សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២ (សម្រាប់ឆ្នាំ ២០១៨-២០២១)

[ចាប់ផ្តើមសេចក្តីអធិប្បាយ] សង្ឃឹមថានឹងកែលំអសម្រាប់អ្នកធ្លាក់ពិន្ទុ … ប្រហែលជាតាមបណ្តាខេត្ត ទីក្រុងនានាបានស្តាប់ហើយ ចំណាត់ថ្នាក់មិនថយទេ ប៉ុន្តែ វាបាត់ពិន្ទុ។ នោះជាចំណុច បើនិយាយឲ្យពិតទៅវាគួរតែធ្លាក់ ព្រោះចំណាត់ថ្នាក់ដដែល។ ប៉ុន្តែបាត់ពិន្ទុ មានអ្នកចំណាត់ថ្នាក់ដដែល​ឡើងពិន្ទុ និងធ្លាក់ពិន្ទុ ប៉ុន្តែ សង្ឃឹមថា ឃើញស្ថានភាពហ្នឹង នឹងយកទៅធ្វើការកែលំអ។ [បញ្ចប់សេចក្តីអធិប្បាយ] – សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ – អង្គសន្និបាតទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦» ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និង «ពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២» នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន រហូតសម្រេចបានស្នាដៃជាច្រើន និងទទួលបានជោគជ័យគួរជាទីមោទនៈ ពិសេសបង្កើតបានអច្ឆរិយកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» ហើយបានធ្វើឱ្យកម្ពុជាយើងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍។ ស្នាដៃ និងលទ្ធផលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងតួនាទីដ៏មានតម្លៃក្នុងវិស័យសាធារណៈ និងការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន និងបងប្អូនប្រជាជន ក្នុងចលនារួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព និងការទទួលខុសត្រូវ ដូចជាការរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អនេះ ជាដើម។ ខ្ញុំក៏សូមកោតសរសើរចំពោះក្រសួង ស្ថាប័ននានា, វិស័យឯកជន, បងប្អូនប្រជាជន និងដៃគូអភិវឌ្ឍ ដែលតែងផ្តល់កិច្ចសហការ និងចូលរួមគាំទ្រយ៉ាងសកម្មចំពោះការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ជាការពិត វិស័យទេសចរណ៍នេះ កំពុងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជន។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ។ ខ្ញុំឃើញថា ថ្ងៃនេះ បរិយាកាសថ្មីមួយបានចាប់ផ្ដើមជាមួយនឹងវត្តមាននៅក្រៅរាជធានីភ្នំពេញ​ ដែលកាលមុននោះ ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តកណ្ដាល រួចទៅហើយ ស្រុកខ្សាច់កណ្ដាល។ តែថ្ងៃនេះ យើងបានធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ អាទិត្យនេះ កម្មវិធីគ្រោងទុក គឺបន្ទាប់ពីខេត្តកំពង់ស្ពឺ ថ្ងៃស្អែកត្រូវចេញទៅខេត្តកំពង់ចាម ហើយថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ត្រូវជួបកម្មករ/ការិនីរបស់យើងនៅឯខេត្តព្រះសីហនុ។ នេះគឺជាចំនុចដែលជាការគ្រោងទុកជាយូរមកហើយ។ ថ្ងៃនេះ ក៏បានឃើញថាមានរោងចក្រមួយចំនួន ជាពិសេសមានរោងចក្រមួយ ដែលបានកាត់សំលៀកបំពាក់សម្រាប់កម្មការិនីចំនួន ៥ ពាន់នាក់ ចូលរួមថ្ងៃនេះតែម្ដង។ អបអរសាទរជាមួយថៅកែរោងចក្រ ដែលលើកទឹកចិត្តចំពោះកម្មករនេះ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងអាជ្ញាធរខេត្ត​ ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងរៀបចំកម្មវិធីនេះឡើង។ សូមអរគុណចំពោះថៅកែរោងចក្រដែលផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលនេះ និងផ្ដល់ឱកាសសម្រាប់ការឈប់សម្រាកនៅពេលរសៀលថ្ងៃនេះជាបន្តទៀត និងមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ ខ្ញុំបានដឹងថា ក្មួយៗបានធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីយើងបានជួបគ្នានៅទីនេះ។ ខ្ញុំក៏គួរតែនិយាយបន្តិចថា នេះហើយជាចក្ខុវិស័យវែងឆ្ងាយ ដែលយើងត្រូវបានដោះស្រាយ ហើយរឿងនេះបានត្រូវក្លាយទៅជាការពិតនៅពេលនេះ ដែលគ្មានអ្នកណាអាចប្រកែកបាននោះទេ។ ១៩៩៥/៩៦ ដីមួយហិចតាចិញ្ចឹមមនុស្ស ៤-៥ នាក់…

សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា

ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា…