សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩

[ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ] ការយឺតយ៉ាវដោយជាប់ដោះស្រាយបញ្ហាអគ្គិសនី ខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាត ដែលខ្ញុំមកយឺតប្រហែលជា ៧ នាទី។ ការយឺតយ៉ាវបញ្ហាធំជាងគេ គឺរឿងការដោះស្រាយអគ្គិសនី។ យប់មិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិត ១ យប់ ដើម្បីឆ្លើយឆ្លងជាមួយប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា។ ពេលដែលចុះមកអម្បាញ់មិញនេះ ការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឱ្យមានការយឺតយ៉ាវនៅទីនេះ។ ក្នុងនោះ ប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយ​។ ការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែម ក៏សុំមេត្តាថាធ្វើម៉េចជួយជម្រុញមកឱ្យកម្ពុជា បើបានមុនកាលកំណត់ក៏ជាការល្អ។ ខាងឡាវក៏បានចុះហត្ថលេខាហើយ បើសិនជាបានបញ្ជូនកាន់តែលឿនកាន់តែល្អ។ អម្បាញ់មិញខ្ញុំចុះហត្ថលេ​ខា​ជូនទៅនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឱ្យមានការផ្គត់ផ្គង់បន្ថែម ក្នុងចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ បន្ថែមទៀត។ គ្រោះរាំងស្ងួត និងកំណើននៃសំណង់ ធ្វើឱ្យជួបបញ្ហាកង្វះអគ្គិសនីមិនធ្លាប់ជួប យើងកំពុងតែធ្វើការជាមួយទួគី ហើយថ្ងៃស្អែកនេះ គណៈប្រតិភូទួគីនឹងមកចរចានៅទីក្រុងភ្នំពេញនេះ។ ប្រ​ហែលជាយើងចៀសមិនផុតពីការត្រូវអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើងដើរដោយប្រេងខ្មៅ ចូលមកកាន់រាជធា​នីភ្នំពេញតែម្តង ប្រមាណជា ២០០ មេហ្គាវ៉ាត់បន្ថែម។ រឿងនេះ វាជាអកុសលសម្រាប់យើង។ ឆ្នាំនេះ គឺ​​ជាឆ្នាំដែលមានការហួតហែង ធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះ(អគ្គិសនី)ប្រមាណ ៤០០ មេហ្គាវ៉ាត់។ នេះជារឿងយើងមិនធ្លាប់(ជួបប្រទះ)។ ឯរឿងមួយទៀត សំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឱ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ។ យើងត្រូវការអគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺមានតម្រូវការយកនាវារបស់ទួគីយកមកដាក់ប្រមាណជា ៣​ ឆ្នាំសិន។…

សេចក្ដីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ក្រុងភ្នំពេញ-ខេត្តព្រះសីហនុ

ឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជា ទីគោរព នឹករលឹក។ ថ្ងៃនេះ ជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រមួយដែលកម្ពុជាបានចាប់ផ្ដើមនូវដំណើរការទាក់ទងជាមួយនឹងការកសាងផ្លូវល្បឿនលឿន ដែលចាត់ទុកថា ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួន។ ចំណុចនេះ បង្ហាញឲ្យឃើញពីវឌ្ឍនភាព ដែលកម្ពុជាទទួលបានបន្ទាប់ពីមានសុខសន្ដិភាព។ ក្រោមដំបូលសន្ដិភាព ការប្រឈមពីតម្រូវការការតភ្ជាប់ និងការវិនិយោគពីក្រុមហ៊ុនចិន ខ្ញុំសូមយកឱកាសនេះ បញ្ជាក់ជូនបន្ដិច បន្ថែមទៅលើរបាយការណ៍ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏ដូចជារបាយការណ៍របស់លោកប្រធានសាជីវកម្មស្ពានថ្នល់របស់ចិន និងឯកឧត្តម ខុង សៀនយ៉ូវ អនុរដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ យើងគួរតែនិយាយថា តើនៅទីនេះ បានចាប់ផ្ដើមពីអ្វីទៅ បានយើងមានលទ្ធភាពបើកការដ្ឋានសាងសង់? អត្ថន័យនៅទីនេះ ដំបូងបង្ហាញថា កម្ពុជាបានស្ថិតនៅក្រោមដំបូលសន្ដិភាព ដែលដំបូលសន្ដិភាពនោះហើយ បានផ្ដល់ឱកាសឲ្យកម្ពុជាអភិវឌ្ឍខ្លួន។ តាមរយៈនៃសន្ដិភាពនោះហើយ ដែលការអនុវត្ដជាបណ្ដើរៗ បានជួបនឹងបញ្ហាប្រឈម យើងត្រូវដោះស្រាយ គឺបញ្ហានៃការតភ្ជាប់ និងគមនាគមន៍ដឹកជញ្ជូន នេះជាបញ្ហាទី ១។ បញ្ហាទី…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកក្រគរ ខេត្តពោធិសាត់

ទំនាក់ទំនងលើសពីរវាងមេដឹកនាំ និងប្រជាពលរដ្ឋ … ថ្ងៃនេះ បានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅខេត្តពោធិសាត់ ជាពិសេស នៅក្នុងស្រុកក្រគរ … ខ្ញុំពិតជាមានការរីករាយ ហើយសូមអរគុណចំពោះក្មួយៗទាំងអស់ ដែលបានទទួលបដិសណ្ឋារកិច្ចពូ នៅក្នុងឱកាសពូមកកាន់ទីនេះ។ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលទន្ទឹងរង់ចាំពូអស់រយៈពេលយូរមកហើយ ប៉ុន្តែដូចពូធ្លាប់បាននិយាយហើយថា មកយឺត ប្រសើរជាងមិនបានមក​។ បើទោះ​បីជាមកយឺតបន្ដិច តែថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ក្នុងបរិយាកាសសប្បាយរីករាយក្នុងក្របខណ្ឌជាក្រុមគ្រួសារ។ ទំនាក់ទំនងដែលក្មួយៗបានធ្វើចំពោះពូ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្ហាញឲ្យឃើញអំពីភាពជិតស្និទ្ធជាក្រុមគ្រួសារ ចាត់ទុកពូដូចជាជីតា ដូចជាឪពុកធំ ដូចជាឪពុកមា ឬឪពុកបង្កើត។ នេះគឺជាប្រភពនៃការលើកទឹកចិត្ត ហើយពូក៏អាចយល់បាន ពីទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋ ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ ដែលយើងបានរស់នៅជាមួយគ្នា។ អ្នកខេត្តពោធិ៍សាត់ ជាពិសេសអ្នកស្រុកក្រគរ គាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក នៅក្នុងពេលដែលពូមកដល់ស្រុកក្រគរ នៃខេត្តពោធិសាត់ ពូមិនភ្លេចជាមួយនឹងការថ្លែងអំណរគុណចំពោះប្រជាជននៅស្រុកក្រគរ​ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូលនិយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ /ការិនីទាំងអស់នៅក្នុងស្រុកក្រគររបស់យើងនេះ ដែលបានបោះឆ្នោតនៅក្នុងស្រុកក្រគរ គឺស្រុកក្រគរអាចចាត់ទុកថា ជាស្រុកមួយក្នុងចំណោមស្រុក ដែលបោះឆ្នោតច្រើនជាងគេឲ្យគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈលើ…