[ចម្លើយ ចំពោះ សំណួរទី ១]
សង្គ្រាមពាណិជ្ជកម្មប៉ះពាល់ដំបូងគេ គឹប្រទេសដែលពាក់ព័ន្ធនោះឯង
… សូមអរគុណចំពោះសំណួរនេះ។ យើងបានដឹងហើយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គ្រាមពាណិជ្ជកម្មបានកើតឡើង។ យើងសង្កេតមើលឃើញថា តើអ្នកដែលខូចខាតនោះគឺជាអ្នកណា? ដំបូងបំផុត គឺប្រទេសដែលមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នានោះឯងជាអ្នកទទួលរងនូវផលប៉ះពាល់។ ឧទាហរណ៍ សហរដ្ឋអាមេរិកវាយពន្ធទៅលើទំនិញរបស់ចិន ហើយចិនវាយពន្ធតវិញទៅលើទំនិញរបស់សហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលរងគ្រោះមុនគេ? គឺប្រជាជនអាមេរិកនោះឯងដែលជាអ្នកទិញទំនិញ។ ឧទាហរណ៍ថា សម្ភារៈមួយដែលមានតម្លៃត្រឹមតែ ១០០ ដុល្លារទេ ប៉ុន្តែ ត្រូវវាយពន្ធទៅដល់ ២០% ដូច្នេះ វានឹងត្រូវបង្កើនប្រាក់ចំណាយសម្រាប់(ទិញ)របស់មួយដដែល គឺពី ១០០ ទៅ ១២០ (ដុល្លារ) ត្រឡប់មកវិញ ចិនក៏នឹងមានករណីដូចគ្នានោះដែរ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មនេះ វាមានផលប៉ះពាល់ផ្ទាល់តែម្តងសម្រាប់ប្រទេស និងប្រទេស ដែលគេមានបញ្ហាជាមួយគ្នា។
ពិភពលោកទទួលផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មផង និងពីការដាក់ទណ្ឌកម្មផង
ច្បាស់ណាស់ថា ពិភពលោកក៏នឹងទទួលផលប៉ះពាល់ដូចគ្នានេះដែរ ដោយសារតែមានភាពបត់បែននៅក្នុងបញ្ហាមិនច្បាស់លាស់មួយចំនួន។ បញ្ហាទណ្ឌកម្មនេះទៀតសោត យើងត្រូវឃើញថា មិនមែនគ្រាន់តែ(ត្រូវបានធ្វើ)នៅក្នុងក្របខណ្ឌប្រទេស និងប្រទេសទេ (វាមាន)សូម្បីតែទណ្ឌកម្ម ដែលចេញពីក្រុមប្រឹក្សាសន្តិសុខ (ដែល)វាមិនមែនជាប់ពាក់ព័ន្ធតែជាមួយប្រទេសណាមួយ(ដោយចំពោះ)ទេ ក៏ប៉ុន្តែ វាពាក់ព័ន្ធនឹងប្រទេសទាំងអស់។ ខ្ញុំលើកឧទាហរណ៍ ចំពោះប្រទេសមួយ ដែលមានទណ្ឌកម្មចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូចជា កូរ៉េខាងជើង មិនមែនប៉ះពាល់តែជាមួយកូរ៉េខាងជើងទេ ប៉ុន្តែ ប៉ះពាល់ចំពោះអ្នកណាទាំងអស់ដែលរកស៊ីជាមួយកូរ៉េខាងជើង។ ប៉ះពាល់ទាំងអស់។ ហ្នឹងថា អំពីបញ្ហាក្រុមប្រឹក្សាសន្តិសុខ។ យើងដាក់ចេញមួយអន្លើ។ ប៉ុន្តែ ទាក់ទងជាមួយនឹងទណ្ឌកម្មរបស់អាមេរិក ករណីដែលបានកើតឡើង (ដូចជា)ទណ្ឌកម្មអាមេរិកចំពោះអ៊ីរ៉ង់ ទោះបីជាទណ្ឌកម្មជាឯកតោភាគី ប៉ុន្តែ ក៏បានរារាំងទៅដល់ក្រុមហ៊ុនតាមបណ្ដាប្រទេសមួយចំនួន ឥឡូវរាប់ទាំងបញ្ហាមិនឲ្យទិញប្រេងពីអ៊ីរ៉ង់ គឺនោះហើយដែលជាផលប៉ះពាល់ ដែលកើតមានអំពីបញ្ហាទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មនេះឯង។
កម្ពុជាទទួលផលប៉ះពាល់តិចបំផុត
សម្រាប់កម្ពុជា យើងខ្ញុំពិតជាមានការប៉ះពាល់ តែការប៉ះពាល់នេះវាតិចណាស់ ព្រោះសំខាន់បំផុតប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា គឺនិយាយរួម មុខទំនិញដែលគេវាយពន្ធទៅវិញទៅមក មិនមាននៅក្នុងបញ្ជីមុខទំនិញរបស់កម្ពុជាទេ … អាហ្នឹងមួយទៅ។ ឯមួយទៀត កម្ពុជាមិនមែនគ្រាន់តែរកស៊ីជាមួយនឹងសហរដ្ឋអាមេរិក និងចិនទេ គឺយើងរកស៊ីជាមួយប្រទេសផ្សេងៗដទៃទៀត ដូចជា ជាមួយជប៉ុនជាដើម។ យើងមានដៃគូច្រើន។ ឯមួយទៀត បើនិយាយពីផ្នែកហិរញ្ញវត្ថុ យើងមិនមានការភ័យខ្លាចទេ ដោយសារយើងមិនទាន់មានសមាហរណកម្មពេញលេញ ដែលអាចថា ភាពរង្គោះរង្គើនៃហិរញ្ញវត្ថុរបស់អាមេរិក ឬរបស់ចិន អាច(ធ្វើអោយ)មានផលប៉ះពាល់ខ្លាំងក្លាមកសម្រាប់យើងនោះ ក៏ទេដែរ។ យ៉ាងណាក៏ដោយ ខ្ញុំមានការសង្ឃឹមថា ចិន និងសហរដ្ឋអាមេរិក នៅតែជម្នះបាននូវការលំបាក (ព្រោះវា)មិនមែនជាបញ្ហាប្រឈម ដែលមិនចេះចប់នោះទេ …។
ប្រទេសនៅអាស៊ី មិនត្រូវបណ្តោយខ្លួនឲ្យក្លាយទៅជាស្មៅ ឬស្រមោចសង្អារ សម្រាប់ដំរីជាន់
រឿងនេះ ខ្ញុំបានលើកជាសំណួរនៅក្នុងពេលប្រជុំអាស៊ានជាមួយនឹងប្រធាន IMF ប្រធានធនាគារពិភពលោក និងជាមួយនឹងនាយករដ្ឋមន្រ្តីកាណាដា ប្រធានាធិបតី ឈីលី។ ពេលនោះខ្ញុំបានសួរនូវសំណួរមួយចំនួន។ ដំណើរការពាណិជ្ជកម្ម តាមរយៈយន្តការ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅតែបន្ត ប៉ុន្តែប្រធានាធិបតីនៅមានអាណត្តិ។ ដូច្នេះ គឺខ្ញុំគិតថា មិនមាននរណាមួយអាចដេកស្លាប់ជាមួយនឹងទណ្ឌកម្មនោះទេ។ ម្យ៉ាងទៀត សម្រាប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជាផងដែរ ក៏មិនត្រូវបណ្តោយខ្លួនឲ្យក្លាយទៅជាស្មៅ ឬស្រមោចសង្អារ សម្រាប់ដំរីជាន់។ គេមានពាក្យមួយនិយាយថា «ដំរីជល់គ្នា ស្លាប់ស្មៅ ឬស្លាប់ស្រមោច/សង្អារ»។ ក៏ប៉ុន្តែ យើងទាំងអស់គ្នា ក្នុងតំបន់អាស៊ី ប្រទេសនីមួយៗ គឺមិនគប្បីប្រែក្លាយខ្លូនទៅជាស្រមោច/សង្អារ ឬទៅស្មៅ សម្រាប់ដំរីជល់គ្នា ហើយមកជាន់យើងឲ្យស្លាប់ទេ។ យើងត្រូវរកវិធីគេចផុតពីជម្លោះនេះ។ ខ្ញុំមានការសង្ឃឹមថា សហរដ្ឋអាមេរិក និងចិន នឹងស្វែងរកនូវដំណោះស្រាយសមស្រប ដើម្បីភាពសុខដុមរមនា ព្រោះពិភពលោកបច្ចុប្បន្ន មិនអាចមាននរណារស់ម្នាក់ឯងបានទេ។ ពិភពលោកបច្ចុប្បន្ន ចំណុះឲ្យគ្នាទៅវិញទៅមក។ មានតែការស្វែងរកនូវដំណោះស្រាយមួយ តាមរយៈនៃស្ថានភាពឈ្នះឈ្នះតែប៉ុណ្ណោះ នេះជាការសង្ឃឹមរបស់ខ្ញុំ។
[ចម្លើយ ចំពោះ សំណួរទី ២]
កម្ពុជានឹងមិនធ្លាក់ទៅក្នុងអន្ទាក់បំណុលចិន ដូចគេលើកឡើងនោះទេ
… ខ្ញុំបានលឺគេនិយាយរឿងនេះយ៉ាងច្រើនថា កម្ពុជាអាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុល (ហើយគឺអន្ទាក់)នៃបំណុលរបស់ចិន។ និយាយមួយបែប មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងផ្លូវមួយខ្សែក្រវាត់មួយទេ។ ក៏ប៉ុន្តែ ខ្ញុំអាចបញ្ជាក់បានថា មិនដល់កម្រិតនោះទេ។ (មាន)ប្រទេសខ្លះជំពាក់បំណុលគេរហូតទៅដល់ ២០០% ៣០០% ឬ ៥០០% នៃ GDP ប៉ុន្តែមិនមែនបានជំពាក់ចិនឯណា? អញ្ចឹងវាមិនមែនជាអន្ទាក់របស់ចិនទេ។ ប្រទេសខ្លះអត់ទាំងជំពាក់ចិនផង។ ជំពាក់តាំងពីពេលមុនចិនមាននយោបាយផ្លូវមួយខ្សែក្រវាត់មួយឯណោះ។ សម្រាប់កម្ពុជា យើងរក្សាបាននូវអធិបតេយ្យរបស់យើងក្នុងការខ្ចី គឺយើងខ្ញុំខ្ចីទៅតាមគម្រោងដែលយើងខ្ញុំត្រូវការ ហើយចិនគោរពនូវការសម្រេចរបស់យើង។ នេះគឺជាចំណុចទី ១ ដែលខ្ញុំសូមគូសបញ្ជាក់ថា ចិនមិនបានបង្ខំឲ្យយើងធ្វើនេះ ឬធ្វើនោះទេ។ ប៉ុន្តែ ចិនបានគោរពនូវការសម្រេចចិត្តរបស់យើង ថាប្រើប្រាស់ឥណទានរបស់យើងខ្ចីនេះ យកទៅធ្វើអ្វី? នេះជាចំណុចទី ១។
កម្ពុជាទើបនឹងជំពាក់បំណុលបរទេស ២១,៥% នៃអនុបាត ៤០% ប៉ុណ្ណោះ
