សុន្ទរកថាគន្លឹះ និងមតិបូកសរុប ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] អរគុណលោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលបានធ្វើបទអន្តរាគមន៍ និងលើកជាសំណើ។ មុនចូលដល់ការបូកសរុបរបស់ខ្ញុំ ខ្ញុំចាប់អារម្មណ៍បន្តិច។ វាគ្មិនទាំង ៣ ឧកញ៉ា គិត ម៉េង ទាំងលោក ប្រ៊េដតុន ស្ការ៉ូនី និង លោក វ៉ាន់ ស៊ូអៀង សុទ្ធតែបានចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងដំណើរការឡើងវិញ ឲ្យទៀងទាត់ប្រចាំឆ្នាំ នូវ(វេទិកា)រាជរដ្ឋាភិបាល និងវិស័យឯកជន។ ខ្ញុំសុំទទួលយកនូវការពេញចិត្ត ជាមួយនឹងការរៀបចំបែបនេះ បើទោះបីជាក្រុមការងារ បានដោះស្រាយជា​មួយគ្នាហើយក៏ដោយ។ ក៏ប៉ុន្តែ ការជួបជុំប្រចាំឆ្នាំនៅតែមានការចាំបាច់ ដូច្នេះ សុំឲ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម សុខ ចិន្តា ត្រូវធ្វើពិធីនេះ តាមទម្លាប់ធម្មតា។ យើងគួរត្រូវនៅខែ កុម្ភៈ ឬខែ មីនា ប៉ុន្តែ ខែ កុម្ភៈ គឺល្អ​ជាង។ យើងត្រូវគិតថា ខែ កុម្ភៈ ក៏ត្រូវមានបុណ្យទានមួយចំនួន សម្រាប់អ្នកវិនិយោគិនរបស់យើង។ ខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងសំណូមពរនេះ។…