សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

(១) ចែកសញ្ញាបត្រនៅ RULE លើកទី២២ ខ្ញុំព្រះករុណាខ្ញុំមានការរីករាយ ដែលបានជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៥ ៦១០ នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការខកខានក្នុងរយៈពេលកន្លងទៅដោយសារកូវីដ-១៩។ គិតពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ មកដល់ពេលនេះ ខ្ញុំបានចូលរួមចែកសញ្ញាបត្រសំរាប់និស្សិតនៅសាលានេះ ចំនួន ២២លើក គឺជាសាលាដែលនាយករដ្ឋមន្រ្តីទៅច្រើនជាងគេ មិនទាន់គិតពីការធ្វើជាគ្រូឧទ្ទេសនាមនៅសាលានេះ កាលជំនាន់វគ្គខ្លីៗ ដែលពេលនោះគ្រប់គ្រងដោយឯកឧត្តម ស៊ិន សុង ក្រសួងមហាផ្ទៃផងនោះទេ។ ខ្ញុំបានមកបង្រៀននៅសាលានេះ មុនពេលសាលានេះត្រូវបានប្រគល់មកឱ្យក្រសួងអប់រំ យុវជន និងកីឡា។ (២) ការអភិវឌ្ឍធនធានមនុស្ស ដើរដល់ចំណុចគួរជាទីមោទនៈ យើងរីករាយជាមួយសមិទ្ធផលថ្មី ជាផ្នែកសំខាន់ដែលយើងយកចិត្តទុកដាក់តាំងពីដើមទីរហូតមកដល់ពេលនេះ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ដើម្បីកសាងប្រទេស។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ យើងបានចាប់ផ្ដើមពីការ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជម្រុញតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើងគួរមានមោទនភាព​។ បើទោះបីជានៅមានតម្រូវការច្រើននៅឡើយក្តី ក៏ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងបានចេញដំណើរក្រោយរំដោះឆ្នាំ១៩៧៩។ (៣) អភិវឌ្ឍទាំងផ្នែករឹងនិងទន់ ស្រាយតម្រូវការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគក្រៅប្រទេស…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត – NIB

(១) សូមអភ័យទោសពីរដ្ឋសភាដែលមិនអាចចូលរួមបើកបវេសនកាលបាន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសាជាថ្មី​ម្ដងទៀត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវវិញ្ញាបនបត្រ និងសញ្ញាបត្រសម្រាប់សិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថាន​ពាណិជ្ជសាស្ដ្រ ចំនួន ៦ ០៥១ នាក់។ មុននឹងចូលដល់បញ្ហាបន្ដទៀត ខ្ញុំសូមយកឱកាសនេះ(សុំការ)​អភ័យទោសពីរដ្ឋសភា ដែលថ្ងៃនេះគឺត្រូវបើកបវេសនកាល មានទាំងព្រះរាជសាររបស់ព្រះមហាក្សត្រផង។ ប៉ុន្ដែខ្ញុំគិតថាមិនមែនជាកំហុសរបស់ខ្ញុំទេ ដោយសារសភាទម្លាក់កម្មវិធី​មក​គឺត្រឹមតែមួយអាទិត្យ នៅពេលដែល​ការចុះកម្មវិធីនេះគឺមិនតិចជាង ១ ខែទេ។ សង្ឃឹមថា ថ្ងៃក្រោយសភានឹងអាចកំណត់ពេលវេលាបានលឿនជាងហ្នឹង។ ​នេះមិនមែនជាការបើកប្រជុំធម្មតាទេ តែជាការបើកបវេសនកាល។ សង្ឃឹមថា សភានឹងមានការយោគយល់ដល់ការងាររបស់រាជរដ្ឋាភិបាល។ មិនមែនជាការទិតៀនដល់សភាទេ ក៏ប៉ុន្ដែសុំអង្វរករសភា ធ្វើការ​គន់​គូរឲ្យបានលឿនបន្ដិច ព្រោះខាងរដ្ឋាភិបាលមានការងារច្រើន​។ ថ្ងៃស្អែកនេះ ការប្រជុំគណៈរដ្ឋមន្ដ្រីនោះ បានអនុញ្ញាតឲ្យមានការ​ដាក់របៀបវារៈតែ២ ទេ គឺច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្ដែ ទីស្ដីការគណៈរដ្ឋមន្ដ្រី(បានរៀបចំរបៀបវារៈ)ដាក់មកមានដល់ ៦។ ស្អែកនេះប្រជុំត្រឹមតែម៉ោង១១ ទេ ចប់មិនចប់ លើកទៅពេលក្រោយ ដោយ​សារខ្ញុំមានកិច្ចការរបស់ខ្ញុំបន្ថែមទៀតដែលត្រូវធ្វើ។ ហ្នឹងគ្រាន់តែជាការបញ្ជាក់ជូន … យើងមានការហត់នឿយ តែយើងមិនអាចថ្ងូរថាយើងហត់ ដោយសារគ្មានអ្នកណាជួយយើងបានទេ ក្រៅតែពីខ្លួនឯង​។ (២) ការបណ្ដុះបណ្ដាលធនធានមនុស្សមានតាំងពីការផ្ដួលរំលំរបប ប៉ុល…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិសាត់

(១) ចត្តាឡីស័ក ករណីកូវីដ-១៩ ២០២០ មិនអាចធ្វើដំណើរមកពោធិសាត់, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបបញ្ហាបណ្តាលពីគ្រោះជំនន់ទឹកភ្លៀង ថ្ងៃនេះ យើងជួបជុំគ្នាក្រោមដំណក់ទឹកភ្លៀងមុននេះបន្ដិច។ ឥឡូវនេះ ភ្លៀងក៏បានបញ្ចប់។ ប្រហែលដូចជាគេនិយាយថាមកពីចាញ់សម្រស់។ ប៉ុន្តែយើងមិនដឹងច្បាស់ទេថា តើចាញ់សម្រស់អ្នកណា? ដោយសារសម្រស់ខ្ញុំ​ឬសម្រស់លោកជំទាវ ម៉ែន សំអន? ឬក៏សម្រស់របស់ក្មួយស្រីណាម្នាក់នៅក្នុងចំណោមនេះ ឬបុរសណាម្នាក់នៅក្នុងចំណោមនេះ? យ៉ាងណាក៏ដោយ ការជួបជុំរបស់យើងបានធ្វើឡើងក្នុងគោលដៅដោះស្រាយបញ្ហាដែលយើងបាននិងកំពុងប្រឈម។ អម្បាញ់មិញ អភិបាលខេត្តស្ដីទីបានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការខូចខាតនៅក្នុងខេត្តពោធិ៍សាត់ ហើយក៏បានបញ្ជាក់អំពីអ្វីដែលបានទទួលនិងកិច្ចការត្រូវបន្ត។ ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋ​ដែលបានចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ដែលយើងបានប្រឈមជាមួយនឹងបញ្ហា(ទឹកជំនន់)នេះ។ កាលពីឆ្នាំ ២០២០ យើងបានជួបប្រទះនូវបញ្ហានេះ(ម្តងរួចហើយ)។ ជាការគួរឱ្យសោកស្ដាយ ពេលនោះ យើងមានការចែកនូវស្រូវពូជ ក៏ដូចជាស្បៀង។ ខ្ញុំមានគម្រោងមកកាន់ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល ពេលនោះមានករណីកូវីដ-១៩ បានកើតឡើង ហើយដោយសារតែខ្ញុំប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ខ្ញុំមិនអាចធ្វើដំណើរមកកាន់ទីនេះ ដោយរំលងនូវវិធានការណ៍សុខាភិបាលដែលបានកំណត់ថា ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ(នោះទេ)។ ខ្ញុំក៏បានបញ្ជូនកូនប្រុសរបស់ខ្ញុំ ឱ្យធ្វើដំណើរមកកាន់ខេត្តពោធិ៍​សាត់​នេះ តំណាងខ្ញុំចែកស្រូវពូជនិងស្បៀងអាហារជូនប្រជាជនយើង។ ខ្ញុំសូមថ្លែងអំណរគុណ…