បទអន្តរាគមន៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣

ឯកឧត្ដម លី​ កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាសហប្រធាននៃអង្គប្រជុំ ឯកឧត្ដមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសតំបន់មេគង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានក្ដីសោមនស្សជាអនេក ដែលយើងអាចរៀបចំ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៣ (MLC) នេះឡើងបាន តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលសកម្មភាពនានា ក្នុងសកលលោកត្រូវបានបង្អាក់ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។ ក្នុងបរិបទនេះ ខ្ញុំយល់ឃើញថាប្រធានបទ៖ «ការលើកកម្ពស់ភាពជាដៃគូដើម្បីវិបុលភាពរួម» គឺមានសារៈសំខាន់ណាស់ ស្របពេលដែលយើងមានភាពចាំបាច់ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សាជាថ្មីនូវឆន្ទៈដ៏មោះមុតរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងទៀត ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម​ និងសេដ្ឋកិច្ចប្រកបដោយក្ដីសង្ឃឹមខ្ពស់ ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់។ ក្នុងបរិការណ៍ ដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺពិតជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់យើងរួមគ្នាលើកកម្ពស់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការពិត…