សេចក្តីថ្លែងសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ នៃព្រឹទ្ធសភា នីតិកាលទី៥ ស្តីពី “វិធានការទាក់ទងនឹងច្រកព្រំដែន ការស្វាគមន៍កម្មករ/និស្សិត និងការនាំយកចំណុចមិនអាចចុះសំរុងបាន ៤ចំនុច ទៅតុលាការយុត្តិធម៌អន្តរជាតិ”

ឯកឧត្តមអនុប្រធានទាំងពីរ សម្ដេច រាជបុត្រី ព្រះអនុជ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាឯកឧត្តមតំណាងរាជរដ្ឋាភិបាល និងសហការីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមានវត្តមាននៅទីនេះសូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិក្នុងថ្ងៃចម្រើនព្រះជន្មាយុ ថ្ងៃនេះ ទូលបង្គំខ្ញុំសូមអនុវត្ត “ប្រការទី៤៤” ម្ដងទៀត ហើយក៏មានការផ្សព្វផ្សាយបន្តផ្ទាល់ចេញពីទីនេះ ត្បិតជា​ការចាំបាច់ ដើម្បីទូលថ្វាយ ជម្រាបជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ ជាដំបូងនេះ ក្នុងនាមសមាជិកសមាជិកាព្រឹទ្ធសភានៅទីនេះ ទូលព្រះបង្គំខ្ញុំសូមលើកដៃប្រណម បួងសួង ថ្វាយព្រះពរចំពោះព្រះមាតាជាតិ ដែលនៅសល់តែពីរថ្ងៃទៀតទេ គឺនឹងដល់ពេលចម្រើនព្រះជន្មរបស់ព្រះអង្គ។ កូនចៅ ចៅទួតរបស់ព្រះអង្គមានការសប្បាយរីករាយនៅក្នុងពេលចម្រើនព្រះជន្មាយុ ក្នុងពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គមានស្មានភាពល្អប្រសើរ។ ថ្ងៃនេះ ភរិយារបស់ទូលបង្គំខ្ញុំ ដែលខកខានជិត ៣ខែហើយនោះ ក៏បានចេញធ្វើពិធីរាប់បាត្រដើម្បីចម្រើនព្រះជន្មចំពោះព្រះមាតាជាតិផងដែរ។ ជាបន្តទៅទៀត អនុញ្ញាតឱ្យទូលព្រះបង្គំខ្ញុំ ថ្លែងពីប្រធានបទ៣ ដែលទូលបង្គំខ្ញុំយល់ថា មិនមែនជាការបំពានលើកិច្ចការរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ ជាប្រធានគណបក្សកាន់អំណាចផង និងប្រធានព្រឹទ្ធសភាផង ហើយក៏ជាស្ថាប័នដែលបានគាំទ្រចំពោះរាជរដ្ឋាភិបាល (១) ខ្ញុំសូមលើកយកបញ្ហាទី១ ទាក់​ទងនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ(មកអធិប្បាយ)។ ប៉ុន្មានថ្ងៃមុននេះ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន…

កម្ពុជាស្នើសុំឲ្យបណ្តារដ្ឋដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន! មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។ ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃ ផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖ ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ទី២ ប្រាសាទតាមាន់ធំ ទី៣ ប្រាសាទតាមាន់តូច និង ទី៤ ប្រាសាទតាក្របី។ កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ…

ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែន​ដែល​ខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវអនុវត្តវិធានការ ៦ចំណុច

យប់ម៉ិញ ខ្ញុំបានចេញសារមួយហើយ។ ព្រឹកនេះ ខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ ប្រកាសបិទច្រក និងឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ មានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុក។ បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករ ដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន អាចចាកចេញមកកម្ពុជាមុនថៃបណ្តេញ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន។ បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