សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៩
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម ចូ បៃឌិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក; ឯកឧត្តមថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ខ្ញុំសូមចាប់ផ្តើមដោយការចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះឯកឧត្តម ចូ បៃឌិន សម្រាប់ការចូលរួមជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុង កិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិក លើកទី ៩។ ជាការពិត, វិបត្តិសកលនៃជំងឺកូវីដ-១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់នៃការរួបរួមសាមគ្គីគ្នា, កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍, ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំ «សេចក្តីព្រៀងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសកលលោក។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្តល់ អំណោយជាវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យ…