ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ក៏ដូចជា គ្រូបង្រៀន!
ជំនួបសិស្សនិទ្ទេស A ត្រូវធ្វើតាំងពីខែកុម្ភៈ តែត្រូវបានលើកពេលដោយបញ្ហាកូវីដ-១៩ បំប្លែងថ្មី
ថ្ងៃនេះ យើងពិតជាមានការរីករាយ ដោយមានការជួបជុំគ្នាឡើងវិញ បន្ទាប់ពីការអាក់ខានក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា មុននេះ យើងមានគម្រោងជំនួបតាំងពីខែកុម្ភៈ ក៏ប៉ុន្តែដោយសារស្ថានភាពមេរោគបំប្លែងថ្មី Omicron បានរាតត្បាត ហើយដើម្បីធានាសុវត្ថិភាពសម្រាប់ចៅៗ ក៏ដូចជាមន្រ្តីរាជការ ជាពិសេសគ្រូបង្រៀនរបស់យើង យើងក៏ពន្យារពេលមកដល់ពេលនេះ។ ស្ថានភាពកូវីដ-១៩ ត្រូវបានគ្រប់គ្រង (ធ្វើអោយមាន)ស្ថានភាពដ៏ប្រសើរមួយ ដែលផ្ដល់ឱកាសឱ្យយើងជួបជុំគ្នា មានជំនួបសិស្សប្រឡងជាប់និទ្ទេស A នៅថ្ងៃនេះ នៅទីនេះ។
ជំនួបជាមួយសិស្សនិទ្ទេស A ធ្វើតាំងពីឆ្នាំ ២០១៤
ខ្ញុំបានសន្យាហើយថា យើងនឹងមានជំនួបរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិទ្ទេស A។ រឿងនេះ យើងបានធ្វើតាំងពីឆ្នាំ ២០១៤ ដែលពេលនោះ (សិស្សប្រឡងជាប់)និទ្ទេស A ត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ឆ្នាំ ២០១៥ យើងមាន(សិស្សប្រឡងជាប់)និទ្ទេស A ចំនួន ១០៨ នាក់។ ឆ្នាំ ២០១៦ យើងមាន(សិស្សប្រឡងជាប់)និទ្ទេស A ចំនួន ៤០៥ នាក់។ ឆ្នាំ ២០១៧ យើងមាន(សិស្សប្រឡងជាប់)និទ្ទេស A ចំនួន ៤២៤ នាក់។ ឆ្នាំ ២០១៨ យើងមាន(សិស្សប្រឡងជាប់និទ្ទេស A) ចំនួន ៤០៨ នាក់។ ឆ្នាំ ២០១៩ មាន(សិស្សប្រឡងជាប់និទ្ទេស A) ចំនួន ៤៤៣ នាក់។ ដោយឡែកឆ្នាំ ២០២០ គឺយើងអត់មាននិទ្ទេស A ទេ ដោយពេលនោះ យើងផ្ដល់ការអនុគ្រោះមួយសម្រាប់សិស្សានុសិស្សរបស់យើង … ឱ្យជាប់ទាំងអស់គ្នាជាស្វ័យប្រវត្តិដោយគ្មាននិទ្ទេស។ ប៉ុន្តែឆ្នាំនេះ បន្ទាប់ពីគ្រប់គ្រងកូវីដ-១៩ បានមួយកម្រិត ហើយជាមួយនឹងការខិតខំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាទូរទស្សន៍ជាតិកម្ពុជា ដែលរៀនតាមប្រព័ន្ធអនឡាញផងនិងតាមទូរទស្សន៍ ក៏ដូចជាការបង្ហាត់បង្រៀនផ្សេងៗ ពីសំណាក់លោក/អ្នកគ្រូ ពីសំណាក់មាតាបិតា យើងក៏ត្រូវចាប់ផ្ដើមឱ្យមានការប្រឡងឡើងវិញ។
សាលាត្រូវបានបិទ/រៀនមិនគ្រប់គ្រាន់ បែរជាសិស្សជាប់និទ្ទេស A មានចំនួនដ៏ច្រើន
ឆ្នាំនេះ សិស្សប្រឡងជាប់និទ្ទេស A គឺមានចំនួនរហូតទៅដល់ ១ ៧៥៧ នាក់ និងមានសិស្សប្រឡងជាប់ជាង ៧ ម៉ឺននាក់។ ពេលនោះ គឺមានសំណូមពរ(ពីសិស្សានុសិស្ស)ចង់ឱ្យមានការជាប់ដោយស្វ័យប្រវត្តិ ដោយគ្មាននិទ្ទេសបន្ត ក៏ប៉ុន្តែរឿងនេះ មិនអាចចេះតែធ្វើទៅបានទេ … សម្រាប់ឆ្នាំនេះ ចំនួន(សិស្សប្រឡងជាប់)និទ្ទេស A របស់យើង បានឡើងដល់កម្រិតមួយដែលគួរឱ្យសប្បាយរីករាយ នោះនៅត្រង់ថា ឆ្នាំនេះ(សិស្សប្រឡងជាប់)និទ្ទេស A មានចំនួនរហូតទៅដល់ ១ ៧៥៧ នាក់ ដែលជាចំនួនមួយដ៏ច្រើន។ យើងមិននឹកស្មានថា វាអាចមានករណីបែបនេះ នៅក្នុងពេលដែលសាលារៀនត្រូវបិទ ហើយរៀនមិនបានគ្រប់គ្រាន់។ ផ្ទុយទៅវិញតាមរយៈការខិតខំទាំងអស់ ក្មួយៗ ចៅៗ បានប្រឹងប្រែងងើបឈរឡើងដើម្បីចំណេះដឹងរបស់ខ្លួន។
សិស្សប្រឡងមិនជាប់ សូមកុំបោះបង់ បន្តរៀនបច្ចេកទេស ឬរៀនយកបរិញ្ញាបត្ររង
ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗនិទ្ទេស A ទាំងអស់ រួមនឹងក្រុមគ្រួសារ អាណាព្យាបាល ដែលបានសម្រេចជោគជ័យ ក្លាយទៅជាសិស្សពូកែក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមអបអរសាទរផងដែរ ជាមួយនឹងសិស្សានុសិស្ស ដែលបានប្រឡងជាប់ចំនួនជាង ៧ ម៉ឺននាក់ ទោះបីមិនជាប់និទ្ទេស A ក៏ដោយ។ ខ្ញុំសូមថ្លែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការប្រឡងជាប់ ហើយក៏ចូលរួមជាមួយនឹងមាតាបិតា សម្រាប់ការប្រឡងជាប់របស់កូន។ ខ្ញុំក៏សូមថ្លែងនូវការសោកស្ដាយជាមួយនឹងចៅៗ ក្មួយៗ ដែលមិនបានប្រឡងជាប់។ សង្ឃឹមថា ចៅៗ ក្មួយៗ អាចនឹងបន្តការខិតខំរៀននៅឆ្នាំនេះ ដើម្បីប្រឡងនៅឆ្នាំក្រោយ ឬក៏ចាប់យកនូវការចូលសិក្សាបញ្ហាបច្ចេកទេស ឬក៏យកបរិញ្ញាបត្ររង។
ជាឱកាស សម្រាប់សិស្សានុសិស្ស ដែលមិនអាចប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។ នេះជារបៀបចាត់ចែង ដើម្បីបង្កើតឱកាសឱ្យយុវជនរបស់យើងមានឱកាសបន្ត។ បើទោះបីជាប្រឡងមិនជាប់ ក៏ប៉ុន្តែមានទ្វារមួយសម្រាប់បើកច្រកឱ្យក្មួយៗ និងចៅៗ អាចបន្តការសិក្សា តាមរយៈម្ខាង គឺក្មួយៗ ចៅៗ បន្តរៀននៅថ្នាក់ទី ១២ បន្តទៀត ហើយបន្ទាប់ទៅនឹងត្រូវប្រឡង។ ក្នុងករណីប្រឡងមិនជាប់ទៀត ឬក៏ថា ឆ្នាំហ្នឹង មិនចង់រៀន(ថ្នាក់ទី ១២)បន្តទៀត អាចចាប់យកការចូលសិក្សានៅសាលាបច្ចេកទេស ឬសាលាដទៃទៀត ដែលមានកម្រិតត្រឹមបរិញ្ញាបត្ររង ដែលមិនតម្រូវឱ្យមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ នេះជាវិធីដោះស្រាយដើម្បីបង្កើនចំណេះដឹង/ធ្វើសម្រាប់យុវជនដែលមិនបានប្រឡងជាប់។
សិក្សាមូលហេតុដែលសិស្សនិទ្ទេស A មួយចំនួនមិនទាន់ចូលសាកលវិទ្យាល័យ
ដោយឡែក ចំពោះចៅៗ ក្មួយៗ ដែលបានប្រឡងជាប់ អ្វីដែលខ្ញុំគួរសួរនៅពេលនេះ គឺចង់ដឹងថា តើមានចៅៗ ក្មួយៗ ប៉ុន្មាននាក់ ដែលកំពុងស្ថិតនៅក្នុងសាកលវិទ្យាល័យនៅពេលនេះ។ សូមលើកដៃ? (អ្នកលើកដៃមួយចំនួន) បានសេចក្ដីថា ចៅៗកំពុងស្ថិតនៅក្នុងការរៀបន្ត(នៅសាកលវិទ្យាល័យ)។ តាសូមបញ្ជាក់អញ្ចេះ ការរៀនបន្ត មានទាំងរៀនតាមសាកលវិទ្យាល័យ និងរៀនតាមគរុកោសល្យតាមភូមិភាគផងដែរ។ ចៅៗខ្លះ ចាប់យកជំនាញគ្រូបង្រៀន។ ឥឡូវ យើងចង់ដឹងថា តើមានចៅៗប៉ុន្មាននាក់ ដែលមិនទាន់បានចូលសាកលវិទ្យាល័យ? ឃើញមានតែប៉ុន្មាននាក់។ ឱ្យនរណាស្រាវជ្រាវ អំពីមូលហេតុឱ្យខ្ញុំ ថាហេតុអ្វីបានចៅៗទាំងនេះ មិនទាន់បានចូលសាកលវិទ្យាល័យ? … អាចខ្វះអាហាររូបករណ៍ឬយ៉ាងណា? ស្ថានភាពនេះ ជាស្ថានភាព ដែលយើងត្រូវតែពិនិត្យមើល។ ភាគច្រើនហើយនៃអ្នក(ប្រឡងជាប់)បានចូលសាកលវិទ្យាល័យ ប៉ុន្តែយ៉ាងហោចណាស់ យើងបានដឹងថាសិស្សពូកែដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ហើយមាននិទ្ទេស A ក៏មាននៅសល់មួយចំនួនមិនទាន់បានចូលសាកលវិទ្យាល័យនៅឡើយ។ យើងត្រូវស្វែងយល់ថា មកពីមូលហេតុអ្វី? ទាមទារឱ្យយើងដោះស្រាយសម្រាប់ពួកគាត់។
មិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ បង្ខំចិត្តបិទសាលាដើម្បីការពារជីវិតគ្រូនិងសិស្សានុសិស្ស
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីក្នុងវិស័យអប់រំ ក៏ដូចជាលោក/អ្នកគ្រូនៅក្របខណ្ឌទូទាំងប្រទេស ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ ជំនះនូវការលំបាកក្នុងពេលវេលា ដែលយើងប្រឈមមុខជាមួយនឹងការប្រយុទ្ធជាមួយនឹងកូវីដ-១៩។ វាជាការខាតបង់ធ្ងន់ធ្ងរមួយនៅលើពិភពលោកនិយាយជារួម និងនិយាយដោយឡែកសម្រាប់កម្ពុជា ដែលតម្រូវឱ្យយើងបិទសាលារៀន ដើម្បីសង្រ្គោះអាយុជីវិតសិស្ស។ បើសិនជាគ្មានអាយុជីវិតទេ ក៏មិនអាចនឹងមានឱកាស ដើម្បីបន្តការសិក្សាបន្តទៀតបានដែរ។ បងប្អូនប្រជាពលរដ្ឋរបស់យើង ក៏ដូចជាចៅៗ លោក/អ្នកគ្រូនៅទីនេះ ពិតជាយល់ថា ហេតុអ្វីបានជារាជរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទសាលារៀន? ពេលនោះ យើងមិនទាន់បានចាក់វ៉ាក់សាំងទេ។ លោក/អ្នកគ្រូ ក្មួយៗ ចៅៗ មិនទាន់មានវ៉ាក់សាំងចាក់ទេ។
ប្រសិនបើហ៊ានប្រថុយយកជីវិតរបស់លោក/អ្នកគ្រូ កុមារា/រី និងយុវជនរបស់យើងទៅផ្សងព្រេងជាមួយនឹងគ្រោះថ្នាក់ ជាមួយនឹងសត្រូវមើលមិនឃើញយ៉ាងដូច្នេះ គឺអាចនឹងកើតឡើងនូវសោកនាកម្មដ៏ធ្ងន់ធ្ងរជាថ្មីម្ដងទៀត។ នោះគឺការស្លាប់រង្គាល ដោយសារតែកូវីដ-១៩។ ដូច្នេះហើយ យើងត្រូវតែសម្រួលទៅតាមសភាពការណ៍នោះ តាមរយៈការខិតខំប្រឹងប្រែងថតជាវីដេអូ ក្នុងការរៀនតាមអនឡាញ និងបង្រៀនតាមទូរទស្សន៍នានា ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា (បង្កើតប៉ុស្ដិ៍ទូរទស្សន៍) TVK2 ផ្ដល់ឱកាសឱ្យសិស្សានុសិស្សរបស់យើងរៀនសូត្របាន។ នេះជាការខិតខំមួយ ក្នុងចំណោមការខិតខំគ្រប់គ្រងសភាពការណ៍នៅក្នុងប្រទេស ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋ កូនៗ ចៅៗ ដើម្បីសុវត្ថិភាព សម្រាប់ពេលនេះ។
ប្រកាសដាក់សិស្ស/និស្សិតនៅទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខ នៃការទទួលវ៉ាក់សាំង
បើសិនមិនមានការគ្រប់គ្រង(កូវីដ-១៩)ល្អ និងពុំមានការខិតខំ ដើម្បីជម្រុញ(ការចាក់)វ៉ាក់សាំងចុះដល់សាលារៀន ឱ្យអាទិភាពទៅលើសាលារៀន សិស្សានុសិស្ស គ្រូបង្រៀនរបស់យើង គឺច្បាស់ណាស់ សភាពការណ៍ដល់ពេលនេះ ពិតជាអាក្រក់។ ឥឡូវនេះ ខ្ញុំសូមប្រកាសដាក់សិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ទៅជាក្រុមអាទិភាព នៃការទទួលវ៉ាក់សាំង។ មុននេះ ខ្ញុំបានប្រកាសត្រឹមតែមុខសញ្ញាពាក់ព័ន្ធជាមួយនឹងមន្រ្តីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ដែលហៅថា ក្រុមអាទិភាពជួរមុខ ឥឡូវ ដើម្បីធានាសុវត្ថិភាព សម្រាប់សិស្សានុសិស្ស កុមារា/រីរបស់យើង ត្រូវដាក់ចូលទៅក្នុងដំណើរការអាទិភាព នៃការផ្ដល់វ៉ាក់សាំង។ ឥឡូវនេះ បើគ្មានការប្រែប្រួលទេ នៅឯ(ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)ពោធិ៍ចិនតុង បានមកដល់(នូវវ៉ាក់សាំងប្រភេទ) Pfizer (ចំនួន) ២ លានដូស។ (មក)ដល់ហើយឬនៅ លោកជំទាវ យក់ សម្បត្តិ? មកដល់ហើយ។ ដូច្នេះ យើងប្រើប្រាស់វ៉ាក់សាំងនេះ ជាដូសជម្រុញ មិនត្រឹមតែគ្រូបង្រៀនទទួលបានទេ កូនសិស្សក៏ត្រូវទទួល(បានដែរ) មិនថាវាជាដូសទី ៣ ឬដូសទី ៤ ទេ កម្លាំងជួរមុខរបស់យើងដើរទៅដល់ណា កូនសិស្សត្រូវដើរទៅដល់ហ្នឹងដែរ។ យើងមានកូនសិស្សនិស្សិតជាង ៣ លាននាក់ ដូច្នេះ តម្រូវការចាក់ម្ដង គឺ ៣ លានដូស វាមិនពិបាក សម្រាប់កម្ពុជា ដែលយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់(នោះទេ)។ មុននេះ សូម្បីតែកម្មកររើសសំរាមក៏ត្រូវទុកជាក្រុមជួរមុខ។ អ្នកយកសារព័ត៌មាន (ក៏ដូចជា) សិល្បករ/ការិនីក៏យើងឱ្យជាក្រុមជួរមុខ។ គ្រូបង្រៀន ទាហាន ប៉ូលីសអី យើងឱ្យជាក្រុមជួរមុខ។ ខ្ញុំសុំបញ្ជាក់អម្បាញ់មិញថា ប្រកាសដាក់សិស្សានុសិស្សទាំងអស់ទៅជាក្រុមជួរមុខ។ យើងនឹងទទួលវ៉ាក់សាំងបន្ថែម សម្រាប់កុមាររបស់យើង។
សិស្សនិទ្ទេស A មួយចំនួន មិនទាន់ចូលរៀននៅមហាវិទ្យាល័យ ពួកគេរង់ចាំប្រឡងចូលសាលាពេទ្យ
បានដឹងហើយថា សិស្ស(ប្រឡងជាប់)និទ្ទេស A មួយចំនួន ដែលមិនទាន់ចូលរៀននៅមហាវិទ្យាល័យ គឺពួកគាត់រង់ចាំប្រឡងចូលសាលាពេទ្យ។ រឿងវាអញ្ចឹងទេ។ នេះជាបញ្ហាដែលយើងត្រូវតែស្វែងយល់។ ប្រហែលជារង់ចាំធ្វើជាវេជ្ជបណ្ឌិត បើវាជាភ័ព្វសំណាង ហើយជាការខិតខំ សម្រាប់ការចូលសាលាពេទ្យ ដែលនឹងត្រូវបើកនៅពេលខាងមុខ វាជាការល្អដែរ។ នេះជាជម្រើស។ ឥឡូវនេះ យើងមិនដាក់តម្រូវថា អ្នកនេះត្រូវរៀននេះ អ្នកនេះត្រូវរៀននោះ ឱកាសនេះជាឱកាស សម្រាប់យុវជនយើងហើយ ដែលផ្ដល់លទ្ធភាពឱ្យយុវជនរបស់យើងជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រលាញ់ ខ្លួនពេញចិត្ត។
ស្ថាប័នអប់រំ អនុវត្តគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា សេនាធិការឱ្យរាជរដ្ឋាភិបាល
ខ្ញុំពិតជាមានការរីករាយ អំពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ សូមផ្ញើជូននូវការគោរព ចំពោះនា យកសាលា ចំពោះលោក/អ្នកគ្រូ ក៏ដូចជា ផ្នែកការគ្រប់គ្រងវិស័យអប់រំនៅថ្នាក់មូលដ្ឋាន ដែលបានប្រឹងប្រែងក្នុងកាលៈទេសៈដ៏លំបាក អនុវត្តនូវគោលនយោបាយទាំងឡាយដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាលដែលបានគ្រប់គ្រងកូនចៅបានយ៉ាងល្អក្នុងវេលានៃជំងឺរាតត្បាត។ មិនត្រឹមតែកូនបានទទួលនូវសេចក្ដីសុខប៉ុណ្ណោះទេ ក៏ប៉ុន្តែកូនបានចូលមកប្រឡង បើទោះបីជាប្រឡងធ្លាក់ ឬប្រឡងមិនជាប់និទ្ទេស A ក៏កូននៅតែបន្តការរៀនសូត្រ។ នោះហើយ គឺជាមោទនភាពរបស់យើង។
សិស្សនិទ្ទេស A ២៥ រាជធានី/ខេត្ត ឆ្លុះបញ្ចាំងប្រសិទ្ធភាពកំណែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ
ខ្ញុំក៏សូមយកឱកាសនេះ កោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលមើលការខុសត្រូវទៅលើបញ្ហាទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ថ្ងៃនេះ យើងមាន(សិស្សប្រឡងជាប់)និទ្ទេស A គ្រប់ ២៥ រាជធានី/ខេត្ត តើវាឆ្លុះបញ្ចាំងពីអ្វីទៅ? វាឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាព នៃដំណើរការកែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនោះឯង។ វាបានបង្ហាញអំពីប្រសិទ្ធភាពពិតប្រាកដ ដែលយើងផ្ដល់អំណាចកាន់តែច្រើនឱ្យទៅថ្នាក់មូលដ្ឋាន។ មូលដ្ឋានមានលទ្ធភាព ដើម្បីនឹងដោះស្រាយបញ្ហានេះនៅឯមូលដ្ឋាន។ ក្រសួងអប់រំបានដាក់ចេញសម្រាប់ការគ្រប់គ្រងថ្នាក់ណាៗ ប៉ុន្តែ អ្វីៗស្ថិតនៅមូលដ្ឋាននោះ គឺមូលដ្ឋានទាំងអស់យកការទទួលខុសត្រូវនៅក្នុងក្របខណ្ឌខេត្តរបស់ខ្លួន។
អប់រំ ជាមុំទីមួយក្នុងយុទ្ធសាស្ត្រចតុកោណ
ខ្ញុំក៏សុំយកឱកាសនេះ អរគុណនិងកោតសរសើរជាមួយនឹងគ្រប់ខេត្តទាំងឡាយ (ដែល)បានចែកជូនរួចស្រេចទៅហើយនូវរង្វាន់សម្រាប់សិស្សនិទ្ទេស A (ដែល)ខេត្តខ្លះបានម៉ូតូ ខេត្តខ្លះបាននេះ/នោះ ទៅតាមលទ្ធភាពរៀងៗខ្លួន។ ខ្ញុំលឺសូរថា បានម៉ូតូដូចច្រើន។ នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គ្រប់កម្រិតទាំងអស់ ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស … ផ្តើមចេញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល (ដែល)ចាត់ទុកវិស័យអប់រំជាមុំទី ១ នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន ដែលក្នុងហ្នឹងយើងដាក់ហើយថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ … ផ្តល់អាទិភាពដល់វិស័យអប់រំ/សុខាភិបាលដែលមានទំនាក់ទំនងគ្នា។
អប់រំ និងសុខាភិបាល វិស័យពីរអនុញ្ញាតអោយជ្រើសរើសគ្រូបង្រៀននិងគ្រូពេទ្យ
មានតែវិស័យពីរនេះទេ ដែលរាជរដ្ឋាភិបាលផ្តល់ឱកាសឱ្យរើសគ្រូបង្រៀន/គ្រូពេទ្យបន្ថែម។ ដោយឡែកខាងសុខាភិបាល ខ្ញុំទើបនឹងអនុម័តឱ្យជ្រើសរើសពេទ្យជាង ៣ ៥០០ នាក់ទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ ព្រោះមន្ទីរពេទ្យដែលយើងត្រូវពង្រីកមានច្រើន ដូច្នេះតម្រូវការពេទ្យក៏មានធំ។ គ្រូបង្រៀនក៏យើងបានផ្តល់ឱកាសឱ្យមានការជ្រើសរើសក្នុងពេលដែលក្របខណ្ឌដទៃទៀតគឺមិនផ្តល់ការឱ្យជ្រើសរើស។ បើជ្រើសរើស គ្រាន់ថាចូលនិវត្តន៍ ១ នាក់ (គឺ)ឱ្យជ្រើសរើស ១ នាក់ មកជួសតែប៉ុណ្ណោះ។ កន្លែងខ្លះចូលនិវត្តន៍ ៥ នាក់ ឱ្យរើសតែ ៣ នាក់ត្រឡប់មកវិញទេ ដើម្បីសន្សំសំចៃក្របខណ្ឌ ព្រោះទាក់ទងនឹងបញ្ហាបុគ្គលិក។ នៅពេលដែលចាប់ផ្តើម ចូល យើងគិតថា គេត្រូវទទួលនូវផលប្រយោជន៍តាំងពីថ្ងៃដែលគេចាប់ផ្តើមចូលធ្វើការ រហូតដល់ថ្ងៃដែលគេស្លាប់ នោះគឺជាបន្ទុកចំណាយលើបុគ្គលិក។
មិនថាសាសនាណាទេ សុទ្ធតែផ្តល់ការយកចិត្តទុកដាក់ទៅលើវិស័យអប់រំដូចគ្នា
ខ្ញុំពិតជាមានមោទនភាព ជាមួយនឹងការយកចិត្តទុកដាក់របស់មូលដ្ឋាន រាប់ទាំងការយកចិត្តទុកដាក់របស់ព្រះសង្ឃនៅគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មិនថាមហានិកាយ មិនថាធម្មយុត្តិកនិកាយ មិនថាសាសនាណានោះទេ សុទ្ធតែផ្តល់ការយកចិត្តទុកដាក់ទៅលើវិស័យអប់រំដូចៗគ្នា។ សុំអរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមទីអារាមនានា ដែលមានសាលានៅជាប់ទីនោះ ហើយក៏បានផ្តល់ឱកាសឱ្យសិស្ស/និស្សិតបានជ្រកកោននៅតាមទីអារាមនានា។ ពិតណាស់ សិស្សមួយចំនួន(ដែល)ប្រឡងជាប់និទ្ទេស A (បាន)មករៀននៅទីក្រុងភ្នំពេញ (ហើយ)អាចនៅក្នុងចំណោមនេះមានសិស្សខ្លះស្នាក់នៅតាមវត្ត។ ចង់សួរថា តើមានសិស្សប៉ុន្មាននាក់ដែលកំពុងស្នាក់នៅក្នុងវត្ត? សុំក្រោកឈរបានមើលឃើញ។ ចៅនៅវត្តណា។ ចៅលើកដៃ? វត្តឧណ្ណាលោម។ អូ! នៅជាមួយសម្តេចសង្ឃរាជតែម្តង។ ហ្នឹងឪពុករបស់តា គាត់ធ្លាប់ជាកូនសិស្សលោក មកបួសនៅវត្តឧណ្ណាលោមហ្នឹងឯង។ អង្គុយចុះចៅ។
ការរួមចំណែកក្នុងវិស័យអប់រំ ក្លាយជាចលនាជាតិ ជំរុញវិស័យអប់រំឈានឡើង
ខ្ញុំក៏សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះឧកញ៉ា លាង ឃុន តំណាងឱ្យក្រុមហ៊ុន ជីប ម៉ុង ដែលរៀងរាល់ឆ្នាំបានជួយបញ្ជាទិញ iPad សម្រាប់ចែកជូនជាមួយនឹងចៅៗ។ ដំណើរការ(ចូលរួមចំណែកក្នុង)វិស័យអប់រំ ដែលមានការកើតឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ពិតជាបាន(ក្លាយ)និយាយរួមទៅជាចលនាជាតិនៃការជម្រុញវិស័យអប់រំ។ សាលារៀនជាច្រើន ត្រូវបានវិស័យឯកជន សប្បុរសជនចូលរួមធ្វើ ព្រះសង្ឃ ប្រជាពលរដ្ឋ រហូតទៅដល់ព្រះមហាក្សត្រ និងព្រះមាតាជាតិរបស់យើង ព្រះអង្គបានធ្វើសាលាច្រើនណាស់ នៅទីកន្លែងដែលមានការខ្វះខាត។ ដូច្នេះ (ការរួមចំណែកដែល)ក្លាយទៅជាចលនាជាតិមួយ(នេះ) ជម្រុញឱ្យវិស័យអប់រំរបស់យើងឈានឡើង។
សិល្បការិនីជប៉ុននិពន្ធនិងច្រៀងពីស្ថានភាពលំបាកជំនាន់រដ្ឋកម្ពុជា
អម្បាញ់មិញ នៅតាមរថយន្ត ខ្ញុំស្រក់ទឹកភ្នែកសាជាថ្មី បន្ទាប់ពីការស្រក់ទឹកភ្នែកកាលពីពីរអាទិត្យមុន។ ពីរអាទិត្យមុនខ្ញុំនៅខេត្ត Kumamoto របស់ជប៉ុន។ នៅក្នុងពិធីជប់លៀងនោះ នាយករដ្ឋមន្ត្រីជប៉ុនបានយកចម្រៀងមួយបទ ដែលសិល្បការីនីដ៏ល្បីឈ្មោះម្នាក់របស់ជប៉ុន ពីក្មេងគាត់ធ្លាប់មកកម្ពុជា ពេលដែលគាត់(ចំរើនវ័យ)ធំឡើង គាត់ត្រឡប់មកកម្ពុជាវិញ ហើយគាត់ក៏បាននិពន្ធចម្រៀង។ គេយករូបភាពចាស់ៗរបស់យើង ជំនាន់អតីតរដ្ឋកម្ពុជាយកមកចាក់ (ដែលឃើញតែ)សាលាដំបូលធ្លុះធ្លាយ កូនសិស្សរបស់យើងមានសា្ថនភាពយ៉ាងម៉េច? ពេលនោះ ខ្ញុំស្រក់ទឹកភ្នែកនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន។ ចម្រៀងនេះភាគីជប៉ុននឹងប្រគល់ឱ្យយើង ដោយមានកំណត់ទូតត្រឹមត្រូវ។ ឥឡូវ មិនទាន់ប្រគល់ទៅបាន ដោយសារតែចម្រៀងនេះស្ថិតនៅក្នុងកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុនមួយ។
ស្ថានភាពយុវជននិងអប់រំផ្លាស់ប្ដូរ ធ្វើអោយមោទនៈនិងរំភើបរហូតដល់ស្រក់ទឹកភ្នែក
មនុស្សមួយចំនួនគេបានឃើញចម្រៀងហ្នឹងហើយ។ ប៉ុន្តែចម្រៀងនេះត្រូវប្រគល់តាមរយៈការទូត។ មានកំណត់ទូត។ អញ្ចឹង ខាងអគ្គរដ្ឋទូតជប៉ុនសុំឱ្យមានការយោគយល់ ព្រោះមានកម្មសិទ្ធិបញ្ញា។ គេនឹងធ្វើពិធីប្រគល់ឱ្យយើងនៅពេលក្រោយ ហើយយើងនឹងប្រើប្រាស់។ ហេតុអ្វីបានជាខ្ញុំស្រក់ទឹកភ្នែក? ព្រឹកមិញពេលដែលធ្វើដំណើរមក នៅក្នុងរថយន្តរបស់ខ្ញុំមានទូរទស្សន៍ (ក៏មើលទូរទស្សន៍)មករហូតតាមផ្លូវ។ ខ្ញុំបានឃើញ កញ្ញា រក្សា នៅ BTV សម្ភាសន៍ចៅៗមួយចំនួន ហើយទៅបញ្ចប់ជាមួយនឹងចៅស្រីម្នាក់ដែលពាក់វ៉ែនតា។ ខ្ញុំនឹកស្រមៃអតីតកាល។ ខ្ញុំមិននឹកស្មានថាយើងមានថ្ងៃនេះទេ នៅពេលដែលយើងចាប់ចេញដំណើរដោយបាតដៃទទេពីរបប ប៉ុល ពត នៅក្នុងដំណាក់កាលនៃសង្គ្រាម។
ខ្ញុំស្រមៃឃើញនៅក្នុងបទចម្រៀងនោះ ដែលបានយករូបភាពចាស់ៗ ក្រោយសង្គ្រាមហើយទៅដាក់ ដែលធ្វើឱ្យខ្ញុំនឹកស្រណោះភាពខ្លោចផ្សារបស់ប្រជាជនកម្ពុជាក្នុងអតីតកាល។ ព្រឹកមិញខ្ញុំបានឃើញស្ថានភាពផ្លាស់ប្ដូរ ស្តីពីយុវជន។ ខ្ញុំពិតជាមានមោទនភាព និងការរំភើបរហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន។
ឯណាចៅស្រីម្នាក់ដែលសម្ភាសន៍ចុងក្រោយពាក់វ៉ែនតា។ ក្រោកឈរបន្តិចមើល? លើកដៃអញ្ចេះមើល? បែបនៅឯក្រោយមើលមិនឃើញ។ មកឆ្លងឆ្លើយគ្នាត្រង់នេះបន្តិចចៅ។ ដោះម៉ាសចេញបន្តិច មើលមុខបន្តិច។ នៅខេត្តណាចៅ? បន្ទាយមានជ័យ។ ស្រុកណាបន្ទាយមានជ័យ? ក្រុងសិរីសោភ័ណ។ រៀនសាលាណា? វិទ្យាល័យសម្ដេចឪ។ ប៉ុន្មានជាន់? សាលាតាទៅធ្វើឱ្យក្រោយឬ? នៅក្រុងសិរីសោភ័ណមានអា ៤ ជាន់? សាលាហ្នឹង។ (ចៅ)ពូកែខាងមុខវិជ្ជាអី? គណិតវិទ្យា។ ឥឡូវ ចូលមហាវិទ្យាល័យខាងអី? គណនេយ្យ។ និយាយពីដូចចៅរបស់ខ្ញុំបេះបិទតែម្ដង (គឺ)ស្រីមាស។ ទៅវិញចុះ។ ចៅក្លាហានណាស់។
យើងមើលស្ថានភាពវាប្លែកគ្នាខ្លាំងណាស់ ជាមួយនឹងអ្វីដែលយើងចាប់ផ្ដើមចេញដំណើរ។ នោះហើយគឺមោទនភាពជាតិរបស់យើង ដែលខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការអរគុណជាមួយនឹងប្រជាពលរដ្ឋ ដែលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបងប្អូនជនរួមជាតិយើងនៅឯក្រៅប្រទេស ដែលបានលើកទឹកចិត្តហើយបានចូលរួមពេញលេញនៅក្នុងដំណើរការវិស័យអប់រំ ហើយជាពិសេសបានចូលរួមយ៉ាងពេញលេញ ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹង(ជំងឺ)កូវីដ-១៩ ដែលធ្វើឱ្យយើងមានឱកាសមកជួបជុំគ្នាឡើងវិញ …។
ក្រោយពិធីចូលឆ្នាំថ្មី ការឆ្លងថយចុះ ទុកឱ្យប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯងពាក់ម៉ាសឬមិនពាក់ម៉ាស
… បងប្អូនយើងអាចដឹងថា តើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល(មានសភាពលំបាកយ៉ាងដូចម្តេចនៅពេល) ដែលឆ្នាំ ២០២០ មិនបានចូលឆ្នាំ។ (ឆ្នាំ) ២០២១ ក៏មិនបានចូលឆ្នាំទៀត។ ប៉ុន្តែ ២០២២ គឺលិចថ្លើមតែម្ដងរឿងសប្បាយ។ សមុទ្រមនុស្សតែម្ដង។ ចាស់ៗគាត់ផ្ដាំតាមកូនប្រសារខ្ញុំ គាត់ថាឆ្នាំនេះ គឺសប្បាយខ្លាំងណាស់ ពួកគាត់ក៏រាំដែរ។ មានឃ្លីបវីដេអូចាស់ៗរាំ ហើយរាំពូកែជាងយើងទៀត លេងសុទ្ធតែក្បាច់។ (ដំណាក់កាលនោះ)បើយើងធ្វេសប្រហែសមិនចាត់(ការ)ឱ្យបានល្អ យើងគ្មានថ្ងៃសប្បាយរីករាយក្នុងការចូលឆ្នាំដូចពេលកន្លងទៅទេ។ ក្រោយការចូលឆ្នាំយើងបន្តការតាមដាន ដើម្បីពិនិត្យមើលតើជំងឺឆ្លងវាកើនឡើងឬថយចុះ។ យើងឃើញថយចុះ។ យើងក៏បានដកនូវកាតព្វកិច្ចពាក់ម៉ាស ហើយទុកលទ្ធភាពឱ្យប្រជាពលរដ្ឋរបស់យើងជ្រើសរើសដោយខ្លួនឯង ពាក់ម៉ាសឬមិនពាក់ម៉ាស។ ការប្រយុទ្ធជាមួយនឹងសត្រូវមើលមិនឃើញវាមិនជាបញ្ហាតូចតាចទេ។ ធំណាស់។ ពេលខ្លះស្ទើរតែម៉ោង ១២ យប់ ទៅហើយ ចេញសារសម្លេងទាំងយប់ ដើម្បីគ្រប់គ្រង់សភាពការណ៍ឱ្យទាន់ ដើម្បីឱ្យខាងក្រោមទទួលបទបញ្ជាបន្ទាន់ …។
ប្រជាពលរដ្ឋស្ដាប់ការអំពាវនាវរបស់នាយករដ្ឋមន្ត្រី និងចូលរួមអនុវត្ត
ខ្ញុំគិតថា បើទោះបីខ្ញុំមានការលំបាក នៅក្នុងការគ្រប់គ្រងប្រទេសមួយដែលចេញពីស្ថានភាពដៃទទេ ចេញពីប្រទេសដែលមិនទាន់មានសន្តិភាព ហើយនាំមកនូវសន្តិភាព ចេញពីស្ថានភាពនៃភាពក្រីក្រ គឺជានាយករដ្ឋមន្ត្រីមួយដែលមានការលំបាក ក៏ប៉ុន្តែខ្ញុំមានមោទនភាពដោយទទួលបាននូវទំនុកចិត្តនិងការនិយាយទៅប្រជាពលរដ្ឋរបស់យើងទទួលយក។ ឧទាហរណ៍៖ ករណីវ៉ាក់សាំង គឺមានចលនាជម្រុញមិនឱ្យចាក់វ៉ាក់សាំង។ ថាវ៉ាក់សាំងចាក់ទៅស្លាប់។ ប៉ុន្តែ មិននឹកស្មានថា ឥឡូវនេះប្រជាពលរដ្ឋរបស់យើងជិត ១៥ លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំង។ ឥឡូវមាន ១៤ លាន ៩ សែន ប៉ុន្មានម៉ឺននាក់ទៅហើយ។ នៅសល់តែប៉ុន្មានម៉ឺននាក់ទៀតចូលដល់លេខ ១៥ លាននាក់ ដែលបានចាក់វ៉ាក់សាំង។ បើទោះបីមានការលំបាក ក៏ប៉ុន្តែចាត់ទុកថា ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានសំណាង។
សំណាងនៅកន្លែងណា? សំណាងនិយាយទៅប្រជាពលរដ្ឋទទួលយកនិងអនុវត្តការពាក់ម៉ាស ការរក្សាគម្លាត ការទទួលយកវ៉ាក់សាំង នៅក្នុងគ្រាដែលគេឃោសនាមិនឱ្យចាក់វ៉ាក់សាំង។ នេះចាត់ទុកថា ជាសំណាងរបស់នាយករដ្ឋមន្ត្រី ដែលខ្ញុំមិនចាំបាច់ប្រើច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬប្រើច្បាប់ទាំងមូលនៃច្បាប់គ្រប់គ្រងជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃនោះទេ។ ត្រឹមតែសារសម្លេងអំពាវនាវ គឺមានការចូលរួម។ បំណងប្រាថ្នាពិតប្រាកដរបស់ខ្ញុំ គឺធ្វើយ៉ាងណាធានាអាយុជីវិតរបស់ប្រជាជនឱ្យបានសិន។ បើស្លាប់ទៅហើយ តើយើងត្រូវធ្វើអីទៀត?
យើងមានមនុស្សស្លាប់ជាង ៣ ពាន់នាក់ ជាចំនួនមួយដែលច្រើនណាស់ទៅហើយ។ ប៉ុន្តែ នៅមានប្រទេសមានចំនួន មានប្រជាជនស្លាប់ច្រើនជាងកម្ពុជា។ យើងឆ្លងជាង ១៣ ម៉ឺននាក់ ក្នុងពេលដែលប្រទេសដទៃឆ្លងរាប់លាននាក់ រាប់សែននាក់។ ក្នុងអាស៊ាន គឺយើងជាប្រទេសទី ១០ ដែលមានជំងឺឆ្លងតិចជាងគេ។ ឡាវ និងប្រ៊ុយណេ ដែលមានប្រជាជនតិចជាងយើង សាំងហ្កាពួរ ដែលមានប្រជាជនតិចជាងយើង ក៏មានអ្នកឆ្លងច្រើនជាងយើង។ នេះជាការគ្រប់គ្រងដោយមានការចូលរួមរបស់ប្រជាពលរដ្ឋ។
វ៉ាក់សាំងបានទៅដល់ទីដាច់ស្រយាល មិនមែននៅតែតាមទីប្រជុំជនទេ
អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋទទួលយកនូវវ៉ាក់សាំង។ យើងចាក់ដោយជោគជ័យ។ វ៉ាក់សាំងអត់ប្រកាន់និន្នាការនយោបាយ អត់ប្រកាន់ជាតិសាសន៍ អត់ប្រកាន់ទីកន្លែង។ ខ្ញុំបំបែកឯកទគ្គកម្ម Facebook របស់ខ្ញុំ ដោយចំនួនអ្នកចូល like និង Comment ច្រើនបំផុត។ រូបមួយយកមកបង្ហោះក្នុង Facebook របស់ខ្លួន ឈ្មោះ សីហា (នៅខេត្ត សៀមរាប) ចៅហ្វាយខេត្តក៏ឈ្មោះ សីហា កុមារនោះក៏ឈ្មោះ សីហា។ ឥឡូវ ផ្ទះនោះធ្វើរួចហើយឬនៅ? រួចហើយ។ ធ្វើឱ្យពីរ។ អត់មានផ្ទះនៅទេ ឪពុកម្ដាយទៅរកស៊ី។ កូនផ្ញើជាមួយម្ដាយមីងដើម្បីចូលរៀន។ អ្វីដែលសំខាន់ គឺនៅជនបទដាច់ស្រយាលរបស់យើង បានវ៉ាក់សាំងទៅដល់។ មិនមែនវ៉ាក់សាំងដើរក្បែរទីក្រុងទេ។ វ៉ាក់សាំងចូលដល់ទីជនបទដាច់ស្រយាល។ អញ្ចឹងបានជាឱ្យចៅហ្វាយខេត្តទៅមើលខ្លួនឯង។ តម្រូវការផ្ទះ។ គ្នាអត់មានផ្ទះនៅផង។ ឥឡូវ ប្រហែលជាស្ថានភាពជីវភាពនោះល្អប្រសើរ។ ខ្ញុំបានផ្ដល់ ១ ម៉ឺនដុល្លារឯណោះ ជាមួយនិងអ្នកជួយឧបត្ថមដទៃទៀត។ យើងបានឃើញស្ថានភាពដែលគួរតែត្រូវដោះស្រាយ។
នាយករដ្ឋមន្ត្រីត្រូវមានការទទួលខុសត្រូវដើម្បីយុត្តិធម៌ពលរដ្ឋដែលត្រូវបំពាន
ខ្ញុំបើករង្វង់ក្រចកបន្តិចទៅចុះ។ ខ្ញុំភ្ញាក់ផ្អើលដែរនូវរឿងមួយ ហើយខ្ញុំគួរតែនិយាយរឿងនេះនៅចំពោះមុខនិស្សិតរបស់យើងអំពីសារជាតិតិរច្ឆាន។ ព្រឹកមិញ ចៃដន្យអីខ្ញុំវាឃើញសារបញ្ជូនមកតាម Messenger របស់ខ្ញុំ អំពីបទចម្រៀងមួយ បទ “ក្បត់ខ្ទមមាណព” ច្រៀងដោយ លោក ជិន វឌ្ឍនា។ បើកទៅប៉ះ ហ្នឹងគេនិយាយថា រឿងអីនាយករដ្ឋមន្ត្រីទៅលូកដៃ? រឿងបញ្ហានិស្សិតស្រីម្នាក់ជាមួយនិងលោកឧញ៉ា។ មិនមែនមានតែម្នាក់ហ្នឹងទេ មានមនុស្សមួយចំនួនទៀត។ តើគេបានដឹងរឿងពិតប៉ុណ្ណា? បើសិនជាដឹងរឿងពិតហើយ (តើ)ខ្លួននៅតែទទួលថារឿងនេះនាយករដ្ឋមន្ត្រីមិនគួរលូកដៃ(ឬយ៉ាងណា?)។
តើចាំបានទេនៅឆ្នាំ ២០០០ មានករណីផ្អើល Facebook ដោយក្រុមសិល្បករ/ការនីចូលទៅទាមទារ។ បើសិនបញ្ហានេះ វាគ្រាន់តែជា(រឿង)ស្រីញីប្រុសឈ្មោល ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើការអន្តរាគមន៍ទេ។ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អំពើអយុត្តិធម៌។ ក្មេងស្រីជានិស្សិតនេះកំពុងជាប់នៅមន្ទីរឃុំឃាំង ក្រោមអន្តរាគមន៍របស់ឧញ៉ា ៤-៥ នាក់ឯណោះ។ តើឱ្យខ្ញុំនៅស្ងៀមទេរឿងនេះ? ខ្ញុំមិនមែនតិរច្ឆានទេ។ បើអ្នកជាតិរច្ឆាន សូមអ្នកតិរច្ឆានខ្លួនឯងចុះ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវដើម្បីយុត្តិធម៌ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន។ ដំណើររឿងនេះខ្ញុំអត់ដឹងទេ ប៉ុន្តែវាបានផ្អើលក្នុង Facebook ចេញមកទាមទាររកយុត្តិធម៌សម្រាប់ក្មេងស្រីនេះ។ ខ្ញុំឱ្យមេធាវីរបស់ខ្ញុំសិក្សាមើលថា ក្មេងស្រីកំពុងនៅឯណា។ ក្មេងស្រីនេះនៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្ដឹងរបស់ឧកញ៉ា ដែលថាចាក់ចំពោះខ្លួន។
បន្ទាប់ទៅកូនប្រសាររបស់ឧកញ៉ានេះ ទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត។ ក្រុមមេធាវីរបស់ខ្ញុំរាយការណ៍ហើយ ដោយលើកឡើងថា “នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ា” ហើយ។ សារសម្លេងឆ្លងឆ្លើយទាំងប៉ុន្មានគេ Forward អោយគ្នាទៅវិញទៅមក។ ទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវឱ្យក្រុមមេធាវីសម្ដេចតេជោ ទៅធ្វើការធានាឱ្យនិស្សិតជានារីមកនៅក្រៅឃុំ។ បន្ទាប់ទៅ ដោយមានការរៀបចំបំបិទមាត់អ្នកសារព័ត៌មានទាំងអស់ ខ្ញុំបានបញ្ជាឱ្យនាំខ្លួនកូនប្រសាររបស់ឧកញ៉ានោះ។ នៅក្នុងទូរស័ព្ទរបស់កូនប្រសារនោះ ពោរពេញទៅដោយរូបភាពកាត់តអាសអាភាស យកស្ត្រីនេះដាក់រូបភាពអាសអាភាសលើគ្រែជាមួយនឹងឧកញ៉ា។ ជារូបភាពកាត់តទាំងអស់។ បើខ្ញុំមិនអន្តរាគមន៍ទេ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ។ ឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នេះ។
ខ្ញុំមិនតិរច្ឆានដូចអ្នកៗ កុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន។ ខ្ញុំមិនទៅទេ។ ខ្ញុំដឹងរឿងខុសរឿងត្រូវ។ ឥឡូវ ចៅស្រីៗ គេបំពានលើខ្លួនហើយ តើចៅៗសុខចិត្តជាប់គុកទេ? ខ្ញុំមិនសួរចៅប្រុសៗទេ។ រឿងអយុត្តិធម៌បែបនេះ គេបំពានយើងហើយ គេប្តឹងយើងចាប់ដាក់គុកទៀត តើចៅៗព្រមទេ? មើលអ្នកដែលមិនព្រមសូមលើកដៃមើលប៉ុន្មាន? ចុះបុរសៗ ចៅៗយុវជន ភាពអយុត្តិធម៌អញ្ចឹង តើអោយនាយករដ្ឋមន្ត្រីអន្តរាគមន៍ឬអត់? មើលសូមលើកដៃមើល។ អរគុណណាស់។
ខ្ញុំមានការអាណោចអាធម្ម។ អ្នកណាចង់ទៅយកអ្នកណា ខាងហ្នឹងខាងផ្នែកជួញដូរមនុស្ស/ផ្លូវភេទគេធ្វើការហើយ ក៏ប៉ុន្តែរឿងនេះ ត្រូវបង្ខំឱ្យនាយករដ្ឋមន្ត្រីត្រូវតែធ្វើអន្តរាគមន៍បន្ទាន់ គឺដោះលែង។ ពេលនោះ ខ្ញុំនៅចាំបានថា ដោះលែងឱ្យនៅក្រៅឃុំទាំងពីរ។ អាងតែមានលុយទៅបំពាន(គេ/ឯង)។ ដល់ចុងក្រោយខាងស្រីក៏មិនចង់មានរឿង ខាងប្រុសក៏មិនចង់មានរឿង។ ខាងប្រុសបានសារភាពថា ខ្លួននេះបំពានហើយ។ (ហើយ)មួយលើកទៀតថា និស្សិតជានារីនេះគឺជាស្រីរបស់ខ្លួន ធ្លាប់ដេកធ្លាប់ស្អីជាមួយគ្នា ហើយដែលទារលុយមិនបាន ទើបបានជាចាក់(ខ្លួន)។ ក្រោយមកសារភាពហើយ ស្នើសុំដោះស្រាយនៅខាងក្រៅ។ ខាងស្រីក៏មិនចង់ខូចឈ្មោះ ឧកញ៉ាក៏មិនចង់ខូចឈ្មោះ ទៅដោះស្រាយស្ងាត់ស្ងៀមទៅ។
តើអ្នកបានដឹងរឿងប៉ុណ្ណា? ខ្ញុំការពារពលរដ្ឋរបស់ខ្ញុំ ហេតុអីបានជាថា រឿងអញ្ចឹងៗមិនគួរលូកដៃ។ បើអ្នកជាតិរច្ឆាន អ្នកកុំអញ្ជើញខ្ញុំឱ្យទៅធ្វើជាតិរច្ឆាន។ អ្នកគិតខ្លួនឯងទៅ។ មនុស្សមួយចំនួនមិនយល់រឿងហ្នឹង គឺចាត់ទុកថា នាយករដ្ឋមន្ត្រីលូកដៃលើរឿងកំប៉ិកកំប៉ុក។ សូមមើលសំណុំរឿង។ ខ្ញុំឱ្យអ្នកដែលចង់មើលសំណុំរឿងទៅជួបជាមួយ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ឬក៏ទៅទាក់ទងនូវមេធាវីរបស់ខ្ញុំ … រូបអាក្រាតស្អីៗហ្នឹង ទាំងកូនប្រសារ/កូនបង្កើត ធ្វើសំណុំរឿង ហើយខ្លួនឯងមិនមកចូលតុលាការ។ និយាយឱ្យខ្លី បើគ្មានអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី តើអ្នកណាដោះលែងបាន? សុំទោសលោកឧកញ៉ា ខ្ញុំត្រូវតែនិយាយ ដោយសាររឿងនេះ ប្រហែលលោកឧកញ៉ាចង់បញ្ចេញទៅឱ្យគេនិយាយ។
បើសិនជាអញ្ចឹង សំណុំរឿងហ្នឹង ខ្ញុំនឹងយកបញ្ចាំងតាមទូរទស្សន៍ទាំងអស់ ហើយខ្ញុំប្រើសារសំឡេងឆ្លងឆ្លើយគ្នារវាងលោកឧកញ៉ានេះ/នោះ ចាក់ឱ្យមើល/ស្តាប់។ តើសំណុំរឿងបែបនេះ គួរឱ្យនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ឬអត់? សិល្បករ/ការិនី ពិធីករ/ការិនី ចេញមកព្រោងព្រាត ដើម្បីស្វែងរកយុត្តិធម៌ឱ្យចៅស្រីមួយនេះ។ គេគិតថារឿងសាមញ្ញ (តែ)ផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាចទេ។ រហូតមកដល់ពេលនោះ ខ្ញុំធ្វើនាយករដ្ឋមន្ត្រី(តាំង)ពីអាយុ ៣២ ឆ្នាំ។ ឥឡូវ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីបានជាង ៣៧ ឆ្នាំ មានន័យថា ខ្ញុំធ្វើនាយករដ្ឋមន្ត្រីច្រើនជាងពាក់កណ្តាលជីវិត។ រឿងណាធ្ងន់/ស្រាល ខ្ញុំដឹងតើ។ ប៉ុន្តែភាពជាតិរច្ឆាន គឺមិនចេះទេ។
គ្រប់និទ្ទេសនិងទីកន្លែង អត្រាសិស្សជានារីជាប់ច្រើនជាងបុរស
ជាការកត់សម្គាល់របស់ខ្ញុំទៅលើចំណុចខ្លះ ចាប់ផ្តើមពីបេក្ខជនដាក់ពាក្យប្រឡងមាន ១១៤ ១៨៨ នាក់ នារីមាន ៦៦ ០៩៨ នាក់។ អញ្ចឹង មានន័យថា នៅទីនេះនារីខ្ពស់ជាងដែរ។ នេះជាចំណុចទី (១) ដែលចាប់អារម្មណ៍។ ចំណុចទី (២) បេក្ខជនបានប្រឡងមាន(ចំនួន) ១០៩ ៦៩៥ នាក់ (ក្នុងនោះ)នារី(ចំនួន) ៥៨ ៥៦១ នាក់ មានន័យថា នារីច្រើនជាង។ ឥឡូវ យើងធ្វើម៉េចបុរសៗ? បេក្ខជនបានប្រឡងជាប់មានចំនួន ៧០ ២១៦ នាក់ (ក្នុងនោះ)នារី(ចំនួន) ៤១ ៧៣៣ នាក់ អញ្ចឹង បានសេចក្តីថា នារីច្រើនជាងបុរស។ យើងពិនិត្យអំពីនិទ្ទេស, និទ្ទេស A (មានចំនួន) ១ ៧៥៧ នាក់ នារីមានដល់ទៅ(ចំនួន) ១ ០៥២ នាក់ ច្រើនជាងទៀត។ និទ្ទេស B (មានចំនួន) ៥ ២១៥ នាក់ (ក្នុងនោះ)នារីមាន(ចំនួន) ៣ ១២១ នាក់ គឺច្រើនជាងទៀត។ និទ្ទេស C (មានចំនួន) ១១ ៦៣៤ នាក់ (ក្នុងនោះ)នារី(ចំនួន) ៧ ២១១ នាក់ គឺច្រើនជាងទៀត។ និទ្ទេស D មាន(ចំនួន) ២៣ ៤៩៩ នាក់ (ក្នុងនោះ)នារី(ចំនួន) ១៤ ៤១៤ នាក់ ច្រើនជាងទៀត។ និទ្ទេស E (មានចំនួន) ២៩ ៦១៥ នាក់ (ក្នុងនោះ)នារី(មាន) ១៦ ១១៧ នាក់ អញ្ចឹង នារីច្រើនជាងទាំងអស់។
ឥឡូវ និយាយតាមខេត្តម្តង។ ឥឡូវ និទ្ទេស A៖ នៅភ្នំពេញមាន(ចំនួន) ៥៦៦ នាក់ (ក្នុងនោះ)នារី(ចំនួន) ៣២៦ នាក់ មានន័យថា នារីច្រើនជាង។ សៀមរាប(ចំនួន) ១៥៣ នាក់ (ក្នុងនោះ)នារី(ចំនួន) ៨៩ នាក់ នារីច្រើនជាងទៀត។ កណ្តាលមាន(ចំនួន) ១២៧ នាក់ (ក្នុងនោះ)នារី(ចំនួន) ៨៥ នាក់ អញ្ចឹង នារីច្រើនជាងទៀត។ បាត់ដំបង(ចំនួន) ១២៣ នាក់ (ក្នុងនោះ)នារី(មាន) ៧៣ នាក់ (នារី)ច្រើនជាងទៀត។ កំពង់ចាម(ចំនួន) ១១៨ នាក់ (ក្នុងនោះ)នារី(មាន) ៧៥ នាក់ (នារី)ច្រើនជាងទៀត។ បន្ទាយមានជ័យ(ចំនួន) ៩៩ នាក់ (ក្នុងនោះ)នារី(ចំនួន) ៧០ នាក់ រាប់ទាំងចៅស្រីមកអម្បាញ់មិញ។ តាកែវ(ចំនួន) ៩៩ នាក់ (ក្នុងនោះ)នារី(ចំនួន) ៥០ នាក់ (នារី)ក៏នៅតែលើស ១ នាក់ ដែរ។ ព្រៃវែង(ចំនួន) ៨៩ នាក់ (ក្នុងនោះ)នារី(ចំនួន) ៦១ នាក់ (នារី)ច្រើនជាងទៀត។ កំពត(ចំនួន) ៧៥ នាក់ (ក្នុងនោះ)នារី(ចំនួន) ៤៥ នាក់ (នារី)ច្រើនជាងទៀត។ ត្បូងឃ្មុំ(ចំនួន) ៥៤ នាក់ (ក្នុងនោះ)នារី(ចំនួន) ៣៥ នាក់ (នារី)ច្រើនជាងទៀត។ ក្រចេះ(ចំនួន) ៤៥ នាក់ (ក្នុងនោះ)នារី(ចំនួន) ២៩ នាក់ (នារី)ច្រើនជាងទៀត។ កំពង់ធំ(ចំនួន) ៤១ នាក់ (ក្នុងនោះ)នារី(ចំនួន) ២៣ នាក់ (នារី)ច្រើនជាងទៀត។ កំពង់ស្ពឺ(ចំនួន) ៣៣ នាក់ (ក្នុងនោះ)នារី(ចំនួន) ២១ នាក់ (នារី)ច្រើនជាងទៀត។ ករណីពោធិ៍សាត់(ចំនួន) ២៨ នាក់ (ក្នុងនោះ)នារី(ចំនួន) ១៣ នាក់ បានសេចក្តីថា ពោធិ៍សាត់យុវជនគ្រាន់បើជាងវិញម្តង ប៉ុន្តែ កន្លែងតូចទេ តំបន់យើងតូចទេ តែ ២៨ នាក់ គេខាងលើសុទ្ធតែរយនាក់។ ស្វាយរៀង(ចំនួន) ២៦ នាក់ (ក្នុងនោះ)នារី(ចំនួន) ១៧ នាក់ (នារី)ច្រើនជាងទៀត។ កំពង់ឆ្នាំង(ចំនួន) ២៣ នាក់ (ក្នុងនោះ)នារី(ចំនួន) ១១ នាក់ បានសេចក្តីថា នារីតិចជាង ១ នាក់។ ខេត្តព្រះសីហនុ(ចំនួន) ២០ នាក់ (ក្នុងនោះ)នារី(ចំនួន) ៩ នាក់ (នារី)តិចជាង ១ នាក់។ ស្ទឹងត្រែង(ចំនួន) ៦ នាក់ (ក្នុងនោះ)នារី(ចំនួន) ២ នាក់ (នារី)តិចជាង ២ នាក់។ ប៉ៃលិន(ចំនួន) ៦ នាក់ (ក្នុងនោះ)នារី(ចំនួន) ៣ នាក់ ស្មើគ្នា ឃើញខេត្តស្មើមួយ។ ឧត្តរមានជ័យ(ចំនួន) ៥ នាក់ (ក្នុងនោះ)នារី(ចំនួន) ៣ នាក់ (នារី)ច្រើនជាងទៀត។ កោះកុង(ចំនួន) ៤ នាក់ (ក្នុងនោះ)នារី(ចំនួន) ៣ នាក់ (នារី)ច្រើនជាងទៀត។ ដល់ទៅស៊ីសងតែម្តង ខេត្តព្រះវិហារជាប់(ចំនួន) ៤ នាក់ (ក្នុងនោះ)នារីទាំង ៤។ អបអរសាទរខេត្តកែប(ចំនួន) ៣ នាក់ (ក្នុងនោះ)នារី(ចំនួន) ២ នាក់ នារីច្រើនជាងទៀត។ ខេត្តមណ្ឌលគិរី(ចំនួន) ១ នាក់ បុរសស៊ីសងម្តង។ សូមអបអរសាទរ។
បង្កលក្ខណៈឱ្យស្ត្រីបន្តរៀនសូត្រដល់កម្រិតបរិញ្ញាជាន់ខ្ពស់/បណ្ឌិត
… កុំចាត់ទុកថា ការសង្កេតបែបនេះវាមិនមែនជាកិច្ចការរបស់នាយករដ្ឋមន្ត្រី។ សូមអ្នកដែលមិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រី សូមកុំធ្វើអត្ថាធិប្បាយអី បើមិននិយាយគេមិនថាអ្នកឯងគទេ។ ខ្ញុំចូលចិត្តសង្កេតនៅកន្លែងអស់ហ្នឹង។ ព្រោះអី? ក្រែងរាល់ថ្ងៃនាំគ្នាលើកកម្ពស់សមភាពយេនឌ័រ? ហើយបើលើកកម្ពស់សមភាពយេនឌ័រ បែរជាមិនគិតអំពីចំណុចនេះ តើគិតពីចំណុចអីវិញ? ដាក់ចេញគោលនយោបាយដោយខ្វះការពិនិត្យ តើដាក់ចេញ ដើម្បីធ្វើអី? ខ្ញុំក៏ធ្លាប់បានសង្កេតដែរថា នៅពេលបាក់ឌូប្លិ៍នេះ ខ្ញុំធ្លាប់ឱ្យអនុសាសន៍នៅតាមសាលា ទៅតាមក្រសួងកិច្ចការនារី ទៅតាមក្រសួងអប់រំ។ យើងពិនិត្យឃើញថា កម្រិតនៅបឋមសិក្សា នៅមធ្យមសិក្សា កម្រិត ១ កម្រិត ២ គឺនៅប្រដំប្រសងគ្នា។ នៅក្នុងកម្រិតបរិញ្ញា គឺនៅប្រដំប្រសងគ្នា ប៉ុន្តែចាប់ពីកម្រិតបរិញ្ញាជាន់ខ្ពស់ទៅស្ត្រីធ្លាក់ចុះ ទៅដល់ថ្នាក់បណ្ឌិតស្រ្តីកាន់តែធ្លាក់ចុះ។ នោះហើយជាចំណុចដែលយើងត្រូវរៀបចំ រាប់ទាំងរៀបចំអន្តេវាសិក(ដ្ឋាន) សម្រាប់និស្សិតជាស្ត្រី ដើម្បីបង្កលក្ខណៈឱ្យស្ត្រីរបស់យើងរៀនសូត្រឱ្យបានកាន់ខ្ពស់។ នេះមិនមែនជាបញ្ហាដែលថា រឿងហ្នឹងមិនគួរគប្បីឱ្យនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ សូម្បីតែបែងចែកស្រីប៉ុន្មាន? ប្រុសប៉ុន្មាន? វាអាចមានមនុស្សខ្លះគិតអញ្ចឹងទៅទៀត។
