ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះបាឡាត់គុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
ឯកឧត្តម Hidehisa HORINOUCHI អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងឱកាសនេះ!
សូមគោរព ចំពោះលោកយាយ/តា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរូម ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននាពេលនេះ!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្តងទៀត ដែលក្នុងឆ្នាំនេះ កាលពីលើកមុននោះ គឺមកជួបសំណេះសំណាលជាមួយកម្មករ/ការិនីរបស់យើង។ ឯលើកនេះ យើងមកសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលសំខាន់មួយ ដែលទាក់ទងជាមួយនឹងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាជននៅក្នុងខេត្តកំពតរបស់យើងនៅទីនេះ។
ប្រព័ន្ធទឹកស្អាតនៅកំពត ជាគម្រោងមួយ ក្នុងចំណោម ៦ ដែលជប៉ុនបានជួយ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលបានផ្តល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍកម្ពុជា។ អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ បានលើកឡើងអំពីគម្រោង ៦ ដែលគម្រោងនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ៦។ នេះគ្រាន់តែបញ្ជាក់អំពីគម្រោងថ្មីតែប៉ុណ្ណោះ។ អ្វីដែលរដ្ឋាភិបាលជប៉ុនបានធ្វើរួចមកហើយនោះ គឺមានចំនួនច្រើនជាងនេះ រាប់ទាំងការផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ ដែលនៅទីក្រុងភ្នំពេញបច្ចុប្បន្ន ទឹកប្រហែលជា ២/៣ ដែលប្រើប្រាស់ គឺជាទឹកដែលបានផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុនតាំងពីពេលមុន។ នៅខេត្តសៀមរាប ក៏ដូចគ្នា ដែលខ្ញុំព្រះករុណាខ្ញុំក៏បានធ្លាប់រួមដំណើរជាមួយអគ្គរដ្ឋទូតជប៉ុនមុនៗ ដើម្បីធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នូវតំបន់ដែលកសាងទឹកស្អាត។ ថ្ងៃនេះ ក្នុងចំណោមគម្រោង ៦ ដែលឯកឧត្តម ចម ប្រសិទ្ធិ បានលើកឡើងនោះ គម្រោងនៅខេត្តកំពតបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីដោះស្រាយការលំបាករបស់ប្រជាជននៅក្នុងខេត្តកំពត ដែលមុននេះ យើងមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែឥឡូវយើងអាចមានចំនួនច្រើនជាង។ តែវាមិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការទេ ខ្ញុំព្រះករុណាខ្ញុំ នឹងនិយាយនៅភាគខាងក្រោយ។
ផ្គត់ផ្គង់បានទឹក ៧ ៥០០ ម៉ែត្រគូប/ថ្ងៃ ប្រើបច្ចេកវិទ្យាបង្កប់ទុយោក្រោមទន្លេ/ព្រែក
អ្វីដែលយើងត្រូវឃើញនៅទីនេះ ជាមួយនឹងជំនួយប្រមាណជិត ២៧ លានដុល្លារសហរដ្ឋអាមេរិក ទឹកស្អាតដែលនឹងត្រូវបានផ្គត់ផ្គង់ គឺមានចំនួនដល់ទៅ ៧ ៥០០ ម៉ែត្រគូប/ថ្ងៃ ហើយដែលមានបំពង់ចែកចាយរហូតទៅដល់ ៨៨,៩ គីឡូម៉ែត្រ ដែលអាចចាត់ទុកថា ជាចំនួនច្រើនជាងពេលមុន។ អ្វីដែលជាការយកចិត្តទុកដាក់ មានបច្ចេកទេសថ្មីមួយ ដែលបានប្រើប្រាស់នៅកម្ពុជាដំបូង គឺការកប់ទុយោក្រោមបាតទន្លេ ដែលមុននេះ ដើម្បីចម្លងទុយោទឹកពីម្ខាងទៅកាន់ម្ខាងទៀត យើងត្រូវធ្វើស្ពាន។ ដូចជានៅទីក្រុងភ្នំពេញ យើងត្រូវធ្វើស្ពានតាមស្ពានជ្រោយចង្វារផង អាហ្នឹងម្ខាង។ ឯម្ខាងទៀត គឺស្ពានព្រះមុនីវង្ស។ ក៏ប៉ុន្តែឥឡូវបច្ចេកវិទ្យាថ្មីនេះ អាចអនុញ្ញាតឱ្យកម្ពុជាមានបទពិសោធន៍ ដោយយកបច្ចេកទេសជប៉ុនសម្រាប់ការបង្កប់ទុយោឆ្លងព្រែកពីម្ខាងទៅម្ខាង នៅខាងក្រោមបាតព្រែករហូតទៅដល់ ១៥ ម៉ែត្រ។ ដូច្នេះ វាមិនមានការចាំបាច់ ដើម្បីនឹងថា ទាល់តែមានស្ពានទើបយើងអាចនឹងបញ្ជូនទុយោទឹកឆ្លងកាត់ទៅបានទេ។ នេះគឺជាបច្ចេកវិទ្យាថ្មីរបស់ជប៉ុន ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដ៏សប្បុរស សម្រាប់កម្ពុជាក្នុងរយៈពេលកន្លងទៅ។
ជប៉ុន ឈរជើងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
ជាសក្ខីភាព ជំនួយនៅថ្ងៃនេះ គឺបានសម្រួលយ៉ាងច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពត ហើយតាមរយៈនេះ យើងក៏អាចសម្លឹងឃើញទៅការដោះស្រាយនៅពេលខាងមុខបន្តទៅទៀត ដែលខ្ញុំព្រះករុណាខ្ញុំ នឹងលើកមកនិយាយនៅខាងក្រោម។ ប៉ុន្តែ មកដល់កន្លែងនេះហើយ យើងនៅមិនឆ្ងាយពីទីតាំងនៃអតីតព្រលានយន្តហោះ ដែលប្រើប្រាស់ដោយជប៉ុនកាលពីសម័យមុន ឥឡូវនេះ ទីតាំងនោះនៅមិនឆ្ងាយពីទីតាំងនេះទេ។ យើងដោះស្រាយទីតាំងអតីតនៃព្រលានយន្តហោះមុននោះ ជូនទៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែ នៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីកន្លែងនោះ ធ្វើជាតំបន់នៃការអភិវឌ្ឍផ្នែកទឹក និងផ្នែកដទៃទៀតបន្តទៀត។ ដូច្នេះ អ្វីដែលកើតមាននៅទីនេះថ្ងៃនេះ គាប់ជួននឹងអតីតកាលដែលជប៉ុនបានឈរជើងនៅទីនេះ ប៉ុន្តែ កាលពីពេលនោះ ជប៉ុនឈរជើងនៅទីនេះ គឺរឿងផ្សេង តែឥឡូវនេះ ជប៉ុនបានមកឈរជើងនៅទីនេះ ដើម្បីការអភិវឌ្ឍជម្រុញសេដ្ឋកិច្ចរបស់កម្ពុជា។
កំពតទើបនឹងបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៦
យើងត្រូវពិនិត្យថា ការកើតនូវសមិទ្ធផលដែលដាក់ឱ្យសម្ពោធនៅថ្ងៃនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្តកំពត។ ចំណុចនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនូវជោគជ័យនៃយុទ្ធសាស្រ្តពីរយ៉ាង ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ ១៩៩៨។ យើងដឹងហើយថា ខេត្តកំពតមិនមែនជាខេត្តងាយស្រួលនៅក្នុងការរំលត់សង្គ្រាមនោះទេ។ ខេត្តកំពតក៏ទើបនឹងបញ្ចប់សង្គ្រាមនៅចុងឆ្នាំ ១៩៩៦។ យើងទាំងអស់គ្នាបានដឹងហើយថា ខេត្តកំពតបើទោះបីជានៅដាច់ឆ្ងាយពីព្រំដែនកម្ពុជា-ថៃក៏មែនពិត ក៏ប៉ុន្តែ ខេត្តកំពតក៏ជាខេត្តមួយនៅក្នុងចំណោមខេត្ត ដែលរំលត់សង្គ្រាមស្ទើរតែក្រោយគេ សឹងតែស្មើនឹងតំបន់ប៉ៃលិន ម៉ាឡៃ ភ្នំព្រឹក្ស តាសាញ់ សំឡូត … តាមរយៈការធ្វើសមាហរណកម្មចុងក្រោយនៅតាកែនកោះស្លា បន្ទាប់ពីការដែលយើងធ្វើសមាហរណកម្មនៅតំបន់ភ្នំវល្លិ៍ និងភ្នំម្រោម។
ប៉ុន្តែ សង្គ្រាមវានៅបន្ត ខ្មែរក្រហមនៅលាក់ខ្លួននៅពេញព្រៃ ប៉ុន្តែ យើងបានទទួលជោគជ័យលាតសន្ធឹងចាប់តាំងពីតំបន់ឱរ៉ាល់។ កុំភ្លេចថា នៅពេលដែលតំបន់ឱរ៉ាល់ត្រូវបានផ្តាច់ខ្លួននៅក្នុងខែ កុម្ភៈ ឆ្នាំ ១៩៩៦ តែសម្រាប់តំបន់នៅខេត្តកំពតនេះ គឺរហូតមកដល់ ខែ កញ្ញា ខែ តុលា ហើយទើបយើងធ្វើសមាហរណកម្មនៅតាកែនកោះស្លា។ អញ្ចឹង បានសេចក្តីថា ខេត្តកំពតនេះ បញ្ចប់សង្គ្រាម ក្រោយខេត្តកំពង់ស្ពឺទៅទៀត។ ខ្មែរក្រហមនៅតែមានលទ្ធភាព ដើម្បីនឹងលួចឆ្លងកាត់ពីខេត្តកំពតទៅតាមផ្លូវជាតិលេខ ៤ ហើយឆ្លងកាត់ទំនាក់ទំនងទៅដល់ព្រំដែនកម្ពុជា-ថៃឯណោះ។ នេះគ្រាន់តែជាការរំលឹក ដើម្បីឱ្យឃើញអំពីប្រវត្តិជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា ក្នុងដំណាក់កាលនៃពេលដែលមានសង្គ្រាម។
យុទ្ធសាស្រ្តពីរកែប្រែតំបន់អតីតសមរភូមិ និងតំបន់ជាប់ព្រំដែន
បន្ទាប់ពីជោគជ័យ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលចាប់ផ្តើមពីឆ្នាំ ១៩៩៦ ហើយនិងបញ្ចប់នៅចុងឆ្នាំ ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំ។ នៅពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវយុទ្ធសាស្រ្តពីរយ៉ាង។ យុទ្ធសាស្រ្តទី (១). ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាទីផ្សារ។ នេះគឺជាយុទ្ធសាស្រ្តទី ១។ យុទ្ធសាស្រ្តទី (២). ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឥឡូវនេះ ពិនិត្យអំពីគោលដៅទាំងពីរនេះ ខ្ញុំព្រះករុណាខ្ញុំអាចនិយាយបានថា មិនតិចជាង ៩០% ទេ ដែលយើងបានប្រឹងប្រែក្លាយអតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍។ ប៉ុន្តែ តើ ១០% ទៀត វាយ៉ាងម៉េច? ១០% ទៀត គឺជាតំបន់ដែលយើងកំពុងដោះស្រាយបញ្ហា នៅត្រង់ថា គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះនៅមិនទាន់ដោះស្រាយរួចរាល់នៅឡើយ។ តំបន់ទាំងនោះ មិនទាន់បានផ្ដល់ការអនុញ្ញាតទៅផ្សងព្រេងជាមួយនឹងគ្រោះថ្នាក់ ជាមួយនឹងគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ដែលយើងត្រូវបន្តដោះស្រាយតទៅទៀត។
ក្រៅពីនោះ ប្រជាពលរដ្ឋរបស់យើងបានប្រើប្រាស់ដីធ្លីទាំងឡាយ ដើម្បីធ្វើការដាំដុះ ប្រើប្រាស់ដីធ្លីទាំងឡាយទៅជាទីផ្សារលក់ដូរ ប្រើប្រាស់ដីធ្លីទាំងឡាយ ដែលជាតំបន់អតីតសមរភូមិ ក្លាយទៅជាសណ្ឋាគារ ឬក្លាយទៅជារមណីយដ្ឋានទេសចររួចស្រេចទៅហើយ។ ចំណុចនេះ យើងគួរគប្បីគិតជាបន្តបន្ទាប់ថា ចាប់ផ្ដើមពីអ្វីបានជាយើងបានឈរនៅទីនេះ។ ក្នុងថ្ងៃនេះជាមួយគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់? តំបន់នេះក៏ជាផ្នែកមួយ នៃតំបន់ដែលមានការប្រយុទ្ធ ក្នុងគ្រាមុន។ ប៉ុន្តែឥឡូវនេះ តំបន់នេះ យើងកំពុងតែអង្គុយ មានទាំងព្រះសង្ឃ មានទាំងគ្រហស្ថ មានទាំងជនជាតិកម្ពុជារបស់យើង មានទាំងមិត្តភក្ដិជប៉ុន និងមិត្តភក្តិដទៃទៀត ដែលកំពុងធ្វើពិធីមួយអបអរសាទរជាមួយនឹងសមិទ្ធផល ដែលកសាងឡើងដោយជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។
ជម្រុញបន្តទៀតនូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង
ឯសម្រាប់តាមព្រំដែនជាមួយប្រទេសជិតខាងវិញ យើងបានប្រែក្លាយរួចមកហើយ នឹងកំពុងជម្រុញបន្តទៀតនូវការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ព្រោះព្រំដែនរបស់យើង បានក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួចទៅហើយ។ ឥឡូវនេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម យើងនិយាយថា ប្រហាក់ប្រហែល ៥ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ ប្រហាក់ប្រហែលជិត ៧ ពាន់លានដុល្លារឯណោះ។ ហ្នឹងក៏មានទំហំពាណិជ្ជកម្មកម្ពុជា-ឡាវផងដែរ។
ចរចាជាមួយឡាវ វៀតណាម និងថៃ ដើម្បីបើកច្រកថ្មីបន្ថែមទៀត
យើងកំពុងតែចរចាជាមួយទាំងឡាវ ទាំងជាមួយវៀតណាម និងជាមួយថៃ ដើម្បីបើកច្រកថ្មីៗបន្ថែមទៀត ជម្រុញឱ្យមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសជិតខាងរបស់យើង។ អញ្ចឹង ចំណុចនេះ អាចវិលត្រឡប់និយាយបាន អំពីចក្ខុវិស័យនៃការគ្រប់គ្រងប្រទេសជាតិមួយ ដែលដាក់ស្ថានភាពផ្ទៃក្នុងនៅក្នុងសុខសន្តិភាព និងទំនាក់ទំនងជិតខាងល្អ ជាមួយប្រទេសជិតខាងជាមួយយើង នៅក្នុងយុទ្ធសាស្ត្រពីរយ៉ាងដូចដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើង។ ផ្ទៃក្នុង, ប្រែក្លាយតំបន់អតីតសមរភូមិ ដែលមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា ប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម និងវិស័យសេវា។
កំពតមានរោងចក្រធុនធ្ងន់ ៤ និងវារីអគ្គិសនី ១
នៅកំពតរបស់យើងនេះ ក៏មានតំបន់រោងចក្រ ដែលគេហៅថា រោងចក្រធុនធ្ងន់។ នៅក្នុងរោងចក្រធុនធ្ងន់នោះ មានរោងចក្រស៊ីម៉ង់ត៍រហូតដល់ ៤ និងវារីអគ្គិសនី ១ ដែលជាប្រភេទ នៃឧស្សាហកម្មធុនធ្ងន់។ ក្រៅពីនោះនៅមានបណ្ដារោងចក្រមួយចំនួនទៀត ដែលមានលក្ខណៈជាឧស្សាហកម្មធុនស្រាល ដូចជាវិស័យកាត់ដេរ។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំមកជួប មានអំពីបញ្ហាចំការម្រេច ចំការចេក អីជាដើម បានមកជួបជុំគ្នានៅទីនេះ។ ដូច្នេះ តំបន់ទាំងឡាយ ដែលយើងធ្លាប់តែវាយគ្នាកាលពីពេលមុន ឥឡូវ វាទៅជាតំបន់ដាំដុះ ទៅជាតំបន់ដែលទាញផលប្រយោជន៍។
កំពតក្លាយទៅជាតារារះនាទិសនិរតីនឹងគេនឹងឯង
កំពត និងកែប ដែលមុននេះ វាជាខេត្តតែមួយទេ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ខ្លួនឯងដែលជាអ្នកបំបែកឱ្យទៅជាទីក្រុងកែបមួយផ្សេង ដែលឥឡូវហៅថា ខេត្តកែប ដែលមុននោះ គឺជាទីក្រុងកែប។ នៅឆ្នាំ ១៩៩២ ដែលខ្ញុំព្រះករុណាខ្ញុំបានមកផ្ទាល់ សម្រាប់ក្រុងកែបកាលពីពេលនោះ។ ប៉ុន្តែ យើងមិនត្រូវភ្លេចថា នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ មណ្ឌលកែប និងកំពតតែមួយទេ ដល់ទៅបោះឆ្នោតឆ្នាំ១៩៩៨ បានចែកមណ្ឌលកែប ទៅជាមណ្ឌលមួយដោយឡែក ដែលមានមួយអាសនៈ។ ឥឡូវ ខេត្តកំពត ក្លាយទៅជាតារារះនាទិសនិរតីនឹងគេនឹងឯង។
កំពត ដើរក្រោយគេបន្តិច អំពីការអភិវឌ្ឍ
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និទានហើយថា ខេត្តកំពត គឺជាខេត្តដែលអាចចាត់ទុកថា ដើរក្រោយគេបន្តិចអំពីការអភិវឌ្ឍ ហើយស៊ីចៅហ្វាយខេត្តច្រើនណាស់។ និយាយពីដូរចៅហ្វាយខេត្តដូរចង់ខ្ជិលរាប់។ លែងចង់ចាំឈ្មោះហើយ។ កន្លែងដែលខ្ញុំព្រះរុណាខ្ញុំធ្លាប់នោមដាក់កែវ និយាយអាក្រក់ស្ដាប់បន្តិចទៅចុះ មកកំពត អាផ្ទះកញ្ចាស់មួយតាំងពីជំនាន់បារាំង។ នៅតាំងពីជំនាន់បារាំងហ្នឹង។ អញ្ចឹង ឱ្យយើងទៅដេកនៅហ្នឹង រួចហើយបង្គន់នៅក្រោម ហើយផ្ទះ ២ ជាន់។ អញ្ចឹងទេ ឈឺបត់ជើងយប់មិនដឹងទៅណា? នោមដាក់កែវ។ នោមដាក់កែវមួយវាមិនអស់ នោមដាក់កែវមួយទៀត។ ព្រឹកឡើងប្រពន្ធខ្ញុំផឹកគ្រឹប។ អាហ្នឹងប្រហែលនៅក្នុងអំឡុងឆ្នាំ ១៩៨៨ ព្រោះពេលនោះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការកែទម្រង់សេដ្ឋកិច្ច ដែលខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរចេញពីកោះកុង មកកំពង់សោម ហើយចេញមកខេត្តកំពតរបស់យើងនេះ។
កាលហ្នឹងដូចមានអភិបាលរងខេត្ត ឬអភិបាលស្រុកក៏មិនដឹង ឈ្មោះ សុខ ហៃ មកពីកោះកុង។ ក្រោយមកទៅជុំគិរី។ កាលហ្នឹងជំនាន់ សោម ចិន នៅធ្វើអភិបាលខេត្ត។ ហើយវាយទៀងលេនឱ្យខ្ញុំឆេះផ្ទះ សុខ ហៃ នឹងអ្នកដែលដុតផ្ទះ ហ៊ុន សែន បាន កាលលេងទៀងលេនជំនាន់នោះ។ ចេះលេងទៀងលេន ជំនាន់នឹងចេះថ្មីៗ ប៉ុន្តែ កូនសិស្សពូកែជាងគ្រូ។ យើងចេះពីកោះកុង វាមកពីកោះកុងវាវាយឯងឆេះផ្ទះ។ កាលហ្នឹងដើរធ្វើការកែទម្រង់សេដ្ឋកិច្ច ក្រោយមកឆ្នាំ ២០០៧ យើងគិតមើលតាំងពីឆ្នាំ ១៩៨៨ មកដេកនៅផ្ទះនឹង ដល់ ២០០៧ មកដេកនៅផ្ទះហ្នឹងដដែល ដូចគ្នាបេះបិទអត់មានអីដោះដូរទេ។ ខ្ញុំព្រះករុណាខ្ញុំមកនៅកន្លែងហ្នឹង គឺកាលឆ្នាំ ២០០៧ មានធ្លាក់យន្តហោះមួយនៅបូកគោ។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ មកបញ្ជាដឹកនាំផ្ទាល់លើការសង្គ្រោះរុករក ហើយដែលមានទាំងជនជាតិខ្មែរយើង មានទាំងជនជាតិឆេក អ៊ុយក្រែន ច្រើនជាងគេ គឺកូរ៉េខាងត្បូង។ អញ្ចឹងទេ កន្លែងដដែលហ្នឹង អាបង្គន់យ៉ាងម៉េច គឺវានៅអញ្ចឹង គគ្រិចផុតលេខ គឺកំពត។ ឥឡូវហ្នឹងគ្រាន់បើហើយ។ ឆ្នាំ ២០១២ គ្រាន់បើហើយ។ មកដេកនៅកំពតឃើញគ្រាន់បើ ពេលហ្នឹងមកចែកកម្មសិទ្ធិឱ្យប្រជាពលរដ្ឋ។ ដល់ឆ្នាំ ២០១៥ មកបោះបង្គោលព្រំដែនចុងក្រោយមុនចូលទៅសមុទ្រ។ អញ្ចឹងទេ វាមានការប្រែប្រួលរបស់វា។
ផ្លូវជាតិលេខ ៣ ធនាគារពិភពលោកពាក់កណ្តាល កូរ៉េជួយបង្ហើយមកដល់កំពត
បើនិយាយពីផ្លូវជាតិលេខ ៣ យើងពង្រីក ២ ដងហើយ។ លើកទី ១ ត្រូវពង្រីក ដោយសុំកាលពីពេលនោះ អតីតប្រធានាធិបតី Roh Moo-hyun របស់កូរ៉េខាងត្បូង គឺស្នើសុំគាត់ធ្វើម៉េចឱ្យគាត់ជួយកសាងផ្លូវជាតិលេខ ៣ និងកសាងស្ពានឆ្លងកាត់ហ្នឹង ដើម្បីតភ្ជាប់ជាមួយធនាគារពិភពលោក ព្រោះផ្លូវជាតិលេខ ៣ របស់យើងនេះ គឺធនាគារពិភពលោកគេឱ្យតែពាក់កណ្ដាល។ គេឱ្យមួយកំណាត់។ អញ្ចឹង ផែនការផ្លូវរបស់យើង គឺបានតែពាក់កណ្ដាលប៉ុណ្ណឺង។ អញ្ចឹងទេ បានសុំឱ្យខាងកូរ៉េតភ្ជាប់ពីធនាគារពិភពលោកមកដល់កំពតនេះ។ ប៉ុន្តែ សុំប្រធានាធិបតី Roh Moo-hyun ធ្វើស្ពានថ្មី និងធ្វើតភ្ជាប់ទៅទីក្រុងភ្នំពេញ។ អាហ្នឹងមួយសា។
ផ្លូវជាតិលេខ ៣ ត្រូវពង្រីកបន្ថែមទៀត ២ គន្លងទៅ ២ គន្លងមក
ឥឡូវនេះ សមត្ថភាពទ្រទ្រង់ សម្រាប់ការដឹកជញ្ជូនលើបញ្ហាផ្លូវជាតិលេខ ៣ មិនអាចគ្រប់គ្រាន់ទេ។ យើងត្រូវពង្រីកបន្ថែមទៀតនូវផ្លូវជាតិលេខ ៣ ដោយ ២ គន្លងទៅ ២ គន្លងមក ពីភ្នំពេញ មកដល់បែកគូស ហើយពីបែកគូសមកដល់ទីរួមខេត្តកំពតនេះ យើងរក្សានៅក្នុងរង្វង់មួយ។ អញ្ចឹង បានជា ប៉ែន ស៊ីមន ថា បើជ្រុលជាបានដាក់អា ៤ គន្លងហើយ ម៉េចមិនដាក់ ៤ គន្លង ដល់ទីរួមខេត្ត? ប៉ុណ្ណឹងសិនបានហើយ។ គង់រកទុនធ្វើបន្តទៀត។ នៅខេត្តកំពតនេះ យើងពិនិត្យមើលការតភ្ជាប់ ក្រៅពីផ្លូវជាតិលេខ ៣ យើងមានផ្លូវជាតិ ៤១ ដែលចាក់បញ្ចូលមក ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដែលតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ ៤ នៅម្តុំខាងពេជ្រនិល។
កំពតអនាគតនឹងមានកំពង់ផែទឹកជ្រៅ
កំពតអនាគតនឹងមានកំពង់ផែទឹកជ្រៅ ដែលនឹងផ្តល់ឱកាសសម្រាប់ការដឹកជញ្ជូនត្រង់ចុះមកខេត្តកំពត។ រួចហើយមានកំពង់ផែទឹកជ្រៅ ដើម្បីនាំទំនិញចេញទៅក្រៅប្រទេស។ ជាតម្រូវការសេដ្ឋកិច្ច។ វាមិនគ្រាន់តែត្រូវការកំពង់ផែមួយនៅក្រុងព្រះសីហនុទេ តែត្រូវការកំពង់ផែច្រើន ដោយក្នុងនោះ កំពតមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនតភ្ជាប់ចេញទៅប្រទេសក្រៅ តាមព្រំដែនគោក គឺតភ្ជាប់ជារបៀងមាត់សមុទ្រ តភ្ជាប់រវាងព្រៃចាក ពីខេត្តហាទៀងរបស់សាធារណរដ្ឋសង្គម(និយម)វៀតណាម មកឆ្លងកាត់ខេត្តកំពត ឆ្លងកាត់ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨ ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ។ នេះជារបៀងមាត់សមុទ្រ ដែលយើងត្រូវតភ្ជាប់។ ប៉ុន្តែ ការតភ្ជាប់ជាមួយប្រទេសជិតខាង ធ្វើទៅបាន វាទាល់តែតភ្ជាប់ផ្ទៃក្នុងខ្លួនឯងឱ្យបានរួចរាល់ជាមុនសិន។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូន អំពីចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍនៅទីនេះ ដោយចាប់ផ្តើមពីកត្តាសន្តិភាព និងពីយុទ្ធសាស្ត្រត្រឹមត្រូវរបស់យើងទៅលើការដាក់ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ និងទៅជាទីផ្សារ។ ហើយប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជប៉ុន ជាដៃគូ ផ្តល់ជំនួយដោយសុច្ចរិត និងសម្រាប់ការអភិវឌ្ឍកម្ពុជា
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា ថ្ងៃនេះ សម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ថានីយទឹកស្អាត ដែលចំណាយថវិកា ២ ៩៨៥ លានយេនជប៉ុន ប្រហាក់ប្រហែលនឹង ២៧ លានដុល្លារសហរដ្ឋអាមេរិក។ ថ្ងៃស្អែកនៅមានកម្មវិធីមួយទៀត ដែលអ្នកទីក្រុងភ្នំពេញ ក៏ដូចជា អ្នកដែលមានផលប្រយោជន៍ចេញចូលទីក្រុងភ្នំពេញ ដែលមានការសប្បាយរីករាយនោះ គឺជាសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានជ្រោយចង្វារ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ ដែលបន្ទាប់ពីការជួសជុលហើយដូចជាការកសាងថ្មីដែរ។ ដែលរឿងនេះបានកើតឡើងនៅមុនចូលឆ្នាំប្រពៃណីរបស់យើង ដែលកាត់បន្ថយការកកស្ទះ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ថ្ងៃនេះ ជាមួយឯកឧត្តមអគ្គរដ្ឋទូតនៅខេត្តកំពត ស្អែកយើងអត់មានសុន្ទរកថាអីច្រើនទេ ទៅកាត់ខ្សែបូរហើយដើរតែម្តង។ ដើររួចហើយចាំឡើងឡានចែកផ្លូវគ្នាទៅផ្ទះ។ អញ្ចឹងទេ នាំប្រជាពលរដ្ឋដើរកាត់ស្ពានលេងតែម្តង។ នេះហើយនិយាយពីកិច្ចសហប្រតិបត្តិការរបស់យើង ដែលយើងមានជាមួយដៃគូបរទេស ដែលផ្តល់ជំនួយដោយសុច្ចរិត និងសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។
អគ្គរដ្ឋទូតរវល់ បង្ហាញពីកម្រិតកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា-ជប៉ុន
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូននូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយក្នុងរយៈពេលកន្លងទៅ។ មិនគ្រាន់តែកន្លែងហ្នឹងទេ នៅសល់គម្រោងប៉ុន្មានទៀត។ គម្រោងខ្លះសម្ពោធហើយ ហើយគម្រោងខ្លះទៀតមិនទាន់បានការសម្ពោធ។ ឯកឧត្តមធ្វើអគ្គរដ្ឋទូតនៅស្រុកខ្មែរ រវល់ជាងធ្វើអគ្គរដ្ឋទូតនៅប្រទេសដទៃ។ ដោយសារតែអី? បើសិនជាអគ្គរដ្ឋទូតអត់រវល់ មានន័យថា អត់មានការងារធ្វើ។ ទំនាក់ទំនងក៏អត់ខ្ពស់។ ប៉ុន្តែ ដោយសារឯកឧត្តមត្រូវរវល់ជាមួយខ្ញុំច្រើន កម្មវិធីនេះ/នោះ វាច្រើនរឿង ព្រោះយើងមានទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា-ជប៉ុន។
ត្រូវធ្វើទំនប់បង្ហៀរមួយ ដើម្បីម៉្យាងតម្កល់ទុកនៅខាងលើ
ខ្ញុំព្រះករុណាខ្ញុំ គប្បីត្រូវនិយាយបន្ត ហើយដាក់ចេញជាបទបញ្ជា ដើម្បីអនុវត្ត។ មិនអាចទុកស្ថានភាពនេះឱ្យនៅបន្តទេ។ រឿងរ៉ាវនៅទីនេះ យើងត្រូវដឹងថា តើអ្វីដែលយើងត្រូវធ្វើបន្តទៀត? មានរឿងពីរ ដែលយើងត្រូវធ្វើ។ ឥឡូវ មានផែនទីបង្ហាញ អំពីស្ថានភាពគ្របដណ្តប់។ ផែនទី ១. បង្ហាញអំពីស្ថានភាពគ្របដណ្តប់នៃគម្រោងចាស់ និងគម្រោងថ្មី ដែលមុននេះ គឺតូច ឥឡូវនេះ ធំទូលាយ … ប៉ុន្តែផែនទីនៃការគ្របដណ្តប់មិនទាន់គ្រប់គ្រាន់ទេ។ រឿងនៅទីនេះ ក្រៅពីទុយោទឹក ចំនួន ៨៩ គីឡូ យើងនៅត្រូវទាញទុយោទឹកនាំទឹកឆៅចូលមកកន្លែងចម្រាញ់ មានប្រវែង ៥ ៣០០ គីឡូម៉ែត្រ បានសេចក្តីថា ៥.៣ គីឡូម៉ែត … ក្នុងនោះ ទឹកឆៅដែលសល់យកមកនេះ គឺជាតំបន់ដែលយើងយកតាមព្រែក។ អានេះយើងហៅថាព្រែកចុះ។ ការពិតព្រែករបស់យើងវាប៉ុនទន្លេៗ … យើងត្រូវដឹងថា ព្រែករបស់យើងវាជាប់មាត់សមុទ្រ ពេលដែលទឹកជោរ ទឹកប្រៃវាចូលមកហើយ ដល់ពេលទឹកនាច ទឹកប្រៃវាចេញ អាទឹកសាបធ្លាក់មក។
អញ្ចឹងឥឡូវនេះ គម្រោងធ្វើទំនប់បង្ហៀរ ដែលស្ថិតនៅក្នុងគម្រោងវារីអគ្គិសនីកំចាយ។ ក្នុងទំបន់ទី ១ ទំនប់ទី ២ ហើយក្រោមទំនប់នេះ ទីតាំងគម្រោងទំនប់បង្ហៀរមិនទាន់ត្រូវបានសាងសង់ទេ។ សួរឯកឧត្តម ចម ប្រសិទ្ធ អម្បាញ់មិញ គឺគម្រោងនេះ ថាក្រសួងឧស្សាហកម្មទម្លាក់ទៅឱ្យបរិស្ថានៗ ទម្លាក់ឱ្យក្រសួងឧស្សាហកម្ម។ ប៉ុន្តែ ខ្ញុំមិនខ្វល់ថាអ្នកណាត្រូវធ្វើ អ្នកណាមិនត្រូវធ្វើទេ ខ្ញុំដឹងតែថា ត្រូវតែធ្វើទំនប់នេះឱ្យបាន បើមិនដូច្នេះទេ អ្នកកំពតនឹងផឹកទឹកប្រៃនៅពេលខាងមុខនេះ។ បើទោះបីជាមានម៉ាស៊ីនសម្រាប់កែច្នៃវាក៏ដោយ ក៏ប៉ុន្តែស្រាប់តែចៃដន្យណាមួយ បើសិនទឹកជោរវាមកខ្លាំងជ្រុល វារុញហួសចូលទៅដល់តំបន់ដែលយើងត្រូវបូមទឹកទម្លាក់មក អញ្ចឹង អ្នកកំពតរបស់យើងត្រូវតែផឹកទឹកប្រៃហើយ។
ក្រសួងឧស្សាហកម្ម ឬក្រសួងបរិស្ថាន ពិភាក្សាពីការទទួលខុសត្រូវសាងសង់ទំនប់បង្ហៀរ
អញ្ចឹងទេ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ត្រឡប់ទៅវិញ ដឹកនាំការប្រជុំភ្លាម។ ខ្ញុំប្រគល់តួនាទីឱ្យដឹកនាំការប្រជុំ ដើម្បី(កំណត់)ថាអ្នកណាត្រូវទទួលបន្ទុកធ្វើ តើក្រសួងឧស្សាហកម្ម ឬក្រសួងបរិស្ថាន? ឱ្យច្បាស់កន្លែងហ្នឹង។ ប្រសិនអ្នកទាំងពីរមិនត្រូវគ្នា ខ្ញុំអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មធ្វើផ្ទាល់ ដោយយកក្រសួងធនធានទឹកយកមកធ្វើតែម្តង ហើយថវិកាវាមិនចំណោទទេអាប៉ុណ្ណឹងនោះ? យើងប្រើប្រាស់ថវិកាវិនិយោគផ្ទាល់របស់យើង។ ប្រសិនបើថវិកានោះ ត្រូវបានបែងចែករួចអស់ហើយ យើងប្រើជំពូកមិនទាន់បែងចែក ព្រោះលឺថាតម្លៃប្រហែលជា ១ លានដុល្លារប៉ុណ្ណឹង។ បើទុកឱ្យអញ្ចឹង ស្ថានភាពមិនច្បាស់លាស់បែបនេះ គឺអត់បានទេ។ អញ្ចឹង ត្រឡប់ទៅវិញ ត្រូវចាប់ផ្តើមប្រជុំឱ្យបានច្បាស់។ ប៉ុន្តែ ទោះបីក្រសួងបរិស្ថានក៏ដោយ ក្រសួងរ៉ែ និងថាមពលក៏ដោយ មិនគួរធ្វើឱ្យខូចមុខមាត់ ដោយសារតែខ្លួនមិនបានបំពេញធ្វើកាតព្វកិច្ចធ្វើទំនប់បង្ហៀរ។
ទប់ស្កាត់កុំឱ្យទឹកប្រៃចូលទៅកន្លែងដែលយើងបូមទឹក
ត្រូវធ្វើទំនប់បង្ហៀរមួយ ដើម្បីម៉្យាងតម្កល់ទុកនៅខាងលើ ដើម្បីបូម។ អាហ្នឹងផលប្រយោជន៍ទី ១ ទុកដើម្បីបូមយកមកផ្គត់ផ្គង់អានេះ។ ប៉ុន្តែ ផលប្រយោជន៍ដែលសំខាន់មួយទៀត គឺទប់ស្កាត់កុំឱ្យទឹកប្រៃចូលទៅកន្លែងដែលយើងបូមទឹក។ ដូច្នេះ ចំណុចនេះ ជាចំណុចដែលយើងត្រូវមើលឱ្យអស់។ អញ្ចឹង រដ្ឋមន្ត្រីទាំងប៉ុន្មានត្រូវប្រជុំគ្នា។ អញ្ចឹង ដាក់ឱ្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ ដឹកនាំ ឯកឧត្តម ស៊ុយ សែម ដឹកនាំ ឯកឧត្តម សាយ សំអាល់ ធ្វើការប្រជុំបន្ទាន់។ រួចហើយរាយការណ៍ឱ្យខ្ញុំ។ ឥឡូវ ថាលុយហ្នឹងបានយកមកហើយ តែមួយឆ្លើយដាក់មួយ។ បើសិនជាយ៉ាងដូច្នេះ ឱ្យម្ចាស់គម្រោង គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯអ្នកអភិវឌ្ឍគម្រោងការនេះ គឺយកក្រសួងធនធានទឹក គេមានបទពិសោធន៍ក្នុងការធ្វើ ព្រោះ ខេង សាមេធ មិនមានសមត្ថភាពធ្វើទេ។ ខេង សាមេធ ធ្វើបានតែអគារ ធ្វើបានតែស្ពាន ធ្វើបានតែស្អីៗហ្នឹង គេហៅថា វិស្វកម្មតេជោសែន អត់មានសមត្ថភាពធ្វើអាហ្នឹងទេ។ អញ្ចឹង ធ្វើអាហ្នឹង គឺសមត្ថភាពរបស់ក្រសួងធនធានទឹក។
ទំនប់តម្កល់ទឹក និងទប់ទឹកប្រៃនៅកំពត់ ដាកជាគំរោងវិនិយោគប្រើថវិកាផ្ទាល់
ត្រូវចាប់ផ្តើមពីឥឡូវ ដើម្បីចៀសវាងនូវផលលំបាក ទី ១. ខ្វះខាតទឹកដោយសារយើងអត់បានតម្កល់ វាហូរទៅអស់។ អញ្ចឹងទេ បើទោះបីជាអានេះយ៉ាងម៉េចក៏ដោយ បើស្រាប់តែអត់មានទឹកបូមមកកន្លែងហ្នឹង វាហូរអស់មក អញ្ចឹង មានទឹកឯណាសម្រាប់បូម? អាហ្នឹងជាចំណុចខ្សោយរបស់យើងមួយ។ ឯចំណុចខ្សោយទី ២. បើសិនជាទឹកសមុទ្រនេះវាហូរចូលទៅក្នុងហ្នឹង អញ្ចឹងទេ យើងបូមទឹកប្រៃយកមក? អញ្ចឹង អ្នកកំពតនៅតែអត់ទឹកដដែលហ្នឹង? អាហ្នឹងចំណុចទី ១។ ហើយរឿងលុយ ត្រឹម ១ ឬ ២ លាន(ដុល្លារ) វាអត់អីទេ ដាក់នៅក្នុងគម្រោង គេហៅថា ការវិនិយោគផ្ទាល់ វិនិយោគត្រង់ទៅឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ប៉ុន្តែ ខ្ញុំដឹងអំពីសមត្ថភាពអ្នកណាអាចធ្វើបាន គឺក្រសួងធនធានទឹកជាអ្នកចេញមុខធ្វើអាហ្នឹងតែម្តងទៅ ដើម្បីប្រមូលគ្រឿងចក្រធ្វើអាហ្នឹងឱ្យបាន។
រកវិនិយោគពង្រីកបណ្តាញ និងវិសាលភាពចែកចាយទឹក
ចំណុចទី ២. ត្រូវទាក់ទាញជាមួយនឹងដៃគូវិនិយោគ មកអភិវឌ្ឍបណ្តាញចែកចាយទឹក ដើម្បីគ្របដណ្តប់ខេត្តកំពតកាន់តែធំ និងទៅផ្គត់ផ្គង់ឱ្យកែប ហើយដែលមានសមត្ថភាពអាចផ្គត់ផ្គង់បន្តទៅដល់កំពង់សោមតាមព្រៃល្ពៅ។ អញ្ចឹងទេ សមត្ថភាពនៃការដែលយើងផ្គត់ផ្គង់នៅទីនេះ មិនទាន់គ្រប់គ្រាន់បានក្នុងចំណែកណាមួយតែប៉ុណ្ណោះ ប៉ុន្តែ តម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ ដែលត្រូវគ្របដណ្តប់ គឺនៅមានវិសាលភាពធំ។ ដូច្នេះ ទាក់ទាញដៃគូឯកជនណាមួយ ដើម្បីឱ្យគេធ្វើការវិនិយោគ ដើម្បីផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋរបស់យើង។ សម័យនេះ ប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកស្អាត។ នេះជាជំហានបន្ត ដែលខ្ញុំព្រះករុណាខ្ញុំចង្អុលទិស ដើម្បីឱ្យក្រសួងយកទៅអនុវត្តបន្ត។ នេះជាការចង្អុលទិស។ ចង្អុលទិសទី ១ ធ្វើអាចាស់នេះ។ អាចាស់ដោយត្រូវការធ្វើទំនប់បង្ហៀរបន្ទាន់ ដែលមាននៅក្នុងគម្រោងការកាលពីពេលមុន ទាក់ទងនឹងទំនប់វារីអគ្គិសនីកំចាយ។ ឯចំណុចទី ២ រកដៃគូវិស័យឯកជនយកមក ដើម្បីឱ្យគេភ្ជាប់ទុយោយ៉ាងម៉េចស្អីយ៉ាងម៉េច ហើយយកទឹកពីប្រភពណាអីប្រភពណា។ យកចេញពីប្រភពដដែលហ្នឹង។ អញ្ចឹង បានវាមានតម្រូវការកាន់តែខ្ពស់ទៅលើការកសាងទំនប់បង្ហៀរ ដើម្បីដោះស្រាយបញ្ហា។
ថ្លៃទឹក ខុសគ្នាទៅតាមកម្រិតវិនិយោគ និងទៅតាមកម្រិតការប្រើប្រាស់
សម្រាប់ថ្លៃទឹកវិញ ខ្ញុំព្រះករុណាខ្ញុំ បានឃើញថា របៀបដាក់ថ្លៃទឹក គឺនឹងធ្វើឱ្យប្រជាជនមានការសន្សំសំចៃ។ ថ្លៃទឹកមិនដូចគ្នាទេពីកន្លែងមួយទៅកន្លែងមួយមានការខុសគ្នាទៅតាមកម្រិតដែលយើងវិនិយោគ និងទៅតាមកម្រិត ដែលយើងប្រើប្រាស់វាយ៉ាងម៉េច។ មានមនុស្សមួយចំនួនមិនយល់ ថាកន្លែងនេះថ្លៃទឹកវាតិច វាថោក កន្លែងនោះ ថ្លៃទឹកវាខ្ពស់ ខ្ញុំព្រះករុណាខ្ញុំ សុំពន្យល់បន្តិច វាមានតម្រូវការរបស់វា។ កន្លែងខ្លះ អាចថ្លៃទឹកហ្នឹងវាខ្ពស់មែន ដោយសារតែគេប្រើប្រាស់វត្ថុធាតុដើម ដើម្បីផលិតទឹកស្អាតនេះវាមានចំនួនតិច។ ប៉ុន្តែ កន្លែងខ្លះ ដើម្បីឱ្យក្លាយជាទឹកស្អាតបាន ត្រូវបង់ថ្លៃខ្ពស់ណាស់ ដើម្បីឱ្យក្លាយទៅជាទឹកស្អាត។ ដូច្នេះ គេក៏ត្រូវតែលក់ថ្លៃខ្ពស់ដែរ។ អ្នកដែលមិនយល់ពីបញ្ហានេះ ចេះតែលើកឡើងតាម Facebook ក្តី តាមលិខិតនេះ/នោះ។ ប៉ុន្តែ រឿងនេះ ត្រូវមានការពន្យល់ ដើម្បីឱ្យយល់។ បណ្តាញចែកចាយ ការវិនិយោគទៅលើទឹកនេះវាខុសគ្នា។ កន្លែងខ្លះត្រូវទាញយកទឹកមក ហើយចម្រាញ់ទឹកនោះយ៉ាងម៉េច ដាក់ទឹកនោះយ៉ាងម៉េច ដើម្បីកាត់បន្ថយជាតិពុលយ៉ាងម៉េច ដើម្បីឱ្យទឹកហ្នឹងវាស្អាត។ អញ្ចឹង ធ្វើឱ្យតម្លៃទឹកខុសគ្នាដែរ។
នៅខេត្តកំពតមានតម្លៃលើកទឹកចិត្ត សម្រាប់អ្នកប្រើប្រាស់តិច/ច្រើន
តម្លៃនៅខេត្តកំពតក៏មានតម្លៃលើកទឹកចិត្ត សម្រាប់អ្នកប្រើប្រាស់តិច/ច្រើន ដូចជានៅទីនេះ ប្រើត្រឹម ៣ ម៉ែត្រគូបចុះក្រោម គឺតម្លៃតែ ១ ១០០ រៀលទេ។ ដល់ប្រើពី ៤ ម៉ែត្រគូប ដល់ ៧ ម៉ែត្រគូប ១ ២០០ រៀល។ ប្រើពី ៨ ម៉ែត្រគូប ដល់ ១៥ ម៉ែត្រគូប ១ ៣០០ រៀល។ ប្រើពី ១៦ ម៉ែត្រគូប ដល់ ៥០ ម៉ែត្រគូប ១ ៤០០ រៀល។ ប្រើពី ៥១ ម៉ែត្រគូប ឡើងទៅថ្លៃ ១ ៥០០ រៀល។ ស្ថាប័នរដ្ឋ គឺតម្លៃ ១ ៤០០ រៀល ។ អញ្ចឹង សុំផ្តល់មតិសម្រាប់អ្នកប្រើប្រាស់ ក្នុងគ្រួសារមួយៗ ថាប្រើត្រឹមតែ ៣ ម៉ែត្រគូប/ខែ យើងថា ឥឡូវ ខិតខំសន្សំវាកុំឱ្យឡើងដល់ ១ ២០០ ម៉ែត្រគូប។ អញ្ចឹង ប្រើត្រឹមតែ ៣ ម៉ែត្រគូប បានហើយ។ កុំឱ្យលើស។ អាហ្នឹងធ្វើឱ្យមនុស្សចេះសន្សំ។ គេអ្នកមានទុកឱ្យគេប្រើអាលើសពី ៥១ ម៉ែត្រ គូបទៅ។ ប៉ុន្តែ យើងអ្នកដែលមានទុនល្មមយើងប្រើ ៣ ម៉ែត្រគូប ចុះក្រោម។ ហើយអ្នកដែលមានទុនល្មមមួយទៀតថា ៧ ម៉ែត្រគូប កុំឱ្យលើស តែលើសខ្វះលុយបង់ថ្លៃហើយ។ ម្តាយប្រាប់កូនៗអញ្ចឹង។
ជួយគ្នាសន្សំសំចៃទឹក
បើប្រើតាមរបៀបខ្ញុំអស់តិចណាស់ ព្រោះអញ្ចេះ ខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថាមនុស្សគគ្រិច។ មួយថ្ងៃខ្ញុំព្រះករុណាខ្ញុំងូតទឹកតែម្តងទេ អត់ដែលបានងូត ២ ដង។ អញ្ចឹង ទឹកវាមិនតិច? រួចដល់ពេលមុជទឹក បើកតែប៉ុន្មានទេ រួចចេញបាត់ប្រុច។ អញ្ចឹងទេ មួយខែត្រឹមតែ ៣ ម៉ែត្រគូប។ ទោះបីទឹកសម្បូរ។ ផ្ទះខ្ញុំព្រះករុណាខ្ញុំដែលចេះខ្វះអី? ក៏ប៉ុន្តែ យើងក៏ត្រូវគិតអំពីខ្លួនយើងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ប្រើច្រើនបន្តិច។ គ្រាន់ថាខ្ញុំព្រះករុណាខ្ញុំ មិនដឹងលាងភ្នែកមួយថ្លៃប៉ុន្មានដងទេ។ ឱ្យតែចូលបន្ទប់ទឹក គឺយកគ្រាប់ភ្នែកចេញហើយលាង។ ប៉ុន្តែ វាមិនអស់ប៉ុន្មានទេ។ យ៉ាងច្រើនថា អស់មួយកែវ។ ដោះគ្រាប់ភ្នែកលាង ហើយញាត់ទៅវិញ។ ប៉ុន្តែ មួយថ្ងៃខ្ញុំព្រះករុណាខ្ញុំងូតទឹកតែមួយដងទេ មនុស្សដែលគគ្រិចជាងគេ។ ប៉ុន្តែ មនុស្សអត់ធ្វើអីផង។ ឥឡូវ ទៅវិញអត់មានទាន់ងូតទឹកទេ ទៅវិញបាយហើយដេកសិន។ ភ្ញាក់ពីដេក បើសិនជាត្រូវទៅធ្វើការ អាហ្នឹងងូតទឹកទៅធ្វើការ។ ត្រឡប់មកវិញអត់ងូតទឹកទេ ដោះខោអាវ ហើយបាយ។ បាយហើយដេកទៀតទៅ។ បើតែខ្ញុំអត់មានការទទួលភ្ញៀវ ខ្ញុំព្រះករុណាខ្ញុំ ពាក់ខោអាវកីឡាហើយស្រេច ចុះទៅស៊ីញ៉េឯកសារ ១០ ឬ ២០ ឬ ៣០ ឯកសារ តែឡើងមកវិញរត់មកហាត់ប្រាណ។ ហាត់ប្រាណរួចហើយមុជទឹក។ អញ្ចឹង តែមួយដងដដែល។ សន្សំទឹកបាន។ អញ្ចឹងទេ យើងចេះសន្សំ។
រដ្ឋមន្ត្រីនានាកុំមកតាមដើម្បីមក តែងាកសួរអត់ដឹង ច្បាស់ជាត្រូវមាត់ហើយ
ករណីប្រើប្រាស់ភ្លើងក៏ដូចគ្នាដែរ។ កុំនាំគ្នាគិតតែពីប្រើ។ ជាពិសេសនៅក្នុងពេលវេលា ដែលយើងខ្វះអគ្គិសនី នៅពេលដែលទឹករីងស្ងួតនៅតាមបណ្តាវារីអគ្គិសនី។ មិនដឹងថា តើកំចាយបញ្ចេញបានប៉ុន្មានមេហ្គាវ៉ាត់? ថ្ងៃនេះ ខាងអគ្គិសនី ខាងឧស្សាហកម្មរ៉ែមកទេ? កំចាយចេញបានប៉ុន្មាន? បានតែមួយ។ បានប៉ុន្មានមេហ្គាវ៉ាត់? ថ្ងៃក្រោយបើលោកឯងតំណាងឱ្យក្រសួងរ៉ែ និងថាមពល ត្រូវតែជាក់លាក់នៅក្បែរខ្លួន ព្រោះតែខ្ញុំសួរហើយ ចាំសួរអ្នកដទៃទៀត អញ្ចឹង មិនបាច់សួរទេ? អាហ្នឹងនិយាយគ្នាឱ្យច្បាស់? អស់លោករដ្ឋមន្រ្តីនានា កុំមកគ្រាន់តែដើម្បីមក។ ប្រយ័ត្ន ហ៊ុន សែន ងាកសួរអត់ដឹងខ្យល់អីត្រូវមាត់តែអញ្ចឹង? ថ្ងៃក្រោយត្រូវឱ្យច្បាស់។ ងាកទៅសួរត្រូវតែដឹង។ ខ្លួនឯងគ្រប់គ្រងលើបញ្ហាវារីអគ្គិសនី ដឹងតែចេញទួប៊ីនមួយ ខ្ញុំដឹងហើយអាទួប៊ីនមួយ ប៉ុន្តែ ខ្ញុំចង់ដឹងថាប៉ុន្មានមេហ្គាវ៉ាត់? ព្រោះអនុភាពរបស់វាអានៅទីនេះវា ១៩៣ មេហ្គាវ៉ាត់ បើឥឡូវវាចេញបានត្រឹមតែ ១០ មេហ្គាវ៉ាត់ មានន័យថា យើងកំពុងតែបាត់បង់សមត្ថភាពបញ្ចេញរហូតដល់ ១៨០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យភ្លើងរបស់យើងខ្វះរហូតដល់ ៤០០ មេហ្គាវ៉ាត់។
តាមការព្យាករ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ និងមានភ្លៀងរាយប៉ាយទូទាំងប្រទេសក្នុងកម្រិតមធ្យម
យប់មិញនេះ ទូទាំងប្រទេស(មាន)ភ្លៀង តែកន្លែងខ្លះក៏ត្រូវ កន្លែងខ្លះក៏អត់ត្រូវដែរ។ ថ្ងៃនេះ តាមការព្យាករ និងមានភ្លៀងខ្សោយ។ ភ្លៀងនៅសល់ដែរ តែនៅតំបន់ខ្លះខ្សោយ។ តែចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ និងមានភ្លៀងរាយប៉ាយទូទាំងប្រទេសក្នុងកម្រិតមធ្យម។ ជិះតាមឧទ្ធម្ភាគចក្រមកក៏មានកន្លែងខ្លះដក់ទឹក កន្លែងខ្លះក៏ស្ងួត។ អត់មាន(ទឹក)ទេ។ យប់មិញភ្នំពេញ និងខេត្តកណ្តាលភ្លៀង។ យើងបានធូរស្រាលបន្តិច ដោយសារហោចណាស់ក៏បានធ្លាក់ទៅតាមវាលស្រែមួយចំនួន ហើយធ្វើឱ្យស្មៅវាដុះ។ ពេលស្មៅដុះវាបង្កើតការងាយស្រួល សម្រាប់ការចិញ្ចឹមសត្វ គោ ក្របី របស់យើងមានស្មៅស៊ី ដែលវាខុសប្លែកកាលពីឆ្នាំ ១៩៩៤ ដែលពេលនោះ ស្មៅងាប់ទាំងអស់ រហូតទៅដល់ក្របីមួយចំនួនទៅបឺតភក់។ កាលហ្នឹងនៅចាំ ខ្ញុំទៅដេកនៅផ្ទះ ញឹម វ៉ាន់ដា នៅកំចាយមារ។ ឆ្នាំហ្នឹងដែលជាឆ្នាំរាំងស្ងួតធ្ងន់។ ឥឡូវ យើងបានទឹកនៅកន្លែងមួយចំនួន ដែលសូមអំពាវនាវប្រជាពលរដ្ឋឱ្យសន្សំទឹក។ យើងត្រូវបន្តការខិតខំរួមគ្នា ដើម្បីដោះស្រាយបញ្ហា …។
ពួកចង្រៃថា ធ្វើឱ្យដាច់ភ្លើង ដើម្បីបង្កើតលេសធ្វើវារីអគ្គិសនីថ្មី(!)
អាចង្រៃខ្លះនិយាយអញ្ចេះ វាទៅវិភាគថា លោក ហ៊ុន សែន ធ្វើឱ្យដាច់ភ្លើង ដើម្បីយកលេសបង្កើតវារីអគ្គិសនី។ ចុះបើហ្អែងវិភាគអញ្ចឹងៗ ហ្អែងមិនខ្លាចរន្ទះបាញ់ទេអី? គេកំពុងតែដោះស្រាយបញ្ហាភ្លើង ហ្អែងថា លោក ហ៊ុន សែន ធ្វើឱ្យដាច់ភ្លើង ដើម្បីបង្កើតលេសធ្វើវារីអគ្គិសនីថ្មី។ ប្រយ័ត្នរន្ទះបាញ់។ ឥឡូវ រន្ទះអាក្រក់អាក្រីណាស់ និយាយខុសទំនង។ អ្នកឯងនិយាយខុសមួលបង្កាច់ ខ្ញុំអត់មានអីនិយាយទេ ភ្នាល់ក៏មិនភ្នាល់ គឺស្បថយកតែម្តង។
អនុញ្ញាតអោយប្រើម៉ាស៊ីនភ្លើង ដែលមុននេះបញ្ឈប់ដោយគិតពីបរិស្ថាន
ការដឹកនាំប្រទេសលំបាកណាស់ គិតសព្វ/គ្រប់ ក្នុងពេលដែលប្រជាជនខ្វះទឹកត្រូវធ្វើយ៉ាងម៉េច? ក្នុងពេលដែលប្រជាជនខ្វះអគ្គិសនីប្រើប្រាស់ត្រូវធ្វើយ៉ាងម៉េច? អំពាវនាវឱ្យប្រជាពលរដ្ឋយកម៉ាស៊ីនចេញ។ ហើយក៏អំពាវនាវទៅកាន់អ្នកលក់ម៉ាស៊ីនភ្លើងកុំឱ្យដំឡើងថ្លៃ។ ប្រេងរបស់យើង គឺមិនឡើងថ្លៃទេ សម្រាប់ការបញ្ឆេះនៅតាមគេហដ្ឋាននោះ។ តាមបណ្តាកន្លែងដែលមានម៉ាស៊ីនភ្លើងទាំងប៉ុន្មាន គឺអនុញ្ញាតឱ្យបញ្ឆេះម៉ាស៊ីនភ្លើង ដែលមុននេះយើងឱ្យពន្លត់ ដើម្បីចៀសវាងបង្កផលប៉ះពាល់លើបរិស្ថាន ដោយយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អគ្គិសនី។ ក៏ប៉ុន្តែ ឆ្នាំនេះ គឺការប្រែប្រួលអាកាសធាតុនាំមកនូវការខ្វះទឹកតាមអាងសម្រាប់ការរុញទួប៊ីន។ សោកស្តាយដែលខ្ញុំមិនដឹងថា ថ្ងៃនេះវារីអគ្គិសនីកំចាយបញ្ចេញបានប៉ុន្មានមេហ្គាវ៉ាត់? ព្រោះស្ថាប័នដែលទទួលខុសត្រូវលើបញ្ហាហ្នឹងចាំសួរអ្នកដទៃ …។
… (មានចម្លើយមកហើយ ថា) បាន ៥៤ មេហ្គាវ៉ាត់។ ៥៤ មេហ្គាវ៉ាត់ នៃ ១៩៤ មេហ្គាវ៉ាត់។ តែរត់បានតែ ៦ ម៉ោងទៀត។ នេះជាបញ្ហាធ្ងន់ធ្ងរ។ ឥឡូវយើងគ្រាន់តែគិតប៉ុណ្ណេះចុះ ៥៤ (មេហ្គាវ៉ាត់) លើ ១៩៤ (មេហ្គាវ៉ាត់) អញ្ចឹង តើយើងត្រូវបាត់អស់ប៉ុន្មាន? យើងត្រូវបាត់អស់ ១៤០ មេហ្គាវ៉ាត់ ហើយរត់បានតែ ៦ ម៉ោងទេ/ថ្ងៃ។ អញ្ចឹងទេ អ្នកវិភាគ ហ្អែងប្រយ័ត្នរន្ទះបាញ់។ អញប្រឹងណាស់។ ស្ថានភាពវាបែបហ្នឹង គ្រាន់តែវារីអគ្គិសនីនេះមួយបាត់ដល់ទៅ ១៤០ មេហ្គាវ៉ាត់។ អញ្ចឹង បើវារីអគ្គិសនីទាំងអស់បាត់ ខ្លះ ៥០ (មេហ្គាវ៉ាត់), ខ្លះ ១០០ (មេហ្គាវ៉ាត់) យ៉ាងដូច្នេះ ៤០០ (មេហ្គាវ៉ាត់) ហ្នឹងវាល្មម។
បើកឱ្យវិនិយោគបន្ថែមការផលិតអគ្គិសនី ដោយប្រើថាមពលធ្យូងថ្ម ឧស្ម័ន និងពន្លឺព្រះអាទិត្យ
ខែវស្សាយើងសល់អគ្គិសនី ដល់ខែប្រាំង គឺបញ្ហានឹងចេញមក។ អញ្ចឹងបានឥឡូវនេះ យើងចាប់ផ្តើមបើកឱ្យមានការវិនិយោគលើ (ការផលិតអគ្គិសនី ប្រើថាមពល)ធ្យូងថ្មបន្ថែម និងហ្គាស ហើយនិងការផ្គត់ផ្គង់អគ្គិសនីដោយប្រើប្រាស់ថាមពលព្រះអាទិត្យ។ កុំស្អីឡើងពួកអ្នកឯងមើលមក ហ៊ុន សែន ដោយកែវភ្នែកអាក្រក់ ប្រយ័ត្នរន្ទះបាញ់។ ខ្ញុំមិនចង់និយាយទេ ក៏ប៉ុន្តែ វាចេញមកវិភាគរបៀបនេះ។ ឥឡូវអញ្ចេះ បើយើងស្គាល់វា អាផ្ទះហ្នឹងទៅកាត់ភ្លើងតែម្តង។ ឱ្យទៅកាត់អាផ្ទះហ្នឹង។ ឱ្យហ្អែងដុតចន្លុះ។ ទៅកាត់ភ្លើងអាផ្ទះហ្នឹងមើល ដើម្បីឱ្យហ្អែងដឹងថា វាខ្វះអគ្គិសនី មិនមែនយកហេតុផល ដើម្បីនឹងធ្វើវារីអគ្គិសនី។ វាថាយើងហ្នឹងធ្វើឱ្យដាច់ភ្លើង ដើម្បីបង្កើតលេសបង្កើតវារីអគ្គិសនី។ អញ្ចឹង វាដូចហួសហេតុពេក។ វាអយុត្តិធម៌។
ពួកឯងសម្លឹងមើលមកយើងនេះ ឱ្យវាស្មើភាពបន្តិចមើល? កុំអាក្រក់ជួជាតិ។ ដោយសារពួកហ្អែងអាក្រក់ហ្នឹងហើយ បានពួកហ្អែងវាអញ្ចឹង? វាមិនដែលឈ្នះ ហើយវាតែងតែចាញ់។ ចាញ់ហើយបង្កហេតុតែជាមួយគេហ្នឹង។ រួចដល់ទៅពេលគេធ្វើ ថាគេហ្នឹងផ្តាច់ការ។ ចុះបើហ្អែងធ្វើអញ្ចឹងមិនឱ្យគេធ្វើ? ខ្ញុំមិនចង់និយាយមុខទូតជប៉ុនទេ។ ម្សិលមិញខ្ញុំថា ខ្ញុំអត់ចង់និយាយមុខទូតជប៉ុនទេ។ យប់មិញហ្នឹង គឺមើលអត្ថបទមួយចំនួន ហើយមើលអាព័ត៌មានផ្ទៃក្នុងទៅទៀត។ វាចេញមកវិភាគអញ្ចឹង។ វាថា ម្នាក់ហ្នឹងច្បាស់ជាយកអាលេសផ្តាច់ភ្លើងហ្នឹង ដើម្បីហ្នឹងធ្វើវារីអគ្គិសនីតទៀត។ អញ្ចឹងទេ បើអាអ្នកដែលចំអកហ្នឹងស្គាល់ផ្ទះវាហើយ ទៅកាត់ភ្លើងផ្ទះវា ឱ្យវាដុតទៀន/ចន្លុះទៅ។ កុំអោយវាខូចពេក។
មិនជេរដូចប្រធានាធិបតី ហ្វ៊ីលីពីន ទេ ប្រើតែគ្រាមភាសាមួយចំនួន
អាទួប៊ីនមួយប្រើបាន ៥៤ មេហ្គាវ៉ាត់ ហើយបានតែ ៦ ម៉ោងទៅទៀត។ អញ្ចឹង ក្នុងកម្លាំងរត់ ១៩៤ មេហ្គាវ៉ាត់ ដក ៥៤ មេហ្គាវ៉ាត់ចេញ យើងត្រូវបាត់បង់អស់ ១៤០ មេហ្គាវ៉ាត់។ រឿងអីមិនខ្វះភ្លើង។ បើទោះបីទៅវិនិយោគធ្វើវារីអគ្គិសនីកន្លែងណា ក៏គ្មានកន្លែងធ្វើតទៅទៀតដែរ។ សូម្បីតែធ្វើនៅក្បាលដែលមានទឹកហូរចេញនេះ វាខ្វះទាំងទឹកទៅទៀត? ចុះអាណាទៅធ្វើលើគោក? ឱ្យចេះខ្លះផង។ វាចង្រៃសព្វ/គ្រប់។ ពួកអានេះចង្រៃមែនតែម្តង។ រួចដល់គេនិយាយអញ្ចឹង តាំងថាផ្តាច់ការទៀតហើយៗ មាត់អាក្រក់។ តែខ្ញុំសូមបញ្ជាក់ ខ្ញុំអត់ទាន់ប្រើពាក្យសំដីដូចប្រធានាធិបតីហ្វីលីពីនទេ។ ប្រធានាធិបតីហ្វីលីពីនតែជេរឡើង កូនមីសំផឹងទាំងអស់។ សូម្បីតែប្រធានាធិបតីអាមេរិក Barack Obama ក៏ប្រធានាធិបតីហ្វីលីពីនជេរកូនមីសំផឹងដែរ។ ខ្ញុំអត់ទាន់សំដីដល់ប៉ុណ្ណឹងទេ។ គាត់ជេរហ្នឹង គឺធ្ងន់ធ្ងរ។ អ្នកណាក៏គាត់ជេរដែរ។ អគ្គលេខាធិការរង អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ជេរកូនមីសំផឹងទាំងអស់។ ខ្ញុំអត់ជេរដល់ថ្នាក់ប៉ុណ្ណឹងទេ។ តែខ្ញុំគ្រាន់តែប្រើប្រាស់ភាសាមួយចំនួន។ គ្រាមភាសារបស់យើង ដែលធ្លាប់ប្រើពីមុនមកមួយចំនួន។ ដូចវាហួសហេតុពេក។ ប្រយ័ត្នរន្ទះបាញ់។ ឱ្យវាយុត្តិធម៌ខ្លះមើល។ ការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាកង្វល់រួមរបស់ប្រជាជននៅលើពិភពលោក។ បើអត់មានភ្លៀងធ្លាក់ គឺវាអត់ទឹកដូចតែគ្នា។ ដល់ភ្លៀងធ្លាក់ច្រើនវាទឹកជំនន់។ អាទឹកជំនន់ក៏វាជេរឯង អាអត់ទឹកក៏វាជេរឯង។ វាមិនទៅជេរមេឃជេរផ្កាយឯណា ជេរអាឯងឯនេះទៅវិញ? អញ្ចឹងបានថា ពួកអាសត្វចង្រៃនេះ និយាយជាមួយវាភាសាល្អៗ និយាយមិនកើតទេពួកអានេះ។
ខ្ញុំព្រះករុណាខ្ញុំ តាំងចិត្តហើយ ម្សិលមិញនិយាយនៅឯណោះ(ភ្នំពេញ) តាំងចិត្តថ្ងៃហ្នឹងអត់មកនិយាយអី មុខទូតជប៉ុនទេ ប៉ុន្តែ អត់វាមិនបាន។ សួរទៅបាត់ ១៤០ មេហ្គាវ៉ាត់ បាត់ធំណាស់។ វារីអគ្គិសនីរបស់យើង ឧបមាថា ៤ កន្លែង បាត់តែ ១ កន្លែង ១០០ (មេហ្គាវ៉ាត់)ៗ វាអស់ ៤០០ មេហ្គាវ៉ាត់ ធ្វើឱ្យភ្លើងដាច់។ ដល់ទៅវាវិភាគ វាវិភាគថា លោក ហ៊ុន សែន ធ្វើឱ្យដាច់ភ្លើងដើម្បីបង្កើតលេសអភិវឌ្ឍកសាងវារីអគ្គិសនី … អាណាវិភាគអញ្ចឹង អនុញ្ញាតឱ្យទៅកាត់ភ្លើងផ្ទះវាតែម្តង។ កុំទៅឃ្លានលុយវា។ វាក៏ជាអតិថិជនដែរ។ ប៉ុន្តែ មកពីវាដាក់កំហុសមកលើយើង វាក៏ទទួលទណ្ឌកម្មឱ្យវាដុតចន្លុះទៅ ឬក៏រកកូនម៉ាស៊ីនភ្លើងបញ្ឆេះនៅផ្ទះវានោះទៅ។ ដល់អញ្ចឹងថារើសអើង។ អើ!ចុះបើហ្អែងវិភាគរើសអើងដែរ មិនឱ្យអញធ្វើអញ្ចឹង? អាហ្នឹង ភាសាខ្មែរនិយាយអញ្ចឹង។
គ្រូពេទ្យជប៉ុនដាក់ឈ្មោះឱ្យជាភាសាជប៉ុន/មូលហេតុតែងដាក់គ្រាប់ភ្នែកសិប្បនិម្មិតតាមខ្លួន
មិនដឹងជប៉ុនថាម៉េចទេ ខ្ញុំចេះភាសាជប៉ុនចេះតែ អាលីកាតុ។ ខ្ញុំមានឈ្មោះជប៉ុនមួយ ដែលគ្រូពេទ្យជប៉ុនបានដាក់ឱ្យ យ៉ាម៉ា អ៊ុឈិ អ៊ីឈីរូ។ ប្រពន្ធខ្ញុំឈ្មោះ យ៉ាម៉ាអ៊ុឈិ កាស៊ីកុ។ កែវភ្នែករបស់ខ្ញុំហ្នឹង កែវភ្នែករបស់ជប៉ុន។ អញ្ចឹង មានអ្នកខ្លះគេនិយាយលេង គេថា លោក ហ៊ុន សែន មើលបានវែងឆ្ងាយ ប្រហែលគាត់ពាក់គ្រាប់ភ្នែកជប៉ុន។ ព្រោះជប៉ុន ធម្មតាគាត់មើលវែងឆ្ងាយណាស់ ហើយបច្ចេកវិទ្យាគាត់ខ្ពស់។ ដល់អញ្ចឹង ឃើញយើងពាក់គ្រាប់ភ្នែកជប៉ុន គាត់ថា យើងមើលវែងឆ្ងាយដោយសារពាក់គ្រាប់ភ្នែកជប៉ុន។ ទៅលើកក្រោយឆ្នាំ ២០១៧ ជប៉ុនធ្វើឱ្យ ៥ គ្រាប់បន្ថែមទៀត ដើម្បីយកសាគួរទុកប្រើប្រាស់។
តាមធម្មតាខ្ញុំមកអញ្ចឹង កាលពីមុនតែងតែដាក់គ្រាប់ភ្នែកមួយមកជាមួយ ហើយទៅក្រៅប្រទេសតែងដាក់ គ្រាប់ភ្នែកទៅតាម មូលហេតុអញ្ចេះ? ខ្ញុំព្រះករុណាខ្ញុំ មានម្តងនោះ កាលនោះក្រគ្រាប់ភ្នែក ក្រោយវះភ្នែក ហើយនោះ វាអត់មានគ្រាប់ភ្នែកទេ។ គ្រាប់ភ្នែកកាលនោះមានតែ ៣ គ្រាប់ គ្រាប់ភ្នែកខាងស្តាំមាន ២ គ្រាប់ គ្រាប់ភ្នែកខាងឆ្វេងមានតែ ១ គ្រាប់ទៀត។ អញ្ចឹងទេ អាគ្រាប់ភ្នែកនោះវាធំជាងភ្នែក។ អញ្ចឹងទេ គេត្រូវវះភ្នែក យើងសាជាថ្មីម្តងទៀត។ សម័យរបស់យើងនេះ សម័យធ្វើគ្រាប់ភ្នែកតម្រូវភ្នែករបស់យើង។ ប៉ុន្តែសម័យនោះ ឆ្នាំ ១៩៧៥ យើងវះភ្នែកមួយសាហើយយកកែវភ្នែកចេញ ដល់ពេលដាក់កែវភ្នែក ដាក់ទៅវាអត់ចុះ។ យើងត្រូវវះសាច់ក្នុងភ្នែករបស់យើងមួយសាទៀត ដើម្បីដាក់ឱ្យត្រូវ។ កាលពីវះលើកមុនចាក់ថ្នាំស្ពឹក អាហ្នឹងវា(អត់)អី ដល់វះលើកក្រោយនេះ ចាក់ថ្នាំស្ពឹកវាលែងស្ពឹកហើយ។ ដាក់ប៉ាច់ទៅនិយាយពីថាឈាម ហូរពេញត្រចៀក … អាហ្នឹងម្តងទៅ។
បន្ទាប់ទៅបានទៅរុស្ស៊ី ប្រើប្រាស់គ្រាប់ភ្នែករបស់សូវៀតតាំងពីឆ្នាំ ១៩៨០ រហូតទល់ឆ្នាំ ១៩៩០។ ដល់ឆ្នាំ ១៩៩០ បានប្រើប្រាស់ភ្នែករបស់ជប៉ុន។ ពេលហ្នឹងចាប់ផ្តើមទៅជប៉ុនទៅចុះហត្ថលេខាបង្កើត SNC តូក្យូអីនេះ ក៏ចាប់ផ្តើមចូលពេទ្យនៅជប៉ុន បានចាប់ផ្តើមមានឈ្មោះជប៉ុន យ៉ាម៉ាអ៊ុឈិ អ៊ីឈីរូ នៅមន្ទីរពេទ្យ ថាន់ដូ ហ្នឹងតាំងពីឆ្នាំ ១៩៩០។ អញ្ចឹង រហូតមកដល់ពេលនេះ គឺ ២៩ ឆ្នាំហើយ។ តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី Toshiki Kaifu។ ខ្ញុំប្រហែលជាស្គាល់នាយករដ្ឋមន្ត្រីជប៉ុន ជាងឯកឧត្តមអគ្គរដ្ឋទូតទៅទៀត។
ធ្លាប់ធ្វើការជាមួយនាយករដ្ឋមន្ត្រីជប៉ុនជាច្រើនរូប
ខ្ញុំប្រហែលជាស្គាល់នាយករដ្ឋមន្ត្រីជប៉ុន ជាងឯកឧត្តមអគ្គរដ្ឋទូតទៅទៀត។ ខ្ញុំបានធ្វើការជាមួយតាំងពីជំនាន់ ឯកឧត្តម Toshiki Kaifu បន្ទាប់ពី Toshiki Kaifu មកដល់ Kiichi Miyazawa បន្ទាប់ពី Kiichi Miyazawa មកដល់ Tsutomu Hata បន្ទាប់ពី Tsutomu Hata មកដល់ Tomiichi Murayama ខាងពួកសង្គមនិយម ក៏ប៉ុន្តែ នៅធ្វើសម្ព័ន្ធភាពជាមួយនឹងបក្សប្រជាធិបតេយ្យសេរីទេ។ បន្ទាប់ពី Tomiichi Murayama មក Ryūtarō Hashimoto បន្ទាប់ពី Ryūtarō Hashimoto មក Keizō Obuchi បន្ទាប់ពី Keizō Obuchi ដល់ Yoshirō Mori បន្ទាប់ពី Yoshirō Mori ដល់ Junichirō Koizumi បន្ទាប់ពី Junichirō Koizumi ដល់ Shinzō Abe។ Shinzō Abe ពីរលើក។ អ្នកណាមួយរយៈខ្លីក្រោយ Shinzō Abe លាលែង ឬដល់ Yukio Hatoyama តែម្តង? ផុតពី Yukio Hatoyama ដល់ Yoshihiko Noda។ Yoshihiko Noda មកប្រជុំនៅភ្នំពេញ ដល់ផុតពី Yoshihiko Noda បានមកដល់ Shinzō Abe ឥឡូវ ក្រោយ Shinzō Abe គឺ Shinzō Abe វាដូចកម្ពុជា ក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន។ វាអញ្ចឹងដដែល ព្រោះឥឡូវអត់មានអ្នកជំនួស Shinzō Abe ទេ ទោះបី Shinzō Abe មិនចង់ ក៏ Shinzō Abe ត្រូវតែអូសទាញសេដ្ឋកិច្ចរបស់ជប៉ុន ព្រោះមាន ABENOMICS ត្រូវបន្តក្នុងជំហានមួយជឿជាក់របស់ជប៉ុនផងដែរ។ អញ្ចឹង នៅកម្ពុជា ក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន។ វានៅតែអញ្ចឹង។
ត្រូវការទិន្នន័យវារីអគ្គិសនីក្នុងមួយថ្ងៃម្តង ដើម្បីឱ្យដឹងទិន្នន័យនៃការខ្វះខាតភ្លើង
ឯកឧត្តម ហេង ចាន់ធួន ប្រាប់ទៅ ឯកឧត្តម ស៊ុយ សែម ឬក៏ ឯកឧត្តម កែវ រតន ឱ្យរាយការណ៍ឱ្យខ្ញុំបន្តិច ផងទេ (អំពីផលិតភាព) វារីអគ្គិសនី? ឥឡូវនេះ អាចបញ្ជូនមកតាម WhatsApp ឱ្យខ្ញុំរាល់ថ្ងៃក៏ល្អដែរ ដើម្បីខ្ញុំចង់ដឹងអំពីទិន្នន័យដែលបញ្ចេញ។ ឧទាហរណ៍កន្លែងហ្នឹង សរសេរឱ្យខ្ញុំច្បាស់ហើយ កម្លាំង ១៩៤ មេហ្គាវ៉ាត់ បញ្ចេញ បានតែ ៥៤ មេហ្គាវ៉ាត់ទេ ហើយរត់បានតែ ៦ ម៉ោង។ អញ្ចឹង ទិន្នន័យក្នុងមួយថ្ងៃឱ្យខ្ញុំដឹងម្តង ដូចជាគយ និងពន្ធដារអញ្ចឹង។ ឱ្យខ្ញុំដឹងអញ្ចឹង។ បូកសរុបប្រាប់។ គយគេដាក់ថា ច្រកក្រុងព្រះសីហនុ, ច្រកប៉ោយប៉ែត, ច្រកព្រៃចាក, ច្រកបាវិត, ច្រកស្អីៗ គេដាក់ថាអញ្ចឹង។ ឥឡូវ យើងដាក់ដូចគ្នាអញ្ចឹង។ កំចាយ ១៩៦ (មេហ្គាវ៉ាត់) បញ្ចេញបានប៉ុន្មាន? អញ្ចឹង ដើម្បីឱ្យខ្ញុំដឹងទិន្នន័យមួយ នៃការខ្វះខាតភ្លើង។
មិនអនុញ្ញាតអោយធ្វើវារីអគ្គិសនីនៅតំបន់អារ៉ែង
ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំនិយាយនេះ ប្រជាពលរដ្ឋនឹងយល់ ប៉ុន្តែ ពួកអាអ្នកមិនយល់ សុំហ្អែងមិនយល់ទៀតចុះ។ ហ្អែងចេញមកវិភាគ ដើម្បីអញកាត់ភ្លើងហ្អែង។ កាត់ភ្លើងតែម្តង អ្នកណាថាអីថាទៅ។ ឱ្យវាអត់ភ្លើងក្នុងពេលចូលឆ្នាំហ្នឹងតែម្តង។ វាថាយើងផ្តាច់ភ្លើងនេះ ដើម្បីបានលេសធ្វើវារីអគ្គិសនីថែម សួរថាទៅធ្វើនៅកន្លែងណាឥឡូវនេះ? អារ៉ែងដាច់ខាតអត់ឱ្យធ្វើទេ។ ប្រាប់ឱ្យហើយ។ គម្រោងដើមការសិក្សាដោយជប៉ុន(អំពីសមិទ្ធលទ្ធភាពធ្វើវារីអគ្គិសនីនៅអារ៉ែង) ក៏ប៉ុន្តែ យើងអត់ធ្វើអារ៉ែងទេ។ ខ្ញុំមិនព្រមទេ រឿងអារ៉ែង ដោយសារវាជាតំបន់ផ្នែកអេកូទេសចរ ហើយត្រូវការពារធនធានធម្មជាតិនៅតំបន់នោះ។ ខ្ញុំហើយជាអ្នកបានប្រកាសចេញថា សិក្សាអីក៏ សិក្សាទៅ ក៏ប៉ុន្តែ អត់ឱ្យធ្វើទេ។ ឥឡូវ យើងកំពុងធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យការអភិវឌ្ឍក្នុងតំបន់នោះទៅជាអេកូទេសចរ។
ចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ១៦ លាននាក់ ពីស្ថានភាពផលិតអគ្គិសនី
អាអ្នកវិភាគល្មមដឹងខ្លួនហើយ។ រឿងអីឡើងវិភាគ បើវិភាគឱ្យត្រឹមត្រូវយើងទទួលបាន តែដល់វិភាគហួសហេតុពេក រហូតដល់ការផ្តាច់ភ្លើងពីប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋលំបាក ប្រជាពលរដ្ឋជេររឿងដាច់ភ្លើង បែរជាវាយកលេសថា យើងធ្វើឱ្យដាច់ភ្លើង ដើម្បីមានលេសធ្វើវារីអគ្គិសនី។ វាហួសហេតុពេកហើយ។ អញ្ចឹង សុំឱ្យចេញមកវិភាគទៀត ប៉ុន្តែ បើហ្អែងនៅក្នុងស្រុកច្បាស់ហើយ កាត់ភ្លើងហ្អែង។ សួរថា មកពីអីបានកាត់ភ្លើង? មកពីហ្អែងវិភាគខុស។ គេមិនប្តឹងឡើងតុលាការគួរសមហើយ។ សិទ្ធិបញ្ចេញមតិហ្អែងមានហើយ ក៏ប៉ុន្តែ គេក៏មានសិទ្ធិដើម្បីនឹងតបតក្នុងការពន្យល់។ មិនពន្យល់ឯងទេ យើងពន្យល់ប្រជាពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ។ ពន្យល់ពួកអានេះពន្យល់អត់បានការទេ។ ខ្ញុំពន្យល់ប្រជាពលរដ្ឋ ១៦ លាននាក់។
ឆ្នាំ ១៩៧៩ យើងមានប្រជាជនប្រមាណ ៥ លាននាក់ បច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៦ លាននាក់
តួលេខធ្វើជំរឿននោះ មិនទាន់ចេញមកទេ ក៏ប៉ុន្តែ តាមប៉ាន់ស្មាន មានប្រមាណជា ១៦ លាននាក់។ ខ្មែរយើងកូនច្រើនណាស់លោកយាយ/តា។ ឆ្នាំ ១៩៧៩ យើងមានប្រជាជនប្រមាណ ៥ លាននាក់ តែប៉ុណ្ណឹងទេ ពេលហ្នឹងទស្សនកិច្ចនៅឡាវៗក៏មានតែ ៥ លាននាក់ដែរ។ ឥឡូវ ឡាវឡើងត្រឹម ៧ លាននាក់ យើងឡើងដល់ ១៦ លាននាក់។ និយាយពីកូនអស់ទាស់ហើយ។ ប៉ុន្តែ ទៅបន្ទោសអ្នកណា? គ្រាន់តែខ្លួនខ្ញុំព្រះករុណាខ្ញុំឆ្នាំ ១៩៧៩ មានកូនតែ ១ នាក់គត់ អញ្ចឹង ឪពុកម្តាយ ២ នាក់ កូន ១ នាក់។ ឥឡូវយើងកូនវាឡើងដល់ ១០ នាក់។ កូនបង្កើត និងកូនប្រសារ។ ចៅឡើងដល់ទៅ ២០ នាក់។ អញ្ចឹង ក្នុងគ្រួសារមួយនេះវាមិនរីក?
ធ្វើស្រែធំ ត្រូវការពូជច្រើន ទទួលផលបានច្រើនដែរ
អញ្ចឹង បានជាអ្នកវិភាគខ្លះ គេវិភាគទិន្នន័យអញ្ចេះ។ វាដាក់បណ្តាសាឱ្យមនុស្សចាស់ងាប់បណ្តោយ។ វាវិភាគទិន្នន័យថា មនុស្សចាស់ដែលបានគាំទ្របោះឆ្នោតឱ្យគណបក្សប្រជាជន ចេះតែស្លាប់ទៅ អញ្ចឹងធ្វើឱ្យគណបក្សប្រជាជនបាត់សន្លឹកឆ្នោត។ (គេវិភាគដូចនេះ) ដោយសារ (ប្រជាពលរដ្ឋចាស់ៗ) គាត់បានរួមចំណែករំដោះប្រទេសចេញពីរបប ប៉ុល ពត ទប់ស្កាត់របប ប៉ុល ពត ហើយរួមដំណើរជាមួយគ្នា (ដែល)ចាស់ៗ ភាគច្រើនបោះឆ្នោតឱ្យគណបក្សប្រជាជន។ អញ្ចឹង វាបន់ឱ្យចាស់ៗងាប់។ អានេះគិតជាសាហាវ។ វាបន់ឱ្យចាស់ៗ(ងាប់)រាប់ទាំងម៉ែឪវាផង។ ដល់ទៅវានិយាយថា ឯយុវជនក្នុងមួយឆ្នាំ ៣០ ម៉ឺននាក់ នឹងកើនឡើង។ អញ្ចឹងទេ វាគិតថាយុវជនទាំង អស់ហ្នឹងគាំទ្រវា។ ខ្ញុំព្រះករុណាខ្ញុំឃើញ ស្វាយ ស៊ីថា កាលហ្នឹងខ្ញុំព្រះករុណាខ្ញុំនៅសាំងហ្គាពួរទេ សរសេរចេញពីសាំងហ្គាពួរ ប៉ុន្តែ មិនចេញមុខទេ សរសេរបញ្ជូនមកឱ្យដាក់ឈ្មោះស្អីឯណាឯណោះ បង្ហោះតាម ហ្វេសប៊ុកឯណាមួយ ដាក់ហ្អែងត្រឡប់ទៅវិញ។ អ្នកឯងត្រូវដឹង គេធ្វើស្រែធំ ពូជច្រើន យ៉ាងណាគេទទួលផលបានច្រើនជាងដែរ។ ពួកឯងមានប៉ុន្មានគ្រាប់? ពួកឯងមានសមាជិកប៉ុន្មាន? យើងប្រើពូជ ២០០ ថាំង គេប្រើពូជត្រឹមតែ ៥០ ថាំង ធ្វើម៉េចវាបានផលស្មើនឹងយើង?
ដើមទុនអ្នកឯងតិច អ្នកឯងក៏ត្រូវទទួលផលតិចដែរ បានសេចក្តីថា មិនមែនកូន លោក ហ៊ុន សែន បោះឆ្នោតប្រឆាំង ហ៊ុន សែន ទេ។ កូនសមាជិក/ជិកាគណបក្សប្រជាជនបោះឆ្នោតប្រឆាំងជាមួយឪម៉ែវាទេ សុំកុំភាន់ច្រឡំទៅលើបញ្ហានេះ។ ជួនកាលយុវជនប៉ុន្មានគ្រាប់របស់វាហ្នឹង គេថាយុវជនដែរ ចុះគេនៅខាង នេះ(មិន)យុវជនដែរ? បញ្ញវន្តនេះគេទៅបង្កើត ចុះខាងនេះបញ្ញវន្តប៉ុន្មានទៅ? វាទៅឆ្កុយអស់អញ្ចឹងទៅ វាយតម្លៃខុសសភាពការណ៍អញ្ចឹងហើយ ដែលវាមិនអាចយកឈ្នះ ហ៊ុន សែន បាន មិនអាចយកឈ្នះ គណបក្សប្រជាជនបាន។ ហើយ ហ៊ុន សែន នៅតែអញ្ចឹង។
ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ
មានអាមួយនោះ ម្សិលមិញវាវិភាគ វាថា ធ្លាប់តែមុនៗឱ្យតែមានរឿងអី កងទ័ព នគរបាល រដ្ឋបាល ធ្វើការ ប្រកាសគាំទ្រ លោក ហ៊ុន សែន។ ឥឡូវ ស្ងាត់ឱ្យឈឹង ដូចជាបាត់បង់ការគាំទ្រ។ អាឆ្កួត! អញអ្នកណែនាំ កុំឱ្យតមាត់ជាមួយវា។ ទុកឱ្យវាប្រកាច់តែវាទៅ ហ្អែងស្តាប់បានទេ? អញណែនាំកុំឱ្យកងទ័ពនិយាយតមាត់ ប្រកាសគាំទ្រប្រឆាំងជាមួយអានោះ/នេះ ទុកឱ្យវានិយាយខ្លួនវាទៅ។ ហ្អែងស្តាប់បានទេចម្រៀង “ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ” ហ្អែងស្តាប់បានទេ? មិនមែន ហ៊ុន សែន មិនឆ្លើយទេ រាប់ទាំងអ្នកគាំទ្រ ហ៊ុន សែន ទាំងអស់មិនឆ្លើយជាមួយអាហ្នឹង។ ប៉ុន្តែ គ្នាវាវិភាគខុស វាថា ឥឡូវ ឃើញកងទ័ពឈប់ចេញញត្តិគាំទ្រ រដ្ឋបាលអីឈប់គាំទ្រ។ ឥឡូវ លោក ហ៊ុន សែន ទៅម្នាក់ឯង។ បាត់បង់ការគាំទ្រអីអស់ហើយ។ ហ្អែងឆ្កួតសុទ្ធហើយ។ អញកំពុងតែដាក់អាចង្រៃមួយនោះឱ្យវានៅក្នុងស្ថានភាពឯកោ ព្រោះតែគេនិយាយមកយើងៗមិនតមាត់ជាមួយវា … មានន័យថា “ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ” ហ្អែងព្រុសទៅ? គេនៅតែស្ងៀម ប៉ុន្តែ តែហ្អែងធ្វើខុស (ឬ)ហ្អែងសាកល្បងអើតក្បាលចូលមក។ (នឹងមានវិធានការណ៍) គឹប។
នាំកប៉ាល់អគ្គិសនី ពីទួគី, ទិញភ្លើងពីប្រទេសជិតខាង
ថ្ងៃនេះ សុំអភ័យទោសផងដែរព្រះតេជព្រះគុណ ដោយខ្ញុំព្រះករុណាខ្ញុំនិយាយដូចវា(អសុរោះ) ព្រោះវាហួសហេតុពេកព្រះតេជព្រះគុណអើយ រឿងយើងកំពុងវេទនារហូតទៅដល់ចុះកុងត្រា ដើម្បីទាញយកកប៉ាល់ ដែលនៅលើកប៉ាល់ហ្នឹងមានម៉ាស៊ីនភ្លើង ២០០ មេហ្គាវ៉ាត់ ពីប្រទេសទួគី … ហើយទៅសុំទិញ(អគ្គិសនី)ពីវៀតណាមបន្ថែម។ សុំទិញ(អគ្គិសនី)ពីឡាវបន្ថែម។ ជម្រុញឱ្យប្រជាពលរដ្ឋរបស់យើង បញ្ចេញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់ យើងប្រឹងអស់លទ្ធភាពហើយ បែរជាពួកវាមើលមិនឃើញ? ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ អត់ទាន់បានជេរកូនមីសំផឹងដូច ប្រធានាធិបតីហ្វីលីពីន ជេរប្រធានាធិបតីប្រទេសខ្លះ ជេរអគ្គរដ្ឋទូតប្រទេសខ្លះ … ខ្ញុំព្រះករុណាខ្ញុំ អត់ដល់ប៉ុណ្ណឹងពេកទេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយឱ្យប៉ុណ្ណឹង បើអ្នកឯងវិភាគខុស វាយតម្លៃគេ ហើយចេញមកអះអាង ដើម្បីគ្រាន់តែយកចំណេញ ហើយបន្តុះបង្អាប់គេ ឱ្យហ្អែងរន្ទះបាញ់។
ការប្រើប្រាស់ជំនួយបរទេស ជាពិសេស ជំនួយជប៉ុន តម្លាភាព
អរគុណដែរក្រុមហ៊ុន ដែលបានសាងសង់។ យើងខ្ញុំជឿជាក់ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនជប៉ុនគ្រប់ទី កន្លែងដែលបានសាងសង់ ហើយដែលមានវត្តមាននៅទីនេះ។ អរគុណណាស់ជាមួយនឹងការសាងសង់ដ៏ល្អ សម្រាប់ការសម្ពោធ។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ម្តងហើយម្តងទៀត សម្រាប់ជំនួយជប៉ុន ខ្ញុំព្រះករុណាខ្ញុំ បានមកត្រឹមតែកាត់ខ្សែបូទេ រឿងកាន់លុយ/កាក់ រឿងអីទៅរករឿងជប៉ុនទៅ។ អាហ្នឹងរបៀបចាយលុយជប៉ុន។ រួចអញ្ចឹងៗវាចោទថាយើងពុករលួយលុយជប៉ុនទៅទៀត។ រឿងអយុត្តិធម៌វានៅកន្លែងហ្នឹង។ តែគ្រប់ជំនួយ ជប៉ុនទាំងអស់ ទាំងថ្ងៃហ្នឹងក៏មកកាត់ខ្សែបូ ស្អែកហ្នឹងទៅឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ក៏គ្រាន់តែទៅកាត់ខ្សែបូដែរ តែត្រង់អ្នកកាន់លុយជួសជុសយ៉ាងម៉េចអីយ៉ាងម៉េច គឺជប៉ុនទទួលខុសត្រូវទៅ។ មានការអីទៅសួរអគ្គរដ្ឋទូត ឬក៏ទៅដេញដោល Shinzō Abe នៅតូក្យូទៅ។ ឱ្យយល់ពីរបៀបប្រើប្រាស់លុយរបស់ជំនួយបរទេស ជាពិសេស ជំនួយជប៉ុន តម្លាភាពខ្លាំងណាស់។
អំណោយជូនអ្នកចូលរួម, កម្ពុជាឡើងប្រាក់ខែ ២ ដង មករា ឡើងបៀវត្សរ៍, មេសា ឡើងប្រាក់មុខងារ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នាំមកសម្រាប់លោកយាយ/តា ចំនួន ២០០ នាក់ ក្នុងម្នាក់ក្រណាត់ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។ ជូនកាយប្ញទ្ធិ និងកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ ក្នុងម្នាក់ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ៥៧៩ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូននិស្សិត និងគរុសិស្ស ចំនួន ៦២១ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ឥឡូវ ប្រាក់ខែឡើងខ្ពស់ហើយ ពេលដែលយើងចេញទៅហ្នឹងត្រូវប៉ាន់តែម្តង។ ប្រាក់ខែគ្រូ/ពេទ្យខ្ពស់ជាងគេ ឥឡូវ ចាប់ផ្តើមឡើងហើយ ឡើងបាន ២ ថ្ងៃហើយ ម្សិលនឹងថ្ងៃនេះ។ ប្រាក់ខែនៅកម្ពុជាឡើង ២ ដង ខែ មករា-មេសា គឺឡើងប្រាក់បៀវត្សរ៍។ ដល់ចាប់ពីថ្ងៃទី ១ មេសា ទៅ គឺឡើងប្រាក់មុខងារ។ ខែនេះត្រូវបើកសរុប មិនមែនបើកពីរអាទិត្យម្តងទេ បើកមុនចូលឆ្នាំ បើកទាំងប្រាក់ខែចាស់ និងអាឡើងថ្មី និងបើកទាំងប្រាក់ឧបត្ថម្ភពេលចូលឆ្នាំ បើកតែម្តង។ ជូនលោកគ្រូ អ្នកគ្រូ ក្រុងកំពត ចំនួន ៥៨២ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះរាជសំភា ថវិកា ២ លានរៀល។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពត ថវិកា ៣ លានរៀល។ ជូនសាលាមធ្យមសិក្សាសុខាភិបាលខេត្តកំពត ថវិកា ៣ លានរៀល។ ជូនវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគ តេជោ សែន កំពត ថវិកា ៥ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ជូនសាលាក្រុងកំពត ថវិកា ២ លានរៀល។ ជូនសាលាស្រុកទឹកឈូ ថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល។
ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នូវប្រព័ន្ធគ្រប់គ្រងទឹកស្អាតទីរួមខេត្តកំពត ក្រោម ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ ចំពោះចំណងមិត្តភាពកម្ពុជា-ជប៉ុន និងសូមថ្វាយប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