ចំណុចទី ២ យើងបានខ្ចីដោយគេហៅថា ឥណទានសម្បទាន (ដែលមាន)អត្រាការប្រាក់ទាប និងរយៈពេលសងវែង។ យើងត្រូវធ្វើរឿងនេះជាបន្តទៀត មិនមែនគ្រាន់តែជាមួយប្រទេសចិនទេ ជាមួយជប៉ុន ជាមួយស្ថាប័នហិរញ្ញវត្ថុដទៃទៀត យើងក៏នៅតែបន្ត និងធ្វើការងារនេះ។ ឯមួយទៀត យើងខ្ញុំមានការប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើការខ្ចីបុលពីបរទេស។ មកដល់ពេលនេះ និយាយពីបំណុលបរទេស (កម្ពុជា)ទើបនឹងខ្ចីគេស្មើនឹង ២១,៥% នៃអនុបាត ៤០% ដែលអនុញ្ញាតឲ្យខ្ចី។ យើងខ្ញុំទើបនឹងជំពាក់ត្រឹមតែ ២១,៥% តែប៉ុណ្ណោះ។ នេះជាចំណុចដែលគ្រប់គ្នាត្រូវមើលឃើញ។
ធ្វើសំយោគគំនិតផ្តើមនៃប្រទេសនីមួយៗ ជាសំណុំ បង្កើតស្ថានភាពឈ្នះឈ្នះ
(ទាក់ទងនឹង) ផ្លូវមួយ និងខ្សែក្រវាត់មួយ ថ្ងៃមុន ខ្ញុំក៏បានចូលរួម ហើយក៏មានតំណាងខាងគណៈប្រតិភូជប៉ុនទៅទីនោះដែរ។ អ្នកអានសុន្ទរកថា បាននិយាយប្រកាសខ្លួនឯងថា ជាតំណាងរបស់ឯកឧត្តម ស៊ិនហ្ស៊ូ អាបេ។ ខ្ញុំគិតថានេះជាការល្អ ដែលមានការសហការបែបនេះ។ ទន្ទឹមនឹងគំនិតផ្ដួចផ្ដើមរបស់ចិន អំពីខ្សែក្រវាត់ និងផ្លូវ ក៏មានគំនិតផ្ដួចផ្ដើមរបស់ជប៉ុនទាក់ទងជាមួយឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ គំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី អំពីឥណ្ឌូប៉ាស៊ីហ្វិក ជាមួយនឹងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌា អំពីសកម្មភាពមកទិសខាងកើត និងជាមួយគំនិតផ្ដួចផ្ដើមរបស់កូរ៉េខាងត្បូង អំពីសកម្មភាពទៅទិសខាងត្បូង។ ខ្ញុំជឿថា នឹងមានគំនិតផ្ដួចផ្ដើមដទៃទៀត ដែលយើងគប្បីធ្វើសំយោគ ដើម្បីឲ្យកិច្ចការទាំងឡាយនៃគំនិតផ្ដួចផ្ដើម ដែលប្រទេសនានាលើកឡើង រាប់ទាំងគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ស៊ិនហ្ស៊ូ អាបេ ទាក់ទងនឹងឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ ឲ្យវាក្លាយទៅសំណុំ(សកម្មភាព) បង្កើតឡើងនូវស្ថានភាពឈ្នះឈ្នះ នៅក្នុងតំបន់របស់យើង។ (វានឹងបាន)ជាការប្រសើរ កុំឲ្យក្លាយទៅជាការប្រឆាំងគ្នា។ គំនិតផ្ដួចផ្ដើមទាំងអស់តាមដែលខ្ញុំសិក្សាមើល គឺសុទ្ធតែជាគំនិតផ្ដួចផ្ដើម ដែលផ្ដល់ឱកាសសម្រាប់សន្ដិភាព វិបុលភាព និងការរីកចម្រើនក្នុងតំបន់។ (គំនិតផ្តើមទាំងអស់) គួរតែត្រូវបានធ្វើសំយោគជាមួយគ្នា។ នេះជាប្រធានបទ ដែលខ្ញុំតែងតែលើកជាញឹកញាប់ នៅក្នុងក្របខណ្ឌដៃគូអាស៊ានរបស់យើងខ្ញុំ។ សូមអរគុណ។
[ចម្លើយ ចំពោះ សំណួរទី ៣]
រឿងអាស្រូវនៅអូទ្រីស, លក់ក្បាលឲ្យបរទេស
ខ្ញុំគួរតែបញ្ជាក់បញ្ហានេះ។ ក្នុងពេលប្រមាណជាងមួយអាទិត្យនេះ មានរឿងអាស្រូវនៅប្រទេសអូទ្រីស ពាក់ព័ន្ធនឹងការពឹងពាក់ទៅលើបរទេស ដើម្បីការឈ្នះឆ្នោតនៅក្នុងប្រទេស។ ឥឡូវនេះ នៅក្នុងអឺរ៉ុបបានចាប់ផ្ដើមមានពាក្យ “លក់ក្បាលឲ្យបរទេស” ហើយ។ ប៉ុន្ដែ បើប្រៀបធៀបជាមួយនឹងអ្វីដែលគេបានធ្វើជាមួយនឹងកម្ពុជា វាជារឿងខុសគ្នាឆ្ងាយណាស់។ នៅកម្ពុជា គេបានធ្វើសកម្មភាពរួចហើយ ទៅលើការលក់ក្បាលឲ្យបរទេស ប្រឆាំងនឹងផលប្រយោជន៍ជាតិខ្លួនឯង ធ្វើឲ្យមនុស្សស្លាប់ បំផ្លាញទ្រព្យសម្បត្ដិ កាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤។ ដូច្នេះ តើស្ថានភាពនៅអឺរ៉ុប ទាក់ទិនជាមួយនឹងសកម្មភាពបរទេស ដែលមានពាក្យ … ហើយដែលចេញពីសម្ដីរបស់លោកជំទាវអធិការបតីអាល្លឺម៉ង់ អេនជីឡា ម៉ាកែល តែម្ដង ថា “ចាប់ផ្ដើមលក់ក្បាលឲ្យបរទេស”។
អញ្ចឹង តើយើងខ្ញុំចាត់ការអ្នកដែលបានបំផ្លិចបំផ្លាញកម្ពុជា ផ្ដួលរំលំរដ្ឋាភិបាលមួយ ដែលចេញពីការបោះឆ្នោត តើយើងខ្ញុំអនុវត្ដច្បាប់ខ្លួនឯងបានឬទេ? ខ្ញុំកំពុងសម្លឹងមើលទៅអឺរ៉ុប ជាពិសេស រឿងអាស្រូវនៅប្រទេសអូទ្រីស តើគេនឹងចាត់វិធានការបែបណា? តែ យ៉ាងហោចណាស់ បក្សនយោបាយមួយដែលទទួលរឿងអាស្រូវនេះ ត្រូវបានលាលែងចេញពីតំណែងអស់ហើយ។ ក៏ប៉ុន្តែ (ក៏)ស្រាប់តែលេចចេញពាក្យសម្តីថា ប្រឆាំងនឹងអ្នកលក់ក្បាលឲ្យបរទេស។ ឯ(អូទ្រីស)នោះ គ្រាន់តែទៅពឹងពាក់ បានធ្វើសកម្មភាព ក៏ប៉ុន្តែមិនទាន់បានបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្សដូចនៅកម្ពុជា ដូចករណីដែល(បានកើតឡើង ហើយត្រូវបាន)យើងខ្ញុំបានធ្វើ(ការចាត់វិធានការណ៍)នេះទេ។
មនោគមវិជ្ជាគ្រប់គ្រងនៅប្រទេសមួយ មិនប្រាកដថាអនុវត្តក្នុងប្រទេសមួយផ្សេងទៀតបានទេ
ប្រទេសមួយដែលជាប្រទេសឯករាជ្យ តើយើងអនុវត្តច្បាប់របស់យើងបានឬអត់? ប្រទេសជប៉ុនត្រូវអនុវត្តច្បាប់របស់ប្រទេសជប៉ុន។ ប្រទេសកម្ពុជាត្រូវអនុវត្តច្បាប់ប្រទេសកម្ពុជា។ វាជារឿងធម្មតាខ្លាំងណាស់។ ខ្ញុំគិតថា យើងគួរគោរពនូវវិធានច្បាប់តាមប្រទេសនីមួយៗ។ ពិតហើយ យើងយល់អំពីការកង្វល់នានា