(១) ចត្តាឡីស័ក ករណីកូវីដ-១៩ ២០២០ មិនអាចធ្វើដំណើរមកពោធិសាត់, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបបញ្ហាបណ្តាលពីគ្រោះជំនន់ទឹកភ្លៀង
ថ្ងៃនេះ យើងជួបជុំគ្នាក្រោមដំណក់ទឹកភ្លៀងមុននេះបន្ដិច។ ឥឡូវនេះ ភ្លៀងក៏បានបញ្ចប់។ ប្រហែលដូចជាគេនិយាយថាមកពីចាញ់សម្រស់។ ប៉ុន្តែយើងមិនដឹងច្បាស់ទេថា តើចាញ់សម្រស់អ្នកណា? ដោយសារសម្រស់ខ្ញុំឬសម្រស់លោកជំទាវ ម៉ែន សំអន? ឬក៏សម្រស់របស់ក្មួយស្រីណាម្នាក់នៅក្នុងចំណោមនេះ ឬបុរសណាម្នាក់នៅក្នុងចំណោមនេះ? យ៉ាងណាក៏ដោយ ការជួបជុំរបស់យើងបានធ្វើឡើងក្នុងគោលដៅដោះស្រាយបញ្ហាដែលយើងបាននិងកំពុងប្រឈម។ អម្បាញ់មិញ អភិបាលខេត្តស្ដីទីបានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការខូចខាតនៅក្នុងខេត្តពោធិ៍សាត់ ហើយក៏បានបញ្ជាក់អំពីអ្វីដែលបានទទួលនិងកិច្ចការត្រូវបន្ត។
ខ្ញុំសុំយកឱកាសនេះ សំដែងជូននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ដែលយើងបានប្រឈមជាមួយនឹងបញ្ហា(ទឹកជំនន់)នេះ។ កាលពីឆ្នាំ ២០២០ យើងបានជួបប្រទះនូវបញ្ហានេះ(ម្តងរួចហើយ)។ ជាការគួរឱ្យសោកស្ដាយ ពេលនោះ យើងមានការចែកនូវស្រូវពូជ ក៏ដូចជាស្បៀង។ ខ្ញុំមានគម្រោងមកកាន់ខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល ពេលនោះមានករណីកូវីដ-១៩ បានកើតឡើង ហើយដោយសារតែខ្ញុំប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ខ្ញុំមិនអាចធ្វើដំណើរមកកាន់ទីនេះ ដោយរំលងនូវវិធានការណ៍សុខាភិបាលដែលបានកំណត់ថា ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ(នោះទេ)។ ខ្ញុំក៏បានបញ្ជូនកូនប្រុសរបស់ខ្ញុំ ឱ្យធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់នេះ តំណាងខ្ញុំចែកស្រូវពូជនិងស្បៀងអាហារជូនប្រជាជនយើង។
ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តម នាយឧត្តមសេនីយ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានដឹកនាំចលនានេះ ជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបជាមួយនឹងបញ្ហាទាំងឡាយនៅក្នុងខេត្តពោធិ៍សាត់និយាយដោយឡែក និងនិយាយរួម គឺនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលយើងបានជួបប្រទះទាក់ទងនឹងជំនន់ទឹកភ្លៀងនេះ។ មានការខូចខាតក្នុងកម្រិតខុសៗគ្នា ពីខេត្តមួយទៅកាន់ខេត្ត ហើយពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅកាន់តំបន់មួយ។ ក៏ប៉ុន្តែ បើទោះបីមានការខូចខុសគ្នាអំពីទំហំនៃការខូចខាត ក៏ប៉ុន្តែ ចំណុចរួមរបស់វា គឺខូចខាតតែទាំងអស់គ្នាហ្នឹង។ គ្រាន់តែខូចតិច និងខូចច្រើនតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលមិនបានព្រងើយកន្ដើយជាមួយនឹងអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះទេ។ អន្តរាគមន៍ថ្នាក់ក្រោមជាតិ បានធ្វើជាបន្ទាន់ ជាមួយនឹងការចូលរួមរបស់អាជ្ញាធរ ក៏ដូចជាកាកបាទក្រហមកម្ពុជានៅតាមថ្នាក់នីមួយៗ និងសប្បុរសជនក៏បានចូលរួមដោះស្រាយបញ្ហានេះ។
