សេចក្តីថ្លែងសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃព្រឹទ្ធសភា នីតិកាលទី៥ ស្តីពី “វិធានការទាក់ទងនឹងច្រកព្រំដែន ការស្វាគមន៍កម្មករ/និស្សិត និងការនាំយកចំណុចមិនអាចចុះសំរុងបាន ៤ចំនុច ទៅតុលាការយុត្តិធម៌អន្តរជាតិ”
ឯកឧត្តមអនុប្រធានទាំងពីរ សម្ដេច រាជបុត្រី ព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាឯកឧត្តមតំណាងរាជរដ្ឋាភិបាល និងសហការីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះសូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិក្នុងថ្ងៃចម្រើនព្រះជន្មាយុ ថ្ងៃនេះ ទូលបង្គំខ្ញុំសូមអនុវត្ត “ប្រការទី៤៤” ម្ដងទៀត ហើយក៏មានការផ្សព្វផ្សាយបន្តផ្ទាល់ចេញពីទីនេះ ត្បិតជាការចាំបាច់ ដើម្បីទូលថ្វាយ ជម្រាបជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ ជាដំបូងនេះ ក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភានៅទីនេះ ទូលព្រះបង្គំខ្ញុំសូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិ ដែលនៅសល់តែពីរថ្ងៃទៀតទេ គឺនឹងដល់ពេលចម្រើនព្រះជន្មរបស់ព្រះអង្គ។ កូនចៅ ចៅទួតរបស់ព្រះអង្គមានការសប្បាយរីករាយនៅក្នុងពេលចម្រើនព្រះជន្មាយុ ក្នុងពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គមានស្មានភាពល្អប្រសើរ។ ថ្ងៃនេះ ភរិយារបស់ទូលបង្គំខ្ញុំ ដែលខកខានជិត ៣ខែហើយនោះ ក៏បានចេញធ្វើពិធីរាប់បាត្រដើម្បីចម្រើនព្រះជន្មចំពោះព្រះមាតាជាតិផងដែរ។ ជាបន្តទៅទៀត អនុញ្ញាតឱ្យទូលព្រះបង្គំខ្ញុំ ថ្លែងពីប្រធានបទ៣ ដែលទូលបង្គំខ្ញុំយល់ថា មិនមែនជាការបំពានលើកិច្ចការរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ ជាប្រធានគណបក្សកាន់អំណាចផង និងប្រធានព្រឹទ្ធសភាផង ហើយក៏ជាស្ថាប័នដែលបានគាំទ្រចំពោះរាជរដ្ឋាភិបាល (១) ខ្ញុំសូមលើកយកបញ្ហាទី១ ទាក់ទងនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ(មកអធិប្បាយ)។ ប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន…