សេចក្តីដកស្រង់ ប្រសាសន៍សំណេះសំណាល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សប្រជាជន សួរសុខទុក្ខប្រជាពលរដ្ឋជនភៀសសឹកក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់! ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកជួបជុំបងប្អូនទាំងអស់។ ដំបូងនេះ អនុញ្ញាតឲ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ផ្ញើជូនបងប្អូនជនភៀសសឹកទាំងអស់។ ព្រះអង្គ(តែងបាន)យកចិត្តទុកដាក់ចណពោះបងប្អូនជនភៀសសឹក។ ខ្ញុំក៏សូមបញ្ជាក់ជូនថា ព្រះមហាក្សត្ររបស់យើង រួមជាមួយនឹងសម្ដេចម៉ែ មានព្រះទ័យយកចិត្តទុកដាក់ជាខ្លាំង។ ពេលមួយ សភាពការណ៍កំពុងតែតានតឹង ព្រះមហាក្សត្របានស្នើសុំឲ្យរៀបចំ ដើម្បីព្រះអង្គអាចមកសួរសុខទុក្ខផ្ទាល់ចំពោះជនភៀសសឹក។ ក៏ប៉ុន្តែពេលនោះ ស្ថានភាពតឹងតែងខ្លាំង។ ខ្ញុំក៏បានទូលថ្វាយទៅព្រះមហាក្សត្រ ក្នុងឋានៈខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថា ព្រះអង្គមិនគួរយាងចេញទេនៅពេលនេះ ដោយសារតែអ្នកឈ្លានពានមិនគិតថាទីកន្លែងណាដែលគេត្រូវវាយទេ។ ដូច្នេះ ព្រះអង្គក៏អាក់ខាន។ មិនមែនបានសេចក្ដីថា ព្រះអង្គមិនបានគិតគូរនិងយកចិត្តទុកដាក់ទៅលើជនភៀសសឹកទេ។ ជាបន្តបន្ទាប់ ព្រះមហាក្សត្ររបស់យើង ក៏ដូចជាសម្ដេចម៉ែ ព្រះអង្គតែងតែមានព្រះរាជតំណាងយកជំនួយមកចែកជូនចំពោះជនភៀសសឹក ក៏ដូចជាជូនកងកម្លាំងប្រដាប់អាវុធរបស់យើងផងដែរ។ នេះបង្ហាញអំពីការយកព្រះទ័យទុកដាក់របស់ព្រះមហាក្សត្រ ក៏ដូចជាសម្ដេចម៉ែចំពោះសុខទុក្ខរបស់យុទ្ធជនយុទ្ធនារី នៅសមរភូមិមុខ ក៏ដូចជាបងប្អូនជនភៀសសឹកនៅទូទាំងព្រំដែនកម្ពុជា-ថៃ។ បន្តទៅនេះ អនុញ្ញាតឲ្យខ្ញុំសំដែងការវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានចាត់តាំងរៀបចំកិច្ចការ(សាងសង់ជំរកបណ្តោះអាសន្ន)នេះដ៏រហ័ស។ ជាអតីតនាយករដ្ឋមន្ត្រី ហើយពេលនេះជាប្រ​ធានព្រឹទ្ធសភា និងកំពុងតែធ្វើជាប្រមុខរដ្ឋស្ដីទីក្នុងពេលដែលអវត្តមានព្រះមហាក្សត្រ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើសកម្មភាពបានឆាប់រហ័ស តាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ធ្វើជាប្រធាន និងក្រុមការងារដឹកនាំដោយឯកឧត្ដម…

ការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងដំណើរ ទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ! ខ្ញុំសូមយកឱកាសនេះ ជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេស មន្រ្តីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះ ខ្ញុំនិងសហការី មានការរីករាយដែលបានមកទស្សនកិច្ច ពិនិត្យមើលអគារដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពនៃនាយករដ្ឋមន្រ្តីរួចហើយ។ ការមកដល់របស់ខ្ញុំនេះ គឺទើបនឹងសម្រេចកាលពីអាទិត្យដែលឯកឧត្តម គង់ វិបុល បានចូលទៅរាយការណ៍ឱ្យខ្ញុំ, ជាមួយការសុំយោបល់ពីឯកឧត្តម អ៊ុច បូររិទ្ធ អំពីទីកន្លែងនៃការប្រជុំប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភា (Inter-Parliamentary Speakers’ Conference -ISC) ដែលគ្រោងធ្វើក្នុងខែសីហា ខាងមុខនេះ។ ខ្ញុំក៏សម្រេចភ្លាមថា មកទស្សនកិច្ច ហើយនិងពិនិត្យមើលទីកន្លែងនេះ ដើម្បីកំណត់ទីតាំងការប្រជុំប្រធានព្រឹទ្ធសភា ប្រធានសភា ដែលមានជាង ៤០ប្រទេស នឹងត្រូវអញ្ជើញមក។ សូមយកឱកាសនេះបញ្ជាក់ថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងត្រូវដឹកនាំការប្រជុំ ខ្ញុំសូមប្រកាសសម្រេចយកទីស្នាក់ការនេះធ្វើជាទីកន្លែងប្រជុំអន្តរជាតិដ៏ធំនេះ។ ខ្ញុំមិនច្បាស់ថាតើនាយករដ្ឋមន្រ្តីនិងគណៈកម្មការរៀបចំការប្រជុំកំពូលប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូន…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ «ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន»

ឯកឧត្តម ចូហ្សេ រ៉ាម៉ូស ហតតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេឯកឧត្តម ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេអស់លោក លោកស្រី អ្នកនាងកញ្ញា ជាភ្ញៀវកិត្តិយសទាំងអស់! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដោយមានឱកាសមកចែករំលែកបទពិសោធផ្ទាល់ខ្លួនស្តីពី មេរៀនរបស់ខ្ញុំ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅរកសេរីភាព និងការរីកចម្រើន​។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ប្រធានាធិបតី ចូហ្សេ រ៉ាម៉ូស ហតតា និងឯកឧត្តមនាយករដ្ឋមន្ត្រី ហ្សាណាណា ហ្គូសម៉ៅ ដែលបានរៀបចំកម្មវិធីបាឋកថាជាពិសេស ក្នុងឱកាសទស្សនកិច្ចរបស់ខ្ញុំនៅទីនេះជាលើកទី២។ ទស្សនកិច្ចលើកទី១ គឺក្នុងឆ្នាំ២០១៦ ដែលកាលនោះ ខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ខ្ញុំបានសរសេរ និងចែករំលែកយ៉ាងក្រាស់ក្រែលអំពីដំណើរជីវិតរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងជោគវាសនានៃមាតុភូមិកម្ពុជា។ ថ្មីៗនេះ ក្នុងឱកាសកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំបានលើកចំណុចសំខាន់ៗជា​ច្រើនអំពីការកសាងសន្តិភាព និងការអភិវឌ្ឍជាតិតាម នយោបាយឈ្នះ-ឈ្នះ។ ពីម្សិលមិញ ខ្ញុំក៏បានធ្វើបាឋកថាលើប្រធានបទនេះដែរ ក្នុងសិក្ខាសាលារៀបចំឡើងដោយវិទ្យាស្ថាន​សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។…