សារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ​ព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន​ និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន​។​ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩​​ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។​ ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និង​បងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆា​សម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល​ និង​វិធានការដទៃទៀតទាក់​ទង​ទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។ កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០​ កុម្ភៈ មកដល់ពេលនេះគ្មានការថម​ថយ​ទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់…

សេចក្តីដកស្រង់ប្រសាសន៍ ជួបសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល/ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ

ព្រឹត្តិការណ៍ ៣ វិច្ឆិកា ពន្យារពេលជួបសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល/ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ដំបូងអនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះឯកឧត្តម លោកជំទាវ ជាពិសេស មេធាវីរបស់រាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សុំអបអរសាទរ ចំពោះឯកឧត្តម លី ច័ន្ទតុលា ដែលត្រូវបានសន្និបាតបោះឆ្នោតឱ្យធ្វើជាប្រធានគណៈមេធាវី នៃអាណត្តិថ្មី ហើយសុំជូនពរឯកឧត្តមឱ្យដឹកនាំគណៈមេធាវីរបស់យើង សម្រេចជោគជ័យសម្រាប់ ២ អាណត្តិ​ ដែលយើងបានកំណត់គ្នារួចហើយ។ ការជួបជុំរបស់យើងថ្ងៃនេះ ធ្វើឡើងយឺត ២ ថ្ងៃ តាមការគ្រោង(កាលពី)ដើម គឺយើងត្រូវជួបគ្នាថ្ងៃទី ២៣ ម្សិលម្ង៉ៃ។ ប៉ុន្តែ ដោយសារតែ ធីតា ពៅ ដែលជាភរិយារបស់ឯកឧត្តម គួច ចំរើន ត្រូវធ្វើចត្តាឡីស័កជាមួយនឹងអភិបាលខេត្ត(ការជួបនេះ ក៏ត្រូវបានលើកពេល)។ ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺជាប់ពាក់ព័ន្ធអភិបាលខេត្ត និងក្រុមគ្រួសាររហូតដល់ ៣ ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកែប។ អញ្ចឹងទេ បានជាយើងលើកពេលពីថ្ងៃទី ២៣ ដោយសារ​ថ្ងៃ…

ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

គោលនយោបាយវិស័យអប់រំត្រឹមត្រូវ ស្រាយបញ្ហាសង្គម និងចំណុចទាក់ទងយុវជន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សវិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ដែលនេះ គឺជាលើកទី ១៦ ដែលខ្ញុំព្រះករុណាខ្ញុំចូលរួម នៅក្នុងពិធី(ចែកវិញ្ញាបនបត្រ/សញ្ញាបត្រ) នៃសាកលវិទ្យាល័យនេះ ចាប់តាំងពីកកើតពីវិទ្យាស្ថានរហូតដល់សាកលវិទ្យាល័យ។ អម្បាញ់មិញយើងបានស្តាប់ទាំងអស់គ្នា នូវរបាយការណ៍របស់សាកលវិទ្យាធិការ ឯក មនោសែន ដែលបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារតែយើងបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំត្រឹមត្រូវ ភាពត្រឹមត្រូវរបស់យើងនៅត្រង់ថា យើងដើរចេញពីជំហានមួយទៅកាន់ជំហានមួយ ហើយក្នុងនោះ ការអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជាវិធានការណ៍ ដែលត្រឹមត្រូវបំផុត។ យើងអាចពិនិត្យមើលថា សាកលវិទ្យាល័យរបស់រដ្ឋ មិនអាចទទួលយកអស់នូវចំនួនសិស្ស ដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យចូលសាកលវិទ្យាល័យនោះទាំងអស់ទេ។ ដូច្នេះ ការអនុញ្ញាតឱ្យវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជារបៀបដោះស្រាយបញ្ហាសង្គម ហើយចំចំណុចទាក់ទងជាមួយនឹងយុវជនតែម្តង។ ការសិក្សាបង់ថ្លៃ ជួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ស្រាយបន្ទុកចំណាយ និងកសាងអគារសិក្សា ក្រោយពីការផ្តល់ឱកាសឱ្យវិស័យឯកជនវិនិយោគទៅលើវិស័យអប់រំ តាមរយៈការកសាងឡើងនូវសាលារៀនតាំងពីថ្នាក់មត្តេយ្យ បឋម…