- ឯកឧត្តមប្រធាន
- ឯកឧត្តមអគ្គលេខាធិការ
- ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីរាប់អាន!
ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំទាំងអស់ អបអរសាទរខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ។ ជាការពិត ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី ២ នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប » គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព ការលើកកម្ពស់សិទ្ធិមនុស្ស និងធានានូវវឌ្ឍនភាពសង្គម។ ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ជាក់សែ្តង យន្តការពហុភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។
ជំនួសការទទួលបានការគាំទ្រ ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម។ នេះគឺជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងស្តារ និងអភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ ពិសេស តាមរយៈការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន។ ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និងអធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាពដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ខ្ញុំគិតថា នេះគឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំងឡាយ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃជំងឺនេះមកលើសង្គម និងសេដ្ឋកិច្ច។
- ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី !
គណៈប្រតិភូរបស់ខ្ញុំជឿជាក់ថា បណ្ដារដ្ឋជាសមាជិកត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការរំឮកខួបទី ៧៥ នៃអង្គការសហប្រជាជាតិ ដែលយើងបានអនុម័តក្នុងកិច្ចប្រជុំនេះ។
ជោគជ័យរបស់យើងក្នុងការអនុវត្តគោលដៅ ប្រកបដោយមហិច្ឆតា ដែលយើងទាំងអស់គ្នាបានកំណត់យក នឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយឲ្យអាចរស់នៅបាន ក្នុងវិបុលភាព និងក្នុងសង្គមមួយដែលប្រកបដោយបរិយាប័ន្ន និងភាពសុខដុមរមនា។
ប្រសិនបើយើងសម្លឹងមើលទៅអនាគត សហគមន៍អន្តរជាតិពិតជាទាមទារចង់បានអង្គការសហប្រជាជាតិដ៏រឹងមាំមួយ ដែលមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមដែលកើតមាននៅក្នុងតថភាពនៃសតវត្សរ៍ទី ២១។ កម្ពុជាទទួលស្គាល់តួនាទីស្នូលនៃប្រព័ន្ធពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញ ដែលយើងកំពុងជួបប្រទះនាបច្ចុប្បន្ននេះ ដូចដែលសេចក្ដីប្រកាសបានចែងយ៉ាងច្បាស់ថា «បញ្ហាប្រឈមរបស់យើងមានភាពប្រទាក់ក្រឡាគ្នា និងអាចដោះស្រាយបានតែតាមរយៈប្រព័ន្ធពហុភាគីនិយម ដែលត្រូវតែបានធ្វើឲ្យប្រសើរឡើងវិញ»។ តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ តម្លាភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចូលរួមជាមួយគ្នាជាធ្លុងមួយ សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេចបាននូវអនាគតមួយដែលយើងទាំងអស់គ្នាចង់បាន និងអង្គការសហប្រជាជាតិមួយដែលយើងត្រូវការ។
សូមអរគុណ!