- ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល
- លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon), សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ស្តីអំពី «សន្តិភាពនៅឧបទ្វីបកូរ៉េ»។ ខ្ញុំសូមអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល (UPF) សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅចំពោះរូបខ្ញុំ និងគណៈប្រតិភូរបស់ខ្ញុំ ក៏ដូចជាចំពោះការរៀបចំកិច្ចប្រជុំកំពូលដ៏អស្ចារ្យនេះ។
ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះប្រតិភូកិត្តិយសទាំងអស់ចំពោះជំនឿទុកចិត្ត ការចូលរួម និងការប្តេជ្ញាចិត្ត លើដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួម នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ។ វត្តមាន និងការរួមចំណែករបស់ឯកឧត្តម, លោកជំទាវ, ភ្ញៀវកិត្តិយស នៅថ្ងៃនេះ គឺពិតជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ក្នុងការស្វែងរកបុព្វហេតុដ៏មានតម្លៃនេះ ដែលនោះគឺជាបុព្វហេតុនៃសន្តិភាព។
ឆ្នាំនេះជាខួបលើកទី ៧២ ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៥០។ សង្រ្គាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេ ទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែជាអកុសល សន្ធិសញ្ញាសន្តិភាពមិនទាន់អាចសម្រេចបាននៅឡើយ។ ហេតុដូច្នេះហើយ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។ យើងត្រូវការចាំបាច់នូវសេចក្ដីថ្លែងការណ៍បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ។
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ បានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងអ្នកជំនាញសំខាន់ៗមកពីគ្រប់វិស័យជាង ១០០ ប្រទេស ដើម្បីចែករំលែកទស្សនៈ ប្រាជ្ញា និងចក្ខុវិស័យរបស់ពួកគេ ស្ដីពី សន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងក៏មានការប្រមូលផ្តុំមនុស្សមួយលាននាក់ ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព។
ដោយមានកន្លែងសុវត្ថិភាព និងបើកចំហសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់ យើងអាចបង្កើតគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហា និងបញ្ហាប្រឈមដែលយើងជួបប្រទះ។ សហព័ន្ធសន្តិភាពសកល បានផ្តល់កន្លែងនោះ ដើម្បីបើកឱ្យមានការសន្ទនារួម និងប្រកបដោយអត្ថន័យ។ ខ្ញុំសូមចែករំលែកនូវទស្សនៈវិស័យលើផែនទីបង្ហាញផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ នៅក្នុងកម្មវិធី «ក្រុមប្រឹក្សាកំពូលអន្តរជាតិដើម្បីសន្តិភាព»។
ខ្ញុំសូមជម្រាបជូនផងដែរថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ សហព័ន្ធសន្តិភាពសកល ដោយសហការជាមួយ ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា កំពុងបង្កើតគម្រោង «ឧទ្យានសន្តិភាពមេគង្គ» ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃ និងវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ និងប្រព័ន្ធនៃសន្តិភាព និងចងក្រងឯកសារ និងចែករំលែកចំណេះ ដឹងអំពីសន្តិភាព។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យ។
ប្រទេសកម្ពុជា និងតំបន់មេគង្គអាចផ្តល់មេរៀនស្តីពីការបង្កើតសន្តិភាព ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ ឧទាហរណ៍ គោលនយោបាយឈ្នះ-ឈ្នះ នៅកម្ពុជា អាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា។ យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ បានរៀបចំឡើងនៅក្នុងអំឡុងពេលនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែតឹងតែង និងវិបត្តិជាបន្តបន្ទាប់ ដែលបង្កឡើងដោយជំងឺរាតត្បាត, គម្លាតសង្គមកាន់តែរីកធំ ក៏ដូចជាគ្រោះធម្មជាតិផងដែរ។ ទន្ទឹមនេះដែរ ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយ យើងត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវការដំណោះស្រាយ។
កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរគឺ សេចក្ដីសម្រេចចិត្តទីក្រុងសេអ៊ូល ឆ្នាំ ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិតផ្តួចផ្តើមស្ដីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ»។ យើងទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូបន្ថែមទៀតលើឯកសារទាំងពីរនេះ។
ឆ្លៀតក្នុងឱកាសនេះ, ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២!