សារលិខិត ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃ ៨ សីហា ឆ្នាំ ២០២១
សូមថ្វាយបង្គំព្រះថេរានុរត្ថរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះ ជាឱកាសដ៏នក្ខត្ដឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកបដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅ ជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឲ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ។ ក្នុងថេរវេលាជាង ៥ ទស្សវត្សរ៍ មកនេះ អាស៊ានបានពង្រីកសមាជិកភាពរបស់ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្ដពង្រឹងកិត្យានុភាពជាអង្គការតំបន់មួយពោរពេញដោយថាមវ័ន្ដ និងភាពរស់រវើកបំផុត ក្នុងសាកលលោកលើទិដ្ឋភាពសក្ដានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះ ប្រទេសព្រុយណេដែលជាប្រធានប្ដូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរអាស៊ានឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលសក្ដិសមបំផុតជាមួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ដ និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនក្នុងតំបន់។…