ដូចដែលឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា បានឃើញហើយថា ដោយផ្ដោត ទៅលើការយកចិត្តទុកដាក់ទាក់ទងជាមួយនឹងបញ្ហាយុវជន ជាពិសេស គឺការកសាងនូវអំពើល្អ ថ្ងៃនេះមាន វត្តមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងផ្នែកដទៃទៀត ក្នុងហ្នឹងក៏មានអ្នកបង ឌី សាវេត ផង ដែលជាសិល្បករជើងចាស់មួយរូប តាំងពីខ្ញុំតូចៗ ឯណោះ រួមដោយសិល្បករ សិល្បការិនី កីឡាករមួយចំនួន និងលោកឧកញ៉ា បណ្ដាក្រុមហ៊ុន សប្បុរសជន ក៏ដូចជាមាតាបិតារបស់ជ័យលាភី។ អ្វីទៅដែលយើងចង់បានពីការបង្កើតនូវគំនិតផ្ដួចផ្ដើមបែបនេះ? យើងបានធ្វើ ៥ វគ្គ រួចមកហើយ ហើយនេះជាវគ្គទី ៦ ដែលបើកឱកាសសម្រាប់ការចូលរួមរបស់យុវជន។ មានសំណួរជាច្រើនដែលបានដាក់មក។ ខ្ញុំអាចនឹងចែករំលែកដោយការឆ្លើយតប និងទទួលយកនូវសំណូមពរមួយចំនួន ដោយសារតែនៅក្នុងកម្មវិធីនេះ ស្ថិតនៅក្នុង Page Facebook របស់ខ្ញុំផ្ទាល់។ យើងមិនអាចបណ្ដោយអោយមានការវៀចវេរណាមួយនៅក្នុងដំណើរនៃការប្រឡងប្រជែងរបស់យើងបានទេ។
ប្រធានបទ ៥ សម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”, ការពង្រីកប្រធានបទទៅវិស័យអប់រំ និងសុខាភិបាល
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអ្នកទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមសំដែងនូវការស្វាគមន៍ចំពោះជ័យលាភី ដែលមានចំណាត់ថ្នាក់តាំងពីលេខមួយ រហូតដល់លេខបី។ លេខមួយ គឺកញ្ញា ហង្ស ម៉ារ៉ានី (ដែល)លើកមុនបានជាប់ Top 1 ម្ដងហើយ។ លើកនេះ គឺជាប់សាជាថ្មីម្ដងទៀត។ លេខពីរ គឺបានទៅលើ (លោក) ជា វណ្ណារិទ្ធិ។ លេខបី បានទៅលើ(លោក) ឃឹម សុច័ន្ទវិរៈ។ ហើយជាបន្តបន្ទាប់ទៅទៀតក្នុងចំណោម ១០ នាក់។ ខ្ញុំគួរតែបញ្ជាក់បន្តិច ដើម្បីអោយបានឃើញអំពី តើរបៀបនៃការប្រកួតប្រជែងរបស់យើងធ្វើឡើងបែបណា? យើងបានដាក់ចេញនូវប្រធានបទ ៥ សម្រាប់ការប្រកួតប្រជែង ក្នុងនោះ ទី ១ សកម្មភាពអប់រំលើកស្ទួយការគោរពច្បាប់ចរាចរណ៍, ទី ២ សកម្មភាពនៃអំពើល្អទាំងឡាយដែលជួយទៅលើកុមារកំព្រា ស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងជនពិការជាដើម, ទី ៣ សកម្មភាពជួយយកអាសាជនរងគ្រោះក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ ឬគ្រោះទឹកជំនន់ជាដើម, ទី ៤ សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង និងទី ៥ សកម្មភាពទប់ស្ដាត់ និងលុបបំបាត់គ្រឿងញៀន។ ប្រធានបទទាំង ៥ នេះ គឺជាប្រធានបទដែលអ្នកចង់ចូលរួមប្រកួតប្រជែង ត្រូវកសាងឡើងតាមទម្រង់នៃកំណាព្យ ឬទម្រង់ជាវីដេអូ។
ប៉ុន្តែព្រឹកមិញនេះ ខ្ញុំបានមើល(ក្នុងហ្វេសប៊ុក) … មានចៅម្នាក់ គាត់ហៅខ្ញុំលោកតា ថាវីដេអូរបស់គាត់មិនដាក់យកមកបោះឆ្នោតទេ។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា ប្រធានបទដែលគាត់លើកឡើងនោះ គឺទាក់ទងនឹងវិស័យអប់រំ។ ដូច្នេះ ពេលក្រោយនេះ យើងអាចពង្រីកប្រធានបទចូលទៅក្នុងវិស័យអប់រំ និងវិស័យដទៃទៀត។ យើងត្រូវទទួលយកនូវមតិបែបនេះ ព្រោះថា អប់រំជាវិស័យអាទិភាពមួយ ហើយក៏អាចមានលទ្ធភាពដែលមនុស្សមួយចំនួនអាចធ្វើទៅបាន។ ឧទាហរណ៍ គេជាគ្រូបង្រៀនស្ម័គ្រចិត្ត ជាមួយនឹងការបង្រៀនចំពោះយុវជន ឬកុមារដែលខ្វះគ្រូបង្រៀន។ ដូច្នេះ យើងអាចពង្រីកប្រធានបទ ទទួលយកនូវក្មួយ(ដែល comment នៅក្នុងហ្វេសប៊ុក)។ ខ្ញុំមនុស្សរពឹស ក្រោកពីដំណេកឡើង គឺតែងតែបើកមើលនូវការផ្ដល់មតិទាំងឡាយ។ ក្មួយនេះឈ្មោះ ឈុន (comment ក្នុងហ្វេសប៊ុកថា) ហេតុអ្វីបានជាវីដេអូដែលខ្ញុំដាក់ប្រកួត ម៉េចបានជាមិនឃើញអញ្ចឹង? អញ្ចឹងយើងក៏ឆ្លើយបកត្រឡប់ទៅវិញ ដោយសារវាមិនស្ថិតនៅក្នុងប្រធានបទនេះ។ យើងអាចនឹងពង្រីក(ប្រធានបទចូលទៅ)វិស័យអប់រំមួយទៀត ហើយយើងក៏អាចពង្រីកទៅដល់វិស័យសុខាភិបាល ដោយសារតែឥឡូវមានក្រុមគ្រូពេទ្យមួយចំនួន ក៏បានចុះធ្វើសកម្មភាពពាក់ព័ន្ធជាមួយនឹងការព្យាបាល និងអនាម័យ ក៏ដូចជាការជួយទៅដល់ប្រជាជនក្រីក្រ …។
អ្នកបោះឆ្នោតលើហ្វេសប៊ុក កាត់សេចក្ដីថាតើអ្នកណាជាទទួលជ័យលាភី
… ដូចដែល ឯកឧត្តម ដួង តារា បានលើកឡើងអម្បាញ់មិញ ការកាត់សេចក្ដីលើរឿងនេះ(ការចូលរួមប្រកួត និងអ្នកទទួលជ័យលាភី) ដំបូងឡើយ មានការកាត់សេចក្ដីនៅក្នុងក្រុមការងារតាមរយៈការជ្រើសរើសប្រធានបទទាំង ៥ នេះ។ បើប្រធានបទណាដាក់មក ជាកំណាព្យក្ដី ជាអត្ថបទក្ដី ឬក៏ជាវីដេអូក្ដី ដែលមិនស្របជាមួយនឹងប្រធានបទទាំង ៥ នេះ គឺយើងមិនបានដាក់អោយបោះឆ្នោតទេ។ បោះឆ្នោតលើកទី ១ គឺបោះឆ្នោតតាមគេហទំព័ររបស់នាយករដ្ឋមន្រ្តី ចម្រាញ់យកអ្នកទទួលបានការបោះឆ្នោតច្រើនជាងគេ គឺនៅសល់ ១០ នាក់ ហើយយើងយកមកដាក់អោយបោះឆ្នោតនៅក្នុង page Facebook របស់នាយករដ្ឋមន្រ្តីតែម្ដង។ អញ្ចឹងអ្នកបោះឆ្នោត ជាអ្នកកាត់សេចក្ដីក្នុងដំណាក់កាលចុងក្រោយ ថាតើអ្នកណាបានទទួលជ័យលាភី? ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ … ដោយសារតែយើងគិតថា ក្នុងរយៈពេល ៥ វគ្គ ហើយចូលដល់វគ្គទី ៦ នឹងត្រូវមានការប្រកួតប្រជែងរវាងអ្នកទាំង ១០ (ដែល)ម្ដង ១០ នាក់ៗ បូកជាមួយអ្នកដែលចង់ចូលរួមការប្រកួតរយៈពេល ៦ ខែម្ដង។ បានសេចក្ដីថា ៦ វគ្គ នឹងមានការជួបជុំជាមួយគ្នាម្ដង។
ពិធីជួបជ័យលាភីយុវជនគំរូលើកក្រោយ រៀបចំនៅកន្លែងធំជាងនេះ
លើកក្រោយ យើងនឹងមានការរៀបចំអោយបានល្អជាងនេះ ដោយសារតែយើងមិនដឹងកម្រិតថា តើមានមនុស្សប៉ុន្មានដើម្បីចូលរួម? … យើងអាចអញ្ជើញអ្នក Top 10 ទាំង ៥០ នាក់ បូកជាមួយនឹងអ្នកដទៃទៀតមកចូលរួម។ យើងអាចធ្វើនៅកន្លែងផ្សេង។ កន្លែងនេះ អាចថាជាកន្លែងជានិមិត្តរូបខ្ពស់បំផុតនៅក្នុងការដែលនាយករដ្ឋមន្រ្តីធ្វើការ។ បន្ទប់នេះ គឺជាបន្ទប់ អូបាមា នៅហ្នឹង នៅក្នុងពេលដែលគាត់ប្រជុំនៅទីក្រុងភ្នំពេញ។ គាត់ស្នើសុំអាហ្នឹង។ បន្ទប់នៅទល់ខាងមុខនេះ មានចិន និងមានជប៉ុន។ យើងចែកបន្ទប់អោយមេដឹកនាំពិភពលោក។ អូបាមា (បន្ទប់គាត់)ពុះជាពីរ ម្ខាងគាត់ទទួលភ្ញៀវ ហើយម្ខាងទៀត គាត់មានពិធីផ្សេងៗ របស់គាត់។ ការចុះហត្ថលេខាធំៗ ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គឺធ្វើនៅបន្ទប់នេះឯង។ ដូច្នេះ វិមានសន្ដិភាព ជាវិមានដែលនាយករដ្ឋមន្រ្តីធ្វើការនៅទីនេះ ហើយភ្ញៀវបរទេសទាំងឡាយ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសនានា គឺបានមកធ្វើការនៅកន្លែងនេះ កាលពីប្រជុំអាស៊ាន ក៏ដូចជាមានទស្សនកិច្ចនានាផងដែរ។
យុវជនប្រឹងប្រែងតាមលទ្ធភាព, អ្នកកាត់សេចក្តី ក៏ជាអ្នកចូលរួមកម្មវិធី
ខ្ញុំសូមយកឱកាសនេះ ដើម្បីចូលរួមថ្លែងអំណរគុណចំពោះការចូលរួមទាំងឡាយរបស់យុវជនរបស់យើង ទោះបីថា មានការលើកឡើងថា អ្នកដែលមិនមានលទ្ធភាពនឹងមិនអាចធ្វើទៅកើតទេ។ ខ្ញុំទទួលស្គាល់។ មិនមែនតែក្នុងករណីការប្រកួតប្រជែងយុវជនគំរូនេះទេ សូម្បីតែវិស័យកីឡាក៏មិនមែនមនុស្សទាំងអស់ក្នុងប្រទេសអាចមានលទ្ធភាព(លេង)នោះដែរ។ អ្នកខ្លះមាននិស័្សយខាងបាល់ទាត់ ក៏ទាត់ទៅ ប៉ុន្តែ(សម្រាប់ការប្រកួត)ជម្រើសជាតិ មិនអាចមានច្រើននោះទេ។ សូម្បីតែទូរទស្សន៍ហង្សមាស ពីមុនគាត់ប្រកួតប្រជែងអំពី The Voice។ ផុតពី The Voice ដល់កម្មវិធី Cambodia Idol ប៉ុន្តែផុតពី Cambodia Idol យប់មិញខ្ញុំតាមមើលទៀត គឺគាត់ប្រកួតប្រជែងរវាងអ្នកសិល្បៈអាជីព និងសិល្បៈអាជីពតែម្ដង។ … គ្រាន់តែជាការពន្យល់ ដើម្បីយើងអាចយល់គ្នា … ខ្ញុំទទួលស្គាល់ហេតុផលទាំងនេះ។ … និស្ស័យវាមិនដូចគ្នាទេ … ប្រទេសចិនមាន(ប្រជាជន) ១៣០០ លាននាក់ ប៉ុន្តែប្រទេសចិនមិនអាចរក ១១ នាក់ ដើម្បីទាត់បាល់អោយបានចូល World Cup ហ្នឹងគេទេ។ ប្រទេសឥណ្ឌាមាន(ប្រជាជន) ១២០០ លាននាក់ ប៉ុន្តែរកមនុស្ស ១១ នាក់ ដើម្បីចូល World Cup មិនបានហ្នឹងគេ។ ប្រទេសខ្លះ ប្រជាជនតិចទេ ក៏ប៉ុន្តែគេអាចរកនូវជម្រើសជាតិផ្នែកបាល់ទាត់។ … កីឡាវាយកូនហ្គោល មិនមែនអ្នកចេះតែលេងបានដែរទេ បើទោះបីជាចេះវាយក៏ដោយ។ ការបង់ថ្លៃទៅលើឧបករណ៍វាយហ្នឹងមួយហើយ។ មួយទៀត គឺទីលានវាយកូនហ្គោលនោះ វាពោរពេញដោយមនុស្ស ហើយតម្លៃថ្លៃណាស់។ ជនជាតិជប៉ុន ជនជាតិកូរ៉េ គាត់សុខចិត្តជិះយន្តហោះមកដេកនៅកម្ពុជា មកដេកនៅថៃ ឬដេកនៅសាំងហ្គាពួរ ដេកនៅម៉ាឡេស៊ី ដើម្បីវាយកូនហ្គោល។ ព្រោះនៅទីនេះ(មានតម្លៃ)ថោកជាង។ អញ្ចឹងបានសេចក្ដីថា មិនមែនមនុស្សទាំងអស់សុទ្ធតែអាចធ្វើបាននោះទេ។ សូមមេត្តាយោគយល់ ហើយយើងថ្លឹងថ្លែងទាំងអស់គ្នាថា តើអ្វីៗសុទ្ធតែអាចធ្វើបានទាំងអស់គ្នាមែនទេ? នេះគ្រាន់តែជាការបំភ្លឺ ដើម្បីអោយដឹងតែប៉ុណ្ណោះ។
បញ្ហាមិនស្ថិតត្រង់ថា អ្នកដែលចូលរួមក្នុងប៉ុន្មានវគ្គនេះ មានប៉ុន្មានរយនាក់ ហើយជាប់មួយវគ្គ ១០ នាក់ៗ ចូលមកកាន់ទីនេះ(នោះទេ)។ អ្វីដែលសំខាន់ គឺការចូលរួមពីសំណាក់យុវជនទាំងឡាយ ដែលបានបោះឆ្នោតសម្រាប់(អ្នកជ័យលាភី)ចូលរួមមកទីនេះ។ (កញ្ញា) ហង្ស ម៉ារ៉ានី ទទួលបាន ១៧៧១២ សំឡេង។ (លោក) ជា វណ្ណារិទ្ធិ ទទួលបាន ១៦៤៩២ សំឡេង។ (លោក) ឃឹម សុច័ន្ទវិរៈ ទទួលបាន ១០០៩២ សំឡេង។ កាលពីមុននោះ ខាត់ វណ្ណា ទទួលបានរហូតទៅដល់ជាង ២០០០០ សំឡេងឯណោះ ស្ថិតនៅក្នុង Top 1 បើដូច្នោះ មិនមែនអ្នកចូលរួម(ខ្ញុំជាយុវជនគំរូកម្ពុជា)ត្រឹមតែប៉ុន្មាននាក់នេះទេ អ្នកចូលរួមសម្រាប់កាត់សេចក្ដីនេះ ក៏ជាផ្នែកមួយនៃការគាំទ្រទៅដល់ដំណើរការនៃការប្រកួតប្រជែង ដើម្បីកសាងអំពើល្អសម្រាប់សង្គមជាតិរបស់យើង។ ប្រទេសរបស់យើងកំពុងត្រូវការ នូវការរីកលូតលាស់ នូវការជួយទំនុកបម្រុង។ យើងមិនថាតែកម្ពុជាមួយទេ ប្រទេសច្រើនណាស់ដែលនៅសល់អ្នកក្រីក្រ ទាមទារនូវសិល្បៈ និងវប្បធម៌នៃចែករំលែកពីអ្នកដែលមានលទ្ធភាព ទៅកាន់អ្នកដែលគ្មានលទ្ធភាព រួមជាមួយនឹងការខិតខំនៃតួអង្គទាំងអស់នៅក្នុងសង្គមរបស់យើង។
មួយផ្នែកទៀត យើងឃើញថា គ្រោះថ្នាក់ចរាចរណ៍ វាច្រើនណាស់ ដូច្នេះសកម្មភាពទាំងឡាយដែលយើងប្រកាន់យកទាក់ទិននឹងការលើកកម្ពស់ការអប់រំ ការគោរពច្បាប់ចរាចរណ៍ និងណែនាំគ្នាដើម្បីអោយគោរពច្បាប់ចរាចរណ៍ គឺជាវិធីដែលល្អ សម្រាប់ស្រោចស្រង់ជីវិត និងបញ្ចៀសគ្រោះថ្នាក់ទាំងឡាយសម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយសម្រាប់ខ្លួនឯងផងដែរ។ វាផ្ដើមចេញសកម្មភាពរបស់មនុស្ស ព្រោះឡានវាមិនដែលចេះរត់ដោយខ្លួនវានោះទេ បើគ្មានមនុស្សបើកនោះ។ ហាងឡានច្រើនណាស់ អត់មានឡាន(ក្នុងហាង)ណាមួយរត់ចេញពីហាងដោយខ្លួនវាទេ។ … ទាំងនេះ ជាចំណុចដែលយើងត្រូវធ្វើសកម្មភាពឆ្ពោះទៅរកការកាត់បន្ថយគ្រោះថ្នាក់ ឬជួយទៅដល់អ្នកជួបការលំបាក។
ប្រធានបទរបស់យើងមិននៅត្រឹមប៉ុណ្ណឹងទេ។ តាំងពីដំណាក់កាលទី ១ ខ្ញុំនៅចាំ ហើយក៏មានកំណត់ហេតុ តាមធម្មតា កិច្ចការរបស់ខ្ញុំ (តែងមាន)កំណត់ហេតុ។ ក្នុងនោះខ្ញុំប្រើពាក្យថា ខ្ញុំចង់ទុកឱកាសដល់អ្នកចូលរួមប្រកួតប្រជែង អ្នកចូលរួមផ្ដល់មតិ កំណត់ថា តើសារសំខាន់នៃការបង្កើតឡើងនូវកម្មវិធីប្រកួតប្រជែងនេះ វាមានអ្វីខ្លះ? ប្រតិសកម្មទៅលើអ្វីខ្លះ? បានសេចក្ដីថា យើងគិតទុកជាមុនរួចស្រេចហើយ នៅពេលដែលយើងដំណើរការ។ ថ្ងៃនេះ ហោចបំផុត យើងទទួលយកនូវមតិរបស់ចៅមួយ ដោយមិនដឹងស្រី ឬប្រុស ដោយការពេញចិត្ត ជាមួយនឹងពង្រីកទៅក្នុងវិស័យអប់រំ។ ជួនកាលមានយុវជនមួយក្រុមមានសកម្មភាព ជួសជុលដំបូលសាលារៀន ហើយគេយកអាហ្នឹងមកដាក់ប្រកួតប្រជែង។ គ្រូបង្រៀនស្ម័គ្រចិត្ត បង្រៀនមិនយកថ្លៃ ក៏ជាផ្នែកដែលអាចធ្វើទៅបាននៅក្នុងការប្រកួតប្រជែងដែរ។ យើងត្រូវហ៊ានទទួលយកយោបល់ស្ថាបនា …។
អ្នកលេងហ្វេសប៊ុកក្នុងស្រុកជាង ៣ លាន likes ក្រៅពីនោះជាបរទេស
… អំពីបញ្ហាបច្ចេកវិទ្យា … ពេលដែលខ្ញុំមិនទាន់លេងហ្វេសប៊ុក មានអ្នកអួតអាងពីរឿងហ្វេសប៊ុក។ ដល់ទៅខ្ញុំលេងហ្វេសប៊ុក លេងមិនឈ្នះខ្ញុំ មកជេរខ្ញុំទៅទៀត។ … គិតមកដល់ថ្ងៃនេះ ម្នាក់ហ្នឹងគឺចាញ់ខ្ញុំ ២ លាន like ហើយ។ page របស់ខ្ញុំ ដែលខ្ញុំកាន់មិនទាន់ដល់ ១ ឆ្នាំផងទេ គឺឥឡូវខ្ញុំមានជា ៤.៨៨០.០០០ like ទៅហើយ។ នៅសល់តែ ១ សែនជាងទៀត គឺឡើង ៥ លាន like ទៅហើយ។ តើខ្ញុំទៅយក (ចំនួន like) ហ្នឹងមក(ពីណា)បាន។ មានពេលមួយ គេបញ្ជូនព័ត៌មានមកយើងថា ក្នុងចំណោមមេដឹកនាំពិភពលោក page របស់នាយករដ្ឋមន្រ្តីកម្ពុជា គឺជា page ទីមួយ, Top 1 ក្នុងទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយនឹងនាយករដ្ឋមន្រ្តី ហើយខ្ញុំតែងតែនៅក្នុង Top 10 … តើខ្ញុំអ្នកបង្កើត? ច្នៃវាបានទេ? … ប្រជាជនយើង អ្នកលេងហ្វេសប៊ុកមានត្រឹមប្រហែលជាត្រឹមតែ ៣ លាននាក់ តែប៉ុណ្ណឹងទេ ក៏ប៉ុន្តែហេតុអីបានខ្ញុំមានដល់ទៅ ៥ លាន? ដោយសារមនុស្ស(ពីបរទេស like) ខ្ញុំធ្វើនាយករដ្ឋមន្រ្តី អ្នកណាមិនស្គាល់នៅលើពិភពលោក។ ពេលចាក់ចម្រៀង ចូលមក comment ភាគច្រើនជនបរទេស សឹងតែថាពាក់កណ្ដាលជាជនបរទេស។
ថ្ងៃមុន ខ្ញុំធ្វើដំណើរទៅក្រចេះ។ ខ្ញុំ Selfie (ហើយបង្ហោះ ដោយសរសេរ) ថាខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ មើលនៅក្នុងហ្នឹងដូចបាន ៥ ម៉ឺន like ដែរ។ មានកម្រិតដល់ទៅ ២០ ម៉ឺន like ក៏មានដែរ។ Post like នេះ វាមិនអាចចូលទៅកាន់ Total Page like បានទាំងអស់ទេ។ … ជួនកាល ថ្ងៃហ្នឹងទទួល like ប្រមាណ ២០ ម៉ឺន ប៉ុន្តែក្នុង Total Page like របស់យើង កើនបានត្រឹមតែ ១ ម៉ឺន like តែប៉ុណ្ណោះ ឬទាបជាងហ្នឹងក៏អាចថាបាន។ ត្រូវចែកជាពីរទៀត៖ មួយគឺ like ក្នុងស្រុក និងមួយទៀត like មកពីក្រៅស្រុក។ យើងមិនអាចធ្វើអីបានទេ ប៉ុន្តែយើងមានតារាងតាមដាន។ … ខ្ញុំមិនបង្រៀនអ្នកទេ គ្រាន់តែពន្យល់អ្នកអោយយល់ ហើយយ៉ាងហោច ខ្ញុំមិនអោយអ្នកទៅបោកអ្នកដទៃបានថា ខ្ញុំលួច like របស់អ្នកទេ …។
មេដឹកនាំ និងមន្រ្តីរាជការ ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
រឿងសំខាន់នៅទីនេះ ក្រៅពីជំរុញយុវជនអោយធ្វើនូវអំពើល្អតាមរយៈនៃការការប្រកួតប្រជែងនេះ ខ្ញុំចង់បានមួយទៀត គឺព័ត៌មានវិទ្យា។ ជំរុញអោយយុវជនរបស់យើងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា។ បើត្រឹមតែ e-government គឺអត់គ្រប់គា្រន់ទេ។ ខ្ញុំចង់បាន e-people បានសេចក្ដីថា ប្រជាជនអេឡិចត្រូនិកតែម្ដង។ កាលពីមុន ខ្ញុំអំពាវនាវអោយធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥឡូវខ្ញុំមិនរុញអាហ្នឹងទេ ព្រោះកុំព្យូទ័រមិនគ្រប់គ្រាន់ … ហើយវាពិបាកស្ពាយទៀត។ ឥឡូវខ្ញុំអំពាវនាវមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសមេដឹកនាំអោយធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហើយធ្វើតែជុំវិញទូរស័ព្ទបានហើយ។ យើងអាចប្រើប្រាស់ធ្វើទំនាក់ទំនងជាមួយគ្នា ជា LINE Whatsapp Telegram Viber Wechat ឬក៏ស្អីផ្សេងទៀត ទៅតាមជម្រើសដែលយើងចង់បាន ហើយយើងក៏អាចដឹងបានដែរថា ពេលដែលយើងទៅកាន់ប្រទេសណា យើងគួរប្រើប្រព័ន្ធអី។ ខ្ញុំទៅប្រទេសមួយ។ ខ្ញុំបង្ហោះ Facebook នៅម៉ោង ១២ យប់។ វាចេញទៅបាត់ហើយ បាត់ទំាងអស់ បាត់ទំាងនៅក្នុង Page របស់ខ្ញុំ។ ខ្ញុំទាក់ទងមកភ្នំពេញភ្លាម ថាមានឃើញឬអត់? អត់ទទេស្អាត។ បានសេចក្តីថា គេចាប់យកទៅតែម្តង។ ខ្ញុំដេកលក់។ ខ្ញុំភ្ញាក់ អានេះវាទើបតែហោះបាន ៤ នាទី។ បានសេចក្តីថាគេចាប់យកទៅបកប្រែសិន។ គេពិនិត្យមើលខ្លឹមសារ រួចហើយបានគេដាក់អោយយើងវិញ។ អាហ្នឹងគេលេងដល់កម្រិតប៉ុណ្ណឹង គេពិនិត្យមើទំាង Facebook របស់យើងថែមទៀតផង។ ពីនេះតទៅ ការរៀបចំមន្រ្តីរាជការ ក៏ត្រូវពិនិត្យថា អ្នកឯងចេះបច្ចេកវិទ្យាព័ត៌មានវិទ្យាដែរ ឬអត់? បើមិនចេះទេ គឺត្រូវរៀនអោយចេះ ចាំមកធ្វើ។ បើមិនអញ្ចឹងទេ រវល់តែទូរស័ព្ទ ជួនកាលទូរស័ព្ទហៅមិនចូលទៀត។ ប៉ុន្តែបើយើងបញ្ជូនតាម Telegram ឬក៏តាម Whatsapp ឬក៏តាមប្រព័ន្ធផ្សេងៗ ទោះបីយើងកំពុងប្រជុំ ក៏យើងអាចឆ្លើយឆ្លងគ្នាបានដែរ។ … ប្រព័ន្ធការងាររបស់យើងទាមទារអោយមនុស្ស(ចេះបច្ចេកវិទ្យាព័ត៌មានវិទ្យា)។ ប៉ុន្តែដំបូងបំផុត ខ្ញុំទាមទារអោយអ្នកដឹកនាំដែលកំពុងធ្វើការ ចេះ(បច្ចេកវិទ្យាព័ត៌មានវិទ្យា)។
សូមអ្នកចូលបញ្ចេញមតិក្នុងហ្វេសប៊ុក មេត្តារក្សាគុណធម៌ តម្លៃរបស់ខ្លួន, និងផ្តល់ព័ត៌មានពិត
អ្វីដែលខ្ញុំចង់បានធំជាងនេះ ដែលដំណើរការទាក់ទិនជាមួយនឹងយុវជនគំរូកម្ពុជានេះ គឺពាក់ព័ន្ធធំជាមួយនឹងការជំរុញអោយយុវជនរបស់យើងចេះប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ពិតហើយ មិនមានអ្នកណាសុទ្ធតែមាន Smart Phone នោះទេ ក៏ប៉ុន្តែយើងមិនចង់អោយពួកគេមាន Smart Phone ឬមានកុំព្យូទ័រ ដែលមិនបានចូលរួមនៅក្នុងសកម្មភាពបម្រើសង្គម។ បើយើងមានធនធានមនុស្សកាន់តែល្អ សូម្បីតែនៅតាមភូមិដែលមានយុវជនចេះប្រព័ន្ធព័ត៌មានវិទ្យានេះ គេអាចពឹងពាក់(អោយគាត់)បញ្ចូល Comment ចូលមក Page Facebook របស់នាយករដ្ឋមន្រ្តីបាន។
… មុខទៅដល់ក្រចេះ ប្រជាពលរដ្ឋនៅផ្សារអូរឫស្សីខេត្តក្រចេះ បានចូលមកនិយាយ(ក្នុង Page)ទាក់ទងទៅនឹងបញ្ហាផ្សារ។ ខ្ញុំបានប្រាប់អភិបាលខេត្តថា សុំ Comment កាត់ចូលទៅក្នុងហ្នឹង ប៉ុន្តែដល់មិនឃើញខាងខេត្ត Comment ចូលទេ ខ្ញុំវាយត្រឡប់ទៅវិញថា ដោយសារមានអ្នកព្រម និងមានអ្នកមិនព្រម ខ្ញុំបានប្រាប់អោយរក្សាស្ថានភាពដដែល។ ពេលហ្នឹងគាត់ក៏ Reply ត្រឡប់មកវិញថា សុំសម្ដេចឆៀងចូលមើល។ ខ្ញុំបំពេញបំណងនេះ ហើយខ្ញុំក៏ដោះស្រាយបានបញ្ហានៅទីនោះ ៩០%។ ព្រមចេញហើយ ប៉ុន្តែនៅសល់ ១៧ គ្រួសារមិនព្រមចេញ។ គាត់មានហេតុផលរបស់គាត់។ ដូច្នេះ ជម្រើសដែលនៅសេសសល់តែមួយគត់ គឺខ្ញុំទៅដោះស្រាយជាមួយពួកគាត់ ដែលជាវេទិកាសាធារណៈមួយនៅក្នុងភក់តែម្ដង។ ពីមុននោះ ធ្វើតាមវាលស្រែ គ្រាន់តែវាគ្មានហ្វេសប៊ុកផ្សាយ។ ខ្ញុំធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋទៅតាមវាលស្រែច្រើនខេត្តណាស់ ប៉ុន្តែលើកនេះ ខ្ញុំធ្វើវេទិកាសាធារណៈរវាងអាជីវករផ្សារដែលឆេះនៅស្ទឹងត្រែង ជាមួយនឹងនាយករដ្ឋមន្រ្តី ទើបរកឃើញនូវដំណោះស្រាយ។ យើងឃើញថា នៅក្នុងចំណោម ១៧ គ្រួសារនេះ មិនមែនអ្នកចេញហ្វេសប៊ុកទាំងអស់ទេ ក៏ប៉ុន្តែមានអ្នកជំនាញខាងហ្វេសប៊ុកដែលអាចចូលមក Comment តបឆ្លើយជាមួយនឹងនាយករដ្ឋមន្រ្តីបាន។
បើគ្រប់ភូមិទាំងអស់ មានយុវជនចេះ(ប្រើប្រព័ន្ធព័ត៌មានសង្គម) គេក៏អាចពឹងពាក់ដើម្បីឆ្លងឆ្លើយជាមួយនឹង Page តាមក្រសួងនានា គឺសុទ្ធតែមាន(ហ្វេសប៊ុក)ទាំងអស់។ នេះជាគោលដៅដែលខ្ញុំចង់បានថា ធ្វើម៉េចអោយយុវជនរបស់យើងចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយប្រើអោយត្រូវទិសដៅទៀតផង។ ខ្ញុំពិតជាចង់បានអោយយុវជនរបស់យើងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ បម្រើអោយសង្គមពិតៗ ជាជាងការជេរប្រទេច ដាក់បណ្ដាសានៅក្នុង (ឬ)តាមរយៈហ្វេសប៊ុក។ ខ្ញុំអំពាវនាវអ្នកដែលចូលលេងក្នុងហ្វេសប៊ុករបស់ខ្ញុំ មេត្តារក្សាគុណធម៌ និងតម្លៃរបស់ខ្លួន។ តើវាមានផលចំណេញអ្វីទៅដែលចូលមកជេរប្រទេចបណ្ដាសាគ្នានោះ? យើងចង់បានការផ្ដល់មតិ ដូចជាទាក់ទងនឹងវិស័យអប់រំ ផ្ដល់មតិនេះ មតិនោះ …។ ថ្ងៃមុន លោកស្រី អេវ៉ា ដែលគាត់ទៅពីកម្ពុជា ទៅប្រទេសម៉ាលីវិញ គាត់ថា អាក្រក់ណាស់ ការលេងហ្វេសបុកនៅប្រទេសម៉ាលីគឺជេរគ្នាអាក្រក់ណាស់។ ខ្ញុំថាទេ នៅកម្ពុជាជេរគ្នាដែរតើ គ្រាន់តែលោកស្រីអត់ចេះភាសាខ្មែរ។ គាត់ចេះនិយាយខ្មែរតិចៗ ប៉ុន្តែគាត់អានខ្មែរមិនបាន។ នៅម៉ាលីខ្ញុំមានអនុវិទ្យាល័យរបស់ខ្ញុំមួយ ដែល ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានតំណាងខ្ញុំ ទៅសម្ពោធដាក់អោយប្រើប្រាស់ នៅបាម៉ាកូ ប្រទេសម៉ាលី។ ខ្ញុំសូមអំពាវនាវយុវជនរបស់យើងមិនប្រើប្រាស់វិធីជេរទេ ហើយវិធីលាបពណ៌គ្នា និងវិធីបោកបញ្ឆោត។
បើសិនជាងយើងចេះប្រើប្រទេសរបស់យើងអាចនឹងមានការជឿនលឿន ហើយយើងបានទទួលព័ត៌មានល្អៗ និងដោះស្រាយចំចំណុច។ សូមបញ្ជាក់ជូនចំណុចដែលខ្ញុំដោះស្រាយជូនបាន គឺមានតែការពិតផ្តល់អោយខ្ញុំតែប៉ុណ្ណោះ ទើបខ្ញុំដោះស្រាយចំបញ្ហា។ បើមិនអាចផ្តល់ការពិតអោយខ្ញុំបានទេ ខ្ញុំមិនអាចដោះចំបញ្ហាបានទេ ហើយមិនអាចទទួលយកកើតទេ នៅពេលដែលនាយករដ្ឋមន្ត្រីមួយចេញបទបញ្ជា ឬដោះទៅ វាអាចខុស។ ពិតហើយ មានពេលខ្លះ ពេលដែលដោះខុស ខ្ញុំតែងនរាករណ៍ចោលនៅចំណុចដែលខុសនោះ។ ខ្ញុំហាក់ដូចជា និយាយច្រើនពេក ក៏ប៉ុន្តែខ្ញុំគិតថា វាជាឱកាសមួយ ដែលខ្ញុំអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនរបស់យើង ដែលលេងហ្វេសបុក គួរប្រើប្រាស់អោយវាមានប្រយោជន៍ ការលាបពណ៌គ្នា ការមួលបង្កាច់ ការជេរប្រមាថ មិនមែនជាគុណធម៌ មិនមែនជាសុជីវធម៌សម្រាប់យុវជននោះទេ។
សូមចៅៗ ក្មួយៗ ប្រើប្រាស់ឱកាសមាសឱកាសពេជ្រ
… ក្មួយៗ កើតក្នុងពេលនេះ ពិតជាមានសំណាងខ្លំាងណាស់ សំណាងរបស់ក្មួយៗពិតជាធំធេងពេកហើយ បើក្មួយៗមិនចេះប្រើឱកាសនេះទៀត មិនដឹងថា តើនឹងមានឱកាសណាថែមទៀតលើសពីហ្នឹងទេ។ គេថា ខ្ញុំមិនទាន់ចាស់ទេ តែថ្ងៃខ្លះ មានអារម្មណ៍ថា ខ្លួនចាស់ហើយ … ប៉ុន្តែថ្ងៃខ្លះ មានអារម្មណ៍ថា ខ្លួនដូចជាមានអាយុទើបតែ ២៥ (ឆ្នំា)។ ថ្ងៃដែលមានកំលំាង សមនឹងសក់ខ្មៅថែមទៀតផង ហើយផុសចេញពីកន្លែងវ៉ៃកូនហ្គោលទៀត វាដូចជាទំនងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ខ្ញុំចង់អោយចៅៗ ក្មួយៗ ប្រើប្រាស់ឱកាសមាសឱកាសពេជ្រ ដែលកម្ពុជាមានសព្វថ្ងៃនេះ បើមិនដើម្បីជាតិទំាងមូលទេ ក៏គឺដើម្បីប្រយោជន៍ផ្ទាល់របស់យើងតែម្តង។ ខ្ញុំធ្វើការប្រៀបធៀប ដើម្បីអោយក្មួយៗ បានឃើញអំពីប្រវត្តិឈឺចាប់ ដែលយុវជនជំនាន់មុនបាត់បង់ឱកាស និងប្រៀបធៀបជាមួយយុវជនបច្ចុប្បន្នដែលមានឱកាស។ ឥឡូវអ្នកទំាងឡាយនៅទីនេះ ក៏មានអ្នកដែលនៅវ័យក្មេង ក៏ប៉ុន្តែមានអ្នកដែលមានវ័យចំណាស់ ដូចជាឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង ក៏អ្នកដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមអ្នកដែលនៅទីនេះ ប៉ុន្តែមនុស្សមិនតិចទេ ជាយុវជន ក៏ដូចជាប្រជាពលរដ្ឋរបស់យើងបាត់បង់ឱកាសដោយសារសង្គ្រាម ដោយសារកំហុសអ្នកនយោបាយ។
ឥឡូវខ្ញុំនិយាយអំពីផ្ទាល់ខ្លួនខ្ញុំតែម្តង ដោយមិនចង់លើកយកឧទាហរណ៍ផ្សេងទេ។ ខ្ញុំបានកើតក្នុងដំណាក់កាលកន្ទុយនៃសង្គ្រាម ដែលម្តាយខ្ញុំតែងតែនិយាយថា នៅពេលដែលគាត់នៅរស់ គាត់ថា ក្បាលហែងពិបាកជាងគេ ព្រោះខ្ញុំកើតនៅក្នុងឆ្នំា ១៩៥២ ប្រទេសយើងឯករាជ្យនៅក្នុងឆ្នំា ១៩៥៣។ ដូច្នេះពេលនោះ វាមានការប្រយុទ្ធគ្នារវាងកងទ័ពបារំាង និងកងទ័ពឥស្សរៈ … មួយផ្នែកកើតនៅក្នុងរដូវទឹកធំ ជាទំលាប់ធម្មតា ឆ្នំារោង គឺជាឆ្នំាទឹកធំណាស់ ហើយពេលនោះទឹកធំណាស់។ ម្តាយខ្ញុំអំាងភ្លើងនៅក្នុងទឹកទេ ផ្ទះលិចទឹក ទោះបីផ្ទះយើងធ្វើអោយផុតពីទឹក តែវាលិចរនាបផ្ទះហ្នឹង ត្រូវធ្វើដាក់ធ្នើឡើងលើទៀត។ នៅពេលដែលទឹកស្រកទៅវិញ ត្រូវមានត្រង់សេនៅក្រោមផ្ទះ។ ពេលដែលគេបាញ់គ្នា គឺត្រូវនំាកូនទំាងអស់ ទំាងបង ទំាងខ្ញុំនោះចូលត្រង់សេហើយ។ ជាភ័ព្វសំណាងនៃប្រទេសរបស់យើង ដែលព្រះករុណាបិតាបានស្វះស្វែងរកឯករាជ្យ បារំាងបានដកចេញ ប្រទេសកម្ពុជាក៏មានសន្តិភាពរយៈពេល ១៦ ឆ្នំា (បានទទួល)ឯករាជ្យនៅឆ្នាំ ១៩៥៣ ក៏ប៉ុន្តែមិនទាន់មានសន្តិភាពពេញលេញទេ។ ក្នុងរយៈពេល ១៦ ឆ្នំានេះ យើងកសាងបានច្រើន។
បើប្រៀបធៀបទៅនឹងពេលនេះ ពេលនោះអាចចាត់ទុកថា សំណាងរបស់យើងហើយ បើទោះបីជាពូត្រូវធ្វើការចំណាកស្រុកតំាងពីវ័យកុមារ។ ខុសពីឥឡូវនេះ ដែលខ្ញុំតែងតែធ្វើការប្តេជ្ញាចិត្តមួយថា មិនអោយកុមារជាន់នេះ អភ័ព្វដូចជារូបពូនោះទេ។ ពេលនោះអត់មានសាលារៀនទេ។ សាលា គឺសហគមន៍អ្នកធ្វើ រាជការគ្រាន់តែផ្តល់គ្រូតែប៉ុណ្ណោះ។ មិនគ្រប់គ្រាន់ទេ។ មួយស្រុកមានអនុវិទ្យាល័យតែមួយទេ ខេត្តកំពង់ចាម មានអនុវិទ្យាល័យតែពីរប៉ុណ្ណោះ។ អាយុ ១៣ ឆ្នំា ពូបង្ខំចិត្តធ្វើចំណាក់ស្រុកមកជាមួយព្រះសង្ឃ មករស់នៅវត្តនាគវ័ន្តទឹកល្អក់នេះ។ គ្រាន់តែស្វះស្វែងរកសាលារៀន ពូហត់នឿយតំាងពីក្មេង។ តែឥឡូវនេះ តើក្មេងអាយុ ១៣ ឆ្នាំ ពួកគេកំពុងតែមានឱកាសច្រើនណាស់ បើប្រៀបធៀបទៅដំណាក់កាលរបស់ពូនោះ ជីវិតរបស់ក្មេងវត្ត។ ពូតែងចំរៀងមួយបទមានចំណងជើងថា ជីវិតក្មេងវត្ត។ ពេលល្ងាចត្រូវសូត្រអោយជាក់ សូត្រធម៌ណា ព្រោះតែយើងស៊ីបាយប្រជាជន ក្បែរភ្លឺម៉ោង ៤ កន្លះ យើងត្រូវក្រោក ឯណាដំាបបរសំរាប់លោកផង ឯណាមើលសៀវភៅផង ឯណាបោសសម្រាមផង …។
នេះហើយជាជីវិតពិតប្រាកដ នៃយុវជនជាន់មុន។ បើប្រៀបធៀបយុវជនជាន់នោះ បឋមសិក្សាមានច្រើនក្នុងឃុំ និងនយោបាយឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ឬហៅថា “សេចក្តីថ្លែងការណ៍សន្ទុក” ដាក់ចេញនូវនយោបាយរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើម៉េចអោយនៅក្នុងឃុំមួយ មានអនុវិទ្យាល័យមួយយ៉ាងតិច។ ឥឡូវនេះ មួយខេត្តៗ ដែលមុននេះមានអនុវិទ្យាល័យត្រឹមតែមួយ ឬពីរ មានវិទ្យាល័យច្រើនរហូតមានវិទ្យាល័យពង្រាយទូទំាងប្រទេស ធ្វើអោយយុវជនមិនមានការចំាបាច់ធ្វើការចំណាកស្រុកទៅរៀននៅកន្លែងឆ្ងាយទេ។ អនុវិទ្យាល័យនៅជិត បានបង្កើតឱកាសសម្រាប់ស្ត្រី ក្មួយៗជាកុមារី ជាជំទង់ មិនបាច់ទៅរៀននៅទីឆ្ងាយ។ អញ្ចឹងបាន ខ្ញុំសងសឹកលើចំណុចមួយនេះធំណាស់។ ឥឡូវសាលារបស់ខ្ញុំពិតជាច្រើនមែន។ … សូមអភ័យទោសពីប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលស្ថិតក្នុងចន្លោះ(ខេត្ត)បាត់ដំបងទៅ(ខេត្ត)បន្ទាយមានជ័យ ឮថាកូនសិស្ស និងលោកគ្រូ អ្នកគ្រូនៅតាមផ្លូវ ឯខ្ញុំវាដេកលក់ធ្វើម៉េចឃើញ ព្រោះវាហត់ពេកហើយ។ ធ្វើការហើយ ទៅទទួលទាន, ទទួលទានហើយឡើងឡានទៅជួបសំណេះសំណាលនៅឯ(ខេត្ត)បន្ទាយមានជ័យ។ អញ្ចឹងតាមផ្លូវនឹងលក់បាត់ទៅ។ ដល់ទៅសំណេះសំណាលនៅ(ខេត្ត)បន្ទាយមានជ័យហើយ មក(ខេត្ត)សៀមរាម ដល់ខេត្តសៀមរាមកូនសិស្ស និងលោកគ្រូ អ្នកគ្រូចំានៅកន្លែងហ្នឹង អស់មួយខ្នង ២ ជាន់ ១២ បន្ទប់ អាហ្នឹងក្រឡាញ់។
ឯទៅពីពោធិសាត់ ទៅដល់មោងឬស្សី ក៏អស់មួយខ្នង ១២ បន្ទប់ទៀតពីរជាន់។ ប៉ុន្តែដល់នៅឯនេះ បានធ្ងន់ អនុវិទ្យាល័យក្រចេះក្រុងចូលទៅ បើសិនជាខ្ញុំមិនចូលទៅពិតប្រាកដទេ ថ្ងៃក្រោយយើងមានវិប្បដិសារីធំ នៅត្រង់ថាសាលានេះស្ទើតែរលំទៅហើយ ហើយពីរជាន់ទៅទៀត ក្នុងពេលដែលអនុវិទ្យាល័យក៏នូវហ្នឹង បឋមសិក្សាក៏នូវហ្នឹង។ អញ្ចឹងទេ ខ្ញុំបានផ្តល់អោយសាលានោះ ក្រៅពីមួយជាន់ ១២ បន្ទប់ ដែលមានពីមុន។ ឥឡូវខ្ញុំផ្តល់អោយសាលានេះ គឺមួយខ្នង ៣ ជាន់ ប៉ុន្តែមានដល់ទៅ ៤៨ បន្ទប់ឯណោះ បឋមគឺ មានមួយខ្នង ៣ ជាន់មាន ១៨ បន្ទប់ …។ តើពូធ្វើដើម្បីអ្វី? តើកូនពូ ចៅពូ ទៅរៀននៅឯនោះឬ? អត់ទេ ប៉ុន្តែចង់អោយកុមារកម្ពុជាកុំអោយកំសត់ដូច ហ៊ុន សែន ទៀត កុំអោយកំសត់ដូចអ្នកជាន់មុនទៀត។ គរុកោសល្យមានទៅតាមខេត្ត ជាគរុកោសល្យភូមិភាគ ជាគរុកោសល្យតាមខេត្ត ជាចំណុចដែលក្មួយៗមានឱកាសច្រើន ត្រូវប្រើប្រាស់អោយបានល្អបំផុត។ មាតាបិតាទាំងឡាយ មេត្តាជំរុញកូនចៅឲ្យចូលរៀន។ សង្ឃឹមថាមាតាបិតាទាំងអស់ កុំបង្ខំទាញកូនឲ្យចេញ ក្រៅសាលា នៅពេលកូនរៀនមិនទាន់បញ្ចប់ការសិក្សានៅថ្នាក់ទី ៩ តាមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញរបស់យើង។
… ដែលធំជាងនេះទៅទៀតនោះ គឺឱកាសសន្តិភាព។ ការបាត់បង់ឱកាសរបស់ប្រជាជនកម្ពុជា នៅពេលដែលយើងមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់លើវិស័យអប់រំ បូកបន្ថែមដោយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទើបធ្វើឲ្យយុវ័យ និងកុមារជាច្រើនបោះបង់ចោលការសិក្សា មិនអាចមានលទ្ធភាពបន្តការសិក្សា …។ ប៉ុន្តែបញ្ហាសំខាន់មួយ បើសិនពេលនោះ ទុកឱកាសថ្វាយសម្តេចព្រះបិតា ព្រះនរោត្តមសីហនុ ព្រះបរមរនកោដ្ឋ ដឹកនាំប្រទេសបន្ត កុំធ្វើរដ្ឋប្រហារបង្កើតសង្គ្រាមឆ្នាំ ១៩៧០ ខ្ញុំជឿជាក់ថា ការរីកចម្រើននឹងមានបន្ត។ ប្រជាជនមួយប្រទេសបាត់បង់ឱកាសទាំងអស់ដោយសាររដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ដោយសាររដ្ឋប្រហារនេះ។ តើមនុស្សប៉ុន្មាននាក់ទៅ ដែលបានស្លាប់ តើមនុស្សប៉ុន្មានទៅដែលរបួសពិការ។