ត្រង់នោះហើយ ដែលយើងបញ្ចៀសបាន។ បើប្រៀបធៀបនឹងឆ្នាំ ២០០០ ចំនួនមនុស្សស្លាប់ បណ្ដាលមកពីគ្រោះទឹកជំនន់នេះមានតិចតួចបំផុត។ ឆ្នាំ ២០០០ យើងមានគ្រោះថ្នាក់(ដល់បាត់បង់)ជីវិតមនុស្សជាច្រើន។ ពិតមែនហើយ ការគ្រោះថ្នាក់ចំពោះកុមារចំនួន ១១ នាក់នៅឯខេត្តកណ្ដាល មិនមែនជាគ្រោះទឹកជំនន់នោះទេ តែជាឧបទ្ទវហេតុគួរឱ្យសោកស្ដាយ … ដោយសារក្រឡាប់ទូក ក្នុងពេលដែលពួកគេចាកចេញពីការរៀន … ប៉ុន្តែបទពិសោធន៍ដែលយើងបានឆ្លងកាត់ តាំងពីឆ្នាំ ២០០០ និងជាបន្តបន្ទាប់ តាំងពីពេលមុន យើងបានបញ្ចៀសគ្រោះថ្នាក់បណ្ដាលមកពីគ្រោះទឹកជំនន់នេះ នោះគឺជារឿងគួរឱ្យអបអរ។ យើងក៏មានការសោកស្ដាយដោយសារតែការប្រែប្រួលអាកាសធាតុ បង្កើតទៅជាបញ្ហាដ៏ធ្ងន់សម្រាប់ប្រទេសរបស់យើងផង សម្រាប់តំបន់ និងពិភពលោកនេះផងដែរ។
(២) ស្រូវពូជសំរាប់តំបន់មានប្រភពទឹក ពូជដំណាំផ្សេងៗ ដល់តំបន់ខ្វះប្រភពទឹក, មួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០ គីឡូ ស្មើគ្នា, អ្នករកស៊ីមានបាន ចែករំលែកទៅអ្នកក្រខ្សត់តាមរយៈរាជរដ្ឋាភិបាល, អរគុណអ្នកពោធិ៍សាត់ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, មិនទុកជនណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារ ដោយមិនបានដឹងមិនបានដោះស្រាយ …
យើងខិតខំដោះស្រាយបញ្ហារបស់យើង ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋ។ មិនគ្រាន់តែបញ្ហាស្បៀងទេ តែយើងត្រូវផ្ដោតសំខាន់ទៅលើបញ្ហាពូជ សម្រាប់ការស្ដារឡើងវិញនូវជីវភាពរបស់(ប្រជាពលរដ្ឋ)។ ឯ ការដោះស្រាយស្បៀង គ្រាន់តែជាបញ្ហាបណ្ដោះអាសន្ន ឆ្លងកាត់ដំណាក់កាលខ្លីៗតែប៉ុណ្ណោះ។ ដើម្បីរយៈពេលវែង គឺការដោះស្រាយពូជជូនប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពបង្កបង្កើនផល។ បើយោងទៅលើបញ្ហាទឹកដែលកំពុងស្រកយឺត វាក៏ផ្ដល់ឱកាសសម្រាប់ឱ្យយើងបង្កបង្កើនផលតទៅទៀត ជាពិសេសដំណាំស្រូវនេះឯង។ យើងបានដឹងហើយថា ការជួបប្រទះគ្រោះធម្មជាតិនេះ មិនមែនគ្រប់តែក្រុមគ្រួសារទាំងអស់ទទួលនូវស្រូវពូជនោះទេ។ យើងផ្ដល់ស្រូវពូជសម្រាប់តែតំបន់ណាដែលអាចមានលទ្ធភាពស្ដារឡើងវិញបានតែប៉ុណ្ណោះ។ ឯតំបន់ដទៃទៀត យើងនឹងធ្វើអន្តរាគមន៍ផ្សេង តាមរបៀបនៃការដោះស្រាយពូជដំណាំដទៃទៀត ដែលអាចជាពូជដំណាំក្នុងរយៈពេលខ្លី គេហៅថា ដំណាំរួមសន្សំ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់ដីដែលពុំមានប្រភពទឹកគ្រប់គ្រាន់នោះ បង្កបង្កើនផលក្នុងរយៈពេលខ្លី …។
បងប្អូនប្រជាពលរដ្ឋ … ដែលមកជួបជុំគ្នាទាំង ៥ ១៤៥ គ្រួសារនេះ នឹងទទួលយកស្រូវពូជនេះ ទៅបង្កបង្កើនផល។ ខ្ញុំក៏សូមបញ្ជាក់ថា មុននោះយើងបានកំណត់ថា អ្នកដែលមានស្រែចាប់ពីកន្លះហិកតាចុះ យើងជូនស្រូវពូជចំនួន ៥០ គីឡូ ឯអ្នកដែលមានដីទំហំកន្លះហិកតាឡើងលើ យើងជូនស្រូវពូជចំនួន ១០០ គីឡូ។ ប៉ុន្តែគោលការណ៍នេះ ត្រូវបានលុបចោលតាំងពីប៉ុន្មានថ្ងៃមុនរួចមកហើយ។ យើងមិនកំណត់ផ្ទៃដីតូចឬធំទេ គឺយើងផ្ដល់ជូនគ្រួសារនីមួយៗ ចំនួន ១០០ គីឡូក្រាម ស្មើៗគ្នាតែម្ដងដើម្បីយកទៅប្រើប្រាស់ … បងប្អូនមួយចំនួនដែលមានដីតូច គឺអាចសល់ស្រូវពូជ។ ការសល់ស្រូវពូជនេះ បងប្អូនអាចចែករំលែកតារយៈការឱ្យខ្ចី តាមរយៈការលក់ ឬតាមរយៈការឱ្យទៅចំពោះគ្រួសារដែលមានដីធំជាង ព្រោះគ្រួសារខ្លះអាចមានតម្រូវការពូជលើសពីអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូននៅថ្ងៃនេះ។ អញ្ចឹង ច្បាស់ជាមានតម្រូវការពូជបន្ថែម