ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

FN ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងឱកាសខាងលើ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាប់ចាប់តាំងពីឆ្នាំ១៩៩៦មក សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើក ដែលជាចំនួនច្រើនជាងគេបើធៀបសាកលវិទ្យាល័យនានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិនិត្យលើការអប់រំនាពេលបច្ចុប្បន្ន បានដើរឆ្ពោះមកឆ្ងាយបើធៀបនឹងពេលប្រទេសទើបរំដោះចេញពីរបបខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការវិវឌ្ឍន៍យ៉ាងល្អលើការ​អប់រំនៅកម្ពុជា។ ក្នុងនោះសម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះការសម្រេចចិត្ត​របស់​សម្តេច ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអប់រំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍ដ៏ល្អលើវិស័យអប់រំ គឺបានពីការចូលរួមពីសង្គមកម្ពុជាទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំសាលា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

(១) ចែកសញ្ញាបត្រនៅ RULE លើកទី២២ ខ្ញុំព្រះករុណាខ្ញុំមានការរីករាយ ដែលបានជួបជុំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៥ ៦១០ នាក់ ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ទាប់ពីការខកខានក្នុងរយៈពេលកន្លងទៅដោយសារកូវីដ-១៩។ គិតពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩៦ មកដល់ពេលនេះ ខ្ញុំបានចូលរួមចែកសញ្ញាបត្រសំរាប់និស្សិតនៅសាលានេះ ចំនួន ២២លើក គឺជាសាលាដែលនាយករដ្ឋមន្រ្តីទៅច្រើនជាងគេ មិនទាន់គិតពីការធ្វើជាគ្រូឧទ្ទេសនាមនៅសាលានេះ កាលជំនាន់វគ្គខ្លីៗ ដែលពេលនោះគ្រប់គ្រងដោយឯកឧត្តម ស៊ិន សុង ក្រសួងមហាផ្ទៃផងនោះទេ។ ខ្ញុំបានមកបង្រៀននៅសាលានេះ មុនពេលសាលានេះត្រូវបានប្រគល់មកឱ្យក្រសួងអប់រំ យុវជន និងកីឡា។ (២) ការអភិវឌ្ឍធនធានមនុស្ស ដើរដល់ចំណុចគួរជាទីមោទនៈ យើងរីករាយជាមួយសមិទ្ធផលថ្មី ជាផ្នែកសំខាន់ដែលយើងយកចិត្តទុកដាក់តាំងពីដើមទីរហូតមកដល់ពេលនេះ។ យើងបានផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សជាអាទិភាព ដើម្បីកសាងប្រទេស។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ យើងបានចាប់ផ្ដើមពីការ “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ជាបណ្ដើរៗ ចលនាជាតិរបស់យើង បានជម្រុញតម្រូវការនៃការអភិវឌ្ឍធនធានមនុស្ស មកដល់ចំណុចមួយដែលយើងគួរមានមោទនភាព​។ បើទោះបីជានៅមានតម្រូវការច្រើននៅឡើយក្តី ក៏ប៉ុន្តែ យើងបានដើរចេញឆ្ងាយពីចំណុចដែលយើងបានចេញដំណើរក្រោយរំដោះឆ្នាំ១៩៧៩។ (៣) អភិវឌ្ឍទាំងផ្នែករឹងនិងទន់ ស្រាយតម្រូវការជំរុញកំណើនសេដ្ឋកិច្ច ទាក់ទាញវិនិយោគក្រៅប្រទេស…