វត្តមានសន្តិភាព ជំនួសឱ្យសង្គ្រាម ផ្តល់ឱកាសសម្រាប់យុវជន/កុមារ
… អ្វីដែលយើងត្រូវបន្តការខិតខំ សាកលវិទ្យាល័យរបស់យើងមានច្រើន ជម្រើសរបស់យុវជនរបស់យើងក៏មានច្រើន។ ចំណុចនេះ ត្រូវឃើញឱកាសដែលមាតាបិតា អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សត្រូវចាប់យកឱកាសដែលខ្លួនមាន។ វត្តមាននៃសន្តិភាពជំនួសឱ្យសង្គ្រាម គឺផ្តល់ឱកាសសម្រាប់យុវជន/កុមាររបស់យើង ដែលអ្នកជំនាន់មុនមិនធ្លាប់មាន គឺអ្នកជំនាន់ក្រោយទទួលបានផល។ (ពី)ឆ្នាំ ១៩៧០-១៩៧៩ យើងបាត់បង់ឱកាសទាំងអស់សម្រាប់ការសិក្សា បន្ទាប់ពីយើងបានទទួលផលប្រយោជន៍ក្រោយឯករាជ្យឆ្នាំ ១៩៥៣ នៅក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះវិស័យអប់រំរបស់យើងមានការរីកចម្រើន បើទោះបីជាសាលារៀនមិនទាន់ទៅដល់ជនបទបានឆ្ងាយ ក៏ប៉ុន្តែយើងបានរៀនសូត្រ នៅក្នុងពេលដែលយើងកំពុងតែមានការរីកចម្រើន បន្ទាប់ពីដកខ្លួនចេញពីអាណានិគមនិយម(បារាំង)។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ យើងបានរៀនសូត្រនៅពេលនោះ។
យើងបានបាត់ឱកាសទាំងស្រុងនៅក្នុងពេលដែលមានសង្រ្គាម និងរបប ប៉ុល ពត បានចូលមកដល់។ យើងបានមានឱកាសត្រឡប់មកវិញ (នៅ)ក្រោយ(ថ្ងៃ)រំដោះ ៧ មករា ១៩៧៩ តែឱកាសនោះវាមិនពេញលេញទេ ដោយប្រទេសរបស់យើងនៅសល់សង្រ្គាម។ តំបន់ដែលមានសន្តិភាពគ្រប់គ្រាន់គឺបានទទួលការសិក្សា។ តំបន់ដែលមិនទាន់មានសន្តិសុខគ្រប់គ្រាន់ រៀនមិនគ្រប់គ្រាន់ទេ។ ពេលនោះជាពេលវេលាមានសង្រ្គាមផងនិងមានសន្តិភាពផង។ បើទោះបីជាសង្រ្គាមមានដោយដាច់ដោយដុំ និងដោយពេលវេលាខ្លះ ឯសន្តិភាពគ្របដណ្តប់ទៅលើផ្ទៃដីភាគច្រើន និងពេលវេលាច្រើនក៏ដោយចុះ ក៏ប៉ុន្តែឥទ្ធិពលពីសង្រ្គាមនៅតំបន់ដោយដាច់ដោយដុំនិងពេលវេលាខ្លះ វាបំផ្លាញនូវការសិក្សារបស់សិស្ស។
វាបង្កើតនូវស្ថានភាពមិនអំណោយផលសម្រាប់គ្រូបង្រៀន សម្រាប់សិស្សានុសិស្ស។ រហូតដល់ទីកន្លែងខ្លះ យើងទៅធ្វើលេណដ្ឋានពេលមានការប្រយុទ្ធ។ លោក/អ្នកគ្រូរបស់យើងបាននាំកូនសិស្សជ្រកនៅក្នុងលេណដ្ឋានដើម្បីកុំឱ្យគ្រាប់វាត្រូវ។ ដូច្នេះហើយបានជាយើងចាំបាច់ត្រូវដឹងគុណគ្រូ ដែលបានដឹកដៃយើងចូលសាលា (និងបាន)ការពារយើង។ ឥឡូវ អ្នកដែលបានឆ្លងកាត់ការសិក្សាកាលពីសម័យសង្រ្គាមនោះ កំពុងក្លាយទៅជាបញ្ញវន្ត ដែលកំពុងបម្រើការនៅក្នុងប្រទេសជាតិ។
សន្តិភាពមិនអាចស្ថិតស្ថិរបានទេ បើគ្រាន់តែធ្វើសមាហរណកម្មខាងនយោបាយនិងរដ្ឋបាល
ចាប់តាំងពីក្រោយឆ្នាំ ១៩៩៨ សន្តិភាពបានកើតឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា យើងមានការឯកភាពជាតិ/ទឹកដី។ ប្រទេសមួយធ្លាប់តែមានការបែកបាក់ មានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធច្រើនខុសគ្នាប្រឆាំងគ្នាលើដឹកដីដ៏កំសត់មួយនេះ (ពេលនេះ)វត្តមាននៃសន្តិភាព ជំនួសឱ្យសង្រ្គាម ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ។ ខ្ញុំបានចង្អុលបង្ហាញទៅឱ្យសហការីរបស់ខ្ញុំក្នុងរាជរដ្ឋាភិបាលថា បើគ្រាន់តែសមាហរណកម្មខាងនយោបាយ និងរដ្ឋបាល គឺមិនគ្រប់គ្រាន់ទេ ត្រូវធ្វើសមាហរណកម្មរូបវ័ន្ត ក៏ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ នោះហើយជាផែនទីចង្អុលផ្លូវ ដើម្បីរុញទៅដល់ការតភ្ជាប់នានាដែលវាមិនមែនគ្រាន់តែបម្រើឱ្យវិស័យអប់រំទេ តែវាបម្រើឱ្យគ្រប់វិស័យទាំងអស់។ ខ្ញុំបានចង្អុលបង្ហាញប្រាប់គេថា សន្តិភាពមិនអាចស្ថិតស្ថិរបានទេ បើគ្រាន់តែធ្វើសមាហរណកម្មខាងនយោបាយនិងរដ្ឋបាល ត្រូវធ្វើសមាហរណកម្មទាំងអស់ ផ្លូវថ្នល់តភ្ជាប់ កសាងសាលារៀន កសាងមន្ទីរពេទ្យឱ្យត្រូវដូចគ្នា ឱ្យអ្នកជនបទមានលទ្ធភាពសិក្សា។
សម័យមុនសិស្សរត់រកសាលា សម័យបច្ចុប្បន្នសាលារត់រកសិស្ស
ថ្ងៃនេះ យើងបានឃើញនូវការចង្អុលបង្ហាញថា សិស្សនៅជនបទ/បណ្តាខេត្ត មិនអន់ជាងសិស្សនៅទីក្រុងភ្នំពេញទេក្នុងការសិក្សា។ ដំណើរផ្លូវរបស់ខ្ញុំប្រមាណជា ៦ ពាន់គីឡូម៉ែត្រ នៅឆ្នាំ ២០១៦ ទៅតាមតំបន់នានាដែលធ្លាប់ជាទីកន្លែងប្រយុទ្ធ ខ្ញុំបានដាក់សាលារៀន បើគិតជាទឹកប្រាក់អស់ប្រមាណជាជិត ៤០០ លានដុល្លារឯណោះ។ នៅសិរីសោភ័ណ ដោយសារដីហ្នឹងវាតូច ដល់វាតូចគិតយ៉ាងម៉េចឱ្យវាគ្រប់? ខ្នាតរបស់ខ្ញុំចង់ធ្វើតែ ៣ ជាន់ទេ។ អញ្ចឹង នៅសាលាដែលចៅរៀនអម្បាញ់មិញនេះដាក់ ៤ ជាន់ ឱ្យតែម្តង។ កន្លែងណាដីតូចដាក់ ៤ ជាន់ កន្លែងណាដីគ្រាន់បើដាក់ត្រឹម ៣ ជាន់។ កាលកន្លងទៅកន្លែងខ្លះយើងយកធ្វើជាកន្លែងចត្តាឡីស័ក នៃអ្នកជំងឺកូវីដ-១៩ សុទ្ធ។ យើងបានវិនិយោគធំណាស់ទៅលើវិស័យអប់រំ។ កាលពីដើមសិស្សរត់រកសាលា ឥឡូវសម័យនេះ គឺសាលារត់រកសិស្ស។
ឃុំមួយត្រូវមានវិទ្យាល័យមួយយ៉ាងតិច
តើនៅចាំបានទេ សេចក្តីថ្លែងការណ៍សន្ទុកឆ្នាំ ២០០២ ដែលចង្អុលបង្ហាញថា ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ? ឥឡូវយើងមិនប្រើភាសានេះទៀតទេ (យើងប្រើភាសាថា) ឃុំមួយត្រូវមានអនុវិទ្យាល័យមួយយ៉ាងតិច មានន័យថាយ៉ាងតិច? បានសេចក្តីថា បើឃុំតូចអាចមានតែមួយ បើឃុំធំអាចមាន ២-៣ ដើម្បីកាត់បន្ថយការធ្វើដំណើររបស់សិស្ស។ ប្រទេសនេះកំសត់ណាស់ ទម្រាំងើបឈរបានប៉ុណ្ណេះ។ ប្រៀបធៀបទៅ (កាលពី)អតីតកាល(យើង)មានអី? ឥឡូវមានអី? វិស័យអប់រំរបស់យើងបានងើបឈរដោយការចូលរួមទាំងអស់គ្នា។ ខ្ញុំនៅនឹកស្រមៃក្រោយ(ថ្ងៃ)រំដោះឆ្នាំ ១៩៧៩ បន្ទាប់ពីខ្លួនបានរំដោះ ការរៀនសូត្ររបស់សិស្ស គ្រូស្ម័គ្រចិត្តបង្រៀនកូនសិស្សដោយប្រើធ្យូង ឬយកដីឥដ្ឋ យកមកសូនវាដើម្បីសរសេរ។ យើងទៅជាប្រទេសដែលជាប់ទណ្ឌកម្មទៅទៀត។ ដែលហៅថាប្រទេសជាប់ទណ្ឌកម្ម ជំនួយអភិវឌ្ឍន៍មិនត្រូវបានផ្តល់ទេ។ សូម្បីសាលារៀន (ក៏ដូចជា) សម្ភារសិក្សាខ្វះខាតខ្លាំងណាស់។ ក្រោយមកយើងវិនិយោគយ៉ាងគំហុកទៅលើការកសាងសាលារៀន ដោយផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស ដែលខ្ញុំអាចប្រើពាក្យបានថា ការខុសគ្នាពីសម័យ ១៩៧៩ ដែលពេលនោះ សិស្សរត់រកសាលា។ ឥឡូវនេះ ដល់ពេលវេលាដែលសាលារត់រកសិស្សវិញម្តង។
បញ្ហាប្រឈមបួន ក្នុងការតាំងលំនៅដ្ឋានតំបន់ភូមិថ្មី
ក្នុងពេលដែលខ្ញុំទៅចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដីថ្មី ដែលគាត់ទៅរុករាន ទៅតាំងភូមិករនៅទីនោះ រដ្ឋជំពាក់ត្រូវតែផ្តល់ដីនោះឱ្យទៅពួកគាត់។ ខ្ញុំបានរំលឹកឱ្យមានការដោះស្រាយបញ្ហា ៤ នៅក្នុងតំបន់ភូមិថ្មីៗទាំងនោះ។ ទី (១) ខិតខំដោះស្រាយបញ្ហាទឹកឱ្យពួកគាត់ សម្រាប់ការប្រើប្រាស់។ ជាទឹកស្អាត សម្រាប់ប្រើប្រាស់ (និង)ទឹកសម្រាប់បង្កបង្កើនផល។ ទី (២) ដោះស្រាយបញ្ហាផ្លូវចូលទៅកាន់តំបន់នោះ។ ទី (៣) ដោះស្រាយបញ្ហាសាលារៀន និងទី (៤) ដោះស្រាយបញ្ហាវិស័យសុខាភិបាល ព្រោះប្រសិនបើពួកគាត់ទៅតាំងទីលំនៅនៅកន្លែងហ្នឹង យើងពុំមានសាលាទៅដល់កន្លែងហ្នឹងទេ តើឱ្យពួកគាត់រៀនរបៀបម៉េចទៅ?
ឥឡូវហ្នឹងភូមិមួយដែលបង្កើតថ្មី ដែលភរិយារបស់ខ្ញុំបានធ្វើ ដោយមានទាំងជំនួយឧបត្ថម្ភរបស់សប្បុរសជន មានទាំងជំនួយឧបត្ថម្ភរបស់ហ្លួងម៉ែនៅខេត្តពោធិ៍សាត់ ខ្ញុំទៅតាមធ្វើសាលារៀន និងមន្ទីរពេទ្យនៅកន្លែងហ្នឹង។ ភូមិអតីតយុទ្ធជន។ ភូមិអតីតយុទ្ធជនទាំងនៅសៀមរាប ទាំងនៅបន្ទាយមានជ័យ ទាំងនៅតាកែនកោះស្លា បើនៅតាកែនកោះស្លា មានដល់វិទ្យាល័យ។ នៅសៀមរាបមានវិទ្យាល័យដែរ។ សុទ្ធតែដាក់ឱ្យកម្រិតប៉ុណ្ណឹង ព្រោះជាក្រុមគ្រួសារជនពិការនៅកន្លែងនោះ។ យើងធ្វើជាសាលារៀនជូន មិនសំដៅតែលើកូនរបស់ជនពិការទេ កូនអ្នកជិតខាងហ្នឹងមករៀននៅវិទ្យាល័យហ្នឹង(ដែរ)។ ខ្ញុំគិតថា ក្នុងចំណោមកូនអ្នកជាប់និទ្ទេស A ក៏មាននៅក្នុងចំណោមកូនយុទ្ធជនពិការ ឬអតីតយុទ្ធជន … យើងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស។
គ្មានសន្តិភាពគ្មានការអភិវឌ្ឍ, វិនិយោគលើធនធានមនុស្សដើរឱ្យទាន់សម័យកាល
សុំបញ្ជាក់ បើគ្មានធនធានមនុស្សទេ កុំសង្ឃឹមនិយាយពីការអភិវឌ្ឍប្រទេសឱ្យជឿនលឿន (គឺ)បានត្រឹមតែមួយរស់។ ប៉ុន្តែ ឱ្យជឿនលឿន អាហ្នឹងទៅមិនដល់ទេ។ ក៏ត្រូវចាប់ផ្តើមនិយាយ បើគ្មានសន្តិភាពទេ អត់មានការអភិវឌ្ឍទេ។ និយាយគ្នាឱ្យច្បាស់អាកន្លែងហ្នឹង។ ដូច្នេះ ត្រូវតែរក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ ហើយដើម្បីអភិវឌ្ឍបាន ចាំបាច់ណាស់ត្រូវធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ហើយការដាំមនុស្សខុសពីការដាំដើមឈើ។ ដើមស្វាយ ឬដើមដូង យើងថា ៥ ឆ្នាំទៅចុះ បានផ្លែទទួលទានហើយ ប៉ុន្តែ ដាំមនុស្សវាមិនដូច្នោះទេ។ មធ្យមសិក្សាត្រូវប្រើប្រាស់ពេលវេលា ១២ ឆ្នាំ។ ចប់បរិញ្ញាត្រូវអស់ ៤ ឆ្នាំ, បរិញ្ញាជាន់ខ្ពស់ថែម ២ ឆ្នាំទៀត (វាឡើង) ៦ ឆ្នាំ, ដើម្បីយកបណ្ឌិតបាន (វា)តម្រូវការទៅតាមសាលា ទៅតាមជំហាន នៃការសរសេរនិក្ខេបបទ (វា)អាច ៣ ឆ្នាំ, ៤ ឆ្នាំ ឬ ៥ ឆ្នាំ។ កូនប្រសាររបស់ខ្ញុំទម្រាំតែធ្វើនិក្ខេបបទ ទម្រាំតែការពារ(ចប់) ដូចជាប្រើពេលវេលាសឹង ៥ ឆ្នាំ ព្រោះអីការប្តីហើយត្រូវមានកូន តែមានកូនផ្អាក។ អញ្ចឹង បើយើងគិតត្រឹមបរិញ្ញាទៅចុះ យើងត្រូវប្រើពេល ១៦ ឆ្នាំ។ បរិញ្ញាបត្ររងក៏ត្រូវប្រើពេល ១៤ ឆ្នាំ។ បរិញ្ញាជាន់ខ្ពស់វាត្រូវ ១៨ ឆ្នាំ។ ហើយបើយកបណ្ឌិតត្រូវជាង ២០ ឆ្នាំ។ អញ្ចឹង ស្ថានភាពនេះ ទាមទារឱ្យយើងវិនិយោគជាប់មិនដាច់។ បើយើងមិនវិនិយោគទៅលើវិស័យនេះទេ យើងមិនអាចមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដើរឱ្យទាន់សម័យកាល(បានទេ)។
មន្ដ្រីរាជការត្រូវចេះប្រើកម្មវិធីផ្សេងៗតាមទូរស័ព្ទ ដើម្បីសម្រួលការងារ
ឥឡូវ ខ្លះគេហៅថាសម័យ IT ឬសម័យ Digital ឬសម័យបច្ចេកវិទ្យាព័ត៌មាន។ យើងមិនអាចអភិរក្សនិយមបានដែរ។ ម្សិលមិញខ្ញុំប្រកាសអំពីការដែលខ្ញុំប្រើប្រាស់ IG (Instagram) ហើយក៏មានអ្នកចូលមកសួរថា តើលោកតាមាន YouTube ឬអត់? ជារួម ខ្ញុំមានគ្រប់គ្រាន់របស់ខ្ញុំ។ គ្រាន់តែខ្ញុំមិនប្រកាសប្រើតែប៉ុណ្ណោះ។ Twitter ក៏ខ្ញុំមាន។ Instagram ក៏មានយូរដែរហើយ ក៏ប៉ុន្តែ ខ្ញុំប្រើឈ្មោះផ្សេង ដើម្បីទុករូបថតនៅក្នុងកន្លែងហ្នឹងទៅ។ ព្រឹកមិញខ្ញុំបង្ហោះមួយទៀត ពីរឿងចៅស្រីច្បង។ ចៅទី ១ និងចៅទី ២២។ អត់ទាន់ជួបគ្នាទេ ដោយសារកូវីដ-១៩។ ខ្ញុំបង្ហោះនៅក្នុង Instagram របស់ខ្ញុំ។ អញ្ចឹង បានជាយើងត្រូវដើរឱ្យទាន់។
ដូច្នេះហើយបានជាខ្ញុំដាក់លក្ខខណ្ឌឱ្យមន្ដ្រីធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហើយឱ្យត្រឹមចេះប្រើក្នុងប្រព័ន្ធស្មាតហ្វូនទៅបានហើយ ព្រោះ(បើចេះ)ប៉ុណ្ណឹង វាប្រើបានក្នុងការបញ្ជូនសារ Telegram, WhatsApp, WeChat យើងក៏អាចអនឡាញជាមួយគ្នាតាមរយៈ Zoom ឬប្រព័ន្ធផ្សេងទៀត។ ប្រសិនបើមិនចេះ បញ្ជូនសារទៅឱ្យអ្នកណា? គេគ្រប់គ្នាទទួលបានសារ ហើយខ្លួនឯងមិនចេះបើកមើល ហើយធ្វើម៉េច? ទាល់តែអាឡូៗ អញ្ចឹង។ អត់ទៅរួចទេ។ សម័យនេះគ្រាន់តែបញ្ជូនចេញ(ឯកសារឬបទបញ្ជា)ចូលក្នុងក្រុមមួយ ចៅហ្វាយខេត្តទាំងអស់ទទួលបាន រដ្ឋមន្ដ្រីទាំងអស់ទទួលបាន មេទាហានទាំងអស់ទទួលបាន។
ហ្នឹងជាសម័យកាល ដែលយើងដើរទាន់ពេលវេលា។ បើកទូរស័ព្ទឡើងចុចមើលថា យើងកំពុងនៅកន្លែងណា ហើយនៅតំបន់ជុំវិញយើងមានអ្វីខ្លះ ហើយបើយើងមិនចេះហ្នឹងវាចប់ហើយ។ ប៉ុន្ដែ ក្មេងៗស្រុកយើងគឺពូកែ។ តែយើងមនុស្សចាស់ហ្នឹង កុំ(ថាធ្វើមិនកើត) ចាស់ហ្នឹងហើយដែលត្រូវប្រឹង។ ក្មេងគេឆាប់យល់ជាងយើង ហើយយើងត្រូវស្វែងយល់។
អ្នករៀនចេះដឹងពីដំបូលសាលាកម្ពុជា តែបន្តុះបង្អាប់ប្រព័ន្ធអប់រំកម្ពុជា គឺបន្តុះបង្អាប់ខ្លួនឯង
ចំពោះវិស័យអប់រំ យើងត្រូវបន្ដការខិតខំកែទម្រង់បន្ដទៅទៀត។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវទិសដៅត្រឹមត្រូវហើយអំពីការកសាងវិទ្យាល័យតាមបែបទំនើប ដើម្បីរុញឱ្យដំណើរការនេះកាន់តែប្រសើរ ទាំងសាលារដ្ឋ/ឯកជន ប្រឹងធ្វើទំនើបភាវូបនីយកម្មលើវិស័យអប់រំនេះ។ ខ្ញុំបាននិយាយប៉ុន្មានថ្ងៃមុន កម្ពុជាគ្រាន់បើដែរ។ យ៉ាងម៉េចបានខ្ញុំថាគ្រាន់បើ? ខ្ញុំមិនចំអកឡកឡាយអីទេ ក៏ប៉ុន្ដែត្រង់អញ្ចេះ មនុស្សដែលបានរៀនក្រោមដំបូលសាលារបស់យើងតាំងពីក្រោយ(រំដោះឆ្នាំ) ១៩៧៩ ឥឡូវទៅរស់នៅក្រៅប្រទេសតាំងខ្លួនជាបណ្ឌិត។ គេក៏ហៅបណ្ឌិតតាមហ្នឹង។ តាំងខ្លួនជាអ្នកចេះគឺចេះពីដំបូលសាលាដែលយើងគ្រប់គ្រងទេតើ។ អញ្ចឹង ប្រសិនបើគេបន្ដុះបង្អាប់ ក៏វាប៉ះពាល់ទៅលើខ្លួនគេតែម្ដង។ ដោយសារគេបានជ្រកក្រោមដំបូលសាលាធ្លុះធ្លាយរបស់យើង។ ប្រសិនបើគេមើលស្រាលទៅលើប្រព័ន្ធអប់រំរបស់យើង គេក៏មើលស្រាលខ្លួនគេដែរ ដោយសារគេចេះដឹងនៅក្រោមដំបូលសាលារបស់យើងហ្នឹងតើ។
មានមនុស្សមួយចំនួនអត់យល់ ថាអ្វីទៅជាសំណាញ់មេឃ?
ថ្ងៃមុននៅពេទ្យអង្គឌួង ខ្ញុំ(បាន)និយាយពីសំណាញ់មេឃ។ អ្នកមិនយល់មួយចំនួនស្ដាប់អត្ថន័យយើងមិនបាន … ដោយមានការធ្វើអត្ថាធិប្បាយខ្លះថា យើងខ្វះយន្ដហោះមិច នាវាមុជទឹកស្អីៗ បានជាខ្ញុំនិយាយថា ខ្ញុំមិនប្រើទេ យន្ដហោះមិចនេះ ព្រោះក្នុងសម័យរដ្ឋកម្ពុជាមាន Mig-21 រាប់សិបគ្រឿង។ ក្នុងមួយគ្រឿងត្រូវឱ្យវាក្នុងមួយឆ្នាំ ៣៦០ តោន សម្រាប់ហ្វឹកហាត់ពីឡុត(អ្នកបើកបរ)។ ក្រោយមកខ្ញុំកាត់ឱ្យនៅត្រឹម ២៦០ តោន/គ្រឿង។ ខ្ញុំកាត់ ១០០ តោនចេញ ដោយសារយើងវាលំបាក។ ខ្ញុំថា យើងមិនមានការចាំបាច់ដើម្បីប្រើប្រាស់យន្ដហោះមិចទេ។ ទៅវាយអ្នកណា? ហើយវាយកន្លែងណាឱ្យពិតប្រាកដ? យកមិចទៅបាញ់គ្នានៅលើ(មេឃ)? ខ្ញុំថា ប្រើប្រាស់សំណាញ់មេឃ។ អ្នកណាទៅធ្វើសំណាញ់មេឃកើត? ប៉ុន្ដែ និយមន័យសំណាញ់មេឃ ដែលខ្ញុំចង់និយាយនៅទីនេះ បានសេចក្ដីថា កម្លាំងការពារអាកាស ដែលទៅពីខាងក្រោម។ អ្នកដែលមិនយល់ ហើយភាពផ្ចាញ់ផ្ចាល់របស់គេ (គេថា)អាងតែបានក្បាលមីក្រូចេះតែនិយាយ។ ប៉ុន្ដែសារធាតុខ្លួនឯងជាមនុស្សអត់ព្រមយល់ថា អ្វីដែលគេចង់និយាយសំដៅស្អី។
រើសកងទ័ពប្រមាណជាង ៣០០ នាក់ បន្ថែមឱ្យផ្នែកការពារអាកាស
ខ្ញុំទើបចុះហត្ថលេខាលើអនុក្រឹត្យឱ្យរើសកងទ័ពប្រមាណជាង ៣០០ (នាក់) សម្រាប់បំពេញបន្ថែមឱ្យផ្នែកការពារអាកាស។ កម្ពុជាអត់ត្រូវការយកយន្ដហោះទៅបាញ់គ្នាលើអាកាសទេ។ ត្រូវការកម្លាំងការពារអាកាសដែល ខ្ញុំហៅថាសំណាញ់មេឃ។ ខ្ញុំធ្លាប់ស្គាល់តើ (ថា)គេទម្លាក់គ្រាប់បែកយ៉ាងម៉េច? បាញ់ពីលើយ៉ាងម៉េច? ខ្ញុំស្គាល់ពីប្រសិទ្ធភាពរបស់វា។ សម័យរដ្ឋកម្ពុជាមិនដែលយកយន្ដហោះយកទៅវាយទេ។ អញ្ចឹង យន្ដហោះវាហោះខាងលើ វាធ្វើអីយើងមិនកើតទេ។ បើវាចង់ធ្វើអីយើងវាមុជក្បាលវាចុះមកហើយ បាញ់យើងឬទម្លាក់គ្រាប់បែក។ ពេលហ្នឹងនៅពីខាងក្រោមរាប់សែនរាប់លានគ្រាប់ រឿងអីមិនត្រូវ។ អាតូចក៏ទៅ អាធំក៏ទៅ។ ហ្នឹងហើយដែលខ្ញុំចង់និយាយពីសំណាញ់មេឃ។ លើវិស័យការពារជាតិត្រូវគិតឱ្យច្បាស់។ មិចនេះមួយគ្រឿងៗ រាប់សិបលាន(ដុល្លារ) យកវាមកធ្វើស្អី? ឥឡូវ ទុកចោលនៅពោធិ៍ចិនតុងគគោក សុទ្ធតែ Mig-21។ ដល់ឥឡូវសង្រ្គាមនៅអ៊ុយក្រែន គេនៅប្រើ Mig-21។ ប៉ុន្ដែ អ្នកដែលគេថាជោគជាំទៅដោយអំពើល្ងិតល្ងង់ គឺគេមិនយល់អត្ថន័យនៃសំណាញ់មេឃទេ ហើយបែរជាមកនិយាយឌឺដងឱ្យយើង ក្នុងពេលដែលខ្លួនឯងមិនយល់។
មនុស្ស ត្រូវមានយុត្តិធម៌និងការទទួលខុសត្រូវ ហោចបំផុតខាងសីលធម៌
ខ្ញុំនិយាយនេះ ចង់ឱ្យចៅៗបានយល់ អំពីការគិតគូរ។ ដូចជាបញ្ហាមុន តាចង់និយាយថា តើនាយករដ្ឋមន្ដ្រីគួរអន្ដរាគមន៍ភ្លាមទេ ក្នុងពេលដែលនិស្សិតម្នាក់កំពុងនៅមន្ទីរឃុំឃាំងក្រោមឥទ្ធិពល នៃឧកញ៉ា ៥ រូប? រឿងនេះ បើខ្ញុំស្រាវជ្រាវពេលនោះ នេត សាវឿន ត្រូវតែធ្វើការហើយ ព្រោះតែបណ្ដឹងរបស់ឧកញ៉ា ប៉ូលីសចាប់ឃុំបណ្ដោយ ផ្អើលដល់តុលាការទៀត។ ប្រសិនបើខ្ញុំធ្វើរឿងនេះឱ្យធំ។ អ្នកមិនដឹងរឿងចាត់ទុកថា លោក ហ៊ុន សែន កំប៉ិកកំប៉ុកណាស់ ទៅអន្ដរាគមន៍ថ្នាក់រឿងអញ្ចឹង។ ប្រសិនបើរឿងទៅដេកអីជាមួយគ្នា ខ្ញុំអត់ខ្វល់ទេ ប៉ុន្ដែរឿងអីដល់ថ្នាក់ចាប់គេ ហើយកម្លាំងណាទៅចាប់? បើយើងមិនធ្វើអន្ដរាគមន៍ទេ ពួកស័ក្ដិ ៤ ស័ក្ដិ ៥ ហ្នឹងវាព្រមស្ដាប់ទេ? អញ្ចឹងឱ្យហេតុផលមួយថា យើងត្រូវមានយុត្ដិធម៌ក្នុងខ្លួន មានធាតុមនុស្ស ហើយមានការទទួលខុសត្រូវ? ហោចណាស់ការទទួលខុសត្រូវផ្លូវសីលធម៌។ នេះបើយើងចង់បាននូវយុត្ដិធម៌ ហើយស្គាល់រឿងពិត។
គ្រប់សាលា គប្បីមានជនបង្គោល តាមមើលអំពី កូវីដ-១៩
ខ្ញុំអរគុណណាស់អភិបាលខេត្តទាំងឡាយ ថ្ងៃនេះ អភិបាលខេត្តទទួលខុសត្រូវ ចំពោះការនាំកូនចៅៗមកពី ២៥ ខេត្ត/ក្រុង។ ខ្ញុំបាននិយាយកាលពីលើកមុនហើយ ទទួលខុសត្រូវ(ក្នុងការដឹក)នាំមកដល់។ រួចហើយទទួលខុសត្រូវនាំទៅដល់មូលដ្ឋានវិញ។ ទៅដល់ផ្ទះទើបមានសុវត្ថិភាព កុំឱ្យបាត់កូនគេតាមផ្លូវ។ សាលាគរុកោសល្យ ខ្ញុំតែងតែផ្ដាំផ្ញើ។ គាត់សុំទៅលេងសៀមរាប។ ខ្ញុំថាទៅបាន ហើយមកដល់ផ្ទះវិញត្រូវតែមកគ្រប់(ចំនួន)។ បើទៅ ១០០ នាក់ មកវិញ ១០០ នាក់។ ក្រែងលោមកវិញបាត់ … ជាជំហានបន្ដ គឺគ្រប់សាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងកូវីដ-១៩។ សាលារៀននីមួយៗ គួរមាន ជនគេហៅថា ជនបង្គោលទាក់ទិនបញ្ហាកូវីដ-១៩។ ប្រសិនបើមានហើយ គឺល្អ ដើម្បីផ្សារភ្ជាប់ភ្លាមៗជាមួយគ្រូពេទ្យ ជាពិសេសនាយកសាលា (និង/ឬ)នាយករង គាត់ត្រូវទទួលខុសត្រូវលើបញ្ហាហ្នឹង។ យើងទើបនឹងឈ្នះសមរភូមិទេ មិនទាន់ឈ្នះសង្រ្គាមទេ។ កូវីដ-១៩ មិនទាន់ចប់ទេ។ ពិតមែនតែមានការធូរស្រាល សម្រាប់យើងធូរស្រាលខ្លាំងដោយគ្មានមនុស្សស្លាប់។ ឆ្លងក៏តិចតួចក្រោម ១០ នាក់/ថ្ងៃ។ មានថ្ងៃខ្លះធ្លាក់ដល់ ១ ឬ ២ ករណី តែមិនត្រូវធ្វេសប្រហែសទេ។
ដាក់សិស្សានុសិស្សនិងនិស្សិតជាង ៣ លាននាក់ ក្នុងចង្កោមអាទិភាពវ៉ាក់សាំង
ម្សិលមិញកូនប្រសារខ្ញុំបានជូនសារមកឱ្យខ្ញុំ ដោយសារធ្វើតេស្ដរហ័សហើយបានរកឃើញសិស្សដែលមកចូលរួម ២ នាក់ ហើយយើងត្រូវយកទៅបញ្ជាក់នៅ PCR ទៀត។ គ្នាមិនអាចចូលរួម(បាន)។ បែបអាចរៀបចំមើលតាមទូរទស្សន៍។ ម្សិលមិញនេះ គឺក្មេងស្រី ពេជ្រ គីមលីន អាយុ ១៩ (ឆ្នាំ) សិស្សសាលា ប៊ែលធី សាខាចោមចៅ (និង) ឡាយ មួយលី អាយុ ២០ (ឆ្នាំ) សិស្ស(សាលា) វេស្ទើន សាខាទួលគោក។ (សូម)ផ្ញើជូននូវការសួរសុខទុក្ខ និងជូនពរឱ្យចៅៗ ឆាប់បានជាសះស្បើយ។ បើកើត Omicron វាមិនធ្ងន់ធ្ងរពេកទេ ប៉ុន្ដែយកល្អកុំឱ្យវាកើត។ ប្រសិនបើជ្រុលកើតហើយ ត្រូវព្យាបាលឱ្យស្រូតដើម្បីឆាប់បានជា។ ដោយសារអ្នកទាំងនេះនៅភ្នំពេញស្រាប់ មិនពិបាកក្នុងការវិលត្រឡប់ទៅខេត្ដវិញទេ។ អម្បាញ់មិញនេះ ខ្ញុំបានផ្ដល់អាទិភាពសម្រាប់មនុស្សជាង ៣ លាននាក់ទៀត ដែលស្ថិតក្នុងអាទិភាពនៃការទទួលបានវ៉ាក់សាំងគឺសិស្សានុសិស្សនិងនិស្សិតរបស់យើង។ Pfizer សម្រាប់កូនក្មេង ខាងអូស្រ្តាលីនឹងបញ្ជូនមក គឺចាក់ដូសជម្រុញដើម្បីភាពស៊ាំសហគមន៍។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីការជួបគ្នានេះរួចហើយ មិនមានអ្នកណាត្រឡប់ទៅផ្ទះវិញឆ្លងនោះទេ។ បើសិនជាឆ្លង អ្នកដែលរងគ្រោះធំជាងគេ … ព្រោះថ្ងៃទី ១០ ត្រូវចេញដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រជុំពិសេសអាស៊ាន-អាមេរិក។
នឹងជួបបងប្អូនប្រជាជនខ្មែរនៅអាមេរិក និងនៅអឺរ៉ុប ក្នុងពេលទៅអាមេរិក និងស្វ៊ីស
សូមអរគុណ ចំពោះបងប្អូននៅសហរដ្ឋអាមេរិក ដែលចេញវីដេអូរង់ចាំស្វាគមន៍ខ្ញុំនៅទីនោះ។ ខ្ញុំនឹងទៅជួបបងប្អូននៅទីនោះ ដើម្បីសួរសុខទុក្ខបងប្អូន។ បែកគ្នាប៉ុន្មានឆ្នាំហើយដោយសារកូវីដ-១៩។ (ឆ្នាំ) ២០១៨ ខ្ញុំទៅថ្លែងការនៅអង្គការសហប្រជាជាតិ ក៏បានឆ្លៀតជួបនៅទីនោះ។ ពេលដែលមានកូវីដ-១៩ ហ្នឹង មិនបានទៅ មិនបានជួបជុំបងប្អូន។ ឥឡូវបានទៅជួបជុំ។ ដោយសារសាលប្រជុំនៅទីនោះមិនធំ អញ្ចឹងមនុស្សប្រហែលជាង ១ ពាន់នាក់ប៉ុណ្ណឹង។ ខ្ញុំក៏រង់ចាំមើលដែរថា តើអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំមានប៉ុន្មាន? ឯខ្ញុំមិនលើកទឹកចិត្តឱ្យបងប្អូនដែលមកទទួលខ្ញុំធ្វើបាតុកម្មតបតជាមួយគេទេ។ សូមអង្វរករចំពោះបងប្អូនដែលមកទទួលខ្ញុំនោះ (ដែល)ឃើញគេធ្វើបាតុកម្មមកប្រឆាំងខ្ញុំ (សូមកុំ)ទៅធ្វើបាតុកម្មតបត។ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះទេ។ គណបក្សប្រជាជន ឬរាជរដ្ឋាភិបាល មានមនុស្សគាំទ្រនៅក្រៅប្រទេសដែលជានិច្ចជាកាលទំហំធំជាងចំនួនអ្នកមកធ្វើបាតុកម្មប្រឆាំងខ្ញុំ។
សូមជូនដំណឹងដែរថា ខ្ញុំនឹងមានការជួបប្រជាជននៅ Zurich ប្រទេសស្វ៊ីស ល្ងាចថ្ងៃទី ២១ ឧសភា។ អញ្ចឹង ខ្ញុំត្រូវចេញទៅអាមេរិក ថ្ងៃទី ១០ (ឧសភា) ខ្ញុំចេញទៅល្ងាចថ្ងៃទី ១០ (ឧសភា) ខ្ញុំនឹងជួបបងប្អូនខ្មែរមួយចំនួន។ ថ្ងៃទី ១១ (ឧសភា) ជួបបងប្អូនខ្មែរយើងទៀត ព្រោះខ្ញុំជួបជាមួយនឹងអ្នកដែលមកសួរសុខទុក្ខ។ ថ្ងៃទី ១១ (ឧសភា) ខ្ញុំជួបចំនួនច្រើន។ ថ្ងៃទី ១២ និង ១៣ (ឧសភា) ខ្ញុំប្រជុំ។ (ថ្ងៃទី) ១៤ (ឧសភា) ត្រឡប់មកវិញ។ (ថ្ងៃទី) ១៥ (ឧសភា) មកដល់ប្រទេស(កម្ពុជាវិញ)។ យប់ថ្ងៃទី ២០ (ឧសភា) ត្រូវហោះចេញ ព្រោះយន្តហោះត្រូវចុះចាក់សាំងច្រើនកន្លែង។ សាកល្បងប្រើយន្តហោះពិសេសរបស់យើង។ វាហោះបានជិតៗ តែវាដឹកបានមនុស្សច្រើន។ តែអាហោះបានឆ្ងាយ វាដឹកបានមនុស្សតិច គឺទៅអាមេរិកត្រូវដាក់បានតែប៉ុន្មាននាក់ទេ។ យន្តហោះប៉ុនណាប៉ុនណី ព្រោះវាត្រូវការដាក់សាំងច្រើន ដើម្បីហោះឆ្លងកាត់សមុទ្រ។
យប់ថ្ងៃទី ២០ (ឧសភា) ខ្ញុំត្រូវហោះចេញ។ ត្រូវដេកលើកប៉ាល់ហោះ។ ទៅដល់ Zurich ម៉ោងប្រមាណ ២ រសៀល ល្ងាចថ្ងៃនោះ ខ្ញុំនឹងជួបជាមួយប្រជាពលរដ្ឋដែលនៅអឺរ៉ុប ព្រោះផ្ដុំគ្នាជួបនៅ Zurich។ នេះគឺជាការជូនដំណឹង ក្រែងលោអ្នកចង់ធ្វើបាតុកម្មប្រឆាំងខ្ញុំ រៀបចំបាតុកម្មពីចម្ងាយឱ្យហើយទៅ។ បើចង់ធ្វើបាតុកម្មនៅអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី Joe Biden ទៅ ព្រោះខ្ញុំជាភ្ញៀវរបស់គាត់។ ប្រធានាធិបតីអស់លោកអ្នកទេតើ។ អស់លោកអ្នកធ្វើទៅ។
ខ្ញុំគិតថា ខ្ញុំនិយាយច្រើនហើយ … តែអញ្ចេះ សោកស្ដាយ ថ្ងៃនេះ អត់បានថតរូបជាមួយចៅៗទេ ព្រោះយើងត្រូវរក្សាគម្លាត។ តែបើមកថតរូប គម្លាតនោះវាទៅមិនរួច។ មិនមែនស្អប់ខ្ពើមចៅៗទេ តែក្រែងលោតានេះឈឺ ឆ្លងទៅចៅៗត្រឡប់ទៅវិញ។ Omicron នេះ ចម្លែកត្រង់អញ្ចេះ វារកមុខសញ្ញាតែពីរទេ។ ទី (១) វារកអ្នកធំ និងអ្នកមាន។ គ្រាន់តែចៅហ្វាយខេត្ត អនុខេត្ត រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឆ្លងមិនតិចទេ។ ទី (២) វារកកូនក្មេង។ ចៅខ្ញុំ ២២ នាក់ កើតជាងពាក់កណ្ដាល សុទ្ធតែ Omicron ទាំងអស់។ ចម្លែក Delta និង Alpha គឺវាយលុកទៅលើគ្រប់មនុស្ស ប៉ុន្តែ ច្រើនតែអ្នកមានអាយុចាស់។ ប៉ុន្តែ Omicron វាវាយអត់រើសមុខតែម្ដង។ យើងត្រូវតែបន្តការប្រយ័ត្នប្រយែងទៅលើបញ្ហានេះ។
ប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ទោះបីលើកលែងកាតព្វកិច្ចម៉ាស
ខ្ញុំអរគុណណាស់ ទោះបីជាយើងបានលើកលែងកាតព្វកិច្ចពាក់ម៉ាស តែប្រជាពលរដ្ឋយើងនៅតែបន្តពាក់ម៉ាស។ គាត់បាននិយាយថា គាត់ស៊ាំទៅហើយ។ កាលពីមុនអត់ទាន់ពាក់ម៉ាស បន្តិចៗផ្ដាសាយៗ ដល់ឥឡូវគាត់ពាក់ម៉ាសទៅអត់សូវផ្ដាសាយ គាត់(បន្ត)ពាក់ម៉ាស។ រឿងពាក់ម៉ាសនេះ យើងបានសង្កេតឃើញតាំងពីមុនកូវីដ-១៩ម្ល៉េះ។ ពេលដែលគាត់ជិះម៉ូតូជិះអី គាត់ខ្លាចដីហុយចូលច្រមុះ/មាត់គាត់ៗពាក់។ ឥឡូវ ថែមកូវីដ-១៩ មកទៀត គាត់ពាក់។ អញ្ចឹងពាក់ទៅ។ ឃួង ស្រេង រាយការណ៍រាល់ថ្ងៃ នៅកណ្ដាលក្រុងគឺពាក់ម៉ាសនៅច្រើន។ ដល់តែជាយក្រុង ដូចជានៅពោធិ៍សែនជ័យ នៅដង្កោអី ពាក់ម៉ាសតិចជាង។ បើនៅតាមជនបទវិញ អាហ្នឹងអត់បណ្ដោយ។ គាត់អាងអី? ក្រមា។ ក្រមា គឺជាវិធីសាស្រ្តរបស់យើង ដែលចាប់យកជំហានដំបូង រហូតដល់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារាល់ថ្ងៃនេះ ទៅណាក៏គាត់ពាក់ក្រមាដែរ …។
កាលនោះ ហាក់ដូចជាសង្គ្រាមដណ្ដើមម៉ាស មានលុយហើយ ទិញម៉ាសមិនបានទៀត។ ក្រោយមកហាក់ដូចជាសង្រ្គាមដណ្ដើមវ៉ាក់សាំង … ខ្ញុំនៅតែនឹកដល់កូនប្រុសរបស់ខ្ញុំ បន្ទាប់ពីរៀនចប់នៅសាលាបណ្ឌិតសភាយោធា West Point លោក ប៉ាង ណាត នៅទូរទស្សន៍ជាតិកម្ពុជាធ្វើសម្ភាសន៍ជាមួយ។ កាលនោះកូនហ្នឹងរាងប៉ៃឡាំៗ។ ប៉ាង ណាត បានសួរថា ទៅរៀនសាលាកងទ័ពហ្នឹង ម៉េចមិនជ្រើសរើសយកជាអ្នកបើកបរយន្តហោះស្អីៗហ្នឹង? (ហ៊ុន) ម៉ាណែត ឆ្លើយតបវិញថា ខ្ញុំសុខចិត្តធ្វើការជាមួយមនុស្ស ខ្ញុំមិនធ្វើការជាមួយគ្រឿងម៉ាស៊ីន (ព្រោះ)ពិបាកនិយាយគ្នា។ វាចេះឆ្លើយរួច។ ប៉ុន្តែ នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំៗ មានកូនប្រសារមួយក៏ជា Pilot បើកឧទ្ធម្ភាគចក្រ។ អាចពឹងពាក់បានម្ដងម្កាល។ ប្រសិនបើមានការចាំបាច់ ឱ្យកូនឡើងបើកតែម្ដង។
បើកូនរៀនខ្សោយ ត្រូវរកវិធីឱ្យកូនរៀន កុំប្រៀបធៀបជាមួយកូនអ្នកដទៃ
ថ្ងៃនេះ សម្រាប់ការចូលរួម ខ្ញុំសូមអរគុណសាជាថ្មីម្ដងទៀត សម្រាប់ខេត្ត និងក្រុមការងារទាំងអស់។ ក្រុមការងារថ្នាក់ជាតិជួយមូលដ្ឋានបានរួមជាមួយខេត្តបានដោះស្រាយរួចនូវរង្វាន់សម្រាប់សិស្សពូកែរបស់យើង។ ស្វាយរៀងរង្វាន់ដូចជាម៉ូតូ។ កំពង់ស្ពឺក៏ម៉ូតូដែរ។ ខេត្តណារង្វាន់ម៉ូតូខ្លះ? សុទ្ធតែម៉ូតូ … ច្រើនខេត្តដែរតើ! នេះមិនមែនជាកាតព្វកិច្ចទេ តែជាសមានចិត្ត។ លើកទឹកចិត្តទៅដល់សិស្សពូកែរបស់យើង។ សិស្សរាប់ម៉ឺននាក់ ហើយលេចបានប៉ុណ្ណឹង មិនមែនជាបញ្ហាតូចតាចទេ ដែលត្រូវលើកទឹកចិត្ត។
និយាយដល់ចំណុចហ្នឹង ខ្ញុំគួរតែរំលឹកទៅលើបញ្ហាមួយ ដែលមាតាបិតា អាណាព្យាបាល គួរត្រូវបានយកចិត្តទុកដាក់។ សូមកុំបង្អាប់កូនឯង ប្រៀបធៀបជាមួយកូនអ្នកដទៃឱ្យសោះ។ នេះជាការវាយប្រហារធ្ងន់ណាស់ទៅលើចិត្តសាស្រ្តរបស់កូន។ បទពិសោធន៍របស់ខ្ញុំនៅក្នុងការគ្រប់គ្រង (និង/ឬ)បណ្ដុះបណ្ដាលកូន ចាត់ទុកថាខ្ញុំបានទទួលជោគជ័យហើយ តែខ្ញុំនៅមានកាតព្វកិច្ច រួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្ដុះបណ្ដាលចៅរបស់ខ្ញុំ។ តំណមដែលខ្ញុំឱ្យកូនរបស់ខ្ញុំតម គឺដាច់ខាតកុំថា “ឯងមួយថ្ងៃៗ គិតតែលេងហ្គេម មើលកូនគេៗរៀន”។ កុំឱ្យសោះ។ “ឯងរៀនមិនពូកែ ឯងមើលកូនគេៗពូកែ”។ កុំឱ្យសោះ។
បទពិសោធន៍មួយនេះ គឺវាយបំបាក់ទឹកចិត្តកូនខ្លួនឯង។ ត្រូវលើកទឹកចិត្តកូនឱ្យកូនប្រឹង តែកុំយកកូនទៅប្រៀបធៀបជាមួយកូនអ្នកដទៃ។ សូម្បីតែនៅក្នុងគ្រួសារតែមួយ រវាងកូនរបស់កូនបង្កើតទាំងពីរនេះ វាត្រូវជាចៅរបស់យើង។ ថាមើល “បង/ប្អូនជីដូនមួយឯងរៀនពូកែ ពួកឯងអត់ពូកែ”។ កុំឱ្យសោះ។ នេះជាត្រណមមួយក្នុងចំណោមត្រណម នៃការដោះស្រាយបញ្ហាអារម្មណ៍របស់កូន។ បើដឹងថាកូនយើងរៀនខ្សោយ យើងត្រូវរកវិធីដើម្បីឱ្យកូនយើងរៀន កុំយកកូនអ្នកដទៃយកមកប្រៀបធៀបជាមួយកូនយើង។ (កុំ)លើកកូនអ្នកដទៃ (មក)បន្តុះបង្អាប់កូនយើង។
ត្រូវដឹងគុណគ្រូ គ្រូមួយថ្ងៃ គ្រូមួយជីវិត
ខ្ញុំធ្លាប់និយាយហើយថា បញ្ហាទាក់ទិនជាមួយនឹងរឿងបង្អាប់គ្រូ។ គ្រូពេលខ្លះអត់ទទួលបានគុណសម្បត្តិអីទេ ប៉ុន្តែបែរជាទទួលបាននូវគុណវិបត្តិទៅវិញ។ ហ្នឹងក៏ត្រូវតែចៀសវាងដែរ។ គ្រូប្រឹងបង្រៀនកូនសិស្សចង់ងាប់ចង់រស់ ដល់ទៅលទ្ធផលបានមកអី? បើកូនគេពូកែ គេថាមកពីពូជគេពូកែ គ្រូអត់មានគុណសម្បត្តិទេ ដល់កូនរៀនមិនពូកែ ថាគ្រូហ្នឹងវាអន់។ មិនថាពូជអញវាអន់ទេ។ អញ្ចឹង គ្រូចាំតែ(ខុស)។ ល្អក៏មិនបានផល អាផលមិនល្អទៅជាបានគ្រូ ថាគ្រូអន់ (ប្រការ)នេះត្រូវតែចៀសវាង។ កូនសិស្សត្រូវប្រុងប្រយ័ត្ន ហើយយកចិត្តទុកដាក់ទៅបញ្ហាគុណគ្រូ។ តិចឃើញថា គ្រូឯងនៅតែប៉ុណ្ណឹង បង្រៀនខ្ញុំតាំងពីថ្នាក់កុមារដ្ឋាន ឥឡូវ ខ្ញុំចប់បរិញ្ញាបត្រហើយ គ្រូឯងនៅតែបង្រៀនថ្នាក់កុមារដ្ឋានដដែល។ នេះជាការ(គិត)ខុសស្រឡះ។
