សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ចាក់អង្រែលើ
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានធ្វើពិធីជួបជុំសាជាថ្មីម្ដងទៀត ជាមួយកម្មករ/ការិនីរបស់យើង នៅតំបន់ចាក់អង្រែ ប៉ុន្តែដោយសារនៅទីនោះ មិនមានទីធ្លាទូលាយសម្រាប់ជួបជុំ យើងក៏ប្រើប្រាស់ នូវ មហាវិថីលេខ ៦០ ម៉ែត្រនេះ ដើម្បីធ្វើពិធីជួបជុំជាមួយនឹងកម្មករចំនួនជាង ១៣.០០០ នាក់។ ភ្ជុំបិណ្ឌប្រព្រឹត្តដោយសន្តិភាព សុវត្ថិភាព ថ្ងៃនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាពិតជាទទួលបាននូវការរីករាយបន្ទាប់ពីភ្ជុំបិណ្ឌ។ ហើយភ្ជុំបិណ្ឌឆ្នាំនេះ ក៏បានប្រព្រឹត្តទៅក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្ដិភាព សុវត្ថិភាពទាំងស្រុង។ អ្វីដែលជន បរ ទេសមួយរូបបានប្រកាសប្រាប់ទៅជនជាតិរបស់ខ្លួនថា អោយមានការប្រុងប្រយ័ត្នអំពីសន្ដិសុខរបស់កម្ពុជា មិនត្រូវបានកើតទេ។ ផ្ទុយទៅវិញ សង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក វាស្ទើរតែជិតដល់ទីកន្លែងរបស់វាទៅហើយ បើយោងទៅលើ អ្វីដែលជាភាពតានតឹង(រវាងប្រទេសទាំងពីរ) ប៉ុន្តែសម្រាប់កម្ពុជា មិនដូច្នេះទេ ប្រជាជនកម្ពុជាមិន ចាញ់ បោកជនណាទាំងអស់ ក្រៅតែពីការជឿជាក់លើខ្លួនឯង។ សមត្ថភាពផ្ទាល់របស់ប្រជាជនកម្ពុជា ទៅលើ ការការពារសន្ដិសុខជាតិ ទៅលើការការពារនូវសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ពិតជា មានពិតប្រាកដ។…