សុន្ទរកថា ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២

ឯកឧត្តម, លោកជំទាវសមាជិកគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាទីរាប់អាន ខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង ដោយត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពាន រង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ ខ្ញុំពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់ខ្ញុំក្នុងការបញ្ចប់សង្រ្គាមស៊ីវិល និងការកសាងបាននូវសុខសន្តិភាពពេញលេញ និងដ៏យូរអង្វែងនៅកម្ពុជា។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំក៏សូមអបអរសាទរលោកស្រីសាស្ត្រាចារ្យ ដេម សារ៉ា ខាវឺរីន ហ្គីលប៊ើត (Dame Sarah Catherine Gilbert) អ្នកអភិវឌ្ឍរួមនៃវ៉ាក់សាំងអាស្ត្រា-ហ្សេនីកា (AstraZeneca) ដែលត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ស្នាដៃរបស់លោកស្រីពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺ កូវីដ-១៩ ជាពិសេសការជួយសង្គ្រោះ និងការពារអាយុជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។ សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ ទី១ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា…