- ឯកឧត្តម, លោកជំទាវសមាជិកគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន
ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ដោយត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ ខ្ញុំពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ខ្ញុំក្នុងការបញ្ចប់សង្រ្គាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំក៏សូមអបអរសាទរលោកស្រីសាស្ត្រាចារ្យ ដេម សារ៉ា ខាវឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺ កូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។
សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ ទី១ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។ ទី២ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ។ ទី៣ មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និងលើកកម្ពស់សន្តិភាព។ ទី៤ បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផល សម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។
សម្រាប់ខ្ញុំ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិ ភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយសង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការឈឺចាប់ទៅវិញ។ នាពេលនោះ ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគតរបស់ប្រទេសខ្ញុំ។
ចាប់ពីពេលនោះមក ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្ដែង ខ្ញុំបានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។ ខ្ញុំត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ប្រទេសវៀតណាមទាំងកណ្ដាលយប់អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន។ ជាងនេះទៅទៀត ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្ដោចកណ្ដែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦ ខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកំលាំងខ្មែរក្រហមនៅឯមូលដ្ឋានយោធារបស់ពួកគេ ឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិតសិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។ គោលនយោបាយឈ្នះ-ឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ គោលនយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ ។ ជាមួយគ្នានេះ យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្រ្គាម និងការកសាងសន្តិភាព ខ្ញុំសូមសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ»។ ខ្ញុំឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្តីសុបិន ដែលស្រពេចស្រពិលនោះទេ»។ នេះជាមូលហេតុដែលរដ្ឋាភិបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនិង បោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្តាតំបន់ទាំងនោះ។ ជាងនេះទៅទៀត ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។
- ឯកឧត្តម ,លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន
សន្តិភាពនៅក្នុងតំបន់ និងពិភពលោករបស់យើងនៅតែមានភាពផុយស្រួយ និងស្ថិតក្រោមភាពតានតឹង ដោយសារបញ្ហារួមផ្សំដូចជា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ការកើនឡើងនៃគំនិតជាតិនិយម អំពើភេរវកម្ម ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ-១៩។ បញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូលបាន ប្រសិនបើយើងមិនរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ, យើងត្រូវបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការគំរាមកំហែងទាំងនោះ ព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឱ្យកាន់តែរឹងមាំ។ ការលើកកម្ពស់សន្តិភាព គឺជាការចាំបាច់សម្រាប់យើងនាពេលបច្ចុប្បន្ន ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺដូចពាក្យស្លោករបស់ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានលើកឡើង ដោយសង្ខេបថា «អភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ»។
សូមអរគុណ!