើយ យើងនៅមានបញ្ហាប្រឈម។ ប៉ុណ្ណេះវាមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំណុចដែលយើងចេញដំណើរ គឺពីមួយឆ្នាំទៅមួយឆ្នាំ ការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ ដែលយើងបាននិយាយគ្នារួចមកហើយ យើងបានឆ្លងផុតពីស្ថានភាពនៃប្រទេសក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ យើងមិនស្កប់ស្កល់ ហើយ(អោយ)ធ្លាក់នៅក្នុងអន្ទាក់ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបទៀតនោះទេ យើងចង់សម្រេចនូវមហិច្ឆតារបស់យើង គឺឆ្នាំ ២០៣០ ព្រះរាជាណាចក្រកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់តែម្ដង នេះគឺជាគោលដៅនៃការខិតខំរបស់យើង។
សារជូនពរ ប្រគេនពរ និងថ្វាយព្រះពរ
ខ្ញុំព្រះករុណាខ្ញុំ គិតថា ខ្ញុំព្រះករុណាខ្ញុំ មិនគួរនិយាយបន្ថែមទៀតទេ ត្រូវមានកម្មវិធីជាច្រើន។ សង្ឃឹមថាយើងសប្បាយរីករាយទាំងអស់គ្នា ហើយក៏សូមយកឱកាសនេះ ពីទីនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងក្រុមគ្រួសារ សូមថ្វាយព្រះពរចំពោះព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងថ្វាយព្រះពរចំពោះសម្ដេចម៉ែ សូមព្រះអង្គទ្វេមានព្រះរាជសុខភាពល្អបរិបូរណ៍។ សូមយកឱកាសនេះ ជូនពរចំពោះបងប្អូនជនរួមជាតិទាំងក្នុងប្រទេស និងក្រៅប្រទេស ជូនពរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជូនពរចំពោះកងទ័ពរបស់យើងដែលកំពុងឈរជើងនៅឯប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាល សូមអោយទេវតាថ្មី ដែលនឹងមកដល់នៅពេលខាងមុខ ប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា ហើយសូមអោយសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ និងសូមអរព្រះគុណ៕