រីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមក្នុងកម្មវិធី ២ កម្មវិធីទី ១ គឺសម្ពោធដាក់អោយប្រើប្រាស់ផ្លូវការនូវផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ដំណាក់កាលទី ១ ដែលតភ្ជាប់ពីទំនប់កប់ស្រូវដល់មហាវិថីសហព័ន្ធរុស្ស៊ី និងទី ២ បើកការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ទីក្រុង កំណាត់ផ្លូវទី ២, ១៦ គឺឡូម៉ែត្រ ហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះ ខ្ញុំក៏សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលនៅទីនេះ អោយបានជ្រាបថា តាមគម្រោងមហាវិថីដែលយើងកំពុងតែស្ថិតនៅទីនេះ នឹងដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៣ ខែ មេសា ប៉ុន្មានថ្ងៃខាងមុខនេះ មិនដល់មួយខែទេ បានសេចក្តីថា យើងដាក់អោយដំណើរការមុនចូលឆ្នំាខ្មែររបស់យើង ហើយកាត់បន្ថយការកកស្ទះ ក្នុងផ្លូវជាតិលេខ ២ ដែលយើងធ្លាប់ប្រើសព្វថ្ងៃនេះ។
ចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម នៃការកសាងផ្លូវខ្សែក្រវ៉ាត់ក្រុង
ថ្ងៃនេះ ក៏ជានិមិត្តរូប នៃចំណងសាមគ្គីភាពរវាងកម្ពុជា ចិន និងវៀតណាម ដែលបានមកធ្វើពិធីរួមគ្នា ជាមួយនឹងការដ្ឋានសំណង់ នៃផ្លូវខ្សែក្រវ៉ាត់ខាងក្រៅក្រុងផងដែរ។ មុននេះ កំណាត់ផ្លូវបានជួបការលំបាកយ៉ាងខ្លំាងទាក់ទងទៅនឹងទំនប់កប់ស្រូវមកដល់ផ្លូវសហព័ន្ធរុស្ស៊ី។ ពេលនោះយើងបានស្វះស្វែងរកថវិកាផ្ទាល់របស់យើងផង និងបានស្វះស្វែងរកថវិកាជំនួយឧបត្ភមពីមិត្តវៀតណាមផងដែរ ដែលទីក្រុងភ្នំពេញមានសម្ព័ន្ធមេត្រីភាពជាមួយនឹងទីក្រុងហាណូយ។ យើងបានធ្វើផ្លូវនេះរួចរាល់ ហើយដាក់អោយដំណើរការនៅថ្ងៃនេះជាមួយគ្នា។ តាមរយៈអនុប្រធានគណៈកម្មការប្រជាជនទីក្រុងហាណូយ ផ្ញើជូននូវការអរគុណចំពោះគណៈកម្មការប្រជាជនទីក្រុងហាណូយ និងផ្ញើជូនការអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
ប្តូរពីផ្លូវចាក់កៅស៊ូទៅផ្លូវចាក់បេតុង
បើយើងមិនច្រឡុំទេ យើងចាប់ផ្តើមដំបូង តាមរយៈឯកឧត្តមអតីតអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានសុំជំនួយឥតសំណងពីទីក្រុងហាណូយ កាលពីមុនហៅថាផ្លូវហាណូយ។ ឥឡូវនេះយើងប្តូរពីចាក់កៅស៊ូ ទៅចាក់បេតុង … ឥឡូវទំាងអាខ្សែទី ១ ពីផ្លូវជាតិលេខ ៥ កាត់ទំនប់កប់ស្រូវ មកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីផ្លូវជាតិលេខ ៤ គឺបេតុងទំាងអស់ហើយ។ បន្តមកទៀត មកដល់ទីនេះ គឺយើងចាក់បេតុងថែមទៀត។ ដោយសារតែយើងមិនអោយរថយន្តធំឆ្លងកាត់ទីក្រុង ដូច្នេះរថយន្តដឹកជញ្ជូនទំនិញជាដើម គឺឆ្លងកាត់នៅខាងក្រៅនេះ។ ក្រៅពីការអរគុណចំពោះតាមរយៈ នៃឯកឧត្តមប្រធានគណៈកម្មការប្រជាជនប្រចំានៅទីក្រុងហាណូយ Nguyen Van Suu ក៏ដូចជាឯកឧត្តម Thach Du អគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ញើជូនចំពោះរដ្ឋាភិបាល នៃសង្គមនិយមវៀតណាម ក៏ដូចជាចំពោះគណៈកម្មការប្រជាជនទីក្រុងហាណូយ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណតាមរយៈឯកឧត្តម Xiong Bo អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អោយកម្ពុជាមានលទ្ធភាពកសាងផ្លូវក្រវ៉ាត់ក្រុងនៅកំណាត់ផ្លូវទី ២ នេះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ មកទល់ស្ពានព្រែកសំរោង។
ការកើនឡើងនៃយានយន្ត និងការកកស្ទះចរាចរណ៍
អម្បាញ់មិញ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងខ្សែក្រវ៉ាត់ក្រុងមួយនេះ។ ទីក្រុងបច្ចុប្បន្នមិនមែនមានយានយន្តត្រឹមរាប់សិប ឬរាប់រយ ឬរាប់ពាន់នោះទេ។ សម័យមុនយើងនិយាយពីរាប់សិប យើងនិយាយពីរាប់រយ យើងនិយាយពីរាប់ពាន់ យើងនិយាយពីរាប់ម៉ឺន។ តែឥឡូវយើងអត់ទេ មួយទូទំាងប្រទេសនិយាយពីរាប់លានគ្រឿង នៃយានយន្ត។ កាលសម័យមុន មានកង់មួយស្មើនឹងមានម៉ូតូមួយ(គ្រឿង) មានម៉ូតូមួយស្មើនឹងមានឡាន Mercedes មួយ(គ្រឿង)។ ប៉ុន្តែ ឥឡូវយើងអត់មានដូច្នេះទៀតទេ។ ចរាចរណ៍របស់យើងកកស្ទះខ្លំាងណាស់។ ដូច្នេះហើយ បានជាយើងមានតម្រូវការនៃការសាងសង់កំណាត់ផ្លូវទី ២ ចំនួនជាង ១៦ គីឡូម៉ែត្រ ក៏ប៉ុន្តែជាង ១៦ គីឡូម៉ែត្រនេះ យើងត្រូវប្រើប្រាស់ថវិការហូតទៅដល់ប្រមាណជាង ៦១ លានដុល្លារសហរដ្ឋអាមេរិក ព្រោះថាជាផ្លូវដែលយើងត្រូវពង្រីកធំ ហើយក៏មានផ្លូវអាកាសនៅតាមផ្លូវនេះផងដែរ។
រួមជាមួយអគ្គរដ្ឋទូតចិនទៅបើកការដ្ឋានផ្លូវជាតិលេខ ៥១
ពេលដែលយើងមានផ្លូវនេះមួយហើយ វាមិនទាន់គ្រប់ទេ។ ពេលខាងមុខនេះ មិនយូរប៉ុន្មាន ខ្ញុំ និងឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នឹងរួមគ្នាទៅបើការដ្ឋានផ្លូវជាតិលេខ ៥១ មួយទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ មកផ្លូវជាតិលេខ ៤។ ការធ្វើយ៉ាងដូច្នេះ ដើម្បីបញ្ចៀសចរាចរណ៍ស្រទាប់ខាងក្នុងនេះ គឺជាស្រទាប់ ដែលយើងបញ្ចៀសចរាចរណ៍ពីទីក្រុងភ្នំពេញ តាមរយៈនៃការវៀងចរាចរណ៍ពីផ្លូវជាតិលេខ ៥ បញ្ចេញមកផ្លូវជាតិលេខ ៤ រួចហើយតាមរយៈពីផ្លូវជាតិលេខ ៤ ទៅផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ២ ហើយបើតាមផ្លូវជាតិរបស់យើងនេះ កាត់ទៅរកផ្លូវជាតិលេខ ១ តាមរយៈស្ពានព្រែកសំរោង ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅរបស់យើងនេះ។ ត្រឡប់មកវិញ វាក៏បានផ្តល់ឱកាសអោយប្រជាពលរដ្ឋយើង មិនចំាបាច់ចូលទីក្រុងភ្នំពេញតាមស្ពានព្រះមុន្នីវង្សទេ ក៏ប៉ុន្តែ ផ្តល់ឱកាសអោយប្រជាពលរដ្ឋដឹកជញ្ជូនបានឆ្លងកាត់តាមរយៈបំបែកពីផ្លូវជាតិលេខ ១ មកឆ្លងកាត់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ហើយចេញមកផ្លូវជាតិលេខ ២ តាមរយៈផ្លូវជាតិលេខ ២ គេចង់បែកទៅខាងណា អាហ្នឹងរឿងអ្នកធ្វើដំណើរ។ ប៉ុន្តែមួយស្រទាប់ទៀត យើងត្រូវធ្វើឆ្លងកាត់ដែលហៅថា ផ្លូវលេខ ៥១។ ពីមុននេះវាមានហើយ តែវាមិនមំា។ ឥឡូវយើងត្រូវការពង្រីកថែមនូវផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ ហើយដែលតភ្ជាប់ពីកំណាត់ត្រឹមវំាងចាស់ រហូតចាក់ធ្លាយចុះមកផ្លូវជាតិលេខ ៤ ហើយតភ្ជាប់ពីផ្លូវជាតិលេខ ៤ គឺគេអាចធ្វើដំណើរពីផ្លូវជាតិលេខ ៤ ឬកាត់ទៅកំពតតាមរយៈផ្លូវជាតិលេខ ៣ និងផ្លូវ ៤១ ទៀតផង។
កម្ពុជាខ្វះស្ពាន ២ ដើម្បីនឹងតភ្ជាប់ឲ្យបានខ្សែក្រវ៉ាត់ពិតប្រាកដមួយ
ដូច្នេះប្រជាពលរដ្ឋរបស់យើងមានជម្រើសច្រើនក្នុងការធ្វើដំណើរ។ យើងអត់ទាន់ចប់ទេ ដើម្បីអោយកើតទៅជាក្រវ៉ាត់ក្រុងមែនទែន នៅមានរឿងពីរ ដែលខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសជាផែនការ ហើយផែនការនេះកំពុងសិក្សា កំពុងរកឥណទានផងដែរ ដើម្បីអោយក្លាយជាខ្សែក្រវ៉ាត់ក្រុងពិតប្រាកដ។ យើងនៅខ្វះស្ពានពីរទៀត ដែលសុំមិត្តចិនចាប់អារម្មណ៍ដាក់បញ្ចូលក្នុងផែនការយូរអង្វែង “ខ្សែក្រវាត់មួយផ្លូវមួយ” ហើយខែ ៥ នេះ តាមខ្ញុំដឹងមានថ្ងៃ ១៤ និងថ្ងៃ ១៥ (ឧសភា) មានសន្និសីទកំពូលមួយ ទាក់ទងនឹងខ្សែក្រវ៉ាត់មួយផ្លូវមួយ នៅឯប៉េកាំង។ តាមដែលខ្ញុំដឹង វៀតណាមមានប្រធានាធិបតីរបស់វៀតណាមទៅចូលរួម ឯកឧត្តម Trần Đại Quang ហើយថ្ងៃមុន ឯកឧត្តម Bounnhang Vorachith ប្រធានាធិបតីឡាវមកចូលរួម ឯខ្ញុំក៏ទៅចូលរួមដែរ អញ្ចឹងអាហ្នឹង “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ប៉ុន្តែ សុំឯកឧត្តមកត់ត្រាទុកថា កម្ពុជាខ្វះស្ពាន ២ ដើម្បីនឹងតភ្ជាប់ឲ្យខ្សែក្រវ៉ាត់ពិតប្រាកដមួយ គឺខ្វះស្ពានពីជ្រោយចង្វារទៅស្វាយជ្រុំខាងអរិយក្សត្រ អាហ្នឹងគេហៅទន្លេមេគង្គលើ អាហ្នឹងគឺស្ពានមួយ។ មួយទៀតត្រូវកសាងស្ពានពីអរិយក្សត្រទៅក្តីតាកុយ ភ្ជាប់មកផ្លូវជាតិលេខមួយនេះទៀត អាហ្នឹងទន្លេមេគង្គក្រោមម្តង។ ហ្នឹងបានវិលមួយជុំតែម្តង មិនបាច់ចូលក្រុងភ្នំពេញនាំស្មុគទេ …។
