- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន;
- ឯកឧត្តមថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាបឋម, ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្ដម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន–ចិន លើកទី ២៤ នេះ។
ក្នុងឱកាសនេះ, ខ្ញុំសូមសូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើង បានពាំនាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាទីមោទនៈយ៉ាងច្រើន ដែលបានចូលរួមចំណែកពង្រឹងកិច្ចអភិវឌ្ឍន៍អាស៊ានលើគ្រប់វិស័យ និងជំរុញឱ្យតំបន់ទាំងមូលកាន់តែមានភាពរឹងមាំ ប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ជាមួយស្មារតីនេះ, ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ទៅអនាគត ដូចខាងក្រោម ៖
ទី១. កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង, បរិក្ខារពេទ្យ និងជំនួយបច្ចេកទេស ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៏ រួមទាំងកម្ពុជាផងដែរ។ ក្នុងគោលដៅជួយគាំទ្រដល់ការស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញឱ្យបានឆាប់, កម្ពុជា សូមលើកទឹកចិត្តភាគីចិនផ្ដល់ការគាំទ្រចំពោះកិច្ចសហប្រតិបតិ្តការលើវិស័យយុទ្ធសាស្រ្តទាំង ៥ ក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជា ក្របខណ្ឌរៀបចំច្រកធ្វើដំណើរពិសេសក្នុងអាស៊ាន និងស្តុកបម្រុងបរិក្ខារពេទ្យសម្រាប់គ្រោះអាសន្នសុខភាព សាធារណៈក្នុងតំបន់អាស៊ាន។
ទី២. កម្ពុជាពេញចិត្តចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការតភ្ជាប់តំបន់ ដែលកើតចេញពីសហថាមភាព រវាងគំនិតផ្ដួចផ្ដើមនៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយគ្នានេះ, ខ្ញុំសូមវាយម្លៃខ្ពស់ចំពោះការអនុវត្ត ចក្ខុវិស័យអាស៊ានចិន ឆ្នាំ ២០៣០ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងភាពសុខសាន្តក្នុងតំបន់។ ក្នុងន័យនេះ, កម្ពុជាសូមគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ចិន ឱ្យទៅជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងការដាក់ចេញ សេចក្ដីប្រកាសរួមចំនួន ៣ ស្ដីពី៖ (១). កិច្ចប្រជុំកំពូលអាស៊ាន-ចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ; (២). កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន; និង(៣). ការពង្រឹងកិច្ចសហប្រតិបត្តិការបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព និងជាពិសេស ការកំណត់ឆ្នាំ ២០២២ ជាឆ្នាំនៃ «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ទី៣. កម្ពុជាសូមវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបតែត្រូវស្ថាប័ននិតិបញ្ញត្តិកម្ពុជាអនុម័តរួចនាពេលថ្មីៗនេះ នឹងរួមចំណែកលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងជំរុញការវិនិយោគរបស់យើងមួយកម្រិតទៀត។
សូមអរគុណ !