ក្នុងពេលយើងនៅសល់ស្រូវពូជ។ ដូច្នេះ កសិករតែងមានទម្លាប់ផ្លាស់ប្ដូរគ្នា (ឬ)ខ្ចីគ្នាបណ្ដោះអាសន្ន ឬក៏ទិញដូរគ្នា ដើម្បីបន្ថែមជាមួយនឹងការដោះស្រាយបញ្ហាកង្វះពូជ។ គ្រួសារខ្លះសល់ពូជនិងគ្រួសារខ្លះខ្វះពូជ វិធីសាស្ត្រមានតែនិយាយគ្នាក្នុងចំណោមប្រជាពលរដ្ឋ។ នេះជាទម្លាប់របស់ប្រជាពលរដ្ឋរបស់យើងតាំងពីដើមមក។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលយក ហើយធ្វើការខិតខំប្រឹងប្រែង(បន្តទៅទៀត)។
ខ្ញុំក៏សុំយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះមហាក្សត្រ ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ក៏ដូចជា សម្តេចព្រះ(វរ)រាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ចំពោះប្រជាពលរដ្ឋ។ ព្រះអង្គក៏មានព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងចែករំលែកការលំបាករបស់បងប្អូនផងដែរ។ ថ្ងៃនេះ ខ្ញុំមានវត្តមាននៅទីនេះ តែបន្ទាប់ពីនេះខ្ញុំត្រូវទៅខេត្តកំពង់ឆ្នាំង។ ថ្ងៃស្អែកខ្ញុំនឹងចូលទីក្រុងភ្នំពេញ ដើម្បីដោះស្រាយកិច្ចការមួយចំនួននៅទីនោះ ព្រោះមិនអាចអាក់ខានបានទេ តាមប្រតិទិនដែលបានកំណត់ ស្តីពីច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ ២០២៣ នឹងត្រូវប្រជុំនៅថ្ងៃទី ២៨ (តុលា ២០២២)នេះ។ បន្ទាប់ពីនេះខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ។ បន្ទាប់ទៅក៏ទៅកាន់ខេត្តព្រៃវែង ដែលជាខេត្តសុទ្ធតែមានការរងផលប៉ះពាល់ធ្ងន់ៗ ដែលចាំបាច់ត្រូវមានអន្តរាគមន៍ថ្នាក់ជាតិតែម្តង។ ខ្ញុំគ្មានសិទ្ធិឈឺ ហើយក៏គ្មានសិទ្ធិថ្ងូរនោះដែរ ព្រោះថ្ងូរក៏មិនដឹងថាថ្ងូរ ដាក់អ្នកណា។ យប់មិញនេះភ្ញាក់មុនម៉ោង ៤ (ទៀបភ្លឺ) កេះកុញៗ ផ្ញើសារសម្លេង ត្រង់អ្នកណាបើកឬមិនបើក អាហ្នឹង គឺ(រឿងរបស់គេ)ផ្សេង ដើម្បីត្រៀមរៀបចំកិច្ចការដែលត្រូវធ្វើនៅពេលខាងមុខបន្តទៅទៀត។
ថ្ងៃនេះ ខ្ញុំក៏ចង់បញ្ជាក់បន្ថែមបន្តិច។ ខេត្តពោធិ៍សាត់របស់យើងនេះ កន្លងទៅបានទទួលអង្កររបស់លោកឧកញ៉ា ទ្រី ភាព ចំនួន ១៥០ តោន រួចមកហើយ ដោយមិនគិតពីអ្វីដែលមាននៅថ្ងៃនេះទេ … ខ្ញុំទុកជូនខេត្តនេះនូវអង្ករ ចំនួន ២០០ តោនបន្ថែមទៀត ដើម្បីឱ្យអាជ្ញាធរធ្វើការបែងចែកទៅកាន់ប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង។ លោកឧកញ៉ា វិញ ហួរ ដែលជាអ្នកមានស្រុកកំណើតនៅក្នុងខេត្តនេះ ក៏បានចូលរួម(អង្ករ) ចំនួន ១០០ តោន។ យប់មិញនេះ ខ្ញុំទទួលបាននូវអង្ករ ចំនួន ៥០០ តោន (ក្នុងនោះបាន)ពីក្រុមហ៊ុន ជីប ម៉ុង ចំនួន ៣០០ តោន និងពី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ម ដានី (ចំនួន) ១០០ តោន។ លោកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ចំនួន ១០០ តោន។ ខ្ញុំសូមប្រកាសបែងចែកពីទីនេះ គឺ(អង្ករ)ទទួលបានពីឧកញ៉ា វិញ ហួរ ត្រូវប្រគល់ជូនខេត្តពោធិសាត់ ចំនួន ១០០ តោន។ ឯ(អង្ករ)ទទួលបានពីក្រុមហ៊ុន ជីប ម៉ុង សុំប្រគល់ជូនខេត្តពោធិសាត់ ចំនួន ២០០ តោនទៀត។ ដូច្នេះ ខេត្តមានលទ្ធភាព ប្រើប្រាស់អង្ករ ចំនួន ៣០០ តោននោះ ជួយចំពោះប្រជាពលរដ្ឋរបស់យើង ដែលមិនមានវត្តមាននៅថ្ងៃនេះទេ ក៏ប៉ុន្តែពួកគាត់ជួបការលិចលង់ដែរ។
សូមឱ្យអាជ្ញាធរយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ឯចំពោះអង្កររបស់ក្រុមហ៊ុន ជីប ម៉ុង នៅសល់ ចំនួន ១០០ តោនទៀត ខ្ញុំសូមប្រកាសពីទីនេះ ជូនទៅខេត្តបន្ទាយមានជ័យ ចំនួន ១០០ តោន និងជូនទៅខេត្តកំពង់ធំបន្ថែមទៀត។ សូមឯកឧត្តម គន់ គីម កត់ត្រាលើបញ្ហានេះ ដើម្បីត្រៀមរៀបចំបង្វែរទិសការដឹកជញ្ជូននេះឱ្យបានត្រឹមត្រូវ។ ដោយឡែក អង្កររបស់លោក(ឧកញ៉ា) បណ្ឌិត ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា គឺនឹងផ្ដល់ជូនខេត្តកំពងឆ្នាំង ដែលប៉ុន្មានម៉ោងទៀតខ្ញុំនឹងទៅដល់ទីនោះ ហើយបាយថ្ងៃត្រង់នៅទីនោះ។ អង្ករដែលទទួលបានពី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ម ដានី ប្រគល់ជូនទៅខេត្តព្រៃវែង ១០០ តោន។ ខ្ញុំសូមយកឱកាសនេះ អរគុណ ចំពោះសប្បុរសជននានា ដែលបានផ្ដល់ជាអង្ករ ឬថវិកា សម្រាប់ជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរបស់យើង។ នេះហៅថា សិល្បៈឬវប្បធម៌នៃការចែករំលែក ដែលអ្នកមានលទ្ធភាពជួយដល់អ្នកខ្វះលទ្ធភាព។ ពិតមែនហើយ ពួកប្រឆាំងអាចថាយើងកៀងគរ ទៅរៃ(អង្គាស)គេ ក៏ប៉ុន្តែនេះជាសណ្ដានចិត្តរបស់អ្នកដែលរកស៊ីមានបាន ចែករំលែកទៅកាន់អ្នកក្រខ្សត់ ប៉ុន្តែ គេធ្វើទៅតាមរយៈរាជរដ្ឋាភិបាល។ មានកន្លែងខ្លះ ព្រះសង្ឃ និងអ្នកមានលទ្ធភាពរបស់យើងធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋរងគ្រោះ ដែលខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយដល់ប្រជាពលរដ្ឋរបស់យើងក្នុងគ្រាលំបាក។ រាជរដ្ឋាភិបាលមិនទាន់ក្ស័យធននោះទេ ក៏ប៉ុន្តែការចូលរួមដ៏មានតម្លៃនេះ ផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើន ដើម្បីចាត់ចែងទៅកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំសូមយកឱកាសនេះផងដែរ ដើម្បីបញ្ជាក់ជូនបន្តិច។ ខ្ញុំក៏មិនភ្លេចជាមួយនឹងការថ្លែងអំណរគុណជាពិសេសជូនដល់អ្នកពោធិ៍សាត់ សម្រាប់ការគាំទ្រការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ក្នុងរយៈពេលកន្លងទៅ គឺការបោះឆ្នោតឃុំ-សង្កាត់ គឺឈ្នះភ្លូកទឹក/ដី តែម្តងនៅក្នុងខេត្តពោធិ៍សាត់និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយជារួម។ ខេត្តពោធិ៍សាត់ គឺជាខេត្តដែល(មាន)អត្រាគាំទ្រខ្ពស់ណាស់ សម្រាប់គណបក្សប្រជាជន។ កាលពីឆ្នាំ ២០០៨ ខេត្តពោធិ៍សាត់បានវាយដាច់ (គឺ)ស៊ីទាំង ៤ កៅអីតែម្តង ឥឡូវ យោងទៅលើលទ្ធផល ដែលឆ្លុះបញ្ចាំងពីការបោះឆ្នោតឃុំ-សង្កាត់ យើងអាចទទួលទាំង ៤ អាសនៈ នៅក្នុងខេត្តពោធិ៍សាត់។ សង្ឃឹមជឿជាក់ទៅលើការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ នឹងបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត ដើម្បីយើងទទួលបាន ៤ កៅអីតែម្តង(នៅពេលខាងមុខ)។
បងប្អូនក៏បានឃើញហើយថា នៅពេលដែលបងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជន, គណបក្សប្រជាជនមិនដែលទៅណាចោលបងប្អូននោះទេ។ ពេលបងប្អូនជួបប្រទះបញ្ហា ជាក់ស្តែងឆ្នាំ ២០២០ រហូតមកដល់ ២០២២ នេះ យើងនៅជាមួយគ្នាក្នុងគ្រាលំបាក ទាំងដំណាក់កាលមានគ្រោះទឹកជំនន់ផង មានបញ្ហាកូវីដ-១៩ ផង គឺយើងដោះស្រាយ។ ពិតមែនហើយ អ្វីដែលគួរឲ្យសោកស្តាយគឺកូវីដ-១៩ បានវាយប្រហារទូទាំងពិភពលោក រាប់ទាំងកម្ពុជា។ ប្រជាជនខេត្តពោធិ៍សាត់មួយចំនួនក៏បានស្លាប់ដោយសារ កូវីដ-១៩។ ប្រជាជនយើងបានស្លាប់អស់ចំនួន ៣ ០០៦ នាក់ ដែលនេះគឺជាការសោកស្តាយ ប៉ុន្តែយើងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាតាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន បង្ហាញច្បាស់ពីការទទួលខុសត្រូវរបស់យើង ដោយយើងមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយខ្វះស្បៀងអាហារ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ឬក៏ទាក់ទងនឹងបញ្ហាជំងឺ កូវីដ-១៩ ដែលយើងមិនផ្តល់អ្វីសម្រាប់ការជួយចំពោះពួកគាត់នោះទេ ជាពិសេសវ៉ាក់សាំងបានចាក់ស្រោចសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំក៏ចង់សួរថា តើនៅក្នុងកន្លែងរបស់យើងនេះ មានបងប្អូនប៉ុន្មានទៅ ដែលបានចាក់វ៉ាក់សាំងរួចហើយ សុំលើកដៃបន្តិចមើល … បានសេចក្តីថា ចាក់ហើយអស់ហើយ។
ខ្ញុំអរគុណណាស់ ដែលប្រជាពលរដ្ឋរបស់យើងបានចូលរួមនិងបានស្តាប់ការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តនូវវិធានការសុខាភិបាល ដែលយើងហៅថា ៣ កុំ ៣ ការពារ នៅក្នុងនោះមានការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាត ជាពិសេសនិយាយបែបថា អនាម័យ ការពារខ្លួន ការពារគ្រួសារ ហើយជាពិសេសការទទួលយកវ៉ាក់សាំង ទាំងដូសទី ១ ដូសទី ២ ដូសទី ៣ ឥឡូវប្រហែលជាដូសទី ៤ ក៏មិនដឹង ព្រោះយើងបានដើរដល់ដូសទី ៤ ទៅហើយ ប្រហែលជានៅទីនេះ អាចមានមួយចំនួនដូសទី ៣ អាចមានមួយចំនួនដូសទី ៤ ហើយក៏អាចមានមួយចំនួន បើសិនជាបងប្អូនណាទើបនឹងទទួលដូសទី ២ គប្បីអញ្ជើញទទួលដូសទី ៣ ហើយអ្នកដែលទទួលដូសទី ៣ នៅពេលទីកន្លែងវ៉ាក់សាំងត្រូវចាក់ ក៏សុំទទួលនូវវ៉ាក់សាំងដូសទី ៤។
ក៏ខ្ញុំសុំបញ្ជាក់ជូនប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ថ្ងៃនេះកម្ពុជាមិនមានការឆ្លង កូវីដ-១៩ សូម្បី ១ ករណី។ អញ្ចឹងយើងមានរយៈពេល ៥ ថ្ងៃហើយ ដែលយើងអត់មានការឆ្លងជំងឺសូម្បី ១ ករណី។ កាលពីប៉ុន្មានខែមុននោះ យើងមានរយៈពេល ៥២ ថ្ងៃ អត់មានអ្នកឆ្លង។ ឥឡូវនេះ យើងមាន ៥ ថ្ងៃអត់មានអ្នកឆ្លង ប៉ុន្តែអ្វីដែលសំខាន់ ៦ ខែរួចមកហើយ យើងគ្មានមនុស្សណាម្នាក់ស្លាប់ដោយសារ កូវីដ-១៩នោះទេ។ នៅក្នុងស្ថិតិដែលយើងមានអ្នកជំងឺទូទាំងប្រទេស សព្វថ្ងៃនេះ ពីម្សិលមិញនេះ ដូចជាមានត្រឹមតែ ៣ នាក់ប៉ុណ្ណោះ។ ហើយ ៣ នាក់នេះទៀតសោត មូលហេតុដែលគាត់មិនព្យាបាលនៅផ្ទះគាត់ គាត់មកមន្ទីរពេទ្យ ប្រហែលជាករណីខ្លះផ្ទះតូចពេកដែលអាចនឹងរំខាន ឬឆ្លងទៅដល់កូន/ចៅ។ គាត់ត្រូវមកសម្រាកនៅមន្ទីរពេទ្យ។
ចំណុចនេះហើយដែលធ្វើឲ្យយើងអាចបើកសាលារៀនឡើងវិញ អាចបើកសេដ្ឋកិច្ចឡើងវិញ និងធ្វើអ្វីៗឡើងវិញទៅតាមរបៀបថ្មីរបស់យើង។ របៀបថ្មីនោះ គឺដូចជាការដែលយើងបានដំណើរការនេះ យើងមានពាក់ម៉ាស កាលពីដើម យើងមិនដែលពាក់ម៉ាសទេ តែឥឡូវសភាពការណ៍វាតម្រូវយ៉ាងដូច្នេះ។ ឥឡូវនេះ ការពាក់ម៉ាសមិនមែនជាកាតព្វកិច្ចទៀតទេ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងនៅតែទទួលយកនូវការរក្សាសុខភាព តាមរយៈការស្ម័គ្រចិត្តពាក់ម៉ាស អ្នកពាក់ក៏ពាក់ទៅ អ្នកមិនពាក់ទេ ក៏គ្មានអ្នកណាផាកពិន័យទេ ប៉ុន្តែភាគច្រើន គឺដូចជាចូលក្នុងហ្វូងមនុស្សច្រើនអញ្ចឹង គាត់ពាក់ម៉ាស។ ហ្នឹងអាចចាត់ទុកថា យើងបានរួមគ្នាថ្នាក់លើរហូតដល់ក្រោម ជាពិសេសការទទួលយករបស់ប្រជាជន ជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩។
(៣) តំបន់សមាហរណកម្មផ្លូវ ៥៦ វាលវែង ថ្មដា ក្លាយជាតំបន់មានការអភិវឌ្ឍ, ងើបឈរឡើងប្រឆាំងជនក្បត់ជាតិ និងបក្សនយោបាយដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិ ធានាការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាព, អ្នកពោធិ៍សាត់ ៩៣% បោះឆ្នោតជូនគណបក្សប្រជាជន, នឹងដើរសួរសុខទុកតាមបណ្ដាខេត្ត ជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ពិនិត្យមើលការងារដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
កូវីដ-១៩ ផង គ្រោះមហន្តរាយដោយទឹកជំនន់ផង។ គ្រោះធម្មជាតិនេះ វាបង្កការលំបាកដល់យើង ក៏ប៉ុន្តែដោយសារតែយើងរួមគ្នា ដោយសារតែយើងមានសន្តិភាព ដោយសារតែយើងមានស្ថិរភាពនយោបាយ ទើបយើងអាចជំនះបាននូវការលំបាកនេះ។ ទឹកដីពោធិ៍សាត់ធ្លាប់បានដឹងរសជាតិស្តីអំពីបញ្ហាសង្គ្រាមរួចហើយ យើងក៏ទើបបញ្ចប់សង្គ្រាមនៅក្នុងទឹកដីពោធិ៍សាត់ នៅឆ្នាំ ១៩៩៦ នៅពេលដែលយើងចាប់ផ្តើមធ្វើសមាហរណកម្ម តាមផ្លូវជាតិលេខ ៥៦ ពីភ្នំក្រវាញ គឺតំបន់វាលវែង ថ្មដាអី យើងធ្វើសមាហរណកម្មអស់។ ឥឡូវតំបន់ទាំងនោះក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ហើយនឹងមានច្រកពាណិជ្ជកម្មរវាង កម្ពុជា-ថៃ នៅឯថ្មដា ព្រំដែន កម្ពុជា-ថៃ ដែលអាចចាត់ទុកថា ជាច្រកនាំចេញ/ចូលនៅក្នុងតំបន់នេះ។
អ្នកពោធិ៍សាត់ក៏ទទួលបានផ្លូវ ដែលភ្ជាប់ពីពោធិ៍សាត់កាត់តាមវាលវែង ទៅដល់ព្រំដែន កម្ពុជា-ថៃ ដែលមានផ្លូវក្រាលកៅស៊ូ ប៉ុន្តែមិនត្រឹមប៉ុណ្ណឹងទេ បន្តិចទៀត អ្នកពោធិ៍សាត់អាចធ្វើដំណើរចេញពីពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង តាមរយៈផ្លូវដែលឆ្លងកាត់តាមតំបន់វាលវែង ចូលទៅខេត្តកោះកុង ហើយក៏អាចធ្វើដំណើរទៅកាន់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង មិនចាំបាច់ទៅតាមផ្លូវជាតិលេខ ៥ ក៏អាចធ្វើទៅរួច។ នេះក៏ដោយសារកត្តាសន្តិភាពដែលយើងរកបានដោយលំបាក។ យើងលំបាកណាស់ ទម្រាំមានសន្តិភាព ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន ទោះបីតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងពួកក្រុមបំផ្លាញសន្តិភាពនេះ។ ពីរថ្ងៃមុននេះ គេមិនត្រឹមតែជេរត្រឹមខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង។ ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ងើបឈរឡើងប្រឆាំងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិនេះដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាព នៃទឹកដីរបស់យើង។ សុំចូលរួម។