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ
នេះជាផែនការមេមួយ ដែលយើងសម្រួលឲ្យប្រជាពលរដ្ឋរបស់យើង នៅក្នុងការធ្វើដំណើរ នៅក្នុងការដឹកជញ្ជូន និងការតភ្ជាប់ផ្ទៃក្នុងរបស់ប្រជាពលរដ្ឋរបស់យើង។ រឿងនេះពាក់ព័ន្ធជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង ដែលទាំងអស់គ្នាត្រូវចូលរួម ដើម្បីអភិវឌ្ឍទាំងអស់គ្នា។ យើងក៏ត្រូវការដៃគូអភិវឌ្ឍរបស់យើង ក្នុងហ្នឹងមានសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសដែលមានលទ្ធភាព ដើម្បីជួយយើងនៅក្នុងការធ្វើហេដ្ឋារចនាសម្ព័ន្ធបែបនេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរជូនសាលារាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វះស្វែងរកទុនផ្ទាល់របស់ខ្លួន និងក្នុងការស្វះស្វែងរកទុន ជាជំនួយពីសាធារណរដ្ឋសង្គមនិយមវៀតណាម ជាពិសេសពីទីក្រុងហាណូយ ដើម្បីកសាងខ្សែក្រវ៉ាត់មួយផ្នែក គឺតភ្ជាប់ពីផ្លូវជាតិលេខ ៦ មកទល់ផ្លូវជាតិលេខ ៤ របស់យើង។
ថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានខិតខំចរចាជាមួយមិត្តចិន ហើយស្វះស្វែងទុន ដើម្បីតភ្ជាប់ជាមួយនឹងផ្លូវជាតិរបស់យើងទៅកាន់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ហើយក៏សុំយកឱកាសនេះ សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលនៅតាមសងខាងផ្លូវ ដែលយើងត្រូវធ្វើនេះ។ នេះជាផលប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ នៅក្នុងពេលធ្វើតិច ឬច្រើនមានផលប៉ះពាល់ជាមួយផ្នែកនេះ ឬផ្នែកនោះ ដែលនៅសងខាងផ្លូវ នៅពេលធ្វើក៏មានការរំខានទៅដល់ប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលរស់នៅតាមដងផ្លូវ។ បន្ទាប់ពីការធ្វើផ្លូវរួច យើងនឹងទទួលផលប្រយោជន៍ទាំងអស់គ្នាពីការកសាងផ្លូវដ៏សំខាន់នេះ។ កាលពីឆ្នាំ ១៩៧៩ យើងមានជម្រើសត្រឹមតែដើរ ធ្វើម៉េចឲ្យមានផ្លូវដើរ ឬឲ្យមានផ្លូវជិះកង់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ឥឡូវនេះ វាមិនដូចពីឆ្នាំ ១៩៧៩ ទៀតទេ។ ស្ថានភាពបានផ្លាស់ប្តូរ ហើយផ្លាស់ប្តូរជាជំហានៗ ផ្លាស់ប្តូរជាបន្តបន្ទាប់ ពីការលំបាកមកកាន់ការងាយស្រួល ពីសង្គ្រាមមកកាន់សន្តិភាព ពីដំណាក់កាលដែលយើងមានត្រឹមកង់ មកមានម៉ូតូ ពីម៉ូតូមកកាន់ឡាន។ ដូច្នេះ ស្ថានភាពទាំងអស់នេះ បើយើងរក្សាឲ្យបានសន្តិភាព យើងរក្សាបាននូវការអភិវឌ្ឍរបស់យើងជាបន្តទៀត។
ការបែកសម្លេងសន្ទនារវាងសម្តេច និងលោក កឹម សុខា
ឆ្នាំនេះ យើងទៅរាំវង់នៅឯសៀមរាប ព្រោះអង្គរសង្រ្កាន្ត ប៉ុន្តែយើងគិតលេងរាំវង់ ថ្ងៃ ៣ ខែ ៤ ម្តងអី។ គិតទៅពីធីសម្ពោធកន្លែងណា។ យើងគិតសម្ពោធល្ងាចអី? ដើម្បីយើងរៀបចំពិធីរាំវង់មួយ ខាងណេះខេត្តកណ្តាល ខាងណោះភ្នំពេញ។ យើងដាក់ត្រង់ព្រំប្រទល់ម្តងអី? … ប្រយ័ត្នជាប់ពាក្យដកមិនរួច ព្រោះអញ្ចេះកម្មវិធីឥឡូវហ្នឹង មួយអាទិត្យៗអស់ទាស់ហើយ។ អាទិត្យមុនគឺថា ពេញណែនទាំងអស់ អាទិត្យនេះក៏ណែនទៀត។ ព្រឹកនេះគិតថានិយាយបន្តិចទៀតចប់ហើយ ដើម្បីល្ងាចនិយាយមួយគ្រែទៀត។ ការចែកសញ្ញាបត្រសម្រាប់និស្សិតទៅល្ងាចហើយ ព្រោះឥឡូវចែកល្ងាចបាន ចូលទៅកន្លែងម៉ាស៊ីនត្រជាក់តើ មិនដូចពីមុនទេ។ ធ្វើជាង ៣០ ឆ្នាំ គេថា ធ្វើអីក៏យូរម្ល៉េះ។ បើប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើ ហើយកុំមកដៀលថាសុទ្ធតែត្រៀម ខ្ញុំមិនដឹងថាគេត្រៀមយ៉ាងម៉េចទេ។ ទៅមុខក៏មិនទាន់ដល់ ទៅក្រោយក៏មិនទាន់ដល់ ហើយត្រៀមឡើងកាន់អំណាច ត្រៀមបង្រ្កាបគេទៀត។ ប៉ុន្តែ ឈ្នះហ្នឹង ខ្ញុំឮគេថាតាំងពី ១៩៩៨, ពី ១៩៩៨ ដល់ ឥឡូវ ១៩ ឆ្នាំ ឮតែឈ្នះ អត់ទៅណាសោះ … រួចមិនទាន់បានអំណាចគំរាមគេ។
ពីម្សិលម្ងៃ បែកការស្អីឯណា។ បែកការ មានអ្នកចេញមកថាអាហ្នឹងមែន។ ហើយចុះសម្តីខ្ញុំមែន។ ខ្ញុំនិយាយអញ្ចឹងមែន។ អ្នកនយោបាយគេនិយាយអញ្ចឹងណា ត្រង់ធ្វើតាម មិនធ្វើតាម អាហ្នឹងរឿងរបស់អ្នកឯងទេ។ ចេញមកថា អាហ្នឹងគេកាត់ត។ ប្រយ័ត្នទៅព្រះអង្គដងកើ អ្នកដែលម្ចាស់សម្លេងពិតប្រាកដអត់ហ៊ានចេញទេ … មែនអ្នកនយោបាយគេនិយាយអញ្ចឹង។ ប៉ុន្តែ អ្នកនៅខាងក្រៅ វាថាអាហ្នឹងអត់មែនទេ។ … រួចអ្នកនយោបាយដែលធ្លាប់និយាយពីមុនជាមួយខ្ញុំពីស្អី? នៅមានទៀត។ ខ្ញុំស្តុបត្រឹមប៉ុណ្ណឹងចុះ។ អ្នកឯងចង់សាកអី? បើចង់សាកខ្ញុំទំលាយចេញទាំងអស់ តាំងពីក្នុង WhatsApp, SMS … តិចអ្នកឯងថាខ្ញុំជាមនុស្សមិនបានការ អ្វីដែលជាស្តុក គ្រាន់តែស្តុកឯកសារដែលអ្នកឯង SMS មកខ្ញុំ។ អ្នកឯង WhatsApp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់។ នៅស្រុកខ្មែរ អ្នកណាជេរ ហ៊ុន សែន ថា អាយ៉ង ក៏ប៉ុន្តែមកធ្វើអាយ៉ងរបស់ ហ៊ុន សែន មានឈ្មោះថាម៉េច …។
ពង្រឹងផ្លូវនេះ ដើម្បីអាចធ្វើជាផ្លូវយន្តហោះចុះបាន ពេលមានអាសន្ន
ខ្ញុំគិតថា ត្រឹមប៉ុណ្ណឹងទៅចុះ ហើយដល់ទៅថ្ងៃទី ៣ ខែ មេសា យើងនឹងជួបជុំគ្នាម្តងទៀត ដើម្បីសម្ពោធឲ្យប្រើប្រាស់នូវមហាវិថីនេះ។ ផ្លូវនេះ ថ្ងៃមុន(បាន)ប្រាប់ (ឧកញ៉ា អ៊ឹង ប៊ុន)ហូវ ថា “ហូវ ឯង មើលទម្រង់ណាដែលស្រួលនៅកំណាត់ត្រង់ណាមួយពង្រឹងវាឲ្យខ្លាំង”។ ព្រោះអញ្ចេះ ជួនកាលចៃដន្យ ស្រាប់តែព្រលានយន្តហោះពោធិចិនតុងមានបញ្ហា (យើងអាចប្រើផ្លូវ)នេះចុះយន្តហោះបាន។ ឧទាហរណ៍ទេ។ ប៉ុន្តែ វាអាចចុះបានព្រោះផ្លូវដល់ទៅប៉ុន្មានគីឡូម៉ែត្រឯណោះ។ យើងដាក់ឲ្យត្រង់តែប៉ុន្មានគីឡូម៉ែត្រ អាចចុះបានតើ ដូច ATR អាចចុះបាន។ អញ្ចឹងបានជាដល់ទៅពេលរួចហើយ កន្លែងណាមួយយើងសាកល្បងឲ្យ ATR សាកល្បងចុះ (ទទឹង)៦០ ម៉ែត្រឯណោះ ធំជាង ២ យន្តហោះទៅទៀត គ្រាន់តែសំខាន់អាចទ្រទម្ងន់បានប៉ុន្មាន … ចៃដន្យ សាំងវាមិនគ្រប់ទៅសៀមរាប ឬសាំងមិនគ្រប់ទៅហូជីមិញ លេងតាមអានេះគឹ្រប។ នេះជាការបម្រុងនៃគ្រោះមហន្តរាយមួយដែរ។ នេះជាការគិតគូររបស់ខ្ញុំទេ។ បន់ស្រន់កុំឲ្យមានបញ្ហាទៅ … បើគេហោះបានទៅសៀមរាប ឬហូជីមិញ គេបកទៅចុះទីនោះហើយ តែក្នុងករណីសាំងវាតិច ទៅណាមិនដល់។ នេះជាការបម្រុងទុកមួយ។ បិទផ្លូវសងខាង អាចឲ្យចុះដោះស្រាយបញ្ហាសិន។ នេះគ្រាន់តែជាការបម្រុងទុកនៃគ្រោះមហន្តរាយ ដែលវាអាចកើតមាន ព្រោះខ្ញុំធ្លាប់ធ្វើដំណើរតាមនេះ ៣-៤ ដង ហើយ។
NGO កុំចេះវិភាគនយោបាយ ប្រយ័ត្នប៉ះសិទ្ធិអ្នកដទៃ ប្រឈមមុខនឹងច្បាប់
… មានមួយនោះ បើថាធ្វើ NGO ឲ្យច្បាស់ថា NGO កុំមកធ្វើអ្នកវិភាគ។ ព្រឹកមិញ ខ្ញុំមើលឃើញនិយាយ។ ខ្ញុំផ្តាំ។ អ្នកនយោបាយគេនិយាយគ្នារឿងនយោបាយ អ្នកឯង NGO កុំមករញ៉េរញ៉ៃ ស្អីសុទ្ធតែបង្កើតរឿងស្អីៗឯណា។ កុំ។ ហើយប្រយ័ត្ន ស្រុកខ្មែរកុំថា ឲ្យតែអញធ្វើមេបក្ស គឺអញត្រូវតែមានសិទ្ធិ។ សិទ្ធិបាន តែសិទ្ធិប៉ះគេ ត្រូវហើយ។ ឲ្យតែអញធ្វើ NGO អញមានសិទ្ធិ។ តែខុសគុកហើយ។ ឲ្យតែអញអ្នកកាសែត អញមានសិទ្ធិ តែសិទ្ធិប៉ះគេ គុកហើយ។ អាហ្នឹងច្បាប់គេឲ្យជាប់គុក ជាប់ច្រវ៉ាក់ បង់លុយទេតើ។ បើអញ្ចឹងគេបង្កើតច្បាប់មកសម្រាប់តែលោកឯង។ អញ្ចឹងម្នាក់ៗបង្កើត NGO ទៅ បង្កើតអង្គការក្រៅរដ្ឋាភិបាលទៅ ហើយដល់គេចាប់ថាគេបង្រ្កាប។ ចុះខ្លួនឯងនិយាយធ្វើអី? ផ្តាំទុកឲ្យហើយ ម្នាក់ហ្នឹងច្រើនដងហើយ … សូម្បីតែស្រុកអាមេរិក ក៏ដាក់ដែរ។ ឥឡូវ ដូណាល់ ត្រាំម៍ ប្រកាសចោទ អូបាម៉ា ទៀតហើយ។ ឥឡូវ ប៉ុន្មានថ្ងៃហើយ? ក្នុង ១០០ ថ្ងៃ នៃអំណាច ដូណាល់ ត្រាំម៍ ពីថ្ងៃ ២០ ខែ មករា ជាង ៤៦ ថ្ងៃ អត់ទាន់បានដល់ ៥០ ថ្ងៃផង ហ៊ុំព័ទ្ធដោយជម្លោះ។ អញ្ចឹង សុំអាមេរិកយកទៅអាមេរិកវិញទៅ។ ហើយថាម៉េចបានអ្នកនយោបាយទាស់គ្នា? ទៅសួរអាមេរិកទៅ? ម៉េចក៏អ្នកនយោបាយអាមេរិកចេះទាស់គ្នា? … ដូណាល់ ត្រាំម៍ អើយ! ចេះតែទាស់ទៅ ហើយខ្ញុំចេះតែបន្ទរនៅទីនេះ។
ខ្ញុំមិនខឹងអាអ្នកដុតភ្លើង(ទេ តែ)ខឹងអាអ្នកហួចហៅខ្យល់។ ឯកឧត្តម កឹម សុខា និយាយជាមួយខ្ញុំពិតប្រាកដ គាត់មិនអាចបដិសេធទេ ហើយសម្លេងវាច្បាស់ណាស់ ខ្លឹមសារស្អីៗហ្នឹងវាក៏បែកទៅ។ រួចហើយអាណាចេញពីត្រង់ណាថា គេកាត់តទៅរួចណា? ឥឡូវ បើថាលោកឯងមិនច្បាស់ទេ ឲ្យរន្ទះបាញ់ងាប់។ អាខ្លះវាចេញមក ថាអ្នកនយោបាយខ្មែរគិតតែទាស់គ្នា? ហើយចុះអ្នកនយោបាយអាមេរិកវាទាស់គ្នាដែរ វាយ៉ាងម៉េចអាហ្នឹងនោះ? អូបាម៉ា អត់ទាន់រួចខ្លួនទេ ប្រហែលជា ដូណាល់ ត្រាំម៍ ឲ្យស្រាវជ្រាវលួចស្តាប់ទូរស័ព្ទគាត់ តែមិនស្រួលរត់ទៅនៅកាណាដាមែន ព្រោះពេលយុទ្ធនាការបោះឆ្នោតថា បើ ដូណាល់ ត្រាំម៍ ឈ្នះ(ការបោះឆ្នោត) គាត់អាចទៅនៅកាណាដា។ ហើយបើអតីតប្រធានាធិបតីរត់ចោលស្រុកហើយ អាហ្នឹងចប់ហើយ វាមានស្អីទៀត? ស្តង់ដាទ្វេ អំពីការបង្ក្រាបបាតុកម្មនៅអាមេរិក និងនៅកម្ពុជា ពីមុនពេលដែលបាតុកម្មគ្រឹប នៅស្រុកអាមេរិកប្រឆាំងលទ្ធផលបោះឆ្នោត បង្ក្រាបចាប់រាប់រយ រាប់ពាន់ (បាតុករ) ខាងសារព័ត៌មានមួយចំនួនធ្វើសម្ភាសន៍ជាមួយ NGO (អង្គការក្រៅរដ្ឋាភិបាល)ស្រុកខ្មែរ ថាបង្ក្រាបហ្នឹងត្រូវ(ច្បាប់)ឬមិនត្រូវ? រំលោភសិទ្ធិមនុស្សឬអត់? គេថា អត់ទេ ធ្វើហ្នឹងត្រឹមត្រូវហើយ អត់រំលោភសិទ្ធិមនុស្សទេ ដើម្បីរក្សាស្ថេរភាពនយោបាយនៅស្រុកអាមេរិក សណ្តាប់ធ្នាប់នៅស្រុកអាមេរិក។
អញ្ចឹង ខ្ញុំក៏ឆ្លើយទៅវិញថា បើអញ្ចឹងខ្ញុំធ្វើពីមុនមកក៏មិនដែលខុសដែរ ដើម្បីស្ថេរភាពស្រុកខ្មែរ វាមានអីវាដូចតែគ្នាតើ។ លោកឯងកត់ត្រា ហើយយើងថតសម្លេងទុកអស់ហើយ។ សម្លេងលោកឯងនិយាយអញ្ចឹង។ អញ្ចឹង ស្រុកអាមេរិកអត់មានស្តង់ដាពីរទេណា។ ស្រុកអាមេរិកបង្ក្រាបបាតុកម្ម ហើយអាមេរិកចាប់មិនដែលដាក់ខ្នោះទៅមុខទេ ដាក់ខ្នោះមកក្រោយទាំងអស់។ ឲ្យក្រាបសិន ហើយបានជាន់ជើង ទាញខ្នោះដាក់មកក្រោយ។ គេថាអាហ្នឹងអត់រំលោភសិទ្ធិមនុស្សទេ ដើម្បីការពារសុវត្ថិភាព (និង)សណ្តាប់ធ្នាប់ស្រុកអាមេរិក។ បើដូច្នោះ យើងធ្វើកន្លងទៅក៏វាអត់ខុសដែរ។ បាតុកម្មរញ៉េរញ៉ៃស្អីៗ។ បំផ្លាញសណ្តាប់ធ្នាប់។ យើងធ្វើហ្នឹង ក៏អត់(ខុសដែរ) ដើម្បីការពារទាំងអស់គ្នា មិនមែនលោកឯងតែប៉ុន្មាននាក់មកបិទផ្លូវឯណា? … សូមបក្សនយោបាយនានាកុំតាំងខ្លួនជាតួឯក។
កម្ពុជា ប្រជាធិបតេយ្យបក្សចំនួន ១២
… ជិតចូលឆ្នាំហើយ។ ម្យ៉ាងទៀត ដូចជាបេក្ខជនចុះឈ្មោះបោះឆ្នោត ដូចចប់ថ្ងៃហ្នឹងហើយ? ដូចជាមាន ១២ គណបក្ស។ អញ្ចឹងបានបក្សនយោបាយនានា កុំតាំងខ្លួនជាតួឯក មិនមែនមានតែបក្សមួយទេ គឺ ១២ បក្ស។ អត់បក្សមួយ ក៏អត់បញ្ហា។ កុំស្អីឡើងពហិកា។ កុំអាងអីឡើងធ្វើអញ្ចេះធ្វើអញ្ចុះ។ ប្រជាធិបតេយ្យស្រុកខ្មែរមិនមែនមានតែបក្សពីរទេ។ បក្ស ១២។ អញ្ចឹងទេ ប្រកួតប្រជែងគ្នាទៅ។ កុំដើរភូត និយាយឲ្យត្រឹមត្រូវ។ មីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ … អ្នកណាលុបបំណុលចាប់វ៉ៃខ្នោះនៅនឹងកន្លែង។ អ្នកឯងលុបបំណុលយ៉ាងម៉េច? ដើរទៅភូតគេនេះ? … ត្រូវសងគេទាំងការទាំងដើម។ អាមួយស្រែកពីប៉ារីសមក ថាវាឈប់ធ្វើនយោបាយហើយ (តែ)វានៅតែស្រែកមកទៀត ឲ្យរដ្ឋចេញមុខសងជួស … ឲ្យលោក ហ៊ុន សែន ចេញមកដើម្បីសងលុយជួសប្រជាជន។ ប្រជាជនទៅខ្ចីមីក្រូហិរញ្ញវត្ថុ ឲ្យឯងទៅសង។ មើលច្បាប់ស្រុកណាគេឲ្យធ្វើអញ្ចឹង? អានេះពិតជាមនុស្សអាក្រក់មែនតែម្តង។
អញ្ចឹងបានថា ឆ្នាំងណាគ្របហ្នឹង ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេ។ ខ្ញុំនិយាយប៉ុណ្ណឹងអាចយល់ន័យហើយ។ រស់នៅមិនសុខនឹងគេនឹងឯងទេ។ ឥឡូវ ចាកចេញទៅហើយ នៅមកវិលវល់ៗ … បន្តិចទៀត ខ្ញុំជាមួយនឹងឯកអគ្គរដ្ឋទូតចិននឹងទៅបញ្ជាគ្រឿងចក្រ(ជា)និមិត្តរូប ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវខ្សែក្រវ៉ាត់ក្រុង មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ កំណាត់ទី ១ ចំនួនជាង ១០ គីឡូម៉ែត្រ ពីទំនប់កប់ស្រូវដល់មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ និងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ កំណាត់ទី ២ ប្រវែងជាង ១០ គីឡូម៉ែត្រ ដែលហិរញ្ញប្បទានដោយសាធាណរដ្ឋប្រជាមានិតចិន និងថវិការាជរដ្ឋាភិបាល និងកសាងដោយក្រុមហ៊ុន សៀងហៃ គ្រុប ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុន វាំងចូវ វាងណាន …៕