សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
-ឯកឧត្តម យូសុស កាឡា (Jusuf Kalla) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
-ឯកឧត្តម ហូហ្សេ ដឺ វេណេស៉្យា (Jose de venecia) ប្រធានស្ថាបនិកនៃសន្និសីទអន្តរជាតិនៃគណបក្ស នយោបាយឤស៊ី ( ឤយខាប់) និង គណៈប្រតិភូ ឤយខាប់
–ឯកឧត្តម អង់ដ្រេ ប៉ាស្ត្រាណា (Andres pastrana) ប្រធានស្ថាបនិកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CDI)
– ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានគណៈប្រតិភូនៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក (APPF)
– ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ !
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានមោទនភាព និងសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌ឤស៊ី ដែលជាស្ថាប័នមួយបង្កើតឡើងក្នុងក្របខណ្ឌអង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅឤស៊ីតំណាងឱ្យ ៥២ ប្រទេស ដើម្បីលើកកម្ពស់វិស័យវប្បធម៌ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ។
ខ្ញុំសូមស្វាគមន៍គណៈប្រតិភូ នៃក្រុមប្រឹក្សាវប្បធម៌ឤស៊ី គណៈប្រតិភូនៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងមានវត្តមាននៅឧទ្យានអង្គរ ព្រះលានជល់ដំរី ដែលជាទឹកដីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ និងជាបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ។
ការរៀបចំឱ្យមានការជួបជុំគ្នារវាងអ្នកនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗនៅទ្វីបឤស៊ី និងភ្ញៀវកិត្តិយសមកពីឤមេរិកឡាទីន ឤហ្វ្រិក និងតំបន់ឤស៊ីប៉ាស៊ីហ្វិកក្នុងពិធីប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌ឤស៊ី នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ស្របជាមួយនឹងទីតាំងភូមិសាស្ត្រកម្ពុជា ដែលស្ថិតនៅចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅឤស៊ី ដែលជាទ្វីបសម្បូរដោយប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ចម្រុះ ដែលប្រជាជនឤចរស់នៅជាមួយគ្នាដោយសុខសន្តិភាព ដើម្បីលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល រួមមាន៖ ឤស៊ីខាងកើត និងឤស៊ីខាងត្បូង ក៏ដូចជាតំបន់ឤស៊ីខាងជើង ឤស៊ីកណ្តាល និងឤស៊ីបូព៌ា រួមទាំងមជ្ឈឹមបូព៌ាដែលតភ្ជាប់គ្នា ដោយផ្លូវសូត្រតាំងពីបុរាណកាលមក។ ដូច្នេះ ការតភ្ជាប់រវាង វប្បធម៌ និងវប្បធម៌ មនុស្ស និងមនុស្ស នឹងបង្កើតអ្វីដែលយើង ឤចហៅថា ម៉ារ៉ាតុងវប្បធម៌មួយ ដែលឤចតភ្ជាប់គ្នាពីតំបន់មួយ ទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយទៀត ដើម្បីបង្កើតបានអូឡាំពិកវប្បធម៌មួយក្នុងគោលដៅលើកស្ទួយវប្បធម៌ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
– សម្តេច ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី !
កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលកំពុងដើរតួនាទីដឹកនាំស្ថាប័ន ក្រុមប្រឹក្សាវប្បធម៌ឤស៊ី ហើយក៏ជាប្រទេសទី ១ នៅឤស៊ី ដែលបានសហការល្អបំផុតជាមួយអង្គការយូណេស្កូ ក្នុងការកសាងសមត្ថភាពខ្លួន ដើម្បីធ្វើជាគំរូក្នុងការគ្រប់គ្រង និងអភិរក្សបេតិកភ័ណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់មានអស់រយៈពេលជាង ៥០០ ឆ្នាំ កន្លងទៅនេះ។
ដូច្នេះ ដើម្បីលើកស្ទួយវប្បធម៌នៅក្នុងតំបន់ឱ្យមានប្រសិទ្ធភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ខ្ញុំសូមស្នើឱ្យក្រុមប្រឹក្សាវប្បធម៌ឤស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗរបស់ខ្លួន ដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ៣ យ៉ាង គឺ ការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាក៏ដូចជាសមាជិកទាំងអស់នៃក្រុមប្រឹក្សាវប្បធម៌ឤស៊ី មានមោទនភាព និងសូមអបអរសាទរចំពោះការចូលរួមនៅក្នុងក្រុមប្រឹក្សាវប្បធម៌ឤស៊ីពីថ្នាក់ដឹកនាំកំពូលៗមកពីទ្វីបឤស៊ី រួមមាន ឯកឧត្តម យូសុស កាឡា (Jusuf Kalla) អនុប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម ម៉ូហាធៀរ ម៉ូហាម៉េធ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ម៉ាន់ម៉ូហាន ស៊ីញ (Monmohan Singh) អតីតនាយករដ្ឋមន្ត្រីឥណ្ឌា ឯកឧតម្ត ហូហ្សេ ដឺ វេណេស៉្យា (Jose de Venecia) អតីតប្រធានសភាហ្វីលីពីន លោកជំទាវ មេរីបាន ឤលីយ៉េវ៉ា (Mehriban Aliyeva) អនុប្រធានាធិបតីឤហ្សែបៃហ្សង់ និង ឯកឧត្តម ជុង អ៊ីយ៉ុង (Chung Eui-young) ប្រធានការិយាល័យសន្តិសុខជាតិនៃសាធារណរដ្ឋកូរ៉េនិងជាសហប្រធានឤយខាប់ ។
នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើកក្រុមប្រឹក្សាវប្បធម៌ឤស៊ីជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាន ជោគជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងសូមសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បី ល្បាញ នៃព្រះរាជណាចក្រកម្ពុជា។
សូមអរគុណ !