ក៏ប៉ុន្តែ គេត្រូវតែសិក្សាអំពីអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់។ កុំដាក់បញ្ហាទាក់ទិននឹងរឿងផ្លូវច្បាប់ទៅជាសកម្មភាពនយោបាយ ដែលវាមិនយុត្តិធម៌សម្រាប់កម្ពុជានោះទេ។ វាក៏មិនយុត្តិធម៌សម្រាប់ប្រទេសទាំងឡាយ ដែលគេបានអនុវត្តច្បាប់នៅក្នុងប្រទេសរបស់គេ ហើយបែរជាយើងទៅរារាំង។ ខ្ញុំបាននិយាយហើយ ភាពសមស្របមនោគមវិជ្ជា ការគ្រប់គ្រងភាពសមស្របនៅក្នុងប្រទេសមួយ មិនប្រាកដថាយកទៅអនុវត្តក្នុងប្រទេសមួយផ្សេងទៀតបានទេ។ នេះវាជារឿងធម្មតាខ្លាំងណាស់។ ប្រជាធិបតេយ្យនៅប្រទេសជប៉ុន គឺមានបែបផែនមួយទៅ។ ប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង មានបែបផែនមួយទៅ។ ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ប្រទេសនោះមានបែបផែនមួយទៅ។
រង់ចាំមើល និងដំណើរការតាមផ្លូវច្បាប់ ចំពោះការប្រកាសសង្គ្រាមរបស់ជនក្បត់ជាតិ
យើងគួរគោរពគ្នាទៅលើបញ្ហាមួយនេះ។ ខ្ញុំសូមនិយាយឲ្យច្បាស់។ កន្លងទៅនេះ ប្រហែលជាអស់លោកមានការតាមដានសភាពការណ៍កម្ពុជា(ខ្លះហើយ)។ ខ្ញុំសូមប្រកាសថ្ងៃនេះថា វិធានការណ៍ច្បាប់នឹងត្រូវតែបន្តចំពោះជនដែលត្រូវបានចោទប្រកាន់។ ទន្ទឹមនេះ ខ្ញុំក៏កំពុងរង់ចាំការធ្វើសង្រ្គាមមួយ។ (យើង)ទុកឲ្យគេធ្វើសង្រ្គាម ដែលគេបានប្រកាសថា នឹងចលនាឲ្យពលរដ្ឋខ្មែរខ្លះនៅជប៉ុន ខ្មែរខ្លះនៅកូរ៉េខាងត្បូង ខ្មែរខ្លះនៅថៃ ខ្មែរខ្លះនៅក្នុងប្រទេសកម្ពុជា ធ្វើសង្គ្រាមដើម្បីមកចាប់ខ្ញុំ។ ដរាបណាគេមិនទាន់ធ្វើចប់ទេ ខ្ញុំក៏មិនទាន់ធ្វើអីដែរ។ ខ្ញុំសូមប្រកាសដោយចំហរពីទីនេះ ឲ្យពិភពលោកបានដឹងថា ខ្ញុំកំពុងរង់ចាំសង្រ្គាមមួយ ដែលវានឹងកើតឡើង តាមរយៈការប្រកាសរបស់ជនក្បត់ជាតិ គេហៅថា ឆ្កែមួយក្បាល ដែលស្រែកពីក្រៅប្រទេស ឲ្យប្រជាពលរដ្ឋចាប់ ហ៊ុន សែន។ (តបហ្នឹងសកម្មភាពនេះ) ខ្ញុំមិនធ្វើអ្វីផ្សេងទៀតក្រៅតែពីដំណើរការផ្លូវច្បាប់ ហើយទុកលទ្ធភាព ឲ្យឆ្កែមួយក្បាលដើរស្រែកពីបរទេសឲ្យកងទ័ពបះបោរ ឲ្យប្រជាពលរដ្ឋបះបោរហើយចាប់ ហ៊ុន សែន យកទៅផ្តន្ទាទោស។ ខ្ញុំទុកពេលឲ្យគេធ្វើ។ ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្រ្គាមនេះទេ ខ្ញុំក៏មិនទាន់ធ្វើអ្វីផ្សេងទៀតដែរ។
សុំសិទ្ធិនយោបាយ ចូលរួមបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០២២ ឬក៏រង់ចាំ
ខ្ញុំដំណើរការតាមអ្វីដែលខ្ញុំកំពុងតែធ្វើ ហើយនឹងដាក់ចេញនូវគោលដៅទាក់ទិននឹងដំណើរការសេដ្ឋកិច្ច។ ឥឡូវនេះ ទើបដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្ត/រាជធានីហើយ ក្នុងប៉ុន្មានថ្ងៃនេះកាលពីថ្ងៃអាទិត្យនេះ។ នឹងរៀបចំការបោះឆ្នោតគ្រោងទុកនៅ ខែឧសភា ឆ្នាំ ២០២២ នូវការបោះឆ្នោតឃុំ/សង្កាត់ និងត្រៀមធ្វើការបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ យើងខ្ញុំបានផ្តល់លទ្ធភាពសម្រាប់អ្នកជាប់បំរាមនយោបាយ។ ជ្រើសរើសខ្លួនឯងទៅ។ អ្នកឯងជ្រើសរើស សម្រេចចិត្តមកធ្វើបក្សនយោបាយ ធ្វើនយោបាយឡើងវិញឬទេ។ យើងខ្ញុំផ្តល់សិទ្ធិឲ្យពួកគេ។ ប៉ុន្តែ យើងខ្ញុំនឹងមិនផ្តល់ឲ្យ ដោយគេមិនបានសុំទេ។ អញ្ចឹងគេជ្រើសរើសទៅ។ ខ្ញុំទុកលទ្ធភាពឲ្យគេជ្រើសរើសទាំងអស់។ អ្នកឯងជ្រើសចូលរួមបោះឆ្នោតឆ្នាំ ២០២២ ដោយសុំសិទ្ធិធ្វើនយោបាយ ឬក៏រង់ចាំឲ្យមានការបោះឆ្នោតឆ្នាំ ២០២២ បោះឆ្នោតឃុំ/សង្កាត់រួចហើយ។ បំរាមនឹងត្រូវចប់នៅ ខែវិច្ឆិកា ឆ្នាំ ២០២២។
ដូច្នេះ (បើថាចាំដល់)ពេលនោះ ចាំអ្នកឯងធ្វើ អាហ្នឹងរឿងរបស់គេ។ ខ្ញុំទុកសិទ្ធិឲ្យ តែខ្ញុំក៏រង់ចាំមើលថា សង្រ្គាមដែលគេបានប្រកាសនេះ តើគេធ្វើអ្វីចំពោះខ្ញុំ? ខ្ញុំចង់ទុកសេរីភាពឲ្យគេ។ បើយើងខ្ញុំប្រកាសខុសពីផ្លូវនេះ គេនឹងចាត់ទុកថា យើងខ្ញុំកំពុងចាញ់សង្រ្គាម។ ខ្ញុំមិនអាចចាញ់សង្រ្គាម ហើយក៏រង់ចាំមើលតើគេអាចធ្វើអ្វីខ្ញុំបាន? គេ(អះអាងថាគេ)ខ្លាំងពូកែណាស់ (អាចបំផុស)ឲ្យមនុស្សចាប់ ហ៊ុន សែន យកទៅផ្តន្ទាទោស នៅពេលដែល ហ៊ុន សែន កំពុងគ្រប់គ្រងប្រទេស។ ខ្ញុំនិយាយយ៉ាងដូច្នេះ ពួកគេកំពុងតែស្តាប់។ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំកំពុងរង់ចាំដើម្បីនឹងធ្វើសង្រ្គាម ហើយរង់ចាំឲ្យគេមកចាប់ដល់ផ្ទះតែម្តង។ តើពួកគេអាចធ្វើបានទេ? ខ្ញុំគិតថា សម្តីនេះគឺជាសារមួយបញ្ជាក់ថា ខ្ញុំអត់ធ្វើអ្វីក្រៅតែពីកិច្ចការដែលខ្ញុំកំពុងធ្វើ ហើយរង់ចាំឲ្យគេធ្វើសង្រ្គាមតាមអ្វី ដែលគេប្រកាសទៅចុះ៕