ដោយផ្តើមចេញពីកុមារដ្ឋាននោះហើយ ដែលធ្វើឱ្យខ្លួនឯងមានបរិញ្ញា(បត្រ) ឬបរិញ្ញា(បត្រ)ជាន់ខ្ពស់ ឬបណ្ឌិតនោះ។ កន្លែងនេះមួយ យុវជនយើងត្រូវចៀសវាង (និង)ត្រូវដឹងគុណគ្រូ ដែល(គ្រូ)បានដឹកដៃយើង បង្ហាត់បង្ហាញយើងតាំងពីដើម។ ពួកគាត់បានលះបង់ច្រើនណាស់។ គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត។ បញ្ហាពាក់ព័ន្ធជាមួយនឹងខួរក្បាលនេះ មិនប្រាកដទេថាប៉ូវឱ្យកូនឆ្លាត។ ខ្ញុំពិសោធន៍កូនខ្ញុំ។ កូនប្រុសច្បងរបស់ខ្ញុំកើតក្នុងសម័យ ប៉ុល ពត មានអីស៊ី ក្រៅពីបៅទឹកដោះម្តាយ លាយជាមួយពោត ប៉ុន្តែខួរក្បាលវាមិនអន់ជាងកូនៗ ៤ នាក់ទៀតដែលកើតនៅភ្នំពេញទេ។ បញ្ហាស្ថិតនៅត្រង់ការថែទាំរបស់យើង ដែលបំពេញឱ្យគេ លើកទឹកចិត្តគេ ឱ្យគេរៀន។ សាលាជាទីកន្លែងបណ្តុះបណ្តាល យើងត្រូវបន្តវិនិយោគតទៅទៀត ទៅលើការកសាងបន្ថែមសាលារៀន ហើយធ្វើទំនើបកម្មសម្ភារសិក្សាឱ្យដើរទាន់សម័យកាល។
អំណោយជូនជ័យលាភីនិទ្ទេស A/ប្រវត្តិប្រាក់ស្លឹង/ប្រវត្តិហ្លួងព្រះស្តេច កន
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១ ៧៥៧ នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ស្លឹង (ចំនួន) ១។ នេះជាប្រាក់ស្លឹង ប្រាក់នេះហើយ ដែលចៅៗត្រូវនឹក ដែលបានបោះតាំងពីឆ្នាំ ១៥១៤។ ប្រាក់នេះ ប្រភពរបស់វាគឺបោះនៅខេត្តត្បូងឃ្មុំ នៅព្រៃនគរក្នុង។ នេះជាដំណាក់កាល ហ្លួងព្រះស្តេច កន។ អញ្ចឹង កម្ពុជាមិនមែនទើបនឹងមានរូបិយប័ណ្ណប្រើនៅពេលនេះទេ។ ការសិក្សាទាក់ទងទៅរឿង ព្រះស្រីសុគន្ធបទ ដែលមានជម្លោះជាមួយនឹងប្អូនថ្លៃខ្លួនឯង (គឺ)ឧកញ៉ា ចមចិត្ត ហៅ កន។ ការយល់សប្តិបានក្លាយទៅជារឿងដ៏អាណោចអាធម្ម។ និយាយពីរឿងហ្នឹងបន្តិចទៅចុះ រឿងនេះវាតភាគពីស្តេច ពញាយ៉ាត ព្រះអង្គគ្រងរាជ្យនៅចតុមុខរបស់យើងនេះ។ ពេលដែលព្រះអង្គសោយទិវង្គតទៅ នរាយរាជា ដែលជាព្រះរាជបុត្រច្បង ដែលជា(បុត្រ)មហេសីទី ១ ឡើងគ្រងរាជ្យ។ ដល់ នរាយរាជា សោយទិវង្គតទៅ រាជ្យបល្ល័ង្គមិនបានផ្ទេរទៅឱ្យ សូរិយោទ័យ ដែលជាព្រះរាជបុត្រទេ បែរជាផ្ទេរទៅឱ្យ ព្រះស្រីរាជា ដែលជាព្រះរាជអនុជ។ អញ្ចឹង ក៏កើតទុក្ខមិនសុខចិត្ត ព្រះសូរិយោទ័យ ក៏ទៅតាំងទ័ពនៅមួយកន្លែងទៅ ដើម្បីប្រឆាំងជាមួយឪពុកមាខ្លួនឯង។
ឯនៅចតុមុខនេះ ព្រះស្រីរាជា និងព្រះធម្មរាជា គ្រប់គ្រង។ សម័យពេលមួយនោះ ព្រះស្រីរាជា បានលើកទ័ពទៅវាយសៀម។ ព្រះធម្មរាជា គឺនៅចាំនៅនឹងចតុមុខ។ ដល់ពេល ព្រះស្រីរាជា លើកកងទ័ពត្រឡប់មកវិញ មកដល់ពោធិ៍សាត់/កំពង់ឆ្នាំងហើយនេះ ព្រះធម្មរាជា មិនឱ្យចូលក្រុង។ អញ្ចឹង បានពេលនោះខ្មែរយើងមានតំបន់ត្រួតត្រាបី៖ តំបន់មួយគ្រប់គ្រងដោយ ព្រះធម្មរាជា គឺតំបន់ចតុមុខ បាទី សំរោងទង។ ភាគខាងកើតគ្រប់គ្រងដោយ សូរិយោទ័យ និងភាគពាយ័ព្យគ្រប់គ្រងដោយ ព្រះស្រីរាជា។ (ព្រះបាទ) ធម្មរាជា ជាកូនកាត់ ដោយស្ដេច ពញយ៉ាត យកប្រពន្ធសៀម។ ធម្មរាជា ក៏សហការជាមួយនឹងសៀម ចាប់ទាំង ព្រះស្រីរាជា/សូរិយោទ័យ យកទៅ(សម្លាប់) ដែល ព្រះស្រីរាជា សោយទិវង្គតត្រឹមបាត់ដំបង ហើយ សូរិយោទ័យ ទៅសុគតនៅឯអយុធ្យា។ ឥឡូវ អដ្ឋិធាតុរបស់ព្រះអង្គទាំងពីរនៅវត្តភ្នំរបស់យើងនេះ។ នេះ(យោង)តាមការសិក្សាស្រាវជ្រាវរបស់យើង។
បន្ទាប់ទៅ ព្រះធម្មរាជា គ្រងរាជ្យដោយសុខសាន្តដែរ។ ដល់ពេល ព្រះធម្មរាជា សោយទិវង្គត(នៅឆ្នាំ)១៥០៤ ត្រូវបានជំនួសដោយ ព្រះស្រីសុគន្ធបទ។ ព្រះស្រីសុគន្ធបទ ព្រះអង្គមិននៅចតុមុខទេ ព្រះអង្គចូលចិត្តបង់សំណាញ់ បានជាព្រះអង្គទៅនៅខាងវិហារសួគ៌។ បានជាមានវត្តព្រៃបាំង មានស្អីៗហ្នឹង។ វត្តព្រៃបាំង គេបាំង ដើម្បីកុំឱ្យមើលឃើញមហេសីស្តេចចូលទៅធ្វើបុណ្យក្នុងវត្ត។ វាមានប្រវត្តិរបស់វាអញ្ចឹង។ សម័យថ្ងៃមួយ ព្រះស្រីសុគន្ធបទ ព្រះអង្គផ្ទំយល់សប្តិឃើញនាគរាជមកកន្ទ្រប់លើព្រះរាជវាំង។ គ្រូទាយចុះឡើងៗ (ថាគ្រោះចេញពី)ប្អូនថ្លៃខ្លួនឯង។ អញ្ចឹង យកហ្លួងព្រះស្តេច កន ទៅសម្លាប់។ ពេលហ្នឹងមិនទាន់ក្លាយជា ហ្លួងព្រះស្តេច កន ទេ តែជា ឧកញ៉ា ចមចិត្ត។ ប៉ុន្តែ បងស្រីរបស់ខ្លួនបានដឹង ក៏លួចប្រាប់ កើតទៅជាសង្គ្រាមមួយ។
សម្លាប់មិនបាន ក៏រត់ភៀសខ្លួន ទៅកកើតទ័ព ហើយទ័ពហ្នឹងចេញដំបូងពីតំបន់ព្រៃវែង ដោយយកព្រះរាជ្យបញ្ជារបស់ ព្រះស្រីសុគន្ធបទ ទៅ។ ច្បាំងគ្នាតាំងពីឆ្នាំ ១៥០៦-១៥១២ ទើបហ្លួងព្រះស្តេច កន ឈ្នះ។ ហ្លួងព្រះស្តេច កន ឈ្នះហើយ មិនមកតាំងទីលំនៅៗចតុមុខទេ ទៅតាំងរាជធានីនៅស្រឡប់ដូនតី(ពិជ័យ)ព្រៃនគរ ដែលឥឡូវស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទីកន្លែងនោះហើយ ដែលជាកន្លែងបោះប្រាក់ស្លឹងនេះ ដែលបានកើតតាំងពីឆ្នាំ ១៥១៤។ ឥឡូវ យើងបោះពុម្ពឡើងវិញ ដើម្បីធ្វើជានិមិត្តរូបនៃការដែលកម្ពុជាមានការធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ និងការចាយវាយរូបិយប័ណ្ណតាំងពីជំនាន់នោះ។
បន្តទៅទៀត កូនសិស្សម្នាក់ៗនឹងទទួលបាននូវសៀវភៅពីរក្បាលដែលមានមួយប្រអប់នេះ។ មួយជាសៀវភៅរបស់បណ្ឌិត អ៊ូ ចុង មួយទៀតជាការប្រៀនប្រដៅរបស់ ក្រម ង៉ុយ។ យើងត្រូវតែរំលឹកទៅដល់ប្រវត្តិដូនតាយើង ដែលបានប្រៀនប្រដៅយើង តាំងពីរបៀបធ្វើបុណ្យ តាំងពីស្អីៗគ្រប់បែបយ៉ាង។ ខ្ញុំទៅក្រៅប្រទេស ខ្ញុំយកទៅដែរ។ គ្រាន់ចៅៗ មើលលេង ជាកំណាព្យកាព្យឃ្លោងនៅទីនេះ។ បើបណ្ឌិត អ៊ូ ចុង វិញ គាត់ប្រដៅពីរបៀបធ្វើបុណ្យ។ មួយទៀត គឺជា iPad ដែលជាអំណោយរបស់ក្រុមហ៊ុន ជីប ម៉ុង។ សម្រាប់ចៅៗ (ជូន)ថវិកា ២ លានរៀល/នាក់។ លោកនាយក/នាយិកា ដែលចូលរួមក្នុងអង្គពិធីនេះ ចំនួន ៤២១ នាក់ ក្នុងម្នាក់ៗទទួល បានប្រាក់ស្លឹង ១ សៀវភៅ ១ ប្រអប់ ថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗ ចំនួន ១ លានរៀល និងសាលានីមួយៗថវិកា (ចំនួន) ៣ លានរៀល សម្រាប់ ៤២១ សាលា។ ជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣ លានរៀល។
ផ្តោតការយកចិត្តទុកលើផលិតកម្មកសិកម្ម ដោយសារភាពស្មុគស្មាញអន្តរជាតិ
តាមរយៈចៅៗ ក៏ដូចជា មាតាបិតា អាណាព្យាបាល ដែលជូនមកទីនេះ សុំឱ្យខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខ ចំពោះប្រជាជននៅគ្រប់ទីកន្លែងផងដែរ (ខ្ញុំសូម)អំពាវនាវឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជំនះនូវឧបសគ្គទាំងឡាយ ដែលនៅពីមុខយើង ដែលយើងប៉ាន់ស្មានថា លទ្ធភាពនៃការលំបាក ដែលនៅចំពោះមុខយើងនេះនៅមានច្រើន រាប់ទាំងបញ្ហាអន្តរជាតិដែលបង្កការស្មុគស្មាញមកដល់យើង កូវីដ-១៩ ម្យ៉ាង(ហើយ) សង្គ្រាម (រវាង)រុស្ស៊ី-អ៊ុយក្រែន (ដែលវាធ្វើឱ្យមាន)ផលប៉ះពាល់ទៅលើតម្លៃប្រេង និងអាចធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ។ (ដូច្នេះ) បានជាខ្ញុំឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើផលិតកម្មកសិកម្ម។ រុស្ស៊ី-អ៊ុយក្រែន គឺជាប្រទេស ផលិតស្រូវសាលីច្រើន។ ឥឡូវ គេមិនអាចផលិតបានតទៅទៀតទេ។ អញ្ចឹង ឆ្នាំក្រោយអាចមានបញ្ហាស្បៀង។ យើងនៅទីនេះមិនមានបញ្ហាទេ ក៏ប៉ុន្តែឥទ្ធិពលរបស់វានឹងធ្លាក់មកដល់យើងដែរ។
រាជរដ្ឋាភិបាលចង់បានសុវត្ថិភាពនិងបរិយាកាសនយោបាយដ៏ល្អ សំរាប់ដំណើរការបោះឆ្នោត
ខ្ញុំពិតជាមានមោទនភាព និងអរគុណ ចំពោះប្រជាជនរបស់យើង។ សង្ឃឹមថា នៅពេលខាងមុខនេះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ដោយភាពស្ងប់ស្ងាត់ និងមានសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើស។ សុំឱ្យការបោះឆ្នោតនៅក្នុងប្រទេសរបស់យើង ដែលនឹងប្រព្រឹត្តនៅពេលខាងមុខនេះ កុំឱ្យមានអំពើហិង្សាណាមួយកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ។ សូមគិតគូរឱ្យបានច្បាស់។ ការប្រកួតប្រជែងនៅទីនេះ ក្នុងដំណើរការប្រជាធិបតេយ្យធម្មតា មិនមែនការកាប់សម្លាប់គ្នាយកឈ្នះ/ចាញ់នោះទេ។ ១៧ គណបក្សនឹងធ្វើការចូលរួមប្រកួតប្រជែង ដើម្បីរកសម្លេងឆ្នោត។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺសុវត្ថិភាព និងបរិយាកាសនយោបាយដ៏ល្អប្រសើរ សម្រាប់ដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតមួយ។
ចុងបញ្ចប់ (ខ្ញុំសូម)ជូនពរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស ចៅៗទាំងឡាយ រួមទាំងមាតាបិតា អាណាព្យាបាល ដែលមកកាន់ទីនេះ សូមទទួលបានសេចក្តីសុខ/ចម្រើន ហើយចៅៗទាំងឡាយប្រឹងប្រែងឡើង ដើម្បីឈានឆ្ពោះទៅអនាគត (ដោយ)បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ដើម្បីក្លាយទៅជាធនធានដ៏ល្អ សម្រាប់ប្រទេសជាតិរបស់យើង។ សូមឱ្យអ្នកទាំងអស់គ្នាជួបប្រទះនូវពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