សុន្ទរកថា និងការអត្ថាធិប្បាយបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ “ទំនាក់ទំនង កម្ពុជា-ទីម័រឡេស្តេ និងបេក្ខភាពទីម័រឡេស្តេជាសមាជិកសមាគមប្រជាជាតិអាស៊ាន

លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! [ផ្ដើមសេចក្ដីអធិប្បាយ១] ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦  ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។  ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាង​កក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាម​ចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួន​ក្លាយជា​សមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយ​សម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការ​តំបន់មួយនេះ ក្នុងនាមប្រធាន​ប្តូរវេន​រហូតដល់ ៣លើក។ អ្វីដែលគួរឱ្យ​កត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួល​ធ្វើ​ជាប្រធាន​ លើកទី១…

បាឋកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ​ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក​”

ឯកឧត្តម​បណ្ឌិត កៅ គីមហួន អគ្គលេខាធិការអាស៊ាន​ឯកឧត្តមលោកជំទាវ តំណាងអចិន្ត្រៃយ៍ប្រចាំ​អាស៊ាន និង​ ឯកអគ្គរដ្ឋទូតទីម័រខាងកើតឯកឧត្តមលោកជំទាវ ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសដៃគូផ្សេងទៀតឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់​ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ​ពិតជាក្តីសោមនស្សរីករាយក្រៃលែង​ ដែលបាន​មក​ទស្សនកិច្ច​នៅលេខាធិការដ្ឋានអាស៊ាន​ និងធ្វើបាឋកថាទាក់ទងនឹង​អាស៊ាន ក្នុង​នាម​​ជាអតីតប្រមុខរាជរដ្ឋាភិបាលនៃប្រទេស​សមាជិក​អាស៊ានមួយរូប ដែល​បាន​ធ្វើ​ជា​ប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើក​នៅក្នុងអាជីពនយោបាយ​របស់ខ្ញុំ។ ខ្ញុំ​ពិតជាមាន​អនុស្សាវរីយ៍ច្រើនរាប់មិន​អស់ជាមួយ​អាស៊ាន ហើយ​ខ្ញុំ​សូម​ឆ្លៀតយក​ឱកាសនេះ នៅទីកន្លែងនេះ ដើម្បី​សម្តែង​ការ​គោរព​ដល់​បណ្តា​ស្ថាបនិក​ដ៏ឧត្តុង្គ​ឧត្តម​របស់អាស៊ាន ព្រម​ទាំង​អតីតមេដឹកនាំ​អាស៊ាន​ទាំងឡាយ ដែល​បាន​បូជា​កម្លាំងកាយ និងស្មារតី និងចូលរួម​ចំណែក​ជាបញ្ញាញាណ​ ប្រកបដោយ​គតិបណ្ឌិត នៅក្នុង​ការ​កសាង រៀបចំរចនាសម្ព័ន្ធស្ថាប័ន និងនិម្មាបនកម្ម​តំបន់ដែល​យកសន្តិភាពនិងប្រជាជនជាស្នូល​។​ ជាមួយ​នឹង​ភាពចម្រុះដ៏សម្បូរបែប​របស់អាស៊ាន ទាំង​លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ខ្ញុំ​ពិតជា​មិន​អាច​និយាយជំនួ​ស​ឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់នោះឡើយ​ តែខ្ញុំ​អាច​ចែក​រំលែកបាន​ពីជ្រុងមួយ​ នៃទស្សនៈរបស់​ប្រទេសសមាជិក​ ដែល​ចូល​ក្រោយគេ​ ប៉ុន្តែ មិនមែន​សមាជិកកូនពៅ ដោយសារថា យើងនឹង​មាន​បន្ថែម​ប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេល​ដ៏ឆាប់ខាងមុខ។ ដោយ​ហេតុថា អាស៊ាន តែងតែបាន​ទាក់ទាញ​ការចាប់អារម្មណ៍ច្រើន​ ពីសំណាក់​អ្នក​ស្រាវជ្រាវ និងអ្នកតាមដាន…

សន្និសីទសារព័ត៌មានរួមគ្នារវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិង ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ

សូមអរគុណឯកឧត្ដមប្រធាន! ជាដំបូង ខ្ញុំសូមអរគុណឯកឧត្ដមប្រធាន ដែលបានអញ្ជើញខ្ញុំមកទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយេ ហើយទទួលបដិសណ្ឋារកិច្ចដ៏ល្អ ក៏ដូចជាការចរចាអម្បាញ់មិញនេះប្រកបដោយផ្លែផ្កា។ ខ្ញុំពេញចិត្តនឹងការថ្លែងរបស់ឯកឧត្ដមអម្បាញ់មិញ ទាក់ទងនឹងទំនាក់ទំនងរបស់យើង ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ ខ្ញុំពិតជាមានការរីករាយដែលបានមកទស្សនកិច្ចនៅតួកគីយេ សាជាថ្មីម្ដងទៀត បន្ទាប់ពីទស្សនកិច្ចនៅឆ្នាំ២០១៨ ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ ទស្សនកិច្ចនៅពេលនោះក៏បានបង្កើតឲ្យមាននូវការរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ានេះ ​បន្ទាប់ពីតួកគីយេមានស្ថានទូតនៅទីក្រុងភ្នំពេញឆ្នាំ២០១៣។ ២០១៨ ខ្ញុំទស្សនកិច្ច ២០១៩ យើងបង្កើតបានស្ថានទូតនៅទីនេះ ដែលនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ ហើយកិច្ចព្រមព្រៀងជាច្រើន យើងបានចុះហត្ថលេខាជាមួយគ្នា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគីយេ ដែលបានផ្ដល់ជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះ និស្សិតអាហារូបករណ៍កំពុងសិក្សានៅទួរគីយេ ហើយមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ប្រទេសវិញ។ ហើយសង្ឃឹមថា យើងនឹងទទួលបាននូវជំនួយឧបត្ថម្ភ ទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដែលឯកឧត្ដមប្រធានបានផ្ដល់ឱកាសសម្រាប់ពួកយើង ក្នុងទស្សនកិច្ចនេះ។ វាបង្ហាញអំពីមិត្តភាពរបស់យើង ដែលគាប់ជួនទស្សនកិច្ចរបស់ខ្ញុំនេះ គឺធ្វើឡើងចំខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងដ៏យូរលង់របស់យើង។ រយៈពេល ៦៥ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ជារយៈពេលមួយដែលវែង។ ប៉ុន្តែ ដោយសារតែស្ថានភាពរបស់កម្ពុជាមានការបត់បែន សោកនាដកម្មបានកើត យើងក៏ទើបនឹងមានឱកាសដើម្បីចាប់ផ្ដើមសាជាថ្មីនូវទំនាក់ទំនងនេះ។ ទោះបីថា កម្រិតអ្វីដែលជាគោលដៅដែលយើងចង់បានមិនទាន់សម្រេច តែខ្ញុំជឿជាក់ថា តាមរយៈនៃការខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលទាំងពីរ…