ឯកឧត្តមអនុប្រធានទាំងពីរ សម្ដេច រាជបុត្រី ព្រះអនុជ ព្រះអង្គម្ចាស់
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា
ឯកឧត្តមតំណាងរាជរដ្ឋាភិបាល និងសហការី
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះ
សូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិក្នុងថ្ងៃចម្រើនព្រះជន្មាយុ
ថ្ងៃនេះ ទូលបង្គំខ្ញុំសូមអនុវត្ត “ប្រការទី៤៤” ម្ដងទៀត ហើយក៏មានការផ្សព្វផ្សាយបន្តផ្ទាល់ចេញពីទីនេះ ត្បិតជាការចាំបាច់ ដើម្បីទូលថ្វាយ ជម្រាបជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ ជាដំបូងនេះ ក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភានៅទីនេះ ទូលព្រះបង្គំខ្ញុំសូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិ ដែលនៅសល់តែពីរថ្ងៃទៀតទេ គឺនឹងដល់ពេលចម្រើនព្រះជន្មរបស់ព្រះអង្គ។ កូនចៅ ចៅទួតរបស់ព្រះអង្គមានការសប្បាយរីករាយនៅក្នុងពេលចម្រើនព្រះជន្មាយុ ក្នុងពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គមានស្មានភាពល្អប្រសើរ។ ថ្ងៃនេះ ភរិយារបស់ទូលបង្គំខ្ញុំ ដែលខកខានជិត ៣ខែហើយនោះ ក៏បានចេញធ្វើពិធីរាប់បាត្រដើម្បីចម្រើនព្រះជន្មចំពោះព្រះមាតាជាតិផងដែរ។
ជាបន្តទៅទៀត អនុញ្ញាតឱ្យទូលព្រះបង្គំខ្ញុំ ថ្លែងពីប្រធានបទ៣ ដែលទូលបង្គំខ្ញុំយល់ថា មិនមែនជាការបំពានលើកិច្ចការរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ ជាប្រធានគណបក្សកាន់អំណាចផង និងប្រធានព្រឹទ្ធសភាផង ហើយក៏ជាស្ថាប័នដែលបានគាំទ្រចំពោះរាជរដ្ឋាភិបាល (១) ខ្ញុំសូមលើកយកបញ្ហាទី១ ទាក់ទងនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ(មកអធិប្បាយ)។ ប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានចេញសារអំពាវនាវរួចហើយ ពាក់ព័ន្ធជាមួយបងប្អូនជនរួមជាតិ ដែលធ្វើការនៅក្នុងព្រះរាជាណាចក្រថៃ។ យប់មិញនេះ សារសំឡេងណែនាំរបស់នាយករដ្ឋមន្រ្តី ក៏បានផ្ញើជូនទៅចំពោះរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងការងារ ក៏ដូចជាឯកឧត្តម លោកជំទាវ អភិបាលខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ទាក់ទិននឹងការវិលត្រឡប់របស់បងប្អូន(ពលករខ្មែរ) ដែលក្នុងនោះ បងប្អូនអ្នកដែលត្រូវការលិខិតស្នាមគឺត្រូវទៅរកនៅស្ថានទូតនិងបណ្ដាស្ថាប័ន បណ្ដាកុងស៊ុលនានា។ ហ្នឹងសម្រាប់អ្នកដែលត្រូវការលិខិតស្នាម ក៏បានណែនាំរួចស្រេចទៅហើយ។
ការផ្សាយបន្តផ្ទាល់នៅទីនេះ គឺដើម្បីជូនសារទៅកាន់បងប្អូនពលករទាំងនោះ ដោយអាចយកសំឡេងនេះទៅស្ដាប់ អ្នកដែលត្រូវការទៅរកលិខិតស្នាមនៅស្ថានទូតកម្ពុជា កុងស៊ុលកម្ពុជា ក្នុងនោះមានអនុពន្ធផ្នែកការងារផងដែរ ប៉ុន្តែសម្រាប់អ្នកដែលគ្មានលិខិត ហើយដែលអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់។ (២) មានឬគ្មានលិខិត ឱ្យតែជាជនជាតិខ្មែរយើងទទួលយកទាំងអស់ ដោយមិនគិតថាមានលិខិត ឬគ្មានលិខិតទេ ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ មិនទុកឱ្យគេប្រមាថ គេធ្វើបាប ព្រោះទង្វើរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃលើពលករកម្ពុជាក៏បានឡើងកំដៅ។ ក្នុងចំណុចនេះ សូមបញ្ជាក់ឡើងវិញថា អ្នកដែលត្រូវការលិខិតគឺត្រូវទៅរក។ ប្រសិនបើការធ្វើដំណើរគ្មានត្រូវការលិខិតទេ មកដល់ទល់ដែន ខាងកម្ពុជាគ្មានត្រូវការលិខិតស្នាមអ្វីទាំងអស់ ឱ្យតែជាពលរដ្ឋកម្ពុជា ត្រូវតែទទួលយក រួចហើយថែទាំឱ្យបានល្អ ដឹកជញ្ជូនទៅកាន់ភូមិកំណើត។
បន្តទៅនោះ (៣)ត្រូវរកការងារធ្វើ។ សព្វថ្ងៃនេះ យើងខ្វះ(កម្លាំងពលកម្ម)រាប់ម៉ឺនកន្លែងទាំងក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់។ យើងត្រូវរកការងារឲ្យបងប្អូន ព្រោះចាកចេញពីនោះ(មកហើយ) យើង(ត្រូវ)មានការងារធ្វើក្នុងប្រទេសរបស់យើងដែលកំពុងតែខ្វះពលកម្ម។ បន្តទៅទៀត ទាក់ទងនឹងបំណុលធនាគារ។ ពេលដែលខ្ញុំផូស្តតាមហ្វេសប៊ុក ឬនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផូស្តតាមហ្វេសប៊ុក មានបងប្អូនខ្លះបានលើកឡើងពីការ(សុំអោយមានការ)បន្ធូរបន្ថយការជំពាក់ធនាគារក្នុងស្រុក។ រឿងនេះ ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច សូមអរគុណចំពោះសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍គាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្តីពីការបន្ធូរបន្ថយចំពោះអ្នកដែលមានជំពាក់ធនាគារ។ មិនមែនលុបចោលបំណុលទេ តែអាចនឹងត្រូវទទួលបានការបន្ធូរបន្ថយអំពីបញ្ហាបង់ការប្រាក់ ដោយត្រូវពន្យារ ឬមិនយកការប្រាក់ក្នុងរយៈពេលប៉ុន្មានទៅតាមលក្ខណៈសម្បត្តិ(ជាក់ស្តែង)។ ខ្ញុំក៏សូមអំពាវនាវដល់សមាគមធនាគារ ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុ ខិតខំជួយស្រោចស្រង់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃមកកម្ពុជា។
យើងមិនអាចនៅទីនោះអស់មួយជីវិតទេ។ សភាពការណ៍នេះ (៤) (ចាំបាច់)យើងត្រូវនិទ្ទស្សន៍ឲ្យដឹងមុនថា នៅពេលដែលរឿងរ៉ាវព្រំដែនមិនទាន់ចប់ សភាពការណ៍ការប្រមាថ ការមាក់ងាយ នឹងមានជាបន្ត។ ដូច្នេះ បងប្អូនគួរតែចាកចេញឲ្យបានមុនពេលដែលគេបណ្ដេញចេញ ឬត្រូវរងនូវការប្រមាថ និងការរើសអើង។ កម្ពុជាកម្សត់ណាស់ហើយ។ ពីមុន យើងខ្វះការងារធ្វើ តែឥឡូវយើងក៏មានការងារធ្វើក្នុងប្រទេស។ យើងត្រូវវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ។ សង្ឃឹមថាបងប្អូននឹងធ្វើការងារនេះ ហើយសូមឲ្យទាំងស្ថានទូតយើងនៅប្រទេសថៃ បណ្ដាភ្នាក់ងារការងារ បណ្ដាកុងស៊ុលសម្របសម្រួលលើរឿងនេះ។ សូមអាជ្ញាធរតាមព្រំដែនខិតខំធ្វើការងារនេះ។ ផ្នែកពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះដោះស្រាយបញ្ហាសម្រាប់បងប្អូនដែលត្រូវវិលត្រឡប់។ យើងមិនអាចទៅពឹងពាក់គេមួយជីវិតទេ។ ត្រូវតែមកស្រុកហើយ។ នេះជាពេលវេលាដែលស័ក្តិសម។ ខ្ញុំនៅតែនិយាយថា រឿងព្រំដែនមិនងាយចប់ទេ។ អញ្ចឹង ពេលមានបញ្ហាម្ដងៗ ការប្រមាថតែងតែមាន។ លើកនេះកំដៅកាន់តែធ្ងន់។
(៥) ទី២ អំពីការបើកច្រក។ រឿងនេះ ខ្ញុំសូមបញ្ជាក់ជូនថា កងទ័ពថៃជាអ្នកបិទ(ច្រក) ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក ដោយកម្ពុជាមិនត្រូវការចរចាលើបញ្ហានេះទេ។ មានសំណើសុំឲ្យមានការចរចា។ តើវាស័ក្ដិសមទេសម្រាប់ការចរចារឿងបែបនេះ? (ក្នុងការដែលមាន)ការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ លើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា។ ពេលបិទៗ ខ្លួនឯង ពេលបើកបបួលចរចា ដើម្បីកុំឲ្យបាក់មុខខ្លួន ក៏ទាញកម្ពុជាទៅបាក់មុខជាមួយ។ កម្ពុជា ជាប្រទេសដែលមានកិត្តិយស មានសេចក្ដីថ្លៃថ្នូរ ហើយចេះទទួលខុសត្រូវ។ សង្ឃឹមថាភាគីថៃនឹងចេះទទួលខុសត្រូវចំពោះករណីខ្លួនបានប្រព្រឹត្ត។ ដែលថៃមកដាក់លក្ខខណ្ឌចរចាដើម្បីបើក(ច្រកនោះ) កម្ពុជាមិនទទួលយកបានទេ។ សូមបងប្អូនប្រជាជនថៃ កុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង ដែលហាមឃាត់ការដឹកផ្លែឈើនិងបន្លែ ដែលមួយថ្ងៃៗរាប់រយឡានដឹកចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម។
បើកុំអី ថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងលើការនាំបន្លែនិងផ្លែឈើចូលមកកម្ពុជា ប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំនិងនាយករដ្ឋមន្រ្តី(ថៃ) រវាងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីថៃ យើង(បានសំរេច)ពន្យារពេល ២៤ម៉ោង។ (៦) បើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រក(ទៀត) ថ្ងៃស្អែកយើងនឹងចាប់ផ្ដើមអនុវត្ដនៅទូទាំងព្រំដែន ដោយហាមឃាត់ការនាំចូលផ្លែឈើនិងបន្លែ(ថៃ)មកកាន់កម្ពុជា។ ពេលនេះ កម្ពុជាអត់ត្រូវការនាំស្អី(ចូល)ទេ។ ខ្ញុំសូមណែនាំលើរឿងនេះថា ត្រូវខិតខំប្រមូលទិញ ប្រសិនបើប្អូន(ខ្មែរ)មាន(ផលិតផល) យកទៅចែកកងទ័ពនៅតាមទល់ដែនក៏បានដែរ។ អ្នកដែលមានចិត្តសប្បុរសធម៌ ទិញបន្លែផ្លែឈើពីបងប្អូនយើងយកទៅចែកជូនកងទ័ពទទួលទានទៅ ឬមណ្ឌលកុមារកំព្រា ឬកន្លែងហ្វឹកហាត់ទាហាន នគរបាល ស្អីៗ។ អញ្ចឹង វាមិនលំបាកទេ។
ឯចំពោះបងប្អូនពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ សូមបងប្អូនថៃកុំខឹងសម្បារជាមួយកម្ពុជា។ នេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ។ គេបានដឹងហើយថា ទម្លាប់នៅក្នុងប្រទេសថៃយ៉ាងម៉េច។ យើងយល់។ យើងស្គាល់។ (៧) តាំងពីរដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ដ្រី(ថៃ) មិនមានសិទ្ធិនិយាយឲ្យបើក ឬឲ្យបិទ(ព្រំដែន)។ ឯនៅទីនេះ (កម្ពុជា)មានតែនាយករដ្ឋមន្ដ្រីទេ ហើយជាតួអង្គតែមួយពីលើដល់ក្រោម រាប់ទាំងតួអង្គព្រឹទ្ធសភា រដ្ឋសភា ដែលជាតួអង្គនីតិបញ្ញត្ដិ។ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គឺនៅក្រោមតួអង្គតែមួយ។
យើងមិនយល់នូវអ្វីដែលបានកើត(ឡើង)។ វាជារឿងរបស់ថៃទេ។ យើងមិនជ្រៀតជ្រែកទេ ក៏ប៉ុន្ដែហេតុអ្វីបានជានាយករដ្ឋមន្ដ្រីជួបជាមួយប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ដ្រីជួបជាមួយនាយករដ្ឋមន្ដ្រី បែរជាគ្មានសិទ្ធិបើក(ព្រំដែន)។ ឯខាងនេះ ខ្ញុំសូមបញ្ជាក់ទៅវិញថា ប្រសិនបើថៃបើក(ព្រំដែន)នៅម៉ោង ១(យប់) យូរបំផុត ៥ម៉ោង។ ខ្ញុំចង់និយាយថា ក្រែងលោថៃបើកព្រំដែននៅម៉ោង ១យប់ (ឯ)យើងរវល់ដេកអត់ដឹងរឿង។ ដោយហេតុនេះហើយ ខ្ញុំនិយាយថាយូរបំផុត ៥ម៉ោង។ ប៉ុន្ដែ បើពេលថ្ងៃវិញ ប្រហែលត្រឹមតែ ១ម៉ោង ឬ ២ម៉ោង កម្ពុជាបើកធម្មតា។ ដូច្នេះ វាងាយណាស់នៅពេលដែលខ្លួនចេញបញ្ជាឲ្យបិទជាឯកតោភាគី។ គ្រាន់តែដកបទបញ្ជាហ្នឹងវិញទៅ វាចប់ទៅហើយ។ គ្មានចាំបាច់ត្រូវការចរចា អន្ទង់វែងឆ្នាំងវែងទេ។
(៨) កម្ពុជាមិនយកកិត្ដិយសរបស់ខ្លួនទៅឡូកឡំនឹងកំហុសរបស់អ្នកដទៃទេ។ អ្នកឯងអ្នកចង អ្នកឯងត្រូវស្រាយ។ គ្មានចំណែកដែលកម្ពុជាទៅជួយស្រាយរឿងនេះទេ។ កម្ពុជាបានធ្វើរួចហើយ។ អ្នកឯងថា “កម្ពុជាភាន់ច្រឡំ”។ កម្ពុជា អត់បានភាន់ច្រឡំទេ។ អ្នកឯងព្រមានកម្ពុជាថា “អ្នកឯងនឹងកាត់ភ្លើង” ក្នុងពេលដែលកម្ពុជាអត់មានប្រើភ្លើងថៃ។ ព្រមានកាត់ internet។ យើងក៏ចេះគិតគូអំពីភាពម្ចាស់ការរបស់ខ្លួនដែរ។ ដូច្នេះអ្នកលក់ internet ក៏ត្រូវបាត់បង់ប្រាក់ចំណូលពី(ការលក់) internet។ យើងកំពុងពិចារណា និងសូមនិយាយទុកជាមុនថា លទ្ធភាពបិទមិនឲ្យទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជាគឺជាលទ្ធភាពខ្ពស់ ប្រសិនបើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការឡើងវិញ។ (៩) សូមអំពាវនាវ បងប្អូនប្រជាពលរដ្ឋខ្មែរត្រូវនឹងនរ។ (នៅពេលដែលមានការ)បិទ(ការនាំចូល)បន្លែផ្លែឈើ សូមបងប្អូនកម្ពុជាកុំឆ្លៀតដំឡើងថ្លៃក្នុងពេលហ្នឹង។ យើងត្រូវការប្រើប្រាស់ទំនិញក្នុងស្រុក ដែលមិនព្រួយបារម្ភពីជាតិគីមីផង។ យើងមិនមែនបំផុសឲ្យមានស្មារតីជាតិនិយមទេ។
(១០) ខ្ញុំបាននិយាយតាំងពីដើមទីថា សូមកុំឲ្យជម្លោះរីករាលដាលពីកន្លែងមួយទៅកន្លែមួយ ពីវិស័យមួយទៅកាន់វិស័យមួយទៀត។ ប៉ុន្ដែ ខាង(ថៃ)នោះគិតស្មានថានេះជាចំណុចខ្សោយរបស់កម្ពុជា។ អ្នកគិតខុសហើយដែលធ្វើឲ្យរីករាលដាលទៅដល់វិស័យដទៃ ក្នុងហ្នឹងមានវិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់របស់ប្រជាពលរដ្ឋ។ អ្នកពិតជាយល់ខុស។ ខ្ញុំនិយាយដោយស្មោះ សូម្បីស្ថានភាពឆ្នាំ២០០៨ ដល់២០១១ ពេលនោះក៏មិនរាលដាលដែរ។ ខ្ញុំសូមរំលឹក ពីពេលនោះ មានការប្រជុំមេគង្គ-ជប៉ុននៅតូក្យូ។ អតីតនាយករដ្ឋមន្ដ្រីថៃ Abhisit Vejjajiva បានប្រកាសនៅទីក្រុងតូក្យូថា នឹងបិទព្រំដែនកម្ពុជា-ថៃ។
ពេលមកដល់ពោធិចិនតុង ខ្ញុំបានប្រកាសថា “ប្រសិនបើ(ថៃ)ហ៊ានបិទព្រំដែន កម្ពុជានឹងប្រកាសឈប់ប្រើទំនិញថៃទាំងអស់”។ ពេលនោះ Abhisit Vejjajiva មិនហ៊ានបិទទេ។ ហេតុអ្វីបានពេលនេះអ្នកឯងធ្វើអញ្ចឹង? កម្ពុជាត្រូវតែអនុវត្តវិធីសាស្ត្រដ៏រឹងមាំរបស់ខ្លួន។ យើងត្រូវជំនួស(ផលិតផលនាំចូល)ដោយផលិតផលក្នុងស្រុកដែលយើងផលិតបាន ហើយត្រូវប្រើទំនិញពីប្រទេសផ្សេងៗ ក្រៅពីថៃ។ សារនេះយើងបានបញ្ជូនចេញពីមុនហើយ ក៏ប៉ុន្តែយើងសូមបញ្ជាក់ឡើងវិញ។ រាជរដ្ឋាភិបាលបានត្រៀមខ្លួនហើយធ្វើកិច្ចការទាំងឡាយ ដើម្បីកាត់បន្ថយការពឹងពាក់ចំពោះថៃ។
(១១) បងប្អូនមួយចំនួនបានចូលមក comments ជាពិសេសនិស្សិត(ដែលរៀននៅប្រទេសថៃ)ថា “ចុះតើពួកខ្ញុំយ៉ាងម៉េច?”។ ខ្ញុំសូមផ្តាំទៅ បើគេបន្តឲ្យរៀនបានគឺរៀនទៅ។ បើទ្រាំមិនបានទេ ត្រឡប់មកខ្មែរវិញមក។ មករៀននៅស្រុកខ្មែរវិញ។ មកដល់មានអាហារូបករណ៍រៀននៅស្រុកខ្មែរ។ បើសិនជាក្រសួងអប់រំយុវជន និងកីឡា និងខាងរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបាន ខ្ញុំជាអ្នកចេញលុយឲ្យរៀន។ ខ្ញុំយកការទទួលខុសត្រូវលើបញ្ហាហ្នឹង។ ប្រសិនបើគេធ្វើទុកបុកម្នេញនៅក្នុងពេលដែលកំពុងសិក្សា។
សម្រាប់រឿងច្រកព្រំដែន យោធាថៃជាអ្នកបិទ ដូច្នេះយោធាថៃត្រូវតែបើកខ្លួនឯង។ បន្ទាប់ទៅ កម្ពុជានឹងសម្រួលឲ្យដូចដើមវិញ។ នោះជាការស្រេច។ ប្រើពេលត្រឹមតែ ថាឲ្យអស់កន្លះម៉ោងគឺចប់ហើយ។ គ្រាន់តែចេញប្រកាស រួចហើយច្រកព្រំដែនបើកពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់វិញទៅ ជាការស្រេច។ ចប់ហើយប៉ុណ្ណឹង។ ឯកម្ពុជាគឺនឹងប្រកាសឲ្យបើកច្រកឡើងវិញ ហើយប្រកាសឲ្យយកសេវាទំនិញទៅមកដូចដើម។សូមជម្រាបជូនដែរ (១២) សម្រាប់អ្នកជំងឺទាំងឡាយដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃ ត្រូវវិលត្រឡប់មកព្យាបាលក្នុងប្រទេសរបស់ខ្លួនវិញ។ លឺថាគេមិនព្យាបាល។ បើគេមិនព្យាបាល យើងព្យាបាលក្នុងប្រទេសយើង។
(១៣) បញ្ហាទី៣ គឺកម្ពុជាបញ្ជូន(ការមិនចុះសម្រុងគ្នាលើតំបន់ទាំង៤)ទៅ ICJ ឬតុលាការយុត្តិធម៌អន្តរជាតិ។ វាជាការគាប់ជួនណាស់។ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺពីថ្ងៃម្សិល ព្រះករុណាព្រះបិតា ព្រះអង្គក៏បានទទួលជោគជ័យក្នុងការកាត់ក្តីនៅតុលាការ។ ថ្ងៃមិ្សលមិញនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន ក៏បានចុះហត្ថលេខា បញ្ជូន(ឯកសារ)ទៅ ICJ ចំថ្ងៃដដែល។ វាជាការគាប់ជួន។ នេះគឺជាលិខិតដែលបញ្ជូនចេញ។ ឯសំណុំរឿងដទៃទៀតនឹងបញ្ជូនតាមក្រោយ។ (១៤) ហេតុអ្វីបានយើងត្រូវយកបញ្ហានេះទៅ ICJ? ចំណុចនេះ គឺដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុងគ្នាបានលើតំបន់ទាំង៤ ហ្នឹង។ មិនអាចចុះសម្រុងគ្នាបានទេ។ បើភាគីទាំងពីរមិនអាចរកឃើញនូវការចុះសម្រុងគ្នា យើងត្រូវយកជម្រើសសន្តិភាពនិងជម្រើសការអនុវត្តច្បាប់អន្តរជាតិ។ (វិធីសាស្ត្រ)ទាំងពីរហ្នឹង សុទ្ធតែវិធីសាស្ត្រប្រកបដោយសន្តិភាព។ យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាព យន្តការចូលទៅក្នុងតុលាការក៏សន្តិភាព។ នេះមិនមែនបានសេចក្តីថា ការបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិជាការបង្កសង្គ្រាម ឬបង្កើតសង្គ្រាមទេ។
វាច្បាស់លាស់ហើយ។ សូម្បីតែក្នុងប៉ុន្មានថ្ងៃកន្លងទៅ វាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងការទៅរកសន្តិភាពតាមរយៈតុលាការ។ (១៥) គេ(បាននិយាយ)ថា បើចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នា។ កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នា។ កម្ពុជាបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន។ កម្ពុជាមានកម្លាំងទប់ទល់ជាមួយយថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់វាយជាមួយអ្នកណាទាំងអស់។ កម្ពុជានឹងធ្វើត្រឹមតែការពារទឹកដីរបស់ខ្លួនទេ។ ព្រំដែន(រវាងប្រទេសទាំងពីរមាន)ជាង ៨០០គីឡូម៉ែត្រ ប៉ុន្តែតំបន់ទាំង៤ នេះ គឺតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី មិនអាចរកការស្រុះស្រួលគ្នាបានទេដោយទ្វេភាគីទេ (ទោះជា)១០០ឆ្នាំទៀត ឬ ២០០ឆ្នាំទៀត ក៏មិនចប់ដែរ។ ហ្នឹងជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរ ប្រទេសទាំងពីរ។
ដូច្នេះហើយ យើងជ្រើសយកដំណោះស្រាយសន្តិភាព តាមរយៈការចរចានិងតាមរយៈការអនុវត្តច្បាប់។ ខ្ញុំ (១៦) សង្ឃឹមថា ប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនយោបាយគោរពច្បាប់អន្តរជាតិ ចៀសវាងការមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំង នឹងគាំទ្រដល់កម្ពុជាស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយសន្តិភាព តាមរយៈការចរចាទ្វេភាគី និងតាមរយៈយន្តការតុលាការ។ អ្នកណាក៏ដោយដែលគេចវេសពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាព។ និយាយតាមត្រង់មួយបែប។ មានតែចោរទេ ដែលខ្លាចតុលាការ។ បើមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការទេ។ ឧទាហរណ៍ ក្នុងចំណោមបណ្តាប្រទេសអាស៊ានជាការល្អបំផុតហើយដែលម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការ។ សិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការ។
នេះជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ចៀសផុតពីគំនាបរបស់មហាជន។ រដ្ឋាភិបាលនីមួយៗ មិនអាចទៅចង្អុលថា “ខ្ញុំដកថយ ខ្ញុំប្រគល់ចំណែកនេះឲ្យអ្នកឯង”។ មិនអាចនិយាយដូចនេះបានទេ។ ប៉ុន្តែ (១៧)បើតុលាការកាត់ក្តីមកហើយ យើងទទួលយកដោយគោរពចំពោះសាលដីការតុលាការ។ យើងពន្យល់ប្រជាពលរដ្ឋថា តុលាការបានរកឃើញចំណុចបែបនេះ។ អញ្ចឹងយើងត្រូវតែលះបង់កន្លែងហ្នឹងទៅ។ វិធីនេះជាវិធីល្អ។ បើមកវាយតែគ្នា តើសាច់ឈាមអស់ប៉ុន្មាន? អញ្ចឹង ខ្ញុំគិតថា សូមអំពាវនាវបណ្តាប្រទេសដែលមិនចង់ឲ្យមានសង្រ្គាម ចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធី គាំទ្រដល់ដំណើរការដែលកម្ពុជានាំរឿងក្តីទៅកាន់តុលាការអន្តរជាតិ។
(នៅលើខ្សែព្រំដែនជាមួយគ្នាដែលលាតសន្ធឹង)ជាង ៨០០គីឡូម៉ែត្រ យើងយកតែ ៤ចំណុចទេទៅដោះស្រាយ។ យើងចាត់ទុកថាដីក្នុង ៤ចំណុចនេះ ស្មើនឹង ៥០គីឡូម៉ែត្រទៅចុះ។ យើងថាប៉ុណ្ណឹងទៅចុះ។ វាមិនដល់ផង។ នៅសល់ដីជាង ៧០០គីឡូម៉ែត្រទៀត គឺយន្តការទ្វេភាគី(បន្តដោះស្រាយជាមួយគ្នា)។ នេះជាការលើកឡើង។ ការជូនព័ត៌មាន។ យើងមិនដកថយទេ។ ខ្ញុំសង្ឃឹមថា មានតែយន្តការ(ទៅតុលាការយុត្តិធម៌អន្តរជាតិ)នេះទេ(ជាវិធីសាស្ត្ររក្សាបានសន្តិភាព)។ សូមកុំខ្លាច។ ប្រសិនបើមានភាពសុចរិតគ្រប់គ្រាន់ ត្រូវតែហ៊ានឡើងតុលាការ។ អ្នកដែលមិនហ៊ានឡើងតុលាការគឺជាអ្នកដែលខ្លាច ហើយមានអាថ៌កំបាំងនយោបាយ ឬមានអ្វីនៅពីក្រោយ។
ការនេះធ្វើឱ្យគេកាន់តែយល់បានថា ហេតុអ្វីបានជា ហ៊ុន សែន កាលពេលធ្វើនាយករដ្ឋមន្រ្តី បញ្ជាទៅក្រសួងការបរទេសនិងបញ្ជាទៅតំណាងអចិន្រ្តៃយ៍ នៅអង្គការសហប្រជាជាតិឱ្យបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការវាយលុកចូលអ៊ុយក្រែន។ យើងបានព្យាករណ៍ដឹងទុកជាមុនទៅហើយ(ពីការជួបនឹងហេតុការណ៍)។ ហ៊ុន សែន មើលធ្លុះសភាពការណ៍ ព្រោះស្ថានភាពបានកើតពិតប្រាកដ ហើយវានឹងកើតជាបន្តបន្ទាប់ទៀត។ ដូច្នេះ (១៨) យើងត្រូវប្រកាន់យកឥរិយាបទអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ ដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ឬមិនគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋដទៃ ក្នុងការដោះស្រាយជម្លោះ។
សូមអំពាវនាវចំពោះបងប្អូន ក្រុមគ្រួសារនៅខាងក្នុងប្រទេសដែលមានកូនចៅ បងប្អូនសាច់ញាតិក្នុងប្រទេសថៃ ជួយបង្កលក្ខណៈហៅកូនចៅត្រឡប់មកវិញ។ រថយន្តស្អីៗ សំរាប់ការដឹកជញ្ជូនមិនពិបាកទេ។ ក្នុងរយៈអន្តរកាលនេះ រាជរដ្ឋាភិបាលគួរតែត្រូវខិតខំឲ្យបងប្អូននេះមានស្ថិរភាពនិងជីវភាព។ មកពីនោះមិនអាចស្ពាយអង្ករមកបានទេ។ ដូច្នេះ ត្រូវមានការផ្គត់ផ្គង់អង្ករ ប្រេងអីមួយចំនួន ទៅកាន់បងប្អូន។ អាចធ្វើទៅរួច មិនមែនធ្វើទៅមិនរួចទេ។
ខ្ញុំក៏ (១៩) សូមអំពាវនាវពលរដ្ឋខ្មែរកុំបីមានចរិកជ្រុលនិយមដូច(ពួកមនុស្សមួយចំនួន)នៅទីក្រុងបាងកក ដឹកនាំដោយ សុន្ធិ លឹមថងគុល ដែលយកខ្មែរធ្វើជាសត្រូវ។ កាលពីមុនក៏(បានធ្វើ)អញ្ចឹង។ ឥឡូវនេះ ក៏នៅតែបន្ត(ធ្វើ)អញ្ចឹង។ សុន្ធិ លឹមថងគុល ស្គាល់ ហ៊ុន សែន មិនទាន់ច្បាស់ពីមុន។ សូម្បីតែបានដកខ្លួនចេញពី(តំណែង)នាយករដ្ឋមន្ត្រីក៏ដោយ ហ៊ុន សែន នៅតែឈររឹងមាំក្នុងអំណាចនៅកម្ពុជា។ សូមអ្នកឯងកុំភាន់ច្រឡំ។ ហ៊ុន សែន មិនទាន់អស់អំណាចទេ។ អ្នកឯងត្រូវស្គាល់គោរមងារ “តេជោ” ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានឬទេ។ សូមអ្នកកុំព្រហើន និងមើលស្រាលចំពោះកម្ពុជា។ ហ៊ុន សែន បានចូលរួមចំណែកគ្រប់គ្រងប្រទេសនេះរយៈពេល ៤៧ឆ្នាំហើយ។ អ្នកល្មមដឹងថា តើ ហ៊ុន សែន ជាអ្នកណាពិតប្រាកដ?
រីឯ ចតុផន ព្រំផាន់ ដែលកន្លងទៅធ្លាប់បានមកជ្រកកោននៅកម្ពុជា ហើយដែលបានទៅចូលដៃជាមួយ សុន្ធិ លឹមថងគុល ក៏សូមឱ្យថ្នមសំឡេងបន្តិច។ ពីដើម អ្នកឯងជាក្រុមអាវក្រហម បានរត់មកជ្រកកោននៅទីនេះ។ ឥឡូវ អ្នកបែរមកវាយប្រហារកម្ពុជា។ សូមថ្នមសំឡេងបន្តិចទៅ។ ធ្លាប់ជ្រកកោននៅជាមួយខ្ញុំ អ្នកឯងស្គាល់សមត្ថភាពរបស់ ហ៊ុន សែន ច្បាស់ហើយ។ ខ្ញុំធ្លាប់ចិញ្ចឹមអ្នកឯង។ រឿងអ្នកឯងស្តាប់អី ខ្ញុំមិនខ្វល់ទេ ប៉ុន្តែរឿងដែលអ្នកឯងមកវាយប្រហារកម្ពុជានេះ ខ្ញុំគ្រាន់តែសូមទូន្មានអ្នកឯង។
ពេលមុន (ក្រុមជ្រុលនិយមថៃនេះ)ថាវាយចូលសៀមរាប ហើយយកអង្គរវត្តដោះដូរជាមួយប្រាសាទព្រះវិហារ។ កម្ពុជាមិនមែនជាចេកដែលងាយស្រួលទទួលទានទេ។ អ្នកឯងមើលកម្ពុជាខុសនិងភាន់ច្រឡំហើយ។ (២០) កម្ពុជាដឹកនាំដោយព្រះបាទនរោត្តម សីហមុនី ជាមហាក្សត្រគ្រងរាជ ដឹកនាំដោយ ហ៊ុន សែន និងពេលនេះដឹកនាំដោយ ហ៊ុន ម៉ាណែត អមដោយឥស្សរជនទាំងរដ្ឋសភា ទាំងព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ និងជាតិទាំងមូល រួមគ្នាប្រឈមមុខជាមួយសភាពការណ៍នេះ។
យើងមិនចង់ឱ្យអាស៊ានឈឺក្បាលជាមួយយើងទេ។ ប៉ុន្តែ នៅពេលដែលប្រជុំអាស៊ាន ខ្ញុំដឹងថានាយករដ្ឋមន្ត្រីកម្ពុជានឹងនិយាយហើយ។ យើងនឹងនិយាយទៅកាន់បរទេសនានា។ បើសិនជាលើកទឹកចិត្តឱ្យអនុវត្តវាយគ្នាមិនចាំបាច់ទេ។ ប៉ុន្តែ បើលើកទឹកចិត្តឱ្យដោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគី និងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ យើងសូមស្វាគមន៍។ យើងសង្ឃឹមថា មិត្តភក្តិបរទេសនឹងទទួលយកសំណូមពររបស់យើង។ យើងមិនបានសុំអាវុធយុទ្ធភណ្ឌយកមកវាយគ្នាទេ។ យើងសុំឱ្យតែគាំទ្រឱ្យមានការដោះស្រាយដោយសន្តិវិធី តាមយន្តការទ្វេភាគី នៅតុលាការអន្តរជាតិតែប៉ុណ្ណោះ។
យើង (២១) សូមសរសើរដល់គណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំង២ ដែលបានចរចា(គ្នា)។ ទោះបីមិនទាន់បានលទ្ធផលរហ័ស ក៏ប៉ុន្តែយើងសង្ឃឹមថា យន្តការនេះនឹងបន្តដោះស្រាយបញ្ហាព្រំដែនគោកតាមអនុស្សរណៈយោគយល់ឆ្នាំ២០០០ ដែលក្នុងនោះមានការកំណត់ពីការប្រើប្រាស់ផែនទីត្រឹមត្រូវ។ ឯផែនទីឯកតោភាគី មិនត្រូវបានទទួលស្គាល់នោះទេ។ លុះត្រាតែផែនទីនោះ ស្របជាមួយផែនទីគោល ដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ ដែលត្រូវបានប្រើប្រាស់ជាហូរហែ រហូតទៅដល់តុលាការអន្តរជាតិ ឡាអេ យកមកកាត់ក្តីនៅក្នុងឆ្នាំ១៩៦២។ ដូច្នេះ ផែនទីណាខុសពីហ្នឹង យើងអត់ទទួលស្គាល់ទេ។ ការប្រើប្រាស់ផែនទីខុសគ្នានេះហើយជារឿងរ៉ាវដែលនាំទៅដល់ជម្លោះ។ យើងប្រើផែនទីស្របច្បាប់តាមការទទួលស្គាល់ជាអន្តរជាតិ និងតាមរយៈនៃកិច្ចព្រមព្រៀងបារាំង-សៀម១៩០៧។ យើងមិនទទួលស្គាល់ការប្រើផែនទីផ្សេងពីនេះទេ។
សូមសម្តេចនាយករដ្ឋមន្ត្រីអធ្យាស្រ័យ ដែលការនិយាយរបស់ខ្ញុំ ហាក់ដូចជាបំពានការងារនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា បើទោះបីជាខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិដើម្បីនឹងនិយាយ។ ខ្ញុំអត់និយាយអ្វីខុសពីជំហររបស់នាយករដ្ឋមន្ត្រីទេ។ ខ្ញុំចង់ជូនសារដើម្បីឱ្យនាយករដ្ឋមន្ត្រីជោគជ័យតែប៉ុណ្ណឹងទេ។ សង្ឃឹមថានាយករដ្ឋមន្ត្រីមិនប្រកាន់។ អរគុណ។ ឥឡូវ (សម័យប្រជុំយើង)ចូលដល់របៀបវារៈ(ព្រៀងទុកវិញ) ព្រោះ(ការមានមតិតាម)ប្រការទី៤៤ ត្រូវបានបញ្ចប់។ បន្តទៅទៀតសូមស្នើលេខាធិការសម័យប្រជុំពិនិត្យ និងរាយការណ៍អំពីចំនួនវត្តមាន …៕