ដកស្រង់ប្រសាសន៍ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយនឹងប្រជាកសិករស្រុកព្រៃកប្បាស ខេត្តតាកែវ

អរគុណឯកឧត្តមរដ្ឋមន្ដ្រី។ មុនខ្ញុំថ្លែងជាមួយនឹងការផ្ដល់អនុសាសន៍ និងសំណេះសំណាល ខ្ញុំចង់សួរសំណួរខ្លះពីកសិកររបស់យើង ព្រោះថ្ងៃមុន (កាល)នៅស្រុកពាមរក៍ ខេត្តព្រៃវែងនោះ គេឆ្ងល់ថាតើមានការរៀបចំមុន ឬអត់ បានជាកសិករឡើងឆ្លើយដូចជាច្បាស់លាស់។ អញ្ចឹង ដើម្បីចៀសវាងគេថា(ជា)ការរៀបចំ (ខ្ញុំ)សុំចង្អុលប្អូនខាងណេះ ហើយប្អូនស្រីនេះ សូមអញ្ជើញឡើងមកវេទិកា ហើយសុំប្អូនស្រីនេះមួយទៀត ប្អូនប្រុសនេះមួយទៀត បានបួននាក់ ដើម្បីខ្ញុំសួរបញ្ហាមួយចំនួន។ ដំបូងបំផុត សំណួររបស់ខ្ញុំ «តើអ្វីជាការងាយស្រួល និងការលំបាក?» សូមបញ្ជាក់។ កសិករ៖ សូមគោរពសម្ដេច និងគណៈប្រតិភូ នៅទីនេះ។ ការងាយស្រួលរបស់ប្រជាកសិករនៅទីនេះ ផ្លូវនេះធ្វើដំណើរមកទីនេះ ត្រូវធ្វើដំណើរមួយម៉ោង ទៅមួយម៉ោងកន្លះ។ សម្ដេចបានជួយនៅស្ថានីយបូមទឹក ប្រព័ន្ធផ្លូវនៅទីនេះ យើងចំណាយពេលតែ ១០ នាទី មកដល់ហើយ។ មួយទៀត មានទឹកបូមគ្រប់គ្រាន់ ឬបង្ហូរបានតាមចិត្ត។ កាលពីពេលមុន ដីមួយហិកតា ត្រូវបូមទឹកដេករហូតមួយយប់ ឬពីរយប់បានពេញ ក៏មានដែរ។ ឥឡូវ បូមតែ ២ ម៉ោង ពេញហើយ និងអាចធ្វើស្រែបានពី ពីរដង ទៅបីដង ក្នុងមួយឆ្នាំ។…

ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីទទួលបាន “កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ត្រូវធ្វើដោយត្រឹមត្រូវ និងខ្ជាប់ខ្ជួន

កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺ កូវីដ-១៩ ”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាតិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ខ្ញុំនឹងចាត់វិធានការក្តៅ ហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ ១៩ »

សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រកាសដាក់​ឱ្យដំណើរការជាផ្លូវការ នូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩ » ដែលជាកម្មវិធីត្រូវបានគិតគូរ និងរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសំដៅជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងពេល​ដែលផលប៉ះពាល់ និងសភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពច្បាស់លាស់។ ជាការពិត កូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវបំផុតមួយ ក្នុង​ប្រវត្តិសាស្ត្រថ្មីៗរបស់មនុស្សជាតិ។ មកដល់ពេលនេះ មានមនុស្សជាង​ ៩ លាននាក់ ហើយនៅលើពិភពលោកទាំងមូលបានឆ្លងជំងឺនេះ ដែលក្នុងនោះមនុស្សរហូតដល់ទៅជាង ៤០ ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏អាក្រក់មួយ ដែលយើងគ្រប់គ្នាមិនចង់ជួប និងមិនចង់ឃើញកើតឡើងនោះទេ។ បច្ចុប្បន្ន ពិភពលោក​នៅមិនទាន់រកឃើញនូវថ្នាំ និងវ៉ាក់សាំងសម្រាប់ព្យាបាល និងការពារជំងឺកូវីដ-១៩ នេះនៅឡើយ។ ក្រៅពីការសម្លាប់ជីវិតមនុស្ស​អស់រាប់សិបម៉ឺននាក់ ជំងឺកូវីដ-១៩ នេះ ក៏បានបង្កឥទ្ធិពលអវិជ្ជមាន​យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គម​ទាំងមូលផងដែរ។ យើងបានដឹងហើយថា សកម្មភាពសេដ្ឋកិច្ច…