កាលពីដើម ពូត្រឹមតែព្រាត់ប្រាស់ដើម្បីស្វែងរកវិជ្ជាតែប៉ុណ្ណោះ។ ជួនកាលយើងមានឱកាសទៅលេងស្រុក ជួនកាលឪពុកម្តាយយើងមានលទ្ធភាពមកលេងយើងបាន។ ប៉ុន្តែពេលដែលសង្គ្រាមភា្លម មិនថាតែយុវជនទេ ប្រជាជនទាំងអស់បាត់ឱកាស។ សង្គ្រាមបានឆាបឆេះប្រទេសរបស់យើង។ ចៅៗ ក្មួយៗ សួរជីដូនជីតា និងឪពុកម្តាយរបស់ខ្លួនថា តើបានជួបនឹងរឿងអ្វីខ្លះកាលពីអតីតកាលក្នុងជីវិតរបស់គាត់។ រឿងនេះហើយ ដែលយើងត្រូវខិតខំទាំងអស់គ្នា ការពារនូវសន្តិភាពដែលយើងរកបានដោយលំបាក។ ខ្លួនពូថាវាអភ័ព្ទទៅហើយ នៅក្នុងដំណាក់កាលនៃប្រទេសដែលមានសន្តិភាព ដោយសារការខ្វះសាលារៀន ត្រូវចំណាកស្រុកមក កាន់ទីក្រុងភ្នំពេញយើងនេះ រស់នៅជាមួយព្រះសង្ឃ ដើម្បីទទួលបាននូវការសិក្សា ប៉ុន្តែអ្វីដែលបានបាត់បង់ថែមទៀតនោះ ជាមួយប្រជាជនទូទាំងប្រទេស គឺសង្គ្រាមមួយបានកើតឡើងដោយអ្នកនយោបាយជាន់មុន។ មនុស្សទាំងអស់ក្នុងប្រទេស បានក្លាយទៅជាចំណាប់ខ្មាំងនៃសង្គ្រាម។ គ្មានជំរើសទី ៣ ទេ។
… នៅខាង លន់ នល់ ត្រូវតែជយោ លន់ នល់ ត្រូវតែធ្វើទាហ៊ាន ឬធ្វើអ្វីមួយនៅខាងណេះ ស្រឡាញ់ ឬមិនស្រឡាញ់ ក៏ត្រូវតែថាស្រឡាញ់ដែរ។ នៅខាងតំបន់រំដោះ ក៏ត្រូវតែបំរើគេខាងណោះ ជាពិសេស គឺយុវជនហ្នឹងឯង ដែលគេតម្រូវឲ្យធ្វើទាហាន។ ពូចេះតែនឹកគិតថា មិនគួរពូរស់បានមកដល់សព្វថ្ងៃនេះសោះ ព្រោះថាក្នុងវគ្គនៃការប្រយុទ្ធគ្នាស្លាប់រស់រយៈ ពេល ៥ ឆ្នាំ មានចំនួន ១០៥ ដង បើគិតទៅ ក្នុងមួយឆ្នាំយើងប្រយុទ្ធ ២១ ដង ទាំងតូចទាំងធំ អត់គិតពេលដែលគេទម្លាក់គ្រាប់បែកដាក់នោះទេ ព្រោះអាហ្នឹងយើងអត់បានប្រយុទ្ធអីជាមួយគេទេ។ មិនដឹងជាប៉ុន្មានដងទៀត។ ម្ខាងទៀតជំនាន់ ប៉ុល ពត ក៏អត់គួររស់បានដែរ។ ប៉ុន្តែក៏រងរបួស ៥ ដង ហើយបានធ្វើឲ្យពិការភ្នែករហូតមកដល់សព្វថ្ងៃនេះម្តង។ សំណាងហើយ ដែលមីងចេះនៅទទួលយកពូ។ កុំរើសអើងជាមួយជនពិការ ហើយសូមមេត្តាកុំហៅគ្នាថាអាខ្វាក់ កុំហៅគ្នាអាកំបុត …។ ការប្រមាថមាក់ងាយចំពោះជនពិការ មិនមែនជាវិធីល្អ សម្រាប់មនុស្សដែលមានសុជីវធម៌ និងមានសេចក្តីថ្លៃថ្នូរនោះទេ។
បន្តយកជីវិតធ្វើជាដើមទុន ទោះបីប្រទេសបានសន្តិភាពក៏ដោយ
យុវជនបានបាត់បង់ឱកាស តែយុវជនក៏ត្រូវបង្កើតឱកាសដែរ។ យើងមិនអាចទ្រាំរស់នៅក្នុងរបបព្រៃផ្សៃមួយបានទេ។ ប៉ុន្តែក្មួយកុំភ្លេចឲ្យសោះថា ពូនេះ ធ្វើរដ្ឋមន្ត្រីការបរទេសក្នុងវ័យ ២៧ ឆ្នាំ, ធ្វើជាឧបនាយករដ្ឋមន្ត្រី ក្នុងវ័យ ២៩ ឆ្នាំ ហើយធ្វើជានាយរដ្ឋមន្ត្រីក្នុងវ័យ ៣២ ឆ្នាំ។ អញ្ចឹងបានសេចក្តីថា យុវជនក៏ចេះបង្កើត ឱកាស និងធ្វើឲ្យមានការផ្លាស់ប្តូរដែរ។ យើងសង្ឃឹមទៅលើអនាគតរបស់យុវជនរបស់យើង ឱកាសដែល បានបង្កើត គឺការចូលរួមជាមួយយុវជនដទៃ ជាមួយប្រជាពលរដ្ឋ ដើម្បីរំលំរបប ប៉ុល ពត ហ្នឹងម្ខាង តែម្ខាង ទៀតតើត្រូវធ្វើអី? យើងមិនអាចបន្តសង្គ្រាមមិនចេះចប់យ៉ាងដូច្នេះនោះទេ ការស្វែងរកសន្តិភាពដើម្បីប្រទេស គឺជាការចាំបាច់។ ការចរចារកដំណោះស្រាយដោយសន្តិវិធី បញ្ចប់សង្គ្រាម វាជារឿងចាំបាច់ដែលត្រូវធ្វើ។ យើងមិនអាចកាប់សម្លាប់គ្នាអញ្ចឹងរហូតនោះទេ។ ប៉ុន្តែយើងបានដឹងហើយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់ នាំមុខក្នុងការអនុវត្តនោះ ពេលចាយលុយអស់ ២០០០ លានដុល្លារ ហើយត្រឡប់ចេញទៅវិញ ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ។ ចំណុចនេះហើយ ទាមទារឲ្យយើងត្រូវប្រើជីវិតរបស់យើង ធ្វើជាដើមទុនសម្រាប់ដោះស្រាយបញ្ហាសាជាថ្មីម្តងទៀត។ ពិតហើយ ពេលពូបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះឈ្នះ យើងមានលទ្ធភាពច្រើនហើយ ប៉ុន្តែជីវិតរបស់ពូនៅតែជាដើមទុន។ ព្រោះអ្វី? តើបងប្អូននៅក្នុងជួរខ្មែរក្រហមគេអាចទុកចិត្តទេ បើយើងត្រឹមតែនៅក្នុង ទីក្រុងភ្នំពេញ? មិនអាចទេ។ ត្រូវតែចូលទៅធ្វើសមាហរណកម្ម ពីប្រទេសកម្ពុជាមួយដែលមានតំបន់ត្រួតត្រា បួន ឲ្យទៅជាកម្ពុជាមួយ ដែលមានតំបន់ត្រួតត្រាត្រឹមតែមួយប៉ុណ្ណោះ។
បដិវត្តពណ៌នៅមជ្ឈិមពូព៌ា ក្រោមហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្សល់ទុកអ្វី
… រឿងធ្វើសាលាបាន ឬមិនបាន វាចំណុះលើបញ្ហាថាតើមានសន្តិភាព ឬអត់។ ចូលក្រឡេកមើលទៅមជ្ឈិមបូព៌ា បន្ទាប់ពីការជ្រៀតជ្រែករបស់បរទេស បង្កើតឲ្យមានបដិវត្តពណ៌ តើនៅ មជ្ឈិមបូព៌ា ពិសេសដូចជានៅ លីប៊ី, ស៊ីរី, យ៉េមែន, អេហ្ស៊ីប និងនៅអ៊ីរ៉ាក់ ផ្តួលរំលំ សាដាម ហ៊ូសេន ដោយ អាមេរិក តើអ្នកទាំងនោះទទួលនូវសមិទ្ធផលអីទៅ ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅមជ្ឈិមបូព៌ានោះ តើបានកើតជារូបរាងហើយឬនៅ? បើមួយថ្ងៃៗ មនុស្សស្លាប់រាប់រយរាប់ពាន់យ៉ាងនេះ។ នេះហើយជាលទ្ធផលនៃការធ្វើនយោបាយខុស ហើយអ្នកដែលខុស គឺអាមេរិក។ សូម្បី ដូណាល់ ត្រាំម៍ ដែលជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ ក៏បានចេញមកអះអាងថាជាការខុសឆ្គងមួយ ដែលត្រឹមបានតែសម្លាប់ សាដាម ហ៊ូសេន ហើយ បន្ទាប់ពីហ្នឹងមក តើអ៊ីរ៉ាក់មិនបានសេចក្តីសុខ។ ឥឡូវទឹកដីមួយចំនួនត្រូវពួក ISIS កាន់កាប់។ វាយដណ្តើមរាប់ខែ យកកន្លែងនេះ យកកន្លែងនោះ ប៉ុន្តែសួរថា តើនៅបានទៀតឬអត់? តម្រូវឲ្យមានអន្តរាគមន៍ជើងអាកាសជាប់រហូតពីសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត។ មិនត្រឹមតែប៉ុណ្ណឹងទេ ឥឡូវអឺរ៉ុបខ្លួនឯងកំពុងទទួលការលំបាក។ លំបាកយ៉ាងម៉េច? ទី ១ ពួក ISIS ចេញវាយដល់ស្រុកបារាំង ដល់អាលឺ្លម៉ង់ ដល់ទួរគី ដល់ប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ យើងមិនមែនអបអរសាទរដោយសារពួក ISIS វាយនៅខាងអឺរ៉ុបទេ យើងថ្កោលទោសភេរវកម្ម ប៉ុន្តែរឿងដែលធំមួយទៀត គឺរឿងប្រជាជនរត់ចេញពីប្រទេសស៊ីរី, ពីប្រទេសលីប៊ី ឬពីប្រទេសនេះ ប្រទេសនោះ ទៅកាន់អឺរ៉ុប ហើយឥឡូវកំពុងតែមិនត្រូវគ្នា។ ឥឡូវ អង់គ្លេសចាកចេញ(ពីសហភាពអឺរ៉ុប) អញ្ចឹងច្បាស់ជាមិនទទួលយកជនភៀសខ្លួនទេ។ អង់គ្លេសបោះឆ្នោតធ្វើប្រជាមតិចេញពីអឺរ៉ុបហើយ អញ្ចឹងអង់គ្លេសគ្មានចំណែកយកជនភៀសខ្លួនប៉ុន្មានភាគរយៗទៀតទេ។ អញ្ចឹងទេ ក្មួយៗ ពេលនេះ អត់មាននរណាចាប់ទៅធ្វើទាហានឯណា … ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបាត់បង់ឱកាស។
ចំណុចស្នូលទាំង ៣ នៃនយោបាយឈ្នះឈ្នះ
ដើម្បីបញ្ចប់សង្គ្រាមមួយ ពូសូមបង្ហាញអំពីស្នូលនៃនយោបាយឈ្នះឈ្នះ។ ម្សិលមិញ ប្រធានាធិបតីហ្វីលីពីនបានប្រកាសលុបចោលនូវបទឈប់បាញ់ជាមួយនឹងក្រុមឧទ្ទាម។ ពូមិនហ៊ានជ្រៀតជ្រែកទៅលើកិច្ចការរបស់ប្រធានាធិបតីហ្វីលីពីនទេ ហើយក៏មិនហ៊ានជ្រៀតជ្រែកកិច្ចការរបស់ប្រទេសដទៃណាទៀតដែរ។ នៅ ប្រទេសនេប៉ាល់ បណ្តាបក្សនយោបាយគេចង់មកប្រជុំនៅភ្នំពេញនេះ … ឥឡូវនេះ យើងបានបញ្ជូនកម្លាំង(ទៅបរទេស) ដែលឥឡូវកំពុងនៅសាធារណរដ្ឋអាហ្វ្រិចកណ្តាល, នៅម៉ាលី, នៅស៊ូដង់ខាងត្បូង, នៅស៊ូដង់, នៅលីបង់ ហើយនិងនៅកោះស៊ីព្រ។ កោះស៊ីព្រហ្នឹងមានពីរ។ មួយខាងទួរគី និងមួយទៀតខាងក្រិច។ ស៊ីព្រខាងក្រិចនេះ បានក្លាយទៅជារដ្ឋមួយហើយ ដែលជាសមាជិកសហភាពអឺរ៉ុប។ ឥឡូវកងទ័ពយើង ទៅនៅចន្លោះកណ្តាល។ កងទ័ពយើងមានដាក់នៅអឺរ៉ុបឥឡូវនេះ ដោយយកមួយភាគពីលីបង់ទៅកាន់កន្លែងហ្នឹងតែម្តង។ ពូបានទូន្មាន មុនពេលដែលកងទ័ពបានចាកចេញពីកម្ពុជារយៈពេលជាង ១០ ឆ្នាំហើយ ធ្វើម៉េចឲ្យគោរពប្រទេសម្ចាស់ស្រុក ចៀសវាងធ្វើផ្តេសផ្តាសដូចអ៊ុនតាក់មួយចំនួន។ … ត្រូវអប់រំកងទ័ពរបស់ខ្លួន ដែលត្រូវទៅធ្វើប្រតិបត្តិការនៅក្រៅប្រទេស អោយត្រូវគោរពម្ចាស់ស្រុក។ ឥឡូវនេះ កុមារជាច្រើនត្រូវបានគ្រូពេទ្យឆ្មបខ្មែរជាអ្នកបង្កើតនៅស៊ូដង់ខាងត្បូង នេះត្រូវដឹងថាជាផ្នែកមួយនៃមោទនភាពនៃនយោបាយការបរទេសរបស់កម្ពុជា។ កាលពីមុនយើងទទួលពួកមួកខៀវមកកាន់កម្ពុជា ប៉ុន្តែឥឡូវយើងមានក្រុមមួកខៀវរបស់យើងនៅក្រៅប្រទេស ហើយប្រហែលពួកគេកំពុងតែមើលតាមហ្វេសប៊ុក ដែលកំពុង live ទៅកាន់ពួកគេដែរ។ សូមសាកសួរសុខទុក្ខអ្នកដែលកំពុងមើលហ្វេសប៊ុកផងដែរ។
ឥឡូវ ខ្ញុំនិយាយពីស្នូលនៃនយោបាយឈ្នះឈ្នះ ស្អីខ្លះទៅ ដែលនាំឲ្យពីប្រទេសបែកបាក់ទៅកាន់ប្រទេសមួយឯកភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយក្រោមព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ហើយមានកម្លាំងប្រដាប់អាវុធតែមួយ ដែលមុននេះ កម្លាំងប្រដាប់អាវុធដល់ទៅ ៤ ក្រុម វ៉ៃគ្នា ហើយមានតំបន់កាន់កាប់រៀងៗខ្លួន។ ចំណុចទី ១ នៃនយោបាយឈ្នះឈ្នះ គឺត្រូវធានាឲ្យគេទាំងអាយុជីវិត និងរូបកាយ។ មិនអាចទេ ប្រសិនបើពួកគេផ្តាច់ខ្លួនចេញពីខ្មែរក្រហម មកចូលរួមជាមួយយើង បែរជាយើងកាប់សម្លាប់ ឬយកគេទៅដាក់គុក តើនរណាគេមកនៅជាមួយយើង? អត់ទេ។ ចំណុចនេះពិសេសណាស់ ទាំងគេ ទាំងយើង តម្រូវការមួយគឺចង់រស់ ហើយក៏មិនចង់ឲ្យអ្នកណាធ្វើបាបដែរ។ ចំណុចទី ២ ធានាឲ្យគេអាជីព និងមុខរបរ។ អ្នកណាធ្វើទាហាន ឲ្យធ្វើទាហានវិញទៅ អ្នកណាធ្វើអី ឲ្យធ្វើនោះវិញទៅ។ រឿងនេះសំខាន់ណាស់។ ពេលមកប្រជុំបណ្តាបក្សនយោបាយនិយមកណ្តាលរបស់អាស៊ីនៅភ្នំពេញ ដែលហៅថា ICAPP នាយករដ្ឋមន្រ្តីនេប៉ាល់ បាននិយាយថា នេប៉ាល់មានគម្រោងរំសាយកម្លាំងប្រដាប់អាវុធរបស់ក្រុម Maoist ចោល។ ខ្ញុំបានប្រាប់ទៅគាត់វិញថា តាមបទពិសោធន៍មួយតូចតាច សូមឯកឧត្តមពិចារណា ការធានាអាជីព និងមុខរបរ ព្រោះវាមានសារសំខាន់ណាស់។ ប្រសិន ឯកឧត្តមរំសាយកម្លាំងប្រដាប់អាវុធក្រុម Maoist ពួកគេច្បាស់ជាមិនសុខចិត្ត ហើយអាចរត់ចូលទៅក្នុងព្រៃធ្វើសង្គ្រាមឡើងវិញ ឬមួយពួកគេលាក់អាវុធទុក ថ្ងៃក្រោយទៅជាប្លន់ប្រដាប់អាវុធ។ យើងខ្ញុំនៅទីនេះ គឺទទួលយកទាំងអស់ ឲ្យចូលជាកម្លាំងប្រដាប់អាវុធរបស់ជាតិ សំខាន់ជាងគេ គឺថា ដោះឯកសណ្ឋាន និងដកបទបញ្ជា បទបញ្ញត្តិទាំងឡាយរបស់ខ្មែរក្រហមចេញដាក់ច្បាប់ និងឯកសណ្ឋានរបស់រដ្ឋាភិបាលចូល អនុវត្តទាំងអស់គ្នា។ ឯចំណុចទី ៣ ទទួលស្គាល់កម្មសិទ្ធិ ទាំងលើអចលនទ្រព្យ និងចលនទ្រព្យ។ តែ ៣ ចំណុចហ្នឹងទេ ខ្មែរក្រហមអាចរលាយបាន នយោបាយច្រេះស៊ីដែក របស់មេដឹកនាំខ្មែរក្រហម វាមកប្រទាក់ជាមួយនយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន។ នយោបាយឈ្នះឈ្នះជារបស់ផ្តាច់មុខរបស់ ហ៊ុន សែន តែម្តង ដាក់ចេញ ហើយដឹកនាំអនុវត្ត។ ពិតមែនហើយ មិនអាចមានត្រឹមតែម្នាក់ឯង ហើយគ្មានយន្តការធ្វើនោះបានទេ។ ពូជាអ្នកដាក់ចេញនូវយុទ្ធសាស្រ្តនេះ នូវគោលការណ៍នេះ ហើយដឹកនាំអនុវត្តផ្ទាល់ ប៉ុន្តែ អ្នកអនុវត្តមាន រដ្ឋមន្រ្តីការពារជាតិ នាយអគ្គសេនាធិការ មានកម្លាំងប្រដាប់អាវុធ មានប្រជាពលរដ្ឋ មានគ្រប់ផ្នែកចូលរួម ហើយតួអង្គនៃអ្នកដែលត្រូវមកចូលរួមនោះ បងប្អូនអតីតខ្មែរក្រហមនោះឯង ដែលត្រូវមកចូលរួម …។
ខ្មែរបែងចែកជាច្រើនក្រុមនៅក្នុងប្រវត្តិសាស្រ្ត
ឥឡូវ ប្រទេសយើងមានកម្លាំងប្រដាប់អាវុធតែមួយ។ សូមក្មួយៗ បើកមើលមហាបុរសខ្មែរ ត្រង់វគ្គព្រះបាទពញាយ៉ាតមកក្រោយ។ បើខ្ញុំមិនច្រឡំទេ គឺនៅក្នុងរង្វង់ឆ្នាំ ១៤៧៣ ខ្មែរយើងចាប់ផ្តើមបែកបាក់។ ខ្ញុំសូមនិយាយរឿងនេះបន្តិច ដើម្បីឲ្យក្មួយៗយល់ អំពីអ្វីទៅដែលហៅថាបង្កើតឱកាស។ ព្រះបាទពញាយ៉ាត ពេលដែលព្រះអង្គគ្រងរាជ្យ ចាប់ផ្តើមដណ្តើមពីស្តេចសៀម គឺនៅចតុមុខហ្នឹងឯង។ ព្រះអង្គមានមហេសី ៣ និងព្រះរាជ្របុត្រា ៣ ព្រះអង្គដែរ។ ពេលដែលព្រះបាទពញាយ៉ាតចូលទិវង្គត នរាយរាជា ដែលជាបុត្រច្បងបានឡើងសោយរាជ្យ។ ពេលហ្នឹងមិនទាន់មានបញ្ហាទេ។ ពេលដែលនរាយរាជាចូលទិវង្គតទៅ ព្រះស្រីរាជា ជាប្អូនឡើងសោយរាជ្យ ដែលធ្វើឲ្យសុរិយោទ័យ ដែលជាព្រះរាជបុត្ររបស់ នរាយរាជា មិនសព្វព្រះទ័យ ហើយទៅកសាងទ័ពនៅទួលក្រសាំងផ្នែកម្ខាង។ នៅឯចតុមុខនេះ គឺត្រូវគ្រប់គ្រងដោយ ព្រះស្រីរាជា បូកជាមួយនឹង ព្រះធម្មរាជា ដែលជាប្អូន ប៉ុន្តែ ពេលមួយសង្រ្គាម នៅប្រទេសសៀម ព្រះស្រីរាជា លើកកង ទ័ព ទៅកាន់ប្រទេសសៀម។ ពេលនោះ ពេលត្រឡប់មកវិញ ព្រះធម្មរាជា អត់ឲ្យចូលក្រុង។ នៅតំបន់ចតុមុខ សម្រោងទង បាទី ពីដើមមិនទាន់មានខេត្តកំពង់ស្ពឺ ខេត្តតាកែវអញ្ចឹងទេ ជាតំបន់ត្រួតត្រាដោយ ធម្មរាជា។ ចាប់ពីរលាផ្អៀរ យើងទៅពោធិ៍សាត់ ទៅបាត់ដំបង អាហ្នឹងត្រួតត្រាដោយព្រះស្រីរាជា និងផ្នែកមួយភាគទៅខាងកើត ត្រួតត្រាដោយ សុរិយោទ័យ។ អញ្ចឹង ៣ តំបន់ត្រួតត្រា។
ចាប់ពីពេលដែល ព្រះធម្មរាជា ប្រើប្រាស់ឧបាយកល តាមរយៈការកសាងសម្ព័ន្ធភាពក្នុងឋានៈ ជាកូនកាត់ម្ខាងខ្មែរម្ខាងសៀម ទៅសំរោងទង សរសេរសំបុត្រ ហៅ សុរិយោទ័យ មក (ហើយត្រូវចាប់ខ្លួន) … សរសេរសំបុត្រមួយទៀត … ប្រាប់ថាម្ចាស់បងមិនអាចឡើងសោយរាជ្យបានទេ ហើយចាប់ចាប់ សុរិយោទ័យទៅស្រុកសៀម។ ព្រះស្រីរាជា សោយទិវង្គតនៅត្រឹមបាត់ដំបង និង ព្រះសុរិយោទ័យ ទៅសោយទិវង្គតនៅឯអយុធ្យា។ ទៅមើលនៅវត្តភ្នំ សួរគេមើល តើចេតីយ៍មួយណា របស់ព្រះស្រីរាជា ចេតីយមួយណារបស់ សុរិយោទ័យ។ សន្តិភាព មានមួយរយៈក្រោមការគ្រប់គ្រងរបស់ព្រះធម្មរាជា ប៉ុន្តែមកដល់ ១៥០៤ ព្រះធម្ម រាជា ក៏ចូលទីវង្គតទៀត។ អញ្ចឹង ព្រះស្រីគន្ធបទ ដែលជាព្រះរាជបុត្យច្បងក៏ឡើងគ្រងរាជ្យ តែព្រះអង្គមិនសូវនៅចតុមុខទេ តែងតែទៅបង់សំណាញ់នៅខាងស្រីសឈរ … ទៅជឿហោរាថាមនុស្សកើតឆ្នាំរោងនឹងដណ្តើមរាជ្យ ហើយយកប្អូន គឺហ្លួងព្រះស្តេចកនហ្នឹងទៅសម្លាប់ ដោយបង់សំណាញ់ពីលើ។ ការនេះបង្កើតឲ្យមានសង្រ្គាមនៅក្នុងចន្លោះ ១៥០៦ ដល់ ១៥១២ … យើងមានប្រវត្តិអញ្ចឹង។ មុនឆ្នាំ ១៩៧០ មានខ្មែរសផង ខ្មែរខៀវផង មានខ្មែរក្រហមផង មានខ្មែរស៊ីជម្ពូផង មិនដឹងថាខ្មែរប៉ុន្មានក្រុម …។
ត្រូវសួរសំនួរ “យើងបានធ្វើអ្វីខ្លះជូនឪពុកម្តាយ និងក្រុមគ្រួសាររបស់យើង”
ឥឡូវនេះ យើងប្រមូលមកឲ្យខ្មែរមានតែមួយក្រុម គ្រាន់តែមានបក្សនយោបាយច្រើនតែប៉ុណ្ណឹង ហើយបក្សនយោបាយនៅស្រុកខ្មែរសំបូរបែប។ ពីមុនអ្នកបោះឆ្នោតរបស់យើងមានតែត្រឹមខ្ទង់ ៦ ទៅ ៧ លាននាក់ ឯ គណបក្សនយោបាយមាន ៥៨។ ឥឡូវនេះ អ្នកដែលមានសិទ្ធិបោះឆ្នោត មានប្រហាក់ប្រហែល ១០ លាន តែបក្សនយោបាយមានជិត ៥០។ អញ្ចឹងយើងគិតពីចំនួនបក្សមួយស្មើនឹងប្រជាពលរដ្ឋប៉ុន្មាន។ ប៉ុន្តែ បើទោះបីជាមានបក្សនយោបាយច្រើន ក៏ប្រសើរជាងមានកម្លាំងប្រដាប់អាវុធច្បាំងគ្នាច្រើន។ ខ្ញុំគិតថា យុវជនទាំងអស់ប្រើប្រាស់ឱកាសដែលមានគឺសន្តិភាពនេះ ហើយប្រើប្រាស់ឱកាសដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់លើវិស័យអប់រំ លើវិស័យនានា ដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯង និងឱកាសសម្រាប់ក្រុមគ្រួសារ ឱកាសសម្រាប់សហគមន៍ និងឱកាសសម្រាប់ជាតិរបស់យើង។ អ្នកប្រាជ្ញៗនៅប្រទេសខ្លះថា “កុំសួរថា តើគាត់បានឲ្យអ្វីខ្លះដល់ខ្ញុំ ត្រូវសួរថា តើយើងបានធ្វើអ្វីខ្លះឲ្យជាតិ”។ ឥឡូវមិនបាច់សួរសំនួរដ៏ធំបែបនេះទេ សួរតែប៉ុណ្ណេះ “កុំសួរថា ឪពុកម្តាយ និងក្រុមគ្រួសារបានផ្តល់អ្វីខ្លះដល់យើង យើងត្រូវសួរជាសំនួរថា តើយើងបានធ្វើអ្វីខ្លះឲ្យឪពុកម្តាយ និងក្រុមគ្រួសាររបស់យើងវិញ” គ្រប់គ្រាន់ហើយ។ កុំធ្វើឲ្យពួកគាត់ស្រក់ទឹកភ្នែក។
ឥឡូវសកម្មភាពបានជ្រើសរើសយក ការអប់រំ លើកស្ទួយនឹងការបំបាត់គ្រឿងញៀន គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទ នៃការប្រកួតប្រជែងយុវជនគម្រូ គឺសំដៅធ្វើយ៉ាងម៉េច កុំឲ្យឪពុកម្តាយ និងក្រុមគ្រួសារទាំងឡាយស្រក់ទឹកភ្នែក ឬទទួលផលលំបាកណាមួយដោយសារទង្វើរបស់កូន … យប់មិញ ខ្ញុំមើល Clip វីដេអូមួយ ដែលនិយាយពីបទពិសោធ មិនដឹងថាបទពិសោធអីទេ ប៉ុន្តែមានក្មួយៗ កូនសិស្សម្នាក់ដែលកំពុងពន្យល់ទៅលើមិត្តភក្តិរបស់ខ្លួនអំពីការពឹងផ្អែក។ គាត់លើកថា ត្រូវប្រឹងខ្លួនឯង ហើយរឿងនេះគឺជារឿងពិត។ ការពឹងផ្អែកទៅលើឪពុកម្តាយខ្លាំងពេក ហើយរហូតអ្នកខ្លះពឹងខុសទំនង។ ក្នុងមួយជីវិត របស់ពូនេះ ពូស្អប់ណាស់ការប្រមាថរបស់កូនអ្នកមានអំណាច។ ជីវិតគេជីវិតយើងវាដូចគ្នា។ ប្រហែលជាពូត្រូវត្រួតត្រាទៅលើចៅបន្ថែម។ សុំកុំពឹងពាក់ជ្រុលទៅលើឪពុកម្តាយ។ ឪពុកម្តាយអាចផ្តល់កំណើតឲ្យយើង អាចផ្តល់អ្វីឲ្យយើង ប៉ុន្តែត្រូវឯករាជ្យម្ចាស់ការសម្រាប់ខ្លួនផ្ទាល់។ ក្នុងករណីអត់ពីឪពុកម្តាយ ត្រូវត្រៀមបម្រុងទុកមុនឲ្យហើយ។ ទ្រព្យសម្បត្តិមិនគង់វង្សទេ។ ពេលខ្លះ ពឹងពាក់លើឪពុកម្តាយជ្រុល (ធ្វើអោយយើងបាត់ម្ចាស់ការ) ពេលដែលអត់ពីឪពុកម្តាយ ដោយប្រការណាមួយ …។
ក្មួយៗ ចូលរួមចំណែកកសាងអំពើល្អ មិនមែនដើម្បីរង្វាន់ទេ
ខ្ញុំនិយាយច្រើនពេកហើយ វាលើសការកំណត់ទៅទៀត ហើយហ្វេសប៊ុក live បានត្រឹមពីរម៉ោង អញ្ចឹងវាដល់ហើយ។ នេះជាការចែករំលែក ដែលខ្ញុំបាននិយាយថា ខ្ញុំនឹងធ្វើបាឋកថា។ នេះជាបាឋកថា នៃបទពិសោធដែលកម្ពុជាបានឆ្លងកាត់ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។ … ខ្ញុំដឹងថា ថ្ងៃនេះ ក្មួយៗ មកសំដៅចូលរួមចំណែកកសាងអំពើល្អ មិនមែនសំដៅម៉ូតូ ឬ iPhone នោះទេ ព្រោះវាមានតម្លៃមិនស្មើនឹងការចំណាយដែលក្មួយៗ រៀបចំម្ហូបអាហារឲ្យចាស់ៗផង។ យើងមើល Clip រៀបចំ ម្ហូបអាហារឲ្យអ្នកក្រីក្រអម្បាញ់មិញ អស់លុយច្រើនជាង iPhone ឬក៏ម៉ូតូនេះផង។ អ្វីដែលគួរឲ្យគោរព គឺក្មួយៗចង់កសាងអំពើល្អ ហើយនាំគ្នីគ្នាធ្វើនូវអំពើល្អនោះ។ អរគុណណាស់ដែលបានចូលរួម ប្រឹងប្រែងធ្វើកិច្ចការទាំងអស់នេះ ហើយក៏កោតសរសើរចំពោះការខិតខំ។ សូមយុវជនដទៃទៀតប្រឹងប្រែងឡើងចូលរួម ប៉ុន្តែយើងត្រូវមានប្រធានបទបន្តបន្ថែមប្រធានបទឲ្យធំ ឲ្យច្រើនជាង ៥ បើសិនជាមានការផ្តល់មតិណាមួយសមស្រប យើងអាចទទួលបាន យើងដាក់ក្នុងហ្នឹង ដើម្បីឲ្យ អ្នកចូលរួមកាន់តែច្រើន …៕