អ្នកទាំងឡាយដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងគណបក្សដែលក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រនេះ ត្រូវតែចាកចេញ ផ្តាច់ខ្លួនចេញអំពីក្រុមជនក្បត់ជាតិនេះ បើមិនដូច្នោះ អ្នកអាចរងទទួលនូវផលពិបាកផ្សេងៗ។ នេះមិនមែនជាការគំរាមកំហែងទេ ក៏ប៉ុន្តែនេះជារឿងពិតនៅក្នុងប្រទេសមួយ មិនអាចអនុញ្ញាតអោយមានបក្សក្បត់ជាតិបាន បក្សណាក៏ដោយដែលផ្សារភ្ជាប់ខ្លួនជាមួយជនក្បត់ជាតិនេះចាំបាច់ត្រូវតែពិនិត្យមើលដោយតុលាការ។ យើងក៏មិនទុកអោយជនក្បត់ជាតិនេះនៅបន្តការរំខាន(បានទេ)។ បើជេរត្រឹមតែនាយករដ្ឋមន្ត្រីវាមិនអីទេ ក៏ប៉ុន្តែកាលពីប៉ុន្មានថ្ងៃកន្លងទៅវាជេរព្រះមហាក្សត្រ។ ឥឡូវវាជេរព្រះមហាក្សត្រទៀតហើយ រហូតវាប្រើពាក្យថាព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច។
ឯយើងគោរពព្រះមហាក្សត្រ ព្រោះប្រទេសរបស់យើងជាប្រទេសរាជានិយម ព្រះមហាក្សត្រព្រះអង្គគង់ជាព្រះប្រមុខរដ្ឋ ព្រះអង្គមិនទាក់ទិននឹងនយោបាយទេ។ ហេតុអ្វីបានជាគេទៅដៀលព្រះមហាក្សត្រ ប្រមាថព្រះមហាក្សត្រយ៉ាងដូច្នេះ? ល្មមដល់ពេលហើយ បងប្អូនដែលរស់នៅក្នុងបក្សមួយដែលខ្ញុំមិនចេញឈ្មោះទេ ក៏ប៉ុន្តែបានផ្សារភ្ជាប់ជាមួយជនក្បត់ជាតិ ៣ជំនាន់នេះ សូមអោយប្រញាប់ផ្ដាច់ខ្លួនចេញ ហើយទៅរួមជាមួយបក្សនយោបាយផ្សេងៗទៅ កុំនៅជាមួយបក្សនេះបើនៅជាមួយបក្សនេះគឺមានហានិភ័យដែលឈានទៅដល់ការអនុវត្តច្បាប់ ប្រសិនបើរកឃើញថាមានទំនាក់ទំនងជាមួយជនក្បត់ជាតិមួយនេះ។ ព្រះសង្ឃនិងប្រជាពលរដ្ឋកំពុងចេញសារថ្កោលទោស(ជនក្បត់) ព្រោះវាចេញជាឃ្លីបវីដេអូ និយាយយ៉ាងច្បាស់ទាក់ទងនឹងរឿងនេះ។
យើងមិនអាចទទួលយកបាននូវរឿងបែបនេះ យើងក៏មិនអាចព្រងើយកន្តើយមិនការពារចំពោះព្រះមហាក្សត្រនោះទេ ព្រះមហាក្សត្រព្រះអង្គមិនតបតទេ ប៉ុន្តែយើងក្នុងឋានៈជាប្រជាពលរដ្ឋដែលការពារព្រះមហាក្សត្រ ត្រូវតែរួមគ្នាដើម្បីការពារព្រះមហាក្សត្រ ការពាររបបរាជានិយមការពាររាជបល្ល័ង្ក។ សង្ឃឹមថាបងប្អូនដែលជាសមាជិក/ជិកាអ្នកគាំទ្រជនក្បត់ជាតិនេះ ចាកចេញពីបក្សដែលផ្សារភ្ជាប់ខ្លួននោះអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន កុំអោយមានទោសជាប់ខ្លួនដោយសារការប្រមាថចំពោះព្រះមហាក្សត្រ រឿងទង្វើក្បត់ជាតិទាំងឡាយដែលគេបានធ្វើក្នុងរយៈពេលកន្លងទៅ។
ខ្ញុំអរគុណណាស់ សម្រាប់ការជួបជុំនេះ ខ្ញុំគិតថា ខ្ញុំមិននិយាយច្រើនបន្តទៅទៀតទេ ដោយដឹងច្បាស់ថាបងប្អូនយប់មិញធ្វើដំណើរមកទាំងយប់ ហើយត្រូវត្រឡប់ទៅវិញ តែក៏មានទឹកសុទ្ធ នំប៉័ង ទឹកក្រូច។(សម្ដេចសំណេះសំណាលជាមួយប្រជាពលរដ្ឋ) បងបានពិសារនំបាំងនៅ? នៅទេចាំចេញពីហ្នឹងទៅចាំហូបតែម្ដង។ បានពិសារទឹកក្រូចទេ? ហូបទឹកសុទ្ធ។ នំបាំងត្រូវទឹករីក។ នៅឃុំណា? បាកាន។ បានអីធ្វើដំណើរមក? ឡានខាងគណៈកម្មការឃុំរៀបចំជូនដំណើរមក។ គេមានយកលុយទេ? អត់ទេ។ កាលមកតែខ្លួនមួយទេ ដល់ត្រឡប់ទៅវិញជិត ២០០ គីឡូក្រាម ហើយត្រូវដឹកទៅ។ ប៉ុន្តែរឿងយកមិនជាពិបាកប៉ុន្មានទេ រឿងអត់ទើបវាពិបាក អញ្ចឹងអរគុណណាស់ សូមអង្គុយចុះ។
ថ្ងៃនេះ បាននាំមកក្នុងចំនួន ៥ ១៤៥ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ខ្ញុំមិនចាំបាច់បញ្ជាក់គឺមាន…តែក៏ត្រូវតែនិយាយថានំបាំងសម្រាប់សម្រាល…ទទួលទានពេលណាក៏បានដែរព្រោះរបស់យើងទេ មានទឹកក្រូចទឹកសុទ្ធ ប៉ុន្តែសម្រាប់ជាមូលដ្ឋានស្រូវពូជ ១០០គីឡូ, មីចំនួន ១កេះធំដែលមាន ៦កេះតូច, ត្រីខមួយកេះធំមាន ១០០ កំប៉ុង, អង្ករមួយប៉ាវទំងន់ ៥០ គីឡូក្រាម និងថវិកាក្នុងម្នាក់ៗចំនួន ២០ ម៉ឺនរៀល។ ដោយឡែកជនពិការដែលមកចូលរួមនៅក្នុងពិធីនេះសម្រាប់ទទួលអំណោយ គឺផ្ដល់ថវិកាបន្ថែមក្នុងម្នាក់ ១ លានរៀល សម្រាប់ជនពិការ ១១ នាក់ ផងដែរ។ សង្ឃឹមថាបងប្អូនយើងមិនច្រណែនជាមួយហ្នឹងបងប្អូនជនពិការនោះទេ គាត់មានការលំបាកណាស់ទៅហើយ ហើយយើងផ្ដល់អោយគាត់បានច្រើនបន្តិច។
ខ្ញុំអរគុណណាស់សម្រាប់ការចូលរួមនៅទីនេះ ហើយពីទីនេះថ្លែងអរគុណចំពោះសម្ដេចព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋ ហើយខ្ញុំនឹងធ្វើដំណើរតទៅទៀត។ ប្រសិនបើពុំមានការប្រជុំនៅទីក្រុងភ្នំពេញទេ ប្រហែលជាខ្ញុំបន្ត។ ប៉ុន្តែបន្តិចទៀតមិនយូរប៉ុន្មាន គឺការប្រជុំអាស៊ាននឹងមកដល់។ ដូច្នេះខ្ញុំត្រូវតែធ្វើកិច្ចការទាក់ទងនឹងកិច្ចការបរទេសនៅទីក្រុងភ្នំពេញប្រមាណជាមួយសប្ដាហ៍ បន្ទាប់ទៅខ្ញុំត្រូវចេញពីប្រទេសទៅឥណ្ឌូនេស៊ីដើម្បីប្រជុំ ហើយត្រឡប់មកប្រទេសថៃដើម្បីប្រជុំទៀត។ ដូច្នេះអាចប្រើពេលប្រហែលជា ២សប្ដាហ៍ ក្រៅពីនោះខ្ញុំនឹងដើរសួរសុខទុកតាមបណ្ដាខេត្ត ប៉ុន្តែមិនមែនដើរចែកជំនួយព្រោះដល់ពេលនោះហួសពេលដើរចែកជំនួយហើយ ប៉ុន្តែដើរជួបមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដើម្បីពិនិត្យមើលការងារអំពីការរីកចម្រើន ការខ្វះខាតដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់យើង។
ខ្ញុំសូមអរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ … ជូនសាលាក្រុងពោធិ៍សាត់ចំនួន ២លានរៀល ហើយក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀលផងដែរសម្រាប់ការផ្ដល់ទីនេះ។ តាមរយៈបងប្អូននៅទីនេះ អនុញ្ញាតអោយខ្ញុំបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះក្រុមគ្រួសារដែលមិនបានមកជួបជុំ ហើយតាមរយៈបងប្អូនឱ្យខ្ញុំផ្ដាំថ្លែងនូវការអរគុណសម្រាប់ការបោះឆ្នោតជូនគណបក្សប្រជាជន ដែលក្នុងអត្រានៃការបោះឆ្នោតនៅទូទាំងខេត្តពោធិ៍សាត់មានរហូតទៅដល់ ៩៣% ជាអត្រាខ្ពស់ណាស់ … អោយគណបក្សប្រជាជន។ សង្ឃឹមថា ៩៣% នេះ សម្លេងដែលបោះឆ្នោតឃុំកន្លងទៅ នៅតែបន្តបោះសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនៅពេលខាងមុខ។ ច្បាស់ណាស់ថាពួកប្រឆាំងនិងបក្សដទៃគេថាខ្ញុំនឹងដើរឃោសនាបោះឆ្នោត។ បើកន្លងទៅជាក់ស្ដែងប្រជាពលរដ្ឋនៅកន្លែងហ្នឹងបោះឆ្នោតអោយមែន ខ្ញុំគ្រាន់តែប្រាប់បន្ថែមថា បោះឥឡូវហ្នឹងហើយ បោះបន្ថែមនៅឆ្នាំក្រោយទៀត អត់មានអីខុសទេ។
ម៉្យាងទៀត ពេលដែលមានអាសន្នអន់ក្រ គេថាឃើញតែពួកមុខដដែលៗ។ អ្នកមុខដដែលនឹងវាយកអង្ករមកជួយប្រជាជន យកស្រូវមកជួយប្រជាជន។ ឥឡូវធ្វើម៉េចបើមុខអ្នកឯងមិនដឹងនៅឯណាផងហើយចាំដល់ខែបោះឆ្នោត ចាប់ផ្ដើមមករកសន្លឹកឆ្នោត … គេថាអ្នកកាន់អំណាចមុខដដែលៗ។ ប៉ុន្តែយើងមើលមុខពួកប្រឆាំងមុខដដែលដូចគ្នា។ អញ្ចឹងមានតែកាត់កចោលទាំងអស់គ្នា។ តែអញមិនលែងជាមួយឯងទេវើយ។ ឯងកាត់ៗខ្លួនឯងទៅ អញមិនលេងជាមួយទេ។ ពួកឯងចង់ទៅណាទៅៗ … ថាយើងឃោសនាបោះឆ្នោតអញ្ចេះអញ្ចុះ។ ពួកឯងដើរនិយាយរាល់ថ្ងៃ ថាបោះឆ្នោតអោយខ្ញុំផងតាមស្រុក។ តែខ្ញុំដាក់មេក្រូ ព្រោះខ្ញុំមានសិទ្ធនិយាយដាក់ក្បាលមេក្រូ។ ដោយសារបងប្អូនបោះឆ្នោត(អោយ)មែន ហើយបើមកដល់ហើយ មិនថ្លែងអំណរគុណមួយម៉ាត់ក៏មិនកើត។ ហើយតែថ្លែងអំណរគុណហើយ ក៏សូមអោយបោះអោយតទៅទៀតតែប៉ុណ្ណឹង។ ចុងបញ្ចប